តើអ្នកប្រព្រឹត្តទៅលើស្ត្រីដូចព្រះយេហូវ៉ាឬទេ?
យើងមានឯកសិទ្ធិបម្រើជាមួយបងប្អូនស្រីដ៏ស្មោះត្រង់ជាច្រើននាក់ ហើយយើងស្រឡាញ់និងឲ្យតម្លៃចំពោះបងប្អូនស្រី aម្នាក់ៗទាំងនេះដែលមានភក្ដីភាពនិងដែលធ្វើការយ៉ាងនឿយហត់! ដូច្នេះ បងប្អូនប្រុសទាំងឡាយ សូមព្យាយាមប្រព្រឹត្តទៅលើពួកគេដោយសប្បុរស យុត្តិធម៌ និងដោយការគោរព។ ប៉ុន្តែ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ជួនកាលយើងប្រហែលជាពិបាកធ្វើដូច្នេះ។ ម្យ៉ាងទៀត បងប្អូនប្រុសខ្លះប្រហែលជាមានអ្វីផ្សេងដែលធ្វើឲ្យពួកគេពិបាក។
បងប្អូនប្រុសខ្លះធំឡើងនៅវប្បធម៌ដែលបុរសជាច្រើនប្រព្រឹត្តទៅលើស្ត្រីតាមរបៀបអន់ជាង។ ជាឧទាហរណ៍ បងប្រុសហាន់ដែលជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅប្រទេសបូលីវីនិយាយថា៖ «បុរសខ្លះបានធំឡើងនៅវប្បធម៌ដែលលើកទឹកចិត្តពួកគេឲ្យប្រព្រឹត្តដោយក្អេងក្អាង។ បុរសទាំងនេះគិតថាពួកគេប្រសើរជាងស្ត្រី ហើយច្រើនតែប្រព្រឹត្តទៅលើស្ត្រីតាមរបៀបដែលមិនបង្ហាញការគោរព»។ បងសិងស៊ីយិនដែលជាអ្នកចាស់ទុំនៅតៃវ៉ាន់និយាយថា៖ «នៅកន្លែងដែលខ្ញុំរស់នៅ បុរសជាច្រើនមានអារម្មណ៍ថាស្ត្រីមិនគួរបញ្ចេញមតិទៅបុរសទេ។ បើបុរសលើកឡើងមតិរបស់ស្ត្រីណាម្នាក់អំពីអ្វីមួយ បុរសឯទៀតប្រហែលជាមើលងាយគាត់»។ រីឯបុរសឯទៀត បង្ហាញការរើសអើងចំពោះស្ត្រីតាមរបៀបផ្សេងទៀត។ ជាឧទាហរណ៍ ពួកគេប្រហែលជានិយាយកំប្លែងដែលបន្ទាបបន្ថោកស្ត្រី។
គួរឲ្យសប្បាយ មិនថាបុរសបានត្រូវធំឡើងក្នុងវប្បធម៌ណាក៏ដោយ គាត់អាចកែប្រែបាន។ គាត់អាចយកឈ្នះទស្សនៈថាបុរសប្រសើរជាងស្ត្រី។ (អេភ. ៤:២២-២៤) គាត់អាចធ្វើដូច្នេះបាន ដោយយកតម្រាប់ព្រះយេហូវ៉ា។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះស្ត្រី របៀបដែលបងប្អូនប្រុសអាចរៀនឲ្យចេះប្រព្រឹត្តទៅលើស្ត្រីដូចព្រះយេហូវ៉ា និងរបៀបដែលពួកអ្នកចាស់ទុំអាចនាំមុខក្នុងការបង្ហាញការគោរពចំពោះបងប្អូនស្រីជាគ្រិស្តសាសនិក។
តើព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងណាទៅលើស្ត្រី?
