អត្ថបទសិក្សា ៥០
ចម្រៀងលេខ១៣៥ ពាក្យអង្វររបស់ព្រះយេហូវ៉ា៖ «កូនអើយ ចូរមានប្រាជ្ញា»
ឪពុកម្ដាយ ចូរជួយកូនរបស់អ្នកឲ្យពង្រឹងជំនឿ
«[ចូរ]ពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។—រ៉ូម ១២:២
ចំណុចផ្ដោត
ក្នុងអត្ថបទនេះ ឪពុកម្ដាយនឹងរៀនអំពីរបៀបដែលពួកគេអាចនិយាយជាមួយកូនអំពីព្រះនិងគម្ពីរ ហើយជួយកូនឲ្យពង្រឹងជំនឿ។
១-២. តើឪពុកម្ដាយគួរមានប្រតិកម្មយ៉ាងណាពេលកូនរបស់ពួកគេសួរសំណួរអំពីព្រះនិងគម្ពីរ?
មនុស្សជាច្រើនយល់ស្របថាដើម្បីចិញ្ចឹមអប់រំកូនគឺត្រូវការពេលច្រើន។ បើអ្នកជាឪពុកម្ដាយដែលមានកូនតូច យើងសូមសរសើរអ្នកដោយសារអ្នកខំព្យាយាមជួយកូនឲ្យមានជំនឿរឹងមាំ។ (បច. ៦:៦, ៧) កាលដែលកូនរបស់អ្នកធំលូតលាស់ឡើង គាត់ប្រហែលជាចាប់ផ្ដើមសួរសំណួរដ៏សំខាន់ៗអំពីជំនឿរបស់យើងដែលមកពីគម្ពីរ រួមទាំងខ្នាតតម្រាសីលធម៌ក្នុងគម្ពីរ។
២ អ្នកប្រហែលជាគិតថា កូនរបស់អ្នកសួរសំណួរដោយសារគាត់មិនមានជំនឿគ្រប់គ្រាន់លើព្រះ និងលើគម្ពីរ។ ប៉ុន្តែតាមការពិត កាលដែលកូនធំឡើង គាត់ត្រូវចេះសួរសំណួរដើម្បីមានជំនឿរឹងមាំ។ (១កូ. ១៣:១១) ដូច្នេះ គ្មានហេតុឲ្យអ្នកព្រួយបារម្ភឡើយ។ អ្នកអាចចាត់ទុកសំណួរទាំងអស់ដែលកូនអ្នកសួរដោយស្មោះអំពីជំនឿរបស់យើងថាជាឱកាសជួយកូនឲ្យបង្កើនសមត្ថភាពរិះគិត។
៣. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលឪពុកម្ដាយអាចជួយកូនរបស់ពួកគេ (១) ឲ្យមានជំនឿផ្ទាល់ខ្លួន (២) ឲ្យតម្លៃកាន់តែខ្លាំងចំពោះខ្នាតតម្រាសីលធម៌ក្នុងគម្ពីរ និង(៣) និយាយការពារជំនឿរបស់ពួកគេ។ យើងក៏នឹងពិចារណាថា ពេលកូនសួរសំណួរតើនោះមានប្រយោជន៍អ្វីខ្លះ ហើយសកម្មភាពជាក្រុមគ្រួសារដែលប្រហែលជាបើកឱកាសឲ្យឪពុកម្ដាយនិយាយអំពីជំនឿជាគ្រិស្តសាសនិក។
ចូរជួយកូនរបស់អ្នកឲ្យមានជំនឿលើព្រះនិងគម្ពីរ
៤. តើក្មេងប្រហែលជាសួរសំណួរអ្វីខ្លះ ហើយហេតុអ្វី?
៤ ឪពុកម្ដាយជាគ្រិស្តសាសនិកទទួលស្គាល់ថា ជំនឿទៅលើព្រះមិនមែនជាអ្វីដែលពួកគេអាចផ្ទេរទៅកូននោះទេ។ ដូចអ្នកមិនមានជំនឿលើព្រះយេហូវ៉ាពេលដែលអ្នកកើតមក នោះកូនរបស់អ្នកក៏មិនមានជំនឿពេលគាត់កើតមកដែរ។ ដូច្នេះ កូនរបស់អ្នកប្រហែលជាចាប់ផ្ដើមសួរសំណួរដូចជា ‹តើខ្ញុំអាចដឹងដូចម្ដេចថាមានព្រះ? តើខ្ញុំពិតជាអាចជឿអ្វីដែលគម្ពីរចែងឬទេ?›។ តាមពិត គម្ពីរលើកទឹកចិត្តយើងឲ្យប្រើ«សមត្ថភាពរិះគិត» និង«ពិចារណាអ្វីៗទាំងអស់ឲ្យប្រាកដថាត្រឹមត្រូវ»។ (រ៉ូម ១២:១; ១ថែ. ៥:២១) ប៉ុន្តែ តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកឲ្យពង្រឹងជំនឿរបស់គាត់?
