អត្ថបទសិក្សា ៥២
ប្អូនៗស្រីវ័យក្មេង ចូរទៅជាស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ
«ស្ត្រីត្រូវ . . . ប្រព្រឹត្តដោយមានតុល្យភាព ព្រមទាំងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់»។—១ធី. ៣:១១
ចម្រៀងលេខ១៣៣ ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលនៅក្មេង
សេចក្ដីសង្ខេប a
១. ដើម្បីធំលូតលាស់ទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ តើយើងត្រូវធ្វើអ្វី?
យើងកោតស្ងើចដោយឃើញក្មេងៗឆាប់ធំទៅជាមនុស្សពេញវ័យ។ ការធំលូតលាស់នេះមើលទៅគឺមិនចាំបាច់ខំប្រឹងទេ។ ប៉ុន្តែ ការធំលូតលាស់ទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំគឺត្រូវការការខំប្រឹង។ b (១កូ. ១៣:១១; ហេ. ៦:១) ដើម្បីសម្រេចគោលដៅនេះ យើងផ្ទាល់ត្រូវមានចំណងមិត្តភាពដ៏ជ្រាលជ្រៅជាមួយព្រះយេហូវ៉ា។ យើងក៏ត្រូវការឫទ្ធានុភាពបរិសុទ្ធរបស់លោកកាលដែលយើងបណ្ដុះឲ្យមានគុណសម្បត្តិដែលព្រះពេញចិត្ត បណ្ដុះបណ្ដាលជំនាញដែលមានប្រយោជន៍ និងត្រៀមខ្លួនសម្រាប់ភារកិច្ចដែលយើងប្រហែលជានឹងទទួលនៅថ្ងៃអនាគត។—សុភ. ១:៥
២. តើយើងរៀនអ្វីពីដើមកំណើត ១:២៧ ហើយតើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ ព្រះយេហូវ៉ាបានបង្កើតមនុស្សជាប្រុសជាស្រី។ (សូមអាន ដើមកំណើត ១:២៧) ច្បាស់ណាស់បុរសនិងស្ត្រីមានរូបកាយខុសគ្នា ប៉ុន្តែពួកគេមានភាពខុសគ្នាតាមរបៀបផ្សេងទៀតផងដែរ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានបង្កើតបុរសនិងស្ត្រីឲ្យបំពេញតួនាទីរៀងៗខ្លួន ដូច្នេះពួកគេត្រូវការគុណសម្បត្តិនិងជំនាញផ្សេងៗដែលនឹងជួយពួកគេឲ្យបំពេញភារកិច្ចរបស់ពួកគេ។ (ដក. ២:១៨) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលប្អូនស្រីវ័យក្មេងអាចធ្វើដើម្បីទៅជាស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីអ្វីដែលប្អូនប្រុសវ័យក្មេងអាចធ្វើដែរ។
ចូរបណ្ដុះគុណសម្បត្តិដែលព្រះពេញចិត្ត
៣-៤. តើប្អូនស្រីវ័យក្មេងអាចរកឃើញគំរូល្អនៅឯណា? (សូមមើលរូបភាពផងដែរ)
៣ គម្ពីររៀបរាប់ជាច្រើនអំពីស្ត្រីដ៏ល្អប្រពៃដែលបានស្រឡាញ់និងបម្រើព្រះយេហូវ៉ា។ (សូមមើលអត្ថបទដែលមានចំណងជើងថា «តើយើងអាចរៀនអ្វីខ្លះពីពួកស្ត្រី» នៅគេហទំព័រjw.org/km) ពួកគេបានបង្ហាញគុណសម្បត្តិដូចបទគម្ពីរជាមូលដ្ឋានសម្រាប់អត្ថបទនេះ ពោលគឺ«ប្រព្រឹត្តដោយមានតុល្យភាព ព្រមទាំងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់»។ បន្ថែមទៅទៀតនៅក្នុងក្រុមជំនុំរបស់ខ្លួន បងប្អូនស្រីអាចរកមើលគំរូរបស់ស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំដែលសមនឹងយកតម្រាប់តាម។ ដែលបានត្រូវកត់ទុកក្នុងគម្ពីរ?
