លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៣

ចម្រៀង​លេខ​៣៥ ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»​

ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

«​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ទី​ចាប់​ផ្ដើម​នៃ​ប្រាជ្ញា ហើយ​ការ​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត នាំ​ឲ្យ​មាន​ការ​យល់​ដឹង​»។សុភ. ៩:១០

ចំណុច​ផ្ដោត

របៀប​ប្រើ​ចំណេះ ការ​យល់​ដឹង និង​សមត្ថភាព​វែក​ញែក​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ។

១. តើ​យើង​ទាំង​អស់​គ្នា​មាន​ការ​ពិបាក​អ្វី?

 ជា​រៀង​រាល់​ថ្ងៃ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត។ ការ​សម្រេច​ចិត្ត​ខ្លះ​គឺ​ស្រួល ដូច​ជា​អ្វី​ដែល​យើង​នឹង​បរិភោគ​សម្រាប់​អាហារ​ពេល​ព្រឹក ឬ​ចូល​គេង​ម៉ោង​ប៉ុន្មាន។ រីឯ​ការ​សម្រេច​ចិត្ត​ខ្លះ​ទៀត គឺ​មិន​សូវ​ស្រួល​ទេ។ ការ​សម្រេច​ចិត្ត​ទាំង​នោះ​ប្រហែល​ជា​ប៉ះ​ពាល់​ដល់​សុខភាព សុភមង្គល មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ យើង​ចង់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ផ្ដល់​ប្រយោជន៍​ដល់​យើង​និង​ក្រុម​គ្រួសារ​របស់​យើង។ សំខាន់​បំផុត យើង​សង្ឃឹម​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—រ៉ូម ១២:១, ២

២. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ?

អ្នក​ទំនង​ជា​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​បើ​អ្នក (​១​) រក​ព័ត៌មាន (​២​) គិត​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នោះ និង​(​៣​) ថ្លឹង​ថ្លែង​អំពី​ជម្រើស​ផ្សេង​ៗ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ទាំង​បី​នេះ​ដែល​យើង​ត្រូវ​ធ្វើ។ អត្ថបទ​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ឃើញ​របៀប​ដែល​យើង​អាច​បង្វឹក​បង្ហាត់​សមត្ថភាព​វែក​ញែក​របស់​យើង។—សុភ. ២:១១

ចូរ​រក​ព័ត៌មាន

៣. សូម​លើក​ឧទាហរណ៍​អំពី​មូលហេតុ​ដែល​អ្នក​ត្រូវ​រក​ព័ត៌មាន​មុន​ធ្វើ​ការ​សម្រេច​ចិត្ត។

អ្វី​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​គឺ​រក​ព័ត៌មាន។ ហេតុ​អ្វី​នោះ​គឺ​សំខាន់? សូម​ស្រមៃ​ថា អ្នក​ជំងឺ​ម្នាក់​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ទៅ​ជួប​គ្រូ​ពេទ្យ។ តើ​គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​របៀប​ព្យាបាល​ដោយ​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​មិន​សួរ​សំណួរ​ផ្សេង​ៗ​ជា​មុន​សិន​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ។ ស្រដៀង​គ្នា​ដែរ អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង បើ​អ្នក​ពិចារណា​ព័ត៌មាន​ដែល​ជាប់​ទាក់​ទង​នឹង​ស្ថានភាព​របស់​អ្នក​ជា​មុន​សិន។ តើ​អ្នក​អាច​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច?

