អត្ថបទសិក្សា ៥១
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
ទឹកភ្នែករបស់អ្នកគឺមានតម្លៃខ្លាំងណាស់ចំពោះព្រះយេហូវ៉ា
«សូមលោកប្រមូលទឹកភ្នែកខ្ញុំដាក់ក្នុងថង់ស្បែករបស់លោក តើលោកមិនបានកត់ទុកតំណក់ទឹកភ្នែកខ្ញុំក្នុងសៀវភៅរបស់លោកទេឬ?»។—ចសព. ៥៦:៨
ចំណុចផ្ដោត
ព្រះយេហូវ៉ាយល់យ៉ាងច្បាស់អំពីការឈឺចាប់របស់យើង ហើយលោកនឹងផ្ដល់ការសម្រាលទុក្ខដែលយើងត្រូវការ។
១-២. តើអ្វីអាចនាំឲ្យយើងស្រក់ទឹកភ្នែក?
យើងទាំងអស់គ្នាធ្លាប់ស្រក់ទឹកភ្នែក។ ពេលខ្លះ យើងយំដោយសារយើងសប្បាយ។ អ្នកប្រហែលជាបានយំពេលដែលមានរឿងពិសេសឬអ្វីសំខាន់កើតឡើងចំពោះអ្នក ដូចជាពេលដែលអ្នកបង្កើតបានកូនម្នាក់ ពេលអ្នកនឹកចាំអនុស្សាវរីយ៍ល្អៗ ឬពេលអ្នកទទួលស្វាគមន៍មិត្តភក្តិជាទីស្រឡាញ់ដែលខានជួបអស់ជាច្រើនឆ្នាំ។
២ ប៉ុន្តែ ភាគច្រើនយើងយំដោយសារយើងពិបាកចិត្តនិងរងទុក្ខវេទនា។ ជាឧទាហរណ៍ យើងប្រហែលជាយំពេលនរណាម្នាក់ធ្វើឲ្យយើងខកចិត្តជាខ្លាំង។ យើងក៏ប្រហែលជាយំពេលយើងរងការឈឺចាប់ដោយសារជំងឺរ៉ាំរ៉ៃ ឬដោយសារមនុស្សដែលយើងស្រឡាញ់បានស្លាប់។ នៅពេលបែបនោះ យើងអាចមានអារម្មណ៍ដូចអ្នកប្រកាសទំនាយយេរេមា ពេលជនជាតិបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម។ គាត់និយាយថា៖ «ទឹកភ្នែកខ្ញុំហូររហាមដូចទឹកហូរ . . . ខ្ញុំយំឥតល្ហែ ទឹកភ្នែកខ្ញុំហូរឥតឈប់»។—បទំ. ៣:៤៨, ៤៩
៣. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលឃើញអ្នកបម្រើរបស់លោករងទុក្ខ? (អេសាយ ៦៣:៩)
៣ ព្រះយេហូវ៉ាដឹងថាយើងយំច្រើនប៉ុណ្ណា ដោយសារបញ្ហាពិបាកដែលកើតមានឡើងនៅក្នុងជីវិតរបស់យើង។ គម្ពីរប្រាប់ថារាល់ដងដែលយើងរងទុក្ខលោកដឹង ហើយលោកឮពេលដែលយើងស្រែកសុំលោកឲ្យជួយ។ (ចសព. ៣៤:១៥) ប៉ុន្តែ ព្រះយេហូវ៉ាមិនគ្រាន់តែឃើញនិងឮយើងប៉ុណ្ណោះទេ។ ដូចឪពុកម្ដាយដែលប្រកបដោយសេចក្ដីស្រឡាញ់ លោកឈឺចិត្តយ៉ាងខ្លាំងពេលដែលឃើញកូនរបស់លោកយំ ហើយលោកចង់ជួយពួកយើង។—សូមអាន អេសាយ ៦៣:៩
៤. តើយើងនឹងពិចារណាគំរូបុគ្គលណាខ្លះក្នុងគម្ពីរ ហើយតើយើងនឹងរៀនអ្វីអំពីព្រះយេហូវ៉ា?
