លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤២

ចម្រៀង​លេខ​១០៣ ពួក​គង្វាល​គឺ​អំណោយ​ជា​មនុស្ស

ចូរ​ឲ្យ​តម្លៃ​«​អំណោយ​ជា​មនុស្ស​»​

ចូរ​ឲ្យ​តម្លៃ​«​អំណោយ​ជា​មនុស្ស​»​

«​ពេល​ដែល​លោក​បាន​ឡើង​ទៅ​ឯ​ទី​ខ្ពស់ . . . លោក​បាន​ឲ្យ​អំណោយ​ជា​មនុស្ស​»។អេភ. ៤:៨

ចំណុច​ផ្ដោត

របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ ជំនួយ​ការ​ខាង​កិច្ច​បម្រើ និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជួយ​យើង ព្រម​ទាំង​របៀប​ដែល​យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​របស់​ពួក​គាត់។

១. តើ​លោក​យេស៊ូ​បាន​ផ្ដល់​អំណោយ​អ្វី​ខ្លះ​ដល់​យើង?

 គ្មាន​មនុស្សជាតិ​ណា​មាន​ចិត្ត​ទូលាយ​ដូច​លោក​យេស៊ូ​ទេ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នោះ? សូម​គិត​អំពី​ចំណុច​ដូច​ត​ទៅ​នេះ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​មាន​ឫទ្ធានុភាព​ដើម្បី​ធ្វើ​អព្ភូតហេតុ ហើយ​លោក​តែង​តែ​ធ្វើ​អព្ភូតហេតុ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ (​លូក. ៩:១២​-​១៧​) លោក​ក៏​បាន​ឲ្យ​អំណោយ​ដ៏​ធំ​ធេង​សម្រាប់​យើង​ទាំង​អស់​គ្នា ពោល​គឺ​ជីវិត​របស់​លោក។ (​យ៉ូន. ១៥:១៣​) សូម្បី​តែ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក៏​លោក​នៅ​តែ​បង្ហាញ​ចិត្ត​ទូលាយ គឺ​លោក​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​បង្រៀន​និង​សម្រាល​ទុក្ខ​យើង ដូច​ដែល​លោក​បាន​សន្យា។ (​យ៉ូន. ១៤:១៦, ១៧, កំ.ស.; ១៦:១៣​) ម្យ៉ាង​ទៀត តាម​រយៈ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ លោក​យេស៊ូ​បង្ហាត់​បង្រៀន​យើង ដើម្បី​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក។—ម៉ាថ. ២៨:១៨​-​២០

២. យោង​ទៅ​តាម​អេភេសូរ ៤:៧, ៨ តើ​«​អំណោយ​ជា​មនុស្ស​»​រួម​បញ្ចូល​អ្នក​ណា​ខ្លះ?

សូម​គិត​អំពី​អំណោយ​ផ្សេង​ទៀត​ដែល​លោក​យេស៊ូ​ផ្ដល់​ឲ្យ​យើង។ តើ​នោះ​ជា​អ្វី? ដូច​សាវ័ក​ប៉ូល​បាន​សរសេរ​ទុក អំណោយ​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​មុន​លោក​ឡើង​ទៅ​ស្ថាន​សួគ៌ គឺ​លោក​«​បាន​ឲ្យ​អំណោយ​ជា​មនុស្ស​»។ (​សូម​អាន អេភេសូរ ៤:៧, ៨) ប៉ូល​ក៏​បាន​ពន្យល់​ថែម​ទៀត​ដែរ​ថា អំណោយ​នេះ​គឺ​ដើម្បី​គាំទ្រ​ក្រុម​ជំនុំ។ (​អេភ. ១:២២, ២៣; ៤:១១​-​១៣​) នៅ​សព្វ​ថ្ងៃ​នេះ ​«​អំណោយ​ជា​មនុស្ស​»​រួម​មាន​ជំនួយ​ការ​ខាង​កិច្ច​បម្រើ អ្នក​ចាស់​ទុំ និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ a ពិត​មែន​ថា​ពួក​គេ​ជា​អំណោយ​ដ៏​ល្អ ប៉ុន្តែ​ពួក​គេ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ជួន​កាល​ពួក​គេ​អាច​ធ្វើ​ខុស។ (​យ៉ា. ៣:២​) ទោះ​ជា​ដូច្នោះ​ក៏​ដោយ លោក​យេស៊ូ​បាន​ប្រើ​ពួក​គេ​ដើម្បី​ជួយ​យើង។ ពួក​គេ​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ណាស់។

