លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤៨

ចម្រៀង​លេខ​៩៧ ជីវិត​ពឹង​ពាក់​លើ​បណ្ដាំ​ព្រះ

អព្ភូតហេតុ​ធ្វើ​ឲ្យ​មាន​នំប៉័ង

អព្ភូតហេតុ​ធ្វើ​ឲ្យ​មាន​នំប៉័ង

«​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត។ អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ឃ្លាន​ឡើយ​»។យ៉ូន. ៦:៣៥

ចំណុច​ផ្ដោត

អ្វី​ដែល​យើង​រៀន​ពី​យ៉ូហាន ជំពូក​ទី​៦​ដែល​រៀប​រាប់​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ ពេល​លោក​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់ ដោយ​មាន​តែ​នំប៉័ង​ប្រាំ​ដុំ​និង​ត្រី​តូច​ពីរ​កន្ទុយ​ប៉ុណ្ណោះ។

១. តើ​នំប៉័ង​គឺ​សំខាន់​យ៉ាង​ណា​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​សម័យ​គម្ពីរ?

 នំប៉័ង​គឺ​ជា​អាហារ​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​សម័យ​គម្ពីរ។ (​ដក. ១៤:១៨; លូក. ៤:៤​) តាម​ពិត នំប៉័ង​គឺ​សំខាន់​ដល់​ម្ល៉េះ​បាន​ជា​ជួន​កាល​គម្ពីរ​ប្រើ​ពាក្យ​«​នំប៉័ង​»​ដើម្បី​សំដៅ​ទៅ​លើ​អាហារ​ជា​ទូទៅ។ (​ម៉ាថ. ៦:១១, កំ.ស.​) នំប៉័ង​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​អព្ភូតហេតុ​ដ៏​ល្បី​ពីរ​របស់​លោក​យេស៊ូ។ (​ម៉ាថ. ១៦:៩, ១០​) អព្ភូតហេតុ​មួយ​គឺ​នៅ​យ៉ូហាន ជំពូក​ទី​៦។ កាល​ដែល​យើង​ពិចារណា​កំណត់​ហេតុ​នេះ យើង​នឹង​រក​មេ​រៀន​ដែល​យើង​អាច​ធ្វើ​តាម​នៅ​សព្វ​ថ្ងៃ​នេះ។

២. តើ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ការ​អាហារ​នៅ​ពេល​ណា?

ក្រោយ​ពី​ពួក​សាវ័ក​របស់​លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ចប់​ហើយ លោក​បាន​នាំ​ពួក​គេ​ចុះ​ទូក​ឆ្លង​កាត់​សមុទ្រ​កាលីឡេ ដើម្បី​ពួក​គេ​អាច​សម្រាក។ (​ម៉ាក. ៦:៧, ៣០​-​៣២; លូក. ៩:១០​) ពួក​គេ​បាន​ទៅ​ដល់​កន្លែង​ស្ងាត់​មួយ​នៅ​តំបន់​ជិត​ក្រុង​បេតសេដា។ ប៉ុន្តែ​មិន​យូរ​ក្រោយ​មក បណ្ដា​ជន​បាន​ឮ​ថា​លោក​យេស៊ូ​នៅ​ទី​នោះ ហើយ​មនុស្ស​រាប់​ពាន់​នាក់​បាន​ទៅ​ជួប​លោក។ លោក​យេស៊ូ​មិន​បាន​ព្រងើយ​កន្តើយ​នឹង​ពួក​គេ​ទេ។ លោក​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​លៃ​ពេល​ដើម្បី​បង្រៀន​ពួក​គេ​អំពី​រាជាណាចក្រ​ព្រះ និង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ។ លុះ​ដល់​ល្ងាច​ហើយ ពួក​អ្នក​កាន់​តាម​បាន​ឆ្ងល់​ថា តើ​បណ្ដា​ជន​ទាំង​អស់​នេះ​អាច​បាន​អ្វី​បរិភោគ​យ៉ាង​ដូច​ម្ដេច? បណ្ដា​ជន​ខ្លះ​ប្រហែល​ជា​បាន​យក​ស្បៀង​អាហារ​បន្តិច​បន្តួច​មក​តាម​ខ្លួន ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​ត្រូវ​ទៅ​ទិញ​អាហារ​នៅ​តាម​ភូមិ។ (​ម៉ាថ. ១៤:១៥; យ៉ូន. ៦:៤, ៥​) ដូច្នេះ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី?

លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ដោយ​ផ្ដល់​នំប៉័ង

៣. តើ​លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ឲ្យ​ធ្វើ​អ្វី​ចំពោះ​បណ្ដា​ជន? (​សូម​មើល​រូប​ភាពផង​ដែរ​)

លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ថា​៖ ‹បណ្ដា​ជន​មិន​ចាំ​បាច់​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ទៅ›។ (​ម៉ាថ. ១៤:១៦​) តែ​នេះ​មើល​ទៅ​មិន​អាច​ទៅ​រួច​ទេ ដោយ​សារ​មាន​បុរស​ប្រហែល​៥.០០០​នាក់ ហើយ​បើ​រួម​បញ្ចូល​ស្ត្រី​និង​កូន​ក្មេង ចំនួន​មនុស្ស​នៅ​ទី​នោះ​ប្រហែល​ជា​១៥.០០០​នាក់។ (​ម៉ាថ. ១៤:២១​) អនទ្រេ​បាន​និយាយ​ថា​៖ ​«​ក្មេង​ប្រុស​នេះ​មាន​នំប៉័ង​ប្រាំ​ដុំ​និង​ត្រី​តូច​ពីរ​កន្ទុយ។ ប៉ុន្តែ តើ​របស់​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​យ៉ាង​នេះ?​»។ (​យ៉ូន. ៦:៩​) នំប៉័ង​ទាំង​នោះ​បាន​ធ្វើ​ពី​ស្រូវ​បាលី ហើយ​នោះ​ជា​អាហារ​ដែល​មនុស្ស​ក្រី​ក្រ​និង​អ្នក​ឯ​ទៀត​បរិភោគ​ជា​ញឹក​ញាប់។ ត្រី​តូច​ទាំង​នោះ​ប្រហែល​ជា​បាន​ត្រូវ​គេ​ប្រឡាក់​អំបិល និង​ហាល​ឲ្យ​ក្រៀម។ ប៉ុន្តែ នំប៉័ង​និង​ត្រី​ដែល​ក្មេង​ប្រុស​នោះ​មាន​គឺ​មិន​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ច្រើន​ទាំង​នោះ​បរិភោគ​ទេ។

ក្រោយ​ពី​បង្រៀន​បណ្ដា​ជន​អំពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​បង្ហាញ​ចិត្ត​សប្បុរស​ដោយ​ផ្ដល់​អាហារ​ដល់​ពួក​គេ (​សូម​មើល​វគ្គ​៣​)​


៤. តើ​យើង​អាច​រៀន​អ្វី​ពី​យ៉ូហាន ៦:១១​-​១៣? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

លោក​យេស៊ូ​ចង់​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​បណ្ដា​ជន ដូច្នេះ​លោក​បាន​ប្រាប់​ពួក​គេ​ឲ្យ​អង្គុយ​ជា​ក្រុម​ៗ​នៅ​លើ​ស្មៅ។ (​ម៉ាក. ៦:៣៩, ៤០; សូម​អាន យ៉ូហាន ៦:១១​-​១៣) បន្ទាប់​មក​គម្ពីរ​រៀប​រាប់​ថា លោក​យេស៊ូ​បាន​អរគុណ​បិតា​របស់​លោក​សម្រាប់​នំប៉័ង​និង​ត្រី។ ដោយ​ធ្វើ​ដូច្នេះ លោក​បង្ហាញ​ថា​ព្រះ​គឺ​ជា​អ្នក​ដែល​ផ្ដល់​អាហារ​នោះ ហើយ​លោក​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អាហារ​នោះ។ គឺ​សំខាន់​ណាស់​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​អធិដ្ឋាន​មុន​បរិភោគ​អាហារ មិន​ថា​យើង​នៅ​ម្នាក់​ឯង​ឬ​មាន​អ្នក​ឯ​ទៀត​នៅ​ក្បែរ​ក្ដី។ រួច​មក លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​ឲ្យ​ចែក​អាហារ​ដល់​បណ្ដា​ជន ហើយ​បណ្ដា​ជន​ទាំង​អស់​បាន​បរិភោគ​រហូត​ដល់​ឆ្អែត។ ពេល​ពួក​គេ​បរិភោគ​រួច នៅ​តែ​មាន​អាហារ​នៅ​សល់។ លោក​យេស៊ូ​មិន​ចង់​ខ្ជះ​ខ្ជាយ​អាហារ​នោះ​ទេ។ ដូច្នេះ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​ឲ្យ​ប្រមូល​អាហារ​ដែល​នៅ​សល់​ទុក​សម្រាប់​ពេល​ក្រោយ។ លោក​យេស៊ូ​បាន​ទុក​គំរូ​ដល់​យើង​អំពី​របៀប​ប្រើ​ប្រាស់​ធន​ធាន​ដោយ​ឈ្លាស​វៃ។ បើ​អ្នក​ជា​ឪពុក​ម្ដាយ អ្នក​អាច​ពិនិត្យ​មើល​កំណត់​ហេតុ​នេះ​ជា​មួយ​កូន​របស់​អ្នក ហើយ​ពិគ្រោះ​អំពី​មេ​រៀន​ដែល​អាច​រៀន​អំពី​សេចក្ដី​អធិដ្ឋាន ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ និង​ចិត្ត​ទូលាយ។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ធ្វើ​តាម​គំរូ​លោក​យេស៊ូ​ដោយ​អធិដ្ឋាន​មុន​បរិភោគ​អាហារ​ឬ​ទេ?›​ ​(​សូម​មើល​វគ្គ​៤​)​