៥. តើឪពុកម្ដាយអាចធ្វើអ្វីដើម្បីជួយកូនរបស់ពួកគេឲ្យមានជំនឿលើគម្ពីរ? (រ៉ូម ១២:២)
៥ ចូរលើកទឹកចិត្តកូនរបស់អ្នកឲ្យពិសោធន៍មើលដោយខ្លួនផ្ទាល់អំពីសេចក្ដីពិត។ (សូមអាន រ៉ូម ១២:២) ពេលកូនរបស់អ្នកសួរសំណួរ សូមយកឱកាសនោះដើម្បីបង្ហាញគាត់អំពីរបៀបស្វែងរកចម្លើយ ដោយប្រើឧបករណ៍ស្រាវជ្រាវរបស់យើងដូចជាជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ាជាដើម។ ក្នុងសៀវភៅនោះក្រោមប្រធានបទ«គម្ពីរបរិសុទ្ធ» គាត់អាចរកមើលចំណុចដែលថា«ក្រោមការដឹកនាំរបស់ព្រះ»ដើម្បីរកទីសំអាងថាគម្ពីរមិនគ្រាន់តែជាសៀវភៅដែលមនុស្សសរសេរប៉ុណ្ណោះទេ។ តែផ្ទុយទៅវិញ គម្ពីរគឺជា«បណ្ដាំរបស់ព្រះ»។ (១ថែ. ២:១៣) ជាឧទាហរណ៍ គាត់អាចស្រាវជ្រាវក្នុងសៀវភៅរបស់យើងអំពីក្រុងនីនីវេដែលនៅស្រុកអាស៊ីរីសម័យបុរាណ។ ពីមុន បណ្ឌិតគម្ពីរខ្លះអះអាងថាមិនដែលមានក្រុងនីនីវេទេ។ ប៉ុន្តែប្រហែលឆ្នាំ១៨៥០ បំណែកសេសសល់នៃក្រុងនោះបានត្រូវរកឃើញនៅក្រោមដី ហើយនេះជាទីសំអាងដែលបង្ហាញថាអ្វីដែលគម្ពីរចែងគឺត្រឹមត្រូវ។ (សេផ. ២:១៣-១៥) ដើម្បីបានព័ត៌មានអំពីរបៀបដែលការបំផ្លាញទីក្រុងនីនីវេបានសម្រេចទំនាយគម្ពីរ គាត់អាចមើលអត្ថបទ«តើលោកអ្នកដឹងឬទេ?» ក្នុងទស្សនាវដ្ដីប៉មយាម ខែវិច្ឆិកា ឆ្នាំ២០២១។ ដោយប្រៀបធៀបអ្វីដែលគាត់រៀនពីសៀវភៅរបស់យើង ទៅនឹងអ្វីដែលគាត់រៀនពីសព្វវចនាធិប្បាយ និងប្រភពព័ត៌មានឯទៀតដែលគួរឲ្យទុកចិត្ត នោះកូនរបស់អ្នកនឹងមានមូលហេតុត្រឹមត្រូវឲ្យមានជំនឿកាន់តែខ្លាំងឡើងទៅលើអ្វីដែលគម្ពីរចែង។
៦. តើឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យបង្កើនសមត្ថភាពរិះគិតយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។ (សូមមើលរូបភាពផងដែរ)
៦ ចូរជួយកូនរបស់អ្នកឲ្យបង្កើនសមត្ថភាពរិះគិត។ ឪពុកម្ដាយមានឱកាសផ្សេងៗដើម្បីមានការសន្ទនាដ៏គួរឲ្យចាប់អារម្មណ៍ជាមួយកូនរបស់ពួកគេអំពីគម្ពីរ ឬអំពីជំនឿលើព្រះ។ ពួកគេប្រហែលជាមានឱកាសទាំងនោះពេលទៅលេងសារមន្ទីរ សួនរុក្ខជាតិ ឬមើលកន្លែងពិព័រណ៍នៅការិយាល័យសាខានៃសាក្សីព្រះយេហូវ៉ា។ ជាឧទាហរណ៍ ពេលទៅទស្សនាសារមន្ទីរ មិនថាទៅដោយផ្ទាល់ឬមើលតាមប្រព័ន្ធអ៊ីនធឺណិតអ្នកអាចជួយកូនឲ្យផ្ដោតអារម្មណ៍ទៅលើព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ដ្រ ឬវត្ថុបុរាណដែលអាចពង្រឹងការជឿជាក់របស់កូនថាគម្ពីរគឺត្រឹមត្រូវ។ តើកូនរបស់អ្នកដឹងឬទេថានាមរបស់ព្រះបានត្រូវឆ្លាក់លើផ្ទាំងថ្មដែលមានអាយុកាល៣.០០០ឆ្នាំ? ផ្ទាំងថ្មនោះបានត្រូវគេស្គាល់ថាជាផ្ទាំងថ្មម៉ូអាប់។ ផ្ទាំងថ្មម៉ូអាប់នោះបានត្រូវដាក់តាំងនៅសារមន្ទីរមួយនាប្រទេសបារាំង។ បន្ថែមទៅទៀត រូបផ្ទាំងថ្មម៉ូអាប់ដែលដូចនឹងរបស់ដើមគឺកំពុងដាក់តាំងនៅកន្លែងពិព័រណ៍«គម្ពីរនិង នាមរបស់ព្រះ»នៅមន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ានាក្រុងវ័រវិក រដ្ឋញូវយ៉ក។ ផ្ទាំងថ្មម៉ូអាប់នោះបង្ហាញថាស្ដេចមេសានៃស្រុកម៉ូអាប់បានបះបោរប្រឆាំងនឹងអ៊ីស្រាអែល។ នេះសមស្របនឹងអ្វីដែលគម្ពីរចែង។ (២បស. ៣:៤, ៥) ពេលកូនរបស់អ្នកឃើញដោយផ្ទាល់ភ្នែកនូវទីសំអាងដែលបង្ហាញថាគម្ពីរគឺត្រឹមត្រូវ នោះជំនឿរបស់គាត់នឹងរឹងមាំឡើង។—សូមពិនិត្យបន្ថែម ប្រវត្តិហេតុទី២ ៩:៦
៧-៨. (ក) តើយើងអាចរៀនអ្វីពីភាពស្រស់ស្អាតនៃក្រឡាដែលយើងឃើញក្នុងធម្មជាតិ? សូមលើកឧទាហរណ៍។ (សូមមើលរូបភាពផងដែរ) (ខ) តើសំណួរអ្វីអាចជួយកូនរបស់អ្នកឲ្យពង្រឹងជំនឿលើអ្នកបង្កើត?
៧ ចូរលើកទឹកចិត្តកូនរបស់អ្នកឲ្យគិតអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត។ កាលដែលអ្នកដើរនៅស្រុកស្រែឬធ្វើសួន សូមជួយកូនរបស់អ្នកឲ្យផ្ដោតអារម្មណ៍ទៅលើក្បាច់រចនាឬក្រឡាផ្សេងៗដែលគួរឲ្យចាប់អារម្មណ៍ដែលយើងអាចឃើញក្នុងធម្មជាតិ។ ហេតុអ្វី? ដោយសារក្រឡាទាំងនោះជាភ័ស្តុតាងដែលបង្ហាញថាមានអ្នកបង្កើតដ៏ឈ្លាសវៃនិងប្រកបដោយប្រាជ្ញា។ ជាឧទាហរណ៍ អ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំអំពីក្រឡារាងគូទខ្យង។ អ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះនីកូឡាស ហ្វាមេលីពន្យល់ថា អ្វីក៏ដោយក្នុងធម្មជាតិដែលមានរាងដូចគូទខ្យងតែងតែមានក្បួនខ្នាតដូចគ្នា។ ក្បួនខ្នាតនេះបានត្រូវហៅថាស៊្វីតហ្វីបូណាស៊ី។ យើងអាចឃើញក្រឡារាងគូទខ្យងក្នុងអ្វីជាច្រើនដូចជា រាងនៃកាឡាក់ស៊ី សម្បកខ្យង ស្លឹកឈើ និងផ្កាឈូករ័ត្ន។ a
