លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤០

ចម្រៀង​លេខ​៣០ បិតា​ខ្ញុំ​ជា​ព្រះ​និង​ជា​មិត្ត​របស់​ខ្ញុំ

ព្រះ​យេហូវ៉ា​«​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​»​

ព្រះ​យេហូវ៉ា​«​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​»​

«​លោក​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ លោក​រុំ​របួស​ឲ្យ​ពួក​គេ​»។ចសព. ១៤៧:៣

ចំណុច​ផ្ដោត

ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​យើង​ពេល​យើង​ធ្លាក់​ទឹក​ចិត្ត និង​របៀប​ដែល​លោក​ជួយ​យើង​ឲ្យ​ចេះ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត។

១. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​បម្រើ​របស់​លោក?

 ពេល​ព្រះ​យេហូវ៉ា​មើល​អ្នក​បម្រើ​របស់​លោក​នៅ​ផែន​ដី តើ​លោក​កត់​សម្គាល់​អ្វី​អំពី​ពួក​គេ? លោក​កត់​សម្គាល់​ពេល​យើង​សប្បាយ និង​ពេល​យើង​កើត​ទុក្ខ។ (​ចសព. ៣៧:១៨​) ពេល​ព្រះ​យេហូវ៉ា​ឃើញ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​លោក ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​រឿង​ពិបាក​ជា​ច្រើន​ក៏​ដោយ នោះ​ព្រះ​យេហូវ៉ា​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​យើង។ លោក​មិន​គ្រាន់​តែ​មាន​មោទនភាព​ចំពោះ​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​គាំទ្រ​និង​សម្រាល​ទុក្ខ​យើង​ដែរ។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​បម្រើ​របស់​លោក?

២. តើ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ចំពោះ​ពួក​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​តើ​យើង​ត្រូវ​ធ្វើ​អ្វី?

នៅ​ចម្រៀង​សរសើរ​ព្រះ ១៤៧:៣​ចែង​ថា​ព្រះ​យេហូវ៉ា​‹រុំ​របួស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ›។ នៅ​ក្នុង​ខ​នេះ ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​គ្រូ​ពេទ្យ​ដែល​រុំ​របួស​ឲ្យ​អ្នក​ជំងឺ។ លោក​ចង់​ព្យាបាល​របួស​ផ្លូវ​ចិត្ត​របស់​យើង​ឲ្យ​ជា​សះ​ស្បើយ។ ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​អ្វី? សូម​ពិចារណា​ឧទាហរណ៍​ដូច​ត​ទៅ។ គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​អាច​ប្រើ​វិធី​សាស្ត្រ​ផ្សេង​ៗ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​ជា​សះ​ស្បើយ។ ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​ជំងឺ​ឆាប់​ជា គាត់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​យ៉ាង​ដិត​ដល់។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិនិត្យ​មើល​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​ដែល​ពិបាក​ចិត្ត ហើយ​យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​លោក។

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​យើង

៣. ហេតុ​អ្វី​អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ?

គួរ​ឲ្យ​ស្ដាយ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​មិន​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទេ។ ជា​លទ្ធផល ពួក​គេ​ធ្វើ​អាក្រក់​ដាក់​អ្នក​ឯ​ទៀត ហើយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ថា​ពួក​គេ​គ្មាន​តម្លៃ។ បង​ស្រី​ម្នាក់​ឈ្មោះ​ហិឡឺន a​និយាយ​ថា​៖ ​«​ខ្ញុំ​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់។ ឪពុក​ខ្ញុំ​តែង​តែ​ប្រើ​អំពើ​ហិង្សា ហើយ​និយាយ​ដាក់​ខ្ញុំ​ដដែល​ៗ​រាល់​ថ្ងៃ​ថា ខ្ញុំ​ជា​មនុស្ស​គ្មាន​បាន​ការ​»។ ដូច​បង​ហិឡឺន​ដែរ អ្នក​ប្រហែល​ជា​ត្រូវ​គេ​ធ្វើ​បាប ត្រូវ​គេ​ដៀល​ឥត​ឈប់​ឈរ ឬ​ត្រូវ​គេ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ បើ​ដូច្នេះ​មែន អ្នក​ប្រហែល​ជា​ពិបាក​ជឿ​ថា មាន​បុគ្គល​ដែល​ពិត​ជា​ស្រឡាញ់​អ្នក។

៤. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ៣៤:១៨ តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ចំពោះ​យើង?