៥. តើ​បណ្ដា​ជន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នៅ​ពេល​នោះ ហើយ​តើ​លោក​បាន​ធ្វើ​អ្វី​ក្រោយ​មក?

បណ្ដា​ជន​កោត​ស្ងើច​នឹង​របៀប​ដែល​លោក​យេស៊ូ​បង្រៀន និង​អព្ភូតហេតុ​របស់​លោក។ ពួក​គេ​ដឹង​ថា​ម៉ូសេ​បាន​និយាយ​ថា​ព្រះ​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ដ៏​ឧត្តម​ម្នាក់ ដូច្នេះ​ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​លោក​យេស៊ូ​ជា​អ្នក​ប្រកាស​ទំនាយ​នោះ​ឬ​ទេ?›។ (​បច. ១៨:១៥​-​១៨​) បើ​ដូច្នេះ ពួក​គេ​ប្រហែល​ជា​គិត​ថា​លោក​យេស៊ូ​អាច​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​ថា​លោក​អាច​ផ្គត់​ផ្គង់​អាហារ​ដល់​មនុស្ស​គ្រប់​គ្នា​នៅ​អ៊ីស្រាអែល​ទាំង​មូល។ ដូច្នេះ បណ្ដា​ជន​ចង់​«​ចាប់​លោក​[​យេស៊ូ​] ហើយ​តែង​តាំង​លោក​ជា​ស្ដេច​»។ (​យ៉ូន. ៦:១៤, ១៥​) បើ​លោក​យេស៊ូ​ព្រម​ឡើង​ធ្វើ​ជា​ស្ដេច​មែន នោះ​លោក​នឹង​ចូល​រួម​ក្នុង​រឿង​នយោបាយ​របស់​ជនជាតិ​យូដា​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រ៉ូម។ តើ​លោក​បាន​ធ្វើ​ដូច្នោះ​ទេ? មិន​មែន​ទេ។ តើ​លោក​បាន​ធ្វើ​អ្វី? គម្ពីរ​ចែង​ថា លោក​យេស៊ូ​បាន​‹ចេញ​ទៅ​ភ្នំ​តែ​ម្នាក់​ឯង›។ ដូច្នេះ ទោះ​ជា​លោក​ទទួល​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត​ក្ដី លោក​មិន​ព្រម​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​ទេ។ នេះ​ជា​មេ​រៀន​ដ៏​សំខាន់​ណាស់​សម្រាប់​យើង!