៤ ប្អូនស្រីៗ តើប្អូនស្គាល់បងប្អូនស្រីណាដែលទុកគំរូល្អដែលប្អូនអាចយកតម្រាប់ឬទេ? សូមសង្កេតមើលគុណសម្បត្តិដ៏ថ្លៃថ្លារបស់ពួកគេ បន្ទាប់មកសូមពិចារណាអំពីរបៀបដែលប្អូនអាចបង្ហាញគុណសម្បត្តិដូចគ្នា។ ក្នុងវគ្គបន្ដបន្ទាប់ យើងនឹងពិចារណាអំពីគុណសម្បត្តិសំខាន់បីដែលស្ត្រីដែលមានភាពចាស់ទុំត្រូវមាន។
៥. ហេតុអ្វីចិត្តរាបទាបគឺសំខាន់ចាំបាច់សម្រាប់ស្ត្រីគ្រិស្តសាសនិកដែលមានភាពចាស់ទុំ?
៥ ដើម្បីធ្វើជាគ្រិស្តសាសនិកល្អ យើងត្រូវការចិត្តរាបទាប។ បើស្ត្រីមានចិត្តរាបទាប គាត់នឹងមានចំណងមិត្តភាពល្អជាមួយព្រះយេហូវ៉ានិងអ្នកឯទៀត។ (យ៉ា. ៤:៦) ជាឧទាហរណ៍ ស្ត្រីដែលស្រឡាញ់ព្រះយេហូវ៉ាសម្រេចចិត្តដោយចិត្តរាបទាបថាគាត់គាំទ្រគោលការណ៍អំពីប្រមុខភាពដែលព្រះយេហូវ៉ាបានរៀបចំឡើង។ (១កូ. ១១:៣) គោលការណ៍នេះបានត្រូវអនុវត្តជាពិសេសនៅក្នុងក្រុមជំនុំនិងក្រុមគ្រួសារ។ c
៦. ស្ដីអំពីចិត្តរាបទាប តើប្អូនស្រីវ័យក្មេងអាចរៀនអ្វីពីរេបិកា?
៦ សូមគិតអំពីគំរូរបស់រេបិកា។ គាត់ជាស្ត្រីដ៏ឈ្លាសវៃម្នាក់។ អស់មួយជីវិតរបស់គាត់ គាត់ចេះធ្វើការសម្រេចចិត្តដោយបង្ហាញចិត្តក្លាហាន ហើយដឹងអំពីរបៀបនិងពេលណាគួរប្រព្រឹត្តអ្វីមួយ។ (ដក. ២៤:៥៨; ២៧:៥-១៧) គាត់ក៏ជាបុគ្គលដែលចេះបង្ហាញការគោរពនិងចេះចុះចូល។ (ដក. ២៤:១៧, ១៨, ៦៥) បើប្អូនគាំទ្រការរៀបចំរបស់ព្រះយេហូវ៉ាដោយចិត្តរាបទាបដូចរេបិកា ប្អូននឹងជះឥទ្ធិពលល្អទៅលើក្រុមគ្រួសាររបស់ប្អូននិងក្រុមជំនុំ។
៧. តើប្អូនស្រីវ័យក្មេងអាចយកតម្រាប់អេសធើរក្នុងការបង្ហាញចិត្តសុភាពតាមរបៀបណា?
៧ ចិត្តសុភាពគឺជាគុណសម្បត្តិមួយទៀតដែលគ្រិស្តសាសនិកដែលមានភាពចាស់ទុំទាំងអស់ត្រូវការ។ គម្ពីរចែងថា៖ «មនុស្សដែលមានចិត្តសុភាពបង្ហាញថាខ្លួនមានប្រាជ្ញា»។ (សុភ. ១១:២) អេសធើរមានចិត្តសុភាពនិងជាអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ា។ ដោយសារគាត់មានចិត្តសុភាព គាត់មិនបានមានអំណួតពេលគាត់ទៅជាអគ្គមហេសីទេ។ គាត់បានស្ដាប់ ហើយធ្វើតាមដំបូន្មានពីបងជីដូនមួយរបស់គាត់គឺម៉ាដេកាយ។ (អេធ. ២:១០, ២០, ២២) ប្អូនអាចបង្ហាញចិត្តសុភាពស្រដៀងនឹងនេះដោយសុំយោបល់ល្អពីអ្នកឯទៀត ហើយធ្វើតាម។—ទីត. ២:៣-៥
៨. យោងទៅតាមធីម៉ូថេទី១ ២:៩, ១០ តើចិត្តសុភាពនឹងជួយបងប្អូនស្រីឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃស្ដីអំពីរបៀបស្លៀកពាក់និងសម្អិតសម្អាងខ្លួនយ៉ាងដូចម្ដេច?