៤ ក្នុងបណ្ដាំរបស់ព្រះ លោកប្រាប់យើងអំពីអារម្មណ៍ដែលលោកមានពេលអ្នក បម្រើរបស់លោកយំ ហើយរបៀបដែលលោកជួយពួកគេ។ ជាឧទាហរណ៍ យើងអាចរៀនពីអ្វីដែលបានកើតឡើងចំពោះហាណា ដាវីឌ និងស្ដេចហេសេគា។ តើអ្វីបានធ្វើឲ្យពួកគេយំ? តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលពួកគេស្រែកសុំឲ្យលោកជួយ ហើយតើតាមរបៀបណាគំរូរបស់ពួកគេអាចសម្រាលទុក្ខយើងពេលយើងកើតទុក្ខ បានត្រូវគេក្បត់ ឬមានអារម្មណ៍ថាអស់សង្ឃឹម?
ស្រក់ទឹកភ្នែកដោយសារទុក្ខព្រួយ
៥. តើស្ថានភាពរបស់ហាណានាំឲ្យគាត់មានអារម្មណ៍យ៉ាងណា?
៥ ហាណាប្រឈមមុខនឹងបញ្ហាមួយចំនួនដែលនាំឲ្យនាងយំ ហើយកើតទុក្ខជាខ្លាំង។ បញ្ហាដ៏ពិបាកមួយគឺប្ដីរបស់នាងមានប្រពន្ធមួយទៀត។ ស្ត្រីនោះមានឈ្មោះថាផេនីណា ហើយគាត់ស្អប់ហាណា។ ហាណាមិនគ្រាន់តែឈឺចិត្តដោយសាររឿងនោះប៉ុណ្ណោះទេ នាងក៏ឈឺចិត្តដោយសារនាងមិនអាចមានកូនដែរ។ ប៉ុន្តែ ផេនីណាមានកូនច្រើន។ (១សាំ. ១:១, ២) ផេនីណាបានរករឿងឈ្នានីសហាណាឥតឈប់ ដោយសារហាណាមិនអាចមានកូន។ បើអ្នកស្ថិតក្នុងស្ថានភាពដូចនោះ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? ហាណាឈឺចិត្តជាខ្លាំងរហូតដល់«នាងយំ ហើយមិនព្រមបរិភោគទេ»។ នាងក៏«ជូរចត់»ក្នុងចិត្តខ្លាំងណាស់។—១សាំ. ១:៦, ៧, ១០
៦. តើហាណាបានធ្វើអ្វីដើម្បីទទួលការសម្រាលទុក្ខ?
៦ តើហាណាស្វែងរកការសម្រាលទុក្ខតាមរបៀបណា? អ្វីមួយដែលនាងបានធ្វើគឺនាងបានទៅគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅឯត្រសាល។ នៅទីនោះ ប្រហែលជានៅជិតច្រកចូលទីធ្លាត្រសាល «នាងក៏ចាប់ផ្ដើមអធិដ្ឋានទៅព្រះយេហូវ៉ា ទាំងយំអណ្ដឺតអណ្ដកឥតឈប់»។ នាងក៏ថែមទាំងអង្វរសុំព្រះយេហូវ៉ាថា៖ «សូមលោកមេត្តាមើលទុក្ខវេទនារបស់ខ្ញុំជាអ្នកបម្រើលោកផង។ សូមលោកនឹកចាំខ្ញុំ»។ (១សាំ. ១:១០ខ, ១១) ហាណាបានអធិដ្ឋានអស់ពីដួងចិត្តប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់នាង។ ព្រះយេហូវ៉ាច្បាស់ជាឈឺចិត្តខ្លាំងណាស់ ពេលលោកឃើញកូនជាទីស្រឡាញ់របស់លោកស្រក់ទឹកភ្នែក!
៧. ក្រោយអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា តើហាណាមានអារម្មណ៍យ៉ាងណា?
