តើលោកអ្នកដឹងឬទេ?
តើមន្ត្រីជាន់ខ្ពស់ជនជាតិអេត្យូពីកំពុងជិះយានជំនិះបែបណាពេលភីលីពជួបគាត់?
ពាក្យ«រទេះ»ក្នុងសេចក្ដីបកប្រែពិភពលោកថ្មី អាចសំដៅលើយានជំនិះមួយចំនួន។ (សកម្ម. ៨:២៨, ២៩, ៣៨) ប៉ុន្តែតាមមើលទៅ បុរសជនជាតិអេត្យូពីម្នាក់នេះកំពុងជិះយានជំនិះដែលធំជាងរទេះតូចដែលគេប្រើក្នុងចម្បាំងឬដើម្បីប្រណាំង។ សូមគិតអំពីមូលហេតុខ្លះដែលយើងអាចសន្និដ្ឋានដូច្នេះ។
បុរសជនជាតិអេត្យូពីគឺជាមន្ត្រីជាន់ខ្ពស់ដែលបានធ្វើដំណើរឆ្ងាយ។ គាត់គឺជាមន្ត្រីរបស់«មហាក្សត្រីអេត្យូពីឈ្មោះខាន់ឌីស។ គាត់មានអំណាច ហើយជាអ្នកមើលការខុសត្រូវលើឃ្លាំងទ្រព្យទាំងអស់របស់មហាក្សត្រី»។ (សកម្ម. ៨:២៧) ស្រុកអេត្យូពីនៅសម័យបុរាណ រួមបញ្ចូលទឹកដីដែលសព្វថ្ងៃនេះគេហៅថាប្រទេសស៊ូដង់ និងភាគខាងត្បូងបំផុតនៃប្រទេសអេហ្ស៊ីប។ ទោះជាបុរសនេះប្រហែលជាមិនបានប្រើយានជំនិះតែមួយក្នុងការធ្វើដំណើរទាំងមូលរបស់គាត់ក្ដី គាត់ច្បាស់ជាបានយកអីវ៉ាន់ជាច្រើនដើម្បីធ្វើដំណើរយ៉ាងឆ្ងាយនេះ។ យានជំនិះខ្លះនៅសតវត្សរ៍ទី១ដែលគេប្រើដើម្បីដឹកអ្នកដំណើរ គឺរទេះដែលមានកង់បួននិងមានដំបូល។ សៀវភៅមួយដែលពន្យល់អំពីសៀវភៅសកម្មភាពចែងថា៖ «រទេះបែបនេះមានកន្លែងដាក់អីវ៉ាន់ធំជាង ជួយឲ្យធ្វើដំណើរស្រួលជាង ហើយប្រហែលជាអាចជួយអ្នកដំណើរឲ្យធ្វើដំណើរបានឆ្ងាយជាង»។ (Acts—An Exegetical Commentary)
បុរសជនជាតិអេត្យូពីកំពុងអានពេលភីលីពជួបគាត់។ កំណត់ហេតុក្នុងគម្ពីរនោះចែងថា៖ «ភីលីពក៏រត់ទៅទន្ទឹមរទេះនោះ ហើយឮ[មន្ត្រីជាន់ខ្ពស់]កំពុងអានឮៗពីសៀវភៅអេសាយជាអ្នកប្រកាសទំនាយ»។ (សកម្ម. ៨:៣០) រទេះធ្វើដំណើរមិនបានត្រូវបង្កើតឡើងដើម្បីធ្វើដំណើរលឿនទេ។ ដោយសាររទេះនេះធ្វើដំណើរយឺតជាង មន្ត្រីជាន់ខ្ពស់នេះអាចអាននៅលើរទេះនោះបាន ហើយភីលីពក៏អាចរត់ទាន់នឹងរទេះនោះបានដែរ។
បុរសជនជាតិអេត្យូពីនេះបាន«ទទូចឲ្យភីលីពឡើងអង្គុយជាមួយនឹងគាត់»។ (សកម្ម. ៨:៣១) តាមធម្មតា ពួកអ្នកជិះរទេះប្រណាំងឈរក្នុងរទេះនោះ។ ប៉ុន្តែក្នុងរទេះធ្វើដំណើរមានកន្លែងធំល្មមឲ្យមន្ត្រីជាន់ខ្ពស់និងភីលីពអង្គុយ។
សមស្របតាមកំណត់ហេតុនៅសកម្មភាព ជំពូក៨ដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ និងភ័ស្តុតាងដែលយើងមានពីប្រវត្ដិសាស្ត្រ សៀវភៅរបស់យើងថ្មីៗនេះមានរូបភាពដែលបង្ហាញអំពីមន្ត្រីជាន់ខ្ពស់ជនជាតិអេត្យូពីជិះរទេះធំ ជាជាងរទេះតូចដែលគេប្រើក្នុងចម្បាំងឬដើម្បីប្រណាំង។