៨ អេសធើរបានបង្ហាញចិត្តសុភាពតាមរបៀបផ្សេងទៀត។ គាត់មាន«រូបឆោមស្រស់ស្អាតណាស់» ប៉ុន្តែគាត់មិនព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឯទៀតទេ។ (អេធ. ២:៧, ១៥) តើស្ត្រីគ្រិស្តសាសនិកអាចទទួលប្រយោជន៍យ៉ាងណាពីគំរូរបស់អេសធើរ? របៀបមួយគឺបានត្រូវលើកឡើងនៅធីម៉ូថេទី១ ២:៩, ១០។ (សូមអាន) នៅទីនោះ សាវ័កប៉ូលបានប្រាប់ស្ត្រីគ្រិស្តសាសនិកឲ្យស្លៀកពាក់តាមបែបរមទម និងដោយដឹងខុសត្រូវ។ ពាក្យភាសាក្រិចដែលគាត់បានប្រើ បង្ហាញថាស្ត្រីជាគ្រិស្តសាសនិកនឹងស្លៀកពាក់តាមបែបសមរម្យ ហើយនឹងបង្ហាញថាគាត់ចេះគិតអំពីអារម្មណ៍និងទស្សនៈរបស់អ្នកឯទៀត។ យើងពិតជាកោតស្ងើចបងប្អូនស្រីដែលមានភាពចាស់ទុំ ចំពោះការស្លៀកពាក់តាមបែបរមទម។
៩. តើយើងអាចរៀនអ្វីពីគំរូរបស់អាប៊ីកែល?
៩ សមត្ថភាពវែកញែកគឺជាគុណសម្បត្តិមួយទៀតដែលបងប្អូនស្រីទាំងអស់ត្រូវមានដើម្បីទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ តើសមត្ថភាពវែកញែកគឺជាអ្វី? វាគឺជាសមត្ថភាពដើម្បីដឹងអ្វីដែលខុសនិងអ្វីដែលត្រូវ រួចមកសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវ។ សូមពិចារណាអំពីគំរូរបស់អាប៊ីកែល។ ប្ដីគាត់បានធ្វើការសម្រេចចិត្តមិនល្អដែលនឹងជះឥទ្ធិពលទៅលើពួកអ្នកផ្ទះទាំងមូល។ អាប៊ីកែលបានចាត់វិធានការភ្លាមៗ។ ដោយសារគាត់មានសមត្ថភាពវែកញែក គាត់បានសង្គ្រោះជីវិតរបស់ពួកអ្នកផ្ទះគាត់។ (សាំយូអែលទី១ ២៥:១៤-២៣, ៣២-៣៥) សមត្ថភាពវែកញែកក៏ជួយយើងឲ្យដឹងថាពេលណាគួរនិយាយនិងពេលណាគួរនៅស្ងៀម។ ម្យ៉ាងទៀត វាជួយយើងឲ្យមានតុល្យភាពពេលយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។—១ថែ. ៤:១១
ចូរបណ្ដុះបណ្ដាលជំនាញដែលមានប្រយោជន៍
១០-១១. តើការអាននិងការសរសេរឲ្យបានស្ទាត់អាចផ្ដល់ប្រយោជន៍យ៉ាងណាដល់ខ្លួនឯងនិងអ្នកឯទៀត? (សូមមើលរូបភាពផងដែរ)
១០ ស្ត្រីគ្រិស្តសាសនិកត្រូវបណ្ដុះបណ្ដាលជំនាញដែលមានប្រយោជន៍។ ជំនាញខ្លះដែលបងប្អូនស្រីរៀនកាលពីនៅក្មេងនឹងបន្តផ្ដល់ប្រយោជន៍ដល់គាត់ពេញមួយជីវិត។ សូមពិចារណាឧទាហរណ៍ខ្លះ។