ទោះ​ជា​អ្នក​ឯ​ទៀត​ធ្វើ​បាប​អ្នក​ក៏​ដោយ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក ហើយ​ឲ្យ​តម្លៃ​អ្នក។ លោក​«​នៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​»។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៤:១៨) បើ​អ្នក​«​បាក់​ទឹក​ចិត្ត​»​ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ឃើញ​គុណ​សម្បត្តិ​របស់​អ្នក ហើយ​លោក​ទាញ​នាំ​អ្នក​មក​ឯ​លោក។ (​យ៉ូន. ៦:៤៤​) លោក​ចាំ​ជួយ​អ្នក​ជា​និច្ច ដោយ​សារ​អ្នក​មាន​តម្លៃ​ណាស់​ចំពោះ​លោក។

៥. តើ​យើង​រៀន​អ្វី​ពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ?

យើង​អាច​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា ដោយ​ពិចារណា​អំពី​គំរូ​របស់​លោក​យេស៊ូ។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​កត់​សម្គាល់​ឃើញ​មនុស្ស​ទន់​ខ្សោយ​ដែល​គេ​មិន​សូវ​ឲ្យ​តម្លៃ ហើយ​លោក​ប្រព្រឹត្ត​ចំពោះ​អ្នក​ទាំង​នោះ​ដោយ​ក្ដី​អាណិត​អាសូរ។ (​ម៉ាថ. ៩:៩​-​១២​) ជា​ឧទាហរណ៍ ពេល​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ​បាន​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​យេស៊ូ​ដោយ​ជឿ​ជាក់​ថា​គាត់​នឹង​ជា​សះ​ស្បើយ លោក​បាន​សម្រាល​ទុក្ខ​គាត់ ហើយ​សរសើរ​គាត់​ដោយ​សារ​គាត់​មាន​ជំនឿ។ (​ម៉ាក. ៥:​២៥​-​៣៤​) ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​ស​ឲ្យ​ឃើញ​អំពី​គុណ​សម្បត្តិ​របស់​បិតា​លោក។ (​យ៉ូន. ១៤:៩​) ដូច្នេះ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​អ្នក និង​កត់​សម្គាល់​គុណ​សម្បត្តិ​របស់​អ្នក រួម​ទាំង​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​លោក។

៦. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​បើ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ?

ចុះ​យ៉ាង​ណា​បើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ? សូម​អាន​ខ​គម្ពីរ​ខ្លះ​ៗ​ដែល​ជួយ​អ្នក​ឲ្យ​ជឿ​ជាក់​ថា​អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​រំពឹង​គិត​អំពី​ខ​គម្ពីរ​ទាំង​នោះ។ b (​ចសព. ៩៤:១៩​) បើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ឬ​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​មិន​អាច​ធ្វើ​ច្រើន​ដូច​អ្នក​ឯ​ទៀត សូម​កុំ​ដាក់​សម្ពាធ​មក​លើ​ខ្លួន​ឯង​ឡើយ។ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​អ្នក​ទេ។ (​ចសព. ១០៣:​១៣, ១៤​) បើ​អ្នក​ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ធ្វើ​បាប​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត ឬ​ផ្លូវ​ភេទ​នៅ​អតីតកាល សូម​កុំ​បន្ទោស​ខ្លួន​ឲ្យ​សោះ ព្រោះ​នោះ​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​អ្នក​ដែល​ធ្វើ​បាប​អ្នក​ឯ​ទៀត តែ​លោក​នឹង​ជួយ​អ្នក​ដែល​រង​គ្រោះ។ (​១ពេ. ៣:១២​) បង​ស្រី​សាន់ដ្រា​ដែល​បាន​ត្រូវ​គេ​ធ្វើ​បាប​កាល​ពី​នៅ​ក្មេង បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​តែង​តែ​សុំ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ឯង ដូច​លោក​មាន​ទស្សនៈ​ចំពោះ​ខ្ញុំ​»។

៧. តើ​បទ​ពិសោធន៍​ដែល​យើង​ធ្លាប់​ឆ្លង​កាត់​អាច​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

