អត្ថបទសិក្សា ១
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
ចូរយកឈ្នះការភ័យខ្លាចដោយទុកចិត្តព្រះយេហូវ៉ា
បទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៤: «ពេលដែលខ្ញុំភ័យខ្លាច ខ្ញុំទុកចិត្តលោក»។—ចសព. ៥៦:៣
ចំណុចផ្ដោត
ចូររៀនអំពីរបៀបដែលយើងអាចពង្រឹងទំនុកចិត្តរបស់យើងលើព្រះយេហូវ៉ា ហើយយកឈ្នះការភ័យខ្លាចរបស់យើង។
១. ហេតុអ្វីជួនកាលយើងប្រហែលជាភ័យខ្លាច?
ជួនកាល យើងគ្រប់គ្នាភ័យខ្លាច។ ពិតមែនថាការសិក្សាគម្ពីរបានរំដោះយើងឲ្យរួចពីការខ្លាចស្លាប់ ការខ្លាចពួកវិញ្ញាណកំណាច និងការខ្លាចចំពោះអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត។ ក៏ប៉ុន្តែយើងកំពុងរស់នៅក្នុងគ្រាដែលមាន«អ្វីដែលគួរឲ្យខ្លាច»ដូចជាសង្គ្រាម ឧក្រិដ្ឋកម្ម និងរោគរាតត្បាត។ (លូក. ២១:១១) យើងក៏ប្រហែលជាខ្លាចមនុស្សដែរ រួមមានរដ្ឋាភិបាលដែលសង្កត់សង្កិនយើង ឬថែមទាំងសមាជិកក្រុមគ្រួសាររបស់យើងដែលប្រឆាំងការគោរពប្រណិប័តន៍ពិត។ អ្នកខ្លះប្រហែលជាព្រួយបារម្ភថា ពួកគេនឹងមិនអាចស៊ូទ្រាំទុក្ខលំបាកដែលពួកគេមាននៅឥឡូវនេះ ឬទុក្ខលំបាកដែលពួកគេប្រហែលជាមាននៅថ្ងៃអនាគត។
២. សូមរៀបរាប់ស្ថានភាពរបស់ដាវីឌពេលគាត់នៅក្រុងកាថ។
២ ជួនកាលដាវីឌភ័យខ្លាច។ ជាឧទាហរណ៍ ពេលស្ដេចសុលដេញតាមចង់សម្លាប់គាត់ ដាវីឌបានសម្រេចចិត្តរត់ទៅក្រុងកាថនៅស្រុកភីលីស្ទីន។ ក្រោយមក អាគីសដែលជាស្ដេចក្រុងកាថបានដឹងថាដាវីឌគឺជាអ្នកចម្បាំងដ៏អង់អាចដែលបានសម្លាប់ពួកភីលីស្ទីនអស់«រាប់ម៉ឺន»នាក់។ ដាវីឌ‹តាំងភ័យខ្លាចយ៉ាងខ្លាំង›។ (១សាំ. ២១:១០-១២) ដាវីឌព្រួយបារម្ភថាតើស្ដេចអាគីសនឹងធ្វើយ៉ាងណាមកលើគាត់។ ប៉ុន្តែ តើគាត់បានយកឈ្នះការភ័យខ្លាចនោះយ៉ាងដូចម្ដេច?
៣. យោងទៅតាមចម្រៀងសរសើរព្រះ ៥៦:១-៣, ១១ តើដាវីឌបានយកឈ្នះការភ័យខ្លាចរបស់គាត់យ៉ាងដូចម្ដេច?