៤. ស្រប​តាម​សុភាសិត ១៨:១៣ ដើម្បី​រក​ព័ត៌មាន តើ​អ្នក​អាច​ធ្វើ​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ដើម្បី​រក​ព័ត៌មាន​ដែល​យើង​ចង់​បាន យើង​អាច​សួរ​សំណួរ។ ជា​ឧទាហរណ៍ សូម​ស្រមៃ​ថា​អ្នក​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​សេព​គប់​គ្នា​មួយ។ តើ​អ្នក​គួរ​ចូល​រួម​ឬ​ទេ? បើ​អ្នក​មិន​ស្គាល់​ម្ចាស់​កម្ម​វិធី​ឬ​មិន​ស្គាល់​អ្វី​ដែល​គាត់​បាន​រៀប​ចំ​សម្រាប់​កម្ម​វិធី​នោះ អ្នក​នឹង​ត្រូវ​សួរ​គាត់​នូវ​សំណួរ​ដូច​ជា​៖ ​«​តើ​កម្ម​វិធី​នោះ​នឹង​ធ្វើ​ឡើង​កន្លែង​ណា ហើយ​នៅ​ពេល​ណា? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូល​រួម? តើ​អ្នក​ណា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​កម្ម​វិធី​នោះ? តើ​អ្នក​ណា​ខ្លះ​នឹង​ចូល​រួម? តើ​មាន​គម្រោង​ធ្វើ​អ្វី​ខ្លះ​ក្នុង​កម្ម​វិធី​នោះ? តើ​កម្ម​វិធី​នោះ​មាន​ស្រា​ឬ​ទេ?​»។ ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។—សូម​អាន សុភាសិត ១៨:១៣

ចូរ​ស្វែង​រក​ព័ត៌មាន​ដោយ​សួរ​សំណួរ ​(​សូម​មើល​វគ្គ​៤​)​ a


៥. តើ​អ្នក​គួរ​ធ្វើ​អ្វី​ក្រោយ​ពី​អ្នក​ស្គាល់​ព័ត៌មាន​ផ្សេង​ៗ​?

បន្ទាប់​មក ក្រោយ​ពី​អ្នក​ស្គាល់​ព័ត៌មាន សូម​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានភាព​នោះ​ទាំង​មូល។ ជា​ឧទាហរណ៍ ចុះ​បើ​អ្នក​ដឹង​ថា​បុគ្គល​ដែល​ចូល​រួម​កម្ម​វិធី​នោះ​មិន​មែន​ជា​អ្នក​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ឬ​ស្គាល់​ថា​នឹង​មាន​ស្រា ប៉ុន្តែ​គ្មាន​អ្នក​ណា​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ចូល​រួម​មិន​ផឹក​ស្រា​ហួស​ប្រមាណ? តើ​អ្នក​គិត​ថា​កម្ម​វិធី​នោះ​ប្រហែល​ជា​នឹង​ទៅ​ជា​ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត​ឬ​ទេ? (​១ពេ. ៤:៣​) ម្យ៉ាង​ទៀត តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​កម្ម​វិធី​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ខាន​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ឬ​មិន​អាច​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ? ពេល​អ្នក​គិត​អំពី​ព័ត៌មាន​ទាំង​អស់​ដែល​ជាប់​ទាក់​ទង​នឹង​ស្ថានភាព​នោះ អ្នក​នឹង​កាន់​តែ​ស្រួល​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ប៉ុន្តែ មាន​អ្វី​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ។ អ្នក​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ស្ថាន​នោះ តែ​តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា?—សុភ. ២:៦

សូម​គិត​ពិចារណា​អំពី​ទស្សនៈ​ព្រះ​យេហូវ៉ា

៦. យោង​ទៅ​តាម​យ៉ាកុប ១:៥ ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា?