៣. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​យើង​អាច​គាំទ្រ​កិច្ច​ការ​របស់​ពួក​អ្នក​ដែល​ជា​«​អំណោយ​ជា​មនុស្ស​»។

លោក​យេស៊ូ​បាន​តែង​តាំង​បុរស​ទាំង​នេះ​ដើម្បី​ពង្រឹង​ក្រុម​ជំនុំ។ (​អេភ. ៤:១២​) ក៏​ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​ជួយ​គាំទ្រ​ពួក​គេ​ឲ្យ​បំពេញ​ភារកិច្ច​នោះ​ដែរ។ ជា​ឧទាហរណ៍ បង​ប្អូន​ខ្លះ​ចូល​រួម​កិច្ច​ការ​សាង​សង់​សាល​ប្រជុំ ហើយ​បង​ប្អូន​ខ្លះ​ទៀត​គាំទ្រ​កិច្ច​ការ​នេះ​ដោយ​ផ្ដល់​ម្ហូប​អាហារ មធ្យោបាយ​ធ្វើ​ដំណើរ និង​ជួយ​តាម​វិធី​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង យើង​ទាំង​អស់​គ្នា​អាច​គាំទ្រ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ពួក​អ្នក​ចាស់​ទុំ និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឲ្យ​ពួក​គេ​ពង្រឹង​ក្រុម​ជំនុំ។ ដើម្បី​ធ្វើ​ដូច្នោះ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ ហើយ​របៀប​ដែល​យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​លោក​យេស៊ូ​ផង និង​ចំពោះ​បុរស​ទាំង​នោះ​ផង។

ជំនួយ​ការ​ខាង​កិច្ច​បម្រើ​បំពេញ​«​កិច្ច​ការ​ផ្ដល់​ជំនួយ​»​

៤. នៅ​សតវត្សរ៍​ទី​១ តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ?

នៅ​សតវត្សរ៍​ទី​១ បង​ប្អូន​ប្រុស​ខ្លះ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ (​១ធី. ៣:៨​) ពួក​គេ​ទំនងជាអ្នក​ដែល​បំពេញ​«​កិច្ច​ការ​ផ្ដល់​ជំនួយ​»​ដែល​ប៉ូល​បាន​លើក​ឡើង​នៅ​កូរិនថូស​ទី​១ ១២:២៨។ នៅ​សម័យ​នោះ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​បំពេញ​កិច្ច​ការ​សំខាន់​ៗ និង​មាន​ប្រយោជន៍​ជា​ច្រើន។ ជា​ឧទាហរណ៍ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ប្រហែល​ជា​ជួយ​ចម្លង​បទ​គម្ពីរ ឬ​ទិញ​សម្ភារៈ​ផ្សេង​ៗ​ដែល​ត្រូវ​ការ​ដើម្បី​ចម្លង​បទ​គម្ពីរ។ ដោយ​មាន​ជំនួយ​ពី​ពួក​គេ អ្នក​ចាស់​ទុំ​អាច​ផ្ដោត​អារម្មណ៍​លើ​ការ​បង្រៀន​និង​ការ​ថែ​រក្សា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។

៥. នៅ​សព្វ​ថ្ងៃ​នេះ តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ?

សូម​គិត​អំពី​កិច្ច​ការ​មួយ​ចំនួន​ដែល​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។ (​១ពេ. ៤:១០​) ពួក​គេ​ប្រហែល​ជា​ទទួល​ភារកិច្ច​ឲ្យ​មើល​ការ​ខុស​ត្រូវ​គណនី​ក្រុម​ជំនុំ រៀប​ចំ​ផែន​ទី​សម្រាប់​ផ្សព្វ​ផ្សាយ និង​កុម្ម៉ង់​សៀវភៅ​សម្រាប់​ក្រុម​ជំនុំ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​ជួយ​បញ្ជា​ឧបករណ៍​សំឡេង​និង​វីដេអូ បម្រើ​ជា​ឆ្មាំ ឬ​ជួយ​ថែ​ទាំ​សាល​ប្រជុំ​ជា​ដើម។ ពេល​ពួក​គេ​បំពេញ​កិច្ចការ​ទាំង​នេះ នោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ងាយ​ស្រួល​ផ្ចង់​អារម្មណ៍​លើ​ប្រជុំ។ ម្យ៉ាង​ទៀត កិច្ច​ការ​របស់​ពួក​គេ​ក៏​ជួយ​ធ្វើ​ឲ្យ​មាន​របៀប​រៀប​រយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​១កូ. ១៤:៤០​) ក្រៅ​ពី​កិច្ចការ​ទាំង​នេះ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ខ្លះ​ក៏​មាន​ផ្នែក​នៅ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត និង​ថ្លែង​សុន្ទរកថា​សាធារណៈ​ដែរ។ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក៏​ប្រហែល​ជា​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ជំនួយ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សាយ​ដែរ។ ជួន​កាល អ្នក​ចាស់​ទុំ​ប្រហែល​ជា​សុំ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ជា​មួយ​គាត់​ក្នុង​នាម​ជា​គង្វាល។

