លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៦

ចូរត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃរបស់ព្រះយេហូវ៉ា

ចូរត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃរបស់ព្រះយេហូវ៉ា

«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់​»។—១ថែ. ៥:២

ចម្រៀង​លេខ​១៤៣ ចូរ​បន្ត​ធ្វើ​ការ បន្ត​រង់​ចាំ និង​ចាំ​យាម

សេចក្ដី​សង្ខេប a

១. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រួច​ជីវិត​នៅ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា?

 ពេល​គម្ពីរ​ចែង​អំពី​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​ នោះ​សំដៅ​លើ​ពេល​ដែល​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ពួក​សត្រូវ​របស់​លោក ហើយ​នាំ​មក​សេចក្ដី​សង្គ្រោះ​ដល់​រាស្ត្រ​លោក។ នៅ​អតីតកាល ព្រះ​យេហូវ៉ា​បាន​អនុវត្ត​ការ​វិនិច្ឆ័យ​របស់​លោក​នៅ​ពេល​ផ្សេង​ៗ។ (​អេ. ១៣:១, ៦; អេគ. ១៣:៥; សេផ. ១:៨​) នៅ​សម័យ​យើង ​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​ចាប់​ផ្ដើម​ដោយ​ការ​វាយ​ប្រហារ​លើ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​បញ្ចប់​ដោយ​សង្គ្រាម​អាម៉ាគេដូន។ ដើម្បី​រួច​ជីវិត​ពី​«​ថ្ងៃ​»​នោះ យើង​ត្រូវ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ។ លោក​យេស៊ូ​បាន​បង្រៀន​ថា​យើង​មិន​គ្រាន់​តែ​ត្រូវ​ប្រុង​ប្រៀប​សម្រាប់​‹គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង›​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​«​ត្រៀម​ខ្លួន​ជា​និច្ច​»​សម្រាប់​គ្រា​នោះ​ដែរ។—ម៉ាថ. ២៤:២១; លូក. ១២:៤០

២. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ថែស្សាឡូនិច​ទី​១?

ក្នុង​សំបុត្រ​ទី​១​របស់​សាវ័ក​ប៉ូល​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​ប្រើ​ឧទាហរណ៍​មួយ​ចំនួន​ដើម្បី​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា។ ប៉ូល​ដឹង​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​មក​នៅ​ពេល​នោះ​ទេ។ (​២ថែ. ២:១​-​៣​) ប៉ុន្តែ គាត់​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​គាត់​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះ​ហាក់​ដូច​ជា​នឹង​មក​ដល់​ថ្ងៃ​ស្អែក ហើយ​យើង​ក៏​អាច​ធ្វើ​តាម​យោបល់​របស់​គាត់​ដែរ។ សូម​យើង​ពិចារណា​ការ​ពន្យល់​របស់​គាត់​អំពី​៖ (​១​) របៀប​ដែល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់ (​២​) អ្នក​ណា​ដែល​មិន​រួច​ជីវិត​នៅ​ថ្ងៃ​នោះ និង​(​៣​) របៀប​ដែល​យើង​អាច​ត្រៀម​ខ្លួន​ដើម្បី​រួច​ជីវិត។

តើ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​តាម​របៀប​ណា?

ពេល​សាវ័ក​ប៉ូល​បាន​សរសេរ​ថែស្សាឡូនិច​ទី​១​គាត់​បាន​ប្រើ​ឧទាហរណ៍​ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​យើង (​សូម​មើល​វគ្គ​៣​)

៣. តើ​តាម​របៀប​ណា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

«​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់​»។ (​១ថែ. ៥:២​) នេះ​គឺ​ជា​ការ​ប្រៀប​ប្រដូច​ទី​១​ក្នុង​ចំណោម​ការ​ប្រៀប​ប្រដូច​បី​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ ចោរ​ច្រើន​តែ​ធ្វើ​សកម្មភាព​យ៉ាង​រហ័ស​ក្នុង​អំឡុង​ពេល​យប់​កាល​ដែល​មនុស្ស​ភ្លេច​ខ្លួន។ ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ក៏​នឹង​មក​ភ្លាម​ៗ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ភ្ញាក់​ផ្អើល។ សូម្បី​តែ​គ្រិស្ត​សាសនិក​ពិត ក៏​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​ឆាប់​រហ័ស​ដែល​ព្រឹត្តិការណ៍​នោះ​កើត​ឡើង។ ប៉ុន្តែ ខុស​ពី​មនុស្ស​ទុច្ចរិត យើង​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ។

៤. តើ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​យ៉ាង​ដូច​ម្ដេច?

