លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យរបៀបគិតគូររបស់ព្រះចំពោះស្រាដឹកនាំអ្នក

ចូរឲ្យរបៀបគិតគូររបស់ព្រះចំពោះស្រាដឹកនាំអ្នក

អ្នក​ច្បាស់​ជា​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ផ្សេង​ៗ​ពី​ព្រះ​យេហូវ៉ា រួម​ទាំង​ចិត្ត​សេរី​របស់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​អំណោយ​ទាំង​នេះ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ គម្ពីរ​ចាត់​ទុក​ស្រា​ជា​អំណោយ​មួយ​ពី​ព្រះ ហើយ​ថែម​ទាំង​ចែង​ថា​៖ ​«​អាហារ​នាំ​ឲ្យ​សើច​សប្បាយ ហើយ​ស្រា​ទំពាំង​បាយ​ជូរ​ធ្វើ​ឲ្យ​ជីវិត​រីករាយ​»។ (​អទ. ១០:១៩; ចសព. ១០៤:១៥​) ប៉ុន្តែ អ្នក​ទំនង​ជា​បាន​ឃើញ​ថា​មនុស្ស​ខ្លះ​មាន​បញ្ហា​ក្នុង​ការ​ផឹក​ស្រា។ ម្យ៉ាង​ទៀត មាន​ទស្សនៈ​ខុស​ៗ​គ្នា​នៅ​ទូ​ទាំង​ពិភព​លោក​អំពី​ការ​ពិសា​ស្រា។ ដូច្នេះ តើ​អ្វី​អាច​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ​ស្ដី​អំពី​ការ​ពិសា​ស្រា?

មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ឬ​បាន​ត្រូវ​ធំ​ឡើង​ក្នុង​វប្បធម៌​បែប​ណា​ក្ដី ការ​ឲ្យ​របៀប​គិត​គូរ​របស់​ព្រះ​ដឹក​នាំ​របៀប​គិត​គូរ​និង​ការ​សម្រេច​ចិត្ត​របស់​យើង នឹង​ពិត​ជា​ផ្ដល់​ប្រយោជន៍​ដល់​យើង​ជា​យូរ​អង្វែង។

ដូច​ដែល​អ្នក​ទំនង​ជា​បាន​កត់​សម្គាល់ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​ផឹក​ស្រា​ជា​រឿយ​ៗ​និង​ហួស​ប្រមាណ។ អ្នក​ខ្លះ​ប្រហែល​ជា​ផឹក​ស្រា​ដោយ​សារ​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ល្ហើយ​ចិត្ត។ អ្នក​ឯ​ទៀត​ផឹក​ស្រា​ដើម្បី​បំភ្លេច​ទុក្ខ​កង្វល់។ នៅ​កន្លែង​ខ្លះ មនុស្ស​គិត​ថា​បុគ្គល​ដែល​ផឹក​ស្រា​ច្រើន គឺ​ជា​មនុស្ស​ទាន់​សម័យ​ឬ​ជា​បុរស​ពិត។

ក៏​ប៉ុន្តែ គ្រិស្ត​សាសនិក​បាន​ទទួល​ការ​ណែនាំ​ដ៏​ឈ្លាស​វៃ​ពី​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ពន្យល់​ប្រាប់​អំពី​លទ្ធផល​ដ៏​ខ្លោច​ផ្សា​ពី​ការ​ផឹក​ស្រា​ហួស​ប្រមាណ។ យើង​ប្រហែល​ជា​បាន​អាន​សុភាសិត ២៣:២៩​-​៣៥ ដែល​រៀប​រាប់​អំពី​មនុស្ស​ស្រវឹង​ស្រា​និង​បញ្ហា​ខ្លះ​ដែល​មក​ពី​អំពើ​នោះ។ a បង​ប្រុស​ដានីយ៉ែល​ដែល​ជា​អ្នក​ចាស់​ទុំ​នៅ​ទ្វីប​អឺរ៉ុប បាន​នឹក​ចាំ​អំពី​ជីវិត​របស់​គាត់​នៅ​អតីតកាល មុន​ពេល​គាត់​ទៅ​ជា​គ្រិស្ត​សាសនិក​ពិត។ គាត់​និយាយ​ថា​៖ ​«​ការ​ផឹក​ស្រា​ហួស​ប្រមាណ​បាន​នាំ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ ហើយ​មាន​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់​ដែល​បាន​បន្សល់​ទុក​ឲ្យ​ខ្ញុំ​នូវ​របួស​ផ្លូវ​ចិត្ត​»។