៣ នៅចម្រៀងសរសើរព្រះ ៥៦ ដាវីឌបានរៀបរាប់អំពីអារម្មណ៍របស់គាត់ពេលដែលគាត់នៅក្រុងកាថ។ ក្នុងបទចម្រៀងនោះ គាត់បានរៀបរាប់យ៉ាងច្បាស់អំពីមូលហេតុដែលគាត់ភ័យខ្លាច ហើយក៏ពន្យល់អំពីអ្វីដែលបានជួយគាត់ឲ្យឈប់ភ័យខ្លាច។ ពេលដាវីឌមានអារម្មណ៍ភ័យខ្លាច គាត់បានទុកចិត្តព្រះយេហូវ៉ា។ (សូមអាន ចម្រៀងសរសើរព្រះ ៥៦:១-៣, ១១) ការទុកចិត្តរបស់គាត់គឺមិនមែនឥតប្រយោជន៍ទេ។ ដោយមានជំនួយពីព្រះយេហូវ៉ា ដាវីឌបានរៀបគម្រោងការដែល មិនធម្មតា តែទទួលជោគជ័យ គឺថាគាត់បានធ្វើពុតជាឆ្កួត! ជាជាងចង់សម្លាប់ដាវីឌ ស្ដេចអាគីសចង់ឲ្យដាវីឌទៅឲ្យឆ្ងាយ ដូច្នេះនោះជាឱកាសឲ្យដាវីឌអាចរត់គេចខ្លួនបាន។—១សាំ. ២១:១៣–២២:១
៤. តើយើងអាចពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។
៤ យើងក៏អាចយកឈ្នះការភ័យខ្លាចរបស់យើងដោយទុកចិត្តព្រះយេហូវ៉ា។ ប៉ុន្តែ តើយើងអាចពង្រឹងទំនុកចិត្តរបស់យើងទៅលើលោកយ៉ាងដូចម្ដេច ជាពិសេសពេលយើងមានអារម្មណ៍ភ័យខ្លាច? សូមគិតអំពីឧទាហរណ៍មួយ។ បើអ្នកដឹងថាអ្នកមានជំងឺ ដំបូងអ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាច។ ប៉ុន្តែ អ្នកនឹងមានអារម្មណ៍ស្ងប់ជាង បើអ្នកទុកចិត្តគ្រូពេទ្យ។ គ្រូពេទ្យនោះប្រហែលជាបានព្យាបាលបុគ្គលជាច្រើនដែលមានជំងឺស្រដៀងនឹងនោះ។ គាត់ប្រហែលជាស្ដាប់អ្នកយ៉ាងយកចិត្តទុកដាក់ ហើយធ្វើឲ្យអ្នកជឿជាក់ថាគាត់យល់អារម្មណ៍របស់អ្នក។ គាត់ប្រហែលជាប្រាប់អំពីវិធីព្យាបាលមួយដែលបានជួយអ្នកឯទៀត។ ស្រដៀងគ្នាដែរ យើងអាចពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាដោយពិចារណាអ្វីដែលលោកបានធ្វើរួចទៅហើយ អ្វីដែលលោកកំពុងធ្វើ និងអ្វីដែលលោកនឹងធ្វើសម្រាប់យើង។ នេះជាអ្វីដែលដាវីឌបានធ្វើ។ កាលដែលយើងពិចារណាពាក្យខ្លះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះនៅចម្រៀងសរសើរព្រះ ៥៦ សូមគិតអំពីរបៀបដែលអ្នកក៏អាចពង្រឹងទំនុកចិត្តរបស់អ្នកទៅលើព្រះយេហូវ៉ា និងយកឈ្នះការភ័យខ្លាចរបស់អ្នក។
តើព្រះយេហូវ៉ាបានធ្វើអ្វីខ្លះរួចហើយ?
៥. ដើម្បីយកឈ្នះការភ័យខ្លាច តើដាវីឌបានរំពឹងគិតអំពីអ្វី? (ចម្រៀងសរសើរព្រះ ៥៦:១២, ១៣)
៥ ទោះជាដាវីឌស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក្ដី គាត់បន្ដគិតអំពីអ្វីល្អៗដែលព្រះយេហូវ៉ាបានធ្វើនៅអតីតកាល។ (សូមអាន ចម្រៀងសរសើរព្រះ ៥៦:១២, ១៣) ដាវីឌតែងតែគិតបែបនោះពេញមួយជីវិតរបស់គាត់។ ជាឧទាហរណ៍ ពេលខ្លះគាត់រំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត។ នេះរំលឹកគាត់ថាព្រះយេហូវ៉ាគឺខ្លាំងក្លាប៉ុណ្ណា ហើយយកចិត្តទុកដាក់ខ្លាំងយ៉ាងណាចំពោះមនុស្សជាតិ។ (ចសព. ៦៥:៦-៩) ដាវីឌក៏រំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់អ្នកឯទៀត។ (ចសព. ៣១:១៩; ៣៧:២៥, ២៦) ជាពិសេស គាត់បានរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើរួចហើយសម្រាប់គាត់ផ្ទាល់។ ព្រះយេហូវ៉ាបានគាំទ្រនិងការពារដាវីឌតាំងពីគាត់នៅជាទារក។ (ចសព. ២២:៩, ១០) ការរំពឹងគិតអំពី អ្វីទាំងនោះច្បាស់ជាបានជួយពង្រឹងទំនុកចិត្តរបស់ដាវីឌលើព្រះយេហូវ៉ា!
៦. ពេលយើងភ័យខ្លាច តើអ្វីនឹងជួយយើងឲ្យទុកចិត្តព្រះយេហូវ៉ា?