៦. តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

មនុស្ស​ច្បាស់​ជា​នឹង​មិន​សុំ​យើង​ឲ្យ​ធ្វើ​អព្ភូតហេតុ​ឲ្យ​មាន​នំប៉័ង ឬ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ​ទេ។ ពួក​គេ​ក៏​ច្បាស់​ជា​នឹង​មិន​ព្យាយាម​តែង​តាំង​យើង​ឲ្យ​ធ្វើ​ជា​ស្ដេច ឬ​អ្នក​គ្រប់​គ្រង​ប្រទេស​ជាតិ​ដែរ។ ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចូល​រួម​ក្នុង​រឿង​នយោបាយ​ដោយ​បោះ​ឆ្នោត ឬ​ពួក​គេ​ប្រហែល​ជា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​ពួក​គេ​គិត​ថា​នឹង​ធ្វើ​អ្វី​ល្អ​ៗ​សម្រាប់​សង្គម។ ប៉ុន្តែ លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ជាក់​លាក់​មួយ។ លោក​មិន​ព្រម​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ ហើយ​ថែម​ទាំង​និយាយ​នៅ​ពេល​ក្រោយ​មក​ថា​៖ ​«​រាជាណាចក្រ​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ​»។ (​យ៉ូន. ១៧:១៤; ១៨:៣៦​) ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​មាន​របៀប​គិត​គូរ​ដូច​លោក​យេស៊ូ​និង​ធ្វើ​តាម​គំរូ​របស់​លោក។ យើង​គាំទ្រ ផ្សព្វ​ផ្សាយ និង​អធិដ្ឋាន​ឲ្យ​រាជាណាចក្រ​នោះ​មក​ដល់។ (​ម៉ាថ. ៦:១០​) ឥឡូវ សូម​យើង​ពិនិត្យ​មើល​ថែម​ទៀត​នូវ​កំណត់​ហេតុ​អំពី​ពេល​ដែល​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ឲ្យ​មាន​នំប៉័ង ហើយ​គិត​អំពី​មេ​រៀន​ផ្សេង​ទៀត​ដែល​យើង​អាច​រៀន។

លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​អំពី​ការ​មិន​ចូល​រួម​ក្នុង​រឿង​នយោបាយ​របស់​ជនជាតិ​យូដា​ឬ​របស់​ជន​ជាតិ​រ៉ូម ​(​សូម​មើល​វគ្គ​៦​)​


​«​អត្ថន័យ​នៃ​ការ​អស្ចារ្យ​អំពី​នំប៉័ង​»​

៧. តើ​លោក​យេស៊ូ​និង​ពួក​សាវ័ក​បាន​ធ្វើ​អ្វី? (​យ៉ូហាន ៦:១៦​-​២០​)

ក្រោយ​ពី​លោក​យេស៊ូ​បាន​ផ្ដល់​អាហារ​ដល់​បណ្ដា​ជន លោក​បាន​ឲ្យ​ពួក​សាវ័ក​របស់​លោក​ចុះ​ទូក​ចេញ​ពី​តំបន់​នោះ​ត្រឡប់​ទៅ​ក្រុង​កាពើណិម ហើយ​លោក​បាន​ចេញ​ទៅ​ភ្នំ។ យ៉ាង​នេះ លោក​អាច​ជៀស​ផុត​ពី​បណ្ដា​ជន​ដែល​ព្យាយាម​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច។ (​សូម​អាន យ៉ូហាន ៦:១៦​-​២០) ពេល​ពួក​សាវ័ក​ជិះ​ទូក​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ ហើយ​ខ្យល់​នោះ​បាន​ធ្វើ​ឲ្យ​រលក​កញ្ជ្រោល​ឡើង។ ក្រោយ​មក លោក​យេស៊ូ​បាន​ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​ពួក​គេ ហើយ​លោក​បាន​ប្រាប់​ពេត្រុស​ឲ្យ​ដើរ​លើ​ទឹក​ដែរ។ (​ម៉ាថ. ១៤:២២​-​៣១​) ពេល​លោក​យេស៊ូ​បាន​ឡើង​លើ​ទូក នោះ​ខ្យល់​ក៏​ស្ងប់​បាត់​ទៅ។ ពួក​អ្នក​កាន់​តាម​កោត​ស្ងើច ហើយ​បាន​និយាយ​ថា​៖ ​«​លោក​ពិត​ជា​បុត្រ​របស់​ព្រះ​មែន​»។ a (​ម៉ាថ. ១៤:៣៣​) គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពួក​សាវ័ក​និយាយ​ពាក្យ​ទាំង​នេះ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ដើរ​លើ​ទឹក មិន​មែន​ក្រោយ​ពី​លោក​បាន​ធ្វើ​អព្ភូតហេតុ​ឲ្យ​មាន​នំប៉័ង​ទេ។ ម៉ាកុស​ក៏​បាន​បន្ថែម​ព័ត៌មាន​ថា​៖ ​«​[​ពួក​សាវ័ក​]​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ពួក​គាត់​មិន​បាន​យល់​អត្ថន័យ​នៃ​ការ​អស្ចារ្យ​អំពី​នំប៉័ង​នោះ​ទេ។ ពួក​គាត់​នៅ​តែ​គិត​មិន​យល់​»។ (​ម៉ាក. ៦:៥០​-​៥២​) មែន​ហើយ ពួក​សាវ័ក​មិន​យល់​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​ខ្លាំង​យ៉ាង​ណា​ដល់​លោក​យេស៊ូ​ឲ្យ​ធ្វើ​អព្ភូតហេតុ។ ប៉ុន្តែ​មិន​យូរ​ក្រោយ​មក លោក​យេស៊ូ​បាន​និយាយ​អំពី​អព្ភូតហេតុ​អំពី​នំប៉័ង ហើយ​លោក​បង្រៀន​មេ​រៀន​មួយ​ទៀត​ដល់​យើង។