«​ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​»។ (​១ថែ. ៥:៣​) ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​មិន​អាច​ដឹង​អំពី​ពេល​វេលា​ជាក់​លាក់​ដែល​គាត់​នឹង​ឈឺ​ពោះ​សម្រាល​កូន​ទេ។ ប៉ុន្តែ គាត់​ដឹង​ថា​នោះ​នឹង​កើត​ឡើង។ ការ​ឈឺ​ពោះ​នោះ​ទំនង​ជា​នឹង​កើត​ឡើង​ភ្លាម​ៗ​ដោយ​ឈឺ​ចាប់ ហើយ​រា​រាំង​មិន​បាន។ ស្រដៀង​គ្នា​ដែរ យើង​មិន​ដឹង​ថ្ងៃ​និង​ម៉ោង​ដែល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​ចាប់​ផ្ដើម​ទេ។ ប៉ុន្តែ យើង​ជឿ​ជាក់​ថា​ថ្ងៃ​នោះ​នឹង​មក​ដល់ ហើយ​ថា​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​មនុស្ស​ទុច្ចរិត​នឹង​មក​ភ្លាម​ៗ​ដោយ​គេច​មិន​ផុត​ឡើយ។

៥. តើ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​គឺ​ដូច​ជា​ទៀប​ភ្លឺ​យ៉ាង​ដូច​ម្ដេច?

ដូច​ជា​ទៀប​ភ្លឺ។ ឧទាហរណ៍​ទី​៣​របស់​ប៉ូល​លើក​ឡើង​ម្ដង​ទៀត​អំពី​ចោរ​ដែល​លួច​នៅ​ពេល​យប់។ ប៉ុន្តែ លើក​នេះ​ប៉ូល​ប្រដូច​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​ទៀប​ភ្លឺ។ (​១ថែ. ៥:៤​) ចោរ​ដែល​មក​នៅ​ពេល​យប់​ប្រហែល​ជា​មិន​កត់​សម្គាល់​កាល​ដែល​ពេល​វេលា​កន្លង​ផុត​ទៅ​ទេ។ ពេល​ពន្លឺ​ថ្ងៃ​រះ​មក នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល ហើយ​ក៏​បក​អាក្រាត​ពួក​គេ។ គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ក៏​នឹង​បក​អាក្រាត​ពួក​អ្នក​ដែល​បន្ត​នៅ​ក្នុង​ភាព​ងងឹត​ដោយ​បន្ត​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ដែល​ចោរ​ធ្វើ។ ខុស​ពី​ពួក​គេ យើង​អាច​ត្រៀម​ខ្លួន​ដោយ​បដិសេធ​មិន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ស្វែង​រក​«​គុណធម៌ សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​យ៉ាង​»។ (​អេភ. ៥:៨​-​១២​) បន្ទាប់​មក ប៉ូល​ប្រើ​ឧទាហរណ៍​ពីរ​ដែល​ជាប់​ទាក់​ទង​គ្នា​ដើម្បី​រៀប​រាប់​អំពី​ពួក​អ្នក​ដែល​នឹង​មិន​រួច​ជីវិត។

តើ​អ្នក​ណា​នឹង​មិន​រួច​ជីវិត​នៅ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា?

៦. តើ​មនុស្ស​ភាគ​ច្រើន​ដេក​លក់​ក្នុង​ន័យ​អ្វី? (​ថែស្សាឡូនិច​ទី១ ៥:៦, ៧​)