៦ ពេលអ្នកភ័យខ្លាច សូមសួរខ្លួនអ្នកថា ‹តើព្រះយេហូវ៉ាបានធ្វើអ្វីខ្លះរួចហើយ?›។ សូមគិតអំពីអ្វីដែលលោកបានបង្កើត។ ជាឧទាហរណ៍ សូម«សង្កេតមើល»របៀបដែលព្រះយេហូវ៉ាថែរក្សាសត្វស្លាបនិងផ្កា ទោះជាអ្វីទាំងនេះមិនបានត្រូវបង្កើតមកឲ្យមានភាពដូចលោក និងមិនមានសមត្ថភាពគោរពប្រណិប័តន៍លោកក្ដី។ ព្រះយេហូវ៉ាច្បាស់ជានឹងថែរក្សាយើងខ្លាំងជាងនេះទៅទៀត! ការរំពឹងគិតអំពីចំណុចនេះអាចជួយយើងឲ្យទុកចិត្តលោកកាន់តែខ្លាំងឡើង។ (ម៉ាថ. ៦:២៥-៣២) សូមគិតផងដែរអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើចំពោះពួកអ្នកគោរពប្រណិប័តន៍លោក។ អ្នកអាចសិក្សាអំពីបុគ្គលក្នុងគម្ពីរដែលបានបង្ហាញជំនឿយ៉ាងមុតមាំ ឬអាចអានបទពិសោធន៍របស់អ្នកបម្រើព្រះយេហូវ៉ាណាម្នាក់នៅសម័យយើង។ a បន្ថែមទៅទៀត សូមរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាធ្លាប់មើលថែអ្នក។ ជាឧទាហរណ៍ តើលោកបានទាញនាំអ្នកឲ្យចូលមកសេចក្ដីពិតយ៉ាងដូចម្ដេច? (យ៉ូន. ៦:៤៤) តើលោកបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នកតាមរបៀបណា? (១យ៉ូន. ៥:១៤) តើអ្នកទទួលប្រយោជន៍អ្វីខ្លះរាល់ថ្ងៃពីគ្រឿងបូជារបស់បុត្រជាទីស្រឡាញ់របស់លោក?—អេភ. ១:៧; ហេ. ៤:១៤-១៦
៧. តើបទពិសោធន៍របស់អ្នកប្រកាសទំនាយដានីយ៉ែលបានជួយបងវ៉ាន់នេសាឲ្យយកឈ្នះការភ័យខ្លាចតាមរបៀបណា?
៧ បងស្រីវ៉ាន់នេសា bនៅប្រទេសហៃទីប្រឈមមុខនឹងស្ថានភាពដ៏គួរឲ្យភ័យខ្លាច។ បុរសម្នាក់នៅសហគមន៍របស់គាត់បានទូរស័ព្ទមកគាត់ ហើយផ្ញើសារមកគាត់រាល់ថ្ងៃដោយព្យាយាមបង្ខំគាត់ឲ្យធ្វើជាដៃគូរួមភេទ។ បងវ៉ាន់នេសាបានបដិសេធយ៉ាងម៉ឺងម៉ាត់។ ប៉ុន្តែ បុរសនោះកាន់តែព្យាយាមបង្ខំគាត់ ហើយថែមទាំងគំរាមធ្វើបាបគាត់ទៀតផង។ បងវ៉ាន់នេសានិយាយថា៖ «ខ្ញុំភ័យខ្លាច»។ តើគាត់បានយកឈ្នះអារម្មណ៍ភ័យខ្លាចយ៉ាងដូចម្ដេច? គាត់បានធ្វើអ្វីដែលគាត់អាចធ្វើបានដើម្បីការពារខ្លួន។ អ្នកចាស់ទុំម្នាក់បានជួយគាត់ឲ្យទាក់ទងទៅពួកអាជ្ញាធរ។ ប៉ុន្តែ គាត់ក៏ផ្ដោតអារម្មណ៍ទៅលើរបៀបដែលព្រះយេហូវ៉ាបានការពារអ្នកបម្រើលោកនៅអតីតកាលដែរ។ បងវ៉ាន់នេសារៀបរាប់ថា៖ «បុគ្គលដំបូងដែលខ្ញុំបាននឹកឃើញគឺអ្នកប្រកាសទំនាយដានីយ៉ែល។ ទោះជាគាត់គ្មានកំហុសក្ដី គាត់បានត្រូវបោះចូលក្នុងរូងមួយដែលមានតោស្រេកឃ្លាន តែព្រះយេហូវ៉ាបានរក្សាការពារគាត់។ ដូច្នេះ ខ្ញុំបានសុំព្រះយេហូវ៉ាឲ្យជួយរ៉ាប់រងបញ្ហានោះឲ្យខ្ញុំ។ ក្រោយពីនោះ ខ្ញុំលែងភ័យខ្លាចទៀត»។—ដាន. ៦:១២-២២
តើព្រះយេហូវ៉ាកំពុងធ្វើអ្វីនៅឥឡូវនេះ?
