អត្ថបទសិក្សា ៤៩
ចម្រៀងលេខ១៤៧ ពាក្យសន្យាអំពីជីវិតគ្មានទីបញ្ចប់
តើអ្នកត្រូវធ្វើអ្វីដើម្បីរស់ជារៀងរហូត?
«អស់អ្នកណាដែលទទួលស្គាល់បុត្រលោក ហើយបង្ហាញជំនឿលើបុត្រលោក អ្នកទាំងនោះ[នឹង]មានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូន. ៦:៤០
ចំណុចផ្ដោត
ប្រយោជន៍ដែលបុគ្គលដែលបានត្រូវរើសតាំងនិងចៀមឯទៀតទទួលពីគ្រឿងបូជារបស់លោកយេស៊ូគ្រិស្ត។
១. ហេតុអ្វីមនុស្សជាច្រើនគិតថាមិនអាចរស់ជារៀងរហូត?
មនុស្សជាច្រើនព្យាយាមបរិភោគអាហារដែលមានជីវជាតិនិងហាត់ប្រាណដើម្បីថែទាំសុខភាពឲ្យបានល្អ ហើយដើម្បីអាចរស់យូរបាន។ ប៉ុន្តែ ពួកគេមិនរំពឹងថាពួកគេរស់ជារៀងរហូតទេ។ ជីវិតបែបនោះមើលទៅមិនអាចទៅរួច ហើយមិនគួរឲ្យចង់បាន ដោយសារភាពចាស់ជរានាំឲ្យឈឺចាប់។ ទោះជាយ៉ាងនោះក្ដី លោកយេស៊ូបាននិយាយយ៉ាងល្អអំពី«ជីវិតដែលគ្មានទីបញ្ចប់»ដូចបានបង្ហាញនៅយ៉ូហាន ៣:១៦ និង៥:២៤។
២. តើយ៉ូហាន ជំពូកទី៦និយាយយ៉ាងណាអំពីជីវិតដែលគ្មានទីបញ្ចប់? (យ៉ូហាន ៦:៣៩, ៤០)
២ នៅថ្ងៃមួយ លោកយេស៊ូបានធ្វើអព្ភូតហេតុឲ្យមាននំប៉័ងនិងត្រីសម្រាប់មនុស្សរាប់ពាន់នាក់។ a អព្ភូតហេតុនោះគឺពិតជាអស្ចារ្យ។ ប៉ុន្តែ អ្វីដែលលោកមានប្រសាសន៍នៅថ្ងៃបន្ទាប់ពីនោះគឺកាន់តែគួរឲ្យកោតស្ងើចជាងនោះទៅទៀត។ បណ្ដាជនបានទៅតាមលោកយេស៊ូដល់ក្រុងកាពើណិម នៅជិតឆ្នេរសមុទ្រកាលីឡេ ជាកន្លែងដែលលោកបានប្រាប់ពួកគេថាមនុស្សស្លាប់អាចត្រូវប្រោសឲ្យរស់ឡើងវិញ និងសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់។ (សូមអាន យ៉ូហាន ៦:៣៩, ៤០) សូមគិតអំពីអត្ថន័យនៃពាក្យនេះចំពោះមិត្តភក្ដិនិងបុគ្គលជាទីស្រឡាញ់របស់អ្នកដែលបានស្លាប់ទៅ។ ពាក្យរបស់លោកយេស៊ូបង្ហាញថាមនុស្សជាច្រើនដែលបានស្លាប់ទៅអាចរស់ឡើងវិញ ហើយថាអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកអាចសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់។ ប៉ុន្តែ មនុស្សជាច្រើនពិបាកយល់ពាក្យដែលលោកយេស៊ូបានមានប្រសាសន៍ក្រោយមកនៅយ៉ូហាន ជំពូកទី៦។ ដូច្នេះ តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណា?
៣. យោងទៅតាមយ៉ូហាន ៦:៥១ តើលោកយេស៊ូបានបង្ហាញយ៉ាងណាអំពីខ្លួនលោក?