៨​-​៩. ហេតុ​អ្វី​បណ្ដា​ជន​ព្យាយាម​រក​លោក​យេស៊ូ? (​យ៉ូហាន ៦:២៦, ២៧​)

បណ្ដា​ជន​ដែល​ទទួល​អាហារ​ពី​លោក​យេស៊ូ បាន​ផ្ដោត​អារម្មណ៍​លើ​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​និង​បំណង​ចិត្ត​របស់​ពួក​គេ។ តើ​តាម​របៀប​ណា? នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​បាន​ឃើញ​ថា​លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​បាន​ចាក​ចេញ​ពី​នោះ​ហើយ។ ដូច្នេះ​បណ្ដា​ជន​បាន​ចុះ​ទូក​ដែល​មក​ពី​ក្រុង​ទិបេរៀស ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​កាពើណិម​ដើម្បី​ស្វែង​រក​លោក​យេស៊ូ។ (​យ៉ូន. ៦:២២​-​២៤​) តើ​ពួក​គេ​ធ្វើ​ដូច្នោះ​ដោយ​សារ​ពួក​គេ​ចង់​ឮ​ថែម​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ​ឬ​ទេ? មិន​មែន​ទេ។ បំណង​ចិត្ត​ចម្បង​របស់​ពួក​គេ​គឺ​អំពី​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​ពោល​គឺ​ចង់​បាន​នំប៉័ង។ តើ​យើង​ដឹង​ដូច្នោះ​យ៉ាង​ដូច​ម្ដេច?

សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​បណ្ដា​ជន​បាន​រក​ឃើញ​លោក​យេស៊ូ​នៅ​ជិត​ក្រុង​កាពើណិម។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា ពួក​គេ​មក​រក​លោក​ដោយ​សារ​តែ​ចង់​បាន​អាហារ​ប៉ុណ្ណោះ។ លោក​ទទួល​ស្គាល់​ថា​ពួក​គេ​«​បាន​បរិភោគ​នំប៉័ង​ឆ្អែត​»​ គឺ​«​អាហារ​ដែល​ខូច​ទៅ​»។ ប៉ុន្តែ លោក​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ខំ​ព្យាយាម​«​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត​ស្ថេរ ជា​អាហារ​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​សូម​អាន យ៉ូហាន ៦:២៦, ២៧) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​បិតា​របស់​លោក​នឹង​ផ្ដល់​អាហារ​បែប​នេះ។ ពេល​បណ្ដា​ជន​ឮ​ថា​អាហារ​អាច​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គេ​ទំនង​ជា​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ តើ​អាហារ​បែប​ណា​អាច​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​តើ​អ្នក​ស្ដាប់​លោក​យេស៊ូ​អាច​ទទួល​អាហារ​នោះ​យ៉ាង​ដូច​ម្ដេច?

១០. តើ​បណ្ដា​ជន​ត្រូវ​ធ្វើ​អ្វី​ដើម្បី​«​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​?