១១ ចូររៀនឲ្យចេះអាននិងសរសេរឲ្យបានស្ទាត់។ ក្នុងវប្បធម៌ខ្លះ គេគិតថាការអាននិងការសរសេរគឺមិនមែនជាជំនាញសំខាន់ឲ្យស្ត្រីរៀននោះទេ។ ក៏ប៉ុន្តែ ជំនាញទាំងនេះគឺសំខាន់ចាំបាច់សម្រាប់គ្រិស្តសាសនិកទាំងអស់។ d (១ធី. ៤:១៣) ដូច្នេះ សូមកុំឲ្យឧបសគ្គណាក៏ដោយបញ្ឈប់ប្អូនពីការរៀនអាន និងសរសេរឲ្យបានស្ទាត់ឡើយ។ បើប្អូនធ្វើដូច្នេះ តើប្អូននឹងទទួលប្រយោជន៍អ្វីខ្លះ? ជំនាញទាំងនេះប្រហែលជានឹងជួយប្អូនឲ្យរកការងារធ្វើ ហើយរក្សាការងារ។ ជំនាញទាំងនេះក៏នឹងជួយប្អូនឲ្យកាន់តែងាយស្រួលសិក្សាគម្ពីរ និងបង្រៀនគម្ពីរដល់អ្នកឯទៀតផងដែរ។ សំខាន់បំផុត ប្អូននឹងចូលកាន់តែជិតព្រះយេហូវ៉ាពេលដែលប្អូនអាននិងរំពឹងគិតអំពីបណ្ដាំរបស់លោក។—យ៉ូស. ១:៨; ១ធី. ៤:១៥
១២. តើសុភាសិត ៣១:២៦អាចជួយប្អូនយ៉ាងដូចម្ដេចឲ្យចេះប្រាស្រ័យទាក់ទងល្អ?
១២ ចូររៀនឲ្យចេះប្រាស្រ័យទាក់ទងយ៉ាងល្អ។ គ្រិស្តសាសនិកត្រូវចេះប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។ ស្ដីអំពីរឿងនេះ យ៉ាកុបដែលជាអ្នកកាន់តាមម្នាក់បានផ្ដល់យោបល់ដែលមានប្រយោជន៍សម្រាប់យើង។ យោបល់នោះគឺ «មនុស្សម្នាក់ៗត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ»។ (យ៉ា. ១:១៩) ពេលប្អូនស្ដាប់យ៉ាងយកចិត្តទុកដាក់កាលដែលអ្នកឯទៀតនិយាយ ប្អូនបង្ហាញការចេះយល់អារម្មណ៍ ឬការ«កើតទុក្ខ»ជាមួយពួកគេ។ (១ពេ. ៣:៨) បើប្អូនមិនប្រាកដថាប្អូនយល់អំពីអ្វីដែលបុគ្គលម្នាក់និយាយឬថាគាត់មានអារម្មណ៍យ៉ាងណាទេ សូមសួរសំណួរសមរម្យ។ បន្ទាប់មក សូមគិតសិនមុនប្អូននិយាយ។ (សុភ. ១៥:២៨, កំ.ស.) សូមសួរខ្លួនថា ‹តើអ្វីដែលខ្ញុំហៀបនឹងនិយាយគឺពិតនិងលើកទឹកចិត្តឬទេ? តើពាក្យសម្ដីរបស់ខ្ញុំនឹងបង្ហាញការគោរព ហើយក៏សប្បុរសឬទេ?›។ សូមរៀនពីបងប្អូនស្រីដែលមានភាពចាស់ទុំដែលចេះប្រាស្រ័យទាក់ទងល្អ។ (សូមអាន សុភាសិត ៣១:២៦) សូមសង្កេតមើលរបៀបដែលពួកគេនិយាយ។ កាលដែលប្អូនកាន់តែរៀនជំនាញនេះ ប្អូននឹងកាន់តែមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។
១៣. តើប្អូនអាចរៀនឲ្យចេះទុកដាក់ផ្ទះសម្បែងយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
