លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច

ព្រះយេហូវ៉ានឹងជួយអ្នកនៅគ្រាលំបាក

ព្រះយេហូវ៉ានឹងជួយអ្នកនៅគ្រាលំបាក

«​[​ព្រះ​យេហូវ៉ា​]​ជា​ទី​ពឹង​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ខ្ញុំ ខ្ញុំ​គ្មាន​ថ្ងៃ​រង្គោះ​រង្គើ​រហូត​ដល់​ដួល​រលំ​ឡើយ​»។ចសព. ៦២:២

ចំណុច​ផ្ដោត

អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​ពី​ជំនួយ​របស់​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​គ្រា​លំបាក។

១​-​២. តើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ជួប​ការ​ពិបាក​អ្វី​ខ្លះ?

 រឿង​ខ្លោច​ផ្សា​អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​យើង​មួយ​រំពេច។ ជា​ឧទាហរណ៍ បង​ប្រុស​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​លូអ៊ីស a បាន​ត្រូវ​រក​ឃើញ​ថា​មាន​ជំងឺ​មហា​រីក​ដែល​កម្រ​មាន។ គ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា​គាត់​អាច​រស់​បាន​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ។ បង​ស្រី​ម្នាក់​ឈ្មោះ​ម៉ូនីកា​និង​ប្ដី​គាត់​ជាប់​រវល់​ក្នុង​សកម្មភាព​ខាង​កិច្ច​បម្រើ​ព្រះ។ ស្រាប់​តែ​ថ្ងៃ​មួយ បង​ម៉ូនីកា​បាន​ដឹង​ថា​ប្ដី​គាត់​ដែល​ជា​អ្នក​ចាស់​ទុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដោយ​លាក់​លៀម​អស់​ជា​យូរ​មក​ហើយ។ បង​ស្រី​នៅ​លីវ​ម្នាក់​ឈ្មោះ​អូលីវា​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ ដោយ​សារ​ព្យុះ​សង្ឃរា​មួយ​កំពុង​បក់​មក។ ពេល​គាត់​ត្រឡប់​មក​វិញ គាត់​បាន​ឃើញ​ថា​ព្យុះ​នោះ​បាន​បំផ្លាញ​ផ្ទះ​របស់​គាត់។ ក្នុង​មួយ​រំពេច ជីវិត​របស់​បង​ប្អូន​ទាំង​បី​នាក់​នេះ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ តើ​អ្នក​ធ្លាប់​ជួប​រឿង​អាក្រក់​ដែល​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​មួយ​រំពេច​ឬ​ទេ?

ក្នុង​នាម​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា យើង​ជួប​ការ​ពិបាក​និង​ធ្លាក់​ខ្លួន​ឈឺ​ដូច​មនុស្ស​ឯ​ទៀត​ដែរ។ យើង​ក៏​ប្រហែល​ជា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង ឬ​ការ​បៀតបៀន​ពី​ពួក​អ្នក​ដែល​ស្អប់​រាស្ត្រ​ព្រះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​រា​រាំង​កុំ​ឲ្យ​ការ​ពិបាក​នោះ​កើត​ឡើង​ចំពោះ​យើង​ក្ដី លោក​សន្យា​ថា​លោក​នឹង​ជួយ​យើង។ (​អេ. ៤១:១០​) ដោយ​មាន​ជំនួយ​ពី​លោក យើង​អាច​រក្សា​អំណរ ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ និង​រក្សា​ភក្ដី​ភាព​ចំពោះ​លោក ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​បំផុត​ក្ដី។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​បួន​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​នៅ​គ្រា​លំបាក​ក្នុង​ជីវិត​របស់​យើង។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ប្រយោជន៍​ពី​ជំនួយ​ដែល​លោក​ផ្ដល់​ឲ្យ។

ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​អ្នក

៣. ពេល​យើង​ឆ្លង​កាត់​រឿង​ខ្លោច​ផ្សា តើ​យើង​ប្រហែល​ជា​ពិបាក​ធ្វើ​អ្វី?