៦. តើ​បង​ប្អូន​ខ្លះ​បាន​និយាយ​យ៉ាង​ណា​អំពី​អារម្មណ៍​ពួក​គេ​ចំពោះ​កិច្ច​ការ​របស់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ?

តើ​បង​ប្អូន​ខ្លះ​បាន​និយាយ​យ៉ាង​ណា​អំពី​អារម្មណ៍​ពួក​គេ​ចំពោះ​កិច្ច​ការ​របស់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ? បង​ស្រី​ម្នាក់​ឈ្មោះ​បេបឺលី bពី​ប្រទេស​បូលីវី​និយាយ​ថា​៖ ​«​ដោយ​សារ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដើម្បី​ឲ្យ​កិច្ច​ប្រជុំ​ដំណើរ​ការ​យ៉ាង​ល្អ ខ្ញុំ​អាច​ច្រៀង ឆ្លើយ ស្ដាប់​សុន្ទរកថា ហើយ​អាច​មើល​វីដេអូ​និង​រូប​ភាព។ ពួក​គេ​ជួយ​ការ​ពារ​សុវត្ថិភាព​ក្នុង​អំឡុង​កិច្ច​ប្រជុំ។ មួយ​វិញ​ទៀត ពួក​គេ​ក៏​ជួយ​បង​ប្អូន​ដែល​មិន​អាច​ចូល​រួម​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ដើម្បី​មើល​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ផ្ទះ។ ក្រោយ​កិច្ច​ប្រជុំ ពួក​គេ​នាំ​មុខ​ក្នុង​ការ​សម្អាត ជួយ​ផ្នែក​គណនី ហើយ​ផ្គត់​ផ្គង់​សៀវភៅ​ដែល​យើង​ត្រូវ​ការ។ ខ្ញុំ​អរគុណ​ពួក​គេ​ខ្លាំង​ណាស់!​»។ បង​ស្រី​លែសលី​ដែល​រស់​នៅ​ប្រទេស​កូឡុំប៊ី ហើយ​មាន​ប្ដី​ជា​អ្នក​ចាស់​ទុំ​និយាយ​ថា​៖ ​«​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ បើ​គ្មាន​ពួក​គេ​ទេ ប្ដី​ខ្ញុំ​មុខ​ជា​រវល់​ខ្លាំង​ណាស់។ ខ្ញុំ​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​ចិត្ត​ខ្នះខ្នែង និង​ការ​សុខ​ចិត្ត​ជួយ​របស់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​»។ អ្នក​ក៏​ច្បាស់​ជា​មាន​អារម្មណ៍​ដូច​នេះ​ដែរ។—១ធី. ៣:១៣

៧. តើ​យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

យើង​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​របស់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ប៉ុន្តែ យើង​មិន​គ្រាន់​តែ​មាន​អារម្មណ៍​ដូច្នោះ​ប៉ុណ្ណោះ​ទេ យើង​ក៏​«​បង្ហាញ​អំណរ​គុណ​»។ (​កូឡ. ៣:១៥​) អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​គ្រិសស្តុប​នៅ​ប្រទេស​ហ្វាំងឡង់ បាន​បង្ហាញ​អំណរ​គុណ​ចំពោះ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​តាម​របៀប​នេះ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​សរសេរ​បទ​គម្ពីរ​មួយ និង​ចំណុច​ដែល​ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អ្វី​ដែល​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ណា​ម្នាក់​បាន​ធ្វើ​និង​និយាយ ឬ​មូលហេតុ​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​របស់​គាត់ នៅ​ក្នុង​កាត​ឬ​តាម​រយៈ​ការ​ផ្ញើ​សារ​»។ បង​ប្រុស​ប៉ាស្កាល់​និង​បង​ស្រី​យ៉ាអែល ដែល​រស់​នៅ​ប្រទេស​នូវែលកាឡេដូនី ច្រើន​តែ​អធិដ្ឋាន​ឲ្យ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ បង​ប៉ាស្កាល់​ពន្យល់​ថា​៖ ​«​ថ្មី​ៗ​នេះ យើង​ច្រើន​តែ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ដែល​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ យើង​អរគុណ​ព្រះ​យេហូវ៉ា​ដែល​មាន​ពួក​គេ ហើយ​យើង​សុំ​លោក​ឲ្យ​នៅ​ជា​មួយ​ពួក​គេ​និង​ជួយ​ពួក​គេ​»។ ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​បែប​នេះ ហើយ​នេះ​នាំ​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​ទទួល​ប្រយោជន៍។—២កូ. ១:១១

អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ​«​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​»​

៨. ហេតុ​អ្វី​ប៉ូល​និយាយ​ថា​អ្នក​ចាស់​ទុំ​«​ខំ​ធ្វើ​កិច្ច​ការ​យ៉ាង​នឿយ​ហត់​»​? (​ថែស្សាឡូនិច​ទី​១ ៥:១២, ១៣​)

អ្នក​ចាស់​ទុំ​នៅ​សតវត្សរ៍​ទី​១​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​ក្រុម​ជំនុំ។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ៥:១២, ១៣; ១ធី. ៥:​១៧​) ពួក​គេ​«​ដឹក​នាំ​»​ក្រុម​ជំនុំ ដោយ​ដឹក​នាំ​កិច្ច​ប្រជុំ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ក្រុម​អ្នក​ចាស់​ទុំ។ ពួក​គេ​ក៏​«​ដាស់​តឿន​»​បង​ប្អូន​រួម​ជំនឿ​ដោយ​ផ្ដល់​យោបល់​ចំ​ៗ​តែ​ដោយ​ក្ដី​ស្រឡាញ់​ដើម្បី​ការ​ពារ​ក្រុម​ជំនុំ។ (​១ថែ. ២:១១, ១២; ២ធី. ៤:​២​) ម្យ៉ាង​ទៀត ពួក​គេ​ក៏​ត្រូវ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​និង​រក្សា​ចំណង​ចិត្ត​ភាព​របស់​ពួក​គេ​ជា​មួយ​ព្រះ​យេហូវ៉ា​ផង​ដែរ។—១ធី. ៣:២, ៤; ទីត. ១:៦​-​៩

៩. នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​អ្វី​ខ្លះ?

អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​ពិត​ជា​រវល់​ណាស់។ តើ​ពួក​គេ​មាន​ភារកិច្ច​អ្វី​ខ្លះ? ពួក​គេ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​២ធី. ៤:៥​) ពួក​គេ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង ចាត់​ចែង​កិច្ច​ការ​ក្នុង​ក្រុម​ជំនុំ ហើយ​បង្ហាត់​បង្រៀន​យើង​អំពី​របៀប​ផ្សព្វ​ផ្សាយ​និង​បង្រៀន​យ៉ាង​មាន​ប្រសិទ្ធភាព។ ពួក​គេ​ក៏​ជា​អ្នក​វិនិច្ឆ័យ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​និង​មិន​លម្អៀង​ដែរ។ ជា​ឧទាហរណ៍ ពេល​មាន​គ្រិស្ត​សាសនិក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ អ្នក​ចាស់​ទុំ​ព្យាយាម​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ អ្នក​ចាស់​ទុំ​ក៏​ព្យាយាម​រក្សា​ក្រុម​ជំនុំ​ឲ្យ​មាន​ភាព​ស្អាត​ស្អំ។ (​១កូ. ៥:១២, ១៣; កាឡ. ៦:១​) សំខាន់​បំផុត ពួក​អ្នក​ចាស់​ទុំ​គឺ​ជា​គង្វាល។ (​១ពេ. ៥:១​-​៣​) ពួក​គេ​ថ្លែង​សុន្ទរកថា ព្យាយាម​ស្គាល់​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ និង​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល។ អ្នក​ចាស់​ទុំ​ខ្លះ​ក៏​ជួយ​ខាង​កិច្ច​ការ​សាង​សង់​និង​ថែ​ទាំ​សាល​ប្រជុំ រៀប​ចំ​មហា​សន្និបាត បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ និង​សមាជិក​ក្រុម​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ទៅ​ជួប​អ្នក​ជំងឺ ហើយ​ក៏​មាន​កិច្ច​ការ​ផ្សេង​ទៀត​ជា​ច្រើន​ដែរ។ តើ​ពួក​អ្នក​ចាស់​ទុំ​ខំ​ធ្វើ​កិច្ច​ការ​យ៉ាង​នឿយ​ហត់​ទាំង​នេះ​ដើម្បី​អ្នក​ណា? គឺ​ដើម្បី​យើង!