៨. តើដាវីឌបានជឿជាក់អំពីអ្វី? (ចម្រៀងសរសើរព្រះ ៥៦:៨)
៨ ទោះជាដាវីឌស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ពេលគាត់នៅក្រុងកាថក្ដី គាត់មិនបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលធ្វើឲ្យគាត់ភ័យខ្លាចទេ។ ផ្ទុយទៅវិញ គាត់សម្រេចចិត្តគិតអំពីអ្វីដែលព្រះយេហូវ៉ាកំពុងធ្វើសម្រាប់គាត់នៅពេលនោះ។ ដាវីឌអាចយល់ថាព្រះយេហូវ៉ាកំពុងណែនាំនិងការពារគាត់ ហើយថាលោកយល់អារម្មណ៍របស់គាត់។ (សូមអាន ចម្រៀងសរសើរព្រះ ៥៦:៨) ដាវីឌក៏មានមិត្តភក្ដិដូចជា យ៉ូណាថាននិងសម្ដេចសង្ឃអាហ៊ីម៉ាឡិចដែលជួយគាត់ ហើយគាំទ្រគាត់យ៉ាងស្មោះភក្ដី។ (១សាំ. ២០:៤១, ៤២; ២១:៦, ៨, ៩) ម្យ៉ាងទៀត ទោះជាស្ដេចសុលចង់សម្លាប់គាត់ក្ដី ដាវីឌបានរួចជីវិត។ គាត់បានជឿជាក់ថាព្រះយេហូវ៉ាដឹងច្បាស់អំពីទុក្ខលំបាករបស់គាត់ ហើយថាទុក្ខលំបាកនោះប៉ះពាល់យ៉ាងណាដល់អារម្មណ៍របស់គាត់។
៩. តើព្រះយេហូវ៉ាសង្កេតឃើញអ្វីអំពីយើងម្នាក់ៗ?
៩ ពេលអ្នកជួបទុក្ខលំបាកដែលធ្វើឲ្យអ្នកភ័យខ្លាច សូមចាំថាព្រះយេហូវ៉ាកត់សម្គាល់ទុក្ខលំបាកនិងអារម្មណ៍ដែលអ្នកមានដោយសារទុក្ខលំបាកនោះ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាមិនគ្រាន់តែបានកត់សម្គាល់ថាជនជាតិអ៊ីស្រាអែលបានត្រូវគេធ្វើបាបនៅស្រុកអេហ្ស៊ីបប៉ុណ្ណោះទេ ប៉ុន្តែលោកក៏កត់សម្គាល់នូវ«ទុក្ខវេទនាទាំងអស់របស់ពួកគេ»ផងដែរ។ (ដច. ៣:៧) ដាវីឌបានច្រៀងថាព្រះយេហូវ៉ាឃើញទាំង«ទុក្ខវេទនា» ទាំងការ«គ្រាំគ្រាចិត្តខ្លាំងណាស់»របស់គាត់។ (ចសព. ៣១:៧) ម្យ៉ាងទៀត ពេលរាស្ត្ររបស់ព្រះរងទុក្ខលំបាក សូម្បីតែនោះមកពីការសម្រេចចិត្តដ៏ឆោតល្ងង់របស់ពួកគេ «លោកក៏រងទុក្ខដែរ»។ (អេ. ៦៣:៩) ពេលអ្នកភ័យខ្លាច ព្រះយេហូវ៉ាយល់អារម្មណ៍របស់អ្នក ហើយលោកចង់ជួយអ្នកឲ្យយកឈ្នះការភ័យខ្លាច។
១០. ហេតុអ្វីអ្នកជឿជាក់ថាព្រះយេហូវ៉ាកត់សម្គាល់អ្នក ហើយថាលោកនឹងជួយអ្នកឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយ?
