លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥៣

ប្អូនៗប្រុសវ័យក្មេង ចូរទៅជាបុរសគ្រិស្តសាសនិកដែលមានភាពចាស់ទុំ

ប្អូនៗប្រុសវ័យក្មេង ចូរទៅជាបុរសគ្រិស្តសាសនិកដែលមានភាពចាស់ទុំ

​«​[​ចូរ​]​មាន​ភាព​ជា​បុរស​ពេញ​វ័យ ហើយ​ស្មើ​កម្រិត​កម្ពស់​របស់​គ្រិស្ត​»។—អេភ. ៤:១៣

ចម្រៀង​លេខ​១៣៥ ពាក្យ​អង្វរ​របស់​ព្រះ​យេហូវ៉ា​៖ ​«​កូន​អើយ ចូរ​មាន​ប្រាជ្ញា​»​

សេចក្ដី​សង្ខេប a

១. តើ​បុរស​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ?

 សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ថា ចូរ​«​មាន​ភាព​ជា​បុរស​ពេញ​វ័យ ហើយ​ស្មើ​កម្រិត​កម្ពស់​របស់​គ្រិស្ត​»។ (​អេភ. ៤:១៣​) បុរស​គ្រិស្ត​សាសនិក​ទាំង​អស់​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​គួរ​ធ្វើ​តាម​ដំបូន្មាន​នេះ​ដែរ។ ដើម្បី​ធ្វើ​ដូច្នេះ ពួក​គេ​ត្រូវ​រៀន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​និង​អនុវត្ត​គោល​ការណ៍​គម្ពីរ​ក្នុង​គ្រប់​សកម្មភាព​របស់​ពួក​គេ។ (​លូក. ២:៥២​) ហេតុ​អ្វី​គឺ​សំខាន់​ម្ល៉េះ​ឲ្យ​ប្អូន​ប្រុស​វ័យ​ក្មេង​ទៅ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ?

២​-​៣. ហេតុ​អ្វី​សំខាន់​ឲ្យ​ប្អូន​ប្រុស​វ័យ​ក្មេង​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ?

បុរស​គ្រិស្ត​សាសនិក​បំពេញ​តួ​នាទី​សំខាន់​ក្នុង​ក្រុម​គ្រួសារ​និង​ក្នុង​ក្រុម​ជំនុំ។ ប្អូន​ប្រុស​វ័យ​ក្មេង ប្អូន​ច្បាស់​ជា​បាន​គិត​អំពី​ភារកិច្ច​ដែល​ប្អូន​អាច​មាន​នៅ​ថ្ងៃ​អនាគត។ ប្អូន​ប្រហែល​ជា​មាន​គោល​ដៅ​ទៅ​ជា​អ្នក​បម្រើ​ពេញ​ពេល ជំនួយ​ការ​ខាង​កិច្ច​បម្រើ និង​ក្រោយ​មក​ទៅ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ ប្អូន​ក៏​ប្រហែល​ជា​ចង់​រៀប​ការ​និង​មាន​កូន​ដែរ។ (​អេភ. ៦:៤; ១ធី. ៣:១​) ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នេះ​និង​ទទួល​ជោគ​ជ័យ ប្អូន​ត្រូវ​មាន​ភាព​ចាស់​ទុំ​ជា​គ្រិស្ត​សាសនិក។ b

តើ​អ្វី​អាច​ជួយ​ប្អូន​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ? មាន​ជំនាញ​សំខាន់​ផ្សេង​ៗ​ដែល​ប្អូន​ត្រូវ​បណ្ដុះ​ឲ្យ​មាន។ តើ​ប្អូន​ត្រូវ​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ជោគ​ជ័យ​ក្នុង​ការ​បំពេញ​តួ​នាទី​ដែល​ប្អូន​ប្រហែល​ជា​នឹង​មាន​នៅ​ថ្ងៃ​ខាង​មុខ?

