លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២

ចម្រៀង​លេខ​១៣២ យើង​ជា​សាច់​ឈាម​តែ​មួយ

ប្ដី​ទាំង​ឡាយ ចូរ​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ​របស់​អ្នក

ប្ដី​ទាំង​ឡាយ ចូរ​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ​របស់​អ្នក

«​ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្ដី . . . ឲ្យ​កិត្តិយស​ដល់​នាង​»។១ពេ. ៣:៧

ចំណុច​ផ្ដោត

របៀប​ដែល​ប្ដី​អាច​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ​របស់​គាត់​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត។

១. តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដើម​ឲ្យ​មាន​អាពាហ៍ពិពាហ៍?

 ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ ហើយ​លោក​ចង់​ឲ្យ​យើង​សប្បាយ​ដែរ។ (​១ធី. ១:១១​) លោក​បាន​ផ្ដល់​អំណោយ​ជា​ច្រើន​ដើម្បី​ជួយ​យើង​ឲ្យ​រីករាយ​នឹង​ជីវិត។ (​យ៉ា. ១:១៧​) អំណោយ​មួយ​គឺ​អាពាហ៍ពិពាហ៍។ ពេល​បុរស​និង​ស្ត្រី​រៀប​ការ ពួក​គេ​ស្បថ​ថា​ស្រឡាញ់ គោរព និង​ថ្នាក់​ថ្នម​គ្នា​អស់​ពី​ដួង​ចិត្ត។ បើ​ពួក​គេ​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​រឹង​មាំ នោះ​ពួក​គេ​អាច​មាន​អំណរ​យ៉ាង​ខ្លាំង។—សុភ. ៥:១៨

២. នៅ​សព្វ​ថ្ងៃ​នេះ តើ​ប្ដី​ជា​ច្រើន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ប្រពន្ធ?

គួរ​ឲ្យ​ស្ដាយ​ណាស់ គូ​អាពាហ៍ពិពាហ៍​ជា​ច្រើន​ក្នុង​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ ភ្លេច​ពាក្យ​ដែល​ពួក​គេ​ស្បថ​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ ជា​លទ្ធផល ពួក​គេ​មិន​មាន​សុភមង្គល​ទេ។ របាយការណ៍​ថ្មី​មួយ​ពី​អង្គការ​សុខភាព​ពិភព​លោក​បង្ហាញ​ថា ប្ដី​ជា​ច្រើន​ប្រើ​អំពើ​ហិង្សា ប្រមាថ​មើល​ងាយ ឬ​ធ្វើ​បាប​ខាង​ផ្លូវ​ចិត្ត​ប្រពន្ធ។ ប្ដី​ដែល​ធ្វើ​ទង្វើ​ទាំង​អស់​នេះ ប្រហែល​ជា​ប្រព្រឹត្ត​ដោយ​គោរព​ចំពោះ​ប្រពន្ធ​នៅ​មុខ​អ្នក​ឯ​ទៀត ប៉ុន្តែ​គាត់​ប្រព្រឹត្ត​ផ្សេង​ពេល​នៅ​ផ្ទះ។ ម្យ៉ាង​ទៀត ចំណង​អាពាហ៍ពិពាហ៍​ជា​ច្រើន​មាន​ភាព​រកាំ​រកូស ដោយ​សារ​ប្ដី​មើល​រូប​អាសអាភាស។

៣. ហេតុ​អ្វី​បាន​ជា​ប្ដី​ខ្លះ​ធ្វើ​បាប​ប្រពន្ធ​របស់​ពួក​គេ?