១០ ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថាតើព្រះយេហូវ៉ាកំពុងគាំទ្រអ្នកយ៉ាងដូចម្ដេចកាលដែលអ្នកជួបទុក្ខលំបាកដ៏គួរឲ្យភ័យខ្លាច? ដូច្នេះ សូមសុំលោកជួយអ្នកឲ្យឃើញការគាំទ្រពីលោក។ (២បស. ៦:១៥-១៧) បន្ទាប់មក សូមពិចារណាថា៖ តើសុន្ទរកថាឬចម្លើយនៅកិច្ចប្រជុំក្រុមជំនុំបានពង្រឹងកម្លាំងអ្នកឬទេ? តើសៀវភៅ វីដេអូ ឬចម្រៀងវីដេអូបានលើកទឹកចិត្តអ្នកឬ? តើមានបុគ្គលណាម្នាក់ប្រាប់អ្នកអំពីចំណុចឬបទគម្ពីរដ៏គួរឲ្យលើកទឹកចិត្តឬទេ? យើងប្រហែលជាងាយភ្លេចថាសេចក្ដីស្រឡាញ់របស់បងប្អូនរួមជំនឿនិងការលើកទឹកចិត្តដែលយើងទទួលពីបណ្ដាំរបស់ព្រះបានជួយយើងច្រើនយ៉ាងណា។ ប៉ុន្តែ អ្វីទាំងនោះជាអំណោយដ៏អស្ចារ្យពីព្រះយេហូវ៉ា។ (អេ. ៦៥:១៣; ម៉ាក. ១០:២៩, ៣០) អ្វីទាំងនោះបង្ហាញថាលោកយកចិត្តទុកដាក់ចំពោះអ្នក។ (អេ. ៤៩:១៤-១៦) ម្យ៉ាងទៀត អ្វីទាំងនោះបង្ហាញថាលោកជាបុគ្គលដែលសមឲ្យអ្នកទុកចិត្ត។
១១. តើអ្វីបានជួយបងអៃដាឲ្យយកឈ្នះការភ័យខ្លាច?
១១ បងស្រីអៃដាដែលរស់នៅប្រទេសសេណេហ្គាល់បានកត់សម្គាល់អំពីរបៀបដែលព្រះយេហូវ៉ាបានគាំទ្រគាត់ក្នុងអំឡុងគ្រាលំបាក។ ដោយសារគាត់ជាកូនច្បង ឪពុកម្ដាយរំពឹងថាគាត់នឹងរកលុយឲ្យបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមខ្លួនឯងនិងពួកគេ។ ក្រោយពីគាត់បានធ្វើឲ្យជីវិតរបស់គាត់សាមញ្ញជាងដើម្បីធ្វើជាអ្នកត្រួសត្រាយ គាត់ជួបបញ្ហាលុយកាក់។ ក្រុមគ្រួសាររបស់គាត់ខឹង ហើយបាននិយាយមាក់ងាយគាត់។ គាត់និយាយថា៖ «ខ្ញុំខ្លាចថាខ្ញុំមិនអាចជួយឪពុកម្ដាយខ្ញុំ ហើយគ្រប់គ្នានឹងឈប់រាប់អានខ្ញុំ។ ខ្ញុំថែមទាំងបន្ទោសព្រះយេហូវ៉ាដែលអនុញ្ញាតឲ្យរឿងទាំងនេះទៅជាយ៉ាប់អ៊ីចឹង»។ បន្ទាប់មក បងអៃដាបានស្ដាប់សុន្ទរកថាមួយនៅកិច្ចប្រជុំ។ គាត់និយាយថា៖ «អ្នកថ្លែងនោះបានរំលឹកយើងថារបួសណាក៏ដោយដែលយើងមាននៅក្នុងចិត្ត ព្រះយេហូវ៉ាដឹងទាំងអស់។ បន្តិចម្ដងៗ យោបល់ពីពួកអ្នកចាស់ទុំនិងអ្នកឯទៀតបានពង្រឹងទំនុកចិត្តខ្ញុំថាព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ។ ខ្ញុំចាប់ ផ្ដើមអធិដ្ឋានដោយមានទំនុកចិត្តឡើងវិញ ហើយខ្ញុំមានចិត្តស្ងប់យ៉ាងខ្លាំងពេលខ្ញុំឃើញព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំ»។ ក្រោយមក បងអៃដាបានរកឃើញការងារដែលអាចឲ្យគាត់ផ្គត់ផ្គង់ខ្លួនឯងដើម្បីបន្តជាអ្នកត្រួសត្រាយ ហើយក៏អាចឲ្យគាត់ជួយដល់ឪពុកម្ដាយគាត់ដែរ។ គាត់និយាយថា៖ «ខ្ញុំបានរៀនឲ្យទុកចិត្តព្រះយេហូវ៉ាទាំងស្រុង។ ឥឡូវក្រោយពីខ្ញុំអធិដ្ឋាន ការភ័យខ្លាចរបស់ខ្ញុំច្រើនតែបាត់ទៅ»។
តើព្រះយេហូវ៉ានឹងធ្វើអ្វីនៅថ្ងៃអនាគត?
