លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២

ចម្រៀង​លេខ​១៩ អាហារ​ល្ងាច​របស់​លោក​ម្ចាស់

តើអ្នកត្រៀមខ្លួនសម្រាប់ថ្ងៃដ៏សំខាន់បំផុតប្រចាំឆ្នាំហើយឬនៅ?

តើអ្នកត្រៀមខ្លួនសម្រាប់ថ្ងៃដ៏សំខាន់បំផុតប្រចាំឆ្នាំហើយឬនៅ?

«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ​»។លូក. ២២:១៩

ចំណុច​ផ្ដោត

សូម​គិត​អំពី​មូលហេតុ​ដែល​ពិធី​រំលឹក​គឺ​សំខាន់​ណាស់ របៀប​ដែល​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​ពិធី​នោះ និង​របៀប​ដែល​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម។

១. ហេតុ​អ្វី​ពិធី​រំលឹក​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​ប្រចាំ​ឆ្នាំ? (​លូកា ២២:១៩, ២០​)

 ចំពោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​ប្រចាំ​ឆ្នាំ។ មាន​តែ​ពិធី​នោះ​ប៉ុណ្ណោះ​ដែល​លោក​យេស៊ូ​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ។ (​សូម​អាន លូកា ២២:១៩, ២០) យើង​ទន្ទឹង​រង់​ចាំ​ពិធី​រំលឹក​ដោយ​សារ​មូលហេតុ​មួយ​ចំនួន។ សូម​យើង​ពិចារណា​មូលហេតុ​ទាំង​នោះ​ខ្លះ។

២. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​ទន្ទឹង​រង់​ចាំ​ពិធី​រំលឹក?

ពិធី​រំលឹក​ជួយ​យើង​ឲ្យ​រំពឹង​គិត​អំពី​តម្លៃ​នៃ​ថ្លៃ​លោះ។ ពិធី​នេះ​រំលឹក​យើង​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ (​២កូ. ៥:១៤, ១៥​) នេះ​ក៏​ផ្ដល់​ឱកាស​ឲ្យ​យើង​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ផង​ដែរ។ (​រ៉ូម ១:១២​) រាល់​ឆ្នាំ បង​ប្អូន​អសកម្ម​ជា​ច្រើន​នាក់​ចូល​រួម​ពិធី​នេះ។ អ្នក​ខ្លះ​ថែម​ទាំង​ចង់​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ ដោយ​សារ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ដែល​ពួក​គេ​ទទួល។ ម្យ៉ាង​ទៀត អ្នក​ចាប់​អារម្មណ៍​ជា​ច្រើន​នាក់​ចង់​ចាប់​ផ្ដើម​ដើរ​នៅ​លើ​ផ្លូវ​ទៅ​ឯ​ជីវិត ដោយ​សារ​អ្វី​ដែល​ពួក​គេ​ឃើញ​និង​ឮ។ អ្វី​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​ពិធី​រំលឹក​ពិសេស​ខ្លាំង​ណាស់​ចំពោះ​យើង!

៣. តើ​ពិធី​រំលឹក​ធ្វើ​ឲ្យ​យើង​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

សូម​គិត​ផង​ដែរ​អំពី​របៀប​ដែល​ពិធី​រំលឹក​ធ្វើ​ឲ្យ​យើង​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ទូ​ទាំង​ពិភព​លោក។ សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​រំលឹក កាល​ដែល​ថ្ងៃ​លិច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ យើង​ទាំង​អស់​គ្នា​ស្ដាប់​សុន្ទរកថា​ដែល​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ថ្លៃ​លោះ។ យើង​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​ពីរ​បទ ហុច​វត្ថុ​តំណាង និង​និយាយ​យ៉ាង​អស់​ពី​ចិត្ត​ថា​«​អាមេន​»​ចំពោះ​សេចក្ដី​អធិដ្ឋាន​បួន។ ក្នុង​រយៈ​ពេល​២៤​ម៉ោង ក្រុម​ជំនុំ​ទាំង​អស់​នឹង​បាន​ត្រូវ​ធ្វើ​តាម​លំនាំ​ដូច​គ្នា។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​អំណរ​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ច្បាស់​ជា​មាន ពេល​ឃើញ​យើង​រួប​រួម​គ្នា​សរសើរ​តម្កើង​លោក​ទាំង​ពីរ​តាម​របៀប​នេះ​ឬ​ទេ?