ហេតុ​អ្វី​បាន​ជា​ប្ដី​ខ្លះ​ធ្វើ​បាប​ប្រពន្ធ​របស់​ពួក​គេ? ពួក​គេ​ប្រហែល​ជា​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ដែល​ធ្វើ​បាប​ម្ដាយ ដូច្នេះ​ពួក​គេ​គិត​ថា​ទង្វើ​បែប​នោះ​គឺ​ជា​រឿង​ធម្មតា។ រីឯ​បុរស​ឯ​ទៀត​ធ្វើ​បាប​ប្រពន្ធ​របស់​ពួក​គេ ដោយ​សារ​នោះ​ជា​អ្វី​ដែល​បុរស​នៅ​ក្នុង​វប្បធម៌​របស់​ពួក​គេ​ធ្វើ​ជា​ទូទៅ។ បុរស​ទាំង​នេះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពួក​គេ​ត្រូវ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​ចំពោះ​ប្រពន្ធ ដើម្បី​ឲ្យ​នាង​ទទួល​ស្គាល់​អំណាច​របស់​ប្ដី។ ចំណែក​ឯ​បុរស​ឯ​ទៀត ពួក​គេ​មិន​បាន​ត្រូវ​អប់រំ​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍ រួម​ទាំង​កំហឹង​របស់​ខ្លួន។ បុរស​ខ្លះ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ស្ត្រី​និង​ការ​រួម​ភេទ ដោយ​សារ​ពួក​គេ​មើល​រូប​អាសអាភាស​ជា​រឿយ​ៗ។ បន្ថែម​ទៅ​ទៀត របាយការណ៍​ផ្សេង​ៗ​បង្ហាញ​ថា​បញ្ហា​ទាំង​នេះ​ចាប់​ផ្ដើម​មាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​អំឡុង​រោគ​រាត​ត្បាត​ជំងឺ​កូវីដ​-​១៩។ ប៉ុន្តែ គ្មាន​ហេតុ​ឲ្យ​ប្ដី​ធ្វើ​បាប​ប្រពន្ធ​ទេ។

៤. តើ​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី ហើយ​ហេតុ​អ្វី?

ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ស្ត្រី។ a ហេតុ​អ្វី? មូលហេតុ​មួយ​គឺ ដោយ​សារ​គំនិត​របស់​មនុស្ស​ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត។ សាវ័ក​ប៉ូល​បាន​ព្រមាន​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​«​ឈប់​យក​តម្រាប់​របៀប​របប​ពិភព​លោក​នេះ​»។ (​រ៉ូម ១២:១, ២​) ពេល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិកនៅ​ក្រុង​រ៉ូម ក្រុម​ជំនុំ​នោះ​បាន​ត្រូវ​បង្កើត​ឡើង​មួយ​រយៈ​ពេល​ហើយ។ ប៉ុន្តែ ពាក្យ​របស់​ប៉ូល​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​នោះ​នៅ​តែ​ទទួល​ឥទ្ធិពល​ពី​វប្បធម៌ និង​របៀប​គិត​គូរ​របស់​ពិភព​លោក។ នេះ​ជា​មូលហេតុ​ដែល​គាត់​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​កែ​ប្រែ​របៀប​គិត​គូរ និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ យោបល់​នោះ​ក៏​សំខាន់​ចំពោះ​គ្រិស្ត​សាសនិក​ដែល​ជា​ប្ដី​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ គួរ​ឲ្យ​ស្ដាយ ពួក​គេ​ខ្លះ​បាន​ទទួល​ឥទ្ធិពល​ពី​របៀប​គិត​គូរ​របស់​ពិភព​លោក ហើយ​ថែម​ទាំង​បាន​ធ្វើ​បាប​ប្រពន្ធ​របស់​ពួក​គេ។ b តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ប្រពន្ធ? យើង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នេះ​ក្នុង​បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ។

៥. យោង​ទៅ​តាម​ពេត្រុស​ទី​១ ៣:៧ តើ​ប្ដី​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ប្រពន្ធ?

សូម​អាន ពេត្រុស​ទី​១ ៣:៧ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ប្ដី​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ។ ការ​ឲ្យ​កិត្តិយស​សំដៅ​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​នរណា​ម្នាក់​ដែល​យើង​គោរព។ ប្ដី​ដែល​ឲ្យ​កិត្តិយស​ប្រពន្ធ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ដោយ​សេចក្ដី​ស្រឡាញ់។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ប្ដី​អាច​ឲ្យ​កិត្តិយស​ប្រពន្ធ​របស់​គាត់។ ប៉ុន្តែ​ដំបូង សូម​យើង​ពិចារណា​អំពី​ការ​ប្រព្រឹត្ត​ខ្លះ​ដែល​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​ប្រពន្ធ។