១២. យោងទៅតាមចម្រៀងសរសើរព្រះ ៥៦:៩ តើដាវីឌបានជឿជាក់អំពីអ្វី?
១២ សូមអាន ចម្រៀងសរសើរព្រះ ៥៦:៩។ ខនេះបង្ហាញអំពីរបៀបផ្សេងទៀតដែលដាវីឌបានយកឈ្នះការភ័យខ្លាច។ ទោះជាជីវិតរបស់គាត់នៅតែស្ថិតក្នុងស្ថានភាពដែលនាំឲ្យមានគ្រោះថ្នាក់ក្ដី គាត់បានរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើសម្រាប់គាត់នៅថ្ងៃអនាគត។ ដាវីឌបានដឹងថាព្រះយេហូវ៉ានឹងសង្គ្រោះគាត់នៅពេលត្រឹមត្រូវ ដោយព្រោះថាព្រះយេហូវ៉ាបានប្រកាសថាដាវីឌនឹងទៅជាស្ដេចបន្ទាប់នៃស្រុកអ៊ីស្រាអែល។ (១សាំ. ១៦:១, ១៣) ចំពោះដាវីឌ អ្វីណាក៏ដោយដែលព្រះយេហូវ៉ាបានសន្យា នោះនឹងកើតឡើងជាក់ជាមិនខាន។
១៣. តើយើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងធ្វើអ្វី?
១៣ តើព្រះយេហូវ៉ាបានសន្យាធ្វើអ្វីចំពោះអ្នក? យើងមិនរំពឹងឲ្យព្រះយេហូវ៉ាការពារយើងពីបញ្ហាទាំងអស់ទេ។ c ប៉ុន្តែ មិនថាអ្នកជួបទុក្ខលំបាកណាក៏ដោយនៅក្នុងរបៀបរបបពិភពលោកនេះ ព្រះយេហូវ៉ានឹងបំបាត់ចោលទុក្ខលំបាកនោះក្នុងពិភពលោកថ្មី។ (អេ. ២៥:៧-៩) អ្នកបង្កើតរបស់យើងច្បាស់ជាមានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យយើងជាសះស្បើយពីជំងឺនិងរបួសផ្លូវចិត្ត ហើយបំផ្លាញចោលអ្នកប្រឆាំងទាំងអស់។—១យ៉ូន. ៤:៤
១៤. តើយើងអាចរំពឹងគិតអំពីអ្វីខ្លះ?
១៤ ពេលអ្នកភ័យខ្លាច សូមរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើនៅថ្ងៃអនាគត។ សូមគិតអំពីអារម្មណ៍ដែលអ្នកនឹងមានពេលលែងមានសាថាន ពេលមនុស្សទុច្ចរិតបានត្រូវជំនួសដោយមនុស្សសុចរិត ហើយពេលភាពមិនល្អឥតខ្ចោះបាត់ទៅបន្តិចម្ដងៗរាល់ថ្ងៃ។ ការសម្ដែងមួយនៅកម្មវិធីមហាសន្និបាតតាមភូមិភាគឆ្នាំ២០១៤ បង្ហាញអំពីរបៀបដែលយើងអាចរំពឹងគិតអំពីសេចក្ដីសង្ឃឹមរបស់យើង។ ឪពុកម្នាក់បាននិយាយជាមួយក្រុមគ្រួសាររបស់គាត់អំពីពាក្យដែលធីម៉ូថេទី២ ៣:១-៥អាចប្រើ បើខទាំងនោះប្រាប់ទុកជាមុនអំពីស្ថានភាពដែលមាននៅក្នុងសួនឧទ្យាន។ គាត់និយាយថា៖ «នៅពិភពលោកថ្មីនឹងសប្បាយរីករាយខ្លាំងណាស់។ ព្រោះមនុស្សនឹងស្រឡាញ់អ្នកឯទៀត ស្រឡាញ់សេចក្ដីពិត មានចិត្តរាបទាប ជាអ្នកលើកតម្កើងព្រះ ស្ដាប់បង្គាប់ឪពុកម្ដាយ ចេះដឹងគុណ ស្មោះត្រង់ មានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះក្រុមគ្រួសារ យល់ព្រមស្រុះស្រួលគ្នា តែងតែនិយាយល្អអំពីអ្នកឯទៀត ចេះទប់ចិត្ត ស្លូតបូត ស្រឡាញ់គុណធម៌ គួរឲ្យទុកចិត្ត សម្របទៅតាមចិត្តអ្នកដទៃ មានចិត្តសុភាព ស្រឡាញ់ព្រះជាជាងការសប្បាយ មានភក្ដីភាពពិតចំពោះព្រះ។ ចូរចូលទៅជិតមនុស្សទាំងនោះយ៉ាងជិតស្និទ្ធ»។ តើអ្នកនិយាយជាមួយក្រុមគ្រួសាររបស់អ្នកឬបងប្អូនរួមជំនឿអំពីជីវិតនៅក្នុងពិភពលោកថ្មីនឹងទៅជាយ៉ាងណាឬទេ?
