លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥១

ចូរមានក្ដីសង្ឃឹមដែលមិននាំឲ្យខកចិត្ត

ចូរមានក្ដីសង្ឃឹមដែលមិននាំឲ្យខកចិត្ត

​«​សេចក្ដី​សង្ឃឹម . . . មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ​»។—រ៉ូម ៥:៥

ចម្រៀង​លេខ​១៤២ ចូរ​រក្សា​សេចក្ដី​សង្ឃឹម​ជា​និច្ច

សេចក្ដី​សង្ខេប a

១. ហេតុ​អ្វី​អាប្រាហាំ​អាច​បន្ត​សង្ឃឹម​ថា​គាត់​នឹង​មាន​កូន​ប្រុស​មួយ?

 ព្រះ​យេហូវ៉ា​បាន​សន្យា​ទៅ​អាប្រាហាំ​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​ថា​គ្រប់​ប្រជា​ជាតិ​នៅ​ផែន​ដី​នឹង​បាន​ពរ​តាម​រយៈ​កូន​ចៅ​របស់​គាត់។ (​ដក. ១៥:៥; ២២:១៨​) ដោយ​សារ​អាប្រាហាំ​មាន​ជំនឿ​ដ៏​មុត​មាំ​លើ​ព្រះ គាត់​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​របស់​លោក​នឹង​ក្លាយ​ជា​ការ​ពិត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពេល​អាប្រាហាំ​បាន​ចូល​អាយុ​១០០​ឆ្នាំ​និង​ប្រពន្ធ​របស់​គាត់​ចូល​អាយុ​៩០​ឆ្នាំ ប្ដី​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់​នោះ​នៅ​តែ​មិន​ទាន់​មាន​កូន​នៅ​ឡើយ។ (​ដក. ២១:១​-​៧​) ប៉ុន្តែ គម្ពីរ​ចែង​ថា​៖ ​«​[​អាប្រាហាំ​]​បាន​ជឿ​ជាក់​ថា​គាត់​នឹង​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន . . . គាត់​មាន​ជំនឿ​លើ​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​មក​គាត់​»។ (​រ៉ូម ៤:១៨​) យើង​ដឹង​ថា​សេចក្ដី​សង្ឃឹម​របស់​អាប្រាហាំ​បាន​ក្លាយ​ជា​ការ​ពិត។ គាត់​បាន​ទៅ​ជា​ឪពុក​របស់​អ៊ីសាក​ជា​កូន​ដែល​គាត់​បាន​សង្ឃឹម​ថា​មាន​ជា​យូរ​មក​ហើយ។ ហេតុ​អ្វី​អាប្រាហាំ​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​រក្សា​ពាក្យ​សន្យា​របស់​លោក?

២. ហេតុ​អ្វី​អាប្រាហាំ​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ជា​ការ​ពិត?

ដោយ​សារ​អាប្រាហាំ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់ គាត់​«​ជឿ​ជាក់​ទាំង​ស្រុង​ថា . . . សេចក្ដី​សន្យា​របស់​[​ព្រះ​]​»​នឹង​ក្លាយ​ជា​ការ​ពិត។ (​រ៉ូម ៤:២១​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​អាប្រាហាំ ហើយ​បាន​ហៅ​គាត់​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​គាត់។ (​យ៉ា. ២:២៣​) ដូច​បាន​បង្ហាញ​នៅ​រ៉ូម ៤:១៨ ជំនឿ​និង​សេចក្ដី​សង្ឃឹម​របស់​អាប្រាហាំ​ជាប់​ទាក់​ទង​គ្នា។ ឥឡូវ សូម​យើង​ពិចារណា​អ្វី​ដែល​សាវ័ក​ប៉ូល​និយាយ​អំពី​សេចក្ដី​សង្ឃឹម ដូច​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​រ៉ូម ជំពូក​៥

៣. តើ​ប៉ូល​ពន្យល់​អ្វី​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង?