១០. ហេតុ​អ្វី​យើង​ឲ្យ​តម្លៃ​ពួក​អ្នក​ចាស់​ទុំ?

១០ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទុក​ជា​មុន​ថា ពួក​គង្វាល​នឹង​ថែ​រក្សា​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ យ៉ាង​នេះ យើង​នឹង​«​លែង​តក់​ស្លុត​ឬ​ភ័យ​ខ្លាច​ទៀត​»។ (​យេ. ២៣:៤​) បង​ស្រី​ម្នាក់​ឈ្មោះ​យ៉ូហេណា​ពី​ប្រទេស​ហ្វាំងឡង់​មាន​អារម្មណ៍​ដូច​នោះ​ពេល​ម្ដាយ​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ គាត់​រៀប​រាប់​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ជា​មនុស្ស​ពិបាក​និយាយ​អារម្មណ៍ តែ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ខ្ញុំ​មិន​សូវ​ជិត​ស្និទ្ធ​បាន​អត់​ធ្មត់​ស្ដាប់​ខ្ញុំ អធិដ្ឋាន​ឲ្យ​ខ្ញុំ ហើយ​រំលឹក​ខ្ញុំ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​ខ្ញុំ។ ខ្ញុំ​មិន​ចាំ​អ្វី​ដែល​អ្នក​ចាស់​ទុំ​នោះ​និយាយ​មក​កាន់​ខ្ញុំ​នៅ​ពេល​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​ចាំ​ថា​ពេល​នោះ​ខ្ញុំ​មាន​ចិត្ត​ស្ងប់។ ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ចាត់​គាត់​ឲ្យ​មក​ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ​នៅ​ពេល​ត្រឹម​ត្រូវ​»។ តើ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

១១. តើ​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​តាម​វិធី​ណា​ខ្លះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បង្ហាញ​ចិត្ត​ដឹង​គុណ​យ៉ាង​ស្មោះ​ចំពោះ​ពួក​អ្នក​ចាស់​ទុំ ​«​ដោយ​សារ​កិច្ចការ​ដែល​ពួក​គាត់​បាន​ធ្វើ​»។ (​១ថែ. ៥:១២, ១៣​) បង​ស្រី​ឈ្មោះ​ហេនរី​អេតា​ដែល​រស់​នៅ​ប្រទេស​ហ្វាំងឡង់​និយាយ​ថា​៖ ​«​អ្នក​ចាស់​ទុំ​សុខ​ចិត្ត​ជួយ​អ្នក​ឯ​ទៀត មិន​មែន​ដោយ​សារ​ពួក​គេ​មាន​ពេល​វេលា​និង​កម្លាំង​ច្រើន​ជាង​យើង​ទេ ឬ​ថា​ពួក​គេ​គ្មាន​បញ្ហា​ក្នុង​ជីវិត​ឡើយ។ ជួន​កាល​ខ្ញុំ​និយាយ​ទៅ​ពួក​គាត់​ថា​៖ ‹ខ្ញុំ​ចង់​ប្រាប់​បង​ថា បង​ជា​អ្នក​ចាស់​ទុំ​ល្អ​ណាស់›​»។ បង​ស្រី​ម្នាក់​ឈ្មោះ​សេរ៉ា​ពី​ប្រទេស​តួកគី​និយាយ​ថា​៖ ​«​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​បន្ត​ធ្វើ​កិច្ច​ការ​របស់​ពួក​គាត់។ ដូច្នេះ យើង​អាច​សរសេរ​កាត​ឲ្យ​ពួក​គាត់ អញ្ជើញ​ពួក​គាត់​មក​ញ៉ាំ​បាយ ឬ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គាត់​»។ តើ​អ្នក​នឹក​ឃើញ​អ្នក​ចាស់​ទុំ​ណា​ម្នាក់​ដែល​អ្នក​ចង់​បង្ហាញ​ចិត្ត​ដឹង​គុណ​ឬ​ទេ? សូម​រក​វិធី​ដើម្បី​បង្ហាញ​ចិត្ត​ដឹង​គុណ​គាត់។—១កូ. ១៦:១៨

