អត្ថបទសិក្សា ៤
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នក
«ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ»។—យ៉ា. ៥:១១
ចំណុចផ្ដោត
របៀបដែលសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានឹងទាញនាំយើងឲ្យចូលកាន់តែជិតលោក ហើយធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានសុវត្ថិភាព ទទួលការយកចិត្តទុកដាក់ និងមានកម្លាំងឡើងវិញ។
១. ពេលគិតអំពីព្រះយេហូវ៉ា តើអ្នកនឹកឃើញអ្វី?
តើអ្នកធ្លាប់ព្យាយាមស្រមៃគិតថាព្រះយេហូវ៉ាគឺបែបណាឬទេ? ពេលអ្នកអធិដ្ឋានទៅលោក តើអ្នកនឹកឃើញអ្វី? ទោះជាយើងមិនអាចមើលឃើញព្រះយេហូវ៉ាក្ដី គម្ពីររៀបរាប់អំពីលោកតាមរបៀបផ្សេងៗ។ ព្រះយេហូវ៉ាបានត្រូវហៅថា«ជាដួងអាទិត្យនិងជាខែល»និងជា«ភ្លើងឆេះសន្ធោសន្ធៅ»។ (ចសព. ៨៤:១១; ហេ. ១២:២៩) អ្នកសរសេរគម្ពីរម្នាក់បានរៀបរាប់អំពីព្រះយេហូវ៉ាក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតមួយថាលោកស្រដៀងនឹងត្បូងកណ្ដៀង លោហៈភ្លឺត្រចះ និងឥន្ទធនូភ្លឺចិញ្ចាចចិញ្ចែង។ (អេគ. ១:២៦-២៨) ការរៀបរាប់ខ្លះទាំងនេះអំពីព្រះយេហូវ៉ាប្រហែលជាធ្វើឲ្យយើងកោតស្ងើច ឬប្រហែលជាថែមទាំងធ្វើឲ្យយើងភ័យខ្លាច។
២. តើអ្វីប្រហែលជារារាំងបុគ្គលខ្លះមិនឲ្យចូលទៅជិតព្រះយេហូវ៉ា?
២ ដោយសារយើងមិនអាចឃើញព្រះយេហូវ៉ា យើងប្រហែលជាពិបាកជឿថាលោកស្រឡាញ់យើង។ អ្នកខ្លះគិតថាព្រះយេហូវ៉ាមិនអាចស្រឡាញ់ពួកគេបានទេ ដោយសាររឿងផ្សេងៗរបស់ពួកគេនៅអតីតកាល។ ប្រហែលជាពួកគេមានឪពុកដែលមិនស្រឡាញ់ពួកគេ។ ព្រះយេហូវ៉ាយល់អំពីអារម្មណ៍បែបនេះ និងរបៀបដែលនោះប៉ះពាល់ដល់ផ្លូវចិត្តរបស់យើង។ ដើម្បីជួយយើងឲ្យយកឈ្នះបញ្ហានេះ លោកឲ្យយើងដឹងតាមរយៈគម្ពីរថាលោកជាព្រះដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។
៣. ហេតុអ្វីយើងគួរពិចារណាអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា?