ប៉ូល​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​អាច​ប្រាកដ​ថា​សេចក្ដី​សង្ឃឹម​របស់​យើង​«​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ​»។ (​រ៉ូម ៥:៥​) គាត់​ក៏​ជួយ​យើង​ឲ្យ​យល់​របៀប​ដែល​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រិស្ត​សាសនិក​អាច​កើន​ឡើង។ កាល​ដែល​យើង​ពិចារណា​រ៉ូម ៥:១​-​៥ សូម​គិត​អំពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​ថ្ងៃ​អនាគត​បាន​កើន​ឡើង​កាល​ដែល​ពេល​វេលា​កន្លង​ទៅ។ ការ​ពិចារណា​នេះ​ក៏​នឹង​បង្ហាញ​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​អ្នក​កាន់​តែ​ខ្លាំង​ជាង​ឥឡូវ​នេះ​ទៅ​ទៀត។ ដំបូង សូម​យើង​ពិចារណា​អំពី​សេចក្ដី​សង្ឃឹម​ដ៏​រុង​រឿង​ដែល​ប៉ូល​និយាយ​ថា​នឹង​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ។

សេចក្ដី​សង្ឃឹម​ដ៏​រុង​រឿង​របស់​យើង

៤. តើ​រ៉ូម ៥:១, ២​ពណ៌នា​អំពី​អ្វី?

សូម​អាន រ៉ូម ៥:១, ២ ប៉ូល​បាន​សរសេរ​ពាក្យ​ទាំង​នេះ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​រ៉ូម។ បង​ប្អូន​នៅ​ទី​នោះ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ បាន​បង្ហាញ​ជំនឿ និង​បាន​ទៅ​ជា​គ្រិស្ត​សាសនិក។ ដូច្នេះ ព្រះ​បាន​«​ប្រកាស​ថា​[​ពួក​គេ​]​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​»​ ហើយ​លោក​បាន​រើស​តាំង​ពួក​គេ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ។ ពួក​គេ​អាច​ទន្ទឹង​រង់​ចាំ​រង្វាន់​ដ៏​អស្ចារ្យ ហើយ​ពួក​គេ​អាច​ប្រាកដ​ថា​ពួក​គេ​នឹង​ទទួល​រង្វាន់​នោះ។

៥. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​សេចក្ដី​សង្ឃឹម​អ្វី?

ក្រោយ​មក ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​ក្រុង​អេភេសូរ​អំពី​សេចក្ដី​សង្ឃឹម​ដែល​ពួក​គេ​បាន​ទទួល​ពី​ព្រះ។ សេចក្ដី​សង្ឃឹម​នោះ​រួម​មាន​ការ​ទទួល​«​ទ្រព្យ . . . ដែល​លោក​បាន​សន្យា​ឲ្យ​ដល់​ពួក​អ្នក​បរិសុទ្ធ​»។ (​អេភ. ១:១៨​) ម្យ៉ាង​ទៀត ប៉ូល​ក៏​បាន​បញ្ជាក់​ដល់​បង​ប្អូន​នៅ​ក្រុង​កូឡុស​អំពី​ទី​កន្លែង​ដែល​ពួក​គេ​នឹង​ទទួល​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ។ គាត់​បាន​ហៅ​នោះ​ថា​៖ ​«​សេចក្ដី​សង្ឃឹម​ទទួល​អ្វី​ដែល​បាន​ត្រូវ​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន​សួគ៌​»។ (​កូឡ. ១:៤, ៥​) ដូច្នេះ សេចក្ដី​សង្ឃឹម​របស់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង គឺ​ថា​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឲ្យ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​ពួក​គេ​នឹង​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត។—១ថែ. ៤:១៣​-​១៧; បប. ២០:៦

បង​ហ្វ្រីឌីរិក ហ្វ្រេន​បាន​រៀប​រាប់​អំពី​ទំនុក​ចិត្ត​ដែល​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មាន​ចំពោះ​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ ​(​សូម​មើល​វគ្គ​៦​)​

៦. តើ​បង​ប្រុស​ម្នាក់​ដែល​បាន​ត្រូវ​រើស​តាំង​និយាយ​យ៉ាង​ណា​អំពី​សេចក្ដី​សង្ឃឹម​របស់​គាត់?

គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​សង្ឃឹម​នេះ។ បង​ប្រុស​ម្នាក់​ដែល​បាន​ត្រូវ​រើស​តាំង​ឈ្មោះ​ហ្វ្រីឌីរិក ហ្វ្រេន​និយាយ​អស់​ពី​ចិត្ត​ថា​៖ ​«​សេចក្ដី​សង្ឃឹម​របស់​យើង​គឺ​ពិត​ប្រាកដ ហើយ​សមាជិក​ម្នាក់​ៗ​នៃ​១៤៤.០០០​នាក់​ដែល​ជា​ក្រុម​តូច​នឹង​ទទួល​តាម​អ្វី​ដែល​ព្រះ​បាន​សន្យា​ចំពោះ​យើង។ រង្វាន់​របស់​យើង​នឹង​ល្អ​ប្រសើរ​ជាង​អ្វី​ណា​ក៏​ដោយ​ដែល​យើង​នឹក​ស្មាន​»។ ក្រោយ​ពី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​រាប់​ទសវត្សរ៍ នៅ​ឆ្នាំ​១៩៩១​បង​ហ្វ្រេន​បាន​បញ្ជាក់​ថា​៖ ​«​[​យើង​]​នៅ​តែ​ឲ្យ​តម្លៃ​ជា​ខ្លាំង​ចំពោះ​សេចក្ដី​សង្ឃឹម​របស់​យើង។ . . . យើង​រង់​ចាំ​កាន់​តែ​យូរ យើង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​សង្ឃឹម​នោះ។ ការ​រង់​ចាំ​នោះ​មិន​ឥត​ប្រយោជន៍​ទេ ទោះ​ជា​យើង​ត្រូវ​រង់​ចាំ​អស់​មួយ​លាន​ឆ្នាំ​ក្ដី។ ខ្ញុំ​ឲ្យ​តម្លៃ​សេចក្ដី​សង្ឃឹម​របស់​យើង​ជាង​ពេល​មុន​ទៅ​ទៀត​»។

៧​-​៨. តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ភាគ​ច្រើន​មាន​សេចក្ដី​សង្ឃឹម​អ្វី? (​រ៉ូម ៨:២០, ២១​)

ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​សេចក្ដី​សង្ឃឹម​ផ្សេង​ពី​នេះ។ ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ដែល​អាប្រាហាំ​មាន ពោល​គឺ​ការ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែន​ដី​ក្រោម​រាជាណាចក្រ​របស់​ព្រះ។ (​ហេ. ១១:៨​-​១០, ១៣​) ប៉ូល​បាន​សរសេរ​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ។ (​សូម​អាន រ៉ូម ៨:២០, ២១) ពេល​អ្នក​បាន​រៀន​ដំបូង​អំពី​សេចក្ដី​សន្យា​ពី​គម្ពីរ​សម្រាប់​ថ្ងៃ​អនាគត តើ​អ្វី​ទាក់​ទាញ​ចិត្ត​អ្នក​ជាង​គេ? តើ​នោះ​គឺ​នៅ​ថ្ងៃ​មួយ​អ្នក​នឹង​ល្អ​ឥត​ខ្ចោះ ហើយ​គ្មាន​ការ​ខុស​ឆ្គង​ឬ​ទេ? ឬ​តើ​អ្នក​រំភើប​ចិត្ត​ដោយ​រៀន​ថា​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ស្លាប់​នឹង​រស់​ម្ដង​ទៀត​នៅ​លើ​ផែន​ដី​ជា​សួន​ឧទ្យាន? ដោយ​សារ​សេចក្ដី​សង្ឃឹម​ដែល​មក​ពី​ព្រះ អ្នក​ទន្ទឹង​រង់​ចាំ​អ្វី​ៗ​ដ៏​អស្ចារ្យ​ជា​ច្រើន។