៨ កាលដែលកូនរបស់អ្នកកាន់តែរៀនច្រើនក្នុងមុខវិជ្ជាវិទ្យាសាស្ត្រនៅសាលា គាត់នឹងរកឃើញថាមានច្បាប់សម្រាប់រូបរាង ទម្រង់ និងក្រឡាដែលច្រើនតែមានក្នុងធម្មជាតិ។ ជាឧទាហរណ៍ ដើមឈើភាគច្រើនចេញទម្រង់ដូចៗគ្នាម្ដងហើយម្ដងទៀត។ ដើមឈើមួយមានគល់បែកជាមែក មានមែកបែកជាធាង មានធាងបែកជាមែកសាខា។ ក្រឡាឬទម្រង់បែបនេះត្រូវបានគេហៅថាហ្វ្រាក់ថល។ យើងអាចឃើញក្រឡាហ្វ្រាក់ថលនៅក្នុងអ្វីផ្សេងទៀតក្នុងធម្មជាតិ។ ប៉ុន្តែ តើអ្នកណាជាអ្នកបង្កើតក្រឡាឬទម្រង់ដ៏ស្រស់ស្អាតទាំងនោះ? ពេលកូនរបស់អ្នកគិតយ៉ាងដិតដល់អំពីសំណួរបែបនេះ ពួកគេទំនងជានឹងកាន់តែជឿជាក់ថាព្រះជាអ្នកបង្កើតអ្វីៗទាំងអស់។ (ហេ. ៣:៤) នៅពេលមួយ អ្នកក៏អាចសួរកូននូវសំណួរដូចជា«បើព្រះបង្កើតយើង គឺសមហេតុសមផលឲ្យយើងសន្និដ្ឋានថាលោកក៏ផ្ដល់ការណែនាំអំពីរបៀបមានសុភមង្គលមែនទេ?»។ ក្រោយមក អ្នកអាចប្រាប់ថាការណែនាំដ៏មានប្រយោជន៍នោះគឺមានក្នុងគម្ពីរ។
ចូរជួយកូនឲ្យកាន់តែឲ្យតម្លៃចំពោះខ្នាតតម្រាសីលធម៌ពីគម្ពីរ
៩. ហេតុអ្វីកូនរបស់អ្នកប្រហែលជាសួរសំណួរអំពីខ្នាតតម្រាសីលធម៌ក្នុងគម្ពីរ?
៩ បើសិនជាកូនរបស់អ្នកសួរសំណួរអំពីអ្វីដែលគម្ពីរចែងថាខុស សូមព្យាយាមស្វែងយល់អំពីមូលហេតុដែលគាត់សួរសំណួរទាំងនោះ។ តើគាត់ពិតជាមិនយល់ស្របនឹងខ្នាតតម្រាសីលធម៌ក្នុងគម្ពីរ ឬតើគាត់គ្រាន់តែពិបាកពន្យល់អ្នកឯទៀត អំពីជំនឿរបស់គាត់? មិនថានៅក្នុងករណីមួយណាក៏ដោយ អ្នកអាចជួយកូនរបស់អ្នកឲ្យតម្លៃខ្នាតតម្រាសីលធម៌ក្នុងគម្ពីរដោយសិក្សាសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!ជាមួយនឹងគាត់។ b