អ្នក​អាច​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ក្នុង​អង្គការ​ព្រះ​ឲ្យ​បន្ត​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ (​សូម​មើល​វគ្គ​៧, ១១, ១៥​)


អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ពង្រឹង​ក្រុម​ជំនុំ

១២. នៅ​សតវត្សរ៍​ទី​១ តើ​មាន​ការ​រៀប​ចំ​អ្វី​ដើម្បី​ពង្រឹង​ក្រុម​ជំនុំ? (​ថែស្សាឡូនិច​ទី​១ ២:៧, ៨​)

១២ លោក​យេស៊ូ​គ្រិស្ត​បាន​ឲ្យ​«​អំណោយ​ជា​មនុស្ស​»​ដើម្បី​ជួយ​ក្រុម​ជំនុំ​តាម​របៀប​ផ្សេង​ទៀត។ នៅ​សតវត្សរ៍​ទី​១ ក្រោម​ការ​ដឹក​នាំ​របស់​លោក ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​ចាត់​ប៉ូល បាណាបាស និង​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ (​សកម្ម. ១១:២២​) ហេតុ​អ្វី? មូលហេតុ​គឺ​ដើម្បី​ពង្រឹង​ក្រុម​ជំនុំ ដូច​ជំនួយ​ការ​ខាង​កិច្ច​បម្រើ និង​អ្នក​ចាស់​ទុំ​ធ្វើ​ដែរ។ (​សកម្ម. ១៥:៤០, ៤១​) ដើម្បី​ធ្វើ​កិច្ច​ការ​នេះ បុរស​ទាំង​នេះ​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ជា​ច្រើន ជួន​កាល​ពួក​គេ​ថែម​ទាំង​ប្រថុយ​ជីវិត​ដើម្បី​បង្រៀន​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។—សូម​អាន ថែស្សាឡូនិច​ទី​១ ២:៧, ៨

១៣. តើ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មាន​ភារកិច្ច​អ្វី​ខ្លះ?

១៣ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ត្រូវ​ធ្វើ​ដំណើរ​ច្រើន។ អ្នក​ខ្លះ​ត្រូវ​ធ្វើ​ដំណើរ​រាប់​រយ​គីឡូ​ម៉ែត្រ​ដើម្បី​ទៅ​ទស្សនកិច្ច​ក្រុម​ជំនុំ​ផ្សេង​ៗ។ រាល់​សប្ដាហ៍​ដែល​មាន​ទស្សនកិច្ច អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ថ្លែង​សុន្ទរកថា​ជា​ច្រើន​ដង និង​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​រួម​ជំនឿ​ក្នុង​នាម​ជា​គង្វាល។ មួយ​វិញ​ទៀត គាត់​ក៏​ដឹក​នាំ​កិច្ច​ប្រជុំ​អ្នក​ត្រួស​ត្រាយ កិច្ច​ប្រជុំ​អ្នក​ចាស់​ទុំ និង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ដែរ។ ម្យ៉ាង​ទៀត គាត់​រៀប​ចំ​សុន្ទរកថា​ផ្សេង​ៗ​និង​ជួយ​ចាត់​ចែង​សន្និបាត​ប្រចាំ​មណ្ឌល​និង​មហា​សន្និបាត។ គាត់​ក៏​បង្រៀន​សាលា​អ្នក​ត្រួស​ត្រាយ និង​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​ជា​មួយ​អ្នក​ត្រួស​ត្រាយ​នៅ​ក្នុង​មណ្ឌល​របស់​គាត់។ ក្រៅ​ពី​កិច្ចការ​ទាំង​នេះ គាត់​ក៏​មាន​កិច្ច​ការ​សំខាន់​ផ្សេង​ទៀត​ដែល​ការិយាល័យ​សាខា​សុំ​ឲ្យ​ធ្វើ។ ជួន​កាល នោះ​ជា​កិច្ច​ការ​បន្ទាន់។

១៤. ហេតុ​អ្វី​យើង​ឲ្យ​តម្លៃ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដែល​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់?