មិន​ថា​យើង​រំពឹង​ថា​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក្ដី យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​រុង​រឿង​ដែល​នាំ​ឲ្យ​យើង​មាន​ហេតុ​អរ​សប្បាយ ហើយ​សេចក្ដី​សង្ឃឹម​ដ៏​សប្បាយ​របស់​យើង​អាច​កាន់​តែ​រឹង​មាំ​ឡើង។ អ្វី​ដែល​ប៉ូល​បាន​សរសេរ​បន្ទាប់​មក ពន្យល់​អំពី​របៀប​ដែល​នោះ​អាច​កើត​ឡើង។ សូម​យើង​ពិចារណា​អ្វី​ដែល​គាត់​បាន​សរសេរ​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង។ ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​យើង​កាន់​តែ​ជឿ​ជាក់​ថា​សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​បន្ត​កើន​ឡើង ហើយ​ក៏​នឹង​មិន​នាំ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ។

របៀប​សេចក្ដី​សង្ឃឹម​កើន​ឡើង

គ្រិស្ត​សាសនិក​ទាំង​អស់​អាច​រំពឹង​ថា​នឹង​ជួប​ទុក្ខ​លំបាក ​(​សូម​មើល​វគ្គ​៩​-​១០​)​

៩​-​១០. ដូច​គំរូ​របស់​ប៉ូល តើ​គ្រិស្ត​សាសនិក​អាច​រំពឹង​អំពី​អ្វី? (​រ៉ូម ៥:៣​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

សូម​អាន រ៉ូម ៥:៣ សូម​កត់​សម្គាល់​ថា​ទុក្ខ​វេទនា​ប្រហែល​ជា​ជាប់​ទាក់​ទង​នឹង​ការ​មាន​សេចក្ដី​សង្ឃឹម​កាន់​តែ​ខ្លាំង​ឡើង។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល។ តាម​ការ​ពិត ពួក​អ្នក​កាន់​តាម​គ្រិស្ត​ទាំង​អស់​អាច​រំពឹង​ថា​នឹង​រង​ទុក្ខ​វេទនា។ សូម​គិត​អំពី​គំរូ​របស់​ប៉ូល។ គាត់​និយាយ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​ពេល​ដែល​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា យើង​ធ្លាប់​ប្រាប់​ទុក​ជា​មុន​ថា យើង​ត្រូវ​រង​ទុក្ខ​វេទនា . . . ហើយ​ថា យើង​បាន​រង​ទុក្ខ​វេទនា​មែន​»។ (​១ថែ. ៣:៤​) ម្យ៉ាង​ទៀត គាត់​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​បង​ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​សេចក្ដី​វេទនា​ដែល​យើង​បាន​ជួប​ប្រទះ . . . យើង​គិត​ថា​យើង​ប្រហែល​ជា​នឹង​បាត់​បង់​ជីវិត​»។—២កូ. ១:៨; ១១:២៣​-​២៧

១០ គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​អាច​រំពឹង​ថា​នឹង​ជួប​ទុក្ខ​វេទនា​ផង​ដែរ។ (​២ធី. ៣:១២​) ចុះ​យ៉ាង​ណា​អ្នក​វិញ? កាល​ដែល​អ្នក​មាន​ជំនឿ​លើ​លោក​យេស៊ូ​និង​កាន់​តាម​លោក តើ​អ្នក​បាន​ជួប​ទុក្ខ​វេទនា​ឬ​ទេ? មិត្ត​ភក្ដិ​និង​សាច់​ញាតិ​ប្រហែល​ជា​បាន​សើច​ចំអក​អ្នក។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ប្រព្រឹត្ត​មក​លើ​អ្នក​យ៉ាង​សាហាវ​ឃោរឃៅ។ តើ​ការ​តាំង​ចិត្ត​ប្រព្រឹត្ត​យ៉ាង​ទៀង​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ​ឬ​ទេ? (​ហេ. ១៣:១៨​) តើ​អ្នក​បាន​ជួប​ការ​ប្រឆាំង​ពី​រដ្ឋាភិបាល​ដោយ​សារ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​ដល់​អ្នក​ឯ​ទៀត​ឬ? មិន​ថា​យើង​ជួប​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី ប៉ូល​បាន​និយាយ​ថា​យើង​គួរ​ត្រេក​អរ។ ហេតុ​អ្វី?

១១. ហេតុ​អ្វី​យើង​ត្រូវ​តាំង​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ?

