លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

តើ​សាល​នៃ​វិហារ​របស់​សាឡូម៉ូន​មាន​កម្ពស់​ប៉ុន្មាន?

សាល​ស្ថិត​នៅ​ច្រក​ចូល​បន្ទប់​បរិសុទ្ធ​នៃ​វិហារ។ ក្នុង​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ដែល​បាន​ត្រូវ​បោះ​ពុម្ព​មុន​ឆ្នាំ​២០២៣​ចែង​ថា​៖ ​«​សាល​ដែល​នៅ​ជាប់​ខាង​មុខ​វិហារ​មាន​បណ្ដោយ​២០​ហត្ថ ស្មើ​ប្រវែង​ទទឹង​វិហារ ហើយ​មាន​កម្ពស់​១២០​»។ (​២ប្រ. ៣:៤​) សេចក្ដី​បក​ប្រែ​ឯ​ទៀត​ក៏​ចែង​ដែរ​ថា​៖ ​«​សាល​នោះ​មាន​កម្ពស់​១២០​ហត្ថ​គឺ​ស្មើ​នឹង​ប៉ម​ដែល​មាន​កម្ពស់​៥៣​ម៉ែត្រ!

ក៏​ប៉ុន្តែ ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​អង់គ្លេស ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​២០២៣​ចែង​អំពី​សាល​នៃ​វិហារ​សាឡូម៉ូន​ថា​៖ ​«​នោះ​មាន​កម្ពស់​២០​ហត្ថ​»​ ឬ​ប្រហែល​ជា​៩​ម៉ែត្រ។ a សូម​ពិចារណា​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ​កែ​តម្រូវ​នេះ។

កម្ពស់​នៃ​សាល​នោះ​មិន​បាន​ត្រូវ​រៀប​រាប់​នៅ​បណ្ដា​ស្ដេច​ទី​១ ៦:៣ទេ។ ក្នុង​ខ​នោះ យេរេមា​សរសេរ​ប្រវែង​និង​ទទឹង​នៃ​សាល​នោះ មិន​បាន​សរសេរ​អំពី​កម្ពស់​របស់​សាល​នោះ​ទេ។ ក្នុង​ជំពូក​បន្ទាប់ គាត់​រៀប​រាប់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​វិហារ​រួម​មាន អាង​ទឹក​ធ្វើ​ពី​ស្ពាន់ រទេះ​១០ និង​សរ​សរ​ស្ពាន់​ពីរ​ដែល​នៅ​ខាង​ក្រៅ​សាល​នោះ។ (​១បស. ៧:១៥​-​៣៧​) ដូច្នេះ បើ​សាល​នោះ​ពិត​ជា​មាន​កម្ពស់​៥០​ម៉ែត្រ ហើយ​គឺ​ខ្ពស់​ជាង​វិហារ​មែន ហេតុ​អ្វី​យេរេមា​មិន​លើក​ឡើង​អំពី​កម្ពស់​របស់​សាល​នោះ? សូម្បី​តែ​ច្រើន​សតវត្សរ៍​ក្រោយ​មក ក៏​ប្រវត្តិ​វិទូ​ជនជាតិ​យូដា​បាន​សរសេរ​ថា សាល​នោះ​មិន​មាន​កម្ពស់​ខ្ពស់​ជាង​វិហារ​របស់​សាឡូម៉ូន​ឡើយ។