១៤ តើ​ក្រុម​ជំនុំ​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​កិច្ច​ការ​ដ៏​មាន​តម្លៃ​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល? បង​ប្រុស​ម្នាក់​នៅ​ប្រទេស​តួកគី​រៀប​រាប់​អំពី​អារម្មណ៍​របស់​គាត់​ចំពោះ​ទស្សនកិច្ច​របស់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ គាត់​និយាយ​ថា​៖ ​«​រាល់​ទស្សនកិច្ច​ម្ដង​ៗ ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ចំណាយ​ពេល​ច្រើន​ជាង​ដើម្បី​ជួយ​បង​ប្អូន។ ខ្ញុំ​បាន​ជួប​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជា​ច្រើន​នាក់ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា​អ្នក​ត្រួត​ពិនិត្យ​ណា​ម្នាក់​រវល់​ពេក​ឬ​មិន​ចង់​និយាយ​ជា​មួយ​ខ្ញុំ​នោះ​ទេ​»។ រីឯ​បង​យ៉ូហេណា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បាន​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល តែ​ពេល​នោះ​ពួក​គាត់​មិន​បាន​ជួប​អ្នក​ណា​នៅ​ផ្ទះ​សោះ។ បង​យ៉ូហេណា​និយាយ​ថា​៖ ​«​ទោះ​ជា​មិន​បាន​ជួប​អ្នក​ណា​នៅ​ផ្ទះ​ក៏​ដោយ ខ្ញុំ​នឹង​ចង​ចាំ​ថ្ងៃ​នោះ​ទុក។ នៅ​ថ្ងៃ​នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ថា បង​ស្រី​ពីរ​នាក់​របស់​ខ្ញុំ​ទើប​តែ​រើ​ចេញ ហើយ​ខ្ញុំ​នឹក​ពួក​គាត់​ខ្លាំង​ណាស់។ គាត់​ក៏​លើក​ទឹក​ចិត្ត​ខ្ញុំ​យ៉ាង​កក់​ក្ដៅ ហើយ​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា ឥឡូវ​យើង​ប្រហែល​ជា​មិន​អាច​រស់​នៅ​ជួប​ជុំ​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​ទេ តែ​នៅ​ក្នុង​ពិភព​លោក​ថ្មី យើង​នឹង​មាន​ពេល​ជា​មួយ​គ្នា​រហូត​»។ យើង​ជា​ច្រើន​នាក់​ក៏​មាន​អនុស្សាវរីយ៍​ល្អ​ៗ​ស្រដៀង​នឹង​នេះ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដែរ។—សកម្ម. ២០:៣៧–២១:១

១៥. (​ក​) យោង​ទៅ​តាម​យ៉ូហាន​ទី​៣ ៥​-​៨ តើ​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​តាម​របៀប​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​) (​ខ​)​ ហេតុ​អ្វី​យើង​គួរ​បង្ហាញ​អំណរ​គុណ​ចំពោះ​ប្រពន្ធ​របស់​បង​ប្អូន​ប្រុស​ដែល​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​ក្រុម​ជំនុំ ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចូរ​នឹក​ចាំ​ប្រពន្ធ​របស់​ពួក​គេ​»​)

១៥ សាវ័ក​យ៉ូហាន​លើក​ទឹក​ចិត្ត​កៃយុស​ឲ្យ​បង្ហាញ​ចិត្ត​រាក់​ទាក់​ដល់​បង​ប្អូន​ដែល​មក​ពង្រឹង​ក្រុម​ជំនុំ ហើយ​គាត់​បាន​សុំ​កៃយុស​ឲ្យ​«​ផ្គត់​ផ្គង់​ពួក​គាត់​ឲ្យ​សម​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ​»។ (​សូម​អាន យ៉ូហាន​ទី​៣ ៥​-​៨) នៅ​សព្វ​ថ្ងៃ​នេះ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​អញ្ជើញ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មក​បរិភោគ​អាហារ។ របៀប​មួយ​ទៀត​គឺ​ដោយ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​គាត់។ បង​លែសលី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បង្ហាញ​ចិត្ត​ដឹង​គុណ​តាម​របៀប​ផ្សេង​ទៀត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​លោក​ឲ្យ​ផ្គត់​ផ្គង់​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ។ ខ្ញុំ​និង​ប្ដី​ខ្ញុំ​ក៏​សរសេរ​សំបុត្រ​ឲ្យ​ពួក​គាត់ ប្រាប់​ពួក​គាត់​ថា​ការ​មក​ទស្សនកិច្ច​របស់​ពួក​គាត់​ជួយ​យើង​ខ្លាំង​ណាស់​»។ សូម​ចាំ​ថា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ក៏​ជួប​ការ​ពិបាក​និង​ចេះ​អស់​កម្លាំង​ដូច​យើង​ដែរ។ ជួន​កាល ពួក​គេ​ធ្លាក់​ខ្លួន​ឈឺ ខ្វល់​ខ្វាយ​ចិត្ត និង​ថែម​ទាំង​ធ្លាក់​ទឹក​ចិត្ត​ទៀត​ផង។ ប្រហែល​ជា​ពាក្យ​សម្ដី​សប្បុរស​ឬ​អំណោយ​តិច​តួច​របស់​អ្នក​ជា​ចម្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល!—សុភ. ១២:២៥