៣ ពេលបណ្ដាជននៅក្រុងកាពើណិមបានទទួលនំប៉័ងដែលមកពីអព្ភូតហេតុ របស់លោកយេស៊ូ ពួកគេនឹកឃើញអំពីម៉ាណាដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យបុព្វបុរសរបស់ពួកគេ។ តាមពិត គម្ពីរហៅម៉ាណាថា អាហារឬនំប៉័ង«ពីស្ថានសួគ៌»។ (ចសព. ១០៥:៤០; យ៉ូន. ៦:៣១) លោកយេស៊ូបានលើកឡើងអំពីម៉ាណាជាអ្វីដែលបណ្ដាជនបានស្គាល់រួចហើយដើម្បីបង្រៀនពួកគេអំពីរឿងដ៏សំខាន់ណាស់។ ទោះជាម៉ាណាជាអព្ភូតហេតុដែលមកពីព្រះក្ដី នៅទីបំផុតពួកអ្នកដែលបានបរិភោគម៉ាណានោះបានស្លាប់។ (យ៉ូន. ៦:៤៩) ផ្ទុយទៅវិញ លោកយេស៊ូបានហៅខ្លួនលោកថា៖ «នំប៉័ងដ៏ពិតពីស្ថានសួគ៌» «នំប៉័ងពីព្រះ» និង«នំប៉័ងនៃជីវិត»។ (យ៉ូន. ៦:៣២, ៣៣, ៣៥) លោកយេស៊ូបានលើកឡើងអំពីភាពខុសគ្នាដ៏សំខាន់រវាងម៉ាណានិងខ្លួនលោកផ្ទាល់។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំជានំប៉័ងរស់ដែលបានចុះមកពីស្ថានសួគ៌។ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត»។ (សូមអាន យ៉ូហាន ៦:៥១) ពាក្យទាំងនេះធ្វើឲ្យបណ្ដាជនមានការងឿងឆ្ងល់។ ពួកគេមិនអាចយល់ថា ហេតុអ្វីលោកយេស៊ូបានអះអាងថាលោកជា«នំប៉័ង»ដែលចុះពីស្ថានសួគ៌ ហើយថានំប៉័ងនោះគឺល្អជាងម៉ាណាដែលព្រះបានផ្ដល់ឲ្យបុព្វបុរសរបស់ពួកគេ។ បន្ទាប់មក លោកបានផ្ដល់តម្រុយដ៏គួរឲ្យចាប់អារម្មណ៍ពេលលោកមានប្រសាសន៍ថា៖ «នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជាសាច់របស់ខ្ញុំ»។ តើលោកចង់មានន័យយ៉ាងណា? គឺសំខាន់ឲ្យយើងយល់អត្ថន័យនៃពាក្យរបស់លោក ដោយសារនោះបង្ហាញអំពីរបៀបដែលយើងនិងបុគ្គលជាទីស្រឡាញ់របស់យើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ សូមយើងមើលថា តើពាក្យរបស់លោកមានន័យយ៉ាងណា?
នំប៉័ងនៃជីវិតនិងសាច់របស់លោក
៤. ហេតុអ្វីអ្នកខ្លះភ្ញាក់ផ្អើលនឹងប្រសាសន៍របស់លោកយេស៊ូ?
៤ បណ្ដាជនខ្លះដែលស្ដាប់ប្រសាសន៍របស់លោកយេស៊ូបានភ្ញាក់ផ្អើលជាខ្លាំង ពេលលោកមានប្រសាសន៍អំពីការឲ្យ‹សាច់របស់លោក ដើម្បីឲ្យមនុស្សជាតិអាចរស់›។ ពួកគេប្រហែលជាគិតថាលោកចង់ឲ្យពួកគេបរិភោគសាច់របស់លោកក្នុងន័យត្រង់។ (យ៉ូន. ៦:៥២) ប៉ុន្តែក្រោយមក លោកយេស៊ូបានប្រាប់ពួកគេអំពីអ្វីមួយដែលធ្វើឲ្យពួកគេកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀត។ លោកមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបរិភោគសាច់របស់កូនមនុស្ស ហើយមិនផឹកឈាមរបស់លោកទេ នោះអ្នករាល់គ្នានឹងមិនបានជីវិតឡើយ»។—យ៉ូន. ៦:៥៣
៥. ហេតុអ្វីយើងអាចប្រាកដថាលោកយេស៊ូមិនចង់មានន័យថាមនុស្សត្រូវផឹកឈាមរបស់លោកក្នុងន័យត្រង់?
