លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥០

ជំនឿនិងការប្រព្រឹត្តអាចនាំឲ្យសុចរិត

ជំនឿនិងការប្រព្រឹត្តអាចនាំឲ្យសុចរិត

​«​[​ចូរ​]​ដើរ​តាម​លំអាន​ដាន​នៃ​ជំនឿ​ដែល​អាប្រាហាំ​ជា​ឪពុក​យើង​ធ្លាប់​មាន​»។—រ៉ូម ៤:១២

ចម្រៀង​លេខ​១១៩ យើង​ត្រូវ​តែ​មាន​ជំនឿ

សេចក្ដី​សង្ខេប a

១. ពេល​យើង​គិត​អំពី​ជំនឿ​របស់​អាប្រាហាំ តើ​យើង​អាច​សួរ​សំណួរ​អ្វី?

 ទោះ​ជា​មនុស្ស​ជា​ច្រើន​ធ្លាប់​ឮ​អំពី​អាប្រាហាំ​ក្ដី ពួក​គេ​ភាគ​ច្រើន​មិន​សូវ​ស្គាល់​គាត់​ទេ។ ក៏​ប៉ុន្តែ​អ្នក​ស្គាល់​ច្រើន​អំពី​អាប្រាហាំ។ ជា​ឧទាហរណ៍ អ្នក​ដឹង​ថា​អាប្រាហាំ​បាន​ត្រូវ​ហៅ​ថា​៖ ​«​ឪពុក​របស់​អស់​អ្នក​ដែល​មាន​ជំនឿ​»។ (​រ៉ូម ៤:១១​) ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​អាច​ដើរ​តាម​លំអាន​ដាន​របស់​អាប្រាហាំ ហើយ​មាន​ជំនឿ​ដូច​គាត់​ឬ​ទេ?›។ មែន អ្នក​អាច​ធ្វើ​ដូច្នេះ​បាន។

២. ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​សិក្សា​គំរូ​របស់​អាប្រាហាំ? (​យ៉ាកុប ២:២២, ២៣​)

របៀប​មួយ​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដូច​អាប្រាហាំ គឺ​ដោយ​សិក្សា​គំរូ​របស់​គាត់។ អាប្រាហាំ​តែង​តែ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើ។ គាត់​បាន​រើ​ទៅ​តំបន់​ដែល​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់ រស់​នៅ​ក្នុង​ត្រសាល​អស់​ជា​ច្រើន​ឆ្នាំ និង​សុខ​ចិត្ត​ជូន​អ៊ីសាក​ជា​កូន​ជា​ទី​ស្រឡាញ់​ជា​គ្រឿង​បូជា។ ការ​ប្រព្រឹត្ត​ទាំង​នោះ​បង្ហាញ​ថា​គាត់​មាន​ជំនឿ​ដ៏​មុត​មាំ។ ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​អាប្រាហាំ​នាំ​ឲ្យ​គាត់​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ហើយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​សូម​អាន យ៉ាកុប ២:២២, ២៣) ព្រះ​យេហូវ៉ា​ក៏​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​រួម​ទាំង​អ្នក ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​និង​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក​ដែរ។ ហេតុ​នេះ​ហើយ លោក​បាន​ដឹក​នាំ​ប៉ូល​និង​យ៉ាកុប​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​ឲ្យ​លើក​ឡើង​អំពី​គំរូ​របស់​អាប្រាហាំ។ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​រ៉ូម ជំពូក​៤​និងយ៉ាកុប ជំពូក​២​ចែង​អំពី​អាប្រាហាំ។ ជំពូក​ទាំង​ពីរ​នេះ​លើក​ឡើង​អំពី​ពាក្យ​ដ៏​សំខាន់​ស្ដី​អំពី​អាប្រាហាំ។

៣. តើ​ទាំង​ប៉ូល​ទាំង​យ៉ាកុប​បាន​ដក​ស្រង់​បទ​គម្ពីរ​មួយ​ណា?