ជំហាន​ដើម្បី​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ

ការ​មាន​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​ដូច​លោក​យេស៊ូ​អាច​ជួយ​ប្អូន​ឲ្យ​ទៅ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ ​(​សូម​មើល​វគ្គ​៤​)​

៤. តើ​ប្អូន​អាច​រក​ឃើញ​គំរូ​ល្អ​នៅ​ឯ​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ចូរ​ជ្រើស​រើស​គំរូ​ល្អ​ដើម្បី​យក​តម្រាប់។ គម្ពីរ​ពេញ​ទៅ​ដោយ​គំរូ​ល្អ​សម្រាប់​បុរស​វ័យ​ក្មេង​ឲ្យ​យក​តម្រាប់។ បុរស​ទាំង​នោះ​ពី​អតីតកាល​ស្រឡាញ់​ព្រះ និង​បាន​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ការ​មើល​ថែ​រាស្ត្រ​របស់​លោក។ ប្អូន​ក៏​អាច​រក​ឃើញ​គំរូ​ល្អ​ក្នុង​ចំណោម​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ប្អូន​ផ្ទាល់​និង​ក្នុង​ក្រុម​ជំនុំ​របស់​ប្អូន។ (​ហេ. ១៣:៧​) ម្យ៉ាង​ទៀត ប្អូន​មាន​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ គឺ​លោក​យេស៊ូ​គ្រិស្ត។ (​១ពេ. ២:២១​) កាល​ដែល​ប្អូន​សិក្សា​គំរូ​ទាំង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ សូម​ពិចារណា​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​ពួក​គេ។ (​ហេ. ១២:១, ២​) ក្រោយ​មក សូម​សម្រេច​ចិត្ត​អំពី​របៀប​ដែល​ប្អូន​នឹង​យក​តម្រាប់​បុរស​ទាំង​នោះ។

៥. តើ​ប្អូន​អាច​បណ្ដុះ​សមត្ថភាព​រិះ​គិត​តាម​របៀប​ណា ហើយ​ហេតុ​អ្វី​នេះ​សំខាន់? (​ចម្រៀង​សរសើរ​ព្រះ ១១៩:៩​)

ចូរ​បណ្ដុះ​និង​«​ការ​ពារ​សមត្ថភាព​រិះ​គិត​»។ (​សុភ. ៣:២១​) បុរស​ដែល​មាន​សមត្ថភាព​រិះ​គិត​មិន​ឆាប់​ប្រព្រឹត្ត តែ​គាត់​គិត​យ៉ាង​ដិត​ដល់​មុន​គាត់​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ ដូច្នេះ ចូរ​ខំ​ព្យាយាម​រក្សា​សមត្ថភាព​នេះ។ ហេតុ​អ្វី? ពីព្រោះ​ពិភព​លោក​នេះ​ពោរ​ពេញ​ទៅ​ដោយ​បុរស​វ័យ​ក្មេង​ដែល​ឲ្យ​ទស្សនៈ​របស់​ខ្លួន​ដឹក​នាំ​ពួក​គេ ឬ​ចេះ​តែ​ប្រព្រឹត្ត​តាម​អារម្មណ៍។ (​សុភ. ៧:៧; ២៩:១១​) ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ក៏​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ប្អូន។ ប៉ុន្តែ តើ​ប្អូន​អាច​បណ្ដុះ​សមត្ថភាព​រិះ​គិត​យ៉ាង​ដូច​ម្ដេច? ជា​ដំបូង សូម​ចាប់​ផ្ដើម​ដោយ​រៀន​គោល​ការណ៍​គម្ពីរ ហើយ​គិត​ពិចារណា​ថា​ហេតុ​អ្វី​គោល​ការណ៍​ទាំង​នោះ​មាន​ប្រយោជន៍។ រួច​មក សូម​ប្រើ​គោល​ការណ៍​ទាំង​នោះ​ដើម្បី​ជួយ​ប្អូន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:៩) បើ​ប្អូន​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​នេះ នោះ​នឹង​ជួយ​ប្អូន​ឲ្យ​ទៅ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ (​សុភ. ២:១១, ១២; ហេ. ៥:១៤​) សូម​គិត​ពិចារណា​អំពី​របៀប​ដែល​សមត្ថភាព​រិះ​គិត​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្អូន​ក្នុង​ស្ថានភាព​ពីរ​យ៉ាង​គឺ​៖ (​១​) ការ​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​ស្រី និង​(​២​) ការ​សម្រេច​ចិត្ត​អំពី​អាការ​ក្រៅ​របស់​ខ្លួន។

៦. តើ​សមត្ថភាព​រិះ​គិត​នឹង​ជួយ​ប្អូន​ប្រុស​វ័យ​ក្មេង​យ៉ាង​ដូច​ម្ដេច​ឲ្យ​បង្ហាញ​ការ​គោរព​ចំពោះ​បង​ប្អូន​ស្រី?