ព្រះយេហូវ៉ាទុកគំរូដ៏ល្អឥតខ្ចោះស្ដីអំពីរបៀបប្រព្រឹត្តទៅលើស្ត្រី។ ក្នុងនាមជាបិតាដែលមានសេចក្ដីអាណិតមេត្តា លោកស្រឡាញ់ក្រុមគ្រួសារមនុស្សជាតិរបស់លោក។ (យ៉ូន. ៣:១៦) ម្យ៉ាងទៀត បងប្អូនស្រីដ៏ស្មោះត្រង់ប្រៀបដូចជាកូនស្រីដ៏មានតម្លៃចំពោះលោក។ សូមពិចារណានៅខាងក្រោមនេះអំពីរបៀបដែលព្រះយេហូវ៉ាផ្ដល់កិត្តិយសដល់ស្ត្រី។
ដក. ១:២៧) លោកមិនបង្កើតបុរសឲ្យមានប្រាជ្ញាជាង ឬមានទេពកោសល្យជាងស្ត្រី ហើយលោកក៏មិនមែនចូលចិត្តបុរសជាងស្ត្រីដែរ។ (២ប្រ. ១៩:៧) លោកបានបង្កើតបុរសនិងស្ត្រីឲ្យមានសមត្ថភាពដូចគ្នាដើម្បីយល់សេចក្ដីពិតក្នុងគម្ពីរនិងមានគុណសម្បត្តិដ៏ថ្លៃថ្លាដូចលោក។ ព្រះយេហូវ៉ាក៏ឲ្យតម្លៃជំនឿរបស់បុរសនិងស្ត្រីស្មើគ្នា មិនថាពួកគេមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីជាសួនឧទ្យាន ឬបម្រើជាស្ដេចនិងសង្ឃនៅស្ថានសួគ៌ក្ដី។ (២ពេ. ១:១) ច្បាស់ណាស់ ព្រះយេហូវ៉ាមិនរើសអើងស្ត្រីទេ។
លោកប្រព្រឹត្តទៅលើពួកគេដោយមិនរើសមុខ។ ព្រះយេហូវ៉ាបានបង្កើតបុរសនិងស្ត្រីឲ្យមានភាពដូចលោក។ (លោកស្ដាប់ពួកគេ។ ព្រះយេហូវ៉ាចាប់អារម្មណ៍អំពីអារម្មណ៍និងការព្រួយបារម្ភរបស់ស្ត្រី។ ជាឧទាហរណ៍ លោកស្ដាប់និងធ្វើតាមសេចក្ដីអធិដ្ឋានរបស់រ៉ាជែលនិងហាណា។ (ដក. ៣០:២២; ១សាំ. ១:១០, ១១, ១៩, ២០) លោកក៏បានដឹកនាំអ្នកសរសេរគម្ពីរឲ្យរួមបញ្ចូលកំណត់ហេតុអំពីបុរសដែលស្ដាប់ស្ត្រីផងដែរ។ ជាឧទាហរណ៍ អាប្រាហាំបានធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាឲ្យស្ដាប់សារ៉ាដែលជាប្រពន្ធរបស់គាត់។ (ដក. ២១:១២-១៤) ស្ដេចដាវីឌបានស្ដាប់តាមអាប៊ីកែល។ តាមពិត គាត់មានអារម្មណ៍ថាព្រះយេហូវ៉ាគឺជាអ្នកចាត់អាប៊ីកែលឲ្យមកនិយាយជាមួយគាត់។ (១សាំ. ២៥:៣២-៣៥) លោកយេស៊ូដែលបង្ហាញគុណសម្បត្តិដូចបិតាលោកបេះបិទ បានស្ដាប់ម៉ារៀដែលជាម្ដាយរបស់លោក។ (យ៉ូន. ២:៣-១០) គំរូទាំងនេះបង្ហាញថារបៀបមួយដែលព្រះយេហូវ៉ាបង្ហាញការគោរពចំពោះស្ត្រីគឺដោយស្ដាប់ពួកគេ។