៥ នៅសម័យណូអេ ព្រះបានហាមមនុស្សមិនឲ្យបរិភោគឈាម។ (ដក. ៩:៣, ៤) ក្រោយមក ព្រះយេហូវ៉ាក៏បានផ្ដល់បង្គាប់ដល់ជនជាតិអ៊ីស្រាអែលមិនឲ្យបរិភោគឈាមដែរ។ បើអ្នកណាបរិភោគឈាម «អ្នកនោះនឹងត្រូវស្លាប់»។ (ចល. ៧:២៧, កំ.ស.) លោកយេស៊ូបានបង្រៀនជនជាតិយូដាឲ្យធ្វើតាមច្បាប់ទាំងអស់ដែលព្រះបានផ្ដល់ឲ្យតាមរយៈម៉ូសេ។ (ម៉ាថ. ៥:១៧-១៩) ដូច្នេះ លោកប្រាកដជាមិនលើកទឹកចិត្តឲ្យជនជាតិយូដាបរិភោគសាច់ ឬផឹកឈាមរបស់លោកក្នុងន័យត្រង់នោះទេ។ ទោះជាយ៉ាងនេះក្ដី ដោយនិយាយពាក្យដ៏គួរឲ្យចាប់អារម្មណ៍ទាំងនោះ លោកកំពុងបង្រៀនបណ្ដាជនអំពីរបៀបទទួល«ជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូន. ៦:៥៤
៦. តើយើងអាចយល់ពាក្យរបស់លោកយេស៊ូអំពីការបរិភោគសាច់និងផឹកឈាមរបស់លោកក្នុងន័យយ៉ាងណា?
៦ តើលោកយេស៊ូចង់មានន័យអ្វី? លោកយេស៊ូប្រាកដជានិយាយក្នុងន័យធៀបដូចដែលលោកធ្លាប់ធ្វើពេលលោកនិយាយទៅស្ត្រីជនជាតិសាម៉ារីថា៖ «អ្នកណាដែលផឹកទឹកដែលខ្ញុំឲ្យ អ្នកនោះនឹងមិនស្រេកម្ដងទៀតឡើយ។ ក៏ប៉ុន្តែ ទឹកដែលខ្ញុំឲ្យអ្នកនោះ នឹងទៅជាទឹកផុសក្នុងអ្នកនោះ ហើយជាទឹកដែលផ្ដល់ជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូន. ៤:៧, ១៤) b លោកយេស៊ូមិនបានប្រាប់ស្ត្រីជនជាតិសាម៉ារីនោះថា នាងនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ដោយផឹកទឹកពីអណ្ដូងណាមួយទេ។ ស្រដៀងគ្នាដែរ លោកក៏មិនបាននិយាយទៅបណ្ដាជននៅក្រុងកាពើណិមថាពួកគេនឹងរស់ជារៀងរហូត បើពួកគេបរិភោគសាច់និងផឹកឈាមរបស់លោកក្នុងន័យត្រង់ទេ។
ពេលមួយទៀតដែលលោកយេស៊ូប្រើពាក្យស្រដៀងគ្នា
៧. តើអ្នកខ្លះនិយាយយ៉ាងណាអំពីពាក្យរបស់លោកយេស៊ូនៅយ៉ូហាន ៦:៥៣?