ការ​ពិបាក។ ពេល​យើង​ជួប​រឿង​ខ្លោច​ផ្សា យើង​ប្រហែល​ជា​ពិបាក​គិត​យ៉ាង​ច្បាស់​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ។ ហេតុ​អ្វី? ពីព្រោះ​យើង​ប្រហែល​ជា​ក្រៀម​ក្រំ​ចិត្ត​និង​ខ្វល់​ចិត្ត​ជា​ខ្លាំង។ យើង​អាច​មាន​អារម្មណ៍​ហាក់​ដូច​ជា​យើង​កំពុង​ដើរ​ឆ្លង​កាត់​អ័ព្ទ ហើយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទិស​ដៅ​ណា​ទេ។ សូម​កត់​សម្គាល់​អំពី​អារម្មណ៍​ដែល​បង​ស្រី​ពីរ​នាក់​នៅ​ខាង​លើ​មាន​នៅ​ពេល​ដែល​ពួក​គាត់​មាន​ទុក្ខ​លំបាក។ បង​អូលីវា​និយាយ​ថា​៖ ​«​ក្រោយ​ពី​ព្យុះ​សង្ឃរា​បាន​បំផ្លាញ​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ហេងហាង ហើយ​គិត​ថា​បញ្ហា​ខ្ញុំ​ធំ​ពេក​»។ បង​ម៉ូនីកា​និយាយ​អំពី​ការ​ក្បត់​របស់​ប្ដី​គាត់​ថា​៖ ​«​ខ្ញុំ​មិន​គ្រាន់​តែ​ខក​ចិត្ត​ប៉ុណ្ណោះ​ទេ។ តែ​ខ្ញុំ​ក៏​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ហាក់​ដូច​ជា​គេ​ចាក់​ខ្ញុំ​មួយ​កាំបិត។ ខ្ញុំ​លែង​ចេះ​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ទៀត។ ខ្ញុំ​មិន​ដែល​គិត​ថា​នេះ​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ទេ​»។ តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច ពេល​យើង​មាន​អារម្មណ៍​ថា​បញ្ហា​របស់​យើង​គឺ​ធំ​ពេក?

៤. យោង​ទៅ​តាម​ភីលីព ៤:៦, ៧ តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​នឹង​យើង?

អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ។ លោក​សន្យា​ថា​លោក​នឹង​ឲ្យ​យើង​នូវ​អ្វី​ដែល​គម្ពីរ​ហៅ​ថា​៖ ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»។ (​សូម​អាន ភីលីព ៤:៦, ៧) សេចក្ដី​សុខ​សាន្ត​នេះ​សំដៅ​ទៅ​លើ​ភាព​ស្ងប់​ស្ងាត់​ក្នុង​ចិត្ត​និង​គំនិត​ដែល​មក​ពី​ចំណង​មិត្តភាព​ដ៏​ថ្លៃ​វិសេស​របស់​យើង​ជា​មួយ​លោក។ សេចក្ដី​សុខ​សាន្ត​នេះ​«​ហួស​ពី​ការ​នឹក​ស្មាន​»​ ពោល​គឺ​វា​អស្ចារ្យ​ជាង​យើង​គិត​ស្មាន​ទៅ​ទៀត។ ជា​ឧទាហរណ៍ តើ​អ្នក​ធ្លាប់​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​បាន​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ថា​អ្នក​មាន​អារម្មណ៍​ស្ងប់​ចិត្ត​ជា​ខ្លាំង​ឬ​ទេ? អារម្មណ៍​នេះ​គឺ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»។

៥. តើ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ការ​ពារ​ចិត្ត​និង​គំនិត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