សូម​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​យល់​ទស្សនៈ​របស់​លោក។ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ឲ្យ​ប្រាជ្ញា​ដល់​យើង ដើម្បី​ស្វែង​យល់​ថា​ការ​សម្រេច​ចិត្ត​ណា​មួយ​នឹង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត។ លោក​ឲ្យ​ប្រាជ្ញា​បែប​នោះ​«​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្ដី​បន្ទោស​ឡើយ​»។—សូម​អាន យ៉ាកុប ១:៥

៧. តើ​អ្នក​អាច​រៀន​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។

បន្ទាប់​ពី​អ្នក​បាន​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា សូម​ស្វែង​យល់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចម្លើយ​របស់​លោក។ ជា​ឧទាហរណ៍ បើ​អ្នក​វង្វេង​ផ្លូវ​ពេល​កំពុង​ធ្វើ​ដំណើរ អ្នក​ប្រហែល​ជា​សុំ​ជំនួយ​ពី​អ្នក​ដែល​រស់​នៅ​តំបន់​នោះ។ ប៉ុន្តែ តើ​អ្នក​នឹង​ដើរ​ចេញ​មុន​គាត់​មាន​ឱកាស​ប្រាប់​ផ្លូវ​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ។ អ្នក​នឹង​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ណែនាំ​របស់​គាត់។ ស្រដៀង​គ្នា​ដែរ ក្រោយ​ពី​អ្នក​សុំ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា សូម​ព្យាយាម​ស្វែង​យល់​ចម្លើយ​របស់​លោក ដោយ​ស្វែង​រក​ច្បាប់​និង​គោល​ការណ៍​គម្ពីរ​ដែល​ជាប់​ទាក់​ទង​នឹង​ស្ថានភាព​របស់​អ្នក។ ជា​ឧទាហរណ៍ ពេល​អ្នក​សម្រេច​ចិត្ត​ថា​ចូល​រួម​ឬ​មិន​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​សេព​គប់​គ្នា​ដូច​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ អ្នក​ប្រហែល​ជា​គិត​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ការ​សេព​គប់​អាក្រក់ និង​សារៈ​សំខាន់​នៃ​ការ​ចាត់​ទុក​កិច្ច​ការ​រាជា​ណា​ក្រ​ថា​សំខាន់​ជាង​ចំណង​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន។—ម៉ាថ. ៦:៣៣; រ៉ូម ១៣:១៣; ១កូ. ១៥:៣៣

៨. ចុះ​យ៉ាង​ណា​បើ​អ្នក​ត្រូវ​ការ​ជំនួយ​ដើម្បី​ស្វែង​រក​ព័ត៌មាន​ដែល​អ្នក​ត្រូវ​ការ តើ​អ្នក​អាច​ធ្វើ​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ប៉ុន្តែ ជួន​កាល​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​រក​ព័ត៌មាន​ដែល​អ្នក​ត្រូវ​ការ។ អ្នក​ប្រហែល​ជា​នឹង​ទទួល​យោបល់​ពី​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អ្នក​ក៏​នឹង​ទទួល​ប្រយោជន៍​បើ​អ្នក​ធ្វើ​ការ​ស្រាវ​ជ្រាវ​ផ្ទាល់​ខ្លួន។ នៅ​ក្នុង​ឧបករណ៍​ស្រាវ​ជ្រាវ​ផ្សេង​ៗ​របស់​យើង​មាន​ព័ត៌មាន​ជា​ច្រើន ដូច​ជា​នៅ​ក្នុង​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា និង​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក។ សូម​ចាំ​ថា​គោល​ដៅ​របស់​អ្នក គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

ចូរ​គិត​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ​(​សូម​មើល​វគ្គ​៨​)​ b


៩. តើ​យើង​អាច​ប្រាកដ​យ៉ាង​ណា​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត? (​អេភេសូរ ៥:១៧​)

តើ​យើង​អាច​ប្រាកដ​យ៉ាង​ណា​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត? ដំបូង យើង​ត្រូវ​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់។ គម្ពីរ​ចែង​ថា​៖ ​«​ការ​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត នាំ​ឲ្យ​មាន​ការ​យល់​ដឹង​»។ (​សុភ. ៩:១០​) មែន​ហើយ ការ​យល់​ដឹង​ពិត​ប្រាកដ​គឺ​មក​ពី​ការ​ស្គាល់​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា គោល​បំណង​របស់​លោក និង​អ្វី​ដែល​លោក​ស្រឡាញ់​ឬ​ស្អប់។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តាម​អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​ព្រះ​យេហូវ៉ា តើ​ខ្ញុំ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​ណា​ដើម្បី​នាំ​ឲ្យ​លោក​ពេញ​ចិត្ត?›។—សូម​អាន អេភេសូរ ៥:១៧

