ជីវប្រវត្ដិ
ការភ្ញាក់ផ្អើលនិងមេរៀនដ៏អរសប្បាយពីការបម្រើព្រះយេហូវ៉ា
កាលនៅក្មេង ពេលណាដែលខ្ញុំឃើញយន្តហោះនៅលើមេឃ ខ្ញុំចង់ហោះហើរទៅប្រទេសក្រៅ។ តែនោះមើលទៅបានត្រឹមតែស្រមៃ។
ឪពុកម្ដាយរបស់ខ្ញុំបានចាកចេញពីប្រទេសអេស្ដូនីក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយបានទៅប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលខ្ញុំបានកើត។ ក្រោយពីខ្ញុំកើតមក ពួកគាត់ក៏ចាប់ផ្ដើមរៀបចំរើទៅប្រទេសកាណាដា។ ផ្ទះទី១របស់យើងជិតក្រុងអូតាវ៉ា ប្រទេសកាណាដា គឺនៅក្នុងទ្រុងមាន់ដែលលាបទឹកកំបោរ។ យើងក្រខ្លាំងណាស់ តែយ៉ាងណាក្ដីយើងមានពងមាន់ហូបពេលព្រឹក។
នៅថ្ងៃមួយ សាក្សីព្រះយេហូវ៉ាបានអានការបើកបង្ហាញ ២១:៣, ៤ឲ្យម្ដាយខ្ញុំ។ នោះធ្វើឲ្យម្ដាយខ្ញុំសប្បាយចិត្តខ្លាំងណាស់បានជាគាត់ចាប់ផ្ដើមស្រក់ទឹកភ្នែក។ គ្រាប់ពូជនៃសេចក្ដីពិតបានដុះឡើង ហើយទាំងឪពុកទាំងម្ដាយខ្ញុំបានរីកចម្រើនយ៉ាងលឿនរហូតដល់ទទួលការជ្រមុជទឹក។
ឪពុកម្ដាយខ្ញុំមិនសូវចេះភាសាអង់គ្លេសទេ ប៉ុន្តែពួកគាត់មានចិត្តខ្នះខ្នែងក្នុងបម្រើព្រះយេហូវ៉ា។ ស្ទើរតែរៀងរាល់ថ្ងៃសៅរ៍ សូម្បីតែក្រោយពីធ្វើការពេញមួយយប់នៅរោងចក្រស្លលោហៈនីកែលនាក្រុងសាត់បឺរី ខេត្តអនតារីយ៉ូ ឪពុកខ្ញុំយកខ្ញុំនិងប្អូនស្រីខ្ញុំស៊ីលវីអាទៅផ្សព្វផ្សាយ។ រាល់សប្ដាហ៍ យើងសិក្សាទស្សនាវដ្ដីប៉មយាមជាមួយគ្នាជាក្រុមគ្រួសារ។ ឪពុកម្ដាយខ្ញុំបានជួយខ្ញុំឲ្យស្រឡាញ់ព្រះ។ នោះបានជំរុញចិត្តខ្ញុំឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ានៅឆ្នាំ១៩៥៦ពេលដែលខ្ញុំមានអាយុ១០ឆ្នាំ។ សេចក្ដីស្រឡាញ់ដ៏ខ្លាំងរបស់ពួកគាត់ចំពោះព្រះយេហូវ៉ាបានលើកទឹកចិត្តខ្ញុំពេញមួយជីវិត។
ក្រោយពីខ្ញុំរៀនចប់វិទ្យាល័យ ខ្ញុំមិនសូវបានផ្ដោតអារម្មណ៍លើកិច្ចបម្រើព្រះយេហូវ៉ាទេ។ ខ្ញុំបានគិតថាបើខ្ញុំត្រួសត្រាយ ខ្ញុំមិនអាចរកលុយបានគ្រប់គ្រាន់ដើម្បីជិះយន្តហោះទៅកន្លែងផ្សេងៗជុំវិញពិភពលោកទេ។ ខ្ញុំរកបានការងារជាឌីជេប្រចាំវិទ្យុមួយក្នុងស្រុក