១៩២៣ មួយរយឆ្នាំបានកន្លងផុតទៅ
ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមករា ឆ្នាំ១៩២៣ចែងថា៖ «យើងរំពឹងថាឆ្នាំ១៩២៣នឹងជាឆ្នាំដ៏គួរឲ្យរំភើបចិត្តណាស់។ យើងមានឯកសិទ្ធិដ៏អស្ចារ្យប្រាប់មនុស្សដែលត្រូវគេសង្កត់សង្កិនថា គ្រាដ៏ល្អប្រសើរជាងនឹងមកដល់»។ ក្នុងអំឡុងឆ្នាំ១៩២៣ និស្សិតគម្ពីរបានធ្វើការផ្លាស់ប្ដូរដ៏គួរឲ្យរំភើបចិត្តចំពោះកិច្ចប្រជុំ មហាសន្និបាត និងកិច្ចការផ្សព្វផ្សាយរបស់ពួកគេ។ ជាលទ្ធផល ពួកគេមានសាមគ្គីភាពកាន់តែខ្លាំងឡើងៗ។
កិច្ចប្រជុំពង្រឹងសាមគ្គីភាព
ក្នុងអំឡុងឆ្នាំនោះ អង្គការយើងបានធ្វើការផ្លាស់ប្ដូរមួយចំនួនដែលជួយនិស្សិតគម្ពីរឲ្យកាន់តែមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ព្រះ។ ទស្សនាវដ្ដីប៉មយាមបានចាប់ផ្ដើមចេញផ្សាយការពន្យល់អំពីបទគម្ពីរដែលពួកគេនឹងពិចារណាក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ដែលបានត្រូវហៅថា កិច្ចប្រជុំនៃសេចក្ដីអធិដ្ឋាននិងការសរសើរតម្កើង។ និស្សិតគម្ពីរក៏បានផលិតប្រតិទិនដែលមានបទគម្ពីរសម្រាប់រាល់សប្ដាហ៍ ព្រមទាំងចម្រៀងមួយដែលពួកគេអាចច្រៀងក្នុងអំឡុងការសិក្សាផ្ទាល់ខ្លួន ឬការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
នៅកិច្ចប្រជុំរបស់និស្សិតគម្ពីរ អ្នកចូលរួមបានលើកឡើងអំពីបទពិសោធន៍មួយក្នុងកិច្ចបម្រើផ្សាយ និយាយអំពីមូលហេតុដែលពួកគេដឹងគុណព្រះយេហូវ៉ា ច្រៀងចម្រៀងមួយ ឬថែមទាំងអធិដ្ឋានទៀតផង។ បងស្រីអ៊ីវឺ បានីដែលបានទទួលការជ្រមុជទឹកនាឆ្នាំ១៩២៣នៅអាយុ១៥ឆ្នាំ បាននឹកចាំថា៖ «បើយើងចង់លើកឡើងចំណុចណាមួយ យើងក្រោកឈរឡើង ហើយចាប់ផ្ដើមនិយាយអ្វីមួយដូចជា ‹ខ្ញុំចង់អរគុណលោកម្ចាស់សម្រាប់គុណធម៌របស់លោកចំពោះខ្ញុំ›»។ បងប្អូនខ្លះចូលចិត្តធ្វើដូចនេះណាស់។ បងបានីបានបន្តថា៖ «បងប្រុសហ្គតវិនជាទីស្រឡាញ់មានអ្វីជាច្រើនដើម្បីអរគុណលោកម្ចាស់។ ប៉ុន្តែ ពេលប្រពន្ធគាត់កត់សម្គាល់ថាបងប្រុសដែលដឹកនាំកិច្ចប្រជុំនោះចាប់ផ្ដើមរសាប់រសល់ គាត់បានទាញជាយអាវធំរបស់ប្ដីគាត់ ហើយប្ដីគាត់ក៏អង្គុយចុះ»។