៣ ពាក្យមួយដែលរៀបរាប់យ៉ាងល្អបំផុតអំពីព្រះយេហូវ៉ាគឺសេចក្ដីស្រឡាញ់។ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (១យ៉ូន. ៤:៨) គ្រប់អ្វីទាំងអស់ដែលលោកធ្វើគឺផុសចេញពីសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់របស់ព្រះគឺកក់ក្ដៅណាស់និងខ្លាំងក្លាដល់ម្ល៉េះ បានជាលោកស្រឡាញ់សូម្បីតែពួកអ្នកដែលមិនស្រឡាញ់លោក។ (ម៉ាថ. ៥:៤៤, ៤៥) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីព្រះយេហូវ៉ានិងសេចក្ដីស្រឡាញ់របស់លោក។ កាលដែលយើងកាន់តែរៀនអំពីព្រះរបស់យើង យើងនឹងកាន់តែស្រឡាញ់លោក។
ព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់
៤. តើមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ព្រះយេហូវ៉ាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា? (សូមមើលរូបភាពផងដែរ)
៤ «ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ»។ (យ៉ា. ៥:១១) ក្នុងគម្ពីរ លោកប្រដូចខ្លួនលោកទៅនឹងម្ដាយដ៏កក់ក្ដៅម្នាក់។ (អេ. ៦៦:១២, ១៣) សូមស្រមៃគិតអំពីម្ដាយម្នាក់ដែលមើលថែកូនតូចរបស់គាត់ដោយក្ដីស្រឡាញ់។ គាត់បីកូននោះថ្នមៗដាក់លើភ្លៅគាត់ ហើយនិយាយទន់ភ្លន់ដោយស្រទន់ទៅកាន់កូននោះ។ ពេលកូនយំឬឈឺចាប់ គាត់ធ្វើឲ្យប្រាកដថាកូនមានអ្វីដែលត្រូវការ។ ស្រដៀងគ្នាដែរ ពេលយើងឈឺចាប់ យើងអាចប្រាកដថាព្រះយេហូវ៉ាស្រឡាញ់យើង។ អ្នកតែងចម្រៀងសរសើរព្រះបានសរសេរថា៖ «ពេលកង្វល់កង្វាយញាំញីចិត្តខ្ញុំ លោកបានសម្រាលទុក្ខខ្ញុំ ហើយធ្វើឲ្យខ្ញុំសប្បាយចិត្តឡើងវិញ»។—ចសព. ៩៤:១៩
៥. តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាមានន័យយ៉ាងណាចំពោះអ្នក?
៥ ព្រះយេហូវ៉ាគឺស្មោះត្រង់។ (ចសព. ១០៣:៨) លោកមិនឈប់ស្រឡាញ់យើងពេលយើងធ្វើខុសទេ។ ប្រជាជាតិអ៊ីស្រាអែលបានធ្វើឲ្យព្រះយេហូវ៉ាខកចិត្តម្ដងហើយម្ដងទៀត។ ប៉ុន្តែពេលពួកគេបានស្ដាយក្រោយចំពោះកំហុសរបស់ពួកគេនិងបានកែខ្លួន លោកបានពង្រឹងទំនុកចិត្តពួកគេថាលោកមានសេចក្ដីស្រឡាញ់មិនចេះសាបសូន្យចំពោះពួកគេ។ ជាឧទាហរណ៍ លោកបានប្រាប់ពួកគេថា៖ «អ្នកមានតម្លៃខ្លាំងណាស់ក្នុងកែវភ្នែកខ្ញុំ អ្នកបានទទួលកិត្តិយស ហើយខ្ញុំក៏ស្រឡាញ់អ្នកខ្លាំងដែរ»។ (អេ. ៤៣:៤, ៥) សេចក្ដីស្រឡាញ់របស់ព្រះមិនបានប្រែប្រួលឡើយ។ យើងតែងតែអាចទុកចិត្តលើសេចក្ដីស្រឡាញ់នោះ។ ទោះជាយើងបានធ្វើខុសធ្ងន់ធ្ងរក្ដី ព្រះយេហូវ៉ាមិនបោះបង់ចោលយើងឡើយ។ ពេលយើងប្រែចិត្តនិងត្រឡប់មកឯព្រះយេហូវ៉ាវិញ យើងនឹងឃើញថាលោកនៅតែស្រឡាញ់យើង។ លោកសន្យាថា៖ «លោកនឹងអភ័យទោសឲ្យជាបរិបូរ»។ (អេ. ៥៥:៧) គម្ពីររៀបរាប់ថាការអភ័យទោសនេះនាំមកនូវ«សេចក្ដីសុខសាន្តក្នុងចិត្ត»ពីព្រះយេហូវ៉ា។—សកម្ម. ៣:១៩
៦. តើសាការី ២:៨បង្រៀនយើងអ្វីអំពីព្រះយេហូវ៉ា?