៧ មនុស្សខ្លះអះអាងថានៅយ៉ូហាន ៦:៥៣ លោកយេស៊ូពន្យល់អំពីអ្វីដែលមនុស្សត្រូវធ្វើនៅពិធីអាហារល្ងាចរបស់លោកម្ចាស់ ដោយសារពេលនោះលោកប្រើពាក្យស្រដៀងគ្នា។ (ម៉ាថ. ២៦:២៦-២៨) ពួកគេនិយាយថាអស់អ្នកដែលចូលរួមពិធីអាហារល្ងាចរបស់លោកម្ចាស់គួរបរិភោគនំប៉័ងនិងផឹកស្រាទំពាំងបាយជូរដែលបានត្រូវហុចឲ្យអ្នកចូលរួម។ តើនោះត្រឹមត្រូវទេ? គឺសំខាន់ឲ្យយើងស្វែងរកចម្លើយចំពោះសំណួរនេះ ដោយសាររៀងរាល់ឆ្នាំមនុស្សរាប់លាននាក់នៅទូទាំងផែនដីចូលរួមពិធីនោះជាមួយយើង។ យើងនឹងពិចារណានៅឥឡូវនេះអំពីភាពខុសគ្នាមួយចំនួនរវាងអ្វីដែលបានរៀបរាប់នៅយ៉ូហាន ៦:៥៣ និងអ្វីដែលលោកយេស៊ូមានប្រសាសន៍នៅពិធីអាហារល្ងាចរបស់លោកម្ចាស់។
៨. តើមានភាពខុសគ្នាអ្វីរវាងពេលវេលាទាំងពីរនេះ? (សូមមើលរូបភាពផងដែរ)
៨ សូមយើងកត់សម្គាល់ភាពខុសគ្នាពីរយ៉ាងរវាងពេលវេលាទាំងនេះ។ ទី១ តើពេលណានិងកន្លែងណាដែលលោកយេស៊ូនិយាយពាក្យដែលបានកត់ទុកនៅយ៉ូហាន ៦:៥៣-៥៦? លោកមានប្រសាសន៍នោះទៅជនជាតិយូដាមួយក្រុមនៅស្រុកកាលីឡេនាឆ្នាំ៣២ គ.ស.។ នោះប្រហែលជាមួយឆ្នាំមុនពេលដែលលោកចាប់ផ្ដើមធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់នៅក្រុងយេរូសាឡិម។ ទី២ តើលោកយេស៊ូនិយាយទៅកាន់អ្នកណា? លោកយេស៊ូនិយាយពាក្យទាំងនេះ ទៅបណ្ដាជនដែលចាប់អារម្មណ៍ទទួលអាហារពីលោកយេស៊ូច្រើនជាងការរៀនអំពីព្រះយេហូវ៉ាឬរាជាណាចក្ររបស់ព្រះ។ (យ៉ូន. ៦:២៦) តាមពិត ពេលដែលលោកយេស៊ូមានប្រសាសន៍អំពីអ្វីដែលពួកគេពិបាកយល់ ភ្លាមៗពួកគេលែងមានជំនឿលើលោក។ សូម្បីតែអ្នកកាន់តាមខ្លះ ក៏ឈប់កាន់តាមលោកទៀត។ (យ៉ូន. ៦:១៤, ៣៦, ៤២, ៦០, ៦៤, ៦៦) នេះគឺផ្ទុយពីអ្វីដែលបានកើតឡើងប្រហែលជាមួយឆ្នាំក្រោយមកនៅឆ្នាំ៣៣ គ.ស. ពេលដែលលោកយេស៊ូធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់។ នៅពេលនោះ សាវ័កដ៏ស្មោះភក្ដី១១នាក់បាននៅជាមួយលោក ទោះជាពួកគេមិនយល់យ៉ាងពេញលេញអំពីអ្វីទាំងអស់ដែលលោកបង្រៀនក៏ដោយ។ ប៉ុន្តែ ខុសពីបណ្ដាជនភាគច្រើននៅស្រុកកាលីឡេ សាវ័កដ៏ស្មោះត្រង់របស់លោកយេស៊ូបានជឿជាក់ថាលោកយេស៊ូគឺជាបុត្ររបស់ព្រះដែលបានចុះមកពីស្ថានសួគ៌។ (ម៉ាថ. ១៦:១៦) លោកបានសរសើរពួកគេថា៖ «អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក»។ (លូក. ២២:២៨) ភាពខុសគ្នាទាំងពីរនេះបង្ហាញថានៅយ៉ូហាន ៦:៥៣ លោកយេស៊ូមិនបានព្យាយាមពន្យល់អំពីអ្វីដែលកើតឡើងនៅពិធីអាហារល្ងាចរបស់លោកម្ចាស់ទេ។ ប៉ុន្តែ មានភាពខុសគ្នាច្រើនទៀតរវាងពេលវេលាទាំងពីរនេះ។
នេះជាប់ទាក់ទងនឹងអ្នក
៩. តើពាក្យដែលលោកយេស៊ូបានមានប្រសាសន៍នៅពិធីអាហារល្ងាចរបស់លោកម្ចាស់សំដៅទៅលើអ្នកណា?