ចូរ​បដិសេធ​ទង្វើ​ដែល​មិន​ឲ្យ​តម្លៃ​ប្រពន្ធ

៦. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បុរស​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ? (​កូឡុស ៣:១៩​)

ការ​ប្រើ​អំពើ​ហិង្សា។ ព្រះ​យេហូវ៉ា​ស្អប់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ។ (​ចសព. ១១:៥​) លោក​ផ្ដន្ទា​ទោស​យ៉ាង​ចំ​ៗ​ចំពោះ​ប្ដី​ដែល​ធ្វើ​បាប​ប្រពន្ធ​របស់​ពួក​គេ។ (​ម៉ាឡ. ២:១៦; សូម​អាន កូឡុស ៣:១៩ និង​កំណត់​សម្គាល់​) យោង​ទៅ​តាម​ពេត្រុស​ទី​១ ៣:៧​ដែល​ជា​បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ បើ​ប្ដី​មិន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រពន្ធ​ទេ នោះ​នឹង​ប៉ះ​ពាល់​ដល់​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ក៏​ប្រហែល​ជា​ថែម​ទាំង​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ទៀត​ផង។

៧. យោង​ទៅ​តាម​អេភេសូរ ៤:៣១, ៣២ តើ​ប្ដី​ត្រូវ​ជៀស​វាង​ពាក្យ​សម្ដី​បែប​ណា? (​សូម​មើល​«​ការ​ពន្យល់​ពាក្យ​»​ផង​ដែរ​)

ការ​ប្រមាថ​មើល​ងាយ។ ប្ដី​ខ្លះ​ធ្វើ​បាប​ប្រពន្ធ​របស់​ពួក​គេ​ដោយ​ប្រើ​ពាក្យ​ក្រេវ​ក្រោធ និង​ពាក្យ​ដែល​បញ្ឈឺ​ចិត្ត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ស្អប់​«​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ​»។ c (​សូម​អាន អេភេសូរ ៤:៣១, ៣២) លោក​ឮ​អ្វី​ៗ​ទាំង​អស់។ របៀប​ដែល​ប្ដី​និយាយ​ទៅ​កាន់​ប្រពន្ធ មិន​ថា​នៅ​ផ្ទះ​របស់​ពួក​គេ​ក្ដី គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា។ ប្ដី​ដែល​និយាយ​ដោយ​គ្មាន​មេត្តា​ចំពោះ​ប្រពន្ធ មិន​គ្រាន់​តែ​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ខូច​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​ដែរ។—យ៉ា. ១:២៦

៨. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រូប​អាសអាភាស ហើយ​ហេតុ​អ្វី?

ការ​មើល​រូប​អាសអាភាស។ តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រូប​អាសអាភាស? លោក​ស្អប់​រូប​អាសអាភាស។ ដូច្នេះ ប្ដី​ដែល​មើល​រូប​មិន​ស្អាត​ស្អំ បង្ខូច​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ប្រពន្ធ​ទេ។ d ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​រក្សា​ភក្ដី​ភាព​ចំពោះ​ប្រពន្ធ​គាត់ មិន​គ្រាន់​តែ​តាម​រយៈ​ការ​ប្រព្រឹត្ត​ប៉ុណ្ណោះ តែ​ក៏​ក្នុង​ចិត្ត​គំនិត​ដែរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា បុរស​ដែល​សម្លឹង​មើល​ស្ត្រី​ឯ​ទៀត​ទាំង​មាន​ចិត្ត​ស្រើប​ស្រាល​បាន​ផិត​ក្បត់​«​នៅ​ក្នុង​ចិត្ត​រួច​ហើយ​»។ eម៉ាថ. ៥:២៨, ២៩

៩. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ស្អប់​ការ​រួម​ដំណេក​ដែល​បន្ទាប​បន្ថោក​ប្រពន្ធ?

