លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤

ចម្រៀង​លេខ​១៨ ចូរ​ដឹង​គុណ​ព្រះ​សម្រាប់​ថ្លៃ​លោះ

តើ​យើង​រៀន​អ្វី​ពី​ថ្លៃ​លោះ?

តើ​យើង​រៀន​អ្វី​ពី​ថ្លៃ​លោះ?

«​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ត្រូវ​បង្ហាញ​ចំពោះ​យើង​»។១យ៉ូន. ៤:៩

ចំណុច​ផ្ដោត

អ្វី​ដែល​ថ្លៃ​លោះ​បង្ហាញ​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត។

១. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​រៀង​រាល់​ឆ្នាំ?

 អ្នក​ប្រាកដ​ជា​យល់​ស្រប​ថា ថ្លៃ​លោះ​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ថ្លៃ​វិសេស! (​២កូ. ៩:១៥​) ដោយ​សារ​លោក​យេស៊ូ​ផ្ដល់​ជីវិត​របស់​លោក​ជា​គ្រឿង​បូជា អ្នក​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ អ្នក​ក៏​អាច​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែរ។ យើង​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដល់​ថ្លៃ​លោះ ព្រោះ​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់! (​រ៉ូម ៥:៨​) ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចិត្ត​កតញ្ញូ​ជា​និច្ច ហើយ​មិន​ភ្លេច​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​យើង លោក​យេស៊ូ​បាន​បង្គាប់​យើង​ឲ្យ​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​លោក​ជា​រៀង​រាល់​ឆ្នាំ។—លូក. ២២:១៩, ២០

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

នៅ​ឆ្នាំ​នេះ ពិធី​រំលឹក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មេសា ឆ្នាំ​២០២៥។ យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​មាន​គម្រោង​ចូល​រួម​កម្ម​វិធី​នេះ។ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​ម្នាក់​ៗ​លៃ​ទុក​ពេល​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក ដើម្បី​រំពឹង​គិត aអំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​បាន​ធ្វើ​សម្រាប់​យើង។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អ្វី​ដែល​យើង​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​តាម​រយៈ​ថ្លៃ​លោះ។ អត្ថបទ​បន្ទាប់​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ និង​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​សម្រាប់​ថ្លៃ​លោះ។

អ្វី​ដែល​យើង​រៀន​ពី​ថ្លៃ​លោះ​អំពី​ព្រះ​យេហូវ៉ា

៣. តើ​ការ​ស្លាប់​របស់​មនុស្ស​ម្នាក់​អាច​រំដោះ​មនុស្ស​រាប់​លាន​នាក់​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

តាម​រយៈ​ថ្លៃ​លោះ​យើង​រៀន​ថា​ព្រះ​យេហូវ៉ា​យុត្តិធម៌។ (​បច. ៣២:៤​) តើ​តាម​របៀប​ណា? សូម​គិត​៖ ដោយ​សារ​អាដាម​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ យើង​ឆ្លង​ភាព​ខុស​ឆ្គង​ដែល​នាំ​ឲ្យ​ស្លាប់។ (​រ៉ូម ៥:១២​) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​លោក​យេស៊ូ​ផ្ដល់​ជីវិត​ជា​ថ្លៃ​លោះ ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ប៉ុន្តែ តើ​តាម​របៀប​ណា​គ្រឿង​បូជា​របស់​មនុស្ស​ល្អ​ឥត​ខ្ចោះ​ម្នាក់​អាច​រំដោះ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់? សាវ័ក​ប៉ូល​បាន​ពន្យល់​ថា​៖ ​«​ដូច​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង ដោយ​សារ​បុរស​ម្នាក់​[​អាដាម​]​មិន​បាន​ស្ដាប់​បង្គាប់ នោះ​មនុស្ស​ជា​ច្រើន​នឹង​ទៅ​ជា​មនុស្ស​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់​[​លោក​យេស៊ូ​]​បាន​ស្ដាប់​បង្គាប់​»។ (​រ៉ូម ៥:១៩; ១ធី. ២:៦​) និយាយ​ឲ្យ​ចំ​ទៅ បុរស​ល្អ​ឥត​ខ្ចោះ​ម្នាក់​ដែល​មិន​ស្ដាប់​បង្គាប់​បាន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ដូច្នេះ បុរស​ល្អ​ឥត​ខ្ចោះ​ម្នាក់​ដែល​ស្ដាប់​បង្គាប់​អាច​រំដោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។