យើង​ត្រូវ​ការ​«​អំណោយ​ជា​មនុស្ស​»​

១៦. យោង​ទៅ​តាម​សុភាសិត ៣:២៧ តើ​បង​ប្អូន​ប្រុស​អាច​សួរ​ខ្លួន​សំណួរ​អ្វី​ខ្លះ?

១៦ នៅ​ទូ​ទាំង​ពិភព​លោក យើង​ត្រូវ​ការ​បង​ប្អូន​ប្រុស​ថែម​ទៀត​ឲ្យ​ធ្វើ​ជា​«​អំណោយ​ជា​មនុស្ស​»។ បើ​អ្នក​ជា​បង​ប្អូន​ប្រុស​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ តើ​អ្នក​«​មាន​កម្លាំង​អាច​ជួយ​»​ឬ​ទេ? (​សូម​អាន សុភាសិត ៣:២៧) តើ​អ្នក​ខំ​ព្យាយាម​ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ទេ? ចុះ​បើ​អ្នក​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​រួច​ហើយ តើ​អ្នក​ព្យាយាម​ទៅ​ជា​អ្នក​ចាស់​ទុំ​ឬ​ទេ? c តើ​អ្នក​អាច​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​ដើម្បី​អ្នក​អាច​ដាក់​ពាក្យ​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ឬ​ទេ? សាលា​នោះ​នឹង​បង្ហាត់​បង្រៀន​អ្នក ហើយ​បើក​ឱកាស​ឲ្យ​អ្នក​អាច​បំពេញ​កិច្ច​ការ​ច្រើន​ជាង។ បើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​អ្វី​ទាំង​នេះ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ សូម​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​ពី​លោក​ដើម្បី​ជួយ​អ្នក​ឲ្យ​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​អ្នក​ទទួល។—លូក. ១១:១៣; សកម្ម. ២០:២៨

១៧. តើ​«​អំណោយ​ជា​មនុស្ស​»​បង្ហាញ​យ៉ាង​ណា​អំពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច​របស់​យើង?

១៧ បង​ប្អូន​ប្រុស​ដែល​លោក​យេស៊ូ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​«​អំណោយ​ជា​មនុស្ស​»​គឺ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា លោក​កំពុង​នាំ​មុខ​យើង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ (​ម៉ាថ. ២៨:២០​) អ្នក​ច្បាស់​ជា​សប្បាយ​ចិត្ត​ដែល​ស្ដេច​របស់​យើង​ជា​បុគ្គល​ដែល​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់ សប្បុរស យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​បង​ប្អូន​ប្រុស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ មែន​ទេ? ដូច្នេះ សូម​រក​វិធី​ដើម្បី​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​បង​ប្អូន​ប្រុស​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ទាំង​នេះ។ សូម​កុំ​ភ្លេច​អរគុណ​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​ផ្ដល់​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»។—យ៉ា. ១:១៧

ចម្រៀង​លេខ​៩៩ បង​ប្អូន​ដ៏​ច្រើន​អនេក​របស់​យើង

a អំណោយ​ជា​មនុស្ស​ទាំង​នេះ​រួម​បញ្ចូល​សមាជិក​គណៈ​អភិបាល ជំនួយ​ការ​នៃ​គណៈ​អភិបាល សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា និង​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​ផ្សេង​ទៀត​ក៏​ជា​«​អំណោយ​ជា​មនុស្ស​»​ដែរ។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

c ដើម្បី​បាន​ព័ត៌មាន​អំពី​របៀប​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​បង​ប្អូន​ប្រុស តើ​អ្នក​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ទេ?​»​ និង​«​បង​ប្អូន​ប្រុស តើ​អ្នក​កំពុង​ព្យាយាម​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​ទេ?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​វិច្ឆិកា ឆ្នាំ​២០២៤។