៦ សូមអាន សាការី ២:៨។ ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង លោកឆាប់កត់សម្គាល់អារម្មណ៍របស់យើង ហើយចង់ការពារយើង។ លោកឈឺចាប់ ពេលយើងឈឺចាប់។ ដូច្នេះ យើងអាចអធិដ្ឋានយ៉ាងសមត្រឹមត្រូវថា៖ «សូមការពារខ្ញុំដូចការពារប្រស្រីភ្នែករបស់លោក»។ (ចសព. ១៧:៨) ភ្នែកគឺជាអវយវៈមួយនៃរូបកាយដែលយើងត្រូវប្រុងប្រយ័ត្ន ថ្នម ហើយក៏មានតម្លៃ។ ដូច្នេះ ពេលព្រះយេហូវ៉ាប្រដូចយើងទៅនឹងប្រស្រីភ្នែករបស់លោក គឺហាក់ដូចជាលោកកំពុងមានប្រសាសន៍ថា ‹អ្នកណាក៏ដោយដែលធ្វើបាបអ្នកដែលជារាស្ត្ររបស់ខ្ញុំ ក៏ដូចជាធ្វើបាបដល់អ្វីដែលមានតម្លៃចំពោះខ្ញុំដែរ›។
៧. ហេតុអ្វីយើងត្រូវពង្រឹងទំនុកចិត្តរបស់យើងទៅលើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា?
៧ ព្រះយេហូវ៉ាចង់ឲ្យយើងជឿជាក់ថាលោកស្រឡាញ់យើងម្នាក់ៗ។ ប៉ុន្តែ លោកដឹងថាបទពិសោធន៍នៅអតីតកាលប្រហែលជាធ្វើឲ្យយើងឆ្ងល់ថាតើលោកពិតជាអាចស្រឡាញ់យើងឬទេ។ ឬក៏ស្ថានភាពរបស់យើងនៅបច្ចុប្បន្នប្រហែលជាធ្វើឲ្យយើងពិបាកមានទំនុកចិត្តថាលោកស្រឡាញ់យើង។ តើអ្វីនឹងពង្រឹងទំនុកចិត្តរបស់យើង? គឺការរៀនអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកយេស៊ូ ពួកអ្នកដែលបានត្រូវរើសតាំង និងយើងទាំងអស់គ្នា។
របៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់របស់លោក
៨. ហេតុអ្វីលោកយេស៊ូជឿជាក់ថាបិតាលោកស្រឡាញ់លោក?
៨ អស់ជាយូរ ព្រះយេហូវ៉ានិងបុត្រជាទីស្រឡាញ់របស់លោកមានចំណងមិត្តភាពដ៏កក់ក្ដៅនិងពេញទៅដោយសេចក្ដីស្រឡាញ់។ ចំណងមិត្តភាពរបស់លោកទាំងពីរគឺចាស់ជាងគេបំផុតក្នុងសកលលោក។ ព្រះយេហូវ៉ាបានបង្ហាញយ៉ាងច្បាស់អំពីសេចក្ដីស្រឡាញ់របស់លោកចំពោះលោកយេស៊ូ ដូចដែលយើងអាននៅម៉ាថាយ ១៧:៥។ ព្រះយេហូវ៉ាគ្រាន់តែអាចមានប្រសាសន៍ថា ‹បុគ្គលនេះជាទីពេញចិត្តខ្ញុំណាស់›។ ប៉ុន្តែ លោកចង់ឲ្យយើងដឹងអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកមានចំពោះលោកយេស៊ូ ដូច្នេះលោកបានហៅលោកយេស៊ូថា៖ «បុត្រជាទីស្រឡាញ់របស់ខ្ញុំ»។ ព្រះយេហូវ៉ាមានមោទនភាពចំពោះលោកយេស៊ូ ជាពិសេសដោយសារលោកយេស៊ូសុខចិត្តប្រគល់ជីវិតខ្លួន។ (អេភ. ១:៧) ម្យ៉ាងទៀត លោកយេស៊ូមិនសង្ស័យសោះអំពីសេចក្ដីស្រឡាញ់របស់បិតាលោកចំពោះលោក។ លោកយេស៊ូជឿជាក់ទាំងស្រុងអំពីសេចក្ដីស្រឡាញ់របស់បិតាលោក។ លោកបានមានប្រសាសន៍ម្ដងហើយម្ដងទៀតដោយមានទំនុកចិត្តថា បិតាស្រឡាញ់លោក។—យ៉ូន. ៣:៣៥; ១០:១៧; ១៧:២៤