ដោយ​សារ​បុរស​ម្នាក់ យើង​ទៅ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ដោយ​សារ​បុរស​ម្នាក់​ទៀត យើង​អាច​រំដោះ​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ​(​សូម​មើល​វគ្គ​៣​)​


៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​កូន​ចៅ​ដែល​ស្ដាប់​បង្គាប់​របស់​អាដាម​រស់​ជា​រៀង​រហូត?

តើ​ពិត​ជា​ចាំ​បាច់​ឲ្យ​លោក​យេស៊ូ​ស្លាប់​ដើម្បី​សង្គ្រោះ​យើង​ឬ​ទេ? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​កូន​ចៅ​របស់​អាដាម​ដែល​ស្ដាប់​បង្គាប់​លោក​រស់​ជា​រៀង​រហូត? ចំពោះ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ នេះ​មើល​ទៅ​ជា​អ្វី​ដែល​សប្បុរស​និង​សម​ហេតុ​ផល។ ប៉ុន្តែ​ចំពោះ​ព្រះ​យេហូវ៉ា នេះ​មិន​មែន​ជា​អ្វី​ដែល​យុត្តិធម៌​ទេ។ ដោយ​សារ​ព្រះ​យេហូវ៉ា​យុត្តិធម៌ លោក​នឹង​មិន​ព្រងើយ​កន្តើយ​នឹង​ការ​មិន​ស្ដាប់​បង្គាប់​របស់​អាដាម​ឡើយ។

៥. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ?

ចុះ​បើ​ព្រះ​មិន​បាន​ផ្ដល់​ថ្លៃ​លោះ ហើយ​បាន​បំពាន​យុត្តិធម៌​របស់​លោក​ក្នុង​រឿង​នេះ ដោយ​ឲ្យ​កូន​ចៅ​របស់​អាដាម​រស់​ជា​រៀង​រហូត? មនុស្ស​ទំនង​ជា​ឆ្ងល់​ថា ព្រះ​ក៏​ប្រហែល​ជា​មិន​ធ្វើ​អ្វី​ដែល​យុត្តិធម៌​ក្នុង​រឿង​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ គេ​ប្រហែល​ជា​ឆ្ងល់​ថា តើ​លោក​នឹង​មិន​បំពេញ​តាម​សេចក្ដី​សន្យា​ខ្លះ​របស់​លោក​ឬ​ទេ? យើង​មិន​ចាំ​បាច់​បារម្ភ​អំពី​រឿង​នេះ​ទេ។ ហេតុ​អ្វី? ដោយ​សារ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ដែល​យុត្តិធម៌ ទោះ​ជា​នេះ​តម្រូវ​ឲ្យ​លោក​ធ្វើ​ការ​លះ​បង់​ដ៏​ធំ​ក្ដី គឺ​លោក​បាន​ឲ្យ​បុត្រ​របស់​លោក​ជា​គ្រឿង​បូជា។ ដូច្នេះ យើង​អាច​ប្រាកដ​ថា​លោក​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​និច្ច។

៦. តើ​តាម​របៀប​ណា​ថ្លៃ​លោះ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា? (​យ៉ូហាន​ទី​១ ៤:៩, ១០​)