ទាំង​ប៉ូល​ទាំង​យ៉ាកុប​បាន​ដក​ស្រង់​ពាក្យ​នៅ​ដើម​កំណើត ១៥:៦ ដែល​ចែង​ថា​៖ ​«​អាប់រ៉ាម​បាន​ជឿ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​ទុក​គាត់​ជា​មនុស្ស​សុចរិត​»។ ព្រះ​យេហូវ៉ា​ចាត់​ទុក​បុគ្គល​ណា​ម្នាក់​ជា​មនុស្ស​សុចរិត ឬ​គ្មាន​កន្លែង​បន្ទោស​ពេល​លោក​ពេញ​ចិត្ត​នឹង​បុគ្គល​នោះ។ គឺ​អស្ចារ្យ​មែន​ដែល​ព្រះ​អាច​ចាត់​ទុក​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​និង​ដែល​មាន​ការ​ខុស​ឆ្គង ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស! អ្នក​ច្បាស់​ជា​ចង់​ឲ្យ​ព្រះ​ចាត់​ទុក​អ្នក​ជា​មនុស្ស​សុចរិត ហើយ​នេះ​អាច​កើត​ឡើង​បាន។ ឥឡូវ សូម​យើង​រៀន​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត និង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​លោក​ចាត់​ទុក​យើង​ថា​ជា​មនុស្ស​សុចរិត។

ជំនឿ​គឺ​ចាំ​បាច់​ដើម្បី​ព្រះ​ចាត់​ទុក​ជា​មនុស្ស​សុចរិត

៤. តើ​អ្វី​រា​រាំង​មនុស្ស​មិន​ឲ្យ​ទៅ​ជា​សុចរិត?

ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម គាត់​បាន​និយាយ​ថា​មនុស្ស​ទាំង​អស់​មាន​ការ​ខុស​ឆ្គង។ (​រ៉ូម ៣:២៣​) យ៉ាង​នេះ តើ​តាម​របៀប​ណា​អ្នក​ណា​ម្នាក់​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត ឬ​គ្មាន​កន្លែង​បន្ទោស ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ? ដើម្បី​ជួយ​គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ស្មោះ​ទាំង​អស់​ឲ្យ​ឆ្លើយ​សំណួរ​នេះ ប៉ូល​បាន​លើក​ឡើង​អំពី​អាប្រាហាំ។

៥. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ហៅ​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត? (​រ៉ូម ៤:២​-​៤​)

ព្រះ​យេហូវ៉ា​បាន​ហៅ​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត​ពេល​ដែល​គាត់​រស់​នៅ​ស្រុក​កាណាន។ ហេតុ​អ្វី​លោក​អាច​ចាត់​ទុក​ថា​អាប្រាហាំ​ជា​មនុស្ស​សុចរិត? តើ​នេះ​គឺ​ដោយ​សារ​អាប្រាហាំ​បាន​ធ្វើ​តាម​ច្បាប់​ម៉ូសេ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឬ? ប្រាកដ​ជា​មិន​មែន​ទេ។ (​រ៉ូម ៤:១៣​) ប្រជា​ជាតិ​អ៊ីស្រាអែល​ទទួល​ច្បាប់​នោះ​ជាង​៤០០​ឆ្នាំ​ក្រោយ​ពី​ព្រះ​បាន​ហៅ​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត។ ដូច្នេះ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ហៅ​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត? ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​អាប្រាហាំ ហើយ​ហៅ​គាត់​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​គាត់។—សូម​អាន រ៉ូម ៤:២​-​៤

៦. ហេតុ​អ្វី​ព្រះ​អាច​ចាត់​ទុក​បុគ្គល​ដែល​មាន​ការ​ខុស​ឆ្គង​ថា​ជា​មនុស្ស​សុចរិត?