តើ​គ្រិស្ត​សាសនិក​អាច​ប្រើ​ចិត្ត​សេរី និង​ជៀស​វាង​ពី​បញ្ហា​ដែល​អាច​កើត​ឡើង​ដោយ​សារ​ការ​ផឹក​ស្រា​ហួស​ប្រមាណ​យ៉ាង​ដូច​ម្ដេច? អ្វី​ដែល​សំខាន់​គឺ​ឲ្យ​ទស្សនៈ​របស់​ព្រះ​ណែនាំ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​យើង។

សូម​យើង​ពិនិត្យ​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ស្រា​និង​បំណង​ចិត្ត​របស់​បុគ្គល​ខ្លះ​ចំពោះ​ការ​ពិសា​ស្រា។

ខ្នាត​តម្រា​ពី​គម្ពីរ

បណ្ដាំ​របស់​ព្រះ​មិន​ផ្ដន្ទា​ទោស​ចំពោះ​ការ​ផឹក​ស្រា​ដោយ​ចេះ​ប្រមាណ​ទេ។ តាម​ពិត គម្ពីរ​បង្ហាញ​ថា​ការ​ពិសា​ស្រា​អាច​ធ្វើ​ឲ្យ​សប្បាយ។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​អ្នក​ទៅ​បរិភោគ​អាហារ​ឲ្យ​បាន​សប្បាយ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ឲ្យ​បាន​រីករាយ​ចុះ​»។ (​អទ. ៩:៧​) លោក​យេស៊ូ​បាន​ផឹក​ស្រា​ម្ដង​ម្កាល ហើយ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។—ម៉ាថ. ២៦:២៧​-​២៩; លូក. ៧:៣៤; ១ធី. ៥:២៣

ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ផឹក​ស្រា​ខ្លះ​និង​ការ​ផឹក​ស្រា​ឲ្យ​ស្រវឹង។ គម្ពីរ​ចែង​ថា​៖ ​«​កុំ​ស្រវឹង​ស្រា​ឡើយ​»។ (​អេភ. ៥:១៨​) គម្ពីរ​ថែម​ទាំង​ចែង​ដែរ​ថា​៖ ​«​អ្នក​ប្រមឹក​ស្រា . . . នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​ឡើយ​»។ (​១កូ. ៦:១០​) គឺ​ពិត​មែន ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផឹក​ស្រា​ហួស​ប្រមាណ​និង​ការ​ផឹក​ស្រា​ឲ្យ​ស្រវឹង។ ជា​ជាង​ចេះ​តែ​ធ្វើ​តាម​អ្វី​ដែល​មនុស្ស​នៅ​ជុំ​វិញ​យើង​ធ្វើ យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត។

អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ពួក​គេ​អាច​ផឹក​ស្រា​ច្រើន​ដោយ​មិន​ស្រវឹង។ ប៉ុន្តែ​នេះ​គឺ​គ្រោះ​ថ្នាក់​ណាស់។ គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​«​ញៀន​ស្រា​»​អាច​នាំ​ឲ្យ​បុគ្គល​ម្នាក់​មិន​ថា​ប្រុស​ឬ​ស្រី ធ្វើ​ខុស​ធ្ងន់​ធ្ងរ​និង​បង្ខូច​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា។ (​ទីត. ២:៣; សុភ. ២០:១​) លោក​យេស៊ូ​ថែម​ទាំង​បាន​ព្រមាន​ថា​‹ការ​ផឹក​ហួស​ប្រមាណ›​អាច​រា​រាំង​បុគ្គល​ណា​ម្នាក់​មិន​ឲ្យ​ចូល​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ (​លូក. ២១:៣៤​-​៣៦​) ដូច្នេះ តើ​អ្វី​អាច​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ជៀស​វាង​ពី​បញ្ហា​ដែល​អាច​ងាយ​កើត​ឡើង​ដោយ​សារ​ការ​ផឹក​ស្រា?