ជាការងារដែលខ្ញុំចូលចិត្តខ្លាំងណាស់។ តែខ្ញុំធ្វើការនៅពេលល្ងាច ដូច្នេះខ្ញុំខកខានចូលរួមកិច្ចប្រជុំជាទៀងទាត់ ហើយសេពគប់ជាមួយបុគ្គលដែលមិនស្រឡាញ់ព្រះ។ ក្រោយមក សមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំដែលបានត្រូវបង្វឹកបង្ហាត់ដោយគម្ពីរបានជំរុញចិត្តខ្ញុំឲ្យធ្វើការកែប្រែ។
ខ្ញុំបានរើទៅក្រុងអុសេវ៉ា ខេត្តអនតារីយ៉ូ។ នៅទីនោះខ្ញុំបានជួបបងប្រុសរេ ណរម៉ិន ប្អូនស្រីរបស់គាត់ឡេស្លី និងអ្នកត្រួសត្រាយឯទៀត។ ពួកគេទាំងអស់គ្នាយកចិត្តទុកដាក់ចំពោះខ្ញុំ។ ពេលឃើញពួកគេអរសប្បាយ នោះជំរុញចិត្តខ្ញុំឲ្យគិតឡើងវិញអំពីគោលដៅរបស់ខ្ញុំ។ ពួកគេបានលើកទឹកចិត្តខ្ញុំឲ្យត្រួសត្រាយ ហើយខ្ញុំបានចាប់ផ្ដើមកិច្ចការនោះនៅខែកញ្ញា ឆ្នាំ១៩៦៦។ ខ្ញុំសប្បាយចិត្តណាស់។ ប៉ុន្តែ អ្វីដ៏ភ្ញាក់ផ្អើលដែលនឹងផ្លាស់ប្ដូរជីវិតខ្ញុំហៀបនឹងកើតឡើង។
ពេលព្រះយេហូវ៉ាអញ្ជើញឲ្យធ្វើអ្វីមួយចូរព្យាយាមធ្វើទៅ
កាលដែលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំបានដាក់ពាក្យសុំបម្រើនៅបេតអែលកាណាដា នាក្រុងតូរ៉ុនតូ។ ក្រោយមក ពេលខ្ញុំកំពុងត្រួសត្រាយ
ខ្ញុំបានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែលសម្រាប់បួនឆ្នាំ។ ប៉ុន្តែ ខ្ញុំពិតជាចូលចិត្តឡេស្លី ហើយខ្ញុំខ្លាចថាបើខ្ញុំព្រមទទួលការអញ្ជើញនោះ ខ្ញុំនឹងមិនអាចជួបគាត់ម្ដងទៀតទេ។ ក្រោយពីអធិដ្ឋានអស់ពីចិត្តយ៉ាងយូរនិងជាច្រើនដង ខ្ញុំបានព្រមទទួលការអញ្ជើញឲ្យទៅបេតអែល ហើយលាឡេស្លីទាំងមិនដាច់អាល័យ។នៅបេតអែល ខ្ញុំធ្វើការផ្នែកបោកអ៊ុតនិងក្រោយមកជាលេខាធិការ។ នៅដំណាលគ្នានោះ ឡេស្លីបានទៅជាអ្នកត្រួសត្រាយពិសេសនៅក្រុងកាធីណូ ខេត្តកេបិក។ ខ្ញុំច្រើនតែចង់ដឹងអំពីសុខទុក្ខរបស់គាត់ ហើយឆ្ងល់ថាតើខ្ញុំធ្វើការសម្រេចចិត្តត្រូវឬក៏យ៉ាងណា។ ក្រោយមក អ្វីដ៏សប្បាយបំផុតមួយដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលក្នុងជីវិតបានកើតឡើង។ បងរេដែលជាបងប្រុសរបស់ឡេស្លីបានត្រូវអញ្ជើញឲ្យមកបេតអែល ហើយគាត់បានទៅជាដៃគូបន្ទប់របស់ខ្ញុំ។ នោះឲ្យខ្ញុំមានឱកាសទាក់ទងជាមួយឡេស្លីម្ដងទៀត។ យើងបានរៀបការនៅថ្ងៃចុងក្រោយនៃភារកិច្ចបួនឆ្នាំរបស់ខ្ញុំគឺថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៧១។
ខ្ញុំនិងឡេស្លីបានទទួលភារកិច្ចឲ្យបម្រើនៅក្រុមជំនុំដែលនិយាយភាសាបារាំងនៅខេត្តកេបិក។ ប៉ុន្មានឆ្នាំក្រោយមកពេលខ្ញុំមានអាយុ២៨ឆ្នាំ ខ្ញុំភ្ញាក់ផ្អើលដែលខ្ញុំបានត្រូវអញ្ជើញឲ្យបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងនៅក្មេង ហើយខ្វះបទពិសោធន៍ តែពាក្យនៅយេរេមា ១:៧, ៨ បានលើកទឹកចិត្តខ្ញុំ។ បញ្ហាមួយទៀតគឺថា ឡេស្លីបានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានដង ហើយនេះធ្វើឲ្យគាត់ពិបាកគេង។ ដូច្នេះ យើងបានគិតថាតើយើងអាចធ្វើកិច្ចការត្រួតពិនិត្យយ៉ាងដូចម្ដេចបាន? ទោះជាយ៉ាងនោះក៏ដោយ គាត់និយាយថា៖ «បើព្រះយេហូវ៉ាអញ្ជើញយើងឲ្យធ្វើអ្វីមួយ យើងគួរតែព្យាយាមធ្វើនោះ»។ យើងបានព្រមទទួលភារកិច្ចនោះ ហើយយើងអរសប្បាយក្នុងកិច្ចការធ្វើដំណើរត្រួតពិនិត្យអស់១៧ឆ្នាំ។
ជីវិតជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលគឺរវល់ណាស់ ហើយខ្ញុំមិនតែងតែមានពេលគ្រប់គ្រាន់ឲ្យឡេស្លីទេ។ ខ្ញុំត្រូវរៀនមេរៀនមួយទៀត។ នៅព្រឹកថ្ងៃច័ន្ទមួយ មានអ្នកចុចកណ្ដឹងផ្ទះដែលយើងស្នាក់នៅ ហើយពេលបើកទ្វារទៅ គ្មានអ្នកណានៅទីនោះទេ។ យើងឃើញមានតែកន្ត្រកដែលមានកម្រាល ផ្លែឈើ ឈីស នំប៉័ង ស្រាទំពាំងបាយជូរមួយដបនិងកែវ ព្រមទាំងសំបុត្រពីជនអនាមិកមួយដែលសរសេរថា៖ «សូមយកប្រពន្ធទៅដើរលេងផង»។ ថ្ងៃនោះមេឃស្រឡះល្អ។ ប៉ុន្តែ ខ្ញុំបានពន្យល់ឡេស្លីថាខ្ញុំមានសុន្ទរកថាត្រូវរៀបចំ ហើយទៅមិនបានទេ។ គាត់យល់ ប៉ុន្តែស្ដាយបន្តិច។ ពេលខ្ញុំអង្គុយនៅតុ សមត្ថភាពវិនិច្ឆ័យចាប់ផ្ដើមធ្វើទុក្ខខ្ញុំ។ ខ្ញុំបានគិតអំពីអេភេសូរ ៥:២៥, ២៨។ ខ្ញុំគិតថាខគម្ពីរនោះគឺជារបៀបដែលព្រះយេហូវ៉ារំលឹកខ្ញុំឲ្យគិតអំពីអារម្មណ៍របស់ប្រពន្ធ។ ក្រោយពីអធិដ្ឋាន ខ្ញុំនិយាយទៅឡេស្លីថា៖ «តោះអូន យើងទៅ!» នេះធ្វើឲ្យគាត់សប្បាយចិត្ត។ យើងបានធ្វើដំណើរទៅកន្លែងដ៏ស្រស់ស្អាតមួយនៅក្បែរទន្លេ ក្រាលកម្រាល ហើយសប្បាយរីករាយជាមួយគ្នា។ ម្យ៉ាងទៀត ខ្ញុំនៅតែបានរៀបចំសុន្ទរកថា។
យើងអរសប្បាយនឹងភារកិច្ចរបស់យើងក្នុងកិច្ចការត្រួតពិនិត្យ ហើយក៏មានកិច្ចការច្រើនដែរ។ យើងធ្វើចាប់ពីខេត្តប៊្រីធីសកូឡុំប៊ី ដល់ខេត្តញូហ្វោនឡេន។ ខ្ញុំបានធ្វើដំណើរដូចខ្ញុំប្រាថ្នា។ ខ្ញុំបានគិតអំពីសាលាគីលាត ប៉ុន្តែខ្ញុំមិនចង់ធ្វើជាសាសនទូតនៅប្រទេសផ្សេងទេ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនល្អគ្រប់គ្រាន់ដើម្បីទៅជាសាសនទូត។ ម្យ៉ាងវិញទៀត ខ្ញុំខ្លាចថាយើងអាចត្រូវចាត់ឲ្យទៅប្រទេសណាមួយនៅទ្វីប
អាហ្វ្រិកដែលមានជំងឺឆ្លងនិងសង្គ្រាម។ ខ្ញុំសប្បាយនៅប្រទេសកាណាដាហើយ។ការអញ្ជើញដ៏ភ្ញាក់ផ្អើលទៅប្រទេសអេស្ដូនីនិងប្រទេសជាប់សមុទ្របាល់ទិក
នៅឆ្នាំ១៩៩២ សាក្សីព្រះយេហូវ៉ាអាចផ្សព្វផ្សាយដោយសេរីម្ដងទៀតនៅប្រទេសខ្លះដែលធ្លាប់នៅក្នុងសហភាពសូវៀត។ ដូច្នេះ បងប្រុសៗបានសួរយើងថាតើយើងសុខចិត្តបម្រើជាសាសនទូតនៅប្រទេសអេស្ដូនីឬទេ។ យើងភ្ញាក់ផ្អើល ប៉ុន្តែយើងបានអធិដ្ឋានអំពីរឿងនេះ។ ម្ដងទៀតយើងបានគិតថា ‹បើព្រះយេហូវ៉ាអញ្ជើញយើងឲ្យធ្វើអ្វីមួយ យើងគួរព្យាយាមធ្វើនោះ›។ ដូច្នេះ យើងបានព្រមទទួលភារកិច្ចនោះ ហើយខ្ញុំធូរចិត្តដែលយើងមិនមែនទៅទ្វីបអាហ្វ្រិក។
យើងបានចាប់ផ្ដើមរៀនភាសាអេស្ដូនីភ្លាមៗ។ ក្រោយពីទៅដល់ប្រទេសនោះប៉ុន្មានខែ យើងបានត្រូវសុំឲ្យធ្វើកិច្ចការត្រួតពិនិត្យ។ យើងត្រូវទៅទស្សនកិច្ចប្រហែលជា៤៦ក្រុមជំនុំនិងក្រុមខ្លះៗនៅក្នុងប្រទេសបីជាប់សមុទ្របាល់ទិក ព្រមទាំងខេត្តខាលីនីនក្រាត ប្រទេសរុស្ស៊ី។ នេះមានន័យថាយើងត្រូវព្យាយាមរៀនភាសាឡេតូនី លីទុយអានី និងរុស្ស៊ី។ ការធ្វើដូច្នេះគឺពិបាក ប៉ុន្តែបងប្អូនសប្បាយចិត្តឃើញការខំប្រឹងរបស់យើង ហើយពួកគេបានជួយយើង។ នៅឆ្នាំ១៩៩៩ ការិយាល័យសាខាបានត្រូវបើកដំណើរការនៅប្រទេសអេស្ដូនី ហើយខ្ញុំបានត្រូវតែងតាំងឲ្យបម្រើជាសមាជិកគណៈកម្មាធិការជាមួយនឹងបងប្រុសថូម៉ាស់ អេទូ បងប្រុសលិមបិក រ៉ែល និងបងប្រុសថូមី ខោកូ។
យើងបានស្គាល់សាក្សីជាច្រើននាក់ដែលធ្លាប់បានត្រូវនិរទេសទៅខេត្តស៊ីបេរី។ ទោះជាពួកគេត្រូវជាប់គុកយ៉ាងវេទនា និងបែកពីក្រុមគ្រួសារក្ដី ពួកគេមិនខឹងនិងចងគំនុំទេ។ ពួកគេនៅតែមានអំណរ និងមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។ គំរូរបស់ពួកគេបង្រៀនយើងថាយើងក៏អាចស៊ូទ្រាំនិងអរសប្បាយក្នុងស្ថានភាពពិបាកដែរ។
ច្រើនឆ្នាំកន្លងទៅលឿនណាស់ ហើយយើងមិនសូវមានពេលសម្រាកទេ ដូច្នេះឡេស្លីចាប់ផ្ដើមល្វើយយ៉ាងខ្លាំង។ យើងមិនបានដឹងភ្លាមៗទេថាគាត់ល្វើយបែបនេះ ដោយសារគាត់មានជំងឺឈឺសាច់ដុំនិងសរសៃពួរ(fibromyalgia)។ យើងបានគិតយ៉ាងជ្រាលជ្រៅអំពីការត្រឡប់ទៅប្រទេសកាណាដាវិញ។ ពេលយើងបានត្រូវអញ្ជើញឲ្យទៅសាលាសម្រាប់សមាជិកគណៈកម្មាធិការត្រួតពិនិត្យការិយាល័យសាខានៅផាតឺសិន រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក ខ្ញុំគិតថាយើងមិនអាចទៅបានទេ។ ប៉ុន្តែក្រោយពីអធិដ្ឋានយ៉ាងអស់ពីចិត្តអំពីរឿងនេះ យើងបានយល់ព្រម។ ព្រះយេហូវ៉ាបានឲ្យពរចំពោះការសម្រេចចិត្តនេះ គឺក្នុងរយៈពេលនៅសាលានោះដែលឡេស្លីបានទទួលការព្យាបាលដែលគាត់ត្រូវការ។ ជាលទ្ធផល យើងអាចបន្ដសកម្មភាពធម្មតាវិញបាន។
ការភ្ញាក់ផ្អើលមួយទៀតគឺទ្វីបថ្មី
នៅល្ងាចមួយនាឆ្នាំ២០០៨ ពេលយើងនៅប្រទេសអេស្ដូនី ខ្ញុំបានទទួលទូរស័ព្ទពីមន្ទីរចាត់ការពិភពលោក។ ពួកគេសួរថាតើយើងអាចទទួលភារកិច្ចនៅប្រទេសកុងហ្គោបានឬទេ។ ខ្ញុំភ្ញាក់ផ្អើល ជាពិសេសដោយសារខ្ញុំត្រូវប្រាប់ចម្លើយនៅថ្ងៃបន្ទាប់។ ដំបូង ខ្ញុំមិនបានប្រាប់រឿងនេះទៅឡេស្លីទេ ដោយសារបើខ្ញុំប្រាប់គាត់ គាត់នឹងគេងមិនលក់នៅយប់នោះ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំគឺជាអ្នកដែលគេងមិនលក់ ដោយសារខ្ញុំអធិដ្ឋានអំពីការខ្វល់ចិត្តទៅទ្វីបអាហ្វ្រិកនោះ។
នៅថ្ងៃបន្ទាប់ពេលខ្ញុំប្រាប់ឡេស្លី យើងបានវែកញែកថា៖ «ព្រះយេហូវ៉ាកំពុងអញ្ជើញយើងឲ្យទៅទ្វីបអាហ្វ្រិក អ៊ីចឹងតើយើងដឹងថាយើងមិនអាចធ្វើបាននិងសប្បាយឬអត់យ៉ាងម៉េច បើយើងមិនទាន់សាក
ល្បង?»។ ដូច្នេះក្រោយពី១៦ឆ្នាំនៅប្រទេសអេស្ដូនី យើងបានធ្វើដំណើរទៅក្រុងគីនស្ហាសា ប្រទេសកុងហ្គោ។ ការិយាល័យសាខានៅទីនោះមានសួនច្បារស្អាត និងស្ងប់ស្ងាត់ល្អ។ ក្នុងចំណោមអ្វីមួយដែលឡេស្លីបានដាក់ក្នុងបន្ទប់មុនគេ គឺកាតមួយដែលគាត់បានរក្សាទុកតាំងពីយើងចេញពីប្រទេសកាណាដា។ នៅលើកាតនោះសរសេរថា៖ «ដាំនៅទីណា រីកស្គុសស្គាយនៅទីនោះ»។ ក្រោយពីជួបបងប្អូន ដឹកនាំការសិក្សាគម្ពីរ និងភ្លក់អំណរដែលមកពីការធ្វើជាសាសនទូត យើងកាន់តែសប្បាយរីករាយក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ក្រោយមក យើងមានឯកសិទ្ធិធ្វើទស្សនកិច្ចការិយាល័យសាខា១៣ប្រទេសនៅទ្វីបអាហ្វ្រិក។ យើងមានឱកាសរៀនអំពីភាពខុសគ្នានិងភាពស្រស់ស្អាតរបស់មនុស្សផ្សេងៗ។ ខ្ញុំលែងខ្វល់ខ្វាយអំពីការនៅទ្វីបអាហ្វ្រិកទៀត ហើយយើងអរគុណព្រះយេហូវ៉ាដែលចាត់យើងឲ្យមកបម្រើនៅទីនោះ។នៅប្រទេសកុងហ្គោ យើងបានត្រូវគេណែនាំឲ្យស្គាល់ម្ហូបខ្លះដូចជាសត្វល្អិត ដែលខ្ញុំគិតថាយើងមិនចេះញ៉ាំទេ។ ប៉ុន្តែ ពេលយើងឃើញបងប្អូនញ៉ាំទៅឆ្ងាញ់ យើងក៏សាកភ្លក់ ហើយចូលចិត្តដែរ។
យើងបានធ្វើដំណើរទៅភាគខាងកើតនៃប្រទេសនោះដើម្បីលើកទឹកចិត្តបងប្អូននិងផ្ដល់អ្វីដែលពួកគេត្រូវការ។ នៅកន្លែងនោះ ក្រុមពួកឧទ្ទាមបានវាយប្រហារភូមិ ហើយធ្វើបាបកូនក្មេងនិងស្ត្រី។ បងប្អូនភាគច្រើនមិនសូវមានទ្រព្យសម្បត្តិទេ ប៉ុន្តែសេចក្ដីសង្ឃឹមដ៏មុតមាំរបស់ពួកគេទៅលើការប្រោសឲ្យរស់ឡើងវិញ សេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះយេហូវ៉ា និងភក្ដីភាពរបស់ពួកគេចំពោះអង្គការលោក លើកទឹកចិត្តយើងខ្លាំងណាស់។ គំរូរបស់ពួកគេនាំឲ្យយើងគិតអំពីមូលហេតុដែលយើងបម្រើព្រះយេហូវ៉ា ហើយពង្រឹងជំនឿរបស់យើងទៅលើលោក។ បងប្អូនខ្លះបានបាត់បង់ផ្ទះសម្បែងនិងដំណាំ។ នេះរំលឹកខ្ញុំថាទ្រព្យសម្បត្តិអាចបាត់ទៅក្នុងមួយប៉ប្រិចភ្នែក ហើយចំណងមិត្តភាពជាមួយព្រះយេហូវ៉ាគឺជាអ្វីសំខាន់បំផុត។ ទោះជាមានការពិបាកយ៉ាងខ្លាំងក្ដី បងប្អូនយើងកម្ររអ៊ូរទាំ។ ចិត្តគំនិតរបស់ពួកគេបានលើកទឹកចិត្តយើងឲ្យប្រឈមមុខនឹងបញ្ហាសុខភាពនិងបញ្ហាផ្សេងទៀតដោយចិត្តក្លាហាន។
ភារកិច្ចថ្មីនៅទ្វីបអាស៊ី
ក្រោយមក មានរឿងដ៏ភ្ញាក់ផ្អើលមួយទៀតបានកើតឡើង។ យើងបានត្រូវសុំឲ្យរើទៅការិយាល័យសាខាហុងកុង។ យើងមិនធ្លាប់ស្រមៃគិតថាយើងនឹងរស់នៅទ្វីបអាស៊ីទេ! ប៉ុន្តែ ក្រោយពីទទួលជំនួយដែលប្រកបដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ាក្នុងភារកិច្ចផ្សេងទៀតទាំងអស់របស់យើង យើងបានយល់ព្រម។ នៅឆ្នាំ២០១៣ យើងបានលា
មិត្តជាទីស្រឡាញ់របស់យើងនិងទ្វីបអាហ្វ្រិកដ៏ស្រស់ស្អាតទាំងរលីងរលោង ដោយមិនដឹងថានឹងមានអ្វីកើតឡើងនៅខាងមុខយើងទេ។ក្រុងហុងកុងគឺជាក្រុងដែលមានមនុស្សច្រើនកុះករពីទូទាំងពិភពលោក ដូច្នេះនេះគឺជាការផ្លាស់ប្ដូរដ៏ធំសម្រាប់យើង។ ភាសាចិនកាតាំងគឺជាភាសាដែលពិបាករៀន។ ប៉ុន្តែ បងប្អូននៅទីនោះបានស្វាគមន៍យើងយ៉ាងកក់ក្ដៅ ហើយយើងចូលចិត្តម្ហូបនៅទីនោះខ្លាំងណាស់។ មានកិច្ចការច្រើនទៅៗនៅការិយាល័យសាខានោះ ហេតុនេះការិយាល័យសាខាត្រូវការពង្រីក។ ប៉ុន្តែដំណាលគ្នានោះ តម្លៃដីធ្លីឡើងថ្លៃលឿនដូចព្យុះ។ ដូច្នេះ គណៈអភិបាលបានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដោយរើកិច្ចការខ្លះទៅកន្លែងផ្សេង ហើយលក់ដីធ្លីភាគច្រើនរបស់ការិយាល័យសាខា។ មិនយូរក្រោយមក នៅឆ្នាំ២០១៥ យើងបានរើទៅបម្រើនៅប្រទេសកូរ៉េខាងត្បូង។ នៅទីនោះ យើងត្រូវរៀនភាសាពិបាកមួយទៀត ទោះជាយើងនិយាយភាសាកូរ៉េមួយៗក្ដី បងប្អូននិយាយលើកទឹកចិត្តយើងថាយើងចេះនិយាយគ្រាន់បើជាងមុន។
មេរៀនដែលយើងបានរៀនក្នុងកិច្ចបម្រើព្រះយេហូវ៉ា
ការបង្កើតមិត្តភាពថ្មីមិនតែងតែស្រួលទេ ប៉ុន្តែយើងបានឃើញថាពេលយើងទទួលអ្នកឯទៀតដោយរាក់ទាក់ជាមុន យើងអាចស្គាល់ពួកគេលឿនជាង។ យើងឃើញថាបងប្អូនយើងមិនសូវខុសគ្នាប៉ុន្មានទេ ពួកគេមានភាពស្រដៀងៗគ្នា ហើយថាព្រះយេហូវ៉ាបានបង្កើតយើងយ៉ាងអស្ចារ្យឲ្យចេះបើកចិត្តស្រឡាញ់បងប្អូនជាច្រើន។—២កូ. ៦:១១
យើងឃើញថាយើងត្រូវទទួលយកមនុស្សឯទៀតជាពួកគេដូចព្រះយេហូវ៉ាទទួលយកពួកគេ ហើយឃើញភ័ស្តុតាងដែលបង្ហាញថាលោកស្រឡាញ់យើងនិងកំពុងផ្ដល់ការណែនាំដល់យើង។ ពេលណាយើងធ្លាក់ទឹកចិត្តឬឆ្ងល់ថាបងប្អូនចូលចិត្តយើងឬអត់ យើងអានឡើងវិញនូវកាតនិងសំបុត្រដ៏លើកទឹកចិត្តពីមិត្តភក្ដិរបស់យើង។ យើងពិតជាបានពិសោធថាព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង ហើយនោះពង្រឹងទំនុកចិត្តរបស់យើងទៅលើសេចក្ដីស្រឡាញ់របស់លោក ព្រមទាំងពង្រឹងកម្លាំងយើងឲ្យបន្តទៅមុខទៀត។
អស់ជាច្រើនឆ្នាំ ខ្ញុំនិងឡេស្លីបានរៀនថាគឺសំខាន់ឲ្យយើងលៃទុកពេលឲ្យគ្នា មិនថាយើងរវល់យ៉ាងណាក៏ដោយ។ យើងក៏យល់ដែរថាគឺសំខាន់ឲ្យយើងចេះអស់សំណើចខ្លួនឯង ជាពិសេសពេលយើងព្យាយាមរៀនភាសាថ្មី។ រាល់យប់ យើងព្យាយាមរកនឹកអ្វីអរសប្បាយដើម្បីអរគុណព្រះយេហូវ៉ា។
និយាយឲ្យត្រង់ ខ្ញុំធ្លាប់មានអារម្មណ៍ថាខ្ញុំមិនអាចទៅជាសាសនទូតឬរស់នៅប្រទេសផ្សេងទេ។ ប៉ុន្តែ ខ្ញុំបានពិសោធអំណរដែលមកពីការរៀនថា ការទាំងអស់អាចសម្រេចបានដោយសារការគាំទ្រពីព្រះយេហូវ៉ា។ នេះរំលឹកខ្ញុំអំពីពាក្យរបស់អ្នកប្រកាសទំនាយយេរេមាដែលថា៖ «ឱព្រះយេហូវ៉ាអើយ! លោកបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល»។ (យេ. ២០:៧) មែនហើយ លោកបានឲ្យយើងនូវពរដែលមិននឹកស្មាននិងការភ្ញាក់ផ្អើលដ៏សប្បាយជាច្រើន ហើយថែមទាំងបានសម្រេចបំណងប្រាថ្នារបស់ខ្ញុំចង់ជិះយន្តហោះទៀតផង។ យើងបានធ្វើដំណើរទៅប្រទេសច្រើនជាងក្ដីស្រមៃរបស់ខ្ញុំកាលនៅក្មេងទៅទៀត។ យើងបានធ្វើទស្សនកិច្ចការិយាល័យសាខានៅប្រាំទ្វីប។ ក្នុងភារកិច្ចផ្សេងៗទាំងអស់នេះ ខ្ញុំឲ្យតម្លៃខ្លាំងណាស់ចំពោះការគាំទ្រដ៏ស្ម័គ្រចិត្តរបស់ឡេស្លី។
យើងរំលឹកខ្លួនជានិច្ចថាយើងធ្វើកិច្ចការទាំងនេះដើម្បីអ្នកណានិងសម្រាប់មូលហេតុអ្វី។ ពរដែលយើងមាននៅសព្វថ្ងៃនេះគឺគ្រាន់តែជាការភ្លក់នៃជីវិតដែលគ្មានទីបញ្ចប់ ពេលដែលព្រះយេហូវ៉ានឹង«លាដៃ ហើយបំពេញបំណងប្រាថ្នារបស់ជីវិតទាំងឡាយ»។—ចសព. ១៤៥:១៦