១០. ហេតុ​អ្វី​គោល​ការណ៍​គម្ពីរ​គឺ​សំខាន់​ជាង​ទំនៀម​ទម្លាប់ ក្រុម​គ្រួសារ ឬ​វប្បធម៌?

១០ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ជួន​កាល​យើង​ត្រូវ​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​បុគ្គល​ដែល​យើង​ជិត​ស្និទ្ធ​ខក​ចិត្ត។ ជា​ឧទាហរណ៍ ដោយ​មាន​បំណង​ចិត្ត​ល្អ ឪពុក​ម្ដាយ​ខ្លះ​ព្យាយាម​បង្ខិត​បង្ខំ​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​រៀប​ការ​ជា​មួយ​បុរស​អ្នក​មាន​ម្នាក់ ឬ​អ្នក​ដែល​អាច​ជូន​បណ្ណាការ​ខ្ពស់ ទោះ​ជា​បុរស​នោះ​មាន​ជំនឿ​ខ្សោយ​ក៏​ដោយ។ ពិត​មែន​ថា ពួក​គេ​ចង់​ឲ្យ​កូន​ស្រី​របស់​ពួក​គេ​មាន​ជីវិត​សុខ​ស្រួល ប៉ុន្តែ​តើ​អ្នក​ណា​នឹង​ជួយ​នាង​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា? តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រឿង​នេះ? យើង​អាច​ឃើញ​ចម្លើយ​នៅ​ម៉ាថាយ ៦:៣៣។ នៅ​ទី​នោះ លោក​យេស៊ូ​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​‹បន្ត​ស្វែង​រក​រាជាណាចក្រ​ជា​មុន›។ ទោះ​បី​ជា​យើង​ឲ្យ​កិត្តិយស​ឪពុក​ម្ដាយ​យើង និង​គោរព​មនុស្ស​ក្នុង​សហគមន៍​របស់​យើង​ក្ដី អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង​គឺ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

ចូរ​ថ្លឹង​ថ្លែង​អំពី​ជម្រើស​ផ្សេង​ៗ​

១១. តើ​គុណ​សម្បត្តិ​អ្វី​នៅ​ភីលីព ១:៩, ១០ នឹង​ជួយ​អ្នក​ឲ្យ​ថ្លឹង​ថ្លែង​អំពី​ជម្រើស​របស់​អ្នក?

១១ បន្ទាប់​ពី​អ្នក​បាន​គិត​ពិចារណា​អំពី​គោល​ការណ៍​គម្ពីរ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​អ្នក អ្នក​ត្រូវ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ជម្រើស​ផ្សេង​ៗ។ (​សូម​អាន ភីលីព ១:៩, ១០) សមត្ថភាព​វែក​ញែក​នឹង​ជួយ​អ្នក​ឲ្យ​ស្វែង​យល់​អំពី​លទ្ធផល​ផ្សេង​ៗ​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង​ចំពោះ​ជម្រើស​នីមួយ​ៗ។ ជួន​កាល គឺ​ងាយ​ស្រួល​ធ្វើ​ការ​សម្រេច​ចិត្ត។ ប៉ុន្តែ មិន​មែន​ការ​សម្រេច​ចិត្ត​ទាំង​អស់​សុទ្ធ​តែ​ងាយ​ស្រួល​នោះ​ទេ។ សមត្ថភាព​វែក​ញែក​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ សូម្បី​តែ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​ស្មុគ​ស្មាញ​ក៏​ដោយ។

១២​-​១៣. តើ​តាម​របៀប​ណា​សមត្ថភាព​វែក​ញែក​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ស្ដី​អំពី​ការ​ងារ?

១២ សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​នេះ។ អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​អ្នក។ បន្ទាប់​មក អ្នក​រក​ឃើញ​ឱកាស​ការ​ងារ​ពីរ។ ដូច្នេះ អ្នក​គិត​អំពី​ព័ត៌មាន​ផ្សេង​ៗ​ដូច​ជា តើ​នោះ​ជា​ការ​ងារ​បែប​ណា មាន​ម៉ោង​ធ្វើ​ការ​បែប​ណា និង​ត្រូវ​ធ្វើ​ដំណើរ​យូរ​ប៉ុណ្ណា​ជា​ដើម។ ការ​ងារ​ទាំង​ពីរ​នោះ​គឺ​មិន​ខុស​ពី​គោល​ការណ៍​គម្ពីរ​ទេ។ អ្នក​ប្រហែល​ជា​ចូល​ចិត្ត​ការ​ងារ​ណា​មួយ ដោយ​សារ​អ្នក​ចូល​ចិត្ត​ការ​ងារ​បែប​នោះ ឬ​ដោយ​សារ​ការ​ងារ​នោះ​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​ជាង។ ប៉ុន្តែ មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវ​គិត​មុន​ធ្វើ​ការ​សម្រេច​ចិត្ត។

១៣ ជា​ឧទាហរណ៍ តើ​ការ​ងារ​ណា​មួយ​នឹង​ប៉ះ​ពាល់​ដល់​ការ​ចូល​រួម​កិច្ច​ប្រជុំ​ឬ​ទេ? តើ​ការ​ងារ​ណា​មួយ​នឹង​កាត់​បន្ថយ​ពេល​វេលា​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​ភាព​កក់​ក្ដៅ មាន​សុភមង្គល និង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ឬ​ទេ? សំណួរ​បែប​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចាត់​ទុក​«​ការ​អ្វី​ដែល​សំខាន់​ជាង​»​ ពោល​គឺ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​និង​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​អ្នក​ជា​មុន ជា​ជាង​ការ​រក​លុយ។ បន្ទាប់​មក អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ។

១៤. តើ​ការ​ប្រើ​សមត្ថភាព​វែក​ញែក​និង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល?

១៤ សមត្ថភាព​វែក​ញែក​ក៏​ជួយ​យើង​ឲ្យ​ចេះ​ពិចារណា​ថា តើ​ការ​សម្រេច​ចិត្ត​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ឯ​ទៀត ដើម្បី​ជួយ​យើង​ជៀស​វាង​ពី​ការ​«​ធ្វើ​ឲ្យ​អ្នក​ណា​ជំពប់​ដួល​»។ (​ភី. ១:១០​) នេះ​គឺ​សំខាន់​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ចូល​ចិត្ត​ម៉ូត​សម្លៀក​បំពាក់​សម្អិត​សម្អាង​ខ្លួន​បែប​ណា​មួយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​នោះ​ធ្វើ​ឲ្យ​បុគ្គល​នៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ​ក្រុម​ជំនុំ​ទើស​ចិត្ត? សមត្ថភាព​វែក​ញែក​នឹង​ជួយ​យើង​ឲ្យ​ចេះ​គិត​អំពី​អារម្មណ៍​របស់​ពួក​គេ។ សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​គិត​អំពី​ប្រយោជន៍​«​អ្នក​ឯ​ទៀត​»​ ហើយ​មាន​ចិត្ត​សុភាព។ (​១កូ. ១០:២៣, ២៤, ៣២; ១ធី. ២:៩, ១០​)។ ក្រោយ​មក យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​យើង និង​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត។

១៥. តើ​អ្នក​គួរ​គិត​អំពី​អ្វី​មុន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់?