១៥. ទោះជាបងថានយ៉ាមានអារម្មណ៍ភ័យខ្លាចក្ដី តើអ្វីបានជួយគាត់ឲ្យយកឈ្នះការភ័យខ្លាចនោះ?
១៥ បងស្រីម្នាក់ឈ្មោះថានយ៉ានៅប្រទេសម៉ាសេដ្វានខាងជើង បានយកឈ្នះការភ័យខ្លាចរបស់គាត់ដោយរំពឹងគិតអំពីពរនៅថ្ងៃអនាគត។ ឪពុកម្ដាយរបស់គាត់បានប្រឆាំងគាត់យ៉ាងខ្លាំងដោយសារគាត់រៀនគម្ពីរ។ គាត់និយាយថា៖ «អ្វីខ្លះដែលខ្ញុំខ្លាចថានឹងកើតឡើង បានកើតឡើងមែន។ ម្ដាយខ្ញុំវ៉ៃខ្ញុំក្រោយពីកិច្ចប្រជុំរាល់ដង។ ឪពុកម្ដាយខ្ញុំបានគំរាមសម្លាប់ខ្ញុំបើខ្ញុំទៅជាសាក្សីព្រះយេហូវ៉ា»។ នៅទីបំផុត បងថានយ៉ាបានត្រូវបណ្ដេញចេញពីផ្ទះ។ តើគាត់មានប្រតិកម្មយ៉ាងណា? គាត់និយាយថា៖ «ខ្ញុំបានផ្ដោតអារម្មណ៍ទៅលើភាពសប្បាយរីករាយដែលខ្ញុំនឹងមានជារៀងរហូត ដោយសារខ្ញុំសម្រេចចិត្តរក្សាចិត្តស្មោះឥតងាករេចំពោះព្រះ។ ខ្ញុំក៏បានគិតអំពីរបៀបដែលព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ដល់ខ្ញុំ នៅក្នុងពិភពលោកថ្មីចំពោះអ្វីណាក៏ដោយដែលខ្ញុំបាត់បង់នៅក្នុងរបៀបរបបនេះ ហើយថារឿងអាក្រក់ទាំងអស់នឹងមិននឹកចាំទៀតទេ»។ បងថានយ៉ាបានរក្សាចិត្តស្មោះឥតងាករេ ហើយដោយមានជំនួយពីព្រះយេហូវ៉ា គាត់បានរកឃើញកន្លែងស្នាក់នៅ។ សព្វថ្ងៃនេះ គាត់បានរៀបការជាមួយបងប្រុសដ៏ស្មោះត្រង់ម្នាក់ ហើយពួកគេបម្រើយ៉ាងសប្បាយជាមួយគ្នានៅក្នុងកិច្ចបម្រើពេញពេល។
ចូរពង្រឹងទំនុកចិត្តរបស់អ្នកលើព្រះយេហូវ៉ានៅសព្វថ្ងៃនេះ
១៦. តើអ្វីនឹងជួយយើងឲ្យរក្សាចិត្តក្លាហានពេលយើងឃើញព្រឹត្តិការណ៍ដែលបានត្រូវប្រាប់ទុកជាមុននៅលូកា ២១:២៦-២៨?