នៅ​ភីលីព ៤:៧​ក៏​ចែង​ដែរ​ថា សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​«​នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា​»។ ពាក្យ​«​ការ​ពារ​»​ជា​ភាសា​ដើម​គឺ​ជា​ពាក្យ​យោធា​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​សំដៅ​លើ​ទាហាន​ដែល​រក្សា​ការ​ពារ​ក្រុង​ឲ្យ​មាន​សុវត្ថិភាព​ពី​ការ​វាយ​ប្រហារ។ បណ្ដា​ជន​នៅ​ក្នុង​ក្រុង​ដែល​មាន​ទាហាន​ការ​ពារ ដេក​លក់​យ៉ាង​មាន​សេចក្ដី​សុខ​ដោយ​ដឹង​ថា​មាន​អ្នក​យាម​នៅ​ខ្លោង​ទ្វារ​ក្រុង។ ស្រដៀង​គ្នា​ដែរ ពេល​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ការ​ពារ​ចិត្ត​និង​គំនិត​របស់​យើង យើង​មាន​អារម្មណ៍​ស្ងប់​ដោយ​ដឹង​ថា​យើង​មាន​សុវត្ថិភាព។ (​ចសព. ៤:៨​) ដូច​ក្នុង​ករណី​របស់​ហាណា យើង​នៅ​តែ​អាច​មាន​សេចក្ដី​សុខ​សាន្ត ទោះ​ជា​ស្ថានភាព​របស់​យើង​មិន​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​ក្ដី។ (​១សាំ. ១:១៦​-​១៨​) ម្យ៉ាង​ទៀត ពេល​យើង​មាន​អារម្មណ៍​ស្ងប់ យើង​ច្រើន​តែ​ងាយ​ស្រួល​ជាង​ឲ្យ​គិត​យ៉ាង​ច្បាស់ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។

សូម​អធិដ្ឋាន​រហូត​ដល់​អ្នក​ទទួល​អារម្មណ៍​ថា​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​ការ​ពារ​ចិត្ត​និង​គំនិត​របស់​អ្នក ​(​សូម​មើល​វគ្គ​៤​-​៦​)​


៦. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ ពេល​អ្នក​ពិបាក​ចិត្ត សូម​ស្រែក​រក​ការ​ការ​ពារ។ តើ​តាម​របៀប​ណា? សូម​អធិដ្ឋាន​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​ទទួល​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ។ (​លូក. ១១:៩; ១ថែ. ៥:១៧​) បង​លូអ៊ីស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ បាន​ពន្យល់​អំពី​របៀប​ដែល​គាត់​និង​ប្រពន្ធ​របស់​គាត់​អាណា​អាច​ស៊ូ​ទ្រាំ ពេល​ដឹង​ថា​បង​លូអ៊ីស​អាច​រស់​បាន​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ។ បង​លូអ៊ីស​និយាយ​ថា​៖ ​«​នៅ​ពេល​ដូច​នោះ​គឺ​ពិបាក​ណាស់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​ថែ​ទាំ​សុខភាព​និង​រឿង​ផ្សេង​ទៀត។ ប៉ុន្តែ យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​ខ្លាំង​នោះ ដោយ​សារ​តែ​យើង​បាន​អធិដ្ឋាន​»។ បង​លូអ៊ីស​និង​ប្រពន្ធ​គាត់​និយាយ​ថា ពួក​គាត់​បាន​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ពួក​គាត់​នូវ​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ចិត្ត​ស្ងប់ និង​ប្រាជ្ញា​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ហើយ​ពួក​គាត់​ដឹង​ថា​លោក​បាន​ជួយ​មែន។ បើ​អ្នក​កំពុង​ជួប​បញ្ហា​ណា​មួយ សូម​ត​ស៊ូ​ក្នុង​ការ​អធិដ្ឋាន ហើយ​អ្នក​នឹង​ពិសោធ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​យេហូវ៉ា កាល​ដែល​នោះ​ការ​ពារ​ចិត្ត​និង​គំនិត​របស់​អ្នក។—រ៉ូម ១២:១២

ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​នឹង​នរ

៧. តើ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​រង​ទុក្ខ​លំបាក?