សមត្ថភាព​រិះ​គិត​នឹង​ជួយ​ប្អូន​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​ចំពោះ​ស្ត្រី។ គឺ​ជា​រឿង​ធម្មតា​និង​សម​ត្រឹម​ត្រូវ​ដែល​ប្អូន​ប្រុស​វ័យ​ក្មេង​ចាប់​អារម្មណ៍​បង្កើត​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ប្អូន​ស្រី​គ្រិស្ត​សាសនិក។ ប៉ុន្តែ បុរស​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​រិះ​គិត​នឹង​មិន​និយាយ សរសេរ ឬ​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​គាត់​ចង់​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​ប្អូន​ស្រី​ណា​ម្នាក់​បើ​គាត់​គ្មាន​បំណង​យក​នាង​ធ្វើ​ជា​គូ​អនាគត​ឡើយ។ (​១ធី. ៥:១, ២​) បើ​គាត់​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​ប្អូន​ស្រី​ណា​ម្នាក់ គាត់​នឹង​ការ​ពារ​កេរ្តិ៍​ឈ្មោះ​ល្អ​របស់​នាង ដោយ​មិន​នៅ​តែ​ពីរ​នាក់​នាង លុះ​ត្រា​តែ​បាន​សុំ​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​កំដរ​ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ។—១កូ. ៦:១៨

៧. តើ​សមត្ថភាព​រិះ​គិត​នឹង​ជួយ​ប្អូន​ប្រុស​វ័យ​ក្មេង​យ៉ាង​ណា​ពេល​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ស្ដី​អំពី​របៀប​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន?

របៀប​មួយ​ទៀត​ដែល​បុរស​វ័យ​ក្មេង​បង្ហាញ​ថា​គាត់​បាន​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​រិះ​គិត គឺ​ដោយ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​អំពី​របៀប​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន។ ម៉ូដ​ពេញ​និយម​ភាគ​ច្រើន​បាន​ត្រូវ​រចនា​ឡើង​ឬ​ក៏​លើក​ស្ទួយ ដោយ​មនុស្ស​ដែល​មិន​គោរព​ព្រះ​យេហូវ៉ា ឬ​ដោយ​មនុស្ស​ដែល​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌។ គំនិត​ដែល​ប្រាស​ចាក​សីលធម៌​របស់​ពួក​គេ​ស្ដែង​ចេញ​តាម​រយៈ​ម៉ូដ​សម្លៀក​បំពាក់​ដែល​រឹប ឬ​ដែល​ឲ្យ​បុរស​អាច​មើល​ទៅ​ដូច​ស្រី។ ពេល​ជ្រើស​រើស​អ្វី​ស្លៀក​ពាក់ បុរស​វ័យ​ក្មេង​ដែល​កំពុង​ព្យាយាម​ឲ្យ​មាន​ភាព​ចាស់​ទុំ​នឹង​ឲ្យ​គោល​ការណ៍​គម្ពីរ​ដឹក​នាំ ហើយ​ធ្វើ​តាម​គំរូ​ល្អ​ក្នុង​ក្រុម​ជំនុំ។ គាត់​អាច​សួរ​ខ្លួន​គាត់​ថា ‹តើ​ជម្រើស​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ដឹង​ខុស​ត្រូវ​និង​គិត​ដល់​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​របៀប​ដែល​ខ្ញុំ​ស្លៀក​ពាក់​ងាយ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​ថា​ខ្ញុំ​ជា​អ្នក​បម្រើ​ព្រះ​ឬ​ទេ?›។ (​១កូ. ១០:៣១​-​៣៣; ទីត. ២:៦​) បុរស​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​រិះ​គិត​មិន​គ្រាន់​តែ​នឹង​ទទួល​ការ​គោរព​ឲ្យ​តម្លៃ​ពី​បង​ប្អូន​រួម​ជំនឿ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​មាន​តម្លៃ​ចំពោះ​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌​ផង​ដែរ។

៨. តើ​បុរស​វ័យ​ក្មេង​អាច​រៀន​ឲ្យ​ទៅ​ជា​បុគ្គល​ដែល​អាច​ពឹង​ពាក់​បាន​យ៉ាង​ដូច​ម្ដេច?