ចូរ​ពិនិត្យ​មើល​បំណង​ចិត្ត​និង​ទម្លាប់​របស់​អ្នក

ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​ពិសា​ស្រា គឺ​គ្រោះ​ថ្នាក់​បើ​យើង​ធ្វើ​តាម​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ធ្វើ​ក្នុង​វប្បធម៌​របស់​យើង។ ដោយ​ឈ្លាស​វៃ គ្រិស្ត​សាសនិក​ប្រព្រឹត្ត​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ស្ដី​អំពី​រឿង​ផ្សេង​ៗ​ដូច​ជា​ការ​បរិភោគ​និង​ការ​ផឹក។ គម្ពីរ​រំលឹក​យើង​ថា​៖ ​«​ទោះ​ជា​អ្នក​ផឹក បរិភោគ ឬ​ធ្វើ​អ្វី​ទៀត​ក៏​ដោយ ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។ (​១កូ. ១០:៣១​) សូម​យើង​ពិចារណា​សំណួរ​និង​គោល​ការណ៍​គម្ពីរ​ខ្លះ​៖

តើ​ខ្ញុំ​ផឹក​ស្រា​ដើម្បី​ចូល​ឲ្យ​ចុះ​នឹង​គេ​ឬ​ទេ? ដំណើរ​ចាក​ចេញ ២៣:២​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​អាក្រក់​តាម​មនុស្ស​ភាគ​ច្រើន​នោះ​ទេ​»។ នៅ​ទី​នេះ ព្រះ​យេហូវ៉ា​កំពុង​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​មិន​ឲ្យ​ធ្វើ​តាម​មនុស្ស​ដែល​លោក​មិន​ពេញ​ចិត្ត។ នេះ​ក៏​ជា​យោបល់​ល្អ​សម្រាប់​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ បើ​យើង​ឲ្យ​អ្នក​ឯ​ទៀត​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​គិត​គូរ​និង​ការ​សម្រេច​ចិត្ត​របស់​យើង​ស្ដី​អំពី​ស្រា យើង​អាច​រសាត់​ចេញ​បន្តិច​ម្ដង​ៗ​ពី​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​របស់​លោក។—រ៉ូម ១២:២

តើ​ខ្ញុំ​ផឹក​ស្រា​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា​ឬ​ទេ? នៅ​វប្បធម៌​ខ្លះ ការ​ផឹក​ស្រា​ច្រើន​និង​ជា​ញឹក​ញយ​គឺ​ជា​រឿង​ធម្មតា ហើយ​ជា​អ្វី​ដែល​គេ​មិន​ប្រកាន់​ទេ។ (​១ពេ. ៤:៣​) ប៉ុន្តែ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​កូរិនថូស​ទី១ ១៦:១៣​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ នោះ​គឺ​៖ ​«​ចូរ​ដឹង​ខ្លួន​ជា​និច្ច ចូរ​កាន់​ជំហរ​មាំ​មួន​ក្នុង​ជំនឿ ចូរ​មាន​ចិត្ត​ក្លាហាន ចូរ​មាន​កម្លាំង​ខ្លាំង​ក្លា​ឡើង​»។ តើ​ស្រា​ពិត​ជា​អាច​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​មាន​កម្លាំង​ខ្លាំង​ក្លា​ឬ​ទេ? មិន​មែន​ទេ តាម​ពិត​គឺ​ផ្ទុយ​ពី​នោះ។ ស្រា​ងាយ​ធ្វើ​ឲ្យ​សមត្ថភាព​រិះ​គិត​អន់​ថយ ហើយ​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ជា​លទ្ធផល ជា​ជាង​បង្ហាញ​អំពី​កម្លាំង​ខ្លាំង​ក្លា ការ​ផឹក​ស្រា​ច្រើន​បង្ហាញ​អំពី​ភាព​ទន់​ខ្សោយ។ អេសាយ ២៨:៧​រៀប​រាប់​អំពី​បុគ្គល​ម្នាក់​ដែល​វង្វេង​វង្វាន់​ដោយ​សារ​ស្រា​ថា ដើរ​ទ្រេត​ទ្រោត ហើយ​ក៏​ដួល។