ប៉ូល​បាន​និយាយ​ថា​ពេល​បុគ្គល​ម្នាក់​មាន​ជំនឿ​លើ​ព្រះ ​«​នោះ​លោក​ចាត់​ទុក​គាត់​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​»។ (​រ៉ូម ៤:៥​) ប៉ូល​បាន​បន្ថែម​ថា​៖ ​«​ដូច​ដាវីឌ​ក៏​បាន​និយាយ​ដែរ​អំពី​សុភមង្គល​របស់​អ្នក​ដែល​ព្រះ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត ដោយ​មិន​អាង​លើ​អ្វី​ដែល​អ្នក​នោះ​ធ្វើ។ គាត់​និយាយ​ថា​៖ ‹អ្នក​ណា​ដែល​បាន​ត្រូវ​លើក​លែង​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​អាក្រក់ ហើយ​ការ​ខុស​ឆ្គង​របស់​ខ្លួន​បាន​ត្រូវ​គ្រប​បាំង អ្នក​នោះ​មាន​សុភមង្គល​ហើយ។ អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​កត់​ទុក​ការ​ខុស​ឆ្គង​របស់​គាត់ អ្នក​នោះ​មាន​សុភមង្គល​ហើយ›​»។ (​រ៉ូម ៤:៦​-​៨; ចសព. ៣២:១, ២​) ព្រះ​អភ័យ​ទោស​ឬ​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​ពួក​អ្នក​ដែល​មាន​ជំនឿ​លើ​លោក។ លោក​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទាំង​ស្រុង ហើយ​លែង​កត់​ទុក​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត។ លោក​ចាត់​ទុក​បុគ្គល​បែប​នេះ​ថា​ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស ហើយ​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​ពួក​គេ។

៧. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​អ្នក​បម្រើ​របស់​ព្រះ​នៅ​អតីតកាល​គឺ​ជា​មនុស្ស​សុចរិត?

ទោះ​ជា​អាប្រាហាំ ដាវីឌ និង​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​របស់​ព្រះ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត​ក្ដី ពួក​គេ​នៅ​តែ​ជា​អ្នក​ដែល​មាន​ការ​ខុស​ឆ្គង​និង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​ដោយ​សារ​ជំនឿ​របស់​ពួក​គេ ព្រះ​ចាត់​ទុក​ពួក​គេ​ថា​ជា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស ជា​ពិសេស​ពេល​ប្រៀប​ធៀប​ជា​មួយ​នឹង​បុគ្គល​ដែល​គ្មាន​ជំនឿ​លើ​លោក។ (​អេភ. ២:១២​) នៅ​ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​ពន្យល់​ថា​យើង​ត្រូវ​មាន​ជំនឿ​ដើម្បី​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ។ អាប្រាហាំ​និង​ដាវីឌ​គឺ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ ដោយ​សារ​ពួក​គាត់​មាន​ជំនឿ​លើ​លោក។ យើង​ក៏​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​ដោយ​សារ​ជំនឿ​របស់​យើង​ដែរ។

តើ​ជំនឿ​និង​ការ​ប្រព្រឹត្ត​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា?

៨​-​៩. តើ​អ្នក​ខ្លះ​បាន​យល់​ខុស​យ៉ាង​ណា​ពី​សំណេរ​របស់​ប៉ូល​និង​យ៉ាកុប ហើយ​ហេតុ​អ្វី?