ចូរ​ធ្វើ​ជា​មនុស្ស​ដែល​ពឹង​ពាក់​បាន។ បុរស​វ័យ​ក្មេង​ដែល​ពឹង​ពាក់​បាន បំពេញ​ភារកិច្ច​ទាំង​អស់​របស់​គាត់​ដោយ​ចិត្ត​ខ្នះខ្នែង។ (​លូក. ១៦:១០​) សូម​គិត​អំពី​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ។ លោក​មិន​ដែល​ធ្វេស​ប្រហែស​ឬ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​លោក ទោះ​ជា​ភារកិច្ច​នោះ​ពិបាក​ក្ដី។ លោក​ស្រឡាញ់​មនុស្ស ជា​ពិសេស​ពួក​អ្នក​កាន់​តាម​លោក ហើយ​លោក​សុខ​ចិត្ត​លះ​បង់​ជីវិត​ដើម្បី​ពួក​គេ។ (​យ៉ូន. ១៣:១​) ដោយ​យក​តម្រាប់​លោក​យេស៊ូ សូម​ខំ​ប្រឹង​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​ប្អូន​បាន​ទទួល។ បើ​ប្អូន​មិន​ច្បាស់​អំពី​របៀប​ធ្វើ​ភារកិច្ច​នោះ​ទេ សូម​មាន​ចិត្ត​រាប​ទាប​និង​សុំ​ជំនួយ​ពី​បង​ប្រុស​ដែល​មាន​ភាព​ចាស់​ទុំ។ សូម​កុំ​ព្យាយាម​ធ្វើ​លំ​ៗ​ឡើយ។ (​រ៉ូម ១២:១១​) ផ្ទុយ​ទៅ​វិញ សូម​បង្ហើយ​ភារកិច្ច​របស់​ប្អូន ដោយ​«​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា មិន​មែន​ដើម្បី​មនុស្ស​ទេ​»។ (​កូឡ. ៣:២៣​) ប្អូន​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ឡើយ ដូច្នេះ​សូម​មាន​ចិត្ត​សុភាព ហើយ​សារភាព​កំហុស​ពេល​ប្អូន​ធ្វើ​ខុស។—សុភ. ១១:២

ចូរ​បណ្ដុះ​ជំនាញ​ដែល​មាន​ប្រយោជន៍

៩. ហេតុ​អ្វី​ប្អូន​ប្រុស​វ័យ​ក្មេង​ត្រូវ​បណ្ដុះ​ជំនាញ​ដែល​មាន​ប្រយោជន៍?

ដើម្បី​ទៅ​ជា​បុរស​ដែល​មាន​ភាព​ចាស់​ទុំ ប្អូន​នឹង​ត្រូវ​បណ្ដុះ​ជំនាញ​ដែល​មាន​ប្រយោជន៍។ ជំនាញ​ទាំង​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ រក​ការ​ងារ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង​ឬ​ក្រុម​គ្រួសារ ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។ សូម​គិត​អំពី​ជំនាញ​សំខាន់​ចាំ​បាច់​ទាំង​នេះ​ខ្លះ។

ការ​អាន​និង​ការ​សរសេរ​ឲ្យ​បាន​ស្ទាត់​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្អូន​និង​ក្រុម​ជំនុំ ​(​សូម​មើល​វគ្គ​១០​-​១១​)​

១០​-​១១. តើ​ការ​រៀន​ឲ្យ​ចេះ​អាន​និង​សរសេរ​យ៉ាង​ស្ទាត់​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាង​ណា​ដល់​ប្អូន​ប្រុស​វ័យ​ក្មេង​ផ្ទាល់​និង​ក្រុម​ជំនុំ​របស់​គាត់? (​ចម្រៀង​សរសើរ​ព្រះ ១:១​-​៣​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ ចូរ​អាន​និង​សរសេរ​ឲ្យ​បាន​ស្ទាត់។ គម្ពីរ​ចែង​ថា​បុរស​ជោគ​ជ័យ​ដែល​សប្បាយ​រីករាយ ចំណាយ​ពេល​រាល់​ថ្ងៃ​ដើម្បី​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​ព្រះ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១:១​-​៣) ដោយ​អាន​គម្ពីរ​រាល់​ថ្ងៃ គាត់​នឹង​ស្គាល់​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​ដែល​នឹង​ជួយ​គាត់​ឲ្យ​គិត​យ៉ាង​ច្បាស់​និង​វែក​ញែក​យ៉ាង​ល្អ។ (​សុភ. ១:៣, ៤​) ក្រុម​ជំនុំ​ត្រូវ​ការ​បុរស​បែប​នេះ។ ហេតុ​អ្វី?