ពិធី​រំលឹក​ធ្វើ​ឲ្យ​យើង​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក ​(​សូម​មើល​វគ្គ​៣​)​ f


៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​យើង​អាច​ត្រៀម​ចិត្ត​សម្រាប់​ពិធី​រំលឹក​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​ពិធី​នោះ? ម្យ៉ាង​ទៀត តើ​យើង​អាច​ជួយ​ពួក​អ្នក​អសកម្ម​យ៉ាង​ដូច​ម្ដេច? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ពិធី​ដ៏​ពិសិដ្ឋ​នេះ។

តើ​យើង​អាច​ត្រៀម​ចិត្ត​សម្រាប់​ពិធី​រំលឹក​យ៉ាង​ដូច​ម្ដេច?

៥. (​ក​) ហេតុ​អ្វី​យើង​គួរ​រំពឹង​គិត​អំពី​តម្លៃ​នៃ​ថ្លៃ​លោះ? (​ចម្រៀង​សរសើរ​ព្រះ ៤៩:៧, ៨​) (​ខ​)​ តើ​អ្នក​រៀន​អ្វី​ពី​វីដេអូ​ហេតុ​អ្វី​លោក​យេស៊ូ​បាន​ស្លាប់?

របៀប​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​ត្រៀម​ចិត្ត​សម្រាប់​ពិធី​រំលឹក គឺ​ដោយ​រំពឹង​គិត​អំពី​តម្លៃ​នៃ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។ គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រំដោះ​ខ្លួន​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ទេ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤៩:៧, ៨; សូម​មើល​ផង​ដែរ​នូវ​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា ហេតុ​អ្វី​លោក​យេស៊ូ​បាន​ស្លាប់?​)​ a ដូច្នេះ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​លោក​យេស៊ូ​ផ្ដល់​ជីវិត​ខ្លួន​ដើម្បី​សង្គ្រោះ​យើង។ ទាំង​ព្រះ​យេហូវ៉ា​ទាំង​លោក​យេស៊ូ​បាន​ធ្វើ​ការ​លះ​បង់​ដ៏​ធំ​ធេង។ (​រ៉ូម ៦:២៣​) កាល​ដែល​យើង​កាន់​តែ​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​លះ​បង់​ដើម្បី​យើង យើង​នឹង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​ថ្លៃ​លោះ។ យើង​នឹង​ពិចារណា​អំពី​អ្វី​ដ៏​ពិបាក​មួយ​ចំនួន​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​សុខ​ចិត្ត​ធ្វើ​ដើម្បី​យើង។ ប៉ុន្តែ​ដំបូង​យើង​នឹង​ពិចារណា​ថា តើ​ថ្លៃ​លោះ​រួម​បញ្ចូល​អ្វី?

៦. តើ​ថ្លៃ​លោះ​រួម​បញ្ចូល​អ្វី?

ថ្លៃ​លោះ​គឺ​ជា​តម្លៃ​ដែល​បាន​ត្រូវ​បង់​ដើម្បី​ទិញ​អ្វី​មួយ​មក​វិញ។ បុរស​ដំបូង​ឈ្មោះ​អាដាម​គឺ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ពេល​គាត់​បាន​ត្រូវ​បង្កើត​មក។ ប៉ុន្តែ ពេល​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គាត់​បាន​បាត់​បង់​ឱកាស​រស់​ជា​រៀង​រហូត មិន​គ្រាន់​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ​ទេ តែ​នោះ​ក៏​នាំ​ឲ្យ​កូន​របស់​គាត់​ទាំង​អស់​បាត់​បង់​ឱកាស​នោះ​ដែរ។ ដើម្បី​ទិញ​អ្វី​ដែល​អាដាម​បាន​បាត់​បង់​មក​វិញ លោក​យេស៊ូ​បាន​ជូន​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​ជា​គ្រឿង​បូជា។ អស់​មួយ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​«​មិន​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សោះ ក៏​មិន​ដែល​មាន​ពាក្យ​បោក​បញ្ឆោត​ចេញ​ពី​មាត់​លោក​ដែរ​»។ (​១ពេ. ២:២២​) នៅ​ពេល​លោក​យេស៊ូ​ទទួល​មរណភាព ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​មាន​តម្លៃ​ស្មើ​គ្នា​បេះ​បិទ​នឹង​ជីវិត​ដែល​អាដាម​បាន​បាត់​បង់។—១កូ. ១៥:៤៥; ១ធី. ២:៦

៧. តើ​លោក​យេស៊ូ​បាន​ជួប​ការ​ពិបាក​អ្វី​ខ្លះ​កាល​ដែល​នៅ​ផែន​ដី?