៩. តើពាក្យណារៀបរាប់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះពួកអ្នកដែលបានត្រូវរើសតាំង? សូមពន្យល់។ (រ៉ូម ៥:៥)
៩ ព្រះយេហូវ៉ាក៏បង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកដែលបានត្រូវរើសតាំងផងដែរ។ (សូមអាន រ៉ូម ៥:៥) សូមកត់សម្គាល់ពាក្យ«ចាក់មក»។ វចនានុក្រមមួយអំពីគម្ពីររៀបរាប់អំពីពាក្យនេះថា«ធ្លាក់ស្រោចស្រពមកលើយើងដូចទឹកហូរ»។ ពាក្យនេះបង្ហាញថាព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះពួកអ្នកដែលបានត្រូវរើសតាំង។ ពួកអ្នករើសតាំងដឹងថាពួកគេ«ជាទីស្រឡាញ់របស់ព្រះ»។ (យូ. ១) សាវ័កយ៉ូហានបានបង្ហាញអំពីអារម្មណ៍របស់ពួកគេពេលគាត់សរសេរថា៖ «ចូរគិតអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលបិតានៅស្ថានសួគ៌មានចំពោះយើង ដោយចាត់ទុកយើងជាកូន!»។ (១យ៉ូន. ៣:១) តើព្រះយេហូវ៉ាស្រឡាញ់តែពួកអ្នកដែលបានត្រូវរើសតាំងប៉ុណ្ណោះឬ? មិនមែនទេ។ លោកបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងគ្រប់គ្នា។
១០. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះអ្នកតាមរបៀបដ៏អស្ចារ្យបំផុតអ្វី?
១០ តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកតាមរបៀបដ៏អស្ចារ្យបំផុតអ្វី? គឺដោយថ្លៃលោះ ដែលជាការប្រព្រឹត្តដ៏អស្ចារ្យបំផុតក្នុងសកលលោកដែលបង្ហាញអំពីសេចក្ដីស្រឡាញ់។ (យ៉ូន. ៣:១៦; រ៉ូម ៥:៨) ព្រះយេហូវ៉ាបានឲ្យបុត្រជាទីស្រឡាញ់របស់លោកស្លាប់សម្រាប់មនុស្សជាតិទាំងអស់ ដើម្បីឲ្យការខុសឆ្គងរបស់យើងអាចទទួលការអភ័យទោស ហើយយើងអាចទៅជាមិត្តសម្លាញ់របស់លោក។ (១យ៉ូន. ៤:១០) កាលដែលយើងកាន់តែរំពឹងគិតអំពីតម្លៃដែលព្រះយេហូវ៉ានិងលោកយេស៊ូបានបង់ យើងកាន់តែអាចយល់អំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកទាំងពីរមានចំពោះយើងម្នាក់ៗ។ (កាឡ. ២:២០) ថ្លៃលោះមិនគ្រាន់តែបង់ដោយសារភាពយុត្តិធម៌របស់ព្រះយេហូវ៉ាតម្រូវឲ្យធ្វើដូច្នេះប៉ុណ្ណោះទេ តែវាគឺជាអំណោយមួយដែលបង្ហាញអំពីសេចក្ដីស្រឡាញ់។ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើង ដោយលះបង់អ្វីដ៏មានតម្លៃបំផុតចំពោះលោក គឺលោកយេស៊ូ។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យបុត្រលោករងទុក្ខនិងស្លាប់ដើម្បីយើង។
១១. តើយើងរៀនអ្វីពីយេរេមា ៣១:៣?