៧ តើហាណាមានអារម្មណ៍យ៉ាងណាក្រោយពីនាងបានអធិដ្ឋានទៅព្រះយេហូវ៉ាអស់ពីចិត្ត ហើយសម្ដេចសង្ឃអេលីនិយាយពាក្យល្អទៅកាន់នាង? គម្ពីរចែងថា៖ «នាងក៏ចេញទៅបរិភោគអាហារ ហើយលែងមានទឹកមុខព្រួយទៀត»។ (១សាំ. ១:១៧, ១៨) ទោះជាស្ថានភាពរបស់នាងមិនទាន់ផ្លាស់ប្ដូរក្ដី ហាណាធូរចិត្តជាខ្លាំង។ នាងទុកចិត្តថាព្រះយេហូវ៉ាយល់អារម្មណ៍របស់នាង ដឹងថានាងមានបញ្ហាអ្វីខ្លះ ហើយថាលោកនឹងជួយនាង។ ព្រះយេហូវ៉ាបានធ្វើដូច្នេះមែន! លោកបានឃើញថានាងពិបាកចិត្ត បានឮការស្រែកសុំលោកឲ្យជួយ ហើយពេលក្រោយមកលោកបានឲ្យពរនាងមានកូន។—១សាំ. ១:១៩, ២០; ២:២១
៨-៩ ហេតុអ្វីគឺជាការសំខាន់ឲ្យយើងចូលរួមកិច្ចប្រជុំ? (ហេប្រឺ ១០:២៤, ២៥) (សូមមើលរូបភាពផងដែរ)
៨ មេរៀនសម្រាប់យើង។ តើអ្នកកំពុងប្រឈមមុខនឹងស្ថានភាពពិបាកដែលនាំឲ្យអ្នកកើតទុក្ខឬទេ? ប្រហែលជាសមាជិកក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកបានស្លាប់។ ពេលមានរឿងបែបនោះកើតឡើង អ្នកប្រហែលជាចង់នៅតែម្នាក់ ឯង ហើយនោះជាអារម្មណ៍ធម្មតា។ ប៉ុន្តែ ដូចហាណាទទួលការសម្រាលទុក្ខនិងការលើកទឹកចិត្តពេលគាត់ទៅត្រសាល នោះអ្នកក៏អាចទទួលការសម្រាលទុក្ខដោយចូលរួមកិច្ចប្រជុំក្រុមជំនុំ ទោះជាអ្នកប្រហែលជាអស់កម្លាំងនិងសោកសៅក្ដី។ (សូមអាន ហេប្រឺ ១០:២៤, ២៥) ព្រះយេហូវ៉ាអាចជួយយើងឲ្យឈប់គិតអំពីអ្វីដែលធ្វើឲ្យយើងពិបាកចិត្ត ពេលយើងស្ដាប់ខគម្ពីរដែលលើកទឹកចិត្តនៅកិច្ចប្រជុំ។ ជាលទ្ធផល នោះអាចជួយយើងឲ្យគ្រប់គ្រងលើអារម្មណ៍យើង ទោះបីជាស្ថានភាពរបស់យើងមិនទាន់ល្អប្រសើរឡើងវិញក្ដី។
៩ នៅកិច្ចប្រជុំ យើងក៏អាចសេពគប់ជាមួយបងប្អូនរួមជំនឿដែលចេះយល់អារម្មណ៍របស់យើង ហើយដែលបង្ហាញការយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ដែលអាចលើកទឹកចិត្តយើង។ (១ថែ. ៥:១១, ១៤) សូមពិចារណាបទពិសោធន៍របស់បងប្រុសម្នាក់ជាអ្នកត្រួសត្រាយពិសេសដែលប្រពន្ធរបស់គាត់បានស្លាប់។ គាត់និយាយថា៖ «ខ្ញុំនៅតែយំសោក។ ពេលខ្លះ ខ្ញុំអង្គុយនៅកៀនជញ្ជាំង ហើយយំតែម្ដង។ ប៉ុន្តែ ពេលខ្ញុំចូលរួមកិច្ចប្រជុំ ខ្ញុំពិតជាទទួលការលើកទឹកចិត្តខ្លាំងណាស់។ ពាក្យសម្ដីសប្បុរសរបស់បងប្អូនដែលនិយាយមកកាន់ខ្ញុំ និងចម្លើយរបស់ពួកគេនៅកិច្ចប្រជុំពិតជាសម្រាលទុក្ខខ្ញុំ។ ទោះជាមុនមកកិច្ចប្រជុំខ្ញុំព្រួយបារម្ភនិងខ្វល់ខ្វាយខ្លាំងយ៉ាងណាក្ដី ខ្ញុំតែងតែមានអារម្មណ៍ល្អជាង ពេលនៅទីនោះ»។ ពេលយើងចូលរួមកិច្ចប្រជុំ ព្រះយេហូវ៉ាអាចប្រើបងប្អូនដើម្បីជួយយើង។
១០. តើយើងអាចធ្វើតាមគំរូរបស់ហាណាយ៉ាងដូចម្ដេចពេលយើងកើតទុក្ខ?