អស់​រាប់​រយ​ឆ្នាំ ទំនាក់​ទំនង​រវាង​ជំនឿ​និង​ការ​ប្រព្រឹត្ត​បាន​ត្រូវ​ជជែក​តវ៉ា​ក្នុង​ពិភព​គ្រិស្ត​សាសនា។ បព្វជិត​ខ្លះ​បង្រៀន​ថា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ គឺ​គ្រាន់​តែ​ជឿ​លើ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ អ្នក​ប្រហែល​ជា​បាន​ឮ​ពួក​គេ​និយាយ​ថា​៖ ​«​ចូរ​ជឿ​លើ​ព្រះ​យេស៊ូ ហើយ​អ្នក​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​»។ បព្វជិត​ប្រហែល​ជា​ថែម​ទាំង​ដក​ស្រង់​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ​«​ព្រះ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត ដោយ​មិន​អាង​លើ​អ្វី​ដែល​អ្នក​នោះ​ធ្វើ​»។ (​រ៉ូម ៤:៦​) ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា​អ្នក​អាច​សង្គ្រោះ​ខ្លួន​ឯង ដោយ​ទៅ​កន្លែង​ផ្សេង​ៗ​ដែល​វិហារ​ចាត់​ទុក​ថា​បរិសុទ្ធ ហើយ​ដោយ​ធ្វើ​អំពើ​ល្អ។ ពួក​គេ​ប្រហែល​ជា​ដក​ស្រង់​ពាក្យ​នៅ​យ៉ាកុប ២:២៤ ដែល​ថា​៖ ​«​មនុស្ស​ម្នាក់​នឹង​ត្រូវ​ប្រកាស​ថា ជា​មនុស្ស​សុចរិត​ដោយ​សារ​ការ​ប្រព្រឹត្ត មិន​គ្រាន់​តែ​ដោយ​សារ​ជំនឿ​ប៉ុណ្ណោះ​ទេ​»។

ដោយ​សារ​មាន​ទស្សនៈ​ខុស​ៗ​គ្នា​ទាំង​នេះ បណ្ឌិត​ខាង​គម្ពីរ​ខ្លះ​គិត​ថា​ប៉ូល​និង​យ៉ាកុប​មិន​យល់​ស្រប​គ្នា​អំពី​អ្វី​ដែល​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ អ្នក​បង្រៀន​ខាង​សាសនា​ខ្លះ​អះអាង​ថា​ប៉ូល​ជឿ​ថា បុគ្គល​ម្នាក់​ត្រូវ​ការ​តែ​ជំនឿ​ប៉ុណ្ណោះ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ តែ​យ៉ាកុប​ជឿ​ថា​បុគ្គល​ម្នាក់​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ សាស្ត្រាចារ្យ​ម្នាក់​ខាង​សាសនា​បាន​និយាយ​ថា យ៉ាកុប​មិន​យល់​អំពី​មូលហេតុ​ដែល​ប៉ូល​បាន​បញ្ជាក់​ថា​បុគ្គល​ម្នាក់​ត្រូវ​ការ​តែ​ជំនឿ​ប៉ុណ្ណោះ​ដើម្បី​ទៅ​ជា​មនុស្ស​សុចរិត​ទេ ហើយ​ថា​យ៉ាកុប​មិន​យល់​ស្រប​នឹង​ការ​ពន្យល់​របស់​ប៉ូល​ឡើយ។ ប៉ុន្តែ​ទាំង​ប៉ូល​ទាំង​យ៉ាកុប​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា។ (​២ធី. ៣:១៦​) ដូច្នេះ ច្បាស់​ជា​មាន​របៀប​ដ៏​សាមញ្ញ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​របស់​ពួក​គាត់​ស៊ី​គ្នា។ នោះ​គឺ​ដោយ​ពិចារណា​អំពី​អ្វី​ផ្សេង​ទៀត​ដែល​ពួក​គាត់​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​របស់​ពួក​គាត់។

ប៉ូល​បាន​លើក​បញ្ជាក់​ទៅ​គ្រិស្ត​សាសនិក​ជន​ជាតិយូដា​នៅ​ក្រុង​រ៉ូម​ថា​ជំនឿ​គឺ​សំខាន់​ចាំ​បាច់ មិន​មែន​ការ​ប្រព្រឹត្ត​តាម​ច្បាប់​ម៉ូសេ​ទេ ​(​សូម​មើល​វគ្គ​១០​)​ b