ពេល​នៅ​ផែន​ដី លោក​យេស៊ូ​បាន​បន្ត​ស្ដាប់​បង្គាប់​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​យ៉ាង​ល្អ​ឥត​ខ្ចោះ ទោះ​ជា​នៅ​ពេល​ពិបាក​ឲ្យ​ធ្វើ​ដូច្នេះ​ក្ដី។ កាល​ដែល​នៅ​ក្មេង លោក​យេស៊ូ​ត្រូវ​ចុះ​ចូល​ក្រោម​អំណាច​របស់​ឪពុក​ម្ដាយ​លោក​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ទោះ​ជា​លោក​បាន​កើត​មក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក្ដី។ (​លូក. ២:៥១​) កាល​ដែល​នៅ​វ័យ​ជំទង់ លោក​ត្រូវ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត​ដែល​ប្រហែល​ជា​ចង់​ឲ្យ​លោក​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ឬ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត កាល​ដែល​ពេញ​វ័យ លោក​យេស៊ូ​ត្រូវ​ទប់​ទល់​នឹង​ការ​ល្បួង​ពី​មេ​កំណាច​សាថាន រួម​ទាំង​ការ​វាយ​ប្រហារ​ចំ​ៗ​លើ​ភក្ដី​ភាព​របស់​លោក​ចំពោះ​ព្រះ។ (​ម៉ាថ. ៤:១​-​១១​) សាថាន​បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​លោក​យេស៊ូ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដើម្បី​លោក​មិន​អាច​បង់​ថ្លៃ​លោះ។

៨. តើ​លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​ផ្សេង​ទៀត​អ្វី?

ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​ផ្សេង​ទៀត។ លោក​បាន​ជួប​ការ​បៀតបៀន​និង​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​លោក។ (​លូក. ៤:២៨, ២៩; ១៣:៣១​) លោក​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​អ្នក​កាន់​តាម​លោក។ (​ម៉ាក. ៩:៣៣, ៣៤​) ពេល​លោក​ត្រូវ​គេ​វិនិច្ឆ័យ​ក្ដី លោក​បាន​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​និង​ចំអក​មើល​ងាយ។ បន្ទាប់​មក លោក​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​តាម​របៀប​ដ៏​ឈឺ​ចាប់​និង​គួរ​ឲ្យ​អាម៉ាស់​យ៉ាង​ខ្លាំង។ (​ហេ. ១២:១​-​៣​) លោក​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ផ្នែក​ចុង​ក្រោយ​នៃ​ទុក្ខ​លំបាក​របស់​លោក​ដោយ​ខ្លួន​លោក​ផ្ទាល់ ពោល​គឺ​ដោយ​មិន​មាន​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា។ bម៉ាថ. ២៧:៤៦

៩. តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​លះ​បង់​របស់​លោក​យេស៊ូ? (​ពេត្រុស​ទី១ ១:៨​)

លោក​យេស៊ូ​ពិត​ជា​បាន​រង​ទុក្ខ​ជា​ច្រើន​ដើម្បី​ផ្ដល់​ថ្លៃ​លោះ។ យើង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​លោក​យេស៊ូ ពេល​យើង​រំពឹង​គិត​អំពី​របៀប​ដែល​លោក​សុខ​ចិត្ត​លះ​បង់​អ្វី​ជា​ច្រើន​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង មែន​ទេ?—សូម​អាន ពេត្រុស​ទី១ ១:៨

១០. តើ​ព្រះ​យេហូវ៉ា​លះ​បង់​អ្វី​ដើម្បី​ផ្ដល់​ថ្លៃ​លោះ?