មាន​គុណ​សម្បត្តិ​ផ្សេង​ទៀត​ដែល​ជំរុញ​ព្រះ​យេហូវ៉ា​ជា​ពិសេស​ឲ្យ​ចាត់​លោក​យេស៊ូ​ឲ្យ​ស្លាប់​ដើម្បី​យើង នោះ​គឺ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង។ (​យ៉ូន. ៣:១៦; សូម​អាន យ៉ូហាន​ទី​១ ៤:៩, ១០) ព្រះ​យេហូវ៉ា​ចាត់​បុត្រ​របស់​លោក​ឲ្យ​ស្លាប់​ដើម្បី​យើង ដោយ​សារ​លោក​ចង់​ឲ្យ​យើង​រស់​ជា​រៀង​រហូត ហើយ​ក៏​ចង់​ឲ្យ​យើង​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ដែរ។ សូម​គិត​៖ ពេល​អាដាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ព្រះ​យេហូវ៉ា​បណ្ដេញ​គាត់​ចេញ​ពី​ក្រុម​គ្រួសារ​របស់​លោក​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក។ ជា​លទ្ធផល ពេល​យើង​កើត​មក យើង​មិន​មែន​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ទេ។ ប៉ុន្តែ​តាម​រយៈ​ថ្លៃ​លោះ ព្រះ​យេហូវ៉ា​អភ័យ​ទោស​កំហុស​ឆ្គង​របស់​យើង ហើយ​នៅ​ទី​បំផុត លោក​នឹង​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដែល​បង្ហាញ​ជំនឿ​និង​ស្ដាប់​បង្គាប់​លោក​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​លោក។ សូម្បី​តែ​នៅ​ឥឡូវ ក៏​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក​និង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​យើង​ណាស់!—រ៉ូម ៥:១០, ១១

៧. តើ​ការ​ឈឺ​ចាប់​របស់​លោក​យេស៊ូ​ជួយ​យើង​យ៉ាង​ណា​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ណាស់?

យើង​អាច​យល់​ច្បាស់​ជាង​ថា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​យ៉ាង​ណា​ចំពោះ​យើង ពេល​យើង​គិត​អំពី​ការ​ឈឺ​ចាប់​ដែល​លោក​ទំនង​ជា​មាន ពេល​ឃើញ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​រង​ទុក្ខ។ សាថាន​បាន​អះអាង​ថា គ្មាន​អ្នក​បម្រើ​ព្រះ​ណា​ម្នាក់​នឹង​រក្សា​ភក្ដី​ភាព​ចំពោះ​លោក​ពេល​ជួប​ការ​លំបាក​ឡើយ។ ដើម្បី​បង្ហាញ​ថា​អ្វី​ដែល​សាថាន​អះអាង​គឺ​ខុស ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​លោក​យេស៊ូ​រង​ទុក្ខ​មុន​លោក​ស្លាប់។ (​យ៉ូប ២:១​-​៥; ១ពេ. ២:២១​) ព្រះ​យេហូវ៉ា​បាន​ឃើញ​ពេល​មនុស្ស​សើច​ចំអក​លោក​យេស៊ូ ទាហាន​វាយ​ធ្វើ​បាប​លោក ហើយ​ក្រោយ​មក​ព្យួរ​លោក​លើ​បង្គោល។ បន្ទាប់​មក ព្រះ​យេហូវ៉ា​មើល​កាល​ដែល​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ស្លាប់​យ៉ាង​ឈឺ​ចាប់។ (​ម៉ាថ. ២៧:២៨​-​៣១, ៣៩​) តាម​ពិត ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ដើម្បី​បញ្ឈប់​អ្វី​ទាំង​អស់​នោះ​មិន​ឲ្យ​កើត​ឡើង​ចំពោះ​លោក​យេស៊ូ។ ជា​ឧទាហរណ៍ ពេល​អ្នក​ប្រឆាំង​និយាយ​ថា​៖ ​«​បើ​ព្រះ​ចង់​បាន​គាត់ ទុក​ឲ្យ​ព្រះ​សង្គ្រោះ​គាត់​ចុះ​»​ នោះ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ដូច្នោះ​មែន។ (​ម៉ាថ. ២៧:៤២, ៤៣​) ប៉ុន្តែ បើ​ព្រះ​បាន​ធ្វើ​ដូច្នោះ នោះ​លោក​យេស៊ូ​នឹង​មិន​អាច​ផ្ដល់​ជីវិត​របស់​លោក​ជា​ថ្លៃ​លោះ​បាន​ឡើយ ហើយ​យើង​មិន​មាន​សេចក្ដី​សង្ឃឹម​សោះ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​បុត្រ​របស់​លោក​រង​ការ​ឈឺ​ចាប់​រហូត​ដល់​ស្លាប់។