កម្លាំង​ខ្លាំង​ក្លា​ពិត​មក​ពី​ព្រះ​យេហូវ៉ា ហើយ​តម្រូវ​ឲ្យ​ដឹង​ខ្លួន​ជា​និច្ច និង​កាន់​ជំហរ​មាំ​មួន​ក្នុង​ជំនឿ។ (​ចសព. ១៨:៣២​) យើង​ធ្វើ​ដូច្នេះ ដោយ​ប្រុង​ប្រយ័ត្ន​គេច​ពី​គ្រោះ​ថ្នាក់ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​មិន​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​បង្ហាញ​ភាព​ខ្លាំង​បែប​នេះ​ពេល​លោក​នៅ​ផែន​ដី ហើយ​មនុស្ស​ជា​ច្រើន​គោរព​លោក ដោយ​សារ​លោក​មាន​ចិត្ត​ក្លាហាន​និង​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

តើ​ខ្ញុំ​ផឹក​ស្រា​ដើម្បី​បំបាត់​ទុក្ខ​កង្វល់​ឬ? អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ម្នាក់​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ថា​៖ ​«​ពេល​កង្វល់​កង្វាយ​ញាំញី​ចិត្ត​ខ្ញុំ លោក​[​ព្រះ​យេហូវ៉ា​]​បាន​សម្រាល​ទុក្ខ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ឡើង​វិញ​»។ (​ចសព. ៩៤:១៩​) បើ​អ្នក​ខ្វល់​ខ្វាយ​អំពី​អ្វី​ណា​មួយ ចូរ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក មិន​មែន​ស្រា​ទេ។ របៀប​ល្អ​មួយ​ដើម្បី​ជួយ​អ្នក​ឲ្យ​មិន​សូវ​ខ្វល់​ខ្វាយ គឺ​ដោយ​អធិដ្ឋាន​កាន់​តែ​ច្រើន​ទៅ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត បង​ប្អូន​ជា​ច្រើន​នាក់​បាន​ឃើញ​ថា ការ​ស្វែង​រក​យោបល់​ពី​មិត្ត​ភក្តិ​ដែល​មាន​ភាព​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គឺ​មាន​ប្រយោជន៍។ តាម​ពិត ការ​ផឹក​ស្រា​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា អាច​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​មិន​សូវ​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​ហូ. ៤:១១​) បង​ដានីយ៉ែល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​សារភាព​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ខ្វល់​ចិត្ត​និង​បន្ទោស​ខ្លួន ហើយ​បាន​ផឹក​ស្រា​ដើម្បី​រំសាយ​ទុក្ខ​កង្វល់ ប៉ុន្តែ​នេះ​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ជាង ហើយ​ខ្ញុំ​បាត់​បង់​មិត្ត​សម្លាញ់​និង​លែង​ឲ្យ​តម្លៃ​ខ្លួន​ឯង​»។ នៅ​ទី​បំផុត តើ​អ្វី​បាន​ជួយ​បង​ដានីយ៉ែល? គាត់​ប្រាប់​ថា​៖ ​«​ខ្ញុំ​យល់​ថា​ខ្ញុំ​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា មិន​មែន​ស្រា​ទេ។ ពេល​ខ្ញុំ​ធ្វើ​ដូច្នេះ ខ្ញុំ​អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​ខ្ញុំ ហើយ​យក​ឈ្នះ​វា​បាន​»។ តាម​ការ​ពិត ព្រះ​យេហូវ៉ា​តែង​តែ​ប្រុង​ប្រៀប​ជួយ​យើង ទោះ​ជា​ស្ថានភាព​របស់​យើង​មើល​ទៅ​អស់​សង្ឃឹម​ក្ដី។—ភី. ៤:៦, ៧; ១ពេ. ៥:៧