ការ​ពិបាក។ ពេល​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក អារម្មណ៍ គំនិត និង​ការ​ប្រព្រឹត្ត​របស់​យើង​ប្រហែល​ជា​មិន​មាន​តុល្យភាព​ដូច​ធម្មតា​ទេ។ អារម្មណ៍​របស់​យើង​ប្រហែល​ជា​ប្រែ​ប្រួល​ហាក់​ដូច​ជា​យោគ​ចុះ​យោគ​ឡើង។ បង​អាណា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា គាត់​មាន​អារម្មណ៍​ផ្សេង​ៗ​ជា​ច្រើន​ក្រោយ​ពី​បង​លូអ៊ីស​ស្លាប់។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្លះ​ខ្ញុំ​តាន​តឹង​ចិត្ត ហើយ​ចាប់​ផ្ដើម​អាណិត​ខ្លួន​ឯង។ ខ្ញុំ​ក៏​ខឹង​ដែល​គាត់​ទៅ​ចោល​ខ្ញុំ​»។ បន្ថែម​ទៅ​ទៀត បង​អាណា​មាន​អារម្មណ៍​ឯកោ ហើយ​ធុញ​ទ្រាន់​ដែល​គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​រឿង​ដែល​បង​លូអ៊ីស​ធ្លាប់​ធ្វើ​បាន​យ៉ាង​ល្អ។ ជួន​កាល គាត់​មាន​អារម្មណ៍​ហាក់​ដូច​ជា​គាត់​នៅ​ក្នុង​ព្យុះ​កណ្ដាល​សមុទ្រ។ តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ពេល​អារម្មណ៍​របស់​យើង​ដូច​ជា​លិច​លង់​ក្នុង​ទឹក?

៨. ដូច​បាន​ចែង​នៅ​ចម្រៀង​សរសើរ​ព្រះ ៦២:២ តើ​ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​អំពី​អ្វី?

អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ។ លោក​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​នឹង​ធ្វើ​ឲ្យ​យើង​នឹង​នរ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៦២:២) ពេល​មាន​ព្យុះ​នៅ​សមុទ្រ កប៉ាល់​ប្រហែល​ជា​ចាប់​ផ្ដើម​ឃ្លេង​ឃ្លោង​យ៉ាង​ខ្លាំង។ ដើម្បី​មិន​ឲ្យ​កប៉ាល់​ឃ្លេង​ឃ្លោង កប៉ាល់​ជា​ច្រើន​មាន​ស្លាប​ទាំង​សង​ខាង​នៅ​បាត​វា។ ស្លាប​កប៉ាល់​ទាំង​នេះ​អាច​ជួយ​កាត់​បន្ថយ​ភាព​ឃ្លេង​ឃ្លោង។ យ៉ាង​នេះ មនុស្ស​នៅ​លើ​កប៉ាល់​មាន​សុវត្ថិភាព​ជាង ហើយ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​កាន់​តែ​ស្រួល។ ប៉ុន្តែ ស្លាប​កប៉ាល់​ជា​ច្រើន​ដំណើរ​ការ​យ៉ាង​ល្អ​បំផុត​ពេល​ដែល​កប៉ាល់​ទៅ​មុខ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​នឹង​នរ កាល​ដែល​យើង​បន្ត​ទៅ​មុខ​យ៉ាង​ស្មោះ​ត្រង់​ក្នុង​គ្រា​លំបាក។

សូម​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​នឹង​នរ​ដោយ​ទទួល​ជំនួយ​ពី​ឧបករណ៍​ស្រាវ​ជ្រាវ​របស់​យើង ​(​សូម​មើល​វគ្គ​៨​-​៩​)​