លោកទុកចិត្តពួកគេ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានទុកចិត្តអេវ៉ាឲ្យជួយថែរក្សាផែនដីទាំងមូល។ (ដក. ១:២៨) ដោយធ្វើដូច្នេះ លោកបានបង្ហាញថាលោកមិនចាត់ទុកនាងថាអន់ជាងអាដាមដែលជាប្ដីរបស់នាងទេ តែជាអ្នកជំនួយសម្រាប់ប្ដី។ ព្រះយេហូវ៉ាក៏បានទុកចិត្តអ្នកប្រកាសទំនាយដេបូរ៉ានិងហ៊ូលដាដើម្បីផ្ដល់យោបល់ដល់រាស្ត្រលោក រួមទាំងអ្នកសម្រេចក្ដីម្នាក់និងស្ដេចមួយរូបផងដែរ។ (អសក. ៤:៤-៩; ២បស. ២២:១៤-២០) សព្វថ្ងៃនេះ ព្រះយេហូវ៉ាទុកចិត្តស្ត្រីគ្រិស្តសាសនិកឲ្យបំពេញកិច្ចការរបស់លោក។ បងប្អូនស្រីដ៏ស្មោះត្រង់ទាំងនេះបម្រើជាអ្នកផ្សព្វផ្សាយ អ្នកត្រួសត្រាយ និងសាសនទូត។ ពួកគេជួយរចនាប្លង់ សាងសង់ និងថែទាំសាលប្រជុំ ព្រមទាំងអគារការិយាល័យសាខា។ ពួកគេខ្លះបម្រើនៅការិយាល័យសាខា រីឯខ្លះទៀតបម្រើនៅការិយាល័យបកប្រែ។ បងប្អូនស្រីទាំងនេះប្រៀបដូចជាកងទ័ពដ៏ធំមួយដែលព្រះយេហូវ៉ាប្រើដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ (ចសព. ៦៨:១១) ច្បាស់ណាស់ ព្រះយេហូវ៉ាមិនចាត់ទុកស្ត្រីថាខ្សោយឬគ្មានសមត្ថភាពទេ។
តើតាមរបៀបណាបងប្អូនប្រុសអាចរៀនឲ្យចេះប្រព្រឹត្តទៅលើស្ត្រីដូចព្រះយេហូវ៉ា?
បងប្អូនប្រុសទាំងឡាយ ដើម្បីដឹងថាយើងប្រព្រឹត្តទៅលើបងប្អូនស្រីគ្រិស្តសាសនិកដូចព្រះយេហូវ៉ាឬក៏យ៉ាងណា យើងត្រូវពិនិត្យពិចារណាដោយស្មោះអំពីរបៀបគិតគូរនិងការប្រព្រឹត្តរបស់ខ្លួន។ ដើម្បីធ្វើដូច្នេះ យើងត្រូវការជំនួយ។ ដូចម៉ាស៊ីនថតកាំរស្មី(x-ray)អាចពិនិត្យឃើញបញ្ហាក្នុងបេះដូងរបស់បុគ្គលណាម្នាក់ មិត្តល្អនិងបណ្ដាំរបស់ព្រះអាចជួយយើងឲ្យពិនិត្យឃើញទស្សនៈអវិជ្ជមានណាដែលយើងមានចំពោះស្ត្រីដែលកប់ជ្រៅនៅក្នុងចិត្ត។ តើយើងអាចធ្វើអ្វីដើម្បីទទួលជំនួយទាំងនេះ?