១០ ហាណាមានអារម្មណ៍ធូរស្រាលក្រោយពីនាងអធិដ្ឋានប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់នាង។ ដូចហាណា អ្នកក៏អាច«ផ្ទេរកង្វល់ទាំងអស់ទៅ[ព្រះយេហូវ៉ា]»ដោយមានទំនុកចិត្តថាលោកនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នក និងជួយអ្នក។ (១ពេ. ៥:៧) បងស្រីម្នាក់ដែលប្ដីរបស់គាត់បានត្រូវចោរប្លន់សម្លាប់ បានរៀបរាប់ថា៖ «ខ្ញុំមានអារម្មណ៍ថាចិត្តរបស់ខ្ញុំខ្ទេចខ្ទាំអស់ ហើយមិនអាចជាសះស្បើយបានទេ។ ប៉ុន្តែ ពេលខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ាជាបិតាដែលស្រឡាញ់ខ្ញុំខ្លាំងណាស់ ខ្ញុំពិតជាធូរស្រាលក្នុងចិត្ត។ ជួនកាល ខ្ញុំពិបាករកពាក្យរ៉ាយរ៉ាប់អំពីអារម្មណ៍របស់ខ្ញុំទៅព្រះយេហូវ៉ា ទោះជាយ៉ាងនោះក៏ដោយលោកយល់ពីខ្ញុំ។ ពេលខ្ញុំមានអារម្មណ៍សោកសៅនិងព្រួយចិត្ត ខ្ញុំអធិដ្ឋានសុំព្រះយេហូវ៉ាជួយខ្ញុំឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្ត។ ភ្លាមៗក្រោយពីអធិដ្ឋាន ខ្ញុំមានចិត្តស្ងប់ ហើយអាចផ្ចង់អារម្មណ៍ធ្វើកិច្ចការនៅថ្ងៃនោះបាន»។ ពេលអ្នកប្រាប់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្តអំពីអ្វីដែលនាំឲ្យអ្នកកើតទុក្ខ លោកក៏ឈឺចិត្តដែរ ហើយលោកយល់យ៉ាងច្បាស់អំពីអារម្មណ៍របស់អ្នក។ ទោះជាបញ្ហារបស់អ្នកនៅតែមានក្ដី ព្រះយេហូវ៉ាអាចសម្រាលទុក្ខអ្នក ហើយជួយអ្នកឲ្យមានអារម្មណ៍ស្ងប់។ (ចសព. ៩៤:១៩; ភី. ៤:៦, ៧) លោកកត់សម្គាល់អ្វីទាំងអស់ដែលអ្នកធ្វើដើម្បីរក្សាភាពស្មោះត្រង់ចំពោះលោក ហើយលោកនឹងឲ្យរង្វាន់អ្នក។—ហេ. ១១:៦
ស្រក់ទឹកភ្នែកដោយសារត្រូវគេក្បត់
១១. តើដាវីឌមានអារម្មណ៍យ៉ាងណាពេលជួបប្រទះស្ថានភាពពិបាក?