១០. តើ​ប៉ូល​និយាយ​អំពី​«​ការ​ប្រព្រឹត្ត​»​ណា​ជា​ពិសេស? (​រ៉ូម ៣:២០, ២១, ២៨​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ តើ​ប៉ូល​បាន​និយាយ​អំពី​«​ការ​ប្រព្រឹត្ត​»​អ្វី​នៅ​រ៉ូម ជំពូក​៣​និង​៤? គាត់​សំដៅ​ជា​ពិសេស​ទៅ​លើ​«​ការ​ប្រព្រឹត្ត​តាម​ច្បាប់​»​ ពោល​គឺ​ច្បាប់​ម៉ូសេ​ដែល​បាន​ត្រូវ​ឲ្យ​នៅ​ភ្នំ​ស៊ីណាយ។ (​សូម​អាន រ៉ូម ៣:២០, ២១, ២៨) តាម​មើល​ទៅ​នៅ​សម័យ​ប៉ូល គ្រិស្ត​សាសនិក​ជន​ជាតិយូដា​ខ្លះ​បាន​ជឿ​ថា​ពួក​គេ​នៅ​តែ​ត្រូវ​ធ្វើ​តាម​ច្បាប់​ម៉ូសេ។ ហេតុ​នេះ​ហើយ ប៉ូល​បាន​លើក​ឡើង​អំពី​គំរូ​របស់​អាប្រាហាំ​ដើម្បី​បង្ហាញ​ថា​ការ​ដែល​ព្រះ​រាប់​ជា​មនុស្ស​សុចរិត​មិន​អាស្រ័យ​លើ​«​ការ​ប្រព្រឹត្ត​តាម​ច្បាប់​»​នោះ​ទេ តែ​អាស្រ័យ​លើ​ជំនឿ។ នេះ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន ដោយ​សារ​នេះ​បង្រៀន​យើង​ថា​បើ​យើង​មាន​ជំនឿ​ទៅ​លើ​ព្រះ​និង​គ្រិស្ត យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។

យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​បង្ហាញ​ជំនឿ​របស់​ពួក​គេ​តាម​រយៈ​«​ការ​ប្រព្រឹត្ត​»​ ដូច​ជា​ធ្វើ​អ្វី​ដ៏​សប្បុរស​ដោយ​មិន​លម្អៀង ​(​សូម​មើល​វគ្គ​១១​-​១២​)​ c

១១. តើ​យ៉ាកុប​បាន​លើក​ឡើង​អំពី​«​ការ​ប្រព្រឹត្ត​»​បែប​ណា?

១១ ផ្ទុយ​ទៅ​វិញ ​«​ការ​ប្រព្រឹត្ត​»​នៅ​យ៉ាកុប ជំពូក​ទី​២ មិន​មែន​ជា​«​ការ​ប្រព្រឹត្ត​តាម​ច្បាប់​»​ដែល​ប៉ូល​បាន​រៀប​រាប់​នោះ​ទេ។ យ៉ាកុប​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត ឬ​សកម្មភាព​ដែល​គ្រិស្ត​សាសនិក​ធ្វើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ ការ​ប្រព្រឹត្ត​បែប​នេះ​បង្ហាញ​ថា តើ​គ្រិស្ត​សាសនិក​ម្នាក់​មាន​ជំនឿ​ពិត​ប្រាកដ​ទៅ​លើ​ព្រះ​ឬ​មិន​មាន។ សូម​ពិចារណា​ឧទាហរណ៍​ពីរ​ដែល​យ៉ាកុប​បាន​ប្រើ។