សូមសួរមិត្តល្អ។ (សុភ. ១៨:១៧) យើងអាចនិយាយជាមួយមិត្តសប្បុរសដែលយើងទុកចិត្ត និងដែលសមហេតុផល ហើយសួរគាត់សំណួរដូចជា៖ «តើបងគិតថាខ្ញុំប្រព្រឹត្តយ៉ាងណាចំពោះស្ត្រី? តើពួកគេដឹងថាខ្ញុំគោរពពួកគេឬទេ? តើមានអ្វីដែលខ្ញុំអាចធ្វើដើម្បីប្រព្រឹត្តទៅលើពួកគេល្អប្រសើរជាងទេ?»។ បើមិត្តរបស់អ្នកលើកបញ្ជាក់អំពីរបៀបខ្លះដែលអ្នកអាចរីកចម្រើន សូមកុំដោះសា។ ផ្ទុយទៅវិញ សូមសុខចិត្តធ្វើការកែប្រែដែលចាំបាច់។
ចូរសិក្សាបណ្ដាំរបស់ព្រះ។ របៀបល្អបំផុតមួយដើម្បីដឹងថាយើងប្រព្រឹត្តល្អទៅលើបងប្អូនស្រីឬក៏យ៉ាងណា គឺដោយប្រើបណ្ដាំរបស់ព្រះដើម្បីពិនិត្យមើលចិត្តគំនិតនិងការប្រព្រឹត្តរបស់យើង។ (ហេ. ៤:១២) កាលដែលយើងសិក្សាគម្ពីរ យើងរៀនអំពីបុរសដែលប្រព្រឹត្តល្អទៅលើស្ត្រី និងបុរសដែលមិនបានធ្វើដូច្នេះ។ រួចមក យើងអាចប្រៀបធៀបការប្រព្រឹត្តរបស់ពួកគេទៅនឹងការប្រព្រឹត្តរបស់យើង។ ម្យ៉ាងទៀត ការប្រៀបធៀបបទគម្ពីរផ្សេងៗអាចជួយយើងមិនឲ្យលើកខគម្ពីរតែមួយដើម្បីគាំទ្រទស្សនៈដែលយើងយល់ច្រឡំអំពីស្ត្រី។ ជាឧទាហរណ៍ ពេត្រុសទី១ ៣:៧ចែងថាប្រពន្ធគួរទទួលកិត្តិយសដោយសារគាត់ជា«ភាជនៈខ្សោយជាង»។ b តើនេះមានន័យថានាងអន់ជាង ពោលគឺមានប្រាជ្ញាតិចជាងឬសមត្ថភាពតិចជាងបុរសឬ? មិនមែនទាល់តែសោះ! សូមប្រៀបធៀបពាក្យរបស់ពេត្រុសទៅនឹងអ្វីដែលកាឡាទី ៣:២៦-២៩ចែង គឺថាព្រះយេហូវ៉ាបានជ្រើសរើសទាំងបុរសទាំងស្ត្រីឲ្យធ្វើជាអ្នកគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ ពេលយើងសិក្សាបណ្ដាំរបស់ព្រះនិងសួរមិត្តល្អឲ្យប្រាប់យើងអំពីអ្វីដែលគាត់បានកត់សម្គាល់ស្ដីអំពីរបៀបដែលយើងប្រព្រឹត្តទៅលើស្ត្រី យើងអាចរៀនអំពីរបៀបបង្ហាញការគោរពតាមរបៀបត្រឹមត្រូវចំពោះបងប្អូនស្រីរបស់យើង។
តើពួកអ្នកចាស់ទុំបង្ហាញការគោរពចំពោះបងប្អូនស្រីយ៉ាងដូចម្ដេច?
បងប្អូនប្រុសក្នុងក្រុមជំនុំក៏អាចរៀនឲ្យចេះប្រព្រឹត្តដោយការគោរពចំពោះបងប្អូនស្រី ដោយធ្វើតាមគំរូរបស់ពួកអ្នកចាស់ទុំដែលប្រកបដោយសេចក្ដីស្រឡាញ់។ តើពួកអ្នកចាស់ទុំនាំមុខក្នុងការបង្ហាញការគោរពចំពោះបងប្អូនស្រីតាមរបៀបណាខ្លះ? សូមពិចារណារបៀបខ្លះ។