១០ តាម​មើល​ទៅ​ជនជាតិ​យូដា​ទាំង​នេះ​គិត​ថា ពួក​គេ​ត្រូវ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទទួល​អាហារ​បែប​នោះ។ ពួក​គេ​ប្រហែល​ជា​បាន​គិត​អំពី​អ្វី​ដែល​ច្បាប់​ម៉ូសេ​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ។ ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ជំនឿ​លើ​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​»។ (​យ៉ូន. ៦:២៨, ២៩​) ដូច្នេះ ដើម្បី​«​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ ពួក​គេ​ត្រូវ​បង្ហាញ​ជំនឿ​លើ​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក។ តាម​ការ​ពិត លោក​យេស៊ូ​ធ្លាប់​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ពី​មុន។ (​យ៉ូន. ៣:១៦​-​១៨, ៣៦​) ម្យ៉ាង​ទៀត លោក​ក៏​បាន​និយាយ​ថែម​ទៀត​នៅ​ពេល​ក្រោយ​មក​អំពី​របៀប​ដែល​យើង​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូន. ១៧:៣

១១. តើ​ជនជាតិ​យូដា​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​នៅ​តែ​ផ្ដោត​អារម្មណ៍​លើ​ការ​ចម្អែត​ដោយ​នំប៉័ង? (​ចម្រៀង​សរសើរ​ព្រះ ១០៥:៤០​)

១១ ជនជាតិ​យូដា​ទាំង​នោះ​មិន​បាន​ទទួល​យក​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​អំពី​‹អ្វី​ថ្មី​ដែល​ព្រះ​ពេញ​ចិត្ត›​ឲ្យ​ពួក​គេ​ធ្វើ​នោះ​ទេ។ ពួក​គេ​បាន​សួរ​លោក​ថា​៖ ​«​តើ​លោក​នឹង​ធ្វើ​សញ្ញា​សម្គាល់​អ្វី​ឲ្យ​យើង​ឃើញ ដើម្បី​ឲ្យ​យើង​មាន​ជំនឿ​លើ​លោក?​»។ (​យ៉ូន. ៦:៣០​) ពួក​គេ​បាន​លើក​ឡើង​អំពី​បុព្វ​បុរស​របស់​ពួក​គេ​នៅ​សម័យ​ម៉ូសេ​ដែល​បាន​ទទួល​ម៉ាណា​ជា​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ។ (​នេហ. ៩:១៥; សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៥:៤០) ពិត​ណាស់ ពួក​គេ​គិត​តែ​អំពី​ការ​ចម្អែត​ដោយ​នំប៉័ង​ប៉ុណ្ណោះ។ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​«​នំប៉័ង​ដ៏​ពិត​ពី​ស្ថាន​សួគ៌​»​ជា​នំប៉័ង​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែល​ផ្ទុយ​ពី​ម៉ាណា ពួក​គេ​មិន​បាន​សុំ​លោក​យេស៊ូ​ឲ្យ​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​របស់​លោក​ទេ។ (​យ៉ូន. ៦:៣២​) ពួក​គេ​បាន​ផ្ដោត​អារម្មណ៍​លើ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​យ៉ាង​ខ្លាំង​រហូត​ដល់​ពួក​គេ​មិន​អើពើ​នឹង​សេចក្ដី​បង្រៀន​ដែល​លោក​យេស៊ូ​ព្យាយាម​បង្រៀន​ពួក​គេ។ តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ?

អ្វី​ដែល​សំខាន់​ចម្បង​ចំពោះ​យើង

១២. តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​បង្ហាញ​អំពី​អ្វី​ដែល​សំខាន់​បំផុត?

១២ យ៉ូហាន ជំពូក​ទី​៦​ផ្ដល់​មេ​រៀន​ដ៏​សំខាន់​មួយ​សម្រាប់​យើង​គឺ ការ​ស្ដាប់​បង្គាប់​ព្រះ​និង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​គួរ​តែ​ជា​អ្វី​ដ៏​សំខាន់​បំផុត​សម្រាប់​យើង។ សូម​ចាំ​ថា​លោក​យេស៊ូ​បាន​លើក​ឡើង​អំពី​ចំណុច​នេះ​ពេល​លោក​តប​ឆ្លើយ​នឹង​ការ​ល្បួង​របស់​សាថាន។ (​ម៉ាថ. ៤:៣, ៤​) ម្យ៉ាង​ទៀត នៅ​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​បាន​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។ (​ម៉ាថ. ៥:៣​) ដូច្នេះ យើង​អាច​សួរ​ខ្លួន​ថា ‹តើ​របៀប​រស់​នៅ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​ការ​បំពេញ​បំណង​ប្រាថ្នា​ខាង​រូប​កាយ​ឬ​ទេ?›។