មួយខែម្ដង ក្រុមជំនុំនីមួយៗរៀបចំកិច្ចប្រជុំនៃសេចក្ដីអធិដ្ឋាននិងការសរសើរតម្កើងពិសេស។ ស្ដីអំពីកិច្ចប្រជុំនេះ ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមេសា ឆ្នាំ១៩២៣ បានចែងថា៖ «ពាក់កណ្ដាលនៃកិច្ចប្រជុំគួរទុកឱកាសឲ្យបងប្អូនឆ្លើយនិងចែករំលែកបទពិសោធន៍អំពីកិច្ចបម្រើ ហើយលើកទឹកចិត្តអ្នករួមការងារគ្នីគ្នា។ . . . យើងជឿថាកិច្ចប្រជុំដ៏គួរឲ្យលើកទឹកចិត្តទាំងនេះនឹងជួយបងប្អូនឲ្យកាន់តែជិតស្និទ្ធគ្នា»។
បងប្រុសឆាល ម៉ាធិនដែលមានអាយុ១៩ឆ្នាំជាអ្នកផ្សាយក្នុងក្រុមជំនុំ ហើយមកពីក្រុងវេនឃូវើ ប្រទេសកាណាដា។ គាត់ទទួលប្រយោជន៍យ៉ាងច្រើនពីកិច្ចប្រជុំទាំងនេះ។ ក្រោយមក គាត់និយាយថា៖ «នេះជាកន្លែងដែលខ្ញុំបានរៀននៅដើមដំបូងថា គួរនិយាយអ្វីពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ជារឿយៗ បងប្អូនម្នាក់រៀបរាប់អំពីបទពិសោធន៍ណាមួយពីកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ នេះជួយខ្ញុំឲ្យមានគំនិតថាគួរនិយាយអ្វីនិងអំពីរបៀបតបឆ្លើយចំពោះពាក្យជំទាស់ផ្សេងៗ»។
កិច្ចផ្សព្វផ្សាយពង្រឹងសាមគ្គីភាព
«ថ្ងៃផ្សព្វផ្សាយ»ក៏ជួយធ្វើឲ្យអង្គការយើងកាន់តែមានសាមគ្គីភាព។ ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមេសា ឆ្នាំ១៩២៣ ប្រកាសថា៖ «ដើម្បីយើងទាំងអស់គ្នាអាចមានសាមគ្គីភាពក្នុងកិច្ចការដូចគ្នា . . . ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ១៩២៣បានត្រូវរៀបចំឡើងជាថ្ងៃ
ផ្សព្វផ្សាយ។ ក្រោយពីនោះ រៀងរាល់ថ្ងៃអង្គារដំបូងប្រចាំខែ នឹងទៅជាថ្ងៃផ្សព្វផ្សាយ . . . សមាជិកគ្រប់រូបក្នុងក្រុមជំនុំនីមួយៗគួរមានចំណែកក្នុងកិច្ចការនេះ»។សូម្បីតែនិស្សិតគម្ពីរវ័យក្មេងក៏រួមចំណែកក្នុងកិច្ចការនេះដែរ។ បងស្រីហេស៊េល បឺហ្វតដែលមានអាយុត្រឹមតែ១៦ឆ្នាំនៅពេលនោះ នឹកចាំថា៖ «ឯកសារប៊ូឡើទិន(Bulletin) aមានការសន្ទនាគំរូសម្រាប់ឲ្យយើងទន្ទេញចាំ។ ខ្ញុំនិងតាខ្ញុំបានចូលរួមយ៉ាងខ្នះខ្នែងក្នុងសកម្មភាពទាំងអស់នេះ»។ ប៉ុន្តែ បងបឺហ្វតបានទទួលការប្រឆាំងដែលគាត់ស្មានមិនដល់។ គាត់រៀបរាប់ថា៖ «បងប្រុសវ័យចាស់ម្នាក់មិនយល់ស្របឲ្យខ្ញុំនិយាយទៅកាន់មនុស្សឯទៀតទេ។ នៅពេលនោះ បងប្អូនខ្លះមិនយល់ថានិស្សិតគម្ពីរទាំងអស់ រួមទាំងកំលោះទាំងក្រមុំគួររួមចំណែកក្នុងការសរសើរតម្កើងអ្នកបង្កើតដ៏ឧត្តមទេ»។ (ចសព. ១៤៨:១២, ១៣) ប៉ុន្តែ បងបឺហ្វតបន្តផ្សព្វផ្សាយ។ ក្រោយមក គាត់បានចូលរួមវគ្គសិក្សាសាលាគីលាតជំនាន់ទី២ ហើយបម្រើជាសាសនទូតនៅប្រទេសប៉ាណាម៉ា។ យូរៗទៅ បងប្អូនទាំងនោះបានផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីប្អូនៗវ័យក្មេងក្នុងកិច្ចផ្សព្វផ្សាយ។
មហាសន្និបាតពង្រឹងសាមគ្គីភាព
មហាសន្និបាតក៏បានជួយបងប្អូនឲ្យកាន់តែមានសាមគ្គីភាពដែរ។ ក្នុងអំឡុងមហាសន្និបាតជាច្រើនទាំងនោះមានថ្ងៃមួយសម្រាប់កិច្ចបម្រើផ្សាយ។ ជាឧទាហរណ៍ នៅមហាសន្និបាតមួយនាក្រុងវីននីភេក ប្រទេសកាណាដា អស់អ្នកដែលចូលរួមមហាសន្និបាតនោះបានត្រូវអញ្ជើញឲ្យផ្សព្វផ្សាយក្នុងក្រុងនោះនៅថ្ងៃទី៣១ ខែមីនា។ ពួកគេបានជួបមនុស្សច្រើនជាងនៅថ្ងៃផ្សព្វផ្សាយពិសេសទាំងនោះ ហើយទទួលបានលទ្ធផលល្អ។ នៅថ្ងៃទី៥ ខែសីហា មនុស្សប្រមាណ៧.០០០នាក់បានចូលរួមមហាសន្និបាតផ្សេងទៀតនៅក្រុងវីននីភេក។ នៅពេលនោះ នេះគឺជាចំនួនអ្នកចូលរួមច្រើនជាងគេសម្រាប់មហាសន្និបាតនៅប្រទេសកាណាដា។
មហាសន្និបាតដ៏សំខាន់ណាស់នៃរាស្ត្រព្រះយេហូវ៉ានៅឆ្នាំ១៩២៣ បានធ្វើឡើងនៅថ្ងៃទី១៨ដល់ថ្ងៃទី២៦ ខែសីហា ក្នុងក្រុងឡូស អេនជីឡេស រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងប៉ុន្មានសប្ដាហ៍មុនមហាសន្និបាត ពួកអ្នកកាសែតបានផ្សាយអំពីកម្មវិធីនោះ ហើយនិស្សិតគម្ពីរបានចែកចាយខិត្តប័ណ្ណជាង៥០០.០០០សន្លឹក។ ពួកគេបានបិតស្លាកប្រកាសអំពីមហាសន្និបាតនោះនៅលើយានជំនិះសម្រាប់សាធារណជននិងនៅលើឡានផ្សេងៗ។