សូម​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​អាច​ប្រើ​អ្នក​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ អ្នក​មាន​កិត្តិយស​រួម​ការ​ងារ​ជា​មួយ​លោក​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​១កូ. ៣:៩​) អ្វី​ដែល​អ្នក​ឆ្លង​កាត់​ក្នុង​ជីវិត ទំនង​ជា​ជួយ​អ្នក​ឲ្យ​ស្រួល​យល់​អារម្មណ៍​អ្នក​ឯ​ទៀត​ដែល​កំពុង​រង​ទុក្ខ។ អ្នក​អាច​ជួយ​ពួក​គេ​ច្រើន​ណាស់។ បង​ហិឡឺន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បាន​ទទួល​ជំនួយ ហើយ​ឥឡូវ​គាត់​ក៏​អាច​ជួយ​អ្នក​ឯ​ទៀត​ដែរ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ តែ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​លោក​ស្រឡាញ់​ខ្ញុំ ហើយ​លោក​ប្រើ​ខ្ញុំ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​»។ ឥឡូវ បង​ហិឡឺន​សប្បាយ​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង

៨. តើ​ព្រះ​យេហូវ៉ា​ប្រាប់​យើង​អ្វី​ខ្លះ​នៅ​អេសាយ ១:១៨?

អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​បន្ទោស​ខ្លួន​ចំពោះ​កំហុស​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​អតីតកាល មិន​ថា​កំហុស​ដែល​បាន​ធ្វើ​គឺ​មុន​ឬ​ក្រោយ​ទទួល​ការ​ជ្រមុជ​ទឹក​ក្ដី។ ប៉ុន្តែ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ថ្លៃ​លោះ​ឲ្យ​យើង ដោយ​សារ​លោក​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង។ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទទួល​អំណោយ​នេះ។ ព្រះ​យេហូវ៉ា​ធានា​ថា​ក្រោយ​ពី​លោក​និង​យើង​«​សម្រុះ​សម្រួល​គ្នា​»​ហើយ c លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង​ទាំង​ស្រុង។ (​សូម​អាន អេសាយ ១:​១៨) ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បំភ្លេច​អំពើ​ខុស​ឆ្គង​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល ធ្វើ​ឲ្យ​យើង​ពិត​ជា​ដឹង​គុណ​លោក​ខ្លាំង​ណាស់! ប៉ុន្តែ លោក​ចាំ​ជា​និច្ច​នូវ​អ្វី​ល្អ​ៗ​ដែល​យើង​បាន​ធ្វើ។—ចសព. ១០៣:៩, ១២; ហេ. ៦:១០

៩. ហេតុ​អ្វី​យើង​គួរ​ព្យាយាម​គិត​អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ឥឡូវ និង​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​ថ្ងៃ​អនាគត?

បើ​អ្នក​នៅ​តែ​ពិបាក​ចិត្ត​ចំពោះ​កំហុស​ដែល​អ្នក​បាន​ធ្វើ​នៅ​អតីតកាល សូម​ព្យាយាម​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នៅ​ឥឡូវ និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃ​អនាគត។ សូម​ពិចារណា​គំរូ​របស់​សាវ័ក​ប៉ូល។ គាត់​បាន​សោក​ស្ដាយ​ដែល​គាត់​បាន​បៀតបៀន​គ្រិស្ត​សាសនិក​យ៉ាង​សាហាវ ប៉ុន្តែ​គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។ (​១ធី. ១:១២​-​១៥​) តើ​គាត់​នៅ​តែ​គិត​អំពី​កំហុស​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល​ឬ​ទេ? អត់​ទេ។ គាត់​មិន​បាន​គិត​អំពី​កំហុស​ឬ​អំពី​អ្វី​ដែល​គាត់​ធ្លាប់​លះ​បង់​កាល​ដែល​គាត់​នៅ​ជា​ផារិស៊ី​នោះ​ទេ។ (​ភី. ៣:៤​-​៨, ១៣​-​១៥​) ផ្ទុយ​ទៅ​វិញ គាត់​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​គិត​អ្វី​ដែល​ល្អ​នៅ​ថ្ងៃ​ខាង​មុខ។ ដូច​ប៉ូល​ដែរ យើង​មិន​អាច​កែ​ប្រែ​អតីតកាល​ទេ។ ប៉ុន្តែ អ្នក​អាច​សរសើរ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​នៅ​ឥឡូវ ព្រម​ទាំង​គិត​អំពី​អនាគត​ដ៏​អស្ចារ្យ​ដែល​លោក​បាន​សន្យា​ដល់​អ្នក។

១០. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​បើ​អ្នក​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត?