១១ យើង​អាច​ត្រេក​អរ​ពេល​ជួប​ទុក្ខ​វេទនា ដោយ​សារ​យើង​ដឹង​ថា​នេះ​អាច​ជួយ​យើង​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​សំខាន់​មួយ។ ដូច​រ៉ូម ៥:៣​ចែង ​«​ទុក្ខ​វេទនា​នាំ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​»។ គ្រិស្ត​សាសនិក​ទាំង​អស់​នឹង​ជួប​ទុក្ខ​វេទនា ដូច្នេះ​ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ចេះ​ស៊ូ​ទ្រាំ។ យើង​ត្រូវ​តាំង​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​វេទនា​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ។ ទាល់​តែ​យើង​ធ្វើ​ដូច្នេះ ទើប​យើង​អាច​ឃើញ​ការ​សម្រេច​នៃ​សេចក្ដី​សង្ឃឹម​របស់​យើង។ យើង​មិន​ចង់​ធ្វើ​ដូច​ពួក​អ្នក​ដែល​លោក​យេស៊ូ​បាន​សំដៅ​លើ​ពេល​លោក​មាន​ប្រសាសន៍​អំពី​គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ផ្ទាំង​ថ្ម​ទេ។ ពួក​គេ​ព្រម​ទទួល​យក​បណ្ដាំ​ដោយ​អំណរ​នៅ​ដើម​ដំបូង ប៉ុន្តែ​«​ពេល​កើត​មាន​ទុក្ខ​លំបាក​ឬ​ការ​បៀតបៀន​»​ ពួក​គេ​ជំពប់​ដួល។ (​ម៉ាថ. ១៣:៥, ៦, ២០, ២១​) ពិត​មែន​ថា ការ​ជួប​ការ​ប្រឆាំង​ឬ​ទុក្ខ​វេទនា​គឺ​មិន​ស្រួល​ឬ​មិន​នាំ​ឲ្យ​អរ​សប្បាយ​ទេ ប៉ុន្តែ​ការ​ស៊ូ​ទ្រាំ​នឹង​អ្វី​ទាំង​នោះ​នាំ​ឲ្យ​ទទួល​ប្រយោជន៍។ តើ​តាម​របៀប​ណា?

១២. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?

១២ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​បាន​លើក​ឡើង​អំពី​ប្រយោជន៍​នៃ​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ គាត់​សរសេរ​ថា​៖ ​«​បើ​អ្នក​បន្ត​ស៊ូ​ទ្រាំ នេះ​នឹង​បង្វឹក​បង្ហាត់​អ្នក​ឲ្យ​បាន​ពេញ​លក្ខណៈ ហើយ​អ្នក​នឹង​គ្មាន​គុណ​វិបត្តិ ក៏​មិន​ខ្វះ​គុណ​សម្បត្តិ​ណា​មួយ​សោះ​ឡើយ​»។ (​យ៉ា. ១:២​-​៤​) ដូច្នេះ យ៉ាកុប​និយាយ​ថា​ការ​ស៊ូ​ទ្រាំ​មាន​គោល​បំណង​មួយ ឬ​ត្រូវ​សម្រេច​កិច្ច​ការ​ណា​មួយ គឺ​ថា​នេះ​អាច​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដូច​ជា​ចិត្ត​អត់​ធ្មត់ ជំនឿ និង​ការ​ទុក​ចិត្ត​លើ​ព្រះ​ឲ្យ​បាន​ច្រើន​ជាង។ ប៉ុន្តែ​យើង​ទទួល​ប្រយោជន៍​សំខាន់​មួយ​ទៀត​ពី​ការ​ស៊ូ​ទ្រាំ។

១៣​-​១៤. តើ​ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី ហើយ​តើ​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​សេចក្ដី​សង្ឃឹម? (​រ៉ូម ៥:៤​)

១៣ សូម​អាន រ៉ូម ៥:៤ ប៉ូល​បាន​រៀប​រាប់​ថា​ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​«​ព្រះ​ពេញ​ចិត្ត​»។ ដូច្នេះ​ពេល​អ្នក​ស៊ូ​ទ្រាំ អ្នក​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ នេះ​មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​សប្បាយ​ដែល​អ្នក​ជួប​ទុក្ខ​លំបាក​ឬ​មាន​បញ្ហា​ឡើយ។ អ្វី​ដែល​ព្រះ​ពេញ​ចិត្ត​គឺ​អ្នក ដោយ​សារ​អ្នក​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់។ គឺ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន​ដោយ​ដឹង​ថា​ពេល​យើង​ស៊ូ​ទ្រាំ យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ!—ចសព. ៥:១២