៨. តើ​ព្រះ​យេហូវ៉ា​ឈឺ​ចាប់​ពេល​ឃើញ​បុត្រ​របស់​លោក​រង​ទុក្ខ​វេទនា​ឬ​ទេ? សូម​ពន្យល់។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ការ​ដែល​ព្រះ​យេហូវ៉ា​មើល​បុត្រ​របស់​លោក​រង​ទុក្ខ ហើយ​មិន​ចាត់​វិធានការ តើ​នេះ​មាន​ន័យ​ថា​លោក​មិន​មាន​អារម្មណ៍​ឬ? មិន​មែន​ទេ។ លោក​បាន​បង្កើត​យើង​ឲ្យ​មាន​ភាព​ដូច​លោក​រួម​ទាំង​សមត្ថភាព​មាន​អារម្មណ៍​ផ្សេង​ៗ។ ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​ដែរ។ គម្ពីរ​បាន​រៀប​រាប់​អំពី​លោក​ថា លោក​«​ឈឺ​ចិត្ត​»​ និង​«​ពិបាក​ចិត្ត​»។ (​ចសព. ៧៨:៤០, ៤១​) សូម​គិត​ដែរ​អំពី​កំណត់​ហេតុ​របស់​អាប្រាហាំ និង​អ៊ីសាក។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាប្រាហាំ​ឲ្យ​ជូន​កូន​ប្រុស​តែ​មួយ​របស់​គាត់​ជា​គ្រឿង​បូជា។ (​ដក. ២២:៩​-​១២; ហេ. ១១:១៧​-​១៩​) សូម​គិត​អំពីអារម្មណ៍​ផ្សេង​ៗ​ដែល​អាប្រាហាំ​ទំនង​ជា​មាន ពេល​គាត់​ត្រៀម​ខ្លួន​ដើម្បី​សម្លាប់​កូន​របស់​គាត់។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ឈឺ​ចិត្ត​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ពេល​លោក​ឃើញ​មនុស្ស​ធ្វើ​ទារុណកម្ម​បុត្រ​របស់​លោក ហើយ​សម្លាប់​បុត្រ​លោក (​សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា ចូរ​យក​តម្រាប់​ជំនឿរបស់​ពួក​គាត់ អាប្រាហាំ ភាគ​ទី​២ នៅ​គេហទំព័រ​jw.org/km​)។

ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ជា​ខ្លាំង​ពេល​ឃើញ​បុត្រ​របស់​លោក​រង​ទុក្ខ ​(​សូម​មើល​វគ្គ​៨​)​


៩. តើ​រ៉ូម ៨:៣២, ៣៨, ៣៩​ជួយ​អ្នក​យ៉ាង​ណា​ឲ្យ​យល់​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​និង​ចំពោះ​បង​ប្អូន​រួម​ជំនឿ?

តាម​រយៈ​ថ្លៃ​លោះ​យើង​រៀន​ថា គ្មាន​នរណា​ម្នាក់​ស្រឡាញ់​យើង​ខ្លាំង​ជាង​ព្រះ​យេហូវ៉ា​នោះ​ទេ មិន​ថា​គាត់​ជា​សាច់​ញាតិ​ជិត​ដិត ឬ​មិត្ត​ជា​ទី​ស្រឡាញ់​ក្ដី។ (​សូម​អាន រ៉ូម ៨:៣២, ៣៨, ៣៩) យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ជាង​យើង​ស្រឡាញ់​ខ្លួន​ឯង​ទៅ​ទៀត។ តើ​អ្នក​ចង់​រស់​ជា​រៀង​រហូត​ទេ? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​រស់​ជា​រៀង​រហូត​ខ្លាំង​ជាង​អ្នក​ទៅ​ទៀត។ តើ​អ្នក​ចង់​ទទួល​ការ​អភ័យ​ទោស​ពី​ការ​ខុស​ឆ្គង​របស់​អ្នក​ឬ​ទេ? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ទទួល​ការ​អភ័យ​ទោស​ខ្លាំង​ជាង​អ្នក​ទៅ​ទៀត។ លោក​គ្រាន់​តែ​សុំ​យើង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​របស់​លោក ដោយ​បង្ហាញ​ជំនឿ​និង​ស្ដាប់​បង្គាប់​លោក។ ថ្លៃ​លោះ​គឺ​ជា​អំណោយ​ដ៏​ថ្លៃ​វិសេស​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​យើង។ ម្យ៉ាង​ទៀត នៅ​ក្នុង​ពិភព​លោក​ថ្មី​យើង​នឹង​រៀន​ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។—អទ. ៣:១១