បើ​អ្នក​ផឹក​ស្រា​ម្ដង​ម្កាល សូម​ពិចារណា​អំពី​ការ​ផឹក​ស្រា​របស់​អ្នក​ដោយ​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ទាំង​នេះ​៖ តើ​សមាជិក​ក្រុម​គ្រួសារ ឬ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ណា​ម្នាក់​បាន​និយាយ​ថា​គាត់​បារម្ភ​អំពី​ការ​ផឹក​របស់​ខ្ញុំ​ឬ​ទេ?›  បើ​ដូច្នេះ នេះ​អាច​បង្ហាញ​ថា​អ្នក​ចាប់​ផ្ដើម​មាន​ទម្លាប់ ឬ​បញ្ហា​ណា​មួយ​ដែល​អ្នក​មិន​ដឹង។ ‹តើ​ខ្ញុំ​ផឹក​ស្រា​ច្រើន​ជាង​មុន​ឬ​ទេ?› បុគ្គល​ដែល​ស្ថិត​ក្នុង​ស្ថានភាព​នោះ​ប្រហែល​ជា​មិន​ទាន់​ញៀន​ស្រា តែ​គាត់​ប្រហែល​ជា​អាច​ឈាន​ទៅ​ជា​អ្នក​ញៀន​ស្រា។ ‹តើ​ខ្ញុំ​ពិបាក​ធ្វើ​អារម្មណ៍​ពេល​ខ្ញុំ​មិន​បាន​ផឹក​ស្រា​អស់​ប៉ុន្មាន​ថ្ងៃ​ឬ​យូរ​ជាង​នេះ​ឬ​ទេ?› បើ​ដូច្នេះ ការ​ផឹក​ស្រា​ប្រហែល​ជា​បាន​ទៅ​ជា​ទម្លាប់ ឬ​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ញៀន។ នេះ​ប្រហែល​ជា​មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​ការ​ជំនួយ​ពី​គ្រូ​ពេទ្យ​ដើម្បី​យក​ឈ្នះ​បញ្ហា​នោះ។

ដោយ​សារ​ការ​ផឹក​ស្រា​អាច​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន គ្រិស្ត​សាសនិក​ខ្លះ​បាន​សម្រេច​ចិត្ត​ជៀស​វាង​ពី​ការ​ផឹក​ស្រា​ទាំង​អស់។ គ្រិស្ត​សាសនិក​ឯ​ទៀត​ប្រហែល​ជា​សម្រេច​ចិត្ត​មិន​ផឹក​ស្រា​ដោយ​សារ​ពួក​គេ​មិន​ចូល​ចិត្ត​រសជាតិ​វា។ បើ​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ អ្នក​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​គោរព​ការ​សម្រេច​ចិត្ត​របស់​គាត់ ហើយ​មិន​រិះ​គន់​គាត់។