១៣. (​ក​) ហេតុ​អ្វី​គឺ​មិន​ខុស​ឲ្យ​យើង​រីករាយ​នឹង​អាហារ? (​ខ​)​ តើ​ប៉ូល​បាន​ព្រមាន​យើង​អំពី​អ្វី? (​កូរិនថូស​ទី​១ ១០:៦, ៧, ១១​)

១៣ គឺ​មិន​ខុស​ទេ​ឲ្យ​យើង​អធិដ្ឋាន​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ និង​រីករាយ​នឹង​អ្វី​ទាំង​នោះ។ (​លូក. ១១:៣​) គម្ពីរ​ចែង​ថា ចំពោះ​មនុស្ស​«​ការ​ផឹក ការ​បរិភោគ និង​ការ​សប្បាយ​រីករាយ​ដែល​បាន​មក​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​»​គឺ​ជា​ការ​ល្អ ហើយ​ថា​នោះ​«​គឺ​មក​ពី​ព្រះ​ដ៏​ពិត​»។ (​អទ. ២:២៤; ៨:១៥; យ៉ា. ១:១៧​) ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​វត្ថុ​ទ្រព្យ​ទៅ​ជា​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​យើង។ សាវ័ក​ប៉ូល​បាន​លើក​បញ្ជាក់​អំពី​រឿង​នេះ ពេល​គាត់​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ជិត​ទី​បញ្ចប់​នៃ​របៀប​របប​ជនជាតិ​យូដា។ គាត់​បាន​លើក​ឡើង​អំពី​ព្រឹត្តិការណ៍​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ រួម​បញ្ចូល​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ជិត​ភ្នំ​ស៊ីណាយ។ គាត់​ព្រមាន​គ្រិស្ត​សាសនិក​ថា​កុំ​ឲ្យ​យើង​«​ប្រាថ្នា​ចង់​បាន​អ្វី​ៗ​ដ៏​អាក្រក់ ដូច​[​ជន​ជាតិ​អ៊ីស្រាអែល​]​ប្រាថ្នា​ចង់​បាន​ឡើយ​»។ (​សូម​អាន កូរិនថូស​ទី​១ ១០:៦, ៧, ១១) ពួក​អ៊ីស្រាអែល​បាន​ឲ្យ​ការ​ចង់​បាន​អាហារ ធ្វើ​ឲ្យ​អព្ភូតហេតុ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ផ្ដល់​អាហារ ទៅ​ជា​«​អ្វី​ៗ​ដ៏​អាក្រក់​»។ (​ជប. ១១:៤​-​៦, ៣១​-​៣៤​) ម្យ៉ាង​ទៀត ពេល​ពួក​គេ​គោរព​បូជា​រូប​កូន​គោ​មាស ពួក​អ៊ីស្រាអែល​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ​អាហារ ការ​ផឹក និង​ការ​សប្បាយ​ជា​ជាង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (​ដច. ៣២:៤​-​៦​) ប៉ូល​បាន​លើក​ឡើង​អំពី​ឧទាហរណ៍​ទាំង​នេះ​ដើម្បី​ព្រមាន​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​មុន​ទី​បញ្ចប់​នៃ​របៀប​របប​ជនជាតិ​យូដា​នៅ​ឆ្នាំ​៧០ គ.ស.។ ឥឡូវ យើង​រស់​នៅ​ជិត​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ដូច្នេះ​គឺ​សំខាន់​ណាស់​ឲ្យ​យើង​ធ្វើ​តាម​ការ​ព្រមាន​របស់​ប៉ូល​ឲ្យ​បាន​ដិត​ដល់។

១៤. តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​អាហារ​នៅ​ពិភព​លោក​ថ្មី?