១៣ ចូររៀនឲ្យចេះទុកដាក់ផ្ទះសម្បែង។ នៅតំបន់ជាច្រើន ស្ត្រីរ៉ាប់រងកិច្ចការជាច្រើនក្នុងផ្ទះ។ ម្ដាយរបស់ប្អូនឬបងស្រីណាម្នាក់ដែលមានសមត្ថភាព ប្រហែលជាអាចបង្រៀនប្អូនអំពីរបៀបធ្វើកិច្ចការនេះបានល្អ។ បងស្រីម្នាក់ឈ្មោះស៊ីនឌីនិយាយថា៖ «មេរៀនល្អបំផុតមួយដែលខ្ញុំបានរៀនពីម្ដាយគឺថាការងារនឿយហត់នាំឲ្យមានអំណរ។ ការរៀនជំនាញដូចជាធ្វើម្ហូប សម្អាត ដេរប៉ាក់ និងដើរផ្សារ ធ្វើឲ្យជីវិតខ្ញុំស្រួលជាង ហើយបានជួយខ្ញុំឲ្យធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ម្ដាយខ្ញុំក៏បង្រៀនខ្ញុំឲ្យចេះទទួលអ្នកឯទៀតដោយរាក់ទាក់ ហើយនេះបានឲ្យខ្ញុំជួបបងប្អូនប្រុសស្រីដ៏ល្អដែលខ្ញុំអាចយកតម្រាប់»។ (សុភ. ៣១:១៥, ២១, ២២) ស្ត្រីដែលឧស្សាហ៍ព្យាយាម ចេះទទួលអ្នកឯទៀតដោយរាក់ទាក់ និងបានរៀនឲ្យចេះទុកដាក់ផ្ទះសម្បែង គឺជាពរមួយសម្រាប់ក្រុមជំនុំនិងក្រុមគ្រួសារទាំងមូលរបស់គាត់។—សុភ. ៣១:១៣, ១៧, ២៧; សកម្ម. ១៦:១៥
១៤. តើប្អូនរៀនអ្វីពីបទពិសោធន៍របស់បងគ្រិស្ដាល់ ហើយតើប្អូនគួរផ្ដោតអារម្មណ៍ទៅលើអ្វី?
១៤ ចូររៀនឲ្យចេះផ្គត់ផ្គង់ខ្លួនឯង។ ការរៀនឲ្យចេះផ្គត់ផ្គង់ខ្លួននិងការចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន គឺជាគោលដៅសំខាន់មួយសម្រាប់គ្រិស្តសាសនិកដែលមានភាពចាស់ទុំទាំងអស់។ (ភី. ៤:១១; ២ថែ. ៣:៧, ៨) បងស្រីម្នាក់ឈ្មោះគ្រិស្ដាល់និយាយថា៖ «ឪពុកម្ដាយខ្ញុំលើកទឹកចិត្តខ្ញុំឲ្យចាប់យកជំនាញនៅសាលាដើម្បីខ្ញុំអាចប្រើនៅពេលក្រោយមក។ ឪពុកខ្ញុំបានជំរុញចិត្តខ្ញុំឲ្យរើសយកផ្នែកគណនេយ្យ។ នោះផ្ដល់ ប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំ»។ ក្រៅពីរៀនជំនាញដែលត្រូវការដើម្បីទទួលការងារ សូមព្យាយាមរៀនអំពីរបៀបចេះទុកដាក់លុយកាក់ដើម្បីមិនចំណាយច្រើនជាងប្រាក់ចំណូល ហើយសូមបន្តធ្វើដូច្នេះជានិច្ច។ (សុភ. ៣១:១៦, ១៨) សូមបន្តផ្ដោតអារម្មណ៍ទៅលើគោលដៅក្នុងកិច្ចបម្រើព្រះដោយជៀសវាងជំពាក់បំណុលដែលមិនចាំបាច់ និងដោយចេះស្កប់ចិត្តនឹងជីវិតរស់នៅដ៏សាមញ្ញ។—១ធី. ៦:៨
ចូរត្រៀមខ្លួនសម្រាប់តួនាទីខាងមុខ
១៥-១៦. ហេតុអ្វីបងប្អូនស្រីនៅលីវមានតម្លៃយ៉ាងខ្លាំង? (ម៉ាកុស ១០:២៩, ៣០)