១០ ក្នុង​ករណី​ដែល​អ្នក​ពិបាក​ចិត្ត​ដោយ​សារ​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត តើ​អ្វី​អាច​ជួយ​អ្នក? សូម​ព្យាយាម​ជា​នា​ជា​មួយ​នឹង​គាត់ ហើយ​សុំ​ការ​អភ័យ​ទោស​ពី​គាត់​យ៉ាង​ស្មោះ។ (​២កូ. ៧:១១​) អ្នក​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​បុគ្គល​ដែល​អ្នក​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​នោះ។ លោក​អាច​ជួយ​អ្នក​ឲ្យ​ជា​នា​និង​មាន​សន្តិភាព​ជា​មួយ​បុគ្គល​នោះ​ឡើង​វិញ ហើយ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។

១១. តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​យ៉ូណាស? (​សូម​មើល​រូប​ភាពផង​ដែរ​)

១១ សូម​រៀន​ពី​កំហុស ហើយ​សុខ​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក។ សូម​គិត​អំពី​គំរូ​របស់​យ៉ូណាស​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​យ៉ូណាស​ឲ្យ​ទៅ​ក្រុង​នីនីវេ តែ​គាត់​បែរ​ជា​រត់​ទៅ​ក្រុង​ផ្សេង​ទៅ​វិញ។ ព្រះ​យេហូវ៉ា​បានប្រដៅតម្រង់​យ៉ូណាស ហើយ​គាត់​បាន​រៀន​ពី​កំហុស​របស់​ខ្លួន។ (​យ៉ូណ. ១:១​-​៤, ១៥​-​១៧; ២:៧​-​១០​) ព្រះ​យេហូវ៉ា​មិន​បាន​ឈប់​ប្រើ​អ្នក​ប្រកាស​ទំនាយ​នេះ​ទេ តែ​លោក​បាន​បង្គាប់​គាត់​ម្ដង​ទៀត​ឲ្យ​ទៅ​ក្រុង​នីនីវេ ហើយ​លើក​នេះ​គាត់​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ភ្លាម​ៗ។ ទោះ​ជា​គាត់​បាន​សោក​ស្ដាយ​ចំពោះ​កំហុស​ដែល​គាត់​បាន​ធ្វើ​ក្ដី យ៉ូណាស​មិន​បាន​ឲ្យ​នោះ​រា​រាំង​គាត់​ពី​ការ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​សុំ​គាត់​ឲ្យ​ធ្វើ​ឡើយ។—យ៉ូណ. ៣:១​-​៣

ក្រោយ​ពី​ព្រះ​យេហូវ៉ា​សង្គ្រោះ​យ៉ូណាស​ឲ្យ​ចេញ​ពី​ក្នុង​ពោះ​ត្រី ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ម្ដង​ទៀត​ឲ្យ​ទៅ​ក្រុង​នីនីវេ​ដើម្បី​ប្រកាស​ដំណឹង​វិនិច្ឆ័យ (​សូម​មើល​វគ្គ​១១​)​


ព្រះ​យេហូវ៉ា​ផ្ដល់​ឫទ្ធានុភាព​របស់​លោក​ដើម្បី​សម្រាល​ទុក្ខ​យើង

១២. ពេល​យើង​ជួប​រឿង​ខ្លោច​ផ្សា​ឬ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត? (​ភីលីព ៤:៦, ៧​)