១១ បង​ប្អូន​របស់​យើង​ត្រូវ​ការ​ជំនួយ​ពី​បុរស​ដែល​អាច​បង្រៀន​និង​ឲ្យ​ឱវាទ​ពី​គម្ពីរ។ (​ទីត. ១:៩​) បើ​ប្អូន​អាច​អាន​និង​សរសេរ​យ៉ាង​ស្ទាត់ ប្អូន​នឹង​អាច​រៀប​ចំ​សុន្ទរកថា​និង​ចម្លើយ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត ហើយ​ពង្រឹង​ជំនឿ​ពួក​គេ។ ប្អូន​ក៏​អាច​កត់​កំណត់​ដែល​មាន​ប្រយោជន៍​កាល​ដែល​ប្អូន​សិក្សា​និង​កាល​ដែល​ប្អូន​ស្ដាប់​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ សន្និបាត និង​មហា​សន្និបាត។ កំណត់​ទាំង​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ពង្រឹង​ជំនឿ​របស់​ខ្លួន ហើយ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។

១២. តើ​អ្វី​នឹង​ជួយ​ប្អូន​ឲ្យ​ចេះ​ប្រាស្រ័យ​ទាក់​ទង​ល្អ?

១២ ចូរ​ចេះ​ប្រាស្រ័យ​ទាក់​ទង​ល្អ។ បុរស​គ្រិស្ត​សាសនិក​ត្រូវ​រៀន​ឲ្យ​ចេះ​ប្រាស្រ័យ​ទាក់​ទង​ឲ្យ​បាន​ល្អ។ បុរស​ដែល​ចេះ​ប្រាស្រ័យ​ទាក់​ទង​ល្អ ស្ដាប់​និង​យល់​គំនិត​ព្រម​ទាំង​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ (​សុភ. ២០:៥​) គាត់​អាច​រៀន​ឲ្យ​ចេះ​យល់​អំពី​អ្នក​ឯ​ទៀត​ដោយ​ស្ដាប់​តុង​សំឡេង មើល​ទឹក​មុខ​និង​កាយ​វិការ​របស់​អ្នក​នោះ។ ប្អូន​មិន​អាច​រៀន​ឲ្យ​ចេះ​ធ្វើ​ដូច្នេះ​ដោយ​មិន​ចំណាយ​ពេល​ជា​មួយ​អ្នក​ឯ​ទៀត​ឡើយ។ បើ​ប្អូន​តែង​តែ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដូច​ជា​អ៊ីមែល​និង​សារ​ជា​ដើម នេះ​អាច​ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់​ទង​ដោយ​ផ្ទាល់​របស់​ប្អូន​ជា​មួយ​អ្នក​ឯ​ទៀត​ចុះ​ខ្សោយ។ ដូច្នេះ សូម​បង្កើត​ឱកាស​ដើម្បី​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​ដោយ​ផ្ទាល់។—២យ៉ូន. ១២

គឺ​ជា​ការ​ល្អ​ឲ្យ​រៀន​ជំនាញ​មួយ​ដែល​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​ការ​ងារ ​(​សូម​មើល​វគ្គ​១៣​)​

១៣. តើ​បុរស​វ័យ​ក្មេង​ត្រូវ​រៀន​អ្វី​ទៀត? (​ធីម៉ូថេ​ទី១ ៥:៨​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ ចូរ​រៀន​រក​លុយ​ដោយ​ខ្លួន​ឯង។ បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ត្រូវ​ចេះ​ផ្គត់​ផ្គង់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​របស់​គាត់។ (​សូម​អាន ធីម៉ូថេ​ទី១ ៥:៨) ក្នុង​ប្រទេស​ខ្លះ ប្អូន​ប្រុស​វ័យ​ក្មេង​ប្រហែល​ជា​រៀន​ជំនាញ​ការ​ងារ​ណា​មួយ​ពី​ឪពុក​របស់​គាត់​ឬ​ពី​សាច់​ញាតិ​ឯ​ទៀត។ រីឯ​នៅ​ប្រទេស​ផ្សេង បុរស​វ័យ​ក្មេង​ប្រហែល​ជា​រៀន​ជំនាញ​មួយ​ឬ​ការ​ងារ​ផ្សេង​ទៀត​ពេល​គាត់​រៀន​នៅ​វិទ្យាល័យ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​ជា​ការ​ល្អ​ឲ្យ​រៀន​ជំនាញ​មួយ​ដែល​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​ការ​ងារ។ (​សកម្ម. ១៨:២, ៣; ២០:៣៤; អេភ. ៤:២៨​) ចូរ​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​ដែល​ខំ​ប្រឹង​ធ្វើ​ការ​និង​ដែល​ជាប់​នឹង​កិច្ច​ការ​ណា​មួយ​រហូត​ដល់​វា​ហើយ​រួច​រាល់។ បើ​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​ទំនង​ជា​ងាយ​រក​ការ​ងារ​និង​រក្សា​ការ​ងារ​នោះ។ គុណ​សម្បត្តិ​និង​ជំនាញ​ដែល​យើង​បាន​ពិចារណា​ក៏​សំខាន់​សម្រាប់​គ្រិស្ត​សាសនិក​ដើម្បី​គាត់​អាច​បំពេញ​តួ​នាទី​នៅ​ថ្ងៃ​ខាង​មុខ។ សូម​យើង​ពិចារណា​តួ​នាទី​ខ្លះ។