ការ​ប្រព្រឹត្ត​ដោយ​បន្ទាប​បន្ថោក​ក្នុង​ការ​រួម​ដំណេក។ ពេល​រួម​ដំណេក ប្ដី​ខ្លះ​ព្យាយាម​បង្ខិត​បង្ខំ​ប្រពន្ធ​របស់​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​ដែល​បន្ទាប​បន្ថោក និង​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ស្អាត​ស្អំ ឬ​មិន​ទទួល​សេចក្ដី​ស្រឡាញ់។ ព្រះ​យេហូវ៉ា​ស្អប់​ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ការ​មិន​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ លោក​តម្រូវ​ឲ្យ​ប្ដី​ស្រឡាញ់ ថ្នាក់​ថ្នម​ប្រពន្ធ និង​ឲ្យ​តម្លៃ​ចំពោះ​ទស្សនៈ​របស់​នាង។ (​អេភ. ៥:​២៨, ២៩​) ចុះ​យ៉ាង​ណា បើ​ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​កំពុង​ធ្វើ​បាប​ប្រពន្ធ ឬ​ប្រព្រឹត្ត​អ្វី​ដែល​បន្ទាប​បន្ថោក​នាង ឬ​មើល​រូប​អាសអាភាស? តើ​តាម​របៀប​ណា​គាត់​អាច​កែ​ប្រែ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​គាត់?

របៀប​យក​ឈ្នះ​ការ​ប្រព្រឹត្ត​ដែល​មិន​ឲ្យ​តម្លៃ​ប្រពន្ធ

១០. តើ​ប្ដី​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​គំរូ​របស់​លោក​យេស៊ូ?

១០ តើ​អ្វី​អាច​ជួយ​ប្ដី​ឲ្យ​យក​ឈ្នះ​ទង្វើ​ណា​ដែល​ធ្វើ​បាប​និង​បន្ទាប​បន្ថោក​ប្រពន្ធ? គាត់​អាច​ព្យាយាម​យក​តម្រាប់​លោក​យេស៊ូ។ ទោះ​បី​ជា​លោក​យេស៊ូ​មិន​ដែល​រៀប​ការ​ក្ដី របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​កាន់​តាម​លោក​គឺ​ជា​គំរូ​ល្អ​សម្រាប់​ប្ដី ស្ដី​អំពី​របៀប​ដែល​គាត់​គួរ​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ។ (​អេភ. ៥:២៥​) ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​អ្វី​ដែល​ប្ដី​អាច​រៀន​ពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​ពួក​សាវ័ក​របស់​លោក និង​របៀប​ដែល​លោក​និយាយ​ទៅ​កាន់​ពួក​គេ។

១១. តើ​លោក​យេស៊ូ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​សាវ័ក​របស់​លោក?

១១ លោក​យេស៊ូ​ប្រព្រឹត្ត​ទៅ​លើ​ពួក​សាវ័ក​របស់​លោក​ដោយ​សប្បុរស និង​តាម​របៀប​ដែល​លើក​កិត្តិយស​ពួក​គេ។ លោក​មិន​ដែល​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា ឬ​គាប​សង្កត់​ពួក​គេ​ឡើយ។ ទោះ​បី​ជា​លោក​ជា​លោក​ម្ចាស់​របស់​ពួក​គេ​ក្ដី លោក​មិន​ដែល​ប្រើ​អំណាច​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​ទន់​ខ្សោយ ឬ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​លោក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បម្រើ​ពួក​គេ​ដោយ​ចិត្ត​រាប​ទាប។ (​យ៉ូន. ១៣:១២​-​១៧​) លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​[​ចូរ​]​រៀន​ពី​ខ្ញុំ​ចុះ ពីព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។ (​ម៉ាថ. ១១:២៨​-​៣០​) សូម​កត់​សម្គាល់​ថា លោក​យេស៊ូ​មាន​ចិត្ត​ស្លូត​បូត។ បុគ្គល​ដែល​មាន​ចិត្ត​ស្លូត​បូត​មិន​មែន​ទន់​ខ្សោយ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ចេះ​ទប់​ចិត្ត។ ពេល​អ្នក​ឯ​ទៀត​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​គាត់​ខឹង គាត់​រក្សា​ចិត្ត​ស្ងប់ និង​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​គាត់។

១២. តើ​លោក​យេស៊ូ​ប្រើ​ពាក្យ​សម្ដី​បែប​ណា​ទៅ​កាន់​អ្នក​ឯ​ទៀត?