១២ ពេល​ដែល​យើង​ជួប​រឿង​ខ្លោច​ផ្សា​ឬ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​យើង​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ សូម​ពិចារណា​បទ​ពិសោធន៍​របស់​បង​រ៉ន​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ខារ៉ិល។ គួរ​ឲ្យ​សោកសង្រេង​ណាស់ កូន​ប្រុស​របស់​ពួក​គាត់​បាន​សម្លាប់​ខ្លួន។ ពួក​គាត់​និយាយ​ថា​៖ ​«​យើង​ធ្លាប់​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន តែ​លើក​នេះ​គឺ​ជា​ទុក្ខ​លំបាក​ខ្លាំង​បំផុត។ ស្ទើរ​តែ​រាល់​យប់​យើង​គេង​មិន​លក់​ទេ។ ដូច្នេះ យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​យើង​ពិត​ជា​មាន​អារម្មណ៍​សុខ​សាន្ត​ដូច​នៅ​ភីលីព ៤:៦, ៧​មែន​»។ (​សូម​អាន​) បើ​អ្នក​កំពុង​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង អ្នក​អាច​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​ច្រើន​ដង​និង​យូរ​ប៉ុណ្ណា​ក៏​បាន តាម​តែ​អ្នក​ចង់។ (​ចសព. ៨៦:៣; ៨៨:១​) អ្នក​អាច​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​សុំ​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា។ លោក​នឹង​ជួយ​អ្នក​ជា​និច្ច។—លូក. ១១:៩​-​១៣

១៣. តើ​តាម​របៀប​ណា​ឫទ្ធានុភាព​បរិសុទ្ធ​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់? (​អេភេសូរ ៣:១៦​)

១៣ តើ​ទុក្ខ​លំបាក​ដែល​អ្នក​ឆ្លង​កាត់​ធ្វើ​ឲ្យ​អ្នក​ខ្សោយ​កម្លាំង​ឬ​ទេ? បើ​ដូច្នោះ​មែន ឫទ្ធានុភាព​បរិសុទ្ធ​អាច​ពង្រឹង​កម្លាំង​អ្នក​ឲ្យ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ (​សូម​អាន អេភេសូរ ៣:១៦) សូម​ពិចារណា​បទ​ពិសោធន៍​របស់​បង​ស្រី​ផ្លូរ៉ា។ គាត់​និង​ប្ដី​របស់​គាត់​បម្រើ​ជា​សាសនទូត។ ក្នុង​អំឡុង​ពេល​នោះ ប្ដី​របស់​គាត់​បាន​ផិត​ក្បត់ ហើយ​ក្រោយ​មក​ពួក​គាត់​ក៏​លែង​លះ​គ្នា។ បង​ផ្លូរ៉ា​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ក្រៀម​ក្រំ​ចិត្ត​ខ្លាំង​ណាស់​ពេល​ដឹង​ថា​ប្ដី​ខ្ញុំ​ធ្វើ​អ៊ីចឹង​ដាក់​ខ្ញុំ។ ខ្ញុំ​គិត​អ្វី​មិន​ចេញ​ទេ។ ដូច្នេះ​ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ។ ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​ខ្ញុំ ហើយ​ទោះ​ជា​ដំបូង​ពិបាក​ស៊ូ​ទ្រាំ​ក៏​ដោយ តែ​លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​បាន​»។ បង​ផ្លូរ៉ា​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ទុក​ចិត្ត​លោក​កាន់​តែ​ខ្លាំង ហើយ​គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់​មិន​ថា​គាត់​មាន​ទុក្ខ​លំបាក​បែប​ណា​ក្ដី។ គាត់​បន្ថែម​ថា​៖ ​«​ពាក្យ​នៅ​ចម្រៀង​សរសើរ​ព្រះ ១១៩:៣២ ពិត​ជា​ត្រូវ​នឹង​ស្ថានភាព​ខ្ញុំ។ ខ​នោះ​ថា​៖ ‹ខ្ញុំ​នឹង​ខំ​ព្យាយាម​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក ដោយ​សារ​លោក​បើក​ចិត្ត​ខ្ញុំ​ឲ្យ​ទទួល​យក​បញ្ញត្តិ​ទាំង​នោះ›​»។

១៤. តើ​តាម​របៀប​ណា​យើង​អាច​អនុញ្ញាត​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​ជួយ​យើង?