១០ ចុះ​យ៉ាង​ណា​ព្រះ​យេហូវ៉ា​វិញ? តើ​លោក​សុខ​ចិត្ត​លះ​បង់​អ្វី​ដើម្បី​លោក​យេស៊ូ​អាច​បង់​ថ្លៃ​លោះ? ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​ដែល​អាច​មាន​រវាង​ឪពុក​និង​កូន។ (​សុភ. ៨:៣០​) យ៉ាង​នេះ សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ពេល​ដែល​លោក​ឃើញ​លោក​យេស៊ូ​កំពុង​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ជា​ច្រើន​កាល​ដែល​នៅ​ផែន​ដី។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​អារម្មណ៍​ឈឺ​ចាប់​ជា​ខ្លាំង ពេល​ឃើញ​បុត្រ​របស់​លោក​ត្រូវ​គេ​ធ្វើ​បាប មិន​ព្រម​ទទួល​ស្គាល់ និង​រង​ទុក្ខ​វេទនា។

១១. សូម​លើក​ឧទាហរណ៍​ដើម្បី​បង្ហាញ​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ពេល​លោក​យេស៊ូ​បាន​ត្រូវ​គេ​ប្រហារ​ជីវិត។

១១ ឪពុក​ម្ដាយ​ដែល​បាត់​បង់​កូន​ក្នុង​សេចក្ដី​ស្លាប់​យល់​ច្បាស់​អំពី​អារម្មណ៍​កើត​ទុក្ខ​ជា​ខ្លាំង​ដែល​មក​ពី​ការ​បាត់​បង់​កូន។ យើង​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ប៉ុន្តែ​នេះ​មិន​បំបាត់​អារម្មណ៍​ឈឺ​ចាប់​ដែល​យើង​មាន​ពេល​បុគ្គល​ជា​ទី​ស្រឡាញ់​ស្លាប់​ឡើយ។ ឧទាហរណ៍​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​អារម្មណ៍​ដែល​ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​ពេល​លោក​ឃើញ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​រង​ទុក្ខ​និង​ស្លាប់​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស។ cម៉ាថ. ៣:១៧

១២. តើ​យើង​អាច​ធ្វើ​អ្វី​ក្នុង​ប៉ុន្មាន​សប្ដាហ៍​មុន​ពិធី​រំលឹក?

១២ ក្នុង​រយៈ​ពេល​ចាប់​ពី​ឥឡូវ​នេះ​ដល់​ពិធី​រំលឹក សូម​សិក្សា​ផ្ទាល់​ខ្លួន​ឬ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្លៃ​លោះ។ សូម​ប្រើ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា ឬ​សៀវភៅ​ផ្សេង​ទៀត​ដើម្បី​រក​ឃើញ​ព័ត៌មាន​ថែម​ទៀត​អំពី​ថ្លៃ​លោះ។ d ម្យ៉ាង​ទៀត សូម​ធ្វើឲ្យប្រាកដ​ថា​អ្នក​ធ្វើ​តាម​កាល​វិភាគ​អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​ដែល​មាន​នៅ​ក្នុង​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ។ មួយ​វិញ​ទៀត នៅ​ថ្ងៃ​ពិធី​រំលឹក សូម​កុំ​ភ្លេច​មើល​កម្ម​វិធី​គោរព​ប្រណិប័តន៍​ពេល​ព្រឹក​ពិសេស។ ពេល​យើង​ត្រៀម​ចិត្ត​សម្រាប់​ពិធី​រំលឹក យើង​នឹង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​កម្ម​វិធី​នោះ​ដែរ។—អែស. ៧:១០

ចូរ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍

១៣. តើ​អ្វី​ជា​ជំហាន​ដំបូង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​ពិធី​រំលឹក?

១៣ តើ​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​ពិធី​រំលឹក​តាម​របៀប​ណា? ដំបូង គឺ​ដោយ​អញ្ជើញ​ពួក​គេ។ ក្រៅ​ពី​ទាក់​ទង​ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ធម្មតា យើង​អាច​ធ្វើ​បញ្ជី​មួយ​អំពី​មនុស្ស​ដែល​យើង​ចង់​អញ្ជើញ។ បុគ្គល​ទាំង​នេះ​អាច​រួម​មាន​សាច់​ញាតិ​របស់​យើង អ្នក​រួម​ការ​ងារ សិស្ស​រួម​ថ្នាក់ និង​អ្នក​ឯ​ទៀត។ ទោះ​ជា​យើង​មិន​មាន​លិខិត​អញ្ជើញ​គ្រប់​គ្រាន់​ក្ដី យើង​អាច​ផ្ញើ​តំណ​ភ្ជាប់​លិខិត​អញ្ជើញ​ជា​ឯកសារ​អេឡិចត្រូនិក។ យើង​មិន​ដឹង​ថា​នឹង​មាន​មនុស្ស​ច្រើន​យ៉ាង​ណា​ចូល​រួម​នោះ​ទេ។—អទ. ១១:៦