បប. ១៨:២, ៤) ក្រោយមក និស្សិតគម្ពីរដែលមានចិត្តខ្នះខ្នែងនៅទូទាំងផែនដីបានចែកចាយខិត្តប័ណ្ណអំពីសេចក្ដីសម្រេចនេះអស់រាប់លានសន្លឹក។
នៅថ្ងៃសៅរ៍ទី២៥ ខែសីហា បងប្រុសរ៉ូធើហ្វឺតបានថ្លែងសុន្ទរកថាដែលមានប្រធានថា «ចៀមនិងពពែ»។ ក្នុងនោះ គាត់បានប្រាប់យ៉ាងច្បាស់អំពីអត្តសញ្ញាណនៃចៀមថាជាមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ ដែលនឹងរស់នៅក្នុងសួនឧទ្យានលើផែនដី។ គាត់ក៏បានថ្លែងសុន្ទរកថាមួយ និងអានសេចក្ដីសម្រេចដែលហៅថា «ការព្រមាន»។ សេចក្ដីសម្រេចនោះបានផ្ដន្ទាទោសពិភពគ្រិស្តសាសនា ហើយបានលើកទឹកចិត្តពួកអ្នកដែលមានចិត្តស្មោះឲ្យញែកខ្លួនចេញពី«បាប៊ីឡូនដ៏ខ្លាំងក្លា»។ («កិច្ចប្រជុំដ៏គួរឲ្យលើកទឹកចិត្តទាំងនេះនឹងជួយបងប្អូនឲ្យកាន់តែជិតស្និទ្ធគ្នា»
នៅថ្ងៃចុងក្រោយនៃមហាសន្និបាតនោះ អ្នកស្ដាប់ជាង៣០.០០០នាក់បានស្ដាប់បងរ៉ូធើហ្វឺតថ្លែងសុន្ទរកថាសាធារណៈដែលមានប្រធានថា «ប្រជាជាតិទាំងឡាយកំពុងដើរឆ្ពោះទៅអាម៉ាគេដូន តែមនុស្សរាប់លាននាក់ដែលរស់ឥឡូវនេះនឹងមិនស្លាប់ទេ»។ ដោយរំពឹងថានឹងមានមនុស្សចូលរួមច្រើន និស្សិតគម្ពីរបានជួលកីឡដ្ឋានមួយដែលទើបតែសាងសង់នៅក្រុងឡូស អេនជីឡេស។ ដើម្បីប្រាកដថាគ្រប់គ្នាអាចស្ដាប់ឮ បងប្រុសៗបានប្រើប្រព័ន្ធបំពងសំឡេងរបស់កីឡដ្ឋាននោះ ដែលជាបច្ចេកទេសថ្មីនៅសម័យនោះ។ ម្យ៉ាងទៀត មានមនុស្សកាន់តែច្រើនដែលបានស្ដាប់កម្មវិធីនោះតាមវិទ្យុ។
ការកើនឡើងអន្តរជាតិ
នៅឆ្នាំ១៩២៣ មានការកើនឡើងដ៏គួរឲ្យកត់សម្គាល់នៃកិច្ចការផ្សព្វផ្សាយនៅទ្វីបអាហ្វ្រិក ទ្វីបអឺរ៉ុប ប្រទេសឥណ្ឌា និងទ្វីបអាម៉េរិកខាងត្បូង។ នៅប្រទេសឥណ្ឌា បងអាដាវិមេនណាធូ ចូសេហ្វមានប្រពន្ធនិងកូន៦នាក់ក្នុងបន្ទុករបស់គាត់។ ទន្ទឹមនឹងនោះ គាត់ក៏បានជួយផលិតសៀវភៅជាភាសាហិណ្ឌី ថាមិល ថេលូគូ និងអឺឌូ។