៩. តើ​ឧបករណ៍​ស្រាវ​ជ្រាវ​របស់​យើង​អាច​ជួយ​យើង​ឲ្យ​រក្សា​ភាព​នឹង​នរ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ ពេល​អ្នក​មាន​អារម្មណ៍​ពិបាក​ហាក់​ដូច​ជា​ព្យុះ​កំពុង​បក់​បោក​មក​លើ​អ្នក សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ត​អធិដ្ឋាន ចូល​រួម​កិច្ច​ប្រជុំ និង​ផ្សព្វ​ផ្សាយ។ ពិត​មែន អ្នក​ប្រហែល​ជា​មិន​អាច​ធ្វើ​ច្រើន​ដូច​ពី​មុន​ទេ ប៉ុន្តែ​សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​សម​ហេតុ​សម​ផល។ (​សូម​ពិនិត្យ​បន្ថែម លូកា ២១:១​-​៤​) ម្យ៉ាង​ទៀត សូម​លៃ​ទុក​ពេល​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន​និង​រំពឹង​គិត។ ហេតុ​អ្វី? តាម​រយៈ​អង្គការ​របស់​លោក ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ព័ត៌មាន​ល្អ​ៗ​ពី​គម្ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​រក្សា​ភាព​នឹង​នរ។ ដើម្បី​ស្វែង​រក​អ្វី​ដែល​អ្នក​ត្រូវ​ការ អ្នក​អាច​ប្រើ​ឧបករណ៍​ស្រាវ​ជ្រាវ​ដែល​មាន​ក្នុង​ភាសា​របស់​អ្នក ដូច​ជា​កម្ម​វិធី​JW​បណ្ណាល័យ និង​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។ បង​ម៉ូនីកា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា គាត់​ប្រើ​ឧបករណ៍​ស្រាវ​ជ្រាវ​ទាំង​នេះ​ពេល​គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​ឈឺ​ចិត្ត​ខ្លាំង​ទៅ​ៗ។ ជា​ឧទាហរណ៍ គាត់​បាន​វាយ​ពាក្យ​«​កំហឹង​»​ក្នុង​ប្រអប់​ស្វែង​រក។ នៅ​ពេល​ផ្សេង​ទៀត គាត់​បាន​វាយ​ពាក្យ​«​ក្បត់​»​ឬ​«​ភក្ដី​ភាព​»​ក្នុង​ប្រអប់​ស្វែង​រក ហើយ​ក្រោយ​មក​គាត់​អាន​ព័ត៌មាន​នោះ​រហូត​ដល់​គាត់​មាន​អារម្មណ៍​ល្អ​ជាង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​វ៉ៃ​អក្សរ​ទាំង​ស្លន់​ស្លោ​ដោយ​អារម្មណ៍​មិន​ស្រួល តែ​បន្ទាប់​មក​គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​ឱប​ខ្ញុំ​យ៉ាង​កក់​ក្ដៅ។ កាល​ដែល​ខ្ញុំ​អាន ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​យល់​អំពី​អារម្មណ៍​ផ្សេង​ៗ​ទាំង​អស់​របស់​ខ្ញុំ ហើយ​ថា​លោក​កំពុង​ជួយ​ខ្ញុំ​»។ ជំនួយ​បែប​នេះ​ពីព្រះ​យេហូវ៉ា​ក៏​អាច​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​នឹង​នរ​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ស្ងប់​ជាង។—ចសព. ១១៩:១៤៣, ១៤៤

ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​អ្នក

១០. តើ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា​ក្រោយ​ពី​រឿង​ខ្លោច​ផ្សា?