អ្វី​ដែល​យើង​រៀន​ពី​ថ្លៃ​លោះ​អំពី​លោក​យេស៊ូ

១០. (​ក​) ស្ដី​អំពី​ការ​ប្រហារ​ជីវិត​របស់​លោក​យេស៊ូ តើ​អ្វី​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​យ៉ាង​ខ្លាំង? (​ខ​)​ តើ​មរណភាព​របស់​លោក​យេស៊ូ​បង្ហាញ​អ្វី? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​»​)

១០ លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កេរ្តិ៍​ឈ្មោះ​បិតា​របស់​លោក។ (​យ៉ូន. ១៤:៣១​) លោក​យេស៊ូ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដោយ​សារ​គេ​ចោទ​ប្រកាន់​លោក​ពី​បទ​ប្រមាថ​ព្រះ​និង​បំបះ​បំបោរ ហើយ​ថា​នេះ​អាច​នាំ​ឲ្យ​នាម​របស់​បិតា​លោក​អាប់​ឱន​កិត្តិយស។ នេះ​ជា​មូលហេតុ​ដែល​លោក​បាន​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ! បើ​អាច​ធ្វើ​ទៅ​បាន សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​»។ (​ម៉ាថ. ២៦:៣៩​) ដោយ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ស្លាប់ លោក​យេស៊ូ​បាន​ជម្រះ​ការ​តិះ​ដៀល​ចំពោះ​នាម​បិតា​លោក។

១១. តើ​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​យ៉ាង​ដូច​ម្ដេច? (​យ៉ូហាន ១៣:១​)

១១ តាម​រយៈ​ថ្លៃ​លោះ​យើង​ក៏​រៀន​ថា លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ជា​ពិសេស​ចំពោះ​ពួក​អ្នក​កាន់​តាម​លោក។ (​សុភ. ៨:៣១; សូម​អាន យ៉ូហាន ១៣:១) ជា​ឧទាហរណ៍ លោក​យេស៊ូ​ដឹង​ថា​អ្វី​ខ្លះ​ដែល​លោក​ត្រូវ​ធ្វើ​នៅ​ផែន​ដី​គឺ​ពិបាក​ណាស់ ជា​ពិសេស​ការ​ស្លាប់​ដ៏​ឈឺ​ចាប់​របស់​លោក។ ប៉ុន្តែ ពេល​លោក​បំពេញ​ភារកិច្ច​របស់​លោក​នៅ​ផែន​ដី លោក​មិន​បាន​បំពេញ​ភារកិច្ច​នោះ​ដោយ​បង្គ្រប់​កិច្ច​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​ផ្សព្វ​ផ្សាយ បង្រៀន និង​បម្រើ​អ្នក​ឯ​ទៀត​យ៉ាង​អស់​ពី​ចិត្ត។ សូម្បី​តែ​នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ ក៏​លោក​លៃ​ទុក​ពេល​ដើម្បី​លាង​ជើង​របស់​ពួក​សាវ័ក​និង​បង្រៀន​ពួក​គេ ហើយ​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​ពួក​គេ។ (​យ៉ូន. ១៣:១២​-​១៥​) ក្រោយ​មក ពេល​ដែល​លោក​បាន​ត្រូវ​ព្យួរ​នៅ​លើ​បង្គោល លោក​យេស៊ូ​បាន​ឆ្លៀត​ឱកាស​ដើម្បី​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ឧក្រិដ្ឋជន​ដែល​ជិត​ស្លាប់ ហើយ​សុំ​យ៉ូហាន​ឲ្យ​មើល​ថែ​ម្ដាយ​របស់​លោក។ (​លូក. ២៣:៤២, ៤៣; យ៉ូន. ១៩:២៦, ២៧​) យ៉ាង​នេះ សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក​បាន​ត្រូវ​បង្ហាញ​មិន​ត្រឹម​តែ​តាម​រយៈ​ការ​ស្លាប់​របស់​លោក​ប៉ុណ្ណោះ​ទេ តែ​ក៏​តាម​រយៈ​របៀប​រស់​នៅ​ពេញ​មួយ​ជីវិត​របស់​លោក​នៅ​ផែន​ដី​ដែរ។