១១ នៅក្នុងជីវិតរបស់ដាវីឌ គាត់ត្រូវស៊ូទ្រាំនឹងស្ថានភាពពិបាកមួយចំនួនដែលនាំឲ្យគាត់ស្រក់ទឹកភ្នែក។ មនុស្សជាច្រើនស្អប់គាត់ ហើយសូម្បីតែមិត្តភក្តិនិងសមាជិកក្រុមគ្រួសារខ្លះរបស់គាត់ក៏បានក្បត់គាត់ដែរ។ (១សាំ. ១៩:១០, ១១; ២សាំ. ១៥:១០-១៤, ៣០) នៅពេលមួយ គាត់បានសរសេរថា៖ «ខ្ញុំដកដង្ហើមធំរហូតដល់ល្វើយពេញមួយយប់ ទឹកភ្នែកខ្ញុំហូរជោកគ្រែ។ ខ្ញុំយំឡើងលិចដំណេក»។ ហេតុអ្វីដាវីឌមានអារម្មណ៍ដូចនេះ? គាត់ពន្យល់ថាគឺ៖ «ដោយសារអស់អ្នកដែលយាយីខ្ញុំ»។ (ចសព. ៦:៦, ៧) ពេលអ្នកឯទៀតប្រព្រឹត្តអាក្រក់មកលើដាវីឌ គាត់ពិបាកចិត្តខ្លាំងដល់ម្ល៉េះបានជាស្រក់ទឹកភ្នែកឥតឈប់។
១២. ដូចបានបង្ហាញនៅចម្រៀងសរសើរព្រះ ៥៦:៨ តើដាវីឌជឿជាក់អំពីអ្វី?
១២ ទោះបីជាដាវីឌមានជីវិតពិបាកក៏ដោយ គាត់ជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់គាត់។ គាត់បានសរសេរថា៖ «ព្រះយេហូវ៉ានឹងឮសំឡេងខ្ញុំយំ»។ (ចសព. ៦:៨) នៅពេល មួយទៀត គាត់បានសរសេរពាក្យដ៏គួរឲ្យចាប់អារម្មណ៍នៅចម្រៀងសរសើរព្រះ ៥៦:៨។ (សូមអាន) ពេលយើងអានពាក្យទាំងនោះ យើងយល់ថាព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់ ហើយចាប់អារម្មណ៍ចំពោះអារម្មណ៍របស់យើង។ ដាវីឌនិយាយថាគឺហាក់ដូចជាព្រះយេហូវ៉ាប្រមូលទឹកភ្នែករបស់គាត់ដាក់ក្នុងថង់ស្បែក ឬកត់ទុកក្នុងសៀវភៅ។ ដាវីឌដឹងច្បាស់ថាព្រះយេហូវ៉ាកត់សម្គាល់ និងចាំអំពីការឈឺចាប់របស់គាត់។ ដាវីឌជឿជាក់ថាបិតាស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់មិនគ្រាន់តែដឹងថាគាត់ឆ្លងកាត់អ្វីខ្លះប៉ុណ្ណោះទេ តែលោកក៏ដឹងថាបញ្ហាទាំងនោះនាំឲ្យគាត់ឈឺចាប់ខ្លាំងយ៉ាងណាដែរ។
១៣. ពេលអ្នកឯទៀតធ្វើឲ្យយើងខកចិត្តឬក្បត់យើង តើយើងត្រូវនឹកចាំអំពីអ្វី? (សូមមើលរូបភាពផងដែរ)
១៣ មេរៀនសម្រាប់យើង។ តើអ្នកកំពុងខ្ទេចខ្ទាំចិត្តដោយសារមនុស្សដែលអ្នកទុកចិត្តធ្វើឲ្យអ្នកខកចិត្តជាខ្លាំង ឬក្បត់អ្នកឬទេ? អ្នកប្រហែលជាឈឺចិត្តដោយសារការស្វែងយល់ចិត្តគ្នា ឬចំណងអាពាហ៍ពិពាហ៍បែកបាក់ដែលនឹកស្មានមិនដល់ ឬប្រហែលជាបុគ្គលដែលអ្នកស្រឡាញ់ឈប់បម្រើព្រះយេហូវ៉ា។ បងប្រុសម្នាក់ដែលប្រពន្ធរបស់គាត់បានប្រព្រឹត្តអំពើផិតក្បត់ ហើយចុះចោលគាត់រៀបរាប់ថា៖ «ខ្ញុំពិបាកជឿថារឿងនេះបានកើតឡើងចំពោះខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឥតបានការ ខឹង និងក្រៀមក្រំចិត្ត»។ បើសិនជាអ្នកណាម្នាក់ក្បត់អ្នក ឬធ្វើឲ្យអ្នកខកចិត្តជាខ្លាំង សូមដឹងថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលអ្នកឡើយ។ បងប្រុសនោះបាននិយាយបន្ថែមថា៖ «ឥឡូវខ្ញុំយល់ថាមនុស្សមិនតែងតែស្មោះ ត្រង់ទេ តែព្រះយេហូវ៉ាតែងតែស្មោះត្រង់ជានិច្ច។ មិនថាមានរឿងអ្វីកើតឡើងចំពោះយើងក៏ដោយ លោកតែងតែនឹងជួយយើង។ លោកនឹងមិនបោះបង់ពួកអ្នកដែលមានភក្ដីភាពចំពោះលោកទេ»។ (ចសព. ៣៧:២៨) សូមចាំដែរថា សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះអ្នកគឺខ្លាំងជាង សេចក្ដីស្រឡាញ់របស់មនុស្សចំពោះអ្នក។ ពេលបុគ្គលដែលយើងស្រឡាញ់ក្បត់យើង នោះនាំឲ្យយើងឈឺចិត្តខ្លាំងណាស់។ ប៉ុន្តែ ព្រះយេហូវ៉ាមិនផ្លាស់ប្ដូរអារម្មណ៍របស់លោកចំពោះអ្នកទេ។ អ្នកមានតម្លៃចំពោះលោកខ្លាំងណាស់។ (រ៉ូម ៨:៣៨, ៣៩) សរុបសេចក្ដីមក មិនថាបុគ្គលណាម្នាក់ប្រព្រឹត្តយ៉ាងណាទៅលើអ្នកទេ បិតានៅស្ថានសួគ៌ស្រឡាញ់អ្នក។
១៤. តើចម្រៀងសរសើរព្រះ ៣៤:១៨ ពង្រឹងទំនុកចិត្តយើងអំពីអ្វី?
១៤ បើអ្នកបានត្រូវគេក្បត់ ពាក្យរបស់ដាវីឌនៅចម្រៀងសរសើរព្រះ ៣៤:១៨អាចសម្រាលទុក្ខអ្នក។ (សូមអាន) ឯកសារយោងមួយចែងថា ពួកអ្នកដែល«បាក់ទឹកចិត្ត»អាចសំដៅទៅលើ«ពួកអ្នកដែលគ្មានអ្វីរំពឹងនៅថ្ងៃខាងមុខ»។ តើព្រះយេហូវ៉ាជួយពួកអ្នកដែលមានអារម្មណ៍បែបនេះយ៉ាងដូចម្ដេច? ដូចឪពុកម្ដាយដែលបីថ្នាក់ថ្នមកូន ហើយលួងលោមពេលដែលកូនយំ ព្រះយេហូវ៉ា«នៅជិត»យើង ពេលយើងរងទុក្ខដោយសារបុគ្គលណាម្នាក់ក្បត់យើងឬបោះបង់ចោលយើង។ ព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់យើង ហើយភ្លាមៗលោកនឹងចាត់វិធានការជួយយើង។ បើយើងខ្ទេចខ្ទាំចិត្ត ហើយមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ លោកចង់ជួយ សម្រាលទុក្ខយើង។ ម្យ៉ាងទៀត លោកផ្ដល់សេចក្ដីសង្ឃឹមល្អៗដើម្បីជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកនៅឥឡូវនេះ។—អេ. ៦៥:១៧
ស្រក់ទឹកភ្នែកដោយសារអស់សង្ឃឹម
១៥. តើស្ដេចហេសេគាស្ថិតក្នុងស្ថានភាពអ្វីដែលនាំឲ្យគាត់យំយ៉ាងខ្លាំង?