១០ ការ​ពិបាក។ ក្រោយ​ពី​រឿង​ខ្លោច​ផ្សា ប្រហែល​ជា​មាន​ថ្ងៃ​ដែល​យើង​ខ្សោយ​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​កីឡាករ​ថ្លោះ​គ្រេច​ដែល​ធ្លាប់​រត់​យ៉ាង​លឿន ប៉ុន្តែ​ឥឡូវ​ដើរ​ខ្ញើច​ៗ។ យើង​ប្រហែល​ជា​ពិបាក​ធ្វើ​អ្វី​ដែល​យើង​ធ្លាប់​ស្រួល​ធ្វើ ឬ​យើង​ប្រហែល​ជា​មិន​ចង់​ធ្វើ​អ្វី​ដែល​ពី​មុន​ធ្វើ​ឲ្យ​យើង​សប្បាយ។ ដូច​អេលីយ៉ា យើង​អាច​មាន​អារម្មណ៍​ថា​គឺ​ពិបាក​ក្រោក​ឡើង ហើយ​ថា​យើង​គ្រាន់​តែ​ចង់​ដេក។ (​១បស. ១៩:៥​-​៧​) តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ធ្វើ​អ្វី​ពេល​យើង​ខ្សោយ?

១១. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​តាម​របៀប​អ្វី​ទៀត? (​ចម្រៀង​សរសើរ​ព្រះ ៩៤:១៨​)

១១ អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ។ លោក​សន្យា​ថា​នឹង​គាំទ្រ​យើង។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៤:១៨) ដូច​កីឡាករ​ដែល​ថ្លោះ​គ្រេច​ត្រូវ​ការ​ការ​គាំទ្រ​ដើម្បី​ធ្វើ​អ្វី​ផ្សេង​ៗ យើង​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​៖ ​«​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ខ្ញុំ​នឹង​ស្រវា​ចាប់​ដៃ​ស្ដាំ​របស់​អ្នក ខ្ញុំ​នឹង​និយាយ​មក​អ្នក​ថា​៖ ‹កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក›​»។ (​អេ. ៤១:១៣​) ស្ដេច​ដាវីឌ​ធ្លាប់​ទទួល​ជំនួយ​នេះ។ ពេល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​និង​សត្រូវ គាត់​បាន​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ដៃ​ស្ដាំ​របស់​លោក​ជួយ​ទ្រ​ទ្រង់​ខ្ញុំ​»។ (​ចសព. ១៨:៣៥​) ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​គាំទ្រ​តាម​របៀប​ណា?

សូម​ព្រម​ទទួល​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ មិត្ត​ភក្ដិ និង​ពួក​អ្នក​ចាស់​ទុំ ​(​សូម​មើល​វគ្គ​១១​-​១៣​)​


១២. តើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ប្រើ​អ្នក​ណា​ខ្លះ​ដើម្បី​ជួយ​យើង​ពេល​យើង​ខ្សោយ?

១២ ព្រះ​យេហូវ៉ា​ច្រើន​តែ​គាំទ្រ​យើង​ដោយ​ជំរុញ​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​យើង។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ ពេល​ដែល​ដាវីឌ​មាន​អារម្មណ៍​ខ្សោយ មិត្ត​ភក្តិ​របស់​គាត់​យ៉ូណាថាន​បាន​ទៅ​ជួប​គាត់​ដើម្បី​ពង្រឹង​កម្លាំង​និង​លើក​ទឹក​ចិត្ត​គាត់។ (​១សាំ. ២៣:១៦, ១៧​) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ជ្រើស​រើស​អេលីសេ​ឲ្យ​ផ្ដល់​ជំនួយ​ដល់​អេលីយ៉ា។ (​១បស. ១៩:១៦, ២១; ២បស. ២:២​) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ប្រហែល​ជា​ប្រើ​ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​គាំទ្រ​យើង។ ប៉ុន្តែ​ពេល​យើង​ឈឺ​ចិត្ត យើង​ប្រហែល​ជា​ចង់​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត ហើយ​នៅ​តែ​ឯង។ នេះ​ជា​ប្រតិកម្ម​ធម្មតា។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា?