១០. តើអ្នកអាចជួយកូនឲ្យគិតអំពីចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១០ ចូរលើកទឹកចិត្តកូនឲ្យតម្លៃចំពោះចំណងមិត្តភាពដែលគាត់មានជាមួយព្រះយេហូវ៉ា។ កាលដែលអ្នកបង្រៀនគម្ពីរដល់កូន សូមព្យាយាមជួយគាត់ឲ្យនិយាយចេញពីចិត្ត ដោយសួរសំណួរដែលនាំឲ្យគាត់ប្រាប់អំពីគំនិតនិងអារម្មណ៍របស់ខ្លួន ហើយដោយប្រើឧទាហរណ៍ដែលមាននៅក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! (សុភ. ២០:៥) ជាឧទាហរណ៍ នៅមេរៀនទី៨ប្រៀបធៀបព្រះយេហូវ៉ាទៅនឹងមិត្តដែលមានសេចក្ដីស្រឡាញ់ដែលផ្ដល់ការរំលឹកដែលអាចការពារ និងផ្ដល់ប្រយោជន៍ដល់យើង។ ក្រោយពីពិភាក្សាយ៉ូហានទី១ ៥:៣ហើយ អ្នកអាចសួរកូនថា«ដោយដឹងថាព្រះយេហូវ៉ាជាមិត្តល្អដូចនេះ តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលលោកប្រាប់យើងឲ្យធ្វើ?»។ មើលទៅសំណួរដូចនេះសាមញ្ញ ប៉ុន្តែ សំណួរដូចនេះប្រហែលជាអាចជួយកូនរបស់អ្នកឲ្យយល់ថាព្រះយេហូវ៉ាដាក់ច្បាប់ឲ្យយើងដោយសារលោកស្រឡាញ់យើង។—អេ. ៤៨:១៧, ១៨
១១. តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកឲ្យតម្លៃគោលការណ៍គម្ពីរ? (សុភាសិត ២:១០, ១១)
១១ ចូរនិយាយជាមួយកូនរបស់អ្នកអំពីប្រយោជន៍ដែលយើងទទួលពីការធ្វើតាមគោលការណ៍គម្ពីរ។ ពេលអ្នកអានគម្ពីរឬបទគម្ពីរប្រចាំថ្ងៃជាមួយគ្នា សូមនិយាយគ្នាអំពីរបៀបដែលគោលការណ៍គម្ពីរបានជួយក្រុមគ្រួសាររបស់អ្នក។ ជាឧទាហរណ៍ តើកូនរបស់អ្នកអាចឃើញថាការប្រព្រឹត្តទៀងត្រង់និងមានចិត្តឧស្សាហ៍គឺមានប្រយោជន៍ឬទេ? (ហេ. ១៣:១៨) អ្នកក៏អាចពន្យល់អំពីរបៀបដែលការធ្វើតាមគោលការណ៍គម្ពីរជួយយើងឲ្យមានសុខភាពល្អជាងនិងសប្បាយជាងដែរ។ (សុភ. ១៤:២៩, ៣០) ការនិយាយគ្នាអំពីគោលការណ៍គម្ពីរបែបនេះទំនងជានឹងជួយកូនរបស់អ្នកឲ្យតម្លៃយោបល់ក្នុងគម្ពីរខ្លាំងជាង។—សូមអាន សុភាសិត ២:១០, ១១
១២. តើតាមរបៀបណាឪពុកម្នាក់ជួយកូនឲ្យយល់ថាការធ្វើតាមគោលការណ៍គម្ពីរមានប្រយោជន៍?
១២ ឪពុកម្នាក់ឈ្មោះស្ទេវពីប្រទេសបារាំងរៀបរាប់អំពីរបៀបដែលគាត់និងប្រពន្ធរបស់គាត់បានជួយអ៊ីថានដែលជាកូនប្រុសជំទង់របស់ពួកគេឲ្យយល់ថា ព្រះយេហូវ៉ាបង្កើតច្បាប់ដោយសារលោកស្រឡាញ់យើង។ បងស្ទេវបាននិយាយថា៖ «យើងសួរគាត់សំណួរដូចជា ‹ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើតាមគោលការណ៍គម្ពីរនេះ? តើតាមរបៀបណានេះបង្ហាញថាលោកស្រឡាញ់យើង? តើនឹងមានអ្វីកើតឡើងបើកូនមិនធ្វើតាមគោលការណ៍គម្ពីរនេះ?