«​អ្នក​ដែល​ដេក​»។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:៦, ៧) ប៉ូល​បាន​ប្រដូច​ពួក​អ្នក​ដែល​នឹង​មិន​រួច​ជីវិត​នៅ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​មនុស្ស​ដែល​ដេក​លក់។ ពួក​គេ​មិន​ដឹង​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្លួន ឬ​មិន​ដឹង​ថា​ពេល​វេលា​កន្លង​ផុត​ទៅ​ទេ។ ដូច្នេះ ពួក​គេ​មិន​ដឹង​ថា​ពេល​ណា​អ្វី​ដ៏​សំខាន់​កើត​ឡើង ហើយ​មិន​មាន​ប្រតិកម្ម​ចំពោះ​អ្វី​នោះ​ឡើយ។ មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ប្រៀប​ដូច​ជា​មនុស្ស​ដេក​លក់។ (​រ៉ូម ១១:៨​) ពួក​គេ​មិន​ជឿ​ទី​សំអាង​ដែល​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ហើយ​ថា​មិន​យូរ​ទៀត​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​មក​ដល់​ទេ។ ពេល​មាន​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ក្នុង​ពិភព​លោក មនុស្ស​ខ្លះ​ចាប់​អារម្មណ៍​នឹង​ដំណឹង​អំពី​រាជាណាចក្រ​ដែល​យើង​ផ្សាយ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ត្រឡប់​ទៅ​ដេក​វិញ​ជា​ជាង​ភ្ញាក់​ដឹង​ខ្លួន​ជា​និច្ច។ សូម្បី​តែ​អ្នក​ខ្លះ​ដែល​ជឿ​ថា​នឹង​មាន​ថ្ងៃ​វិនិច្ឆ័យ ក៏​គិត​ថា​ថ្ងៃ​នោះ​គឺ​នៅ​យូរ​ទៀត។ (​២ពេ. ៣:៣, ៤​) ប៉ុន្តែ យើង​ទទួល​ស្គាល់​ថា​យោបល់​ពី​ព្រះ​ដែល​ឲ្យ​ដឹង​ខ្លួន​ជា​និច្ច​កាន់​តែ​បន្ទាន់​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

៧. តើ​ពួក​អ្នក​ដែល​នឹង​ទទួល​កំហឹង​របស់​ព្រះ​ប្រៀប​ដូច​ជា​មនុស្ស​ស្រវឹង​យ៉ាង​ដូច​ម្ដេច?

«​អ្នក​ដែល​ស្រវឹង​ស្រា​»។ សាវ័ក​ប៉ូល​បាន​ប្រដូច​ពួក​អ្នក​ដែល​នឹង​ទទួល​កំហឹង​របស់​ព្រះ​ទៅ​នឹង​អ្នក​ស្រវឹង​ស្រា។ មនុស្ស​ដែល​ស្រវឹង​មាន​ប្រតិកម្ម​យឺត​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ជុំ​វិញ​ពួក​គេ ហើយ​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ។ ស្រដៀង​គ្នា​ដែរ មនុស្ស​ទុច្ចរិត​មិន​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​ទេ។ ពួក​គេ​ជ្រើស​រើស​វិថី​ជីវិត​ដែល​នាំ​ឲ្យ​ពួក​គេ​ទទួល​សេចក្ដី​ហិន​វិនាស។ ប៉ុន្តែ គ្រិស្ត​សាសនិក​បាន​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ខ្លួន​ជា​និច្ច​ឬ​មិន​ស្រវឹង។ (​១ថែ. ៥:៦​) បណ្ឌិត​គម្ពីរ​ម្នាក់​រៀប​រាប់​ថា ភាព​មិន​ស្រវឹង​នេះ​សំដៅ​លើ​«​ចិត្ត​ស្ងប់ ហើយ​នឹង​នរ​ដែល​នាំ​ឲ្យ​ចេះ​គិត​ថ្លឹង​ថ្លែង​និង​ប្រមាណ​មើល​អ្វី​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ជា​លទ្ធផល​នាំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​»។ ហេតុ​អ្វី​យើង​ត្រូវ​រក្សា​ចិត្ត​ស្ងប់ ហើយ​នឹង​នរ? គឺ​ដើម្បី​យើង​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ​ឬ​បញ្ហា​សង្គម​នៅ​សព្វ​ថ្ងៃ​នេះ។ ការ​បង្ខិត​បង្ខំ​ឲ្យ​គាំទ្រ​ម្ខាង​ៗ​ក្នុង​រឿង​ទាំង​នេះ​នឹង​ខ្លាំង​ឡើង​ៗ​កាល​ដែល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ខិត​ចូល​មក​ដល់។ ប៉ុន្តែ យើង​នឹង​មិន​ចាំ​បាច់​ខ្វល់​អំពី​ប្រតិកម្ម​របស់​យើង​ទេ។ ឫទ្ធានុភាព​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្ងប់​និង​នឹង​នរ ហើយ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។—លូក. ១២:១១, ១២

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា?