បណ្ឌិត​គម្ពីរ​សង្ស័យ​ថា​ជញ្ជាំង​វិហារ​មិន​អាច​ទ្រ​ទ្រង់​សាល​ដែល​មាន​កម្ពស់​១២០​ហត្ថ​នោះ​ទេ។ តាម​ធម្មតា សំណង់​ខ្ពស់​ៗ​ដែល​ធ្វើ​ឡើង​ពី​ថ្ម​និង​ឥដ្ឋ​នៅ​សម័យ​បុរាណ​ដូច​ជា​ខ្លោង​ទ្វារ​វិហារ​នៅ​ស្រុក​អេហ្ស៊ីប មាន​ផ្ទៃ​បាត​ធំ ហើយ​ចាប់​ពី​បាត កម្ពស់​របស់​វា​រួម​តូច​ទៅ​ៗ​រហូត​ដល់​កំពូល។ ប៉ុន្តែ វិហារ​របស់​សាឡូម៉ូន​មិន​មាន​រាង​ដូច្នេះ​ទេ។ បណ្ឌិត​គម្ពីរ​ជឿ​ថា ជញ្ជាំង​វិហារ​របស់​សាឡូម៉ូន​មិន​មាន​កម្រាស់​លើស​ពី​៦​ហត្ថ​ឬ​២,៧​ម៉ែត្រ​ឡើយ។ ដូច្នេះ ប្រវត្តិ​វិទូ​ខាង​សំណង់​ឈ្មោះ​ថេអូដ័រ ប៊ីយូស៊ីង​សន្និដ្ឋាន​ថា​៖ ​«​ដោយ​ផ្អែក​ទៅ​តាម​កម្រាស់​ជញ្ជាំង​នៃ​ច្រក​ចូល​វិហារ សាល​នោះ​មិន​អាច​មាន​[​កម្ពស់​]​១២០​ហត្ថ​ទេ​»។

ពាក្យ​នៅ​ប្រវត្តិហេតុ​ទី​២ ៣:៤ ប្រហែល​ជា​បាន​ត្រូវ​ចម្លង​ខុស។ ទោះ​ជា​ឯកសារ​បុរាណ​ខ្លះ​ចែង​ថា​«​១២០​»​ក្នុង​ខ​នេះ​ក្ដី ឯកសារ​បុរាណ​ផ្សេង​ទៀត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​ជា ឯកសារ​ខូឌីក អាឡិចសាន់ទ្រីណាស​ពី​សតវត្សរ៍​ទី​៥ និង​ឯកសារ​បុរាណ​ខូឌីក អេមប្រូសៀនុស​ពី​សតវត្សរ៍​ទី​៦​ចែង​ថា​«​២០​ហត្ថ​»។ ដូច្នេះ ហេតុ​អ្វី​អ្នក​ចម្លង​គម្ពីរ​បែរ​ជា​សរសេរ​ខុស​ថា​៖ ​«​១២០​»​ទៅ​វិញ? ដោយ​សារ​ភាសា​ហេប្រឺ​ពាក្យ​«​មួយ​រយ​»​និង​ពាក្យ​«​ហត្ថ​»​មើល​ទៅ​ស្រដៀង​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ចម្លង​គម្ពីរ​បាន​សរសេរ​ពាក្យ​«​មួយ​រយ​»​ជា​ជាង​«​ហត្ថ​»។

ពិត​មែន ទោះ​ជា​យើង​ព្យាយាម​យល់​ព័ត៌មាន​ផ្សេង​ៗ​អំពី​វិហារ​របស់​សាឡូម៉ូន​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្ដី យើង​ផ្ដោត​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​អ្វី​ដែល​វិហារ​នោះ​ជា​តំណាង ពោល​គឺ​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​ក្នុង​ន័យ​ធៀប។ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ណាស់ ដោយ​សារ​លោក​បាន​អញ្ជើញ​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​ឲ្យ​មក​គោរព​ប្រណិប័តន៍​លោក​នៅ​វិហារ​នេះ!—ហេ. ៩:១១​-​១៤; បប. ៣:១២; ៧:៩​-​១៧

a កំណត់​សម្គាល់​មួយ​បញ្ជាក់​ថា​«​ឯកសារ​បុរាណ​ខ្លះ​ថា​‹១២០› រីឯ​ឯកសារ​ផ្សេង​ទៀត​និង​ការ​បក​ប្រែ​ខ្លះ​ទៀត​ថា​‹២០​ហត្ថ›​ទៅ​វិញ​»។