១៣. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ សូម​ព្យាយាម​យ៉ាង​ខ្លាំង​មិន​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត។ ពេល​យើង​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត យើង​ប្រហែល​ជា​ចាប់​ផ្ដើម​គិត​តែ​អំពី​ខ្លួន​ឯង​និង​បញ្ហា​ដែល​យើង​ជួប​ប្រទះ។ ការ​គិត​គូរ​បែប​នេះ អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​យើង។ (​សុភ. ១៨:១​) ពិត​មែន​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ពេល​ដើម្បី​នៅ​ម្នាក់​ឯង ជា​ពិសេស​ពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា។ ប៉ុន្តែ បើ​យើង​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត​អស់​រយៈ​ពេល​យូរ យើង​អាច​បដិសេធ​ជំនួយ​ពី​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ដើម្បី​គាំទ្រ​យើង។ ដូច្នេះ សូម​ព្រម​ទទួល​ជំនួយ​ពី​ក្រុម​គ្រួសារ មិត្ត​ភក្តិ និង​ពួក​អ្នក​ចាស់​ទុំ។ ទោះ​ជា​នៅ​គ្រា​លំបាក​គឺ​ពិបាក​ឲ្យ​ធ្វើ​ដូច្នេះ​ក្ដី សូម​ចាត់​ទុក​ថា​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ពួក​គេ​ដើម្បី​គាំទ្រ​អ្នក។—សុភ. ១៧:១៧; អេ. ៣២:១, ២

ព្រះ​យេហូវ៉ា​នឹង​សម្រាល​ទុក្ខ​អ្នក

១៤. តើ​យើង​ប្រហែល​ជា​ជួប​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បែប​ណា​ខ្លះ?

១៤ ការ​ពិបាក។ ពេល​ខ្លះ យើង​ប្រហែល​ជា​ភ័យ​ខ្លាច។ ក្នុង​គម្ពីរ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​និយាយ​អំពី​ពេល​ខ្លះ​ដែល​ពួក​គេ​តាន​តឹង​ចិត្ត​និង​ភ័យ​ញ័រ ដោយ​សារ​ពួក​សត្រូវ​ឬ​មាន​សម្ពាធ​ផ្សេង​ទៀត។ (​ចសព. ១៨:៤; ៥៥:១,​) ស្រដៀង​គ្នា​ដែរ យើង​ប្រហែល​ជា​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​នៅ​សាលា នៅ​កន្លែង​ធ្វើ​ការ ពី​ក្រុម​គ្រួសារ​របស់​យើង ឬ​ពី​រដ្ឋាភិបាល។ យើង​ប្រហែល​ជា​ថែម​ទាំង​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់ ដោយ​សារ​បញ្ហា​សុខភាព។ ក្នុង​អំឡុង​ពេល​បែប​នេះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ត្រូវ​ការ​ជំនួយ​ដូច​កូន​ក្មេង​តូច។ តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​នៅ​គ្រា​ដូច​នេះ​យ៉ាង​ដូច​ម្ដេច?

១៥. តើ​ចម្រៀង​សរសើរ​ព្រះ ៩៤:១៩ ពង្រឹង​ទំនុក​ចិត្ត​យើង​យ៉ាង​ណា?

១៥ អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្វើ។ លោក​សម្រាល​ទុក្ខ​និង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ឡើង​វិញ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៤:១៩) ចម្រៀង​សរសើរ​ព្រះ​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​គិត​អំពី​ក្មេង​ស្រី​ម្នាក់​ដែល​ភ័យ​ខ្លាច​និង​គេង​មិន​លក់ ដោយ​សារ​ព្យុះ​ភ្លៀង​ដ៏​ខ្លាំង។ យើង​អាច​ស្រមៃ​ឃើញ​ឪពុក​របស់​គាត់​ចូល​មក ហើយ​លើក​គាត់​ឱប​រហូត​ដល់​គាត់​គេង​លក់។ ទោះ​ជា​ព្យុះ​ភ្លៀង​នោះ​នៅ​តែ​មាន គាត់​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​និង​ទទួល​ការ​សម្រាល​ទុក្ខ​ក្នុង​រង្វង់​ដៃ​របស់​ឪពុក។ ពេល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដែល​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច យើង​ក៏​ប្រហែល​ជា​ត្រូវ​ការ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ឱប​យើង​ក្នុង​ន័យ​ធៀប​រហូត​ដល់​យើង​មាន​អារម្មណ៍​ស្ងប់​ជាង។ តើ​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​បែប​នេះ​ពី​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