១៥ ពេលប្អូនបណ្ដុះគុណសម្បត្តិដែលព្រះយេហូវ៉ាពេញចិត្ត និងរៀនជំនាញដែលមានប្រយោជន៍ នោះនឹងជួយប្អូនឲ្យធ្វើការសម្រេចចិត្តក្នុងជីវិតនៅពេលក្រោយមក។ សូមពិចារណាឧទាហរណ៍ខ្លះអំពីអ្វីដែលប្អូនអាចធ្វើ។
១៦ ប្អូនអាចបន្ដនៅលីវមួយរយៈពេល។ ស្របតាមប្រសាសន៍របស់លោកយេស៊ូ ស្ត្រីខ្លះសម្រេចចិត្តមិនរៀបការ ទោះជានៅវប្បធម៌របស់ពួកគេមិនលើកទឹកចិត្តឲ្យស្ត្រីនៅលីវក្ដី។ (ម៉ាថ. ១៩:១០-១២) ស្ត្រីឯទៀតប្រហែលជាបន្តនៅលីវដោយសារមូលហេតុផ្សេងទៀត។ សូមមានទំនុកចិត្តថាព្រះយេហូវ៉ានិងលោកយេស៊ូមិនមើលងាយគ្រិស្តសាសនិកនៅលីវឡើយ។ នៅទូទាំងពិភពលោក បងប្អូនស្រីនៅលីវមានឥទ្ធិពលល្អទៅលើក្រុមជំនុំ។ សេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ដ៏ស្មោះរបស់ពួកគេចំពោះអ្នកឯទៀត ជំរុញចិត្តស្ត្រីគ្រិស្តសាសនិកទាំងនេះឲ្យទៅជាបងប្អូនស្រីនិងម្ដាយដល់បុគ្គលជាច្រើន។—សូមអាន ម៉ាកុស ១០:២៩, ៣០; ១ធី. ៥:២
១៧. តើប្អូនស្រីវ័យក្មេងអាចត្រៀមខ្លួននៅឥឡូវនេះយ៉ាងណាដើម្បីចូលក្នុងកិច្ចបម្រើពេញពេល?
១៧ ប្អូនអាចទៅជាអ្នកបម្រើពេញពេល។ ស្ត្រីគ្រិស្តសាសនិកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោក។ (ចសព. ៦៨:១១) តើប្អូនអាចរៀបគម្រោងនៅឥឡូវនេះដើម្បីចូលក្នុងកិច្ចបម្រើពេញពេលឬទេ? ប្អូនប្រហែលជាអាចបម្រើជាអ្នកត្រួសត្រាយ អ្នកស្ម័គ្រចិត្តខាងផ្នែកសាងសង់ ឬសមាជិកបេតអែល។ សូមអធិដ្ឋានអំពីគោលដៅរបស់ប្អូន។ សូមនិយាយជាមួយអ្នកឯទៀតដែលបានសម្រេចគោលដៅនោះ ហើយព្យាយាមស្វែងយល់ថាតើប្អូនអាចធ្វើអ្វីដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់។ បន្ទាប់មក សូមពិនិត្យពិចារណាថាខ្លួនត្រូវធ្វើអ្វីដើម្បីសម្រេចគោលដៅនោះ។ ការសម្រេចគោលដៅរបស់ប្អូននឹងបើកឱកាសដ៏គួរឲ្យរំភើបចិត្តជាច្រើនសម្រាប់ប្អូនក្នុងកិច្ចបម្រើព្រះយេហូវ៉ា។
១៨. ហេតុអ្វីបងប្អូនស្រីគួរជ្រើសរើសប្ដីយ៉ាងប្រុងប្រយ័ត្នបំផុត? (សូមមើលរូបភាពផងដែរ)