១២. តើ​លោក​យេស៊ូ​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

១២ ពិត​មែន​ថា លោក​យេស៊ូ​បាន​ស្លាប់​«​មួយ​ដង​ជា​ការ​ស្រេច​»​ ប៉ុន្តែ​លោក​នៅ​តែ​ធ្វើ​អ្វី​ជា​ច្រើន​សម្រាប់​យើង។ (​រ៉ូម ៦:១០​) គឺ​លោក​នៅ​តែ​ធ្វើ​ការ​ដើម្បី​ឲ្យ​យើង​អាច​ទទួល​អ្វី​ល្អ​ៗ​ជា​ច្រើន​ដែល​ថ្លៃ​លោះ​បើក​ឱកាស​ឲ្យ។ សូម​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​កំពុង​ធ្វើ។ លោក​បម្រើ​ជា​ស្ដេច​និង​ជា​សម្ដេច​សង្ឃ​របស់​យើង ហើយ​ជា​ប្រមុខ​ក្រុម​ជំនុំ។ (​១កូ. ១៥:២៥; អេភ. ៥:២៣; ហេ. ២:១៧​) លោក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ប្រមូល​មនុស្ស​មួយ​ក្រុម​ធំ​និង​ពួក​អ្នក​រើស​តាំង ដែល​ជា​កិច្ចការ​ដែល​ត្រូវ​សម្រេច​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចប់។ b (​ម៉ាថ. ២៥:៣២; ម៉ាក. ១៣:២៧​) លោក​ក៏​ប្រើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​បន្ដ​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ភក្ដី ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​ដែរ។ (​ម៉ាថ. ២៤:៤៥​) ម្យ៉ាង​ទៀត ក្រោម​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក លោក​នឹង​បន្ត​ធ្វើ​អ្វី​ល្អ​ៗ​ជា​ច្រើន។ លោក​យេស៊ូ​បាន​ឲ្យ​ខ្លួន​លោក​ទាំង​ស្រុង​សម្រាប់​យើង។ លោក​ពិត​ជា​អំណោយ​ដ៏​ថ្លៃ​វិសេស​ពី​ព្រះ​យេហូវ៉ា!

ចូរ​បន្ត​រៀន​អ្វី​ថ្មី​ជា​និច្ច

១៣. តើ​ការ​រំពឹង​គិត​អាច​ជួយ​អ្នក​យ៉ាង​ណា​ឲ្យ​បន្ត​រៀន​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​និង​គ្រិស្ត​មាន​ចំពោះ​យើង?