១២ លោក​យេស៊ូ​ប្រើ​ពាក្យ​ដែល​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ លោក​មិន​ដែល​និយាយ​ដោយ​គ្មាន​មេត្តា​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​របស់​លោក​ទេ។ (​លូក. ៨:៤៧, ៤៨​) សូម្បី​តែ​ពេល​ពួក​អ្នក​ប្រឆាំង​ប្រមាថ​លោក​និង​ព្យាយាម​ធ្វើ​ឲ្យ​លោក​ខឹង ក៏​«​លោក​មិន​បាន​ប្រមាថ​គេ​វិញ​ទេ​»។ (​១ពេ. ២:២១​-​២៣​) ជួន​កាល លោក​យេស៊ូ​ថែម​ទាំង​សម្រេច​ចិត្ត​នៅ​ស្ងៀម ជា​ជាង​តប​ឆ្លើយ​ដោយ​គ្មាន​មេត្តា។ (​ម៉ាថ. ២៧:១២​-​១៤​) នេះ​គឺ​ជា​គំរូ​ដ៏​ល្អ​ណាស់​សម្រាប់​ប្ដី​ទាំង​ឡាយ!

១៣. ដូច​ដែល​បាន​ចែង​នៅ​ម៉ាថាយ ១៩:៤​-​៦ តើ​តាម​របៀប​ណា​ប្ដី​អាច​«​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់​»​? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ លោក​យេស៊ូ​បាន​បង្គាប់​ប្ដី​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ប្រពន្ធ​របស់​ពួក​គេ។ លោក​បាន​ដក​ស្រង់​ពាក្យ​របស់​បិតា​លោក​ដែល​ថា ប្ដី​គួរ​«​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់​»។ (​សូម​អាន ម៉ាថាយ ១៩:៤​-​៦) កិរិយាសព្ទ​ភាសា​ក្រិច​នៅ​ក្នុង​ខ​នេះ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​នៅ​ជាប់​ជា​មួយ​»​ មាន​ន័យ​ត្រង់​ថា​«​បិត​កាវ​»។ ដូច្នេះ ចំណង​អាពាហ៍ពិពាហ៍​រវាង​ប្ដី​និង​ប្រពន្ធ​គួរ​តែ​រឹង​មាំ​យ៉ាង​ខ្លាំង រហូត​ដល់​ហាក់​ដូច​ជា​បិត​កាវ​ជាប់​ជា​មួយ​គ្នា។ បើ​ចំណង​របស់​ពួក​គេ​បាន​ដាច់ នោះ​ពួក​គេ​ទាំង​ពីរ​នឹង​រង​ទុក្ខ។ ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ​យ៉ាង​ខ្លាំង​នឹង​បដិសេធ​មើល​រូប​អាសអាភាស​គ្រប់​បែប​យ៉ាង។ គាត់​នឹង​បង្វែរ​ភ្នែក​ចេញ​ភ្លាម​ៗ​ពី​«​អ្វី​ដែល​ឥត​បាន​ការ​»។ (​ចសព. ១១៩:៣៧​) គឺ​ហាក់​ដូច​ជា​គាត់​ធ្វើ​កិច្ច​សន្យា​ជា​មួយ​នឹង​ភ្នែក​របស់​គាត់​ថា ក្រៅ​ពី​ប្រពន្ធ​របស់​ខ្លួន គាត់​នឹង​មិន​សម្លឹង​មើល​ស្ត្រី​ឯ​ទៀត​ដោយ​មាន​ចិត្ត​ស្រើប​ស្រាល​ទេ។—យ៉ូប ៣១:១

ប្ដី​ដែល​មាន​ភក្ដី​ភាព​មិន​ព្រម​មើល​រូប​អាសអាភាស ​(​សូម​មើល​វគ្គ​១៣​)​ g


១៤. តើ​ប្ដី​ដែល​ធ្វើ​បាប​ប្រពន្ធ​គួរ​ចាត់​វិធានការ​អ្វី​ខ្លះ​ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ប្រពន្ធ?