១៤ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​«​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ​»​ លោក​ក៏​លើក​ឡើង​អំពី​គ្រា​មួយ​ដែល​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​បាន​សម្រេច​«​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថ. ៦:៩​-​១១​) តើ​អ្នក​ស្រមៃ​ឃើញ​អ្វី​ពេល​គិត​អំពី​គ្រា​នោះ? គម្ពីរ​បង្ហាញ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នៅ​ផែន​ដី​គឺ​រួម​បញ្ចូល​អាហារ​ដែល​មាន​គុណភាព​ល្អ។ អេសាយ ២៥:៦​-​៨​ប្រាប់​យើង​ថា នឹង​មាន​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​បរិបូរ​សម្រាប់​មនុស្ស។ រីឯ​ចម្រៀង​សរសើរ​ព្រះ ៧២:១៦​បាន​ប្រាប់​ទុក​ជា​មុន​ថា​៖ ​«​ផែន​ដី​នឹង​មាន​ស្រូវ​ជា​បរិបូរ ចំណែក​នៅ​តាម​កំពូល​ភ្នំ​វិញ​នឹង​មាន​ស្រូវ​ហៀរ​ហូរ​»។ តើ​អ្នក​ទន្ទឹង​រង់​ចាំ​ធ្វើ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត ឬ​ម្ហូប​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពី​មុន​ទេ? អ្នក​ក៏​អាច​ទន្ទឹង​រង់​ចាំ​ការ​ដែល​អ្នក​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ ហើយ​បរិភោគ​ផល​ផ្លែ​ពី​នោះ​ដែរ។ (​អេ. ៦៥:២១, ២២​) មនុស្ស​គ្រប់​រូប​នៅ​ផែន​ដី​នឹង​អរ​សប្បាយ​នឹង​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​នេះ។

១៥. តើ​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​រៀន​អ្វី? (​យ៉ូហាន ៦:៣៥​)

១៥ សូម​អាន យ៉ូហាន ៦:៣៥ នៅ​ថ្ងៃ​ខាង​មុខ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​បាន​បរិភោគ​នំប៉័ង​និង​ត្រី​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ? ពេល​ដែល​មនុស្ស​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត យើង​ប្រហែល​ជា​នឹង​ជួប​ពួក​គេ​ខ្លះ។ ទោះ​ជា​ពួក​គេ​មិន​បាន​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​នៅ​អតីតកាល​ក្ដី ពួក​គេ​ប្រហែល​ជា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូន. ៥:២៨, ២៩​) ប៉ុន្តែ ពួក​គេ​ត្រូវ​រៀន​អំពី​អត្ថន័យ​នៃ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត។ អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ឃ្លាន​ឡើយ​»។ ដូច្នេះ ពួក​គេ​នឹង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​លើ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ គឺ​ជឿ​ថា​លោក​បាន​បូជា​ជីវិត​ដើម្បី​ពួក​គេ។ នៅ​ពេល​នោះ មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ និង​កូន​ក្មេង​ណា​ដែល​កើត​នៅ​ក្នុង​ពិភព​លោក​ថ្មី នឹង​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក។ យើង​នឹង​អរ​សប្បាយ​បង្រៀន​ពួក​គេ​អំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​នេះ! ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា នឹង​នាំ​ឲ្យ​យើង​មាន​អំណរ​ច្រើន​ជាង​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ទាំង​អស់​ដែល​យើង​នឹង​បរិភោគ​នៅ​ក្នុង​ពិភព​លោក​ថ្មី​ទៅ​ទៀត។

១៦. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៦ យើង​បាន​ពិចារណា​ផ្នែក​ខ្លះ​នៃ​កំណត់​ហេតុ​នៅ​យ៉ូហាន ជំពូក​ទី​៦ ប៉ុន្តែ​លោក​យេស៊ូ​មាន​អ្វី​ច្រើន​ថែម​ទៀត​ដើម្បី​បង្រៀន​អំពី​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ ជនជាតិ​យូដា​ដែល​នៅ​ជា​មួយ​លោក​យេស៊ូ​នៅ​ពេល​នោះ ត្រូវ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ ហើយ​យើង​ក៏​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ដែរ។ យើង​នឹង​បន្ដ​ពិចារណា​យ៉ូហាន ជំពូក​ទី​៦​នៅ​អត្ថបទ​បន្ទាប់។

ចម្រៀង​លេខ​២០ លោក​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​រំភើប​នេះ សូម​មើល​សៀវភៅ​លោក​យេស៊ូ ជា​ផ្លូវ ជា​សេចក្ដី​ពិត ជា​ជីវិត ទំ.១៣១ និង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ស្ដាប់​សំឡេង​របស់​គង្វាល​ដ៏​ល្អ​ប្រសើរ​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​ធ្នូ ឆ្នាំ​២០២១ វ.៦​-​៨។