១៤. សូម​លើក​ឧទាហរណ៍​ដែល​បង្ហាញ​ថា​ការ​អញ្ជើញ​ដោយ​ផ្ទាល់​មាន​ប្រសិទ្ធភាព។

១៤ សូម​កុំ​មើល​ស្រាល​ឥទ្ធិពល​នៃ​ការ​អញ្ជើញ​អ្នក​ណា​ម្នាក់​ឲ្យ​មក​ពិធី​រំលឹក។ នៅ​ថ្ងៃ​មួយ បង​ស្រី​ម្នាក់​ដែល​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មិន​កាន់​សាសនា​ដូច​គ្នា​បាន​ភ្ញាក់​ផ្អើល ពេល​ប្ដី​បាន​ប្រាប់​នាង​ដោយ​មាន​មោទនភាព​ថា គាត់​នឹង​ទៅ​ពិធី​រំលឹក​ជា​មួយ​នាង។ ហេតុ​អ្វី​បង​ស្រី​នោះ​ភ្ញាក់​ផ្អើល? ពីព្រោះ​ពី​មុន​អស់​ជា​ច្រើន​ដង បង​ស្រី​នោះ​បាន​លើក​ទឹក​ចិត្ត​ប្ដី​ឲ្យ​ចូល​រួម ប៉ុន្តែ​គាត់​មិន​ដែល​ទៅ​ទេ។ តើ​មាន​អ្វី​ខុស​គ្នា​នៅ​លើក​នេះ? ប្ដី​នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​ការ​អញ្ជើញ​ដោយ​ផ្ទាល់​»​ ហើយ​ពន្យល់​ថា​អ្នក​ចាស់​ទុំ​ដែល​គាត់​ធ្លាប់​ស្គាល់​នៅ​តំបន់​នោះ​បាន​អញ្ជើញ​គាត់។ ប្ដី​នោះ​បាន​ចូល​រួម​នៅ​ឆ្នាំ​នោះ ហើយ​ក៏​បាន​ចូល​រួម​អស់​ជា​ច្រើន​ឆ្នាំ​បន្ទាប់​មក​ដែរ។

១៥. តើ​យើង​ចង់​ចាំ​អ្វី​ពេល​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ពិធី​រំលឹក?

១៥ សូម​ចាំ​ថា​ពួក​អ្នក​ដែល​យើង​អញ្ជើញ​ប្រហែល​ជា​មាន​សំណួរ​ផ្សេង​ៗ ជា​ពិសេស​បើ​ពួក​គេ​មិន​ដែល​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង។ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​សំណួរ​ដែល​ពួក​គេ​ប្រហែល​ជា​មាន ហើយ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នោះ។ (​កូឡ. ៤:៦​) ជា​ឧទាហរណ៍ អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​អ្វី​នឹង​កើត​ឡើង​នៅ​កម្ម​វិធី​នោះ?› ‹តើ​កម្ម​វិធី​នោះ​មាន​រយៈ​ពេល​ប៉ុន្មាន?› ‹តើ​ខ្ញុំ​គួរ​ស្លៀក​ពាក់​បែប​ណា?› ‹តើ​ខ្ញុំ​ត្រូវ​បង់​លុយ​ដើម្បី​ចូល​រួម​ឬ​ទេ?› ‹តើ​នឹង​មាន​ការ​រៃ​អង្គាស​លុយ​ឬ?›។ ពេល​អញ្ជើញ​បុគ្គល​ណា​ម្នាក់​ឲ្យ​ចូល​រួម​ពិធី​រំលឹក យើង​អាច​សួរ​ថា ​«​តើ​បង​មាន​សំណួរ​ណា​ទេ?​»​ ហើយ​ក្រោយ​មក​ឆ្លើយ​សំណួរ​ណា​ដែល​គាត់​មាន។ យើង​ក៏​អាច​ប្រើ​វីដេអូ​ចូរ​នឹក​ចាំ​មរណភាព​លោក​យេស៊ូ និង​តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? ដើម្បី​ជួយ​បុគ្គល​នោះ​ឲ្យ​យល់​អំពី​របៀប​ដែល​កិច្ច​ប្រជុំ​របស់​យើង​បាន​ត្រូវ​ធ្វើ​ឡើង។ ម្យ៉ាង​ទៀត មេ​រៀន​ទី​២៨​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! មាន​ចំណុច​ល្អ​ជា​ច្រើន​ដែល​យើង​អាច​ប្រាប់​ពួក​គេ។

១៦. តើ​ពួក​អ្នក​ដែល​ចូល​រួម​ពិធី​រំលឹក​ប្រហែល​ជា​មាន​សំណួរ​អ្វី​ខ្លះ​ទៀត?