១៤ សូម​ចាំ​ថា​អាប្រាហាំ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ព្រះ​យេហូវ៉ា​ចាត់​ទុក​គាត់​ថា​ជា​មិត្ត​សម្លាញ់​របស់​លោក ហើយ​រាប់​គាត់​ជា​មនុស្ស​សុចរិត។ (​ដក. ១៥:៦; រ៉ូម ៤:១៣, ២២​) នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ដែរ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង មិន​មែន​ដោយ​សារ​យើង​ធ្វើ​កិច្ច​ការ​បាន​ច្រើន​ប៉ុណ្ណា ឬ​មាន​ឯកសិទ្ធិ​នេះ​ឯកសិទ្ធិ​នោះ​ឡើយ។ លោក​ពេញ​ចិត្ត​យើង ដោយ​សារ​តែ​យើង​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់។ ម្យ៉ាង​ទៀត មិន​ថា​យើង​មាន​អាយុ ស្ថានភាព ឬ​សមត្ថភាព​ណា​ក្ដី យើង​ទាំង​អស់​គ្នា​អាច​ស៊ូ​ទ្រាំ​បាន។ តើ​អ្នក​កំពុង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ស្មោះ​ត្រង់​នៅ​ឥឡូវ​នេះ​ឬ​ទេ? បើ​ដូច្នេះ សូម​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​អ្នក​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ការ​ទទួល​ស្គាល់​ថា​យើង​មាន​ការ​ពេញ​ចិត្ត​ពី​ព្រះ​អាច​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​យើង គឺ​នេះ​អាច​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង។

សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​ជាង

១៥. តើ​ប៉ូល​បាន​លើក​ឡើង​ចំណុច​អ្វី​ទៀត ហើយ​ហេតុ​អ្វី​ប្រហែល​ជា​នោះ​នាំ​ឲ្យ​អ្នក​ខ្លះ​ងឿង​ឆ្ងល់?

១៥ ដូច​ប៉ូល​បាន​ពន្យល់ យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​ដោយ​រក្សា​ចិត្ត​ស្មោះ​ត្រង់ ហើយ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ប៉ូល​រៀប​រាប់​បន្ត​ទៀត​ថា​៖ ​«​ការ​ពេញ​ចិត្ត​ពី​ព្រះ​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ហើយ​សេចក្ដី​សង្ឃឹម​នោះ​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ​»។ (​រ៉ូម ៥:៤, ៥​) នេះ​ប្រហែល​ជា​នាំ​ឲ្យ​អ្នក​ខ្លះ​ងឿង​ឆ្ងល់។ ហេតុ​អ្វី? ពីព្រោះ​មុន​នោះ​នៅ​រ៉ូម ៥:២ ប៉ូល​បាន​រៀប​រាប់​ថា​គ្រិស្ត​សាសនិក​ទាំង​នោះ​ដែល​នៅ​ក្រុង​រ៉ូម​មាន​សេចក្ដី​សង្ឃឹម​រួច​ហើយ គឺ​«​សេចក្ដី​សង្ឃឹម​ទទួល​សិរី​រុង​រឿង​ពី​ព្រះ​»។ ដូច្នេះ បើ​គ្រិស្ត​សាសនិក​ទាំង​នោះ​មាន​សេចក្ដី​សង្ឃឹម​រួច​ហើយ ហេតុ​អ្វី​ប៉ូល​បាន​រៀប​រាប់​ក្រោយ​មក​អំពី​សេចក្ដី​សង្ឃឹម​ទៀត?