១៤ ប្ដី​ដែល​ប្រើ​អំពើ​ហិង្សា ឬ​ប្រមាថ​មើល​ងាយ​ប្រពន្ធ​ត្រូវ​ចាត់​វិធានការ​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា និង​ប្រពន្ធ​របស់​គាត់។ តើ​គាត់​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ទី​១ គាត់​ទទួល​ស្គាល់​ថា គាត់​ផ្ទាល់​មាន​បញ្ហា​ធ្ងន់​ធ្ងរ។ គ្មាន​អ្វី​លាក់​កំបាំង​ពី​ភ្នែក​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (​ចសព. ៤៤:២១; អទ. ១២:១៤; ហេ. ៤:១៣​) ទី​២ គាត់​ត្រូវ​ឈប់​ធ្វើ​បាប​ប្រពន្ធ និង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់។ (​សុភ. ២៨:១៣​) ទី​៣ គាត់​ប្រាប់​ប្រពន្ធ​និង​ព្រះ​យេហូវ៉ា​ថា គាត់​ស្ដាយ​ក្រោយ​ចំពោះ​ទង្វើ​ដែល​បាន​នាំ​ឲ្យ​ប្រពន្ធ​និង​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត ហើយ​គាត់​សុំ​ការ​អភ័យ​ទោស។ (​សកម្ម. ៣:១៩​) គាត់​ក៏​គួរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ដើម្បី​មាន​បំណង​ចិត្ត​ចង់​កែ​ប្រែ ហើយ​អង្វរ​សុំ​ឲ្យ​លោក​ជួយ​គាត់​ឲ្យ​គ្រប់​គ្រង​របៀប​គិត​គូរ ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​គាត់។ (​ចសព. ៥១:១០​-​១២; ២កូ. ១០:៥; ភី. ២:១៣​) ទី​៤ គាត់​ប្រព្រឹត្ត​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ដោយ​រៀន​ឲ្យ​ចេះ​ស្អប់​អំពើ​ឃោរឃៅ និង​ពាក្យ​ប្រមាថ​មើល​ងាយ​គ្រប់​បែប​យ៉ាង។ (​ចសព. ៩៧:១០​) ទី​៥ គាត់​ស្វែង​រក​ជំនួយ​ភ្លាម​ៗ​ពី​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (​យ៉ា. ៥:១៤​-​១៦​) ទី​៦ គាត់​រៀប​គម្រោង​ទុក​ជា​មុន​ដើម្បី​ជួយ​គាត់​ឲ្យ​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​បែប​នោះ​នៅ​ថ្ងៃ​ខាង​មុខ។ ប្ដី​ដែល​មើល​រូប​អាសអាភាស​ក៏​គួរ​ធ្វើ​តាម​ជំហាន​ទាំង​នេះ​ដែរ។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​គាត់​ដើម្បី​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់។ (​ចសព. ៣៧:៥​) ប៉ុន្តែ គឺ​មិន​គ្រប់​គ្រាន់​ឲ្យ​ប្ដី​ឈប់​ប្រព្រឹត្ត​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​ឈឺ​ចិត្ត​ប៉ុណ្ណោះ​ទេ។ គាត់​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ​លើក​កិត្តិយស​ប្រពន្ធ​ដែរ។ តើ​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

របៀប​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ​របស់​អ្នក

១៥. តើ​ប្ដី​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ​យ៉ាង​ដូច​ម្ដេច?

១៥ សូម​បង្ហាញ​ប្រពន្ធ​ថា​អ្នក​ស្រឡាញ់​នាង។ បង​ប្អូន​ប្រុស​ខ្លះ​ដែល​មាន​អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល មាន​ទម្លាប់​ធ្វើ​អ្វី​ល្អ​មួយ​ជា​រៀង​រាល់​ថ្ងៃ ដែល​បង្ហាញ​ថា​គាត់​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ណាស់។ (​១យ៉ូន. ៣:១៨​) ប្ដី​ប្រហែល​ជា​បង្ហាញ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រពន្ធ​តាម​របៀប​តូច​តាច​ផ្សេង​ៗ​ដូច​ជា កាន់​ដៃ​នាង​ឬ​ឱប​នាង​យ៉ាង​កក់​ក្ដៅ។ គាត់​អាច​ផ្ញើ​សារ ហើយ​ប្រាប់​ប្រពន្ធ​ថា​«​បង​នឹក​អូន​»​ ឬ​សួរ​ប្រពន្ធ​ថា​«​ថ្ងៃ​នេះ​អូន​យ៉ាង​ម៉េច​ដែរ?​»។ គាត់​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ​ដោយ​សរសេរ​កាត ហើយ​ប្រាប់​ថា​គាត់​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​យ៉ាង​ណា។ ពេល​ប្ដី​ធ្វើ​អ្វី​ទាំង​អស់​នេះ គាត់​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ ហើយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។

១៦. ហេតុ​អ្វី​ប្ដី​គួរ​សរសើរ​ប្រពន្ធ?

១៦ សូម​ប្រាប់​ប្រពន្ធ​ថា​នាង​មាន​តម្លៃ​ចំពោះ​អ្នក។ ប្ដី​ដែល​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ​ពង្រឹង​កម្លាំង និង​លើក​ទឹក​ចិត្ត​នាង។ របៀប​មួយ​ដែល​គាត់​ធ្វើ​ដូច្នោះ គឺ​ដោយ​មិន​ភ្លេច​បង្ហាញ​អំណរ​គុណ​សម្រាប់​អ្វី​ទាំង​អស់​ដែល​នាង​ធ្វើ​ដើម្បី​គាំទ្រ​គាត់។ (​កូឡ. ៣:១៥​) ពេល​ប្ដី​សរសើរ​ប្រពន្ធ​ដោយ​ស្មោះ គាត់​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់​ក្ដៅ។ ប្រពន្ធ​នឹង​មាន​អារម្មណ៍​ថា​នាង​បាន​ទទួល​សេចក្ដី​ស្រឡាញ់ កិត្តិយស និង​ភាព​កក់​ក្ដៅ។—សុភ. ៣១:២៨

១៧. តើ​ប្ដី​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ប្រពន្ធ​យ៉ាង​ដូច​ម្ដេច?

១៧ សូម​ប្រព្រឹត្ត​ដោយ​សប្បុរស​និង​ដោយ​ការ​គោរព​ទៅ​លើ​ប្រពន្ធ។ ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ​ឲ្យ​តម្លៃ និង​ថ្នាក់​ថ្នម​នាង​អស់​ពី​ដួង​ចិត្ត។ គាត់​ចាត់​ទុក​នាង​ថា​ជា​អំណោយ​ដ៏​ថ្លៃ​វិសេស​ពី​ព្រះ​យេហូវ៉ា។ (​សុភ. ១៨:២២; ៣១:១០​) ជា​លទ្ធផល គាត់​ប្រព្រឹត្ត​ទៅ​កាន់​នាង​ដោយ​សប្បុរស​និង​ដោយ​ការ​គោរព ហើយ​នេះ​រួម​បញ្ចូល​ពេល​ពួក​គេ​រួម​ដំណេក​ជា​មួយ​គ្នា។ ក្នុង​ការ​រួម​ដំណេក គាត់​នឹង​មិន​បង្ខំ​នាង​ឲ្យ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ស្រួល ដែល​បន្ទាប​បន្ថោក​នាង ឬ​ធ្វើ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​នាង​ផ្ដន្ទា​ទោស​ឡើយ។ f ប្ដី​ក៏​នឹង​ព្យាយាម​រក្សា​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ដែរ។—សកម្ម. ២៤:១៦

១៨. តើ​ប្ដី​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​បួន​យ៉ាង​ដើម្បី​ទៅ​ជា​ប្ដី​ដែល​បង្ហាញ​ការ​គោរព​»​)

១៨ ប្ដី​ទាំង​ឡាយ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ឃើញ​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក​ក្នុង​ការ​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ​តាម​រយៈ​ការ​ប្រព្រឹត្ត និង​ពាក្យ​សម្ដី​ទាំង​អស់​របស់​អ្នក។ សូម​តាំង​ចិត្ត​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ​ដោយ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ណា​ដែល​អាច​ធ្វើ​ឲ្យ​នាង​ឈឺ​ចិត្ត តែ​ប្រព្រឹត្ត​ដោយ​សប្បុរស ដោយ​គោរព និង​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាង។ ដោយ​ធ្វើ​ដូច្នោះ អ្នក​បង្ហាញ​ប្រពន្ធ​ថា​អ្នក​ស្រឡាញ់​និង​ឲ្យ​តម្លៃ​នាង។ ចូរ​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ​របស់​អ្នក ហើយ​អ្នក​នឹង​ការ​ពារ​ចំណង​ដែល​សំខាន់​បំផុត ពោល​គឺ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា។—ចសព. ២៥:១៤

