លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

តើ​អ្នក​ណា​គឺ​ជា​«​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស​»​ដែល​បាន​រៀប​រាប់​នៅ​ធីម៉ូថេ​ទី​១ ៥:២១?

សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​ធីម៉ូថេ​ដែល​ជា​អ្នក​ចាស់​ទុំ​ដូច​គ្នា​ថា​៖ ​«​នៅ​ចំពោះ​មុខ​ព្រះ​និង​គ្រិស្ត​យេស៊ូ ព្រម​ទាំង​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស ខ្ញុំ​សុំ​បង្គាប់​អ្នក​ជា​ផ្លូវ​ការ​ឲ្យ​ធ្វើ​តាម​បង្គាប់​ទាំង​នេះ ដោយ​គ្មាន​ចិត្ត​ប្រកាន់​ឬ​ចិត្ត​លម្អៀង​ទាល់​តែ​សោះ​»។—១ធី. ៥:២១

ដំបូង យើង​អាច​ពិចារណា​ថា​អ្នក​ណា​ខ្លះ​មិន​មែន​ជា​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស។ ពួក​គេ​ច្បាស់​ជា​មិន​មែន​ពួក​អ្នក​១៤៤.០០០​នាក់​ទេ។ ពេល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​ធីម៉ូថេ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​របស់​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​ទាន់​ចាប់​ផ្ដើម​ទេ។ ពួក​សាវ័ក​និង​បុគ្គល​ឯ​ទៀត​ដែល​បាន​ត្រូវ​រើស​តាំង​មិន​ទាន់​ទៅ​ជា​បុគ្គល​វិញ្ញាណ​នៅ​ឡើយ​ទេ។ ដូច្នេះ ​«​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស​»​មិន​អាច​សំដៅ​ទៅ​លើ​ពួក​គេ​ឡើយ។—១កូ. ១៥:៥០​-​៥៤; ១ថែ. ៤:១៣​-​១៧; ១យ៉ូន. ៣:២

ម្យ៉ាង​ទៀត ​«​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស​»​ក៏​មិន​សំដៅ​ទៅ​លើ​ពួក​ទេវតា​ដែល​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​នៅ​សម័យ​ទឹក​ជំនន់​ដែរ។ ពួក​ទេវតា​ទាំង​នោះ​បាន​ចូល​ខាង​សាថាន ហើយ​ក្លាយ​ជា​ពួក​វិញ្ញាណ​កំណាច​ដែល​ជា​សត្រូវ​របស់​លោក​យេស៊ូ។ (​ដក. ៦:២; លូក. ៨:៣០, ៣១; ២ពេ. ២:៤​) នៅ​ថ្ងៃ​អនាគត ពួក​វា​នឹង​ត្រូវ​ឃុំ​ក្នុង​ទី​ជ្រៅ​បំផុត​អស់​១.០០០​ឆ្នាំ ហើយ​ក្រោយ​មក​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​មួយ​មេ​កំណាច។—យូ. ៦; បប. ២០:១​-​៣, ១០

​«​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស​»​ដែល​ប៉ូល​បាន​រៀប​រាប់​ត្រូវ​តែ​ជា​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​ដែល​គាំទ្រ​«​ព្រះ​និង​គ្រិស្ត​យេស៊ូ​»។

មាន​ទេវតា​ដ៏​ស្មោះ​ត្រង់​រាប់​ម៉ឺន​រូប។ (​ហេ. ១២:២២, ២៣​) យើង​មិន​ចាំ​បាច់​គិត​ថា​ទេវតា​នីមួយ​ៗ​មាន​ភារកិច្ច​ដូច​គ្នា​នៅ​ពេល​ដំណាល​គ្នា​នោះ​ទេ។ (​បប. ១៤:១៧, ១៨​) សូម​ចាំ​ថា​នៅ​ពេល​មួយ ទេវតា​មួយ​រូប​បាន​ត្រូវ​សុំ​ឲ្យ​សម្លាប់​ពួក​ទាហាន​អាស៊ីរី​ចំនួន​១៨៥.០០០​នាក់។ (​២បស. ១៩:៣៥​) ទេវតា​មួយ​ចំនួន​ប្រហែល​ជា​ទទួល​ភារកិច្ច​ឲ្យ​«​ដក​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ជំពប់​ដួល ព្រម​ទាំង​ដក​មនុស្ស​ទាំង​អស់​ដែល​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់ ចេញ​ពី​រាជាណាចក្រ​របស់​លោក​[​យេស៊ូ​]​»។ (​ម៉ាថ. ១៣:៣៩​-​៤១​) ទេវតា​ឯ​ទៀត​ប្រហែល​ជា​នឹង​«​ប្រមូល​អ្នក​ដែល​លោក​បាន​រើស​តាំង​»​ទៅ​ស្ថាន​សួគ៌។ (​ម៉ាថ. ២៤:៣១​) រីឯ​ទេវតា​ផ្សេង​ទៀត បាន​ត្រូវ​បង្គាប់​ឲ្យ​‹ការ​ពារ​យើង​នៅ​គ្រប់​កន្លែង​ដែល​យើង​ទៅ›។—ចសព. ៩១:១១; ម៉ាថ. ១៨:១០; សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ៤:១១; លូកា ២២:៤៣

​«​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស​»​ដែល​បាន​រៀប​រាប់​នៅ​ធីម៉ូថេ​ទី​១ ៥:២១ ទំនង​ជា​ពួក​ទេវតា​ដែល​មាន​ភារកិច្ច​ជួយ​ថែ​រក្សា​ក្រុម​ជំនុំ។ ក្នុង​បរិបទ​នេះ ប៉ូល​បាន​ផ្ដល់​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​អំពី​ពួក​អ្នក​ចាស់​ទុំ​ដែល​សម​នឹង​ទទួល​ការ​គោរព​ពី​ក្រុម​ជំនុំ។ ចំណែក​ឯ​អ្នក​ចាស់​ទុំ​វិញ ពួក​គេ​គួរ​បំពេញ​ភារកិច្ច​របស់​ខ្លួន​«​ដោយ​គ្មាន​ចិត្ត​ប្រកាន់​ឬ​ចិត្ត​លម្អៀង​ទាល់​តែ​សោះ​»​ ហើយ​ក៏​មិន​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មិន​គិត​វែង​ឆ្ងាយ​ទុក​ជា​មុន​ឡើយ។ មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ពួក​គេ​ធ្វើ​តាម​យោបល់​របស់​ប៉ូល​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គឺ​ថា​អ្វី​ដែល​ពួក​គេ​ប្រព្រឹត្ត​គឺ​«​នៅ​ចំពោះ​មុខ​ព្រះ​និង​គ្រិស្ត​យេស៊ូ ព្រម​ទាំង​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស​»។ យើង​ឃើញ​ច្បាស់​ថា​ទេវតា​ខ្លះ​ទទួល​ភារកិច្ច​ដែល​ទាក់​ទង​នឹង​ក្រុម​ជំនុំ​ដូច​ជា​ផ្ដល់​ការ​ការ​ពារ ជួយ​អ្នក​បម្រើ​ព្រះ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ និង​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​ពួក​គេ​បាន​សង្កេត​ឃើញ។—ម៉ាថ. ១៨:១០; បប. ១៤:៦