កាល​ដែល​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​អើពើ យើង​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ដោយ​ពាក់​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ជា​អាវ​ការ​ពារ​ដើម​ទ្រូង និង​សេចក្ដី​សង្ឃឹម​ជា​មួក​ការ​ពារ​ក្បាល (​សូម​មើល​វគ្គ​៨, ១២​)

៨. តើ​ថែស្សាឡូនិច​ទី១ ៥:៨​ប្រើ​ការ​ប្រដូច​អ្វី​ដើម្បី​បង្ហាញ​អំពី​គុណ​សម្បត្តិ​ដែល​នឹង​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់ ហើយ​ដឹង​ខ្លួន​ជា​និច្ច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ចូរ​‹ពាក់​អាវ​ការ​ពារ​ដើម​ទ្រូង ថែម​ទាំង​ពាក់​មួក​ការ​ពារ​ក្បាល›។ ប៉ូល​ប្រដូច​យើង​ទៅ​នឹង​ទាហាន​ដែល​ដឹង​ខ្លួន​ជា​និច្ច និង​ស្លៀក​ពាក់​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រយុទ្ធ។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:៨) ទាហាន​ត្រូវ​ត្រៀម​ខ្លួន​ប្រយុទ្ធ​គ្រប់​ពេល​ដែល​មាន​សង្គ្រាម។ គឺ​ស្រដៀង​គ្នា​ដែរ​ចំពោះ​យើង។ យើង​ត្រៀម​ខ្លួន​ជា​និច្ច​ចំពោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា ដោយ​ពាក់​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ជា​អាវ​ការ​ពារ​ដើម​ទ្រូង ព្រម​ទាំង​សេចក្ដី​សង្ឃឹម​ជា​មួក​ការ​ពារ​ក្បាល។ គុណ​សម្បត្តិ​ទាំង​នេះ​អាច​ជួយ​យើង​យ៉ាង​ខ្លាំង។

៩. តើ​ជំនឿ​របស់​យើង​ការ​ពារ​យើង​តាម​របៀប​ណា?

អាវ​ការ​ពារ​ដើម​ទ្រូង​បាន​ការ​ពារ​បេះ​ដូង​របស់​ទាហាន។ ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ការ​ពារ​ចិត្ត​របស់​យើង។ គុណ​សម្បត្តិ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ និង​កាន់​តាម​លោក​យេស៊ូ។ ជំនឿ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​យើង​ចំពោះ​ការ​ស្វែង​រក​លោក​អស់​ពី​ចិត្ត។ (​ហេ. ១១:៦​) នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក​យេស៊ូ​ដែល​ជា​អ្នក​ដឹក​នាំ​របស់​យើង ទោះ​ជា​យើង​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ក្ដី។ យើង​អាច​ពង្រឹង​ជំនឿ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​ជីវិត ដោយ​រៀន​ពី​គំរូ​របស់​បុគ្គល​នៅ​សម័យ​យើង​ដែល​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ ទោះ​ជា​មាន​ការ​បៀតបៀន​ឬ​មាន​បញ្ហា​លុយ​កាក់​ក្ដី។ ម្យ៉ាង​ទៀត យើង​អាច​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ ដោយ​យក​តម្រាប់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​សាមញ្ញ​ជាង​ដើម្បី​ចាត់​ទុក​កិច្ច​ការ​រាជាណាចក្រ​ថា​សំខាន់​បំផុត។ b

១០. តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​មនុស្ស​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១០ សេចក្ដី​ស្រឡាញ់​ក៏​សំខាន់​ចាំ​បាច់​ដែរ​ដើម្បី​ឲ្យ​នៅ​ភ្ញាក់​ជា​និច្ច។ (​ម៉ាថ. ២២:៣៧​-​៣៩​) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ទោះ​ជា​នោះ​អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ណា​ក៏​ដោយ។ (​២ធី. ១:៧, ៨​) ដោយ​សារ​យើង​ក៏​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា យើង​បន្ត​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​របស់​យើង ហើយ​យើង​ថែម​ទាំង​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ​និង​ដោយ​សរសេរ​សំបុត្រ។ យើង​សង្ឃឹម​ជា​និច្ច​ថា នៅ​ថ្ងៃ​ណា​មួយ​មនុស្ស​នឹង​កែ​ប្រែ ហើយ​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។—អេគ. ១៨:២៧, ២៨

១១. តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ជួយ​យើង​យ៉ាង​ណា? (​ថែស្សាឡូនិច​ទី១ ៥:១១​)

១១ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ជិត​ខាង រួម​បញ្ចូល​បង​ប្អូន​រួម​ជំនឿ​ផង​ដែរ។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ដោយ​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:១១) ដូច​ទាហាន​រួម​ដៃ​គ្នា​ក្នុង​ចម្បាំង យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ពិត​មែន​ថា​ទាហាន​ប្រហែល​ជា​ធ្វើ​ឲ្យ​ទាហាន​គ្នា​ឯង​រង​របួស​ដោយ​អចេតនា​ក្នុង​ចម្បាំង តែ​គាត់​នឹង​មិន​ធ្វើ​ដូច្នេះ​ដោយ​ចេតនា​ទេ។ ស្រដៀង​គ្នា​ដែរ យើង​នឹង​មិន​បញ្ឈឺ​ចិត្ត​បង​ប្អូន​របស់​យើង​ដោយ​ចេតនា ឬ​មិន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​អំពើ​អាក្រក់​ឡើយ។ (​១ថែ. ៥:១៣, ១៥​) យើង​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ដោយ​គោរព​បង​ប្អូន​ប្រុស​ៗ​ដែល​កំពុង​ដឹក​នាំ​ក្រុម​ជំនុំ។ (​១ថែ. ៥:១២​) ពេល​ប៉ូល​បាន​សរសេរ​សំបុត្រ​នេះ ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​បាន​ត្រូវ​បង្កើត​ឡើង​មិន​ដល់​មួយ​ឆ្នាំ​ទេ។ បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ក្នុង​ក្រុម​ជំនុំ​នោះ​ទំនង​ជា​ខ្វះ​បទ​ពិសោធន៍ ហើយ​ប្រហែល​ជា​បាន​ធ្វើ​ខុស។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​សម​នឹង​ទទួល​ការ​គោរព។ កាល​ដែល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​មក​ដល់ យើង​ប្រហែល​ជា​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​តំបន់​យើង​ច្រើន​ជាង​ឥឡូវ​នេះ​ទៅ​ទៀត​ដើម្បី​ទទួល​ការ​ណែនាំ។ យើង​ប្រហែល​ជា​មិន​អាច​ទទួល​ការ​ណែនាំ​ពី​បង​ប្អូន​ប្រុស​ៗ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​និង​ការិយាល័យ​សាខា​ទេ។ ដូច្នេះ​គឺ​សំខាន់​ឲ្យ​យើង​រៀន​ស្រឡាញ់​និង​គោរព​ពួក​អ្នក​ចាស់​ទុំ​របស់​យើង​នៅ​ឥឡូវ​នេះ។ មិន​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ សូម​យើង​ដឹង​ខ្លួន​ជា​និច្ច ហើយ​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​ទេ តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ពិត​ថា​ព្រះ​យេហូវ៉ា​កំពុង​ណែនាំ​បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។

១២. តើ​សេចក្ដី​សង្ឃឹម​របស់​យើង​ជួយ​ការ​ពារ​របៀប​គិត​គូរ​យ៉ាង​ដូច​ម្ដេច?

១២ ដូច​មួក​ការ​ពារ​ក្បាល​របស់​ទាហាន សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ​ការ​ពារ​របៀប​គិត​គូរ​របស់​យើង។ ដោយ​មាន​សេចក្ដី​សង្ឃឹម​មាំ​មួន យើង​ទទួល​ស្គាល់​ថា​ពិភព​លោក​នេះ​មិន​អាច​ផ្ដល់​អ្វី​ដែល​មាន​តម្លៃ​ដល់​យើង​ទេ។ (​ភី. ៣:៨​) សេចក្ដី​សង្ឃឹម​របស់​យើង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​និង​នឹង​នរ។ បង​ប្រុស​វ៉ាឡាស​និង​បង​ស្រី​ឡរិនដា​ដែល​បម្រើ​នៅ​ទ្វីប​អាហ្វ្រិក បាន​ឃើញ​ថា​នេះ​ជា​ការ​ពិត។ ក្នុង​រយៈ​ពេល​បី​សប្ដាហ៍ ពួក​គាត់​ម្នាក់​ៗ​បាន​បាត់​បង់​ឪពុក​ម្នាក់​និង​ម្ដាយ​ម្នាក់​ក្នុង​សេចក្ដី​ស្លាប់។ ដោយ​សារ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩ ពួក​គាត់​មិន​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ឡើយ។ បង​វ៉ាឡាស​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជួយ​ខ្ញុំ​ឲ្យ​គិត​អំពី​ពួក​គាត់​មិន​មែន​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​ពួក​គាត់​ក្នុង​ពិភព​លោក​នេះ​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​ដំបូង​របស់​ពួក​គាត់​នៅ​ក្នុង​ពិភព​លោក​ថ្មី។ សេចក្ដី​សង្ឃឹម​នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​ស្ងប់​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ក្រៀម​ក្រំ​ឬ​កើត​ទុក្ខ​»។