១៤ ក្រោយ​ពី​អ្នក​បាន​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​ពី​ព្រះ​យេហូវ៉ា តើ​អ្នក​គួរ​ធ្វើ​អ្វី? សូម​ធ្វើ​អ្វី​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ថែម​ទៀត។ នេះ​រួម​បញ្ចូល​ការ​ចូល​រួម​កិច្ច​ប្រជុំ និង​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ។ សូម​អាន​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ព្រោះ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​លោក។ (​ភី. ៤:៨, ៩​) ពេល​អ្នក​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ សូម​កត់​សម្គាល់​អំពី​បុគ្គល​ដែល​ធ្លាប់​ជួប​ការ​ពិបាក​ផ្សេង​ៗ ហើយ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ។ បង​សាន់ដ្រា​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ គាត់​រៀប​រាប់​ថា​៖ ​«​កំណត់​ហេតុ​អំពី​យ៉ូសែប​ពិត​ជា​មាន​ឥទ្ធិពល​លើ​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់។ គាត់​មិន​បាន​ឲ្យ​ទុក្ខ​លំបាក និង​ភាព​អយុត្តិធម៌​ដែល​គាត់​បាន​ជួប​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ​នោះ​ទេ​»។—ដក. ៣៩:២១​-​២៣

ព្រះ​យេហូវ៉ា​ប្រើ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​សម្រាល​ទុក្ខ​យើង

១៥. តើ​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​អ្នក​ណា ហើយ​តើ​ពួក​គេ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ ពេល​យើង​កំពុង​រង​ទុក្ខ​លំបាក បង​ប្អូន​រួម​ជំនឿ​អាច​ជា​«​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​ដ៏​ធំ​»។ (​កូឡ. ៤:១១​) ព្រះ​យេហូវ៉ា​ប្រើ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង។ ពួក​គេ​អាច​សម្រាល​ទុក្ខ​យើង ដោយ​ចំណាយ​ពេល​ស្ដាប់​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​យល់​អារម្មណ៍​យើង។ ពួក​គេ​ប្រហែល​ជា​លើក​ទឹក​ចិត្ត​យើង​ដោយ​ប្រើ​ខ​គម្ពីរ​ឬ​អធិដ្ឋាន​ជា​មួយ​យើង។ d (​រ៉ូម ១៥:៤​) ពេល​ខ្លះ​បង​ប្អូន​ណា​ម្នាក់​ប្រហែល​ជា​រំលឹក​យើង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ហើយ​ជួយ​យើង​ឲ្យ​បន្ត​ស៊ូ​ទ្រាំ។ ជា​ញឹក​ញយ បង​ប្អូន​រួម​ជំនឿ​ជួយ​យើង​តាម​របៀប​ផ្សេង​ៗ​ដូច​ជា ផ្ដល់​ម្ហូប​អាហារ​ដល់​យើង​ជា​ដើម។

មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ​និង​គួរ​ឲ្យ​ទុក​ចិត្ត អាច​គាំទ្រ​និង​ផ្ដល់​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង ​(​សូម​មើល​វគ្គ​១៥​)​


១៦. តើ​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ជំនួយ​ពី​អ្នក​ឯ​ទៀត?

១៦ ជួន​កាល យើង​ប្រហែល​ជា​ត្រូវ​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត។ សូម​ចាំ​ថា​បង​ប្អូន​រួម​ជំនឿ​ស្រឡាញ់​យើង ហើយ​ចង់​ជួយ​យើង។ (​សុភ. ១៧:១៧​) ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​មិន​ដឹង​ថា​យើង​មាន​អារម្មណ៍​យ៉ាង​ណា ឬ​មិន​ដឹង​ថា​យើង​ត្រូវ​ការ​អ្វី​ទេ។ (​សុភ. ១៤:១០​) បើ​អ្នក​កំពុង​ពិបាក​ចិត្ត អ្នក​អាច​ប្រាប់​មិត្ត​ភក្តិ​អំពី​អារម្មណ៍​របស់​អ្នក។ សូម​ឲ្យ​ពួក​គេ​ដឹង​ថា​អ្នក​ត្រូវ​ការ​អ្វី​ខ្លះ​នៅ​ពេល​នោះ។ អ្នក​ក៏​អាច​ប្រាប់​អារម្មណ៍​របស់​អ្នក​ទៅ​អ្នក​ចាស់​ទុំ​ម្នាក់​ឬ​ពីរ​នាក់​ដែល​អ្នក​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ។ បង​ប្អូន​ស្រី​ខ្លះ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ការ​និយាយ​ជា​មួយ​បង​ស្រី​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ។

១៧. តើ​អ្វី​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួល​ការ​លើក​ទឹក​ចិត្ត ហើយ​តើ​យើង​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច?