សូម​ឲ្យ​បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌​សម្រាល​ទុក្ខ​អ្នក​តាម​រយៈ​បទ​គម្ពីរ ​(​សូម​មើល​វគ្គ​១៥​-​១៦​)​


១៦. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ សូម​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជា​មួយ​ព្រះ​យេហូវ៉ា ដោយ​អធិដ្ឋាន​ទៅ​លោក​និង​អាន​បណ្ដាំ​លោក។ (​ចសព. ៧៧:១, ១២​-​១៤​) បើ​អ្នក​មាន​ទម្លាប់​បែប​នេះ អ្វី​ដំបូង​ដែល​អ្នក​នឹង​ទំនង​ជា​ធ្វើ​ពេល​អ្នក​មាន​ការ​តាន​តឹង​ចិត្ត គឺ​រក​ជំនួយ​ពី​បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌។ សូម​ប្រាប់​អំពី​ការ​ភ័យ​ខ្លាច​និង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ទៅ​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​លោក​និយាយ​មក​កាន់​អ្នក​និង​សម្រាល​ទុក្ខ​អ្នក​តាម​រយៈ​បទ​គម្ពីរ។ (​ចសព. ១១៩:២៨​) អ្នក​ប្រហែល​ជា​ឃើញ​ថា​ផ្នែក​ខ្លះ​នៃ​គម្ពីរ​អាច​សម្រាល​ទុក្ខ​អ្នក​យ៉ាង​ខ្លាំង​ពេល​ភ័យ​ខ្លាច។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​សៀវភៅ​យ៉ូប ចម្រៀង​សរសើរ​ព្រះ និង​សុភាសិត ព្រម​ទាំង​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ជំពូក​៦។ កាល​ដែល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​និង​អាន​បណ្ដាំ​លោក អ្នក​នឹង​ទទួល​ការ​សម្រាល​ទុក្ខ​ពី​លោក។

១៧. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​អ្វី?

១៧ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ជា​និច្ច​ក្នុង​អំឡុង​គ្រា​ដ៏​អាប់​អួ​ក្នុង​ជីវិត​របស់​យើង។ យើង​នឹង​មិន​នៅ​តែ​ឯង​ឡើយ។ (​ចសព. ២៣:៤; ៩៤:១៤​) ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ការ​ពារ គាំទ្រ សម្រាល​ទុក្ខ និង​ធ្វើ​ឲ្យ​យើង​នឹង​នរ។ អេសាយ ២៦:៣​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​នឹង​ការ​ពារ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​លោក​ទាំង​ស្រុង លោក​នឹង​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ដល់​ពួក​គេ​ជា​និច្ច ព្រោះ​ពួក​គេ​ទុក​ចិត្ត​លោក​»។ ដូច្នេះ សូម​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​ជំនួយ​ទាំង​អស់​ពី​លោក។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​កម្លាំង​ឡើង​វិញ​សូម្បី​តែ​ក្នុង​អំឡុង​គ្រា​លំបាក​ក្ដី។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​យើង​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា​ជា​ពិសេស?

  • តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​តាម​របៀប​បួន​យ៉ាង​អ្វី​ក្នុង​អំឡុង​គ្រា​ពិបាក?

  • តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា?

ចម្រៀង​លេខ​១២ ព្រះ​យេហូវ៉ា​ខ្លាំង​ក្លា​មហិមា

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។