ចូរ​ត្រៀម​ខ្លួន​សម្រាប់​តួ​នាទី​ខាង​មុខ

១៤. តើ​ប្អូន​ប្រុស​វ័យ​ក្មេង​អាច​ត្រៀម​ខ្លួន​ដើម្បី​ទៅ​ជា​អ្នក​បម្រើ​ពេញ​ពេល​យ៉ាង​ដូច​ម្ដេច?

១៤ អ្នក​បម្រើ​ពេញ​ពេល។ បុរស​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​ដែល​មាន​ភាព​ចាស់​ទុំ ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​កាល​ដែល​ពួក​គេ​នៅ​វ័យ​ក្មេង។ ការ​ត្រួស​ត្រាយ​ជួយ​បុរស​វ័យ​ក្មេង​ឲ្យ​ចេះ​សហការ​ជា​មួយ​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា។ នេះ​ក៏​ជួយ​គាត់​ឲ្យ​ចាយ​វាយ​ដោយ​ចេះ​គិត ហើយ​មិន​ចំណាយ​លើស​ពី​ចំណូល​របស់​ខ្លួន។ (​ភី. ៤:១១​-​១៣​) របៀប​ល្អ​មួយ​ដើម្បី​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​គឺ​ដោយ​ត្រួស​ត្រាយ​ជំនួយ។ បង​ប្អូន​ជា​ច្រើន​នាក់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​អស់​មួយ​រយៈ​ពេល ហើយ​នោះ​ជួយ​ពួក​គេ​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល។ ការ​ត្រួស​ត្រាយ​ប្រហែល​ជា​បើក​ឱកាស​ឲ្យ​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល​ផ្សេង​ទៀត រួម​មាន​ការ​ធ្វើ​ជា​អ្នក​បម្រើ​ផ្នែក​សាង​សង់​ឬ​សមាជិក​បេតអែល។

១៥​-​១៦. តើ​តាម​របៀប​ណា​ប្អូន​ប្រុស​វ័យ​ក្មេង​អាច​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ក្នុង​ក្រុម​ជំនុំ?

១៥ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​អ្នក​ចាស់​ទុំ។ បុរស​គ្រិស្ត​សាសនិក​គួរ​មាន​គោល​ដៅ​បណ្ដុះ​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទៅ​ជា​អ្នក​ចាស់​ទុំ​ដើម្បី​បម្រើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ គម្ពីរ​ចែង​ថា​បុរស​ដែល​ព្យាយាម​ឲ្យ​បាន​តួ​នាទី​នេះ​«​ចង់​បាន​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​»។ (​១ធី. ៣:១​) មុន​បម្រើ​ជា​អ្នក​ចាស់​ទុំ បង​ប្អូន​ប្រុស​ត្រូវ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជួយ​ពួក​អ្នក​ចាស់​ទុំ​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ ទាំង​ពួក​អ្នក​ចាស់​ទុំ​ទាំង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ បម្រើ​បង​ប្អូន​ដោយ​ចិត្ត​រាប​ទាប និង​ចូល​រួម​យ៉ាង​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ប្អូន​ប្រុស​វ័យ​ក្មេង​អាច​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ទោះ​ជា​ពួក​គេ​មាន​អាយុ​ជិត​២០​ឆ្នាំ​ក្ដី។ ម្យ៉ាង​ទៀត ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដែល​មាន​អាយុ​២០​ឆ្នាំ​ស្ដើង អាច​ទទួល​ការ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ។