១៣ អ្នក​អាច​បន្ត​រៀន​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​មាន​ចំពោះ​យើង បើ​អ្នក​បន្ត​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ​សម្រាប់​អ្នក។ ប្រហែល​ជា​នៅ​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក​ឆ្នាំ​នេះ អ្នក​អាច​អាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​សៀវភៅ​ដំណឹង​ល្អ​មួយ​ឬ​ច្រើន​ជាង។ សូម​កុំ​ព្យាយាម​អាន​ច្រើន​ជំពូក​ពេក​ក្នុង​ពេល​តែ​មួយ។ ផ្ទុយ​ទៅ​វិញ សូម​អាន​យឺត​ល្មម ហើយ​ស្វែង​រក​មូលហេតុ​ថែម​ទៀត​ដែល​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ម្យ៉ាង​ទៀត សូម​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន។

១៤. ស្រប​តាម​ចម្រៀង​សរសើរ​ព្រះ ១១៩:៩៧ និង​កំណត់​សម្គាល់ តើ​តាម​របៀប​ណា​ការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​អាច​ជួយ​យើង​ឲ្យ​បន្ត​រៀន​អំពី​ថ្លៃ​លោះ និង​សេចក្ដី​បង្រៀន​ផ្សេង​ទៀត? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ បើ​អ្នក​នៅ​ក្នុង​សេចក្ដី​ពិត​អស់​ជា​ច្រើន​ឆ្នាំ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​នៅ​តែ​មាន​អ្វី​ថ្មី​ដែល​អ្នក​អាច​រៀន​អំពី​យុត្តិធម៌ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ព្រម​ទាំង​អំពី​ថ្លៃ​លោះ​ឬ​យ៉ាង​ណា។ តាម​ការ​ពិត តែង​តែ​មាន​អ្វី​ថ្មី​ដែល​យើង​អាច​រៀន​អំពី​អ្វី​ទាំង​នោះ។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី? សូម​អាន​និង​សិក្សា​ព័ត៌មាន​ដ៏​អស្ចារ្យ​ក្នុង​សៀវភៅ​របស់​យើង​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ។ ពេល​អ្នក​អាន​គម្ពីរ ហើយ​មាន​អ្វី​ណា​មួយ​ដែល​អ្នក​មិន​យល់​ច្បាស់ សូម​ធ្វើ​ការ​ស្រាវ​ជ្រាវ។ បន្ទាប់​មក នៅ​ថ្ងៃ​នោះ​សូម​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​សិក្សា​និង​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក ព្រម​ទាំង​សេចក្ដី​ស្រឡាញ់​ដែល​លោក​ទាំង​ពីរ​មាន​ចំពោះ​អ្នក។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:៩៧ និង​កំណត់​សម្គាល់។

ទោះ​បី​ជា​យើង​នៅ​ក្នុង​សេចក្ដី​ពិត​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ យើង​នៅ​តែ​អាច​រៀន​អ្វី​ថ្មី​អំពី​ថ្លៃ​លោះ​ដែល​ជួយ​យើង​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ (​សូម​មើល​វគ្គ​១៤​)​


១៥. ហេតុ​អ្វី​គឺ​ជា​ការ​សំខាន់​ឲ្យ​យើង​បន្ត​ព្យាយាម​រៀន​អ្វី​ថ្មី​ពី​គម្ពីរ?

១៥ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​បើ​អ្នក​រក​មិន​ឃើញ​អ្វី​ថ្មី ឬ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​រាល់​ដង​ដែល​អ្នក​អាន​គម្ពីរ​ឬ​ធ្វើ​ការ​ស្រាវ​ជ្រាវ។ សូម​ចាត់​ទុក​ថា​អ្នក​ប្រៀប​ដូច​ជា​បុគ្គល​ដែល​ស្វែង​រក​មាស។ ពួក​គេ​មាន​ចិត្ត​អត់​ធ្មត់ ចំណាយ​ពេល​រាប់​ម៉ោង​ឬ​រាប់​ថ្ងៃ​មុន​ដែល​ស្វែង​រក​បាន​កម្ទេច​មាស​តូច​មួយ។ ប៉ុន្តែ ពួក​គេ​បន្ត​ខំ​ព្យាយាម ដោយ​សារ​កម្ទេច​មាស​នីមួយ​ៗ​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ពួក​គេ។ អ្វី​ថ្មី​ដែល​អ្នក​រៀន​ពី​គម្ពីរ​គឺ​មាន​តម្លៃ​ជាង​មាស​ឆ្ងាយ​ណាស់! (​ចសព. ១១៩:១២៧; សុភ. ៨:១០​) ដូច្នេះ ចូរ​បន្ត​អាន​គម្ពីរ ហើយ​បន្ត​ស្វែង​រក​អ្វី​ថ្មី​ៗ​ដែល​អ្នក​អាច​រៀន​ពី​គម្ពីរ។—ចសព. ១:២