១៥ ពេលហេសេគាស្ដេចស្រុកយូដាមានអាយុ៣៩ឆ្នាំ គាត់បានធ្លាក់ខ្លួនឈឺធ្ងន់។ នៅពេលនោះ អ្នកប្រកាសទំនាយអេសាយបានប្រាប់ដំណឹងពីព្រះយេហូវ៉ាថា ហេសេគានឹងស្លាប់ដោយសារជំងឺនោះ។ (២បស. ២០:១) មើលទៅស្ដេចហេសេគាគ្មានសង្ឃឹមឡើយ។ ពេលគាត់ឮដំណឹងនោះ គាត់ក្រៀមក្រំចិត្ត ហើយយំយ៉ាងខ្លាំង។ គាត់បានអធិដ្ឋានអង្វរសុំព្រះយេហូវ៉ាឲ្យជួយគាត់។—២បស. ២០:២, ៣
១៦. តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណាចំពោះពាក្យអង្វរទាំងទឹកភ្នែករបស់ហេសេគា?
១៦ ពេលព្រះយេហូវ៉ាឮសេចក្ដីអធិដ្ឋានរបស់ស្ដេចហេសេគា ហើយឃើញទឹកភ្នែករបស់គាត់ លោកអាណិតអាសូរហេសេគា ហើយលោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «ខ្ញុំបានឮសេចក្ដីអធិដ្ឋានរបស់អ្នកហើយ ក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ ខ្ញុំនឹងធ្វើឲ្យអ្នកជាសះស្បើយ»។ តាមរយៈអេសាយ ព្រះយេហូវ៉ាបានសន្យាថាលោកនឹងពន្យារជីវិតរបស់ស្ដេចហេសេគា ហើយនឹងសង្គ្រោះក្រុងយេរូសាឡិមឲ្យរួចពីកណ្ដាប់ដៃជនជាតិអាស៊ីរី។—២បស. ២០:៤-៦
១៧. តើព្រះយេហូវ៉ាជួយយើងយ៉ាងណាពេលយើងមានបញ្ហាសុខភាពធ្ងន់ធ្ងរ? (ចម្រៀងសរសើរព្រះ ៤១:៣) (សូមមើលរូបភាពផងដែរ)
១៧ មេរៀនសម្រាប់យើង។ តើអ្នកអាចធ្វើអ្វីបើអ្នកធ្លាក់ខ្លួនឈឺ ហើយគ្មានសង្ឃឹមថាអាចជាសះស្បើយឡើងវិញ? សូមប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នក។ លោកនឹងស្ដាប់អ្នកមិនថាអ្នកអធិដ្ឋានទាំងយំក្ដី។ គម្ពីរពង្រឹងទំនុកចិត្តយើងថា«បិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»នឹងសម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង។ (២កូ. ១:៣, ៤) នៅសព្វថ្ងៃនេះ យើងមិនអាចរំពឹងថាព្រះយេហូវ៉ានឹងបំបាត់ចោលបញ្ហាទាំងអស់របស់យើងទេ ប៉ុន្តែលោកនឹងតែងតែជួយយើង។ (សូមអាន ចម្រៀងសរសើរព្រះ ៤១:៣) តាមរយៈឫទ្ធានុភាពរបស់ព្រះយេហូវ៉ា លោកផ្ដល់កម្លាំង ប្រាជ្ញា និងសេចក្ដីសុខសាន្តក្នុងចិត្តដល់យើងដើម្បីយើងអាចស៊ូទ្រាំ។ (សុភ. ១៨:១៤; ភី. ៤:១៣) លោកក៏សម្រាលទុក្ខយើងដោយផ្ដល់សេចក្ដីសង្ឃឹមថានៅថ្ងៃអនាគតគ្មាននរណាម្នាក់ឈឺទៀតទេ។—អេ. ៣៣:២៤