១៦ ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង មនុស្សជាទូទៅនឹង«សន្លប់បាត់ស្មារតីដោយសារភ័យខ្លាច»។ ប៉ុន្តែរាស្ត្ររបស់ព្រះយេហូវ៉ានឹងនៅមាំមួន ហើយមានចិត្តក្លាហាន។ (សូមអាន លូកា ២១:២៦-២៨) ហេតុអ្វីយើងនឹងមានចិត្តក្លាហាន? ដោយសារយើងបានរៀនឲ្យទុកចិត្តព្រះយេហូវ៉ារួចហើយ។ បងថានយ៉ាដែលបានត្រូវលើកឡើងនៅខាងលើនិយាយថា បទពិសោធន៍នៅអតីតកាលជួយគាត់ឲ្យប្រឈមមុខនឹងស្ថានភាពពិបាកឯទៀតនៅសព្វថ្ងៃ។ គាត់ថា៖ «ខ្ញុំបានរៀនថាព្រះយេហូវ៉ាអាចជួយយើងឲ្យស៊ូទ្រាំនឹងស្ថានភាពណាក៏ដោយ ហើយលោកនឹងឲ្យពរយើង។ ជួនកាលមើលទៅអ្នកឯទៀតកំពុងកាន់កាប់អ្វីៗ ប៉ុន្តែតាមពិតពួកគេអាចមានអំណាចខ្លាំងប៉ុណ្ណាតាមដែលព្រះយេហូវ៉ាអនុញ្ញាតប៉ុណ្ណោះ។ ណាមួយទៀត ទោះជាទុក្ខលំបាកប្រហែលជាពិបាកយ៉ាងណាក្ដី វានឹងមានទីបញ្ចប់»។
១៧. តើបទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០២៤នឹងជួយយើងយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅក្រប)
១៧ សព្វថ្ងៃនេះ មានអ្វីជាច្រើនដែលអាចធ្វើឲ្យយើងភ័យខ្លាច។ ប៉ុន្តែដូចដាវីឌ យើងមិនព្រមឲ្យការភ័យខ្លាចគ្រប់គ្រងលើយើងទេ។ បទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០២៤គឺជាសេចក្ដីអធិដ្ឋានរបស់ដាវីឌទៅព្រះយេហូវ៉ា ដែលថា៖ «ពេលដែលខ្ញុំភ័យខ្លាច ខ្ញុំទុកចិត្តលោក»។ (ចសព. ៥៦:៣) សូមកត់សម្គាល់អ្វីដែលបណ្ឌិតខាងគម្ពីរម្នាក់និយាយអំពីខនេះថា ដាវីឌ«មិនតែងតែគិតអំពីអ្វីដែលធ្វើឲ្យគាត់ភ័យខ្លាចឬបញ្ហារបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់ពឹងផ្អែកទៅលើបុគ្គលដែលនឹងសង្គ្រោះគាត់»។ សូមគិតអំពីបទគម្ពីរប្រចាំឆ្នាំរបស់យើងនៅខែបន្ដបន្ទាប់ ជាពិសេសពេលប្រឈមមុខនឹងស្ថានភាពដែលធ្វើឲ្យភ័យខ្លាច។ សូមលៃទុកពេលរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាធ្វើនៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ យ៉ាងនេះ ដូចដាវីឌ អ្នកអាចប្រកាសថា៖ «ខ្ញុំទុកចិត្តព្រះ ដូច្នេះខ្ញុំមិនខ្លាចឡើយ»។—ចសព. ៥៦:៤
តើតាមរបៀបណាអ្នកអាចយកឈ្នះការភ័យខ្លាចដោយរំពឹងគិតអំពី . . .
-
អ្វីដែលព្រះយេហូវ៉ាបានធ្វើរួចហើយ?
-
អ្វីដែលព្រះយេហូវ៉ាកំពុងធ្វើនៅឥឡូវនេះ?
-
អ្វីដែលព្រះយេហូវ៉ានឹងធ្វើនៅថ្ងៃអនាគត?
ចម្រៀងលេខ៣៣ ចូរផ្ទេរបន្ទុកទៅលើព្រះយេហូវ៉ា
a អ្នកអាចរកឃើញព័ត៌មានដែលពង្រឹងជំនឿនៅគេហទំព័រjw.org/km ដោយវាយពាក្យ«ចូរយកតម្រាប់ជំនឿរបស់ពួកគាត់» ឬ«បទពិសោធន៍»ក្នុងប្រអប់ស្វែងរក។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
c សូមមើលសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំ.៧ វ.១៣-២២។
d ការពណ៌នាអំពីរូបភាព៖ ដាវីឌបានរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពឲ្យគាត់សម្លាប់សត្វខ្លាឃ្មុំ កំពុងផ្ដល់ជំនួយដល់គាត់តាមរយៈអាហ៊ីម៉ាឡិច ហើយនឹងតែងតាំងគាត់ជាស្ដេច។
e ការពណ៌នាអំពីរូបភាព៖ បងប្រុសម្នាក់ដែលជាប់គុកដោយសារជំនឿ រំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយគាត់ឲ្យផ្ដាច់បារី របៀបដែលលោកកំពុងលើកទឹកចិត្តគាត់តាមរយៈសំបុត្រពីបុគ្គលជាទីស្រឡាញ់ ហើយរបៀបដែលលោកនឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់គាត់ក្នុងសួនឧទ្យាននៅថ្ងៃខាងមុខ។