›»។ ការនិយាយគ្នាដូចនេះបានជួយអ៊ីថានឲ្យមានជំនឿរឹងមាំថាអ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍គឺត្រឹមត្រូវ។ បងស្ទេវក៏បន្ថែមថា៖ «គោលដៅរបស់យើងគឺជួយអ៊ីថានឲ្យយល់ថា ប្រាជ្ញាក្នុងគម្ពីរគឺប្រសើរជាងប្រាជ្ញារបស់មនុស្សឆ្ងាយណាស់»។
១៣. តើឪពុកម្ដាយអាចបង្ហាត់បង្រៀនកូនរបស់ពួកគេយ៉ាងដូចម្ដេចឲ្យធ្វើតាមគោលការណ៍គម្ពីរ? សូមលើកឧទាហរណ៍។
១៣ ចូរបង្ហាត់បង្រៀនកូនរបស់អ្នកឲ្យធ្វើតាមគោលការណ៍គម្ពីរ។ ឱកាសមួយដើម្បីធ្វើដូច្នេះគឺពេលដែលកូនរបស់អ្នកអានសៀវភៅជាកិច្ចការសាលាដែលគ្រូដាក់ឲ្យ។ តួអង្គក្នុងសៀវភៅនោះប្រហែលជាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬអំពើហិង្សា។ ម្យ៉ាងទៀត របៀបដែលគេនិពន្ធសៀវភៅនោះប្រហែលជាធ្វើឲ្យអ្វីនោះមើលទៅមិនសូវអាក្រក់ និងធ្វើឲ្យអ្នកអានចង់ធ្វើដូចតួអង្គនោះដែរ។ អ្នកអាចលើកទឹកចិត្តកូនរបស់អ្នកឲ្យប្រៀបធៀបការប្រព្រឹត្តរបស់តួអង្គក្នុងសៀវភៅនោះទៅនឹងគោលការណ៍គម្ពីរ។ (សុភ. ២២:២៤, ២៥; ១កូ. ១៥:៣៣; ភី. ៤:៨) នោះអាចជួយកូនរបស់អ្នកឲ្យឃើញថាការស្ដាប់បង្គាប់ព្រះយេហូវ៉ាគឺជាអ្វីដែលឈ្លាសវៃ ហើយបើគ្រូឬសិស្សឯទៀតសួរទស្សនៈរបស់គាត់ ចំពោះសៀវភៅរឿងនោះ នោះគាត់អាចនិយាយអំពីជំនឿរបស់គាត់។
ចូរជួយកូនរបស់អ្នកឲ្យត្រៀមខ្លួនដើម្បីនិយាយការពារជំនឿ
១៤. តើគ្រិស្តសាសនិកវ័យក្មេងប្រហែលជាពិបាកនិយាយអំពីអ្វី ហើយហេតុអ្វី?
១៤ ជួនកាល គ្រិស្តសាសនិកវ័យក្មេងភ័យខ្លាចប្រាប់អ្នកឯទៀតអំពីជំនឿរបស់ពួកគេ។ ពួកគេប្រហែលជាមានអារម្មណ៍ភ័យពេលពន្យល់អ្នកឯទៀតអំពីមូលហេតុដែលពួកគេមិនជឿលើទ្រឹស្ដីនៃការវិវត្តន៍។ ហេតុអ្វីពួកគេប្រហែលជាមានអារម្មណ៍ដូចនោះ? ព្រោះគ្រូរបស់ពួកគេប្រហែលជាបង្រៀនថា ការវិវត្តន៍គឺជារឿងពិតមិនគ្រាន់តែជាទ្រឹស្ដីទេ។ បើសិនជាអ្នកជាឪពុកម្ដាយ តើតាមរបៀបណាអ្នកអាចជួយកូនរបស់អ្នកឲ្យជឿជាក់ថាអ្វីដែលគាត់ជឿគឺជាសេចក្ដីពិត?
១៥. តើអ្វីអាចជួយគ្រិស្តសាសនិកវ័យក្មេងឲ្យមានទំនុកចិត្តច្រើនជាងលើអ្វីដែលគាត់ជឿ?
១៥ ចូរជួយកូនរបស់អ្នកឲ្យកាន់តែមានទំនុកចិត្តលើអ្វីដែលគាត់ជឿ។ កូនរបស់អ្នកគ្មានហេតុខ្មាសគេដែលគាត់ស្គាល់សេចក្ដីពិតអំពីការបង្កើតឡើយ។ (២ធី. ១:៨) ហេតុអ្វីគាត់មិនគួរមានអារម្មណ៍ដូច្នោះ? តាមពិត អ្នកវិទ្យាសាស្ត្រជាច្រើនក៏យល់ថាជីវិតមិនមែនកើតមកដោយឯកឯងឬដោយចៃដន្យនោះទេ។ អ្នកវិទ្យាសាស្ត្រទាំងនោះឃើញទីសំអាងថាត្រូវមានបុគ្គលដែលមានប្រាជ្ញាបានបង្កើតភាវៈរស់ដ៏សាំញ៉ាំទាំងអស់។ ជាលទ្ធផល ពួកគេមិនជឿទ្រឹស្ដីវិវត្តន៍ដែលជាអ្វីដែលសាលាជាច្រើននៅទូទាំងពិភពលោកបង្រៀននោះទេ។ អ្វីមួយទៀតដែលប្រហែលជានឹងជួយកូនរបស់អ្នកឲ្យពង្រឹងជំនឿនិងមានចិត្តក្លាហានគឺដោយស្វែងយល់ថា តើអ្វីបានជួយបងប្អូនឯទៀតឲ្យជឿជាក់ថាជីវិតមានអ្នកបង្កើត? c
១៦. តើឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យនិយាយការពារជំនឿលើអ្នកបង្កើតយ៉ាងដូចម្ដេច? (ពេត្រុសទី១ ៣:១៥) (សូមមើលរូបភាពផងដែរ)
១៦ ចូរជួយកូនរបស់អ្នកឲ្យពន្យល់អំពីមូលហេតុដែលគាត់ជឿថាមានអ្នកបង្កើត។ (សូមអាន ពេត្រុសទី១ ៣:១៥) អ្នកអាចមើលសារឡើងវិញជាមួយកូនរបស់អ្នកនូវអត្ថបទដែលមានចំណងជើងថា «តើខ្ញុំគួរជឿលើទ្រឹស្ដីវិវត្តន៍ឬទេ?» និង«តើជីវិតកើតមកពីណា?»ក្នុងគេហទំព័រjw.org/km។ បន្ទាប់មក កូនរបស់អ្នកអាចជ្រើសរើសការពន្យល់ដែលគាត់មានអារម្មណ៍ថានឹងជួយអ្នកឯទៀតឲ្យយល់ថាមានអ្នកបង្កើត។ រួចមក សូមអ្នកហាត់របៀបពន្យល់នោះជាមួយកូន។ សូមរំលឹកកូនថា គាត់មិនចាំបាច់ឈ្លោះប្រកែកជាមួយសិស្សរួមថ្នាក់ទេ។ តែសូមលើកទឹកចិត្តគាត់ឲ្យប្រើរបៀបវែកញែកដែលស្រួលយល់និងសមហេតុសមផល បើសិស្សរួម ថ្នាក់សុខចិត្តនិយាយជាមួយគាត់អំពីរឿងនោះ។ ជាឧទាហរណ៍ សិស្សរួមថ្នាក់ម្នាក់ប្រហែលជានិយាយថា៖ «ខ្ញុំជឿតែអ្វីដែលខ្ញុំមើលឃើញប៉ុណ្ណោះ ហើយខ្ញុំមិនដែលឃើញព្រះទេ»។ គ្រិស្តសាសនិកវ័យក្មេងអាចឆ្លើយតបថា៖ «សូមស្រមៃថាឯងកំពុងដើរក្នុងព្រៃជ្រៅឆ្ងាយពីមនុស្ស ហើយស្រាប់តែឃើញអណ្ដូងទឹកមួយ តើឯងនឹងសន្និដ្ឋានយ៉ាងណា? អណ្ដូងនោះច្បាស់ជាមានអ្នកជីកវា។ ដូចអណ្ដូងទឹក ភពផែនដីយើងនិងភាវៈរស់ទាំងអស់ច្បាស់ជាមានអ្នកបង្កើតដែរ!»។
១៧. តើឪពុកម្ដាយអាចលើកទឹកចិត្តកូនរបស់ពួកគេឲ្យរកឱកាសប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតក្នុងគម្ពីរតាមរបៀបណា? សូមលើកឧទាហរណ៍។