១១ ដូចយើងបានឃើញ ព្រះយេហូវ៉ាមិនលាក់អារម្មណ៍របស់លោកទេ តែលោកប្រាប់យើងថាលោកស្រឡាញ់យើងយ៉ាងខ្លាំង។ (សូមអាន យេរេមា ៣១:៣) ព្រះយេហូវ៉ាបានទាញនាំយើងមកឯលោក ដោយសារលោកស្រឡាញ់យើង។ (សូមពិនិត្យបន្ថែម ការបំភ្លឺច្បាប់ ៧:៧, ៨) គ្មានអ្វីឬក៏អ្នកណាអាចធ្វើឲ្យយើង ឃ្លាតចេញពីសេចក្ដីស្រឡាញ់នេះបានទេ។ (រ៉ូម ៨:៣៨, ៣៩) តើនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា? សូមអានចម្រៀងសរសើរព្រះ ២៣ ហើយមើលឥទ្ធិពលដែលសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ដ៏កក់ក្ដៅរបស់ព្រះយេហូវ៉ាមានទៅលើដាវីឌ និងរបៀបដែលនេះអាចមានឥទ្ធិពលមកលើយើងទាំងអស់គ្នា។
តើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
១២. តើអ្នកនឹងសង្ខេបចម្រៀងសរសើរព្រះ ២៣យ៉ាងដូចម្ដេច?
១២ សូមអាន ចម្រៀងសរសើរព្រះ ២៣:១-៦។ ចម្រៀងសរសើរព្រះ ២៣ គឺជាបទចម្រៀងមួយដែលបង្ហាញអំពីទំនុកចិត្តទៅលើសេចក្ដីស្រឡាញ់និងការថែរក្សាដ៏កក់ក្ដៅរបស់ព្រះយេហូវ៉ា។ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះនេះរៀបរាប់អំពីចំណងមិត្តភាពរឹងមាំរវាងគាត់និងគង្វាលរបស់គាត់ គឺព្រះយេហូវ៉ា។ ដាវីឌមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពដោយឲ្យព្រះយេហូវ៉ាណែនាំគាត់ ហើយគាត់ពឹងផ្អែកទាំងស្រុងទៅលើលោក។ ដាវីឌដឹងថាព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះគាត់ជារៀងរាល់ថ្ងៃពេញមួយជីវិតរបស់គាត់។ តើអ្វីធ្វើឲ្យគាត់មានទំនុកចិត្តខ្លាំងដល់ម្ល៉េះបែបនេះ?
១៣. ហេតុអ្វីដាវីឌជឿជាក់ថាព្រះយេហូវ៉ានឹងថែរក្សាគាត់?
១៣ «ខ្ញុំនឹងមិនខ្វះអ្វីឡើយ»។ ដាវីឌមានអារម្មណ៍ថាគាត់បានទទួលការយកចិត្តទុកដាក់ដ៏ល្អ ដោយសារព្រះយេហូវ៉ាតែងតែផ្ដល់អ្វីទាំងអស់ដែលគាត់ត្រូវការ។ ដាវីឌក៏មានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ហើយទទួលការពេញចិត្តពីលោក។ នេះជាមូលហេតុដែលគាត់ជឿជាក់ថា មិនថាមានរឿងអ្វីកើតឡើងនៅថ្ងៃខាងមុខក្ដី ព្រះយេហូវ៉ានឹងបន្តផ្ដល់អ្វីទាំងអស់ដែលគាត់ត្រូវការ។ ទំនុកចិត្តរបស់ដាវីឌទៅលើសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅរបស់ព្រះយេហូវ៉ាគឺខ្លាំងក្លាជាងការព្រួយបារម្ភណាក៏ដោយដែលគាត់មាន ហើយនាំឲ្យគាត់មានសុភមង្គលនិងការស្កប់ចិត្តដ៏ខ្លាំង។—ចសព. ១៦:១១
១៤. តើព្រះយេហូវ៉ាប្រហែលជានឹងបង្ហាញការយកចិត្តទុកដាក់ដ៏កក់ក្ដៅចំពោះយើងតាមរបៀបណា?