១២. តើ​យ៉ាកុប​បាន​ពន្យល់​យ៉ាង​ណា​អំពី​ទំនាក់​ទំនង​រវាង​ជំនឿ​និង​ការ​ប្រព្រឹត្ត? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ ក្នុង​ឧទាហរណ៍​ទី​១ យ៉ាកុប​បាន​និយាយ​ថា​គ្រិស្ត​សាសនិក​ត្រូវ​ប្រព្រឹត្ត​ដោយ​មិន​រើស​មុខ​ចំពោះ​អ្នក​ឯ​ទៀត។ គាត់​បង្ហាញ​ចំណុច​នេះ​ដោយ​លើក​ឡើង​អំពី​បុរស​ដែល​បាន​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​អ្នក​មាន តែ​មើល​ងាយ​អ្នក​ក្រ។ យ៉ាកុប​លើក​ឡើង​ថា​បុរស​បែប​នេះ​ប្រហែល​ជា​អះអាង​ថា​ខ្លួន​មាន​ជំនឿ ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​គាត់​គឺ​ផ្ទុយ​ស្រឡះ។ (​យ៉ា. ២:១​-​៥,​) ក្នុង​ឧទាហរណ៍​ទី​២ យ៉ាកុប​បាន​លើក​ឡើង​អំពី​បុគ្គល​ដែល​បាន​ឃើញ​«​បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​ណា​ម្នាក់​គ្មាន​សម្លៀក​បំពាក់ ឬ​អាហារ​គ្រប់​គ្រាន់​»​ ប៉ុន្តែ​មិន​បាន​ផ្ដល់​ជំនួយ​ទេ។ ទោះ​ជា​បុគ្គល​នោះ​អះអាង​ថា​គាត់​មាន​ជំនឿ​ក្ដី ការ​ប្រព្រឹត្ត​របស់​គាត់​បាន​បង្ហាញ​ថា​គាត់​គ្មាន​ជំនឿ​ឡើយ។ ដូច​យ៉ាកុប​បាន​សរសេរ ​«​ប្រសិន​បើ​មាន​ជំនឿ តែ​គ្មាន​ការ​ប្រព្រឹត្ត ជំនឿ​នោះ​គឺ​ស្លាប់​ហើយ​»។—យ៉ា. ២:១៤​-​១៧

១៣. តើ​យ៉ាកុប​បាន​លើក​ឧទាហរណ៍​អ្វី​ដើម្បី​បង្ហាញ​ថា​យើង​ត្រូវ​ការ​ជំនឿ​និង​ការ​ប្រព្រឹត្ត? (​យ៉ាកុប ២:២៥, ២៦​)

១៣ យ៉ាកុប​បាន​លើក​ឡើង​ថា​រ៉ាហាប​ជា​គំរូ​ដ៏​ល្អ​ស្ដី​អំពី​ជំនឿ​ដែល​មាន​ការ​ប្រព្រឹត្ត។ (​សូម​អាន យ៉ាកុប ២:២៥, ២៦) រ៉ាហាប​បាន​ឮ​អំពី​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ស្គាល់​ថា​លោក​កំពុង​គាំទ្រ​ជន​ជាតិ​អ៊ីស្រាអែល។ (​យ៉ូស. ២:៩​-​១១​) គាត់​បាន​បង្ហាញ​ជំនឿ​ដោយ​ការ​ប្រព្រឹត្ត ពោល​គឺ​គាត់​បាន​ការ​ពារ​អ្នក​ស៊ើប​ការណ៍​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ពេល​ដែល​ពួក​គេ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។ ជា​លទ្ធផល ស្ត្រី​មិន​ល្អ​ឥត​ខ្ចោះ​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​នេះ​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត ដូច​ដែល​អាប្រាហាំ​បាន​ត្រូវ​ចាត់​ទុក​ដែរ។ គំរូ​របស់​ស្ត្រី​នោះ​បញ្ជាក់​ថា​ជំនឿ​ដែល​មាន​ការ​ប្រព្រឹត្ត​គឺ​សំខាន់​ណាស់។

១៤. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​សំណេរ​របស់​ប៉ូល​និង​របស់​យ៉ាកុប​មិន​ប្រឆាំង​គ្នា?

១៤ ដូច្នេះ ប៉ូល​និង​យ៉ាកុប​កំពុង​ពន្យល់​អំពី​ជំនឿ​និង​ការ​ប្រព្រឹត្ត​តាម​របៀប​ពីរ​ផ្សេង​គ្នា។ ប៉ូល​កំពុង​ប្រាប់​គ្រិស្ត​សាសនិក​ជន​ជាតិយូដា​ថា​ពួក​គេ​នឹង​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដោយ​សារ​តែ​ធ្វើ​តាម​ច្បាប់​ម៉ូសេ​ឡើយ។ យ៉ាកុប​បញ្ជាក់​ថា​គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​បង្ហាញ​ជំនឿ​របស់​ពួក​គេ​ដោយ​ធ្វើ​ល្អ​ចំពោះ​អ្នក​ឯ​ទៀត។