១៦ គុណ​សម្បត្តិ​ដែល​សំខាន់​ចាំ​បាច់​សម្រាប់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​អ្នក​ចាស់​ទុំ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ ហើយ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ក្រុម​គ្រួសារ និង​ក្រុម​ជំនុំ​របស់​ប្អូន។ (​១ធី. ៣:១​-​១៣; ទីត. ១:៦​-​៩; ១ពេ. ៥:២, ៣​) តើ​តាម​របៀប​ណា​ប្អូន​អាច​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​សម្រេច​គោល​ដៅ​នេះ? សូម​ព្យាយាម​យល់​អំពី​គុណ​សម្បត្តិ​នីមួយ​ៗ។ សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​មាន​គុណ​សម្បត្តិ​ទាំង​នេះ។ c

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​កូន ហើយ​ផ្គត់​ផ្គង់​ពួក​គេ យក​ចិត្ត​ទុក​ដាក់​ពួក​គេ​ខាង​ផ្លូវ​ចិត្ត និង​សំខាន់​បំផុត​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ ​(​សូម​មើល​វគ្គ​១៧​)​

១៧. តើ​ប្អូន​ប្រុស​វ័យ​ក្មេង​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​ដើម្បី​ទៅ​ជា​ប្ដី​និង​ប្រមុខ​គ្រួសារ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧ ប្ដី​និង​ប្រមុខ​គ្រួសារ។ ដូច​លោក​យេស៊ូ​បាន​លើក​ឡើង បុរស​គ្រិស្ត​សាសនិក​ខ្លះ​បន្ត​នៅ​លីវ។ (​ម៉ាថ. ១៩:១២​) ក៏​ប៉ុន្តែ បើ​ប្អូន​សម្រេច​ចិត្ត​រៀប​ការ ប្អូន​នឹង​មាន​តួ​នាទី​ថែម​ទៀត​ជា​ប្ដី​និង​ជា​ប្រមុខ​គ្រួសារ។ (​១កូ. ១១:៣​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​នាង ធ្វើ​ជា​មិត្ត​ល្អ​នឹង​នាង ព្រម​ទាំង​ជួយ​នាង​ឲ្យ​រក្សា​ខ្លួន​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ (​អេភ. ៥:២៨, ២៩​) គុណ​សម្បត្តិ​និង​ជំនាញ​ដែល​យើង​ទើប​តែ​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ​ដូច​ជា​ការ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​រិះ​គិត ការ​គោរព​ស្ត្រី និង​ការ​ធ្វើ​ជា​មនុស្ស​ពឹង​ពាក់​បាន នឹង​ជួយ​ប្អូន​ទៅ​ជា​ប្ដី​ល្អ។ ប្អូន​នឹង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​សម្រាប់​តួ​នាទី​ជា​ប្ដី​និង​ជា​ប្រមុខ​គ្រួសារ។

១៨. តើ​ប្អូន​ប្រុស​វ័យ​ក្មេង​អាច​ត្រៀម​ខ្លួន​ទៅ​ជា​ឪពុក​យ៉ាង​ដូច​ម្ដេច?