ពួកគេសរសើរបងប្អូនស្រី។ សាវ័កប៉ូលទុកគំរូដ៏ល្អឲ្យពួកអ្នកចាស់ទុំធ្វើតាម។ គាត់បានសរសើរបងប្អូនស្រីមួយចំនួនជាសាធារណៈក្នុងសំបុត្រដែលគាត់សរសេរទៅកាន់ក្រុមជំនុំនាក្រុងរ៉ូម។ (រ៉ូម ១៦:១២) តើអ្នកអាចស្រមៃឃើញឬទេថាបងប្អូនស្រីទាំងនោះច្បាស់ជាមានអំណរយ៉ាងណាពេលសំបុត្ររបស់ប៉ូលបានត្រូវអានឲ្យក្រុមជំនុំស្ដាប់? ស្រដៀងគ្នាដែរ ពួកអ្នកចាស់ទុំសរសើរបងប្អូនស្រីឲ្យបានច្រើនចំពោះគុណសម្បត្តិដ៏ល្អប្រសើររបស់ពួកគេ និងកិច្ចការដែលពួកគេធ្វើដើម្បីព្រះយេហូវ៉ា។ នេះជួយបងប្អូនស្រីឲ្យដឹងថាក្រុមជំនុំគោរពនិងឲ្យតម្លៃពួកគេយ៉ាងខ្លាំង។ ពាក្យដ៏គួរឲ្យលើកទឹកចិត្តពីអ្នកចាស់ទុំប្រហែលជាចំនឹងអ្វីដែលបងប្អូនស្រីទាំងនេះត្រូវការ កាលដែលពួកគេបន្ដបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។—សុភ. ១៥:២៣
ពេលសរសើរបងប្អូនស្រី ពួកអ្នកចាស់ទុំសរសើរដោយស្មោះនិងចំៗ។ ហេតុអ្វី? បងស្រីម្នាក់ឈ្មោះជេស៊ីកានិយាយថា៖ «គឺជាការល្អពេលបងប្អូនប្រុសនិយាយទៅកាន់បងប្អូនស្រីថា៖ ‹ធ្វើបានល្អណាស់!›។ ប៉ុន្តែ យើងកាន់តែទទួលការលើកទឹកចិត្តពេលបងប្អូនប្រុសសរសើរយើងចំពោះអ្វីចំៗ ដូចជាការបង្រៀនកូនឲ្យអង្គុយស្ងៀមនៅកិច្ចប្រជុំ ឬការជួយឌុបសិស្សគម្ពីរទៅកិច្ចប្រជុំ»។ ពេលពួកអ្នកចាស់ទុំសរសើរបងប្អូនស្រីយ៉ាងចំៗ ពួកគេធ្វើឲ្យបងប្អូនស្រីមានអារម្មណ៍ថាក្រុមជំនុំត្រូវការនិងឲ្យតម្លៃពួកគេ។
ពួកគេស្ដាប់បងប្អូនស្រី។ ពួកអ្នកចាស់ទុំដែលមានចិត្តរាបទាបទទួលស្គាល់ថាមិនមែនមានតែពួកគេប៉ុណ្ណោះដែលមានគំនិតល្អទេ។ ពួកអ្នកចាស់ទុំបែបនេះសុំបងប្អូនស្រីឲ្យបញ្ចេញមតិយោបល់ ហើយពួកគេស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលបងប្អូនស្រីនិយាយ។ ដោយធ្វើដូច្នេះ ពួកអ្នកចាស់ទុំលើកទឹកចិត្តបងប្អូនស្រី ហើយពួកគេផ្ទាល់ទទួលប្រយោជន៍។ តើតាមរបៀបណា? អ្នកចាស់ទុំម្នាក់ឈ្មោះហេរ៉ាដូដែលបម្រើនៅបេតអែល និយាយថា៖ «ខ្ញុំបានឃើញថាការសុំមតិយោបល់ពីបងប្អូនស្រីជួយខ្ញុំឲ្យធ្វើកិច្ចការរបស់ខ្ញុំដោយមានប្រសិទ្ធភាពជាង។ បងប្អូនស្រីច្រើនតែបានធ្វើកិច្ចការនោះយូរជាងបងប្អូនប្រុសភាគច្រើន»។ ក្នុងក្រុមជំនុំ បងប្អូនស្រីជាច្រើននាក់បម្រើជាអ្នកត្រួសត្រាយ ដូច្នេះពួកគេស្គាល់ច្រើនអំពីមនុស្សដែលរស់នៅក្នុងតំបន់នោះ។ អ្នកចាស់ទុំម្នាក់ឈ្មោះប្រាយអេននិយាយថា៖ «បងប្អូនស្រីរបស់យើងមានគុណសម្បត្តិនិងជំនាញជាច្រើនដែលអង្គការត្រូវការ។ ដូច្នេះ សូមទទួលប្រយោជន៍ពីបទពិសោធន៍របស់ពួកគេ!»។