៩ នៅអំឡុងពិធីអាហារល្ងាចរបស់លោកម្ចាស់ លោកយេស៊ូបានឲ្យនំប៉័ងឥតដំបែដល់ពួកសាវ័ករបស់លោក ហើយប្រាប់ពួកគេថានោះជាតំណាងរូបកាយរបស់លោក។ បន្ទាប់មក លោកហុចស្រាទំពាំងបាយជូរឲ្យពួកគេ ហើយមានប្រសាសន៍ថានេះជាតំណាង«ឈាមសម្រាប់កិច្ចព្រមព្រៀង»។ (ម៉ាក. ១៤:២២-២៥; លូក. ២២:២០; ១កូ. ១១:២៤) នេះគួរឲ្យកត់សម្គាល់ណាស់។ កិច្ចព្រមព្រៀងថ្មីធ្វើឡើងជាមួយនឹង«ពូជពង្សអ៊ីស្រាអែល[នៃព្រះ]»ដែលនឹងនៅ«ក្នុងរាជាណាចក្ររបស់ព្រះ» មិនមែនមនុស្សទូទៅទេ។ (ហេ. ៨:៦, ១០; ៩:១៥) នៅពេលនោះ ពួកសាវ័កមិនបានយល់អ្វីទាំងអស់ដែលលោកយេស៊ូបានមានប្រសាសន៍អំពីកិច្ចព្រមព្រៀងនោះទេ។ ប៉ុន្តែមិនយូរក្រោយមក ពួកគេបានត្រូវរើសតាំងដោយឫទ្ធានុភាពបរិសុទ្ធ ហើយចូលក្នុងកិច្ចព្រមព្រៀងថ្មីដើម្បីទទួលកន្លែងមួយនៅស្ថានសួគ៌ជាមួយនឹងលោកយេស៊ូ។—យ៉ូន. ១៤:២, ៣
១០. តើអ្វីដែលលោកយេស៊ូបានមានប្រសាសន៍នៅអំឡុងពិធីអាហារល្ងាចរបស់លោកម្ចាស់ខុសគ្នាយ៉ាងណាពីប្រសាសន៍របស់លោកនៅស្រុកកាលីឡេ? (សូមមើលរូបភាពផងដែរ)
១០ សូមកត់សម្គាល់ថាអ្វីដែលលោកយេស៊ូបានមានប្រសាសន៍នៅអំឡុងពិធីអាហារល្ងាចរបស់លោកម្ចាស់គឺសំដៅទៅលើ«ហ្វូងតូច»។ ពួកសាវ័កដ៏ស្មោះត្រង់ដែលនៅជាមួយលោកក្នុងបន្ទប់នៅពេលនោះ គឺជាសមាជិកដំបូងនៃក្រុមតូចនោះ។ (លូក. ១២:៣២) ពួកគេនិងអ្នកឯទៀតដែលនឹងទៅជាសមាជិកក្រុមនោះ ត្រូវបរិភោគវត្ថុតំណាងពីរ គឺនំប៉័ងនិងស្រាទំពាំងបាយជូរ។ ពួកគេជាបុគ្គលដែលនឹងទទួលកន្លែងមួយនៅស្ថានសួគ៌ជាមួយនឹងលោកយេស៊ូ។ អ្វីដែលលោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកសាវ័ករបស់លោកនៅពេលនោះ គឺខុសគ្នាពីអ្វីដែលលោកបានមានប្រសាសន៍ទៅកាន់បណ្ដាជននៅស្រុកកាលីឡេ ព្រោះអ្វីដែលលោកមានប្រសាសន៍នៅពិធីអាហារល្ងាចរបស់លោកម្ចាស់គឺសំដៅទៅលើមនុស្សមួយក្រុមតូច។ ប៉ុន្តែ អ្វីដែលលោកយេស៊ូបានមានប្រសាសន៍នៅស្រុកកាលីឡេសំដៅទៅលើមនុស្សដែលមានចំនួនច្រើនជាង។
១១. តើប្រសាសន៍របស់លោកយេស៊ូនៅស្រុកកាលីឡេបង្ហាញយ៉ាងណាថាលោកមិនសំដៅទៅលើមនុស្សដែលមានចំនួនតិចតួច?