១៨ ប្អូនប្រហែលជាសម្រេចចិត្តរៀបការ។ គុណសម្បត្តិនិងជំនាញដែលយើងទើបតែបានពិចារណានឹងជួយប្អូនឲ្យទៅជាប្រពន្ធល្អ។ បើប្អូនចង់រៀបការ ប្អូនគួរជ្រើសរើសគូយ៉ាងប្រុងប្រយ័ត្នបំផុត។ នេះគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយ ដែលប្អូននឹងធ្វើក្នុងជីវិត។ សូមចាំថាប្អូននឹងនៅក្រោមប្រមុខភាពរបស់បុរសដែលប្អូននឹងរៀបការ។ (រ៉ូម ៧:២; អេភ. ៥:២៣, ៣៣) ដូច្នេះ សូមសួរខ្លួនថា ‹តើគាត់ជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំឬទេ? តើគាត់ចាត់ទុកព្រះយេហូវ៉ាថាជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់គាត់ឬ? តើគាត់ចេះធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃឬទេ? តើគាត់អាចសារភាពកំហុសរបស់គាត់ឬ? តើគាត់ចេះគោរពស្ត្រីឬទេ? តើគាត់នឹងអាចជួយខ្ញុំឲ្យរក្សាចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា ផ្គត់ផ្គង់ខ្ញុំ ហើយនឹងធ្វើជាមិត្តល្អសម្រាប់ខ្ញុំឬ? តើគាត់បំពេញភារកិច្ចយ៉ាងល្អឬទេ? ជាឧទាហរណ៍ តើគាត់មានភារកិច្ចអ្វីក្នុងក្រុមជំនុំ ហើយតើគាត់បំពេញភារកិច្ចនោះយ៉ាងដូចម្ដេច?›។ (លូក. ១៦:១០; ១ធី. ៥:៨) គឺពិតមែន បើប្អូនចង់រកប្ដីល្អ ប្អូនក៏នឹងត្រូវត្រៀមខ្លួនធ្វើជាប្រពន្ធល្អដែរ។
១៩. ហេតុអ្វីប្រពន្ធអាចសប្បាយចិត្តដែលបានត្រូវហៅថា«ជំនួយ»របស់ប្ដី?
១៩ គម្ពីរចែងថា ប្រពន្ធល្អគឺជា«ជំនួយ»និងជាអ្នកដែល«សមនឹង»ប្ដី។ (ដក. ២:១៨) តើនេះមានន័យថាប្រពន្ធអន់ជាងឬទេ? មិនមែនទេ! តួនាទីនេះគឺជាកិត្តិយសសម្រាប់គាត់។ តាមពិត គម្ពីរច្រើនតែហៅព្រះយេហូវ៉ាថាជា«អ្នកជួយ»។ (ចសព. ៥៤:៤; ហេ. ១៣:៦) ប្រពន្ធគឺជាអ្នកជួយពិតប្រាកដនៅពេលដែលគាត់គាំទ្រប្ដី។ ជាឧទាហរណ៍ ពេលប្ដីធ្វើការសម្រេចចិត្តសម្រាប់ក្រុមគ្រួសារ ប្រពន្ធសហការជាមួយប្ដីដើម្បីធ្វើឲ្យការសម្រេចចិត្តនោះទៅរលូន។ ម្យ៉ាងទៀត ដោយសារគាត់ស្រឡាញ់ព្រះយេហូវ៉ា គាត់ព្យាយាមធ្វើអ្វីដែលគាត់អាចធ្វើបានដើម្បីលើកកេរ្តិ៍ឈ្មោះរបស់ប្ដីគាត់។ (សុភ. ៣១:១១, ១២; ១ធី. ៣:១១) ប្អូនអាចត្រៀមខ្លួនឥឡូវសម្រាប់តួនាទីនេះដោយបង្កើនសេចក្ដីស្រឡាញ់របស់ប្អូនចំពោះព្រះយេហូវ៉ា ហើយធ្វើជាអ្នកជួយនៅផ្ទះនិងក្នុងក្រុមជំនុំ។
២០. តើម្ដាយអាចមានឥទ្ធិពលយ៉ាងណាទៅលើក្រុមគ្រួសារ?