១៤ ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយើងយ៉ាងកក់ក្ដៅ ជា ពិសេសពេលរឿងអាក្រក់កើតឡើងក្នុងជីវិតរបស់យើង។ បងស្រីគ្លែរ aដែលបានបម្រើនៅបេតអែលអស់រយៈពេលជាង២០ឆ្នាំ មិនដឹងថាជួយក្រុមគ្រួសាររបស់គាត់តាមរបៀបណាទេពេលពួកគេប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរមួយហើយមួយទៀត។ ឪពុករបស់គាត់មានជំងឺស្ទះសរសៃឈាមខួរក្បាល ប្អូនស្រីម្នាក់របស់គាត់បានត្រូវបណ្ដាច់មិត្តភាព ក្រុមគ្រួសាររបស់គាត់បានបាត់បង់មុខជំនួញតូច ហើយធនាគារបានរឹបអូសផ្ទះរបស់ពួកគេ។ តើព្រះយេហូវ៉ាបានបង្ហាញការយកចិត្តទុកដាក់ដ៏កក់ក្ដៅចំពោះពួកគេយ៉ាងដូចម្ដេច? បងគ្លែរនិយាយថា៖ «ព្រះយេហូវ៉ាធ្វើឲ្យប្រាកដថាក្រុមគ្រួសារខ្ញុំតែងតែមានអ្វីដែលត្រូវការរាល់ថ្ងៃ។ ច្រើនលើកច្រើនសារ អ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យគឺលើសពីអ្វីដែលខ្ញុំនឹកស្មានទៅទៀត! ខ្ញុំច្រើនតែគិតអំពីពេលដែលខ្ញុំទទួលសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅពីព្រះយេហូវ៉ា ហើយឲ្យតម្លៃចំពោះអនុស្សាវរីយ៍នោះ។ ការនឹកចាំទាំងនេះបានជួយខ្ញុំឲ្យបន្តដើរទៅមុខទៀតក្នុងអំឡុងគ្រាលំបាក»។
១៥. ហេតុអ្វីដាវីឌទទួលកម្លាំងចិត្តឡើងវិញ? (សូមមើលរូបភាពផងដែរ)
១៥ «លោកធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ»។ ជួនកាលដាវីឌតានតឹងចិត្ត ដោយសារបញ្ហានិងទុក្ខលំបាកទាំងអស់ដែលគាត់ជួបប្រទះ។ (ចសព. ១៨:៤-៦) ប៉ុន្តែ សេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ដ៏កក់ក្ដៅពីព្រះយេហូវ៉ាធ្វើឲ្យគាត់មានកម្លាំងចិត្តឡើងវិញ។ ព្រះយេហូវ៉ានាំមិត្តដ៏ល្វើយនេះទៅឯ«វាលស្មៅខៀវខ្ចី»និង«ទៅសម្រាកនៅកន្លែងមានទឹកបរិបូរ»។ ជាលទ្ធផល ដាវីឌទទួលកម្លាំងឡើងវិញ ហើយអាចបន្តទៅមុខទៀតបាន។—ចសព. ១៨:២៨-៣២
១៦. តើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបានធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញយ៉ាងដូចម្ដេច?
១៦ សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ «ដោយសារព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ទើបបានជាយើងមិនវិនាសសូន្យបាត់»ពេលជួបទុក្ខលំបាកនិងការពិបាកក្នុងជីវិត។ (បទំ. ៣:២២; កូឡ. ១:១១) សូមគិតអំពីគំរូរបស់បងស្រីរេឆឺល។ គាត់ឈឺចិត្តជាខ្លាំងពេលប្ដីគាត់បោះបង់ទាំងគាត់ទាំងព្រះយេហូវ៉ាក្នុងអំឡុងរោគរាតត្បាតជំងឺកូវីដ-១៩។ តើព្រះយេហូវ៉ាបានធ្វើអ្វីសម្រាប់គាត់? គាត់និយាយថា៖ «ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាខ្ញុំទទួលសេចក្ដីស្រឡាញ់។ លោកបានឲ្យមិត្តភក្ដិផ្សេងៗនៅក្បែរខ្ញុំ ហើយពួកគេចំណាយពេលជាមួយខ្ញុំ យកអាហារឲ្យខ្ញុំ ផ្ញើសារនិងបទគម្ពីរដ៏គួរឲ្យលើកទឹកចិត្ត ញញឹមដាក់ខ្ញុំ ហើយបន្តរំលឹកខ្ញុំថាព្រះយេហូវ៉ាកំពុងមើលថែខ្ញុំ។ ខ្ញុំអរគុណព្រះយេហូវ៉ាជានិច្ចដែលលោកផ្ដល់ក្រុមគ្រួសារដ៏ធំដែលប្រកបដោយសេចក្ដីស្រឡាញ់ឲ្យខ្ញុំ»។
១៧. ហេតុអ្វីដាវីឌ«មិនភ័យខ្លាច»?