តើ​ជំនឿ​របស់​អ្នក​ជំរុញ​អ្នក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឬ​ទេ? ​(​សូម​មើល​វគ្គ​១៥​)​

១៥. តើ​យើង​អាច​បង្ហាញ​ថា​យើង​មាន​ជំនឿ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​តាម​របៀប​ណា​ខ្លះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ ព្រះ​យេហូវ៉ា​មិន​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​លោក​ចាត់​ទុក​យើង​ជា​មនុស្ស​សុចរិត យើង​ត្រូវ​តែ​ធ្វើ​ដូច​អាប្រាហាំ​បេះ​បិទ​នោះ​ទេ។ តាម​ពិត មាន​របៀប​ជា​ច្រើន​ដែល​យើង​អាច​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​ថា​យើង​មាន​ជំនឿ។ ជា​ឧទាហរណ៍ យើង​អាច​ស្វាគមន៍​អ្នក​ថ្មី​នៅ​ក្រុម​ជំនុំ ជួយ​បង​ប្អូន​ដែល​ពិត​ជា​ត្រូវ​ការ​ជំនួយ និង​ធ្វើ​ល្អ​ដល់​សមាជិក​ក្រុម​គ្រួសារ​របស់​យើង។ អ្វី​ទាំង​អស់​នេះ​ជា​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត​និង​នាំ​ឲ្យ​ទទួល​ពរ។ (​រ៉ូម ១៥:៧; ១ធី. ៥:៤, ៨; ១​យ៉ូន. ៣:១៨​) របៀប​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​បង្ហាញ​ថា​យើង​មាន​ជំនឿ គឺ​ដោយ​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត​យ៉ាង​ខ្នះខ្នែង។ (​១ធី. ៤:១៦​) យើង​ទាំង​អស់​គ្នា​អាច​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​ថា យើង​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា​នឹង​មក​ជា​ពិត ហើយ​ថា​ផ្លូវ​របស់​លោក​គឺ​ល្អ​បំផុត។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ព្រះ​នឹង​រាប់​យើង​ជា​មនុស្ស​សុចរិត ហើយ​ហៅ​យើង​ជា​មិត្ត​សម្លាញ់​របស់​លោក។

សេចក្ដី​សង្ឃឹម​គឺ​ចាំ​បាច់​ដើម្បី​មាន​ជំនឿ

១៦. តើ​សេចក្ដី​សង្ឃឹម​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ជំនឿ​របស់​អាប្រាហាំ?

១៦ រ៉ូម ជំពូក​៤ លើក​បញ្ជាក់​អំពី​មេ​រៀន​ដ៏​សំខាន់​ចាំ​បាច់​ផ្សេង​ទៀត​ដែល​យើង​អាច​រៀន​ពី​អាប្រាហាំ គឺ​សារៈ​សំខាន់​នៃ​សេចក្ដី​សង្ឃឹម។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​តាម​រយៈ​អាប្រាហាំ ​«​ប្រជា​ជាតិ​ជា​ច្រើន​»​នឹង​ទទួល​ពរ។ សូម​ស្រមៃ​គិត​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​អាប្រាហាំ​មាន។ (​ដក. ១២:៣; ១៥:៥; ១៧:៤; រ៉ូម ៤:១៧​) ប៉ុន្តែ ទោះ​ជា​អាប្រាហាំ​មាន​អាយុ​១០០​ឆ្នាំ ហើយ​សារ៉ា​មាន​អាយុ​៩០​ឆ្នាំ​ក្ដី កូន​ដែល​បាន​ត្រូវ​សន្យា​នោះ​មិន​ទាន់​កើត​មក​ទេ។ តាម​ទស្សនៈ​របស់​មនុស្ស មើល​ទៅ​អាប្រាហាំ​និង​សារ៉ា​មិន​អាច​មាន​កូន​ឡើយ។ នេះ​ជា​ការ​ល្បង​ល​សម្រាប់​អាប្រាហាំ​មែន។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ​«​គាត់​បាន​ជឿ​ជាក់​ថា​គាត់​នឹង​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន​»។ (​រ៉ូម ៤:១៨, ១៩​) នៅ​ទី​បំផុត អ្វី​ដែល​អាប្រាហាំ​បាន​សង្ឃឹម​បាន​ក្លាយ​ជា​ការ​ពិត​មែន។ គាត់​បាន​ទៅ​ជា​ឪពុក​របស់​អ៊ីសាក​ជា​កូន​ប្រុស​ដែល​គាត់​បាន​ទន្ទឹង​រង់​ចាំ​ដោយ​ក្ដី​សង្ឃឹម។—រ៉ូម ៤:២០​-​២២