១៧ ចូរលើកទឹកចិត្តកូនរបស់អ្នកឲ្យរកឱកាសប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតក្នុងគម្ពីរ។ (រ៉ូម ១០:១០) អ្នកអាចប្រៀបធៀបការខំព្យាយាមរបស់គាត់ដើម្បីនិយាយអំពីជំនឿទៅនឹងការរៀនលេងឧបករណ៍តន្ត្រី។ ដំបូង បុគ្គលដែលរៀនឧបករណ៍តន្ត្រីលេងបទភ្លេងដែលស្រួលលេង។ យូរៗទៅ គាត់លេងកាន់តែស្ទាត់។ ស្រដៀងគ្នាដែរ ដំបូងគ្រិស្តសាសនិកវ័យក្មេងអាចនិយាយពាក្យសាមញ្ញពេលប្រាប់អ្នកឯទៀតអំពីជំនឿរបស់គាត់។ ជាឧទាហរណ៍ គាត់អាចសួរសិស្សរួមថ្នាក់ថា៖ «តើឯងដឹងទេ វិស្វករច្រើនតែយកលំនាំតាមធម្មជាតិដើម្បីបង្កើតអ្វីមួយ? សូមមើលវីដេអូដ៏គួរឲ្យចាប់អារម្មណ៍នេះ»។ ក្រោយពីបង្ហាញវីដេអូមួយពីវីដេអូតភាគតើមានអ្នកគ្រោងបង្កើតឬទេ? គាត់អាចនិយាយថា៖ «បើវិស្វករទទួលការសរសើរចំពោះអ្វីដែលពួកគេចម្លងពីធម្មជាតិ តើអ្នកណាគួរទទួលការសរសើរចំពោះអ្វីដែលយើងឃើញក្នុងធម្មជាតិ?»។ ក្រោយមក ប្រហែលជាសិស្សរួមថ្នាក់នឹងចង់រៀនថែមទៀតអំពីព្រះយេហូវ៉ា។
ចូរបន្តជួយកូនរបស់អ្នកឲ្យពង្រឹងជំនឿ
១៨. តើឪពុកម្ដាយអាចបន្តជួយកូនឲ្យពង្រឹងជំនឿលើព្រះយ៉ាងដូចម្ដេច?
១៨ យើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយមនុស្សដែលគ្មានជំនឿលើព្រះយេហូវ៉ា។ (២ពេ. ៣:៣) ដូច្នេះឪពុកម្ដាយទាំងឡាយ កាលដែលអ្នកសិក្សាគម្ពីរជាមួយកូនរបស់អ្នក សូមលើកទឹកចិត្តគាត់ឲ្យសិក្សាស្វែងយល់អំពីប្រធានបទដែលនឹងជួយគាត់កាន់តែឲ្យតម្លៃចំពោះបណ្ដាំរបស់ព្រះ និងខ្នាតតម្រាសីលធម៌របស់លោក។ ចូរជួយកូនរបស់អ្នកឲ្យគិតយ៉ាងជ្រាលជ្រៅជាង និងពង្រឹងជំនឿរបស់គាត់លើព្រះយេហូវ៉ាដោយនិយាយជាមួយគាត់អំពីការបង្កើតរបស់លោក។ ចូរជួយកូនរបស់អ្នកឲ្យតម្លៃចំពោះទំនាយដ៏អស្ចារ្យក្នុងគម្ពីរដែលបានសម្រេចរួចហើយ។ សំខាន់បំផុត សូមអធិដ្ឋានជាមួយកូនរបស់អ្នកនិងអំពីគាត់។ ពេលអ្នកធ្វើដូច្នោះអ្នកអាចប្រាកដថា ព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ចំពោះការខំប្រឹងរបស់អ្នកក្នុងការជួយកូនឲ្យពង្រឹងជំនឿរបស់គាត់។—២ប្រ. ១៥:៧
ចម្រៀងលេខ១៣៣ ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលនៅក្មេង
a ដើម្បីបានព័ត៌មានថែមទៀត សូមមើលវីដេអូអ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតបង្ហាញសិរីរុងរឿងរបស់លោក នៅគេហទំព័រjw.org/km។
b បើសិនជាកូនអ្នករៀនសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!ចប់ហើយ អ្នកអាចរៀនសារឡើងវិញជាមួយគាត់នូវមេរៀនខ្លះៗដែលរៀបរាប់អំពីខ្នាតតម្រាសីលធម៌ក្នុងគម្ពីរក្នុងផ្នែកទី៣ និងទី៤។
c សូមមើលសៀវភៅស្ដើងដើមកំណើតនៃជីវិត សំណួរទាំងប្រាំដែលយើងគួរឆ្ងល់។ សម្រាប់ឧទាហរណ៍ថែមទៀត សូមទស្សនាវីដេអូតភាគទស្សនៈអំពីដើមកំណើតនៃជីវិតនៅគេហទំព័រjw.org/km។
d ការពណ៌នាអំពីរូបភាព៖ សាក្សីវ័យក្មេងម្នាក់បង្ហាញវីដេអូពីអត្ថបទតភាគតើមានអ្នកគ្រោងបង្កើតឬទេ?ដល់សិស្សរួមថ្នាក់ដែលចូលចិត្តដ្រូន។