១៧ «ខ្ញុំនឹងមិនភ័យខ្លាចឡើយ ព្រោះលោកនៅជាមួយនឹងខ្ញុំ»។ ជីវិតរបស់ដាវីឌច្រើនតែស្ថិតក្នុងគ្រោះថ្នាក់ ហើយគាត់មានសត្រូវដ៏ខ្លាំងក្លាជាច្រើន។ ក៏ប៉ុន្តែ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះគាត់បានជួយគាត់ឲ្យមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនិងទទួលការការពារ។ ដាវីឌដឹងថាព្រះយេហូវ៉ានៅជាមួយគាត់ក្នុងគ្រប់ស្ថានភាព ហើយនោះពង្រឹងទំនុកចិត្តរបស់គាត់។ យ៉ាងនេះ គាត់អាចច្រៀងថា៖ «[ព្រះយេហូវ៉ា]ជួយខ្ញុំមិនឲ្យភ័យខ្លាចអ្វីទាំងអស់»។ (ចសព. ៣៤:៤) ទោះជាពេលខ្លះដាវីឌភ័យខ្លាចយ៉ាងខ្លាំងក្ដី គាត់អាចយកឈ្នះការភ័យខ្លាចរបស់គាត់ ដោយសារគាត់ដឹងថាព្រះយេហូវ៉ាស្រឡាញ់គាត់។
១៨. តើតាមរបៀបណាការដឹងថាព្រះយេហូវ៉ាស្រឡាញ់អ្នកអាចពង្រឹងកម្លាំងអ្នកពេលដែលអ្នកភ័យខ្លាច?
១៨ តើការដឹងថាព្រះយេហូវ៉ាស្រឡាញ់យើងធ្វើឲ្យយើងមានកម្លាំងយ៉ាងដូចម្ដេចពេលយើងស្ថិតក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាច? អ្នកត្រួសត្រាយម្នាក់ឈ្មោះស៊ូស៊ីរៀបរាប់អំពីអារម្មណ៍របស់គាត់និងប្ដីគាត់ពេលកូនប្រុសរបស់ពួកគេសម្លាប់ខ្លួន។ គាត់និយាយថា៖ «ពេលរឿងដ៏ខ្លោចផ្សាបែបនេះកើតឡើងក្នុងជីវិត នោះមានឥទ្ធិពលយ៉ាងខ្លាំងលើយើង ហើយយើងគ្មានកម្លាំងធ្វើអ្វីសោះ។ ប៉ុន្តែ មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ព្រះយេហូវ៉ាបានធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានសុវត្ថិភាពនិងទទួលការការពារ»។ បងរេឆឺលដែលបានត្រូវរៀបរាប់នៅខាងលើ នឹកចាំថា៖ «នៅយប់មួយ ពេលខ្ញុំបារម្ភ ខ្លាច និងឈឺចិត្តជាខ្លាំង ខ្ញុំបានអធិដ្ឋានឮៗទៅព្រះយេហូវ៉ា។ ភ្លាមនោះ ខ្ញុំទទួលអារម្មណ៍ថាលោកបានធ្វើឲ្យខ្ញុំធូរចិត្តនិងស្ងប់ចិត្ត ដូចម្ដាយធ្វើសម្រាប់កូនតូចរបស់គាត់ ហើយខ្ញុំក៏ដេកលក់ទៅ។ ខ្ញុំនឹងចងចាំពេលនោះជានិច្ច»។ បងថាសុសដែលជាអ្នកចាស់ទុំម្នាក់បានជាប់គុកអស់រយៈពេលបួនឆ្នាំ ដោយសារគាត់មិនព្រមចូលធ្វើទាហាន។ តើគាត់បានទទួលសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ពីព្រះយេហូវ៉ាតាមរបៀបណា? គាត់និយាយថា៖ «ព្រះយេហូវ៉ាបានផ្គត់ផ្គង់ខ្ញុំលើសពីអ្វីដែលខ្ញុំត្រូវការទៅទៀត។ នេះបានពង្រឹងទំនុកចិត្តខ្ញុំថាខ្ញុំអាចទុកចិត្តទាំងស្រុងទៅលើលោក។ ណាមួយទៀត តាមរយៈឫទ្ធានុភាពរបស់លោក ព្រះយេហូវ៉ាបានធ្វើឲ្យខ្ញុំមានអំណរ ទោះជាខ្ញុំនៅក្នុងបរិយាកាសដែលធ្វើឲ្យធ្លាក់ទឹកចិត្តក្ដី។ នេះបានជួយខ្ញុំឲ្យឃើញថាកាលដែលខ្ញុំកាន់តែទុកចិត្តព្រះយេហូវ៉ា ខ្ញុំនឹងកាន់តែមានអារម្មណ៍ថាលោកស្រឡាញ់ខ្ញុំ។ ដូច្នេះ ខ្ញុំចាប់ផ្ដើមបម្រើលោកជាអ្នកត្រួសត្រាយពេញពេលក្នុងអំឡុងពេលជាប់គុក»។