១៨ ឪពុក។ ក្រោយ​ពី​ប្អូន​បាន​រៀប​ការ ប្អូន​ប្រហែល​ជា​នឹង​ទៅ​ជា​ឪពុក​គេ។ តើ​ប្អូន​អាច​រៀន​អ្វី​ពី​ព្រះ​យេហូវ៉ា​អំពី​ការ​ធ្វើ​ជា​ឪពុក​ល្អ? មាន​មេ​រៀន​ជា​ច្រើន។ (​អេភ. ៦:៤​) ព្រះ​យេហូវ៉ា​ប្រាប់​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ដោយ​ឥត​លាក់​លៀម​ថា លោក​ស្រឡាញ់​និង​ពេញ​ចិត្ត​បុត្រ​លោក។ (​ម៉ាថ. ៣:១៧​) បើ​ថ្ងៃ​ក្រោយ​ប្អូន​ទៅ​ជា​ឪពុក សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្អូន​ពង្រឹង​ទំនុក​ចិត្ត​កូន​របស់​ប្អូន​ជា​រឿយ​ៗ​ថា​ប្អូន​ស្រឡាញ់​ពួក​គេ។ សូម​សរសើរ​ពួក​គេ​ជា​ញឹក​ញាប់​ចំពោះ​អ្វី​ល្អ​ដែល​ពួក​គេ​ធ្វើ។ ឪពុក​ដែល​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ទៅ​ជា​បុរស​ស្ត្រី​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ ប្អូន​អាច​ត្រៀម​ខ្លួន​ឥឡូវ​សម្រាប់​តួ​នាទី​នេះ ដោយ​ស្រឡាញ់​សមាជិក​ក្រុម​គ្រួសារ​របស់​ប្អូន​និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ព្រម​ទាំង​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​ដោយ​រៀន​ប្រាប់​ពួក​គេ​ថា​ប្អូន​ស្រឡាញ់​ពួក​គេ​និង​ថា​ពួក​គេ​មាន​តម្លៃ​ចំពោះ​ប្អូន។ (​យ៉ូន. ១៥:៩​) នេះ​នឹង​ជួយ​ប្អូន​ឲ្យ​បំពេញ​តួ​នាទី​ដែល​ប្អូន​ប្រហែល​ជា​នឹង​មាន​នៅ​ថ្ងៃ​ខាង​មុខ​ដើម្បី​ធ្វើ​ជា​ប្ដី​និង​ឪពុក។ ទម្រាំ​ដល់​ពេល​នោះ ប្អូន​នឹង​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា ក្រុម​គ្រួសារ និង​ក្រុម​ជំនុំ​របស់​ប្អូន។

តើ​ប្អូន​នឹង​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ?

បុរស​វ័យ​ក្មេង​ជា​ច្រើន​នាក់​ដែល​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​បទ​គម្ពីរ​និង​បាន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​រៀន បាន​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ (​សូម​មើល​វគ្គ​១៩​-​២០​)

១៩​-​២០. តើ​អ្វី​នឹង​ជួយ​ប្អូន​ប្រុស​វ័យ​ក្មេង​ឲ្យ​ទៅ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៩ ប្អូន​ប្រុស​វ័យ​ក្មេង​ទាំង​ឡាយ ប្អូន​ត្រូវ​ខំ​ប្រឹង​ព្យាយាម​ដើម្បី​ទៅ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ ប្អូន​ត្រូវ​ជ្រើស​រើស​គំរូ​ល្អ​ដើម្បី​យក​តម្រាប់ បណ្ដុះ​សមត្ថភាព​រិះ​គិត ធ្វើ​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន បណ្ដុះ​បណ្ដាល​ជំនាញ​ដែល​មាន​ប្រយោជន៍​សម្រាប់​ជីវិត​ប្អូន ហើយ​ត្រៀម​ខ្លួន​សម្រាប់​តួ​នាទី​នៅ​ថ្ងៃ​ក្រោយ។

២០ ពេល​ប្អូន​គិត​អំពី​អ្វី​ទាំង​អស់​ដែល​ប្អូន​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​នោះ​គឺ​ពិបាក​ពេក។ ប៉ុន្តែ ប្អូន​អាច​ធ្វើ​បាន! សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ជួយ​ប្អូន។ (​អេ. ៤១:១០, ១៣​) បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នឹង​ជួយ​ប្អូន​ដែរ។ ពេល​ប្អូន​ទៅ​ជា​បុរស​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​ក្លាយ​ទៅ​ជា ជីវិត​របស់​ប្អូន​នឹង​អរ​សប្បាយ ហើយ​ស្កប់​ចិត្ត។ ប្អូន​ប្រុស​វ័យ​ក្មេង​ទាំង​ឡាយ យើង​ស្រឡាញ់​ប្អូន! សូម​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ជា​បរិបូរ​ដល់​ប្អូន កាល​ដែល​ប្អូន​ខំ​ប្រឹង​នៅ​ឥឡូវ​នេះ​ដើម្បី​ទៅ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។—សុភ. ២២:៤

ចម្រៀង​លេខ​៦៥ ឈាន​ទៅ​មុខ!

a ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ត្រូវ​ការ​បុរស​ដែល​មាន​ភាព​ចាស់​ទុំ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ប្អូន​ៗ​វ័យ​ក្មេង​អាច​ទៅ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។

b សូម​មើល​«​ការ​ពន្យល់​ពាក្យ​»​ក្នុង​អត្ថបទ​មុន។

c សូម​មើល​សៀវភៅ​អង្គការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា ជំ.៥​-​៦