១៦. តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៦ កាល​ដែល​អ្នក​សិក្សា សូម​ស្វែង​រក​របៀប​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន។ ជា​ឧទាហរណ៍ សូម​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​យុត្តិធម៌ ដោយ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​មិន​លម្អៀង។ សូម​យក​តម្រាប់​សេចក្ដី​ស្រឡាញ់​ដែល​លោក​យេស៊ូ​មាន​ចំពោះ​បិតា​លោក​និង​ចំពោះ​អ្នក​ឯ​ទៀត ដោយ​សុខ​ចិត្ត​រង​ទុក្ខ​ដើម្បី​នាម​ព្រះ​យេហូវ៉ា ហើយ​សុខ​ចិត្ត​ជួយ​បង​ប្អូន​រួម​ជំនឿ សូម្បី​តែ​ពេល​ធ្វើ​ដូច​នោះ​ពិបាក​ក្ដី។ បន្ថែម​ទៅ​ទៀត សូម​យក​តម្រាប់​លោក​យេស៊ូ​ដោយ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត ដើម្បី​ពួក​គេ​ក៏​អាច​មាន​ឱកាស​ទទួល​អំណោយ​ដ៏​ថ្លៃ​វិសេស​ពី​ព្រះ​យេហូវ៉ា​ដែរ។

១៧. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​បន្ទាប់?

១៧ ពេល​យើង​បន្ត​រៀន​អំពី​ថ្លៃ​លោះ យើង​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​កាន់​តែ​ខ្លាំង​ឡើង​ៗ ហើយ​លោក​ទាំង​ពីរ​ក៏​នឹង​ស្រឡាញ់​យើង​កាន់​តែ​ខ្លាំង​វិញ​ដែរ។ (​យ៉ូន. ១៤:២១; យ៉ា. ៤:៨​) ដូច្នេះ សូម​យើង​បន្ត​ប្រើ​យ៉ាង​ពេញ​លេញ​នូវ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​ដើម្បី​បន្ដ​រៀន​អំពី​ថ្លៃ​លោះ។ នៅ​ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​ប្រយោជន៍​ដែល​យើង​អាច​ទទួល​ពី​ថ្លៃ​លោះ និង​របៀប​ដែល​យើង​អាច​បង្ហាញ​អំណរ​គុណ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។

ចម្រៀង​លេខ​១០៧ គំរូ​របស់​ព្រះ​អំពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់

a ការ​ពន្យល់​ពាក្យ​៖ ការ​«​រំពឹង​គិត​»​មាន​ន័យ​ថា​យើង​ផ្ដោត​អារម្មណ៍​លើ​រឿង​ឬ​ប្រធានបទ​ណា​មួយ និង​ពិចារណា​អំពី​នោះ​យ៉ាង​ដិត​ដល់។

b ការ​បង្រួប​បង្រួម​«​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​»​ដែល​ប៉ូល​បាន​លើក​ឡើង​នៅ​អេភេសូរ ១:១០ គឺ​ខុស​គ្នា​ពី​ការ​ប្រមូល​«​អ្នក​ដែល​លោក​បាន​រើស​តាំង​»​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​នៅ​ម៉ាថាយ ២៤:៣១ និង​ម៉ាកុស ១៣:២៧។ ប៉ូល​សំដៅ​ទៅ​ពេល​វេលា​ដែល​ព្រះ​យេហូវ៉ា​ជ្រើស​រើស​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ ដោយ​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​រើស​តាំង​ពួក​គេ។ លោក​យេស៊ូ​សំដៅ​ទៅ​ពេល​វេលា​ដែល​ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី​បាន​ត្រូវ​ប្រមូល​ទៅ​ស្ថាន​សួគ៌​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។