១៧. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​អាច​ត្រូវ​រាប់​ជា​មនុស្ស​សុចរិត​ជា​មិត្ត​សម្លាញ់​របស់​ព្រះ?

១៧ យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​រាប់​ជា​មនុស្ស​សុចរិត ព្រម​ទាំង​ជា​មិត្ត​សម្លាញ់​របស់​លោក ដូច​អាប្រាហាំ។ តាម​ពិត នេះ​ជា​អ្វី​ដែល​ប៉ូល​បាន​លើក​បញ្ជាក់​ពេល​គាត់​សរសេរ​ថា​៖ ​«​ពាក្យ​ក្នុង​បទ​គម្ពីរ​ដែល​ថា​៖ ‹គាត់​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត› គឺ​មិន​មែន​សម្រាប់​តែ​[​អាប្រាហាំ​]​ប៉ុណ្ណោះ​ទេ។ តែ​ក៏​សម្រាប់​យើង​ដែរ ជា​អ្នក​ដែល​ព្រះ​នឹង​កំណត់​ថា​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត ពីព្រោះ​យើង​បាន​ជឿ​លោក​ដែល​បាន​ប្រោស​លោក​យេស៊ូ . . . ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​»។ (​រ៉ូម ៤:២៣, ២៤​) ដូច​អាប្រាហាំ យើង​ត្រូវ​មាន​ទាំង​ជំនឿ​ទាំង​ការ​ប្រព្រឹត្ត ព្រម​ទាំង​មាន​សេចក្ដី​សង្ឃឹម​ផង​ដែរ។ ប៉ូល​បន្ត​និយាយ​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​នៅ​រ៉ូម ជំពូក​ទី​៥ ហើយ​នេះ​ជា​អ្វី​ដែល​យើង​នឹង​ពិចារណា​ក្នុង​អត្ថបទ​បន្ទាប់។

ចម្រៀង​លេខ​២៨ ការ​ចង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

a យើង​ចង់​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​ឲ្យ​លោក​ចាត់​ទុក​យើង​ថា​ជា​មនុស្ស​សុចរិត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ប្រើ​សំណេរ​របស់​ប៉ូល​និង​យ៉ាកុប​ដើម្បី​ពិចារណា​អំពី​របៀប​ធ្វើ​ដូច្នេះ​បាន ហើយ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​មាន​ទាំង​ជំនឿ​ទាំង​ការ​ប្រព្រឹត្ត​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ជន​ជាតិយូដា​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ជំនឿ មិន​មែន​ទៅ​លើ​«​ការ​ប្រព្រឹត្ត​តាម​ច្បាប់​»​ទេ ដូច​ជា​ការ​ពាក់​ខ្សែ​ពណ៌​ខៀវ​នៅ​លើ​រំយោល​ជាយ​អាវ ធ្វើ​បុណ្យ​រំលង និង​ការ​លាង​សម្អាត​តាម​ទំនៀម​ទម្លាប់​សាសនា។

c ការ​ពណ៌នា​អំពី​រូប​ភាព​៖ យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បង្ហាញ​ជំនឿ​ដោយ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ឯ​ទៀត ដូច​ជា​ជួយ​ជន​ក្រី​ក្រ។