សេចក្ដី​សង្ឃឹម​ដែល​ទាក់​ទាញ​ចិត្ត​អ្នក​នៅ​ដើម​ដំបូង​បាន​ជ្រាល​ជ្រៅ​ជាង​និង​រឹង​មាំ​ឡើង ​(​សូម​មើល​វគ្គ​១៦​-​១៧​)​

១៦. តើ​សេចក្ដី​សង្ឃឹម​របស់​បុគ្គល​ម្នាក់​អាច​ចាប់​ផ្ដើម​កើន​ឡើង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ យើង​អាច​យល់​ថា​ពាក្យ​របស់​ប៉ូល​មាន​ន័យ​យ៉ាង​ណា​ដោយ​នឹក​ចាំ​ថា​សេចក្ដី​សង្ឃឹម​គឺ​ជា​អ្វី​ដែល​កើន​ឡើង។ ជា​ឧទាហរណ៍ តើ​អ្នក​ចាំ​ពេល​អ្នក​បាន​ឮ​នៅ​ដើម​ដំបូង​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៅ​ក្នុង​បណ្ដាំ​ព្រះ​ឬ​ទេ? នៅ​ពេល​នោះ អ្នក​ប្រហែល​ជា​បាន​គិត​ថា​ការ​រស់​នៅ​ជា​រៀង​រហូត​លើ​ផែន​ដី​ជា​សួន​ឧទ្យាន​គឺ​ជា​អ្វី​ដ៏​អស្ចារ្យ។ ប៉ុន្តែ អ្នក​មិន​ប្រាកដ​ថា​នោះ​ពិត​ជា​អាច​កើត​ឡើង​បាន​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ កាល​ដែល​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ច្បាស់​ជាង អ្នក​កាន់​តែ​ជឿ​ជាក់​ថា​សេចក្ដី​សង្ឃឹម​នោះ​នឹង​កើត​ឡើង​ជា​ពិត។

១៧. តើ​សេចក្ដី​សង្ឃឹម​របស់​អ្នក​បន្ត​កើន​ឡើង​យ៉ាង​ដូច​ម្ដេច​ក្រោយ​ពី​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក?

១៧ សូម្បី​តែ​ក្រោយ​ពី​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក ក៏​សេចក្ដី​សង្ឃឹម​របស់​អ្នក​បន្ត​កើន​ឡើង កាល​ដែល​អ្នក​កាន់​តែ​រៀន​និង​កាន់​តែ​មាន​ភាព​ចាស់​ទុំ​ខាង​ជំនឿ។ (​ហេ. ៥:១៣–៦:១​) អ្នក​ទំនង​ជា​បាន​ពិសោធ​នូវ​អ្វី​ដែល​បាន​រៀប​រាប់​នៅ​រ៉ូម ៥:២​-​៤។ អ្នក​មាន​ទុក្ខ​លំបាក​ផ្សេង​ៗ ប៉ុន្តែ​អ្នក​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ ហើយ​ដឹង​ថា​ព្រះ​ពេញ​ចិត្ត​នឹង​អ្នក។ ដោយ​សារ​អ្នក​ដឹង​ថា​លោក​ស្រឡាញ់​និង​ពេញ​ចិត្ត​អ្នក ឥឡូវ​អ្នក​មាន​ហេតុ​ច្រើន​ជាង​ឲ្យ​រំពឹង​ថា​អ្នក​នឹង​ទទួល​អ្វី​ដែល​លោក​បាន​សន្យា។ សេចក្ដី​សង្ឃឹម​របស់​អ្នក​បាន​ទៅ​ជា​ខ្លាំង​ជាង​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ធ្លាប់​មាន​នៅ​ដើម​ដំបូង។ សេចក្ដី​សង្ឃឹម​នោះ​គឺ​កាន់​តែ​ពិត​ប្រាកដ​ចំពោះ​អ្នក​ផ្ទាល់។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​នោះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ចំពោះ​អ្នក ហើយ​ក៏​ជះ​ឥទ្ធិពល​លើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នក និង​ផ្លាស់​ប្ដូរ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ របៀប​ដែល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត ថែម​ទាំង​របៀប​ដែល​អ្នក​ប្រើ​ពេល​វេលា​ផង​ដែរ។

១៨. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ធានា​អ្វី?