អ្នក​ប្រហែល​ជា​បាន​ឃើញ​ថា​គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​អ្នក​ដាក់​កម្រិត​ខ្លះ​លើ​ខ្លួន​ឯង។ គ្រិស្ត​សាសនិក​ម្នាក់​ប្រហែល​ជា​ដាក់​កម្រិត​លើ​បរិមាណ​ដែល​គាត់​នឹង​ផឹក ឬ​គាត់​ប្រហែល​ជា​បង្កើត​ច្បាប់​សម្រាប់​ខ្លួន​ឯង​ថា គាត់​នឹង​ផឹក​ជា​ញឹក​ញាប់​ប៉ុណ្ណា​ដូច​ជា ប្រហែល​ជា​ផឹក​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​ផឹក​ដោយ​ចេះ​ប្រមាណ​ក្នុង​អំឡុង​បរិភោគ​អាហារ។ បង​ប្អូន​ឯ​ទៀត​ប្រហែល​ជា​ដាក់​កម្រិត​ទៅ​លើ​ប្រភេទ​ស្រា​ដែល​ពួក​គេ​នឹង​ផឹក ដូច​ជា​ស្រា​ទំពាំង​បាយ​ជូរ​ឬ​ស្រា​បៀរ​ដោយ​ចេះ​ប្រមាណ ប៉ុន្តែ​មិន​មែន​ប្រភេទ​ស្រា​ខ្លាំង សូម្បី​តែ​ពេល​ដាក់​ក្នុង​ស្រា​លាយ​ឬ​ស្រា​ក្រឡុក​ក្ដី។ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ដាក់​កម្រិត​យ៉ាង​ច្បាស់​ទៅ​លើ​ការ​ផឹក​ស្រា នេះ​នឹង​ស្រួល​ជាង​ឲ្យ​គាត់​ធ្វើ​តាម។ ម្យ៉ាង​ទៀត គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​មិន​ចាំ​បាច់​អៀន​ខ្មាស បើ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ​និង​តាំង​ចិត្ត​ធ្វើ​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​ទេ។

ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ស្រា យើង​ក៏​ត្រូវ​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ដែរ។ រ៉ូម ១៤:២១​ចែង​ថា​៖ ​«​ជា​ការ​ល្អ​បំផុត ប្រសិន​បើ​មិន​បរិភោគ​សាច់ ឬ​ផឹក​ស្រា ឬ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​របស់​អ្នក​ជំពប់​ដួល​»។ តើ​អ្នក​អាច​ធ្វើ​តាម​យោបល់​នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។ បើ​អ្នក​គិត​ថា​ការ​ផឹក​ស្រា​អាច​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​ទើស​ចិត្ត សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​អ្នក​មិន​ឲ្យ​ផឹក​ស្រា​នៅ​ពេល​នោះ មែន​ទេ? យ៉ាង​នេះ អ្នក​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​គោរព​ចំពោះ​អារម្មណ៍​របស់​អ្នក​ឯ​ទៀត ដោយ​គិត​ពី​ប្រយោជន៍​របស់​ពួក​គេ មិន​មែន​ប្រយោជន៍​របស់​ខ្លួន។—១កូ. ១០:២៤

ម្យ៉ាង​ទៀត រដ្ឋាភិបាល​ប្រហែល​ជា​មាន​ច្បាប់​អំពី​ស្រា។ គ្រិស្ត​សាសនិក​ច្បាស់​ជា​នឹង​ធ្វើ​តាម​ច្បាប់​ទាំង​នេះ។ ច្បាប់​ទាំង​នោះ​ប្រហែល​ជា​កំណត់​អាយុ​សម្រាប់​ផឹក​ស្រា ឬ​ហាម​ផឹក​ស្រា​ពេល​បើក​បរ ឬ​ពេល​ប្រើ​ប្រាស់​ម៉ាស៊ីន​ផ្សេង​ៗ។—រ៉ូម ១៣:១​-​៥

ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​អំណោយ​ដ៏​អស្ចារ្យ​ជា​ច្រើន រួម​មាន​ចិត្ត​សេរី​ក្នុង​ការ​សម្រេច​ចិត្ត​អំពី​របៀប​ដែល​យើង​នឹង​ប្រើ​អំណោយ​ទាំង​នោះ។ នេះ​រួម​បញ្ចូល​ការ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​យើង​នឹង​បរិភោគ​និង​ផឹក។ សូម​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ចិត្ត​សេរី​នេះ គឺ​ដោយ​ប្រើ​ចិត្ត​សេរី​ដើម្បី​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត។

a មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាម៉េរិក​(​CDC​)​បាន​រាយ​ការណ៍​ថា ការ​ផឹក​ស្រា​ហួស​ប្រមាណ​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​ភ្លាម​ៗ ដូច​ជា​ឃាតកម្ម ការ​ធ្វើ​អត្តឃាត ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​ប្រើ​ហិង្សា​លើ​គូ ការ​រួម​ភេទ​ដោយ​ធ្វេស​ប្រហែស និង​ការ​រលូត​កូន។