១៦ ក្រោយ​ពី​ពួក​អ្នក​ចាប់​អារម្មណ៍​ថ្មី​ចូល​រួម​ពិធី​រំលឹក ពួក​គេ​ប្រហែល​ជា​មាន​សំណួរ​ថែម​ទៀត។ ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​គ្មាន​អ្នក​ណា​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ? ឬ​ហេតុ​អ្វី​មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​បាន​ធ្វើ​ដូច្នេះ? ពួក​គេ​ក៏​ប្រហែល​ជា​ឆ្ងល់​ថា តើ​យើង​ធ្វើ​ពិធី​រំលឹក​ញឹក​ញាប់​ប៉ុណ្ណា? ម្យ៉ាង​ទៀត ពួក​គេ​ប្រហែល​ជា​ចង់​ដឹង​ថា តើ​កិច្ច​ប្រជុំ​ទាំង​អស់​របស់​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ធ្វើ​ឡើង​ដូច​នេះ​ឬ​ទេ? ទោះ​ជា​ចំណុច​ជា​ច្រើន​ទាំង​នេះ​បាន​ត្រូវ​ពិគ្រោះ​ក្នុង​អំឡុង​សុន្ទរកថា​សម្រាប់​ពិធី​រំលឹក​ក្ដី ពួក​អ្នក​ថ្មី​ប្រហែល​ជា​ត្រូវ​ការ​ការ​ពន្យល់​ថែម​ទៀត។ អត្ថបទ​នៅ​គេហទំព័រ​jw.org/km​ដែល​មាន​ចំណង​ជើង​ថា ​«​ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ខុស​ពី​របៀប​ដែល​សាសនា​ឯ​ទៀត​ធ្វើ?​»​ អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​សំណួរ​ខ្លះ​របស់​ពួក​គេ។ យើង​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​អាច​ធ្វើ​បាន មុន ក្នុង​អំឡុង និង​ក្រោយ​ពិធី​រំលឹក​ដើម្បី​ជួយ​ពួក​អ្នក​ដែល​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​»​ឲ្យ​ទទួល​ប្រយោជន៍​ពី​កម្ម​វិធី​នេះ។—សកម្ម. ១៣:៤៨

ចូរ​ជួយ​ពួក​អ្នក​អសកម្ម

១៧. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​ពួក​អ្នក​ដែល​អសកម្ម​តាម​របៀប​ណា? (​អេសេគាល ៣៤:១២, ១៦​)

១៧ ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​ពួក​អ្នក​ដែល​អសកម្ម​តាម​របៀប​ណា? សូម​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​កក់​ក្ដៅ​ចំពោះ​ពួក​គេ។ (​សូម​អាន អេសេគាល ៣៤:១២, ១៦) មុន​ពិធី​រំលឹក សូម​ប្រាកដ​ថា​អ្នក​ទាក់​ទង​ទៅ​ពួក​គេ​ជា​ច្រើន​នាក់​តាម​ដែល​អាច​ធ្វើ​បាន។ សូម​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​អ្នក​ទាំង​នោះ​ថា អ្នក​ស្រឡាញ់​ពួក​គេ​និង​ចង់​ជួយ​ពួក​គេ។ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ពិធី​រំលឹក។ បើ​ពួក​គេ​ចូល​រួម សូម​ស្វាគមន៍​ពួក​គេ​យ៉ាង​កក់​ក្ដៅ។ ក្រោយ​ពី​ពិធី​រំលឹក សូម​បន្ត​ទៅ​ជួប​ឬ​ទូរស័ព្ទ​ទៅ​បង​ប្អូន​ជា​ទី​ស្រឡាញ់​ទាំង​នេះ ហើយ​ផ្ដល់​ជំនួយ​ណា​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។—១ពេ. ២:២៥

១៨. តើ​យើង​ទាំង​អស់​គ្នា​អាច​ជួយ​ពួក​អ្នក​អសកម្ម​តាម​របៀប​ណា? (​រ៉ូម ១២:១០​)

