បទពិសោធន៍
ការបង្ហាញសេចក្ដីអាណិតមេត្តាចំពោះមនុស្សគ្រប់ប្រភេទ
ថ្ងៃមួយ បងស្រីម្នាក់នៅប្រទេសនូវែលសេឡង់ បានមើលវីដេអូមួយនៅគេហទំព័រjw.org ដែលពិគ្រោះអំពីរបៀបដែលព្រះយេហូវ៉ាមិនគ្រាន់តែមានអារម្មណ៍អាណិតមេត្តាប៉ុណ្ណោះទេ តែក៏បង្ហាញសេចក្ដីអាណិតមេត្តាផងដែរ។ (អេ. ៦៣:៧-៩) គាត់បានសម្រេចចិត្តអនុវត្តអ្វីដែលគាត់បានរៀនដោយរកឱកាសផ្ដល់ជំនួយដល់អ្នកឯទៀត។ ក្រោយមកនៅថ្ងៃនោះ កាលដែលគាត់កំពុងដើរផ្សារ គាត់បានជួបស្ត្រីម្នាក់ដែលគ្មានផ្ទះសម្បែង ហើយបានស្នើសុំទិញអាហារឲ្យស្ត្រីនោះ។ ស្ត្រីនោះព្រមទទួល។ ពេលបងស្រីនោះត្រឡប់មកពីទិញអាហារវិញ គាត់បានយកឱកាសនេះដើម្បីប្រាប់ស្ត្រីនោះអំពីព្រះយេហូវ៉ា ដោយប្រើខិត្តប័ណ្ណដែលមានចំណងជើងថា តើទុក្ខវេទនានឹងមានរហូតឬ?
ស្រាប់តែពេលនោះ ស្ត្រីនោះចាប់ផ្ដើមយំ។ គាត់បានពន្យល់ថាគាត់បានត្រូវចិញ្ចឹមអប់រំជាសាក្សីម្នាក់ តែបានចាកចេញពីសេចក្ដីពិតច្រើនឆ្នាំមុន។ ប៉ុន្តែ ថ្មីៗនេះគាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាសុំលោកជួយគាត់ឲ្យត្រឡប់មកលោកវិញ។ បងស្រីនោះបានឲ្យគម្ពីរមួយក្បាលដល់ស្ត្រីនោះ ហើយបានរៀបចំដើម្បីបង្រៀនគម្ពីរដល់គាត់។ a
យើងអាចបង្ហាញសេចក្ដីអាណិតមេត្តាដូចព្រះយេហូវ៉ាចំពោះមនុស្ស រួមមានសាច់ញាតិរបស់យើងនិងបងប្អូនក្នុងក្រុមជំនុំ។ ម្យ៉ាងទៀត យើងអាចបង្ហាញសេចក្ដីអាណិតមេត្តាដោយរកឱកាសផ្សព្វផ្សាយដល់អ្នកឯទៀត។
a ដើម្បីរៀនអំពីរបៀបជួយបងប្អូនអសកម្ម សូមមើលអត្ថបទដែលមានចំណងជើងថា ‹ចូរវិលមកឯខ្ញុំវិញចុះ› ក្នុងទស្សនាវដ្ដីប៉មយាម ខែមិថុនា ឆ្នាំ២០២០។