១១ ពេលដែលលោកយេស៊ូនៅស្រុកកាលីឡេនាឆ្នាំ៣២ គ.ស. លោកនិយាយទៅកាន់បណ្ដាជនភាគច្រើនដែលចង់បានអាហារពីលោកតែប៉ុណ្ណោះ។ ប៉ុន្តែ លោកបានព្យាយាមជួយពួកគេឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ជាងអាហារ នោះជាអ្វីដែលអាចនាំឲ្យពួកគេទទួលជីវិតដែលគ្មានទីបញ្ចប់។ លោកយេស៊ូបានមានប្រសាសន៍ថា សូម្បីតែអ្នកដែលស្លាប់ក៏អាចត្រូវប្រោសឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយបង្អស់ ហើយមានជីវិតជារៀងរហូត។ ពេលនោះ លោកមិនសំដៅទៅលើពរដែលមនុស្សតិចតួចនឹងទទួលទេ ដូចនៅក្នុងពិធីអាហារល្ងាចរបស់លោកម្ចាស់នាពេលក្រោយមក។ ផ្ទុយទៅវិញ នៅស្រុកកាលីឡេលោកបានមានប្រសាសន៍អំពីពរដ៏អស្ចារ្យដែលមនុស្សទាំងអស់អាចទទួល។ តាមការពិត លោកបានមានប្រសាសន៍ថា៖ «បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត . . . នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជាសាច់របស់ខ្ញុំ ដើម្បីឲ្យមនុស្សជាតិអាចរស់»។—យ៉ូន. ៦:៥១ c
១២. តើអ្វីគឺសំខាន់ចាំបាច់ដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់?
១២ លោកយេស៊ូមិនបានប្រាប់ជនជាតិយូដានាស្រុកកាលីឡេថាមនុស្សគ្រប់រូបដែលធ្លាប់រស់នៅឬដែលនឹងកើតមកនឹងទទួលពរនេះទេ។ មានតែពួកអ្នកដែល‹បរិភោគនំប៉័ង›នេះប៉ុណ្ណោះ ពោលគឺពួកអ្នកដែលបង្ហាញជំនឿលើលោកយេស៊ូដែលនឹងទទួលប្រយោជន៍។ មនុស្សជាច្រើននៅសព្វថ្ងៃនេះនិយាយថាពួកគេជឿលើលោកយេស៊ូ ហើយហៅលោកថាជាអ្នកសង្គ្រោះរបស់ពួកគេ។ (យ៉ូន. ៦:២៩) ប៉ុន្តែ នេះមិនគ្រប់គ្រាន់ទេ គឺត្រូវធ្វើលើសពីនេះទៀត។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពីព្រោះមានមនុស្សជាច្រើននៅស្រុកកាលីឡេដែលជឿលោកយេស៊ូនៅដើមដំបូងដែលក្រោយមកបានបោះបង់ចោលលោក។ ហេតុអ្វី?
១៣. តើត្រូវការអ្វីដើម្បីធ្វើជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ?
១៣ បណ្ដាជនភាគច្រើនដែលបានបរិភោគអាហារពីលោកយេស៊ូ បានមកតាមលោកដោយសារតែលោកឲ្យពួកគេនូវអ្វីដែលពួកគេចង់បាន។ ពួកគេចង់ឲ្យលោកយេស៊ូធ្វើឲ្យពួកគេជាសះស្បើយ ផ្ដល់អាហារឲ្យពួកគេ ឬបង្រៀនអ្វីដែលពួកគេចង់ឮ។ ប៉ុន្តែ លោកយេស៊ូបានបញ្ជាក់ថាពួកអ្នកកាន់តាមពិតរបស់លោកត្រូវធ្វើលើសពីនេះ ព្រោះលោកមិនបានមក ផែនដីដើម្បីបំពេញបំណងប្រាថ្នាខាងរូបកាយរបស់មនុស្សប៉ុណ្ណោះទេ។ ពួកគេត្រូវ‹មកឯលោក›ពោលគឺស្ដាប់លោក ហើយធ្វើតាមអ្វីទាំងអស់ដែលលោកបានបង្រៀន។—យ៉ូន. ៥:៤០; ៦:៤៤
១៤. តើយើងត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ពីសាច់និងឈាមរបស់លោកយេស៊ូ?