ពួកអ្នកចាស់ទុំដែលប្រកបដោយប្រាជ្ញាមិនឆាប់បដិសេធយោបល់របស់បងប្អូនស្រីទេ។ ហេតុអ្វី? អ្នកចាស់ទុំម្នាក់ឈ្មោះអេឌវ៉ាដនិយាយថា៖ «មតិយោបល់និងបទពិសោធន៍របស់បងប្អូនស្រីអាចជួយបងប្អូនប្រុសឲ្យយល់រឿងណាមួយកាន់តែច្បាស់ ហើយជួយគាត់ឲ្យយល់ច្បាស់ជាងអំពីអារម្មណ៍របស់អ្នកឯទៀត»។ (សុភ. ១:៥) ទោះជាអ្នកចាស់ទុំមិនអាចធ្វើតាមយោបល់របស់បងប្អូនស្រីណាម្នាក់ក្ដី គាត់នៅតែអាចអរគុណបងស្រីនោះសម្រាប់យោបល់និងការចែករំលែកចំណេះនិងការយល់ដឹងរបស់នាង។
ពួកគេបង្ហាត់បង្រៀនបងប្អូនស្រី។ ពួកអ្នកចាស់ទុំដែលប្រកបដោយប្រាជ្ញារកឱកាសដើម្បីបង្ហាត់បង្រៀនបងប្អូនស្រី។ ជាឧទាហរណ៍ ពួកគេអាចបង្រៀនបងប្អូនស្រីអំពីរបៀបដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ក្រែងលោក្នុងករណីគ្មានបងប្អូនប្រុសដែលទទួលការជ្រមុជទឹកអាចដឹកនាំ។ ពួកគេអាចបង្ហាត់បង្រៀនបងប្អូនស្រីឲ្យប្រើឧបករណ៍ឬម៉ាស៊ីនដើម្បីបងប្អូនស្រីនោះអាចជួយក្នុងគម្រោងថែទាំនិងសង់អគាររបស់អង្គការយើង។ នៅបេតអែល អ្នកត្រួតពិនិត្យបានបង្ហាត់បង្រៀនបងប្អូនស្រីឲ្យបំពេញភារកិច្ចផ្សេងៗរួមមានខាងគណនេយ្យ ការថែទាំ ការទិញ ការបង្កើតកម្មវិធីកុំព្យូទ័រ និងភារកិច្ចផ្សេងទៀត។ ពេលពួកអ្នកចាស់ទុំបង្ហាត់បង្រៀនបងប្អូនស្រី ពួកគេបង្ហាញថាពួកគេចាត់ទុកបងប្អូនស្រីថាមានសមត្ថភាពនិងគួរឲ្យទុកចិត្ត។
បងប្អូនស្រីជាច្រើនប្រើការបង្ហាត់បង្រៀនដែលពួកគេបានទទួលពីពួកអ្នកចាស់ទុំដើម្បីជាប្រយោជន៍ដល់អ្នកឯទៀត។ ជាឧទាហរណ៍ បងប្អូនស្រីខ្លះប្រើការបង្ហាត់បង្រៀនរបស់ពួកគេខាងសាងសង់ដើម្បីជួយអ្នកឯទៀតឲ្យសង់ផ្ទះរបស់ពួកគេឡើងវិញក្រោយពីមហន្តរាយធម្មជាតិ។ បងប្អូនស្រីខ្លះទៀត ប្រើជំនាញដែលពួកគេបានរៀនក្នុងការផ្សព្វផ្សាយសាធារណៈដើម្បីជួយបង្ហាត់បង្រៀនបងប្អូនស្រីថែមទៀតឲ្យចូលរួមក្នុងកិច្ចបម្រើនេះដែរ។ តើបងប្អូនស្រីមានអារម្មណ៍យ៉ាងណាចំពោះពួកអ្នកចាស់ទុំដែលបានបង្ហាត់បង្រៀនពួកគេ? បងស្រីម្នាក់ឈ្មោះជេននីហ្វើនិយាយថា៖ «ពេលខ្ញុំបានចូលរួមកិច្ចការសាងសង់សាលប្រជុំមួយ អ្នកត្រួតពិនិត្យបានលៃទុកពេលបង្ហាត់បង្រៀនខ្ញុំ។ គាត់បានកត់សម្គាល់ការងារដែលខ្ញុំធ្វើ ហើយបានសរសើរខ្ញុំ។ ខ្ញុំចូលចិត្តធ្វើការជាមួយគាត់ណាស់ដោយសារខ្ញុំមានអារម្មណ៍ថាខ្ញុំមានតម្លៃនិងគួរឲ្យទុកចិត្ត»។