នៅប្រទេសសៀរ៉ាឡេអូន និស្សិតគម្ពីរឈ្មោះអាលហ្វ្រេត ចូសេហ្វនិងឡេនណឺត ប្លាកមិន បានសរសេរសំបុត្រសុំជំនួយទៅមន្ទីរចាត់ការពិភពលោកនៅតំបន់ប៊្រុគ្លីន រដ្ឋញូវយ៉ក។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩២៣ ការស្នើសុំរបស់ពួកគាត់បានត្រូវតបឆ្លើយ។ បងប្រុសអាលហ្វ្រេតនិយាយថា៖ «នៅយប់ជ្រៅនាថ្ងៃសៅរ៍មួយ ខ្ញុំបានទទួលទូរស័ព្ទដែលស្មានមិនដល់»។ មានសំឡេងឮៗសួរមកគាត់ថា៖ «តើបងជាអ្នកសរសេរសំបុត្រទៅសមាគមប៉មយាមសុំអ្នកផ្សព្វផ្សាយឬ?»។ បងអាលហ្វ្រេតបានតបថា៖ «បាទ»។ អ្នកដែលទូរស័ព្ទមកនិយាយថា៖ «គេបានចាត់ខ្ញុំឲ្យមក»។ សំឡេងនោះគឺជាសំឡេងរបស់បងវីល្លាម ប្រោន។ គាត់បានមកដល់ថ្ងៃនោះពីប្រជុំកោះការីបជាមួយប្រពន្ធរបស់គាត់អានតូនីយ៉ា និងកូនស្រីវ័យក្មេងរបស់ពួកគាត់ឡូអ៊ីសនិងលូស៊ី។ បងប្រុសទាំងនោះមិនបានរង់ចាំយូរដើម្បីជួបអ្នកថ្មីទាំងនោះទេ។
បងអាលហ្វ្រេតបន្តថា៖ «ព្រឹកបន្ទាប់ ខ្ញុំនិងបងឡេនណឺតពិគ្រោះគ្នាអំពីគម្ពីរដូចដែលយើងបានធ្វើរាល់សប្ដាហ៍។ នៅពេល
នោះ យើងស្រាប់តែឃើញបុរសខ្ពស់ម្នាក់ឈរនៅច្រកទ្វារ គឺបងប្រោន។ គាត់មានចិត្តខ្នះខ្នែងណាស់ចំពោះសេចក្ដីពិតបានជាគាត់ចង់ថ្លែងសុន្ទរកថាសាធារណៈនៅថ្ងៃបន្ទាប់»។ មិនដល់មួយខែផង បងប្រោនបានចែកចាយសៀវភៅទាំងអស់ដែលគាត់បានយកមកជាមួយ។ មិនយូរក្រោយមក គាត់បានទទួលសៀវភៅ៥.០០០ក្បាលទៀត ហើយមិនយូរប៉ុន្មានទៀត គាត់ត្រូវការសៀវភៅថែមទៀត។ ប៉ុន្តែ បងប្រោនមិនបានត្រូវគេស្គាល់ថាជាអ្នកលក់សៀវភៅទេ។ ក្នុងអំឡុងកិច្ចបម្រើដ៏យូរអង្វែងរបស់គាត់ជាអ្នកបម្រើដ៏ខ្នះខ្នែងរបស់ព្រះយេហូវ៉ា គាត់តែងតែលើកបទគម្ពីរក្នុងសុន្ទរកថារបស់គាត់ ហេតុនេះហើយមនុស្សបានហៅគាត់ថាគម្ពីរប្រោន។នៅគ្រានោះ ការិយាល័យសាខានៅក្រុងបរមិន ប្រទេសអាល្លឺម៉ង់តូចពេក ហើយបងប្អូនបានឮថាមិនយូរទៀតកងទ័ពបារាំងនឹងចូលវាយលុកក្រុងនោះ។ និស្សិតគម្ពីរបានរកឃើញអគារមួយនៅក្រុងម៉ាតឺបឺកដែលមើលទៅល្អណាស់សម្រាប់បោះពុម្ពសៀវភៅ។ នៅថ្ងៃទី១៩ ខែមិថុនា បងប្អូនបានបង្ហើយការរៀបចំម៉ាស៊ីនបោះពុម្ពនិងគ្រឿងសង្ហារិមផ្សេងទៀត រួចរើទៅបេតអែលថ្មីនៅក្រុងម៉ាតឺបឺក។ នៅថ្ងៃបន្ទាប់ ក្រោយពីមន្ទីរចាត់ការពិភពលោកបានទទួលដំណឹងថាការរើទៅទីនោះរួចរាល់ហើយ អ្នកកាសែតបានប្រកាសថាពួកបារាំងបានដណ្ដើមយកក្រុងបរមិន។ បងប្អូនបានឃើញថាការរើទៅទីនោះជាភ័ស្តុតាងអំពីពរនិងការការពារពីព្រះយេហូវ៉ា។