១៧ សូម​កុំ​ផ្ដាច់​ខ្លួន​ពី​អ្នក​ឯ​ទៀត។ ពេល​ពិបាក​ចិត្ត​ខ្លាំង អ្នក​ប្រហែល​ជា​មិន​ចង់​ចំណាយ​ពេល​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ទេ។ ពេល​ខ្លះ បង​ប្អូន​ប្រហែល​ជា​មិន​យល់​អារម្មណ៍​របស់​អ្នក ឬ​ពួក​គេ​ប្រហែល​ជា​និយាយ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​កាន់​តែ​ឈឺ​ចិត្ត។ (​យ៉ា. ៣:២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម​កុំ​ញែក​ខ្លួន​ចេញ​ពី​បង​ប្អូន​រួម​ជំនឿ​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​អាច​ប្រើ​ពួក​គេ​ឲ្យ​លើក​ទឹក​ចិត្ត​អ្នក។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ហ្គាវិន​ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​រៀប​រាប់​ថា​៖ ​«​ភាគ​ច្រើន ខ្ញុំ​មិន​ចង់​និយាយ​ឬ​ចំណាយ​ពេល​ជា​មួយ​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ទេ​»។ ប៉ុន្តែ គាត់​បាន​យក​ឈ្នះ​អារម្មណ៍​នោះ​ដោយ​សេព​គប់​ជា​មួយ​បង​ប្អូន ហើយ​ពេល​គាត់​ធ្វើ​ដូច្នោះ គាត់​មាន​អារម្មណ៍​ល្អ​ជាង។ បង​ស្រី​ម្នាក់​ឈ្មោះ​អេមី​បាន​រៀប​រាប់​ថា​៖ ​«​រឿង​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ទុក​ចិត្ត​អ្នក​ឯ​ទៀត តែ​ខ្ញុំ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​និង​ទុក​ចិត្ត​បង​ប្អូន​រួម​ជំនឿ ដូច​ព្រះ​យេហូវ៉ា​ទុក​ចិត្ត​ពួក​គេ។ ខ្ញុំ​ដឹង​ថា​នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ ហើយ​នេះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​»។

សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​អនាគត​អាច​សម្រាល​ទុក្ខ​យើង

១៨. តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​អ្វី​នៅ​ថ្ងៃ​អនាគត ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ?

១៨ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ​និង​ឈឺ​ចាប់។ (​បប. ២១:៣, ៤​) នៅ​គ្រា​នោះ យើង​នឹង​«​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​»​នូវ​រឿង​រ៉ាវ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ទៀត​ឡើយ។ (​អេ. ៦៥:១៧​) ប៉ុន្តែ សូម្បី​តែ​ឥឡូវ​ព្រះ​យេហូវ៉ា​ថែ​រក្សា​យើង​ពេល​យើង​រង​ទុក្ខ​លំបាក។ ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ជា​ច្រើន​ដើម្បី​សម្រាល​ទុក្ខ​និង​ជួយ​យើង។ ដូច្នេះ សូម​ទទួល​ជំនួយ​ពី​លោក។ សូម​ជឿ​ជាក់​ថា​«​លោក​រមែង​គិត​អំពី​អ្នក​»។—១ពេ. ៥:៧

ចម្រៀង​លេខ​៧ ព្រះ​យេហូវ៉ា​ជា​កម្លាំង​របស់​យើង

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​អ្នក​»។

c ដើម្បី​«​សម្រុះ​សម្រួល​»​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា យើង​ត្រូវ​បង្ហាញ​ថា​យើង​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ដោយ​សុំ​លោក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​យើង ហើយ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ បើ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​ក៏​ត្រូវ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែរ។—យ៉ា. ៥:១៤, ១៥

d ជា​ឧទាហរណ៍ សូម​ពិចារណា​បទ​គម្ពីរ​ផ្សេង​ៗ​ក្រោម​ប្រធានបទ​«​កង្វល់​»​និង​«​ការ​សម្រាល​ទុក្ខ​»​ក្នុង​សៀវភៅ​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក។