លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ១

ចម្រៀង​លេខ​២ នាម​លោក​គឺ​យេហូវ៉ា

ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា

ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២៥:«​ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក​»។ចសព. ៩៦:៨

ចំណុច​ផ្ដោត

យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក។

១. តើ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី?

 តើ​អ្នក​បាន​កត់​សម្គាល់​ទេ​ថា​នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ច្រើន​តែ​គិត​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន? ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​លេច​ធ្លោ និង​អួត​អំពី​អ្វី​ដែល​ពួក​គេ​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ មាន​មនុស្ស​តិច​ណាស់​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ថា​តើ​ការ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា? តើ​អ្វី​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ដូច្នោះ? យើង​ក៏​នឹង​រៀន​ដែរ​អំពី​របៀប​ដែល​យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក និង​របៀប​ដែល​លោក​ផ្ទាល់​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​ទទួល​ការ​សរសើរ​តម្កើង​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ។

តើ​ការ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា?

២. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សិរី​រុង​រឿង​របស់​លោក​នៅ​ភ្នំ​ស៊ីណាយ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាពផង​ដែរ​)

គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​រុង​រឿង​អស្ចារ្យ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សិរី​រុង​រឿង​របស់​លោក​តាម​របៀប​ដ៏​អស្ចារ្យ មិន​យូរ​ក្រោយ​ពី​លោក​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប។ សូម​ស្រមៃ​គិត ជន​ជាតិ​អ៊ីស្រាអែល​រាប់​លាន​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ជើង​ភ្នំ​ស៊ីណាយ​ដើម្បី​ជួប​ព្រះ​របស់​ពួក​គេ។ នៅ​លើ​ភ្នំ​នោះ មាន​ពពក​ក្រាស់​ខ្មៅ​ងងឹត។ ភ្លាម​ៗ​ភ្នំ​បាន​ញ័រ​រញ្ជួយ​យ៉ាង​ខ្លាំង និង​មាន​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ឡើង ហើយ​នៅ​ដំណាល​គ្នា​នោះ​មាន​សំឡេង​ផ្គរ​លាន់ រន្ទះ​បាញ់ ព្រម​ទាំង​សំឡេង​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​រន្ថាន់។ (​ដច. ១៩:១៦​-​១៨; ២៤:១៧; ចសព. ៦៨:៨​) ពេល​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ៗ​ទាំង​នោះ ជន​ជាតិ​អ៊ីស្រាអែល​ច្បាស់​ជា​នឹក​អស្ចារ្យ​យ៉ាង​ខ្លាំង​ចំពោះ​ឫទ្ធានុភាព​របស់​លោក។

នៅ​ភ្នំ​ស៊ីណាយ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សិរី​រុង​រឿង​ដ៏​អង់អាច​របស់​លោក​ដល់​ជន​ជាតិ​អ៊ីស្រាអែល (​សូម​មើល​វគ្គ​២​)​


៣. តើ​យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

ចុះ​យ៉ាង​ណា​មនុស្សជាតិ? តើ​យើង​ពិត​ជា​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឬ​ទេ? យើង​អាច​ធ្វើ​បាន។ របៀប​មួយ​ដែល​យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​គឺ​ដោយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ឫទ្ធានុភាព​ដ៏​អស្ចារ្យ​របស់​លោក និង​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​លោក។ យើង​ក៏​សរសើរ​តម្កើង​ព្រះ​ដែរ ពេល​ដែល​យើង​ឲ្យ​កិត្តិយស​លោក​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ជួយ​យើង​ឲ្យ​សម្រេច។ (​អេ. ២៦:១២​) ស្ដេច​ដាវីឌ​គឺ​ជា​គំរូ​ល្អ​មួយ​ក្នុង​ការ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ ក្នុង​សេចក្ដី​អធិដ្ឋាន​មួយ​របស់​គាត់​នៅ​ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រាអែល ដាវីឌ​បាន​និយាយ​ទៅ​ព្រះ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម ជា​ព្រះ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។ លោក​មាន​សិរី​រុង​រឿង​និង​កិត្តិយស ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​សួគ៌ និង​ផែន​ដី​សុទ្ធ​តែ​ជា​របស់​លោក​»។ ក្រោយ​ដាវីឌ​អធិដ្ឋាន​ចប់ ​«​បណ្ដា​ជន​ទាំង​អស់​ក៏​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​»។—១ប្រ. ២៩:១១, ២០

៤. តើ​លោក​យេស៊ូ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​លើក​តម្កើង​បិតា​លោក​ដោយ​ប្រាប់​មនុស្ស​ថា​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​គឺ​មក​ពី​បិតា​របស់​លោក។ (​ម៉ាក. ៥:១៨​-​២០​) របៀប​ដែល​លោក​យេស៊ូ​និយាយ​អំពី​បិតា​របស់​លោក និង​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត ក៏​លើក​តម្កើង​ព្រះ​យេហូវ៉ា។ នៅ​ពេល​មួយ លោក​យេស៊ូ​បាន​បង្រៀន​នៅ​សាលា​ប្រជុំ។ ក្នុង​ចំណោម​អ្នក​ស្ដាប់ មាន​ស្ត្រី​ម្នាក់​មាន​វិញ្ញាណ​កំណាច​ចូល​អស់​១៨​ឆ្នាំ។ វិញ្ញាណ​កំណាច​នោះ​បាន​ធ្វើ​ទុក្ខ​នាង ហើយ​ធ្វើ​ឲ្យ​នាង​កោង​ខ្នង​មិន​អាច​ងើប​ត្រង់​បាន។ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​នាង​ពិបាក​ខ្លាំង​ណាស់! ដោយ​ចិត្ត​អាណិត​អាសូរ​លោក​យេស៊ូ​បាន​ទៅ​ជួប​ស្ត្រី​នោះ ហើយ​និយាយ​ទៅ​កាន់​នាង​យ៉ាង​សប្បុរស​ថា​៖ ​«​នាង​អើយ នាង​បាន​ត្រូវ​រំដោះ​ពី​ជំងឺ​របស់​នាង​ហើយ​»។ ក្រោយ​មក លោក​បាន​ដាក់​ដៃ​លើ​នាង រួច​ស្ត្រី​នោះ​ងើប​ត្រង់​ភ្លាម ហើយ​«​ចាប់​ផ្ដើម​លើក​តម្កើង​ព្រះ​»​ទាំង​មាន​សុខភាព​ល្អ​និង​មាន​កម្លាំង​ឡើង​វិញ! (​លូក. ១៣:១០​-​១៣​) ស្ត្រី​នោះ​មាន​ហេតុ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ហើយ​យើង​ក៏​មាន​ហេតុ​ធ្វើ​ដូច្នោះ​ដែរ។

តើ​អ្វី​ជំរុញ​ចិត្ត​យើង​ឲ្យ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា?

៥. តើ​យើង​មាន​មូលហេតុ​អ្វី​ដើម្បី​គោរព​ព្រះ​យេហូវ៉ា?

យើង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​គោរព​លោក​យ៉ាង​ជ្រាល​ជ្រៅ។ យើង​មាន​ហេតុ​ជា​ច្រើន​ដើម្បី​គោរព​លោក។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ លោក​មាន​ឫទ្ធានុភាព​ដែល​គ្មាន​កម្រិត។ (​ចសព. ៩៦:៤​-​៧​) ពេល​យើង​ពិចារណា​អ្វី​ៗ​ដែល​លោក​បាន​បង្កើត យើង​អាច​ឃើញ​ប្រាជ្ញា​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក។ លោក​គឺ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ហើយ​លោក​ផ្ដល់​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​អាច​មាន​ជីវិត​រស់​នៅ។ (​បប. ៤:១១​) លោក​គឺ​ស្មោះ​ត្រង់។ (​បប. ១៥:៤​) អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ​គឺ​តែង​តែ​សម្រេច ហើយ​លោក​តែង​តែ​រក្សា​ពាក្យ​សន្យា​របស់​លោក។ (​យ៉ូស. ២៣:១៤​) ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ប្រកាស​ទំនាយ​យេរេមា​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ​នៃ​ប្រជា​ជាតិ​ទាំង​ឡាយ​និង​រាជាណាចក្រ​នានា គ្មាន​អ្នក​ណា​ដូច​លោក​ទេ​»។ (​យេ. ១០:៦, ៧​) ពិត​មែន​ហើយ យើង​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​គោរព​បិតា​ស្ថាន​សួគ៌​របស់​យើង។ ប៉ុន្តែ យើង​មិន​គ្រាន់​តែ​គោរព​លោក​ប៉ុណ្ណោះ​ទេ យើង​ក៏​ស្រឡាញ់​លោក​ដែរ។

៦. ហេតុ​អ្វី​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

យើង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក។ សូម​ពិចារណា​គុណ​សម្បត្តិ​មួយ​ចំនួន​របស់​ព្រះ​យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​លោក។ លោក​មាន​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​អាណិត​អាសូរ។ (​ចសព. ១០៣:១៣; អេ. ៤៩:១៥​) លោក​យល់​អារម្មណ៍​របស់​យើង។ ពេល​ដែល​យើង​ឈឺ​ចិត្ត លោក​ក៏​ឈឺ​ចិត្ត​ដែរ។ (​សាក. ២:៨​) លោក​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​លោក ហើយ​ទៅ​ជា​មិត្ត​របស់​លោក។ (​ចសព. ២៥:១៤; សកម្ម. ១៧:២៧​) ម្យ៉ាង​ទៀត លោក​មាន​ចិត្ត​រាប​ទាប ​«​លោក​ឱន​មើល​មេឃ​និង​ផែន​ដី ហើយ​លើក​មនុស្ស​ទន់​ទាប​ឡើង​ពី​ធូលី​ដី​»។ (​ចសព. ១១៣:៦, ៧​) មូលហេតុ​ទាំង​អស់​នេះ​នាំ​ឲ្យ​យើង​ចង់​សរសើរ​តម្កើង​ព្រះ​ដ៏​អស្ចារ្យ​របស់​យើង មែន​ទេ?—ចសព. ៨៦:១២

៧. តើ​យើង​មាន​ឱកាស​ដ៏​ពិសេស​អ្វី?

យើង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្គាល់​លោក។ មនុស្ស​ជា​ច្រើន​មិន​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​ទេ។ ហេតុ​អ្វី? ដោយ​សារ​សាថាន​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​គេ​ទៅ​ជា​ងងឹត ដោយ​ផ្សាយ​ពាក្យ​កុហក​ភូត​ភរ​យ៉ាង​ឃោរឃៅ​អំពី​លោក។ (​២កូ. ៤:៤​) សាថាន​បាន​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពេញ​ទៅ​ដោយ​កំហឹង មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង និង​ជា​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្តែ យើង​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ​របស់​យើង! យើង​មាន​ឱកាស​ប្រាប់​អ្នក​ឯ​ទៀត​ថា​លោក​ជា​ព្រះ​បែប​ណា ហើយ​ជួយ​ពួក​គេ​ឲ្យ​សរសើរ​តម្កើង​លោក​ដែរ។ (​អេ. ៤៣:១០​) ចម្រៀង​សរសើរ​ព្រះ ៩៦​ផ្ដោត​ទៅ​លើ​ការ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​ពិចារណា​ពាក្យ​ខ្លះ​ក្នុង​បទ​ចម្រៀង​នេះ​ដែល​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សូម​គិត​អំពី​របៀប​ដែល​អ្នក​ផ្ទាល់​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក។

តើ​តាម​របៀប​ណា​យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក?

៨. តើ​តាម​របៀប​ណា​យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា? (​ចម្រៀង​សរសើរ​ព្រះ ៩៦:១​-​៣​)

សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៦:១​-​៣យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្វី​ដែល​យើង​និយាយ​អំពី​លោក។ នៅ​ក្នុង​ខ​ទាំង​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​អញ្ជើញ​ឲ្យ​«​ច្រៀង​ជូន​ព្រះ​យេហូវ៉ា​»​ ឲ្យ​«​សរសើរ​នាម​របស់​លោក​»​ ឲ្យ​«​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​របស់​លោក​»​ និង​ឲ្យ​«​ប្រាប់​ប្រជា​ជាតិ​នានា​អំពី​សិរី​រុង​រឿង​របស់​លោក​»។ អ្វី​ទាំង​អស់​នេះ​ជា​របៀប​ដែល​យើង​អាច​សរសើរ​តម្កើង​បិតា​ស្ថាន​សួគ៌​របស់​យើង។ ជនជាតិ​យូដា​ដ៏​ស្មោះ​ត្រង់ និង​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​មិន​ស្ទាក់​ស្ទើរ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ល្អ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ពួក​គេ និង​និយាយ​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ទេ។ (​ដាន. ៣:១៦​-​១៨; សកម្ម. ៤:២៩​) តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ដូច​ពួក​គេ​ដែរ?

៩​-​១០. តើ​យើង​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​អានជីលីណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

សូម​ពិចារណា​បទ​ពិសោធន៍​របស់​បង​ស្រី​អានជីលីណា a​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក។ គាត់​បាន​និយាយ​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន​នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់។ ដោយ​សារ​គាត់​ជា​បុគ្គលិក​ថ្មី បង​អានជីលីណា​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ដែល​បុគ្គលិក​ថ្មី​និយាយ​ណែនាំ​ខ្លួន​ទៅ​អ្នក​រួម​ការ​ងារ។ បង​អានជីលីណា​បាន​ត្រៀម​បង្ហាញ​រូប​ថត​ខ្លះ​ដែល​បង្ហាញ​អំពី​អំណរ​ដែល​គាត់​មាន​ក្នុង​ជីវិត​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ មុន​គាត់​ឡើង​ណែនាំ​ខ្លួន បុរស​ម្នាក់​ដែល​ជា​អ្នក​រួម​ការ​ងារ​បាន​ណែនាំ​ខ្លួន​របស់​គាត់​ថា គាត់​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ បន្ទាប់​មក គាត់​ចាប់​ផ្ដើម​និយាយ​ចំអក​មើល​ងាយ​អំពី​ជំនឿ​របស់​យើង។ បង​អានជីលីណា​និយាយ​ថា​៖ ​«​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់។ ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ដែរ​ថា ‹តើ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​គេ​និយាយ​កុហក​អំពី​ព្រះ​យេហូវ៉ា ឬ​តើ​ខ្ញុំ​នឹង​និយាយ​ការ​ពារ​លោក?›​»។

១០ ពេល​បុរស​នោះ​និយាយ​ចប់ បង​អានជីលីណា​បាន​អធិដ្ឋាន​ក្នុង​ចិត្ត​យ៉ាង​ខ្លី។ បន្ទាប់​មក គាត់​បាន​និយាយ​យ៉ាង​សប្បុរស​ទៅ​កាន់​បុរស​នោះ​ថា​៖ ​«​ជីវិត​របស់​ខ្ញុំ​ស្រដៀង​នឹង​បង។ ខ្ញុំ​ក៏​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ ហើយ​ខ្ញុំ​នៅ​តែ​ជា​សាក្សី​ព្រះ​យេហូវ៉ា​រហូត​មក​ដល់​សព្វ​ថ្ងៃ​»។ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​គាត់​តាន​តឹង​ក៏​ដោយ បង​អានជីលីណា​បន្ដ​មាន​ចិត្ត​ស្ងប់ ហើយ​បង្ហាញ​រូប​ថត​ដល់​អ្នក​រួម​ការ​ងារ​របស់​គាត់ គឺ​រូប​ថត​បង្ហាញ​អំពី​អំណរ​ដែល​គាត់​និង​មិត្ត​ភក្តិ​គាត់​មាន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ គាត់​ក៏​ពន្យល់​ដែរ​អំពី​ជំនឿ​របស់​គាត់​ដោយ​បង្ហាញ​ការ​គោរព។ (​១ពេ. ៣:១៥​) តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា? ពេល​ដែល​បង​អានជីលីណា​និយាយ​ណែនាំ​ខ្លួន​ចប់ បុរស​នោះ​រសាយ​ចិត្ត ហើយ​ថែម​ទាំង​ទទួល​ស្គាល់​ថា​គាត់​មាន​អនុស្សាវរីយ៍​ល្អ​ៗ​ពេល​ដែល​គាត់​ធំ​ឡើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។ បង​អានជីលីណា​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​ការ​ពារ។ គឺ​ជា​កិត្តិយស​ណាស់ ឲ្យ​និយាយ​ការ​ពារ​នាម​របស់​លោក​»។ យើង​ក៏​មាន​កិត្តិយស​សរសើរ​ព្រះ​យេហូវ៉ា​និង​លើក​តម្កើង​លោក ទោះ​ជា​ពេល​ដែល​អ្នក​ឯ​ទៀត​មើល​ងាយ​លោក​ក៏​ដោយ។

យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​តាម​រយៈ​ពាក្យ​សម្ដី ​(​សូម​មើល​វគ្គ​៩​-​១០​)​ b


១១. តើ​អ្នក​គោរព​ប្រណិប័តន៍​ពិត​តាំង​ពី​សម័យ​បុរាណ​បាន​ធ្វើ​តាម​គោល​ការណ៍​នៅ​ចម្រៀង​សរសើរ​ព្រះ ៩៦:៨​យ៉ាង​ដូច​ម្ដេច?

១១ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៦:៨យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​ជូន​របស់​មាន​តម្លៃ​ទៅ​លោក។ អ្នក​គោរព​ប្រណិប័តន៍​ពិត​តែង​តែ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា​តាម​របៀប​នេះ។ (​សុភ. ៣:៩​) ជា​ឧទាហរណ៍ ជន​ជាតិ​អ៊ីស្រាអែល​ជូន​វិភាគទាន​ដើម្បី​សាង​សង់​និង​ថែ​ទាំ​វិហារ។ (​២បស. ១២:៤, ៥; ១ប្រ. ២៩:៣​-​៩​) ពួក​អ្នក​កាន់​តាម​ខ្លះ​របស់​លោក​យេស៊ូ បាន​«​ប្រើ​ធន​ធាន​របស់​ខ្លួន​»​ដើម្បី​លោក​និង​ពួក​សាវ័ក​របស់​លោក​អាច​មាន​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ (​លូក. ៨:១​-​៣​) គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ក៏​ផ្ញើ​ជំនួយ​ដល់​បង​ប្អូន​រួម​ជំនឿ​ដែរ។ (​សកម្ម. ១១:២៧​-​២៩​) នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​ជូន​វិភាគទាន​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

១២. តើ​វិភាគទាន​របស់​យើង​អាច​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ សូម​ពិចារណា​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​វិភាគទាន​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។ របាយការណ៍​មួយ​នៅ​ឆ្នាំ​២០២០​បាន​រៀប​រាប់​អំពី​គ្រោះ​រាំង​ស្ងួត​ដ៏​យូរ​នៅ​ប្រទេស​ស៊ីមបាវ៉េ។ មនុស្ស​រាប់​លាន​នាក់​ជិត​ស្លាប់​ដោយ​សារ​ខ្វះ​អាហារ ហើយ​នោះ​ក៏​រួម​បញ្ចូល​បង​ស្រី​ម្នាក់​ឈ្មោះ​ព្រីស្កា​ដែរ។ ទោះ​ជា​ស្ថានភាព​នោះ​ពិបាក​យ៉ាង​ខ្លាំង​ក្ដី បង​ព្រីស្កា​នៅ​តែ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​សុក្រ​ជា​ទៀង​ទាត់​ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន ទោះ​ជា​នៅ​រដូវ​ភ្ជួរ​រាស់​ក្ដី។ អ្នក​ជិត​ខាង​របស់​គាត់​បាន​និយាយ​ចំអក​មើល​ងាយ​គាត់​ដោយ​សារ​គាត់​ទៅ​ផ្សព្វ​ផ្សាយ ជា​ជាង​ធ្វើ​ស្រែ​ចម្ការ។ ពួក​គេ​និយាយ​ថា​៖ ​«​អ្នក​នឹង​ស្លាប់​ដោយសារ​ភាព​ឥត​ឃ្លាន​»។ បង​ព្រីស្កា​បាន​តប​ឆ្លើយ​ទៅ​ពួក​គេ​ទាំង​មាន​ទំនុក​ចិត្ត​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​អ្នក​បម្រើ​របស់​លោក​ទេ​»។ មិន​យូរ​ក្រោយ​មក គាត់​បាន​ទទួល​ជំនួយ​ពី​អង្គការ​របស់​យើង។ បង​ព្រីស្កា​បាន​ទទួល​ម្ហូប​អាហារ​និង​របស់​របរ​ផ្សេង​ៗ​ដែល​គាត់​ត្រូវ​ការ ដោយ​សារ​វិភាគទាន​របស់​យើង។ អ្នក​ជិត​ខាង​របស់​បង​ព្រីស្កា​កោត​ស្ងើច​ជា​ខ្លាំង ហើយ​ប្រាប់​បង​ព្រីស្កា​ថា​៖ ​«​ព្រះ​មិន​ដែល​បោះ​បង់​ចោល​អ្នក​ទេ ដូច្នេះ​យើង​ចង់​រៀន​ថែម​ទៀត​អំពី​លោក​»។ ជា​លទ្ធផល អ្នក​ជិត​ខាង​៧​នាក់​របស់​គាត់​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ។

យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ដោយ​ជូន​របស់​មាន​តម្លៃ​របស់​យើង​ដល់​លោក (​សូម​មើល​វគ្គ​១២​)​ c


១៣. តើ​តាម​របៀប​ណា​ការ​ប្រព្រឹត្ត​របស់​យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា? (​ចម្រៀង​សរសើរ​ព្រះ ៩៦:៩​)

១៣ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៦:៩យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង។ ពួក​សង្ឃ​ដែល​បម្រើ​នៅ​ត្រសាល ឬ​នៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​ក្រោយ​មក​ត្រូវ​តែ​ស្អាត​ស្អំ។ (​ដច. ៤០:៣០​-​៣២​) ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​ការ​ស្អាត​ស្អំ​ខាង​រូប​កាយ គឺ​ការ​ស្អាត​ស្អំ​ខាង​ការ​ប្រព្រឹត្ត។ (​ចសព. ២៤:៣, ៤; ១ពេ. ១:១៥, ១៦​) យើង​ត្រូវ​ខំ​ព្យាយាម​ដោះ​«​បុគ្គលិក​លក្ខណៈ​ចាស់​»​ចេញ ពោល​គឺ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដែល​មិន​ស្អាត​ស្អំ ហើយ​បំពាក់​ខ្លួន​ដោយ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ ពោល​គឺ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​យេហូវ៉ា។ (​កូឡ. ៣:៩, ១០​) ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា សូម្បី​តែ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ខ្លាំង ក៏​អាច​កែ​ប្រែ​បាន ហើយ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី។

១៤. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ចាក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ចាក​ដែល​ធ្លាប់​ជា​បុរស​ឃោរឃៅ​និង​បង្ក​គ្រោះ​ថ្នាក់។ គាត់​មាន​រហស្សនាម​ថា​វិញ្ញាណ​កំណាច។ ដោយ​សារ​អំពើ​ឧក្រិដ្ឋកម្ម បង​ចាក​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​រង់​ចាំ​ថ្ងៃ​ប្រហារ​ជីវិត បង​ចាក​យល់​ព្រម​សិក្សា​គម្ពីរ​ជា​មួយ​បង​ប្រុស​ម្នាក់​ដែល​មក​លេង​គុក។ ទោះ​បី​ជា​បង​ចាក​ធ្លាប់​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ក៏​ដោយ គាត់​បាន​ផ្លាស់​ប្ដូរ ហើយ​ក្រោយ​មក​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ បង​ចាក​បាន​ផ្លាស់​ប្ដូរ​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​អ្នក​យាម​គុក​ខ្លះ​រលីង​រលោង​ទឹក​ភ្នែក ពេល​និយាយ​លា​គាត់​នៅ​ថ្ងៃ​ដែល​គាត់​ត្រូវ​គេ​ប្រហារ​ជីវិត។ ទាហាន​ម្នាក់​ដែល​ធ្វើ​ការ​ក្នុង​គុក​នោះ​និយាយ​ថា​៖ ​«​ពី​មុន ចាក​គឺ​ជា​អ្នក​ទោស​ដែល​អាក្រក់​បំផុត​នៅ​ទី​នេះ។ ឥឡូវ គាត់​នៅ​ក្នុង​ចំណោម​អ្នក​ទោស​ដែល​ល្អ​បំផុត​»។ សប្តាហ៍​ក្រោយ​ពី​បង​ចាក​បាន​ត្រូវ​គេ​ប្រហារ​ជីវិត បង​ប្រុស​ៗ​ដែល​បាន​ត្រឡប់​មក​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​នៅ​គុក បាន​ជួប​អ្នក​ទោស​ម្នាក់​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ដំបូង។ តើ​អ្វី​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចូល​រួម? គាត់​កោត​ស្ងើច​ដែល​បង​ចាក​បាន​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​ចង់​ដឹង​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ពិត​ណាស់ ការ​ប្រព្រឹត្ត​របស់​យើង​អាច​សរសើរ​តម្កើង​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌!—១ពេ. ២:១២

យើង​អាច​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង (​សូម​មើល​វគ្គ​១៤​)​ d


តើ​ព្រះ​យេហូវ៉ា​នឹង​លើក​តម្កើង​នាម​របស់​លោក​យ៉ាង​ដូច​ម្ដេច​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ?

១៥. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​នឹង​លើក​តម្កើង​នាម​របស់​លោក​ទាំង​ស្រុង​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ? (​ចម្រៀង​សរសើរ​ព្រះ ៩៦:១០​-​១៣​)

១៥ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៦:១០​-​១៣ ប៉ុន្មាន​ខ​ចុង​ក្រោយ​នៃ​ចម្រៀង​សរសើរ​ព្រះ ៩៦​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​ជា​អ្នក​វិនិច្ឆ័យ​ដ៏​សុចរិត​និង​ជា​ស្ដេច។ តើ​ព្រះ​យេហូវ៉ា​នឹង​លើក​តម្កើង​នាម​របស់​លោក​យ៉ាង​ដូច​ម្ដេច​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ? គឺ​តាម​រយៈ​ការ​វិនិច្ឆ័យ​របស់​លោក។ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដោយ​សារ​សាសនា​មិន​ពិត​បាន​ធ្វើ​អ្វី​អាក្រក់​និង​បង្រៀន​សេចក្ដី​ភូត​ភរ​ដ៏​សាហាវ​អំពី​លោក។ (​បប. ១៧:៥, ១៦; ១៩:១, ២​) បុគ្គល​ខ្លះ​ដែល​ឃើញ​ការ​បំផ្លាញ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ប្រហែល​ជា​នឹង​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ពិត​ជា​មួយ​យើង។ នៅ​ទី​បំផុត នៅ​សង្គ្រាម​អាម៉ាគេដូន ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ចោល​របៀប​របប​ពិភព​លោក​របស់​សាថាន​ទាំង​មូល​ដោយ​បំផ្លាញ​អស់​អ្នក​ដែល​ប្រឆាំង​លោក​និង​ប្រមាថ​នាម​របស់​លោក។ ប៉ុន្តែ លោក​នឹង​សង្គ្រោះ​អស់​អ្នក​ដែលស្រឡាញ់​និង​ស្ដាប់​បង្គាប់​លោក ហើយ​ចង់​សរសើរ​តម្កើង​លោក។ (​ម៉ាក. ៨:៣៨; ២ថែ. ១:៦​-​១០​) ក្រោយ​ពី​ការ​សាក​ល្បង​ចុង​ក្រោយ​នៅ​ដំណាច់​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក​យេស៊ូ​គ្រិស្ត ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ (​បប. ២០:៧​-​១០​) នៅ​ពេល​នោះ ​«​ផែន​ដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​អំពី​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា ដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ​»។—ហាប. ២:១៤

១៦. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ យើង​ពិត​ជា​នឹង​អរ​សប្បាយ​ពេល​គ្រប់​គ្នា​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក! ប៉ុន្តែ សូម្បី​តែ​ឥឡូវ ក៏​យើង​អាច​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​និយាយ​អំពី​ព្រះ​របស់​យើង និង​ប្រព្រឹត្ត​តាម​របៀប​ដែល​សរសើរ​តម្កើង​លោក។ ដើម្បី​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​លើ​ភារកិច្ច​ដ៏​សំខាន់​នេះ គណៈ​អភិបាល​បាន​ជ្រើស​រើស​ចម្រៀង​សរសើរ​ព្រះ ៩៦:៨​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២៥​ដែល​ថា​៖ ​«​ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក​»។

នៅ​ទី​បំផុត បុគ្គល​គ្រប់​រូប​នឹង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក! ​(​សូម​មើល​វគ្គ​១៦​)​

ចម្រៀង​លេខ​១២ ព្រះ​យេហូវ៉ា​ខ្លាំង​ក្លា​មហិមា

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b ការ​ពណ៌នា​អំពី​រូប​ភាព​៖ រូប​ថត​សម្ដែង​អំពី​បទ​ពិសោធន៍​របស់​បង​អានជីលីណា។

c ការ​ពណ៌នា​អំពី​រូប​ភាព​៖ រូប​ថត​សម្ដែង​អំពី​បទ​ពិសោធន៍​របស់​បង​ព្រីស្កា។

d ការ​ពណ៌នា​អំពី​រូប​ភាព​៖ រូប​ថត​សម្ដែង​អំពី​បទ​ពិសោធន៍​របស់​បង​ចាក។