ចូរចូលទៅជិតព្រះរបស់អ្នកដែលមានមនោសញ្ចេតនា
១៩. (ក) តើការដឹងថាព្រះស្រឡាញ់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើពាក្យអធិដ្ឋានរបស់យើង? (ខ) តើការរៀបរាប់មួយណាអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាមានឥទ្ធិពលលើអ្នកផ្ទាល់? (សូមមើលប្រអប់ដែលមានចំណងជើងថា « ពាក្យដែលជួយយើងឲ្យដឹងអំពីសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅរបស់ព្រះយេហូវ៉ា»)
១៩ បទពិសោធន៍ដែលយើងបានពិចារណាបង្ហាញថាព្រះយេហូវ៉ាដែលជា«ព្រះនៃសេចក្ដីស្រឡាញ់»គឺនៅជាមួយយើង។ (២កូ. ១៣:១១) លោកចាប់អារម្មណ៍នឹងយើងម្នាក់ៗ។ យើងជឿជាក់ថាយើង«រមែងទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ពីលោក»។ (ចសព. ៣២:១០) កាលដែលយើងកាន់តែរំពឹងគិតអំពីរបៀបដែលលោកបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើង យើងកាន់តែមានអារម្មណ៍ថាលោកជាបុគ្គលពិត ហើយយើងចូលកាន់តែជិតលោក។ យើងក៏អាចអធិដ្ឋានទៅលោកដោយគ្មានការភ័យខ្លាច ហើយប្រាប់លោកថាយើងត្រូវការសេចក្ដីស្រឡាញ់របស់លោកយ៉ាងខ្លាំង។ យើងអាចប្រាប់លោកអំពីទុក្ខកង្វល់ទាំងអស់ដោយមានទំនុកចិត្តថាលោកយល់អារម្មណ៍របស់យើង ហើយចង់ជួយយើង។—ចសព. ១៤៥:១៨, ១៩
២០. តើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានាំឲ្យយើងចូលទៅជិតលោកយ៉ាងដូចម្ដេច?
២០ ដូចយើងចង់នៅក្បែរភ្នក់ភ្លើងនៅថ្ងៃត្រជាក់ យើងចង់ចូលទៅជិតព្រះយេហូវ៉ាដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅ។ ទោះជាសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាគឺខ្លាំងក្លាក្ដី សេចក្ដីស្រឡាញ់នោះក៏ថ្នាក់ថ្នមប្រកបដោយមនោសញ្ចេតនាដែរ។ ដូច្នេះ សូមអរសប្បាយដោយសារព្រះយេហូវ៉ាស្រឡាញ់អ្នក។ ម្យ៉ាងទៀត សូមយើងទាំងអស់គ្នាតបឆ្លើយចំពោះសេចក្ដីស្រឡាញ់របស់លោក ដោយនិយាយថា៖ «ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា»។—ចសព. ១១៦:១
តើអ្នកនឹងឆ្លើយយ៉ាងណា?
-
តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា?
-
ហេតុអ្វីអ្នកអាចជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់អ្នកខ្លាំងណាស់?
-
តើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានាំឲ្យអ្នកមានអារម្មណ៍យ៉ាងណា?
ចម្រៀងលេខ១០៨ សេចក្ដីស្រឡាញ់ស្មោះត្រង់របស់ព្រះ
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។