២០ ប្អូនអាចទៅជាម្ដាយ។ ក្រោយពីប្អូនរៀបការ ប្អូននិងប្ដីប្អូនប្រហែលជានឹងមានកូន។ (ចសព. ១២៧:៣) ដូច្នេះគឺជាការឈ្លាសវៃឲ្យគិតទុកជាមុនអំពីរបៀបទៅជាម្ដាយល្អ។ គុណសម្បត្តិនិងជំនាញដែលយើងទើបតែបានពិចារណាក្នុងអត្ថបទនេះនឹងជួយប្អូនបើប្អូនទៅជាប្រពន្ធនិងម្ដាយ។ សេចក្ដីស្រឡាញ់ ចិត្តសប្បុរស និងចិត្តអត់ធ្មត់របស់ប្អូននឹងជួយបង្កើតបរិយាកាសដ៏កក់ក្ដៅក្នុងផ្ទះដែលនាំឲ្យកូនរបស់ប្អូនមានអារម្មណ៍ថាពួកគេមានសុវត្ថិភាពនិងទំនងជាធំឡើងយ៉ាងល្អ។—សុភ. ២៤:៣
២១. តើយើងមានអារម្មណ៍យ៉ាងណាចំពោះបងប្អូនស្រីរបស់យើង ហើយហេតុអ្វី? (សូមមើលរូបភាពនៅក្រប)
២១ ប្អូនស្រីទាំងឡាយ យើងស្រឡាញ់ប្អូនចំពោះអ្វីទាំងអស់ដែលប្អូនធ្វើដើម្បីព្រះយេហូវ៉ានិងរាស្ត្ររបស់លោក។ (ហេ. ៦:១០) ប្អូនខំព្យាយាមបណ្ដុះគុណសម្បត្តិផ្សេងៗ និងបណ្ដុះបណ្ដាលជំនាញដែលអាចធ្វើឲ្យជីវិតរបស់ប្អូននិងជីវិតរបស់ពួកអ្នកដែលនៅជុំវិញប្អូនសប្បាយរីករាយជាង ហើយប្អូនក៏ខំព្យាយាមត្រៀមខ្លួនយ៉ាងល្អសម្រាប់តួនាទីដែលប្អូនអាចមាននៅថ្ងៃអនាគត។ ប្អូនមានតម្លៃខ្លាំងណាស់ចំពោះអង្គការរបស់ព្រះយេហូវ៉ា!
ចម្រៀងលេខ១៣៧ ស្ត្រីគ្រិស្តសាសនិកស្មោះត្រង់
a ប្អូនស្រីវ័យក្មេងជាទីស្រឡាញ់ ប្អូនមានតម្លៃក្នុងក្រុមជំនុំ។ ប្អូនអាចក្លាយទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ដោយបណ្ដុះឲ្យមានគុណសម្បត្តិផ្សេងៗដែលព្រះពេញចិត្ត បណ្ដុះឲ្យមានជំនាញផ្សេងៗ និងត្រៀមខ្លួនដើម្បីបំពេញតួនាទីនៅថ្ងៃអនាគត។ ជាលទ្ធផល ប្អូននឹងទទួលពរជាច្រើនក្នុងកិច្ចបម្រើព្រះយេហូវ៉ា។
b ការពន្យល់ពាក្យ៖ បុគ្គលដែលមានភាពចាស់ទុំជាគ្រិស្តសាសនិកបានត្រូវដឹកនាំដោយឫទ្ធានុភាពរបស់ព្រះ មិនមែនដោយប្រាជ្ញារបស់ពិភពលោកទេ។ គាត់ធ្វើតាមគំរូរបស់លោកយេស៊ូ ខំប្រឹងរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា និងបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនចំពោះអ្នកឯទៀត។
d ដើម្បីបានព័ត៌មានអំពីសារៈសំខាន់នៃការអាន សូមមើលអត្ថបទដែលមានចំណងជើងថា«ហេតុអ្វីការអានគឺសំខាន់សម្រាប់កូនៗ ភាគទី១៖ អានឬមើល?»ក្នុងគេហទំព័រjw.org/km។