នៅប្រទេសប្រេស៊ីល បងប្រុសចច យ៉ាំងដែលបានធ្វើដំណើរទៅកន្លែងជាច្រើនដើម្បីផ្សព្វផ្សាយដំណឹងល្អ បានបង្កើតការិយាល័យសាខាថ្មី និងចាប់ផ្ដើមបោះពុម្ពទស្សនាវដ្ដីប៉មយាមជាភាសាព័រទុយហ្គាល់។ ក្នុងរយៈពេលតែប៉ុន្មានខែ គាត់បានចែកចាយសៀវភៅផ្សេងៗជាង៧.០០០ក្បាល។ ការមកដល់របស់គាត់នៅប្រទេសប្រេស៊ីលក៏ផ្ដល់ឱកាសដ៏គួរឲ្យរំភើបដល់បងស្រីសារ៉ា ហ្វើហ្គាសិន។ បងស្រីនោះបានអានទស្សនាវដ្ដីប៉មយាមតាំងពីឆ្នាំ១៨៩៩ ប៉ុន្តែគាត់មិនដែលមានឱកាសទទួលការជ្រមុជទឹកដើម្បីបង្ហាញអំពីការប្រគល់ខ្លួនរបស់គាត់ទេ។ ប៉ុន្មានខែក្រោយមក បងហ្វើហ្គាសិននិងកូនបួននាក់របស់គាត់បានទទួលការជ្រមុជទឹក។
ការ«បម្រើព្រះដោយចិត្តខ្នះខ្នែងនិងអំណរ»
នៅចុងឆ្នាំ ទស្សនាវដ្ដីប៉មយាមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩២៣បានរៀបរាប់អំពីរបៀបដែលការផ្លាស់ប្ដូរកិច្ចប្រជុំ កិច្ចបម្រើផ្សាយ និងមហាសន្និបាតរបស់និស្សិតគម្ពីរ មានឥទ្ធិពលទៅលើពួកគេ។ ទស្សនាវដ្ដីនោះចែងថា៖ «គឺស្រួលឲ្យឃើញថាក្រុមជំនុំ . . . មានជំនឿរឹងមាំ . . . សូមយើងប្រុងប្រៀបសម្រាប់ធ្វើកិច្ចការថែមទៀត ហើយបន្តបម្រើព្រះដោយចិត្តខ្នះខ្នែងនិងអំណរក្នុងអំឡុងឆ្នាំ១៩២៤»។
ឆ្នាំបន្ទាប់ក៏ជាឆ្នាំដ៏គួរឲ្យរំភើបចិត្តណាស់សម្រាប់និស្សិតគម្ពីរ។ បងប្អូននៅបេតអែលបានធ្វើកិច្ចការអស់ច្រើនខែនៅលើដីមួយកន្លែងនាតំបន់ស្ថាធិនអៃឡេន ដែលនៅជិតមន្ទីរចាត់ការរបស់ពួកគេនាតំបន់ប៊្រុគ្លីន។ អគារបានត្រូវសង់រួចរាល់លើកន្លែងថ្មីនោះនៅដើមឆ្នាំ១៩២៤ ហើយបានជួយក្រុមគ្រួសាររួមជំនឿឲ្យមានសាមគ្គីភាព និងផ្សាយដំណឹងល្អតាមរបៀបដែលមិនធ្លាប់ធ្វើពីមុន។
a ឥឡូវកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ។