លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៥

ចម្រៀង​លេខ​១០៨ សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​របស់​ព្រះ

ប្រយោជន៍​ដែល​យើង​ទទួល​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា

ប្រយោជន៍​ដែល​យើង​ទទួល​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា

«​គ្រិស្ត​យេស៊ូ​បាន​ចូល​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។១ធី. ១:១៥

ចំណុច​ផ្ដោត

ប្រយោជន៍​ដែល​យើង​ទទួល​ពី​ថ្លៃ​លោះ និង​របៀប​ដែល​យើង​អាច​ដឹង​គុណ​ព្រះ​យេហូវ៉ា។

១. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ?

 សូម​ស្រមៃ​ថា អ្នក​ឲ្យ​អំណោយ​ដ៏​ស្រស់​ស្អាត​និង​មាន​ប្រយោជន៍​ដល់​បុគ្គល​ដែល​អ្នក​ស្រឡាញ់។ អ្នក​ប្រាកដ​ជា​ខក​ចិត្ត​ជា​ខ្លាំង បើ​បុគ្គល​នោះ​ទុក​អំណោយ​នោះ​ចោល ហើយ​មិន​គិត​អំពី​អំណោយ​នោះ​ទៀត! ផ្ទុយ​ទៅ​វិញ អ្នក​ប្រាកដ​ជា​សប្បាយ​បើ​គាត់​ប្រើ​អំណោយ​របស់​អ្នក ហើយ​អរគុណ​អ្នក។ តើ​ឧទាហរណ៍​នេះ​ជាប់​ទាក់​ទង​នឹង​ថ្លៃ​លោះ​ដែល​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​បាន​ផ្ដល់​បុត្រ​របស់​លោក​ឲ្យ​ស្លាប់​ដើម្បី​យើង។ ដូច្នេះ ព្រះ​យេហូវ៉ា​ច្បាស់​ជា​សប្បាយ​ពេល​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អំណោយ​ដ៏​ថ្លៃ​វិសេស​នោះ និង​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​លោក​ដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​ផ្ដល់​ថ្លៃ​លោះ។—យ៉ូន. ៣:១៦; រ៉ូម ៥:៧, ៨

២. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ក្នុង​អត្ថបទ​នេះ?

យូរ​ៗ​ទៅ ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​ថ្លៃ​លោះ​អាច​រសាយ​ទៅ។ ប៉ុន្តែ បើ​យើង​បាត់​បង់​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ នេះ​ហាក់​ដូច​ជា​យើង​ទុក​អំណោយ​ដ៏​ស្រស់​ស្អាត​ដែល​ព្រះ​ឲ្យ​យើង​នៅ​កន្លែង​ដែល​យើង​មិន​អាច​មើល​ឃើញ ឬ​នឹក​មិន​ដល់។ ដើម្បី​កុំ​ឲ្យ​នេះ​កើត​ឡើង យើង​ត្រូវ​គិត​ជា​រឿយ​ៗ​អំពី​អ្វី​ដែល​ព្រះ​និង​លោក​យេស៊ូ​គ្រិស្ត​បាន​ធ្វើ​សម្រាប់​យើង។ អត្ថបទ​នេះ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ យើង​នឹង​ពិចារណា​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នៅ​ឥឡូវ និង​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នៅ​ថ្ងៃ​អនាគត។ យើង​ក៏​នឹង​ពិចារណា​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ជា​ពិសេស​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក​នេះ។

របៀប​ដែល​យើង​ទទួល​ប្រយោជន៍​នៅ​ឥឡូវ

៣. តើ​របៀប​មួយ​ដែល​យើង​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នៅ​ឥឡូវ​គឺ​ជា​អ្វី?

យើង​កំពុង​ទទួល​ប្រយោជន៍​រួច​ហើយ​ពី​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។ ជា​ឧទាហរណ៍ ដោយ​មាន​មូលដ្ឋាន​លើ​ថ្លៃ​លោះ ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ ទោះ​ជា​លោក​មិន​ចាំ​បាច់​ធ្វើ​ដូច្នោះ​ក្ដី លោក​ចង់​អភ័យ​ទោស​ឲ្យ​យើង។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា ដោយ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា លោក​ល្អ​ពិត​មែន ហើយ​លោក​បម្រុង​តែ​នឹង​អភ័យ​ទោស​»។—ចសព. ៨៦:៥; ១០៣:៣, ១០​-​១៣

៤. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ថ្លៃ​លោះ​សម្រាប់​អ្នក​ណា? (​លូកា ៥:៣២; ធីម៉ូថេ​ទី​១ ១:១៥​)

មនុស្ស​ខ្លះ​មាន​អារម្មណ៍​ថា ពួក​គេ​មិន​សម​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ តាម​ពិត យើង​ទាំង​អស់​គ្នា​មិន​សម​នឹង​ទទួល​មែន។ សាវ័ក​ប៉ូល​យល់​ថា គាត់​«​មិន​សម​នឹង​ហៅ​ថា​សាវ័ក​»។ ប៉ុន្តែ គាត់​បាន​បន្ថែម​ថា​៖ ​«​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ខ្ញុំ​មាន​មុខ​ងារ​នេះ​»។ (​១កូ. ១៥:៩, ១០​) ពេល​យើង​ប្រែ​ចិត្ត​ពី​ការ​ខុស​ឆ្គង​របស់​យើង ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ ហេតុ​អ្វី? មិន​មែន​ដោយ​សារ​យើង​សម​នឹង​ទទួល​ការ​អភ័យ​ទោស​ទេ ប៉ុន្តែ​ដោយ​សារ​លោក​ស្រឡាញ់​យើង។ បើ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ថ្លៃ​លោះ​មិន​មែន​សម្រាប់​មនុស្ស​ដែល​គ្មាន​ការ​ខុស​ឆ្គង​ទេ តែ​សម្រាប់​មនុស្ស​ដែល​មាន​ការ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត។—សូម​អាន លូកា ៥:៣២; ធីម៉ូថេ​ទី​១ ១:១៥

៥. តើ​ព្រះ​យេហូវ៉ា​ត្រូវ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​យើង​ឬ​ទេ? សូម​ពន្យល់។

គ្មាន​យើង​ណា​ម្នាក់​គួរ​គិត​ថា យើង​មាន​សិទ្ធិ​ទទួល​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ​យេហូវ៉ា​ទេ មិន​ថា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ។ ព្រះ​យេហូវ៉ា​ពិត​ជា​នឹក​ចាំ​អ្វី​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​ចំពោះ​លោក។ (​ហេ. ៦:១០​) លោក​បាន​ផ្ដល់​បុត្រ​របស់​លោក​ជា​អំណោយ​ដោយ​ឥត​គិត​ថ្លៃ​ដល់​យើង តែ​នេះ​មិន​មែន​ជា​ការ​បង់​ថ្លៃ​ចំពោះ​កិច្ច​បម្រើ​របស់​យើង​ទេ។ ដូច្នេះ គឺ​ជា​ការ​ខុស​ឲ្យ​យើង​គិត​ថា ដោយ​សារ​យើង​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ព្រះ​យេហូវ៉ា យើង​សម​នឹង​ទទួល​ការ​អភ័យ​ទោស​ពី​លោក។ បើ​យើង​ជឿ​បែប​នោះ នោះ​ហាក់​ដូច​ជា​យើង​គិត​ថា យើង​មិន​ត្រូវ​ការ​ថ្លៃ​លោះ​ទេ។—សូម​ពិនិត្យ​បន្ថែម កាឡាទី ២:២១

៦. ហេតុ​អ្វី​បាន​ជា​ប៉ូល​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

ប៉ូល​ដឹង​ថា​ទោះ​ជា​គាត់​ខំ​ប្រឹង​ខ្លាំង​យ៉ាង​ណា​ក្ដី នោះ​មិន​ធ្វើ​ឲ្យ​គាត់​សម​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​គាត់​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា? មិន​មែន​ដើម្បី​បង្ហាញ​ថា​គាត់​សម​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ ប៉ុន្តែ​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា។ (​អេភ. ៣:៧​) ដូច​ប៉ូល​ដែរ យើង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ខ្នះខ្នែង មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​សម​នឹង​ទទួល​សេចក្ដី​មេត្តា​ករុណា​របស់​លោក​ទេ ប៉ុន្តែ​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​លោក។

៧. តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ទៀត​ពី​ថ្លៃ​លោះ​នៅ​ឥឡូវ​នេះ? (​រ៉ូម ៥:១; យ៉ាកុប ២:២៣​)

របៀប​មួយ​ទៀត​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​នៅ​ឥឡូវ​នេះ គឺ​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ a ដូច​បាន​លើក​ឡើង​នៅ​អត្ថបទ​មុន ពេល​យើង​កើត​មក យើង​មិន​ស្រាប់​តែ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​នោះ​ទេ។ ប៉ុន្តែ​ដោយ​សារ​ថ្លៃ​លោះ យើង​អាច​មាន​«​សន្តិភាព​ជា​មួយ​នឹង​ព្រះ​»​ ហើយ​យ៉ាង​នេះ​យើង​អាច​ចូល​ទៅ​ជិត​លោក។—សូម​អាន រ៉ូម ៥:១; យ៉ាកុប ២:២៣

៨. ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​សម្រាប់​ឯកសិទ្ធិ​អធិដ្ឋាន?

សូម​គិត​អំពី​ផ្នែក​មួយ​នៃ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា គឺ​ឯកសិទ្ធិ​ក្នុង​ការ​អធិដ្ឋាន។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ស្ដាប់​រាស្ត្រ​លោក​អធិដ្ឋាន​ជា​សាធារណៈ​ពេល​យើង​ជួប​ជុំ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ពេល​នៅ​ម្នាក់​ឯង​ដែរ។ ការ​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្ងប់ និង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ ប៉ុន្តែ ការ​អធិដ្ឋាន​មិន​គ្រាន់​តែ​ផ្ដល់​ប្រយោជន៍​ទាំង​នេះ​ដល់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​ដែរ។ (​ចសព. ៦៥:២; យ៉ា. ៤:៨; ១យ៉ូន. ៥:១៤​) ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​អធិដ្ឋាន​ជា​រឿយ​ៗ ដោយ​សារ​លោក​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្ដាប់​លោក ហើយ​ថា​សេចក្ដី​អធិដ្ឋាន​ជួយ​លោក​រក្សា​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​បិតា​លោក។ (​លូក. ៥:១៦​) យើង​មាន​ចិត្ត​កតញ្ញូ​ខ្លាំង​ណាស់ ដោយ​សារ​គ្រឿង​បូជា​របស់​លោក​យេស៊ូ ទើប​យើង​អាច​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា ហើយ​ថែម​ទាំង​និយាយ​ទៅ​កាន់​លោក​ក្នុង​សេចក្ដី​អធិដ្ឋាន។

របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​នៅ​ថ្ងៃ​អនាគត

៩. តើ​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ថ្លៃ​លោះ​នៅ​ថ្ងៃ​អនាគត?

តើ​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ថ្លៃ​លោះ​នៅ​ថ្ងៃ​អនាគត? ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ មនុស្ស​ជា​ច្រើន​គិត​ថា​នេះ​គឺ​មិន​អាច​ទៅ​រួច​ទេ ដោយ​សារ​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ​មនុស្ស​តែង​តែ​ស្លាប់។ ប៉ុន្តែ គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​គឺ​ឲ្យ​មនុស្ស​រស់​ជា​រៀង​រហូត។ បើ​សិន​ជា​អាដាម​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ នោះ​គ្មាន​អ្នក​ណា​ម្នាក់​គិត​ថា​ជីវិត​រស់​ជា​រៀង​រហូត​មិន​អាច​ទៅ​រួច​នោះ​ឡើយ ហើយ​មនុស្ស​គ្រប់​រូប​នឹង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ម្យ៉ាង​ទៀត ទោះ​ជា​នៅ​ឥឡូវ​នេះ​យើង​ពិបាក​ស្រមៃ​គិត​អំពី​ការ​រស់​ជា​រៀង​រហូត​ក្ដី យើង​អាច​ជឿ​ថា​នោះ​នឹង​កើត​ឡើង​មែន ដោយ​សារ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​បង់​ថ្លៃ​ដ៏​ខ្ពស់​បំផុត គឺ​ជីវិត​របស់​បុត្រ​លោក​ផ្ទាល់​ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត​ជា​រៀង​រហូត។—រ៉ូម ៨:៣២

១០. តើ​ពួក​អ្នក​រើស​តាំង​និង​ចៀម​ឯ​ទៀត​ទន្ទឹង​រង់​ចាំ​អ្វី?

១០ ទោះ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​គឺ​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​ក្ដី ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទន្ទឹង​រង់​ចាំ​ជីវិត​បែប​នោះ​នៅ​ឥឡូវ​នេះ។ ពួក​អ្នក​រើស​តាំង​ទន្ទឹង​រង់​ចាំ​ជីវិត​ដ៏​មាន​ន័យ​នៅ​ស្ថាន​សួគ៌ កាល​ដែល​ពួក​គេ​គ្រប់​គ្រង​ផែន​ដី​ជា​មួយ​លោក​យេស៊ូ​គ្រិស្ត។ (​បប. ២០:៦​) ចំណែក​ឯ​ចៀម​ឯ​ទៀត ពួក​គេ​ទន្ទឹង​រង់​ចាំ​រស់​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន​ដោយ​គ្មាន​ការ​ឈឺ​ចាប់ ហើយ​លែង​កើត​ទុក្ខ។ (​បប. ២១:៣, ៤​) តើ​អ្នក​នៅ​ក្នុង​ចំណោម​ចៀម​ឯ​ទៀត​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ឬ​ទេ? សេចក្ដី​សង្ឃឹម​នេះ មិន​មែន​ជា​រង្វាន់​ដែល​អន់​ជាង​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ឡើយ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​រស់​នៅ​ផែន​ដី ដូច្នេះ​ការ​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​យ៉ាង​ពេញ​លេញ។

១១​-​១២. តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​ពរ​អ្វី​ខ្លះ​នៅ​ក្នុង​សួន​ឧទ្យាន? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ សូម​ស្រមៃ​គិត​ថា​ជីវិត​របស់​អ្នក​នៅ​សួន​ឧទ្យាន​នឹង​ទៅ​ជា​យ៉ាង​ណា។ អ្នក​នឹង​មិន​បារម្ភ​អំពី​ជំងឺ​ឬ​សេចក្ដី​ស្លាប់​ទេ។ (​អេ. ២៥:៨; ៣៣:២៤​) ព្រះ​យេហូវ៉ា​នឹង​បំពេញ​បំណង​ប្រាថ្នា​ដែល​សម​ត្រឹម​ត្រូវ​ទាំង​អស់​របស់​អ្នក។ ចុះ​អ្នក​វិញ តើ​អ្នក​ចង់​រៀន​អ្វី? រូប​វិទ្យា? គីមី​វិទ្យា? តន្ត្រី ឬ​គំនូរ? នៅ​ក្នុង​សួន​ឧទ្យាន យើង​នឹង​ត្រូវ​ការ​បុគ្គល​ដែល​ចេះ​រចនា​ប្លង់ អ្នក​សាង​សង់ និង​កសិករ។ នៅ​ពេល​នោះ យើង​ក៏​នឹង​ត្រូវ​ការ​បុគ្គល​ដែល​ចេះ​ដាំ​ដុះ និង​រៀប​ចំ​ម្ហូប ធ្វើ​ឧបករណ៍ ព្រម​ទាំង​រៀប​ចំ​និង​ថែ​ទាំ​សួន។ (​អេ. ៣៥:១; ៦៥:២១​) ពេល​អ្នក​រស់​ជា​រៀង​រហូត អ្នក​នឹង​មាន​ពេល​ដើម្បី​ធ្វើ​កិច្ចការ​ទាំង​អស់​នោះ ហើយ​ច្រើន​ជាង​នោះ​ទៅ​ទៀត។

១២ យើង​នឹង​អរ​សប្បាយ​ទទួល​ស្វាគមន៍​មនុស្ស​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ! (​សកម្ម. ២៤:១៥​) ម្យ៉ាង​ទៀត សូម​ស្រមៃ​គិត​ថា​អ្នក​នឹង​មាន​អំណរ​ខ្លាំង​យ៉ាង​ណា​ពេល​អ្នក​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា ដោយ​ពិនិត្យ​មើល​អ្វី​ៗ​ជា​ច្រើន​ដែល​លោក​បាន​បង្កើត។ (​ចសព. ១០៤:២៤; អេ. ១១:៩​) សំខាន់​បំផុត អ្នក​នឹង​អរ​សប្បាយ​ជា​ខ្លាំង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​មិន​បន្ទោស​ខ្លួន​ទាល់​តែ​សោះ ព្រោះ​អ្នក​លែង​ធ្វើ​អ្វី​ដែល​ខុស​ទៀត។ តើ​អ្នក​នឹង​បោះ​បង់​ឱកាស​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ដើម្បី​«​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង​»​នៅ​សព្វ​ថ្ងៃ​នេះ​ឬ? (​ហេ. ១១:២៥​) ច្បាស់​ជា​មិន​មែន​ទេ! ជីវិត​ដ៏​អស្ចារ្យ​ដែល​យើង​នឹង​មាន នឹង​ល្អ​ប្រសើរ​ជាង​អ្វី​ណា​ក៏​ដោយ​ដែល​យើង​អាច​ទទួល​ក្នុង​ពិភព​លោក​នៅ​ឥឡូវ​នេះ។ សូម​ចាំ​ថា សួន​ឧទ្យាន​នៅ​ផែន​ដី​នឹង​មិន​តែង​តែ​ជា​អ្វី​ដែល​យើង​ត្រូវ​ទន្ទឹង​រង់​ចាំ​ទេ ព្រោះ​នឹង​មាន​ថ្ងៃ​មួយ​ដែល​នោះ​នឹង​សម្រេច ហើយ​យើង​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ អ្វី​ទាំង​អស់​នេះ​អាច​កើត​ឡើង​បាន ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​លោក​ឲ្យ​បុត្រ​របស់​លោក​ស្លាប់​ដើម្បី​យើង។

តើ​អ្នក​ទន្ទឹង​រង់​ចាំ​ពរ​អ្វី​ខ្លះ​ជាង​គេ​នៅ​សួន​ឧទ្យាន? ​(​សូម​មើល​វគ្គ​១១​-​១២​)​


ចូរ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា

១៣. តើ​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​យ៉ាង​ដូច​ម្ដេច​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា? (​កូរិនថូស​ទី​២ ៦:១​)

១៣ តើ​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ផ្ដល់​ថ្លៃ​លោះ​ដល់​យើង​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ចាត់​ទុក​ការ​បម្រើ​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ (​ម៉ាថ. ៦:៣៣​) ព្រោះ​លោក​យេស៊ូ​បាន​ស្លាប់​ដើម្បី​មនុស្ស​ទាំង​អស់ ​«​ដើម្បី​ឲ្យ​អ្នក​ដែល​រស់ អាច​រស់​ដើម្បី​លោក​ដែល​បាន​ស្លាប់​ជំនួស​ពួក​គេ ហើយ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ​»។ (​២កូ. ៥:១៥​) យើង​ប្រាកដ​ជា​មិន​ចង់​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ដោយ​ឥត​ប្រយោជន៍​ឡើយ។—សូម​អាន កូរិនថូស​ទី​២ ៦:១

១៤. តើ​យើង​អាច​បង្ហាញ​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​និង​ការ​ណែនាំ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៤ យើង​ក៏​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា ដោយ​ទុក​ចិត្ត​លោក​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក។ តើ​តាម​របៀប​ណា? ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច​ជា​ត្រូវ​ទទួល​ការ​អប់រំ​ច្រើន​ប៉ុណ្ណា ឬ​ការ​ងារ​បែប​ណា​ដែល​យើង​គួរ​ធ្វើ យើង​ត្រូវ​ពិចារណា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ (​១កូ. ១០:៣១; ២កូ. ៥:៧​) ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មាន​មូលដ្ឋាន​លើ​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ជំនឿ​របស់​យើង​លើ​លោក និង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​កាន់​តែ​រឹង​មាំ​ឡើង ហើយ​សេចក្ដី​សង្ឃឹម​របស់​យើង​ដើម្បី​រស់​ជា​រៀង​រហូត​នឹង​កាន់​តែ​ពិត​ប្រាកដ។—រ៉ូម ៥:៣​-​៥; យ៉ា. ២:២១, ២២

១៥. តើ​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​យើង​យ៉ាង​ដូច​ម្ដេច​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក?

១៥ របៀប​ផ្សេង​ទៀត​ដែល​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា គឺ​ដោយ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​រដូវ​ពិធី​រំលឹក​នេះ ដើម្បី​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ចំពោះ​ថ្លៃ​លោះ។ ក្រៅ​ពី​មាន​គម្រោង​ចូល​រួម​ពិធី​រំលឹក​ដោយ​ផ្ទាល់ យើង​ក៏​អាច​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ដែរ។ (​១ធី. ២:៤​) សូម​ពន្យល់​ពួក​អ្នក​ដែល​អ្នក​អញ្ជើញ​អំពី​អ្វី​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពិធី​រំលឹក។ អ្នក​នឹង​ឃើញ​ថា​មាន​ប្រយោជន៍ បើ​អ្នក​បង្ហាញ​វីដេអូ​ហេតុ​អ្វី​លោក​យេស៊ូ​បាន​ស្លាប់? និង​ចូរ​នឹក​ចាំ​មរណភាព​លោក​យេស៊ូ​នៅ​គេហទំព័រ​jw.org/km។ ពួក​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​គេ​អញ្ជើញ​ពួក​អ្នក​អសកម្ម។ សូម​ស្រមៃ​ថា​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​មាន​អំណរ​ខ្លាំង​យ៉ាង​ណា បើ​ចៀម​ដែល​វង្វេង​បាត់​របស់​ព្រះ​យេហូវ៉ា​ខ្លះ​ត្រឡប់​មក​វិញ! (​លូក. ១៥:៤​-​៧​) នៅ​ពិធី​រំលឹក សូម​យើង​ព្យាយាម​ស្វាគមន៍​មិន​គ្រាន់​តែ​បង​ប្អូន​រួម​ជំនឿ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្វាគមន៍​ជា​ពិសេស​នូវ​ពួក​អ្នក​ថ្មី ឬ​ពួក​អ្នក​ដែល​ខាន​ចូល​រួម​អស់​ជា​យូរ​មក​ហើយ។ យើង​ចង់​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​កក់​ក្ដៅ។—រ៉ូម ១២:១៣

១៦. ហេតុ​អ្វី​យើង​គួរ​គិត​ពិចារណា​អំពី​ការ​បង្កើន​កិច្ច​បម្រើ​របស់​យើង​ក្នុង​រដូវ​ពិធី​រំលឹក?

១៦ តើ​អ្នក​អាច​បង្កើន​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​រដូវ​ពិធីរំលឹក​នេះ​ឬ​ទេ? ការ​ធ្វើ​ដូច​នេះ​គឺ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ទាំង​អស់​ដែល​ព្រះ និង​លោក​យេស៊ូ​គ្រិស្ត​បាន​ធ្វើ​ដើម្បី​យើង។ កាល​ដែល​យើង​កាន់​តែ​ផ្សព្វ​ផ្សាយ យើង​នឹង​កាន់​តែ​ឃើញ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​លោក​នឹង​កាន់​តែ​រឹង​មាំ​ឡើង។ (​១កូ. ៣:៩​) ម្យ៉ាង​ទៀត សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​អាន​គម្ពីរ​តាម​កាល​វិភាគ​អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​ដែល​មាន​នៅ​ក្នុង​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឬ​ក្នុង​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ។ អ្នក​ប្រហែល​ជា​ថែម​ទាំង​ប្រើ​បទ​គម្ពីរ​ទាំង​នោះ​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្ទាល់​ខ្លួន។

១៧. តើ​អ្វី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​»​)

១៧ ពិត​ណាស់ ស្ថានភាព​របស់​អ្នក​ប្រហែល​ជា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ​ទេ។ ប៉ុន្តែ​សូម​ចាំ​ថា ព្រះ​យេហូវ៉ា​មិន​ប្រៀប​ធៀប​អ្វី​ដែល​អ្នក​ធ្វើ​ទៅ​នឹង​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ឡើយ។ លោក​ឃើញ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ លោក​ពេញ​ចិត្ត​ពេល​លោក​ឃើញ​ថា អ្នក​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អំណោយ​ដ៏​ថ្លៃ​វិសេស​របស់​លោក ពោល​គឺ​ថ្លៃ​លោះ។—១សាំ. ១៦:៧; ម៉ាក. ១២:៤១​-​៤៤

១៨. ហេតុ​អ្វី​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត?

១៨ គឺ​ដោយ​សារ​តែ​ថ្លៃ​លោះ យើង​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា និង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ សូម​ឲ្យ​យើង​តែង​តែ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ដែល​ជំរុញ​ចិត្ត​លោក​ឲ្យ​ផ្ដល់​ពរ​ទាំង​នេះ​ដល់​យើង។ (​១យ៉ូន. ៤:១៩​) ម្យ៉ាង​ទៀត សូម​ឲ្យ​យើង​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​លោក​យេស៊ូ​ដែល​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​លោក​ឲ្យ​ជីវិត​ដើម្បី​យើង!—យ៉ូន. ១៥:១៣

ចម្រៀង​លេខ​១៥៤ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ

a ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក មុន​លោក​យេស៊ូ​ផ្ដល់​ថ្លៃ​លោះ។ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ដូច​នេះ ដោយ​សារ​លោក​ទុក​ចិត្ត​ថា​បុត្រ​របស់​លោក​នឹង​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។ យ៉ាង​នេះ តាម​ទស្សនៈ​របស់​ព្រះ គឺ​ហាក់​ដូច​ជា​ថ្លៃ​លោះ​បាន​ត្រូវ​បង់​យូរ​មុន​លោក​យេស៊ូ​ស្លាប់​ទៅ​ទៀត។—រ៉ូម ៣:២៥