១៥ បើ​អ្នក​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ សូម​គិត​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ប្រព្រឹត្ត​ស្រប​តាម​ការ​សម្រេច​ចិត្ត​នោះ។ លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​«​គិត​គូរ​ជា​មុន​សិន​»។ (​លូក. ១៤:២៨​) ដូច្នេះ សូម​គិត​ពិចារណា​អំពី​ពេល​វេលា ធន​ធាន និង​កម្លាំង​ដែល​អ្នក​នឹង​ត្រូវ​ការ​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នោះ។ ក្នុង​ករណី​ខ្លះ អ្នក​ប្រហែល​ជា​នឹង​និយាយ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​អំពី​អ្វី​ដែល​សមាជិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​ដើម្បី​គាំទ្រ​ការ​សម្រេច​ចិត្ត​នោះ។ ហេតុ​អ្វី​ការ​គិត​ពិចារណា​បែប​នេះ​មាន​ប្រយោជន៍? ដោយ​សារ​ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ថា ការ​សម្រេច​ចិត្ត​របស់​អ្នក​ត្រូវ​ការ​ការ​កែ​ប្រែ​ណា​ខ្លះ ឬ​ថា​ការ​សម្រេច​ចិត្ត​ផ្សេង​ទៀត​គឺ​ល្អ​ជាង។ បន្ថែម​ទៅ​ទៀត ពេល​អ្នក​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​រួម​ចំណែក​ក្នុង​រឿង​នេះ ហើយ​ស្ដាប់​យោបល់​របស់​ពួក​គេ នោះ​ពួក​គេ​នឹង​កាន់​តែ​ចង់​សហការ​ជា​មួយ​អ្នក​ដើម្បី​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​នោះ​ទទួល​លទ្ធផល​ល្អ។—សុភ. ១៥:២២

ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​នាំ​ឲ្យ​ទទួល​លទ្ធផល​ល្អ

១៦. តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​»​)

១៦ បើ​អ្នក​បាន​ធ្វើ​តាម​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​រួច​ហើយ អ្នក​ត្រៀម​ខ្លួន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ អ្នក​បាន​ប្រមូល​ព័ត៌មាន​និង​ពិនិត្យ​ពិចារណា​គោល​ការណ៍​គម្ពីរ​ដែល​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ឥឡូវ អ្នក​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទទួល​លទ្ធផល​ល្អ។

១៧. តើ​អ្វី​ជា​គន្លឹះ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ?

១៧ ទោះ​បី​ជា​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ដែល​ទទួល​បាន​លទ្ធផល​ល្អ​នៅ​អតីតកាល​ក្ដី សូម​ចាំ​ថា​គន្លឹះ​នៃ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​គឺ​ដោយ​ពឹង​ផ្អែក​លើ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា មិន​មែន​លើ​ចំណេះ ឬ​បទ​ពិសោធន៍​របស់​ខ្លួន​ទេ។ មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​អ្នក​នូវ​ចំណេះ ការ​យល់​ដឹង និង​សមត្ថភាព​វែក​ញែក​ដ៏​ពិត​ដែល​ជា​លក្ខណៈ​ផ្សេង​ៗ​នៃ​ប្រាជ្ញា។ (​សុភ. ២:១​-​៥​) ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ត។—ចសព. ២៣:២, ៣

ចម្រៀង​លេខ​២៨ ការ​ចង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

a ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ប្អូន​ប្រុស​ស្រី​វ័យ​ក្មេង​និយាយ​អំពី​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​កម្ម​វិធី​ជប់​លៀង​ដែល​ពួក​គេ​បាន​ទទួល​តាម​ទូរស័ព្ទ។

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ ប្អូន​ប្រុស​ម្នាក់​ធ្វើ​ការ​ស្រាវ​ជ្រាវ​មុន​សម្រេច​ចិត្ត​ថា ចូល​រួម​ឬ​មិន​ចូល​រួម​កម្ម​វិធី​ជប់​លៀង​នោះ។