លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​អ្នក​បាន​អាន​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​ឆ្នាំ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? សូម​សាក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​អ្វី​អំពី​របៀប​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី?

លោក​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដោយ​មិន​រើស​មុខ ហើយ​លោក​មិន​មែន​ចូល​ចិត្ត​បុរស​ជាង​ស្ត្រី​ទេ។ ព្រះ​ស្ដាប់​ស្ត្រី លោក​ចាប់​អារម្មណ៍​អំពី​អារម្មណ៍​និង​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត លោក​ទុក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​កិច្ច​ការ​របស់​លោក។—w​២៤.០១ ទំ.១៥​-​១៦

តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​អេភេសូរ ៥:៧ដែល​ចែង​ថា​៖«​កុំ​រួម​ចំណែក​ជា​មួយ​នឹង​ពួក​គេ​»​?

សាវ័ក​ប៉ូល​បាន​ព្រមាន​យើង​មិន​ឲ្យ​សេព​គប់​ជា​មួយ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ។ ការ​សេព​គប់​បែប​នោះ​សំដៅ​ទៅ​លើ​ពួក​អ្នក​ដែល​យើង​ចំណាយ​ពេល​ជា​មួយ​ដោយ​ផ្ទាល់ ឬ​ពួក​អ្នក​ដែល​យើង​ចំណាយ​ពេល​ជា​មួយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​គ្នា។—w​២៤.០៣ ទំ.២២​-​២៣

តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​រឿង​មិន​ពិត​អ្វី​ខ្លះ?

យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​រឿង​ដែល​មក​ពី​បង​ប្អូន​ដែល​មិន​ទាន់​បាន​ស្វែង​យល់​ថា​រឿង​នោះ​គឺ​ជា​ការ​ពិត អ៊ីមែល​ដែល​យើង​មិន​បាន​ស្នើ​សុំ​ពី​មនុស្ស​ដែល​យើង​មិន​ស្គាល់ ហើយ​ពួក​អ្នក​ក្បត់​ជំនឿ​ដែល​ធ្វើ​ពុត​ជា​ចាប់​អារម្មណ៍​សេចក្ដី​ពិត។—w​២៤.០៤ ទំ.១២

តើ​យើង​ដឹង​អ្វី​ខ្លះ ហើយ​មិន​ដឹង​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ស្ដេច​សាឡូម៉ូន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា និង​សម័យ​ទឹក​ជំនន់?

យើង​មិន​ដឹង​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​ពួក​គេ​ឲ្យ​ស្លាប់​ជា​រៀង​រហូត​ទេ។ ប៉ុន្តែ​យើង​ដឹង​ថា​លោក​ជ្រាប​អ្វី​ទាំង​អស់ ហើយ​លោក​មាន​សេចក្ដី​មេត្តា​ករុណា​យ៉ាង​ជ្រាល​ជ្រៅ។—w​២៤.០៥ ទំ.៣​-​៤

តើ​ការ​ដែល​ព្រះ​យេហូវ៉ា​ជា​«​ថ្ម​ដា​»​ពង្រឹង​ទំនុក​ចិត្ត​យើង​អំពី​អ្វី? (​បច. ៣២:៤)

យើង​អាច​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក។ លោក​ជា​ព្រះ​ដែល​អាច​ពឹង​ពាក់​បាន ដោយ​សារ​លោក​តែង​តែ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក។ លោក​នឹងនរ​ដោយ​សារ​គុណ​សម្បត្តិ​និង​គោល​បំណង​របស់​លោក​មិន​ប្រែ​ប្រួល​ឡើយ។—w​២៤.០៦ ទំ.២៦​-​២៨

តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​សម្រប​ខ្លួន​នឹង​ក្រុម​ជំនុំ​ថ្មី?

ចូរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ លោក​នឹង​ជួយ​អ្នក​ដូច​ដែល​លោក​ធ្លាប់​ជួយ​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល។ ចូរ​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ក្រុម​ជំនុំ​ថ្មី​ទៅ​នឹង​ក្រុម​ជំនុំ​ចាស់។ ចូរ​ជាប់​រវល់​ក្នុង​ក្រុម​ជំនុំ​ថ្មី ហើយ​ចូរ​ព្យាយាម​បង្កើត​មិត្តភាព​ថ្មី។—w​២៤.០៧ ទំ.២៦​-​២៨

តើ​មាន​មេ​រៀន​អ្វី​ក្នុង​រឿង​ប្រៀប​ប្រដូច​បី​នៅ​ម៉ាថាយ ជំពូក​ទី​២៥?

រឿង​ប្រៀប​ប្រដូច​អំពី​ចៀម​និង​ពពែ​លើក​បញ្ជាក់​អំពី​ភាព​ស្មោះ​ត្រង់​និង​ភក្ដី​ភាព។ រឿង​ប្រៀប​ប្រដូច​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា និង​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា​លើក​បញ្ជាក់​អំពី​ការ​ត្រៀម​ខ្លួន ហើយ​ចាំ​យាម។ ម្យ៉ាង​ទៀត រឿង​ប្រៀប​ប្រដូច​អំពី​ថាលិន លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ជា​មនុស្ស​ឧស្សាហ៍ និង​មាន​ចិត្ត​ខ្នះខ្នែង។—w​២៤.០៩ ទំ.២០​-​២៤

តើ​សាល​នៃ​វិហារ​របស់​សាឡូម៉ូន​មាន​កម្ពស់​ប៉ុន្មាន?

នៅ​ប្រវត្តិហេតុ​ទី​២ ៣:៤ ឯកសារ​បុរាណ​ខ្លះ​ចែង​អំពី​កម្ពស់​សាល​ថា នោះ​គឺ​«​១២០​»​ហត្ថ ដែល​ស្មើ​នឹង​កម្ពស់​៥៣​ម៉ែត្រ។ ប៉ុន្តែ ឯកសារ​បុរាណ​ផ្សេង​ទៀត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ចែង​ថា​«​២០​ហត្ថ​»​ដែល​ស្មើ​នឹង​កម្ពស់​៩​ម៉ែត្រ ហើយ​នេះ​មើល​ទៅ​ស៊ី​គ្នា​នឹង​កម្រាស់​នៃ​ជញ្ជាំង​វិហារ។—w​២៤.១០ ទំ.៣១

តើ​ពាក្យ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ត្រូវ​មាន​«​ប្រពន្ធ​តែ​មួយ​»​មាន​ន័យ​យ៉ាង​ណា? (​១ធី. ៣:១២)

នេះ​មាន​ន័យ​ថា​គាត់​រៀប​ការ​ជា​មួយ​ស្ត្រី​តែ​ម្នាក់ និង​មិន​គួរ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ទេ។ បន្ថែម​ទៅ​ទៀត គាត់​មិន​គួរ​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ន័យ​ស្នេហា​ទៅ​លើ​ស្ត្រី​ឯ​ទៀត។—w​២៤.១១ ទំ.១៩

ហេតុ​អ្វី​យើង​អាច​និយាយ​ថា​យ៉ូហាន ៦:៥៣ មិន​មែន​ពន្យល់​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់?

យ៉ូហាន ៦:៥៣​ចែង​ថា ត្រូវ​បរិភោគ​សាច់​និង​ផឹក​ឈាម​របស់​លោក​យេស៊ូ។ លោក​យេស៊ូ​មាន​ប្រសាសន៍​នេះ​នៅ​ឆ្នាំ​៣២ គ.ស. នៅ​ស្រុក​កាលីឡេ​ដល់​ជនជាតិ​យូដា​ដែល​នៅ​តែ​ត្រូវ​បង្ហាញ​ជំនឿ​លើ​លោក។ រីឯ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​បាន​ត្រូវ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ក្រោយ​មក​នៅ​ក្រុង​យេរូសាឡិម។ នៅ​ទី​នោះ លោក​យេស៊ូ​និយាយ​ជា​មួយ​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​នៅ​ស្ថាន​សួគ៌។—w​២៤.១២ ទំ.១០​-​១១