១៨. ពេលស្ថិតក្នុងស្ថានភាពពិបាកខ្លាំង តើអ្នកបានទទួលការសម្រាលទុក្ខពីខគម្ពីរអ្វី? (សូមមើលប្រអប់ដែលមានចំណងជើងថា « ពាក្យដែលអាចសម្រាលទុក្ខយើងពេលយើងស្រក់ទឹកភ្នែក»)
១៨ អ្វីដែលព្រះយេហូវ៉ាបានប្រាប់ហេសេគាបានសម្រាលទុក្ខគាត់។ ស្រដៀងគ្នាដែរ យើងអាចទទួលការសម្រាលទុក្ខពីបណ្ដាំរបស់ព្រះ។ ពេលយើងពិបាកចិត្ត ប្រសាសន៍របស់ព្រះយេហូវ៉ានៅក្នុងគម្ពីរអាចសម្រាលទុក្ខយើង ហើយជួយយើងឲ្យមានចិត្តស្ងប់។ (រ៉ូម ១៥:៤) ពេលបងស្រីម្នាក់ពីទ្វីបអាហ្វ្រិកខាងលិចបានត្រូវរកឃើញថាមានជំងឺមហារីក គាត់យំជាញឹកញយ។ គាត់និយាយថា៖ «បទគម្ពីរមួយដែលពិតជាសម្រាលទុក្ខខ្ញុំគឺនៅអេសាយ ២៦:៣។ ទោះជាភាគច្រើន យើងមិនអាចផ្លាស់ប្ដូរស្ថានភាពរបស់យើងក៏ដោយ ខគម្ពីរនោះសន្យាថាព្រះយេហូវ៉ាអាចធ្វើឲ្យយើងមានចិត្តស្ងប់ និងជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយ»។ តើមានបទគម្ពីរណាមួយដែលពិតជាសម្រាលទុក្ខអ្នកពេលអ្នកប្រឈមមុខនឹងស្ថានភាពដែលពិបាកយ៉ាងខ្លាំង និងថែមទាំងមើលទៅគ្មានដំណោះស្រាយឬទេ?
១៩. តើយើងអាចទន្ទឹងរង់ចាំអ្វី?
១៩ របៀបរបបពិភពលោកនេះជិតដល់ទីបញ្ចប់ហើយ។ យើងយល់ថាបញ្ហាដែលនាំឲ្យយើងឈឺចាប់និងយំនឹងមានកាន់តែច្រើនឡើង។ ប៉ុន្តែ ដូចយើងបានរៀនពីគំរូរបស់ហាណា ដាវីឌ និងស្ដេចហេសេគា ព្រះយេហូវ៉ាឃើញពេលយើងយំ ហើយលោកក៏ពិបាកចិត្តដែរ។ ទឹកភ្នែករបស់យើងគឺពិតជាមានតម្លៃណាស់ចំពោះលោក។ ដូច្នេះ ពេលយើងប្រឈមមុខនឹងស្ថានភាពពិបាក យើងពិតជាចង់អធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ា។ សូមកុំឲ្យយើងផ្ដាច់ខ្លួននៅតែឯងពីបងប្អូនរបស់យើងឡើយ។ សូមយើងបន្តស្វែងរកការសម្រាលទុក្ខពីប្រសាសន៍របស់ព្រះដែលបានកត់ទុកនៅក្នុងគម្ពីរ។ យើងអាចប្រាកដថា ព្រះយេហូវ៉ានឹងឲ្យរង្វាន់យើង បើយើងបន្តស៊ូទ្រាំដោយស្មោះត្រង់។ នេះរួមបញ្ចូលសេចក្ដីសន្យាដ៏អស្ចារ្យដែលថាលោកនឹងជូតអស់ទាំងទឹកភ្នែកដែលមកពីការឈឺចាប់ចេញពីភ្នែករបស់យើង។ (បប. ២១:៤) យ៉ាងនោះ យើងនឹងស្រក់ទឹកភ្នែកដោយសារតែយើងសប្បាយប៉ុណ្ណោះ។
ចម្រៀងលេខ៤ «ព្រះយេហូវ៉ាជាគង្វាលរបស់ខ្ញុំ»