១៤ លោកយេស៊ូបានបង្រៀនពួកគេថាដោយផ្ដល់សាច់និងឈាមរបស់លោកជាគ្រឿងបូជា លោកនឹងបើកឱកាសឲ្យពួកគេរស់ជារៀងរហូត។ ពួកគេត្រូវមានជំនឿលើសេចក្ដីបង្រៀននេះ។ ជំនឿបែបនេះគឺសំខាន់ចាំបាច់ចំពោះជនជាតិយូដាទាំងនោះ ហើយក៏សំខាន់ចាំបាច់នៅសព្វថ្ងៃនេះដែរ។ (យ៉ូន. ៦:៤០) មែនហើយ ដើម្បីឲ្យយើងទទួលប្រយោជន៍ពីសាច់និងឈាមរបស់លោកយេស៊ូដូចបានត្រូវរៀបរាប់នៅយ៉ូហាន ៦:៥៣ យើងត្រូវបង្ហាញជំនឿលើថ្លៃលោះ។ មនុស្សជាច្រើនឥតគណនាអាចទទួលពរនេះ។—អេភ. ១:៧
១៥-១៦. តើយើងបានរៀនមេរៀនដ៏សំខាន់អ្វីពីយ៉ូហាន ជំពូកទី៦?
១៥ នៅយ៉ូហាន ជំពូកទី៦យើងបានរៀនមេរៀនជាច្រើនដ៏សំខាន់និងដែលលើកទឹកចិត្តយើងទាំងអស់គ្នា។ យើងបានរៀនថាលោកយេស៊ូយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្ស។ ពេលដែលលោកនៅស្រុកកាលីឡេ លោកបានធ្វើឲ្យមនុស្សឈឺជាសះស្បើយ បង្រៀនអំពីរាជាណាចក្រ និងធ្វើឲ្យប្រាកដថាមនុស្សមានអាហារពេលដែលពួកគេត្រូវការ។ (លូក. ៩:១១; យ៉ូន. ៦:២, ១១, ១២) សំខាន់ជាងនេះទៅទៀត លោកបានបង្រៀនថាលោក«ជានំប៉័ងនៃជីវិត»។—យ៉ូន. ៦:៣៥, ៤៨
១៦ ពួកអ្នកដែលលោកយេស៊ូហៅថាជា«ចៀមឯទៀត»មិនបរិភោគ ហើយមិនគួរបរិភោគនំប៉័ងនិងស្រាទំពាំងបាយជូរនៅពិធីអាហារល្ងាចរបស់លោកម្ចាស់ដែលធ្វើឡើងជារៀងរាល់ឆ្នាំនោះទេ។ (យ៉ូន. ១០:១៦) ប៉ុន្តែ ពួកគេនៅតែបរិភោគ«នំប៉័ងនៃជីវិត»ក្នុងន័យធៀប ដោយបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូនិងអ្វីដ៏អស្ចារ្យដែលពួកគេអាចទទួលដោយសារថ្លៃលោះ។ (យ៉ូន. ៦:៥៣) ផ្ទុយទៅវិញ ពួកអ្នកដែលគួរបរិភោគនំប៉័ងនិងស្រាទំពាំងបាយជូរ បង្ហាញថាពួកគេបានទៅជាភាគីនៃកិច្ចព្រមព្រៀងថ្មី ហើយមានសេចក្ដីសង្ឃឹមគ្រប់គ្រងក្នុងរាជាណាចក្រស្ថានសួគ៌។ ដូច្នេះ មិនថាយើងបានត្រូវរើសតាំងឬជាចៀមឯទៀតក្ដី គឺសំខាន់ឲ្យយើងរៀនពីកំណត់ហេតុនៅយ៉ូហាន ជំពូកទី៦។ កំណត់ហេតុនេះបង្រៀនយើងថាយើងទាំងអស់គ្នាត្រូវមានជំនឿរឹងមាំលើថ្លៃលោះដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់។
ចម្រៀងលេខ១៥០ ចូរស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
a យើងបានពិចារណាយ៉ូហាន ៦:៥-៣៥នៅអត្ថបទមុន។
b ទឹកដែលលោកយេស៊ូបានរៀបរាប់សំដៅទៅលើការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់។
c យ៉ូហាន ជំពូកទី៦ប្រើពាក្យដែលអាចត្រូវបកប្រែថា«អ្នកណា»ឬ«អស់អ្នកណា»ដើម្បីសំដៅទៅលើពួកអ្នកដែលអាចរស់ជារៀងរហូត។—យ៉ូន. ៦:៣៥, ៤០, ៤៧, ៥៤, ៥៦-៥៨