ប្រយោជន៍ដែលមកពីការប្រព្រឹត្តទៅលើបងប្អូនស្រីដូចក្រុមគ្រួសារ
យើងស្រឡាញ់បងប្អូនស្រីដ៏ស្មោះត្រង់របស់យើងដូចព្រះយេហូវ៉ាដែរ! ដូច្នេះយើងប្រព្រឹត្តទៅលើពួកគេដូចក្រុមគ្រួសារ។ (១ធី. ៥:១, ២) គឺជាមោទនភាពនិងកិត្តិយសដែលយើងអាចបម្រើជាមួយពួកគេ។ ម្យ៉ាងទៀត យើងសប្បាយចិត្តណាស់ពេលពួកគេដឹងថាយើងស្រឡាញ់និងគាំទ្រពួកគេ។ បងស្រីម្នាក់ឈ្មោះវ៉ាន់នេសានិយាយថា៖ «ខ្ញុំអរគុណព្រះយេហូវ៉ាខ្លាំងណាស់ដែលលោកបានឲ្យខ្ញុំនៅក្នុងអង្គការរបស់លោកដែលសម្បូរទៅដោយបងប្អូនប្រុសដែលបានលើកទឹកចិត្តខ្ញុំជាខ្លាំង»។ បងស្រីម្នាក់នៅតៃវ៉ាន់និយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលព្រះយេហូវ៉ានិងអង្គការរបស់លោកឲ្យតម្លៃយ៉ាងខ្លាំងចំពោះស្ត្រីនិងអារម្មណ៍របស់យើង។ នេះពង្រឹងជំនឿរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំកាន់តែឲ្យតម្លៃថែមទៀតចំពោះឯកសិទ្ធិឲ្យនៅក្នុងអង្គការរបស់ព្រះយេហូវ៉ា»។
ព្រះយេហូវ៉ាច្បាស់ជាមានមោទនភាពជាខ្លាំងពេលលោកឃើញបុរសគ្រិស្តសាសនិកដ៏ស្មោះត្រង់ឲ្យតម្លៃនិងគោរពស្ត្រីដូចលោក! (សុភ. ២៧:១១) អ្នកចាស់ទុំម្នាក់ឈ្មោះបេនយ៉ាមីននៅប្រទេសស្កុតឡែននិយាយថា៖ «បុរសជាច្រើនក្នុងពិភពលោកសព្វថ្ងៃនេះមិនគោរពស្ត្រីទាល់តែសោះ។ ដូច្នេះ ពេលស្ត្រីដើរចូលក្នុងសាលប្រជុំ យើងចង់ឲ្យពួកគេមានអារម្មណ៍ថាយើងខុសគេ»។ សូមយើងទាំងអស់គ្នាខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់ព្រះយេហូវ៉ា ដោយប្រព្រឹត្តទៅលើបងប្អូនស្រីជាទីស្រឡាញ់របស់យើងដោយសេចក្ដីស្រឡាញ់និងដោយការគោរពដែលពួកគេសមនឹងទទួល។—រ៉ូម ១២:១០
a ក្នុងអត្ថបទនេះ ពាក្យ«បងប្អូនស្រី»សំដៅទៅលើបងប្អូនស្រីគ្រិស្តសាសនិកមិនមែនបងប្អូនបង្កើតទេ។
b ដើម្បីមើលការពន្យល់អំពីពាក្យ«ភាជនៈខ្សោយជាង» សូមមើលអត្ថបទដែលមានចំណងជើងថា«ការណែនាំដ៏ល្អចំពោះគូអាពាហ៍ពិពាហ៍» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៥។