១៨ បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​ពួក​អ្នក​អសកម្ម​ដែល​ចូល​រួម​ពិធី​រំលឹក។ តើ​តាម​របៀប​ណា? គឺ​ដោយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស និង​ការ​គោរព។ (​សូម​អាន រ៉ូម ១២:១០) សូម​ចាំ​ថា​ចៀម​ជា​ទី​ស្រឡាញ់​ទាំង​នេះ​ប្រហែល​ជា​បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ត្រឡប់​មក​កិច្ច​ប្រជុំ​វិញ។ ប្រហែល​ជា​ពួក​គេ​ខ្លាច​អំពី​អ្វី​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នឹង​និយាយ​ទៅ​កាន់​ពួក​គេ ឬ​និយាយ​អំពី​ពួក​គេ។ e ដូច្នេះ សូម​កុំ​សួរ​ពួក​គេ​នូវ​សំណួរ​ដែល​ប្រហែល​ជា​នាំ​ឲ្យ​ពួក​គេ​អៀន​ខ្មាស ឬ​កុំ​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត។ (​១ថែ. ៥:១១​) បង​ប្អូន​ទាំង​នេះ​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ យើង​សប្បាយ​គោរព​ប្រណិប័តន៍​ជា​មួយ​ពួក​គេ​ម្ដង​ទៀត!—ចសព. ១១៩:១៧៦; សកម្ម. ២០:៣៥

១៩. តើ​ការ​នឹក​ចាំ​អំពី​មរណភាព​របស់​លោក​យេស៊ូ​មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

១៩ យើង​អាច​យល់​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​រៀប​ចំ​ឲ្យ​យើង​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​ជា​រៀង​រាល់​ឆ្នាំ មែន​ទេ? ពេល​យើង​ធ្វើ​ដូច្នេះ យើង​ផ្ទាល់​និង​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍​ជា​ច្រើន។ (​អេ. ៤៨:១៧, ១៨​) យើង​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ យើង​បង្ហាញ​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ខ្លាំង​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ​សម្រាប់​យើង។ យើង​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​របៀប​ដែល​ពួក​គេ​ក៏​អាច​ទទួល​ពរ​ដែល​មក​ពី​ថ្លៃ​លោះ​ដែរ។ យ៉ាង​នេះ សូម​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក​ឆ្នាំ​នេះ ពោល​គឺ​ថ្ងៃ​ដ៏​សំខាន់​បំផុត​ប្រចាំ​ឆ្នាំ!

តើ​តាម​របៀប​ណា​យើង​អាច . . .

  • ត្រៀម​ចិត្ត​សម្រាប់​ពិធី​រំលឹក?

  • ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​ពិធី​នោះ?

  • ជួយ​ពួក​អ្នក​អសកម្ម?

ចម្រៀង​លេខ​១៨ ចូរ​ដឹង​គុណ​ព្រះ​សម្រាប់​ថ្លៃ​លោះ

a សូម​ប្រើ​ប្រអប់​ស្វែង​រក​នៅ​គេហទំព័រ​jw.org/km ដើម្បី​រក​ឃើញ​អត្ថបទ​និង​វីដេអូ​ដែល​បាន​ត្រូវ​លើក​ឡើង​ក្នុង​អត្ថបទ​នេះ។

b សូម​មើល​អត្ថបទ​«​សំណួរ​ពី​អ្នក​អាន​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា ឆ្នាំ​២០២១។

d សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ យោបល់​សម្រាប់​ស្រាវ​ជ្រាវ​»។

e សូម​មើល​រូប​ភាព​និង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​ក្រុម​ជំនុំ​មាន​ប្រតិកម្ម​យ៉ាង​ណា?​»​ បង​ប្រុស​ម្នាក់​ដែល​អសកម្ម​ស្ទាក់​ស្ទើរ​ចូល​សាល​ប្រជុំ ប៉ុន្តែ​គាត់​យក​ឈ្នះ​អារម្មណ៍​នោះ។ គាត់​បាន​ត្រូវ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ហើយ​សប្បាយ​នៅ​ជា​មួយ​បង​ប្អូន។

f ការ​ពណ៌នា​អំពី​រូប​ភាព​៖ ពេល​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​កន្លែង​មួយ​ធ្វើ​ពិធី​រំលឹក បង​ប្អូន​របស់​ពួក​គេ​ដែល​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​លើ​ផែន​ដី​កំពុង​រៀប​ចំ​និង​ត្រៀម​ខ្លួន​សម្រាប់​ពិធី​ដ៏​ពិសេស​នោះ។