ចម្រៀង​លេខ​១៣១ ​«​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​»​

a ប្ដី​នឹង​ទទួល​ប្រយោជន៍​ពី​ការ​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្នក​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​ដូច​ព្រះ​យេហូវ៉ា​ឬ​ទេ?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មករា ឆ្នាំ​២០២៤។

b បើ​អ្នក​ត្រូវ​គូ​អាពាហ៍ពិពាហ៍​ធ្វើ​បាប អ្នក​នឹង​ទទួល​ជំនួយ​ពី​ការ​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ជំនួយ​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​»។ ដើម្បី​មើល​អត្ថបទ​នេះ សូម​ចូល​គេហទំព័រ​jw.org/km ឬ​កម្ម​វិធី​JW​បណ្ណាល័យ។ សូម​ចុច​«​អត្ថបទ​ត​ភាគ​»​ រួច​«​ប្រធានបទ​ឯ​ទៀត​»។

c ការ​ពន្យល់​ពាក្យ​៖«​ពាក្យ​ប្រមាថ​មើល​ងាយ​»​ រួម​បញ្ចូល​ការ​ប្រើ​ពាក្យ​អសុរោះ​ដើម្បី​បន្ទាប​បន្ថោក​អ្នក​ឯ​ទៀត ហើយ​ការ​រិះ​គន់​ឥត​ឈប់​ឈរ។ ដូច្នេះ អ្វី​ក៏​ដោយ​ដែល​ប្ដី​និយាយ​ទៅ​កាន់​ប្រពន្ធ​ដើម្បី​បញ្ឈឺ​ចិត្ត ឬ​ដៀល​ត្មះ​នាង​គឺ​ជា​ពាក្យ​ប្រមាថ​មើល​ងាយ។

d សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​រូប​អាសអាភាស​អាច​បំបាក់​បំបែក​អាពាហ៍ពិពាហ៍​របស់​អ្នក​»​ នៅ​គេហទំព័រ​jw.org/km ឬ​នៅ​កម្ម​វិធី​JW​បណ្ណាល័យ។

e ប្រពន្ធ​ដែល​មាន​ប្ដី​មើល​រូប​អាសអាភាស​នឹង​ទទួល​ប្រយោជន៍​ពី​ការ​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ពេល​គូ​អាពាហ៍ពិពាហ៍​មើល​រូប​អាសអាភាស​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​សីហា ឆ្នាំ​២០២៣។

f គម្ពីរ​មិន​បាន​ចែង​អំពី​អ្វី​ដែល​ស្អាត​ស្អំ និង​អ្វី​ដែល​មិន​ស្អាត​ស្អំ​ពេល​ប្ដី​ប្រពន្ធ​រួម​ដំណេក​ជា​មួយ​គ្នា​ឡើយ។ គូ​អាពាហ៍ពិពាហ៍​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​បង្ហាញ​ថា​ពួក​គេ​តាំង​ចិត្ត​ឲ្យ​កិត្តិយស​ដល់​ព្រះ​យេហូវ៉ា និង​បំពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​រក្សា​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ តាម​ធម្មតា គូ​អាពាហ៍ពិពាហ៍​នឹង​មិន​និយាយ​អំពី​រឿង​ផ្ទាល់​ខ្លួន​បែប​នេះ​ជា​មួយ​អ្នក​ឯ​ទៀត​ឡើយ។

g ការ​ពណ៌នា​អំពី​រូប​ភាព​៖ អ្នក​រួម​ការ​ងារ​ដែល​មិន​មែន​ជា​សាក្សី ព្យាយាម​បង្ខំ​បង​ប្រុស​ម្នាក់​ឲ្យ​មើល​ទស្សនាវដ្ដី​អាសអាភាស។