១៨ សាវ័ក​ប៉ូល​បន្ថែម​ចំណុច​ដ៏​សំខាន់​ណាស់​មួយ​អំពី​សេចក្ដី​សង្ឃឹម​ដែល​អ្នក​មាន​ក្រោយ​ពី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ គាត់​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ថា​សេចក្ដី​សង្ឃឹម​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត។ ហេតុ​អ្វី​អ្នក​អាច​ប្រាកដ​ដូច្នេះ? ប៉ូល​បាន​រួម​បញ្ចូល​ការ​ធានា​នេះ​ពី​ព្រះ​ទៅ​កាន់​គ្រិស្ត​សាសនិក​ថា​៖ ​«​សេចក្ដី​សង្ឃឹម​នោះ​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ ពីព្រោះ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​បាន​ត្រូវ​ចាក់​មក​ក្នុង​ចិត្ត​របស់​យើង​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ ដែល​លោក​បាន​ឲ្យ​ដល់​យើង​»។ (​រ៉ូម ៥:៥​) អ្នក​មាន​ហេតុ​ជា​ច្រើន​ឲ្យ​ជឿ​ជាក់​សេចក្ដី​សង្ឃឹម​នេះ គឺ​សេចក្ដី​សង្ឃឹម​របស់​អ្នក​ផ្ទាល់។

១៩. តើ​អ្នក​អាច​ជឿ​ជាក់​យ៉ាង​ណា​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក?

១៩ សូម​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាប្រាហាំ និង​របៀប​ដែល​ព្រះ​ពេញ​ចិត្ត​គាត់ ហើយ​ចាត់​ទុក​គាត់​ជា​មិត្ត​សម្លាញ់​របស់​លោក។ អាប្រាហាំ​មិន​មែន​សង្ឃឹម​ដោយ​ឥត​ប្រយោជន៍​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​ក្រោយ​ពី​អាប្រាហាំ​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់ គាត់​ក៏​ទទួល​សេចក្ដី​សន្យា​នោះ​»។ (​ហេ. ៦:១៥; ១១:៩, ១៨; រ៉ូម ៤:២០​-​២២​) គាត់​ពិត​ជា​មិន​ខក​ចិត្ត​ឡើយ។ អ្នក​ក៏​អាច​មាន​ទំនុក​ចិត្ត​ដូច​នេះ​ដែរ​ថា បើ​អ្នក​រក្សា​ភាព​ស្មោះ​ត្រង់ អ្នក​នឹង​ទទួល​រង្វាន់​ដែល​អ្នក​បាន​សង្ឃឹម។ សេចក្ដី​សង្ឃឹម​របស់​អ្នក​គឺ​ពិត នាំ​ឲ្យ​មាន​អំណរ និង​មិន​នាំ​ឲ្យ​ខក​ចិត្ត​ឡើយ! (​រ៉ូម ១២:១២​) ប៉ូល​បាន​សរសេរ​ថា​៖ ​«​សូម​ព្រះ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​អំណរ​និង​សេចក្ដី​សុខ​សាន្ត​គ្រប់​ប្រការ ដោយ​សារ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លោក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​ដ៏​បរិបូរ​តាម​រយៈ​កម្លាំង​នៃ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​»។—រ៉ូម ១៥:១៣

ចម្រៀង​លេខ​១៣៩ សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី

a ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ថា​តើ​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រិស្ត​សាសនិក​គឺ​ជា​អ្វី និង​មូលហេតុ​ដែល​យើង​អាច​ជឿ​ជាក់​ថា​សេចក្ដី​សង្ឃឹម​នោះ​នឹង​ក្លាយ​ជា​ការ​ពិត។ រ៉ូម ជំពូក​៥​នឹង​ជួយ​យើង​ឲ្យ​ឃើញ​របៀប​ដែល​សេចក្ដី​សង្ឃឹម​របស់​យើង​នៅ​ឥឡូវ​នេះ​គឺ​ខុស​ពី​សេចក្ដី​សង្ឃឹម​ដែល​យើង​ធ្លាប់​មាន​ពេល​យើង​បាន​រៀន​សេចក្ដី​ពិត​នៅ​ដើម​ដំបូង។