១៣. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ?

១៣«​កុំ​រា​រាំង​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ​»។ (​១ថែ. ៥:១៩​) ប៉ូល​បាន​និយាយ​ថា​ឫទ្ធានុភាព​បរិសុទ្ធ​កំពុង​មាន​ឥទ្ធិពល​ក្នុង​យើង។ ពេល​យើង​មិន​រា​រាំង​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ យើង​នឹង​ពេញ​ទៅ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​និង​ចិត្ត​រំភើប​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​យើង​មាន​កម្លាំង​ធ្វើ​កិច្ច​ការ​ឲ្យ​ព្រះ​យេហូវ៉ា។ (​រ៉ូម ១២:១១​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ? យើង​អាច​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​នោះ សិក្សា​បណ្ដាំ​របស់​ព្រះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក និង​នៅ​ជាប់​ជា​មួយ​នឹង​អង្គការ​ព្រះ​ដែល​បាន​ត្រូវ​ដឹក​នាំ​ដោយ​ឫទ្ធានុភាព​របស់​លោក។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​«​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​»។—កាឡ. ៥:២២, ២៣

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ចង់​បន្ត​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​ឬ​ទេ?› (​សូម​មើល​វគ្គ​១៤​)

១៤. តើ​យើង​ត្រូវ​ជៀស​វាង​ពី​អ្វី​ដើម្បី​បន្ត​ទទួល​ឫទ្ធានុភាព​របស់​ព្រះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ ក្រោយ​ពី​ព្រះ​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​ដល់​យើង យើង​ត្រូវ​ប្រយ័ត្ន​មិន​«​រា​រាំង​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​»​របស់​លោក​ឡើយ។ ព្រះ​ផ្ដល់​ឫទ្ធានុភាព​របស់​លោក​ដល់​តែ​ពួក​អ្នក​ដែល​រក្សា​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ស្អាត​ស្អំ​ប៉ុណ្ណោះ។ លោក​នឹង​មិន​បន្ត​ផ្ដល់​ឫទ្ធានុភាព​របស់​លោក​ដល់​យើង​ទេ បើ​យើង​បន្ត​គិត​អំពី​អ្វី​ដែល​មិន​ស្អាត​ស្អំ ហើយ​ប្រព្រឹត្ត​តាម​អ្វី​នោះ។ (​១ថែ. ៤:៧, ៨​) ដើម្បី​បន្ត​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ពី​ព្រះ យើង​ក៏​មិន​ត្រូវ​«​ចាត់​ទុក​ទំនាយ​ថា​គ្មាន​តម្លៃ​»​ផង​ដែរ។ (​១ថែ. ៥:២០​) ​«​ទំនាយ​»​នៅ​ទី​នេះ​សំដៅ​ទៅ​លើ​ដំណឹង​ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ រួម​មាន​ដំណឹង​អំពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​និង​ភាព​បន្ទាន់​នៃ​គ្រា​របស់​យើង។ យើង​មិន​គិត​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ឬ​សង្គ្រាម​អាម៉ាគេដូន​នឹង​មិន​មក​នៅ​ក្នុង​ជីវិត​របស់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ថា​យើង​រំពឹង​ថា​នោះ​នឹង​មក​មិន​យូរ​ទៀត ឬ​ចាំ​ជាប់​ជា​និច្ច​នូវ​ថ្ងៃ​នោះ ដោយ​បន្ត​ជាប់​រវល់​«​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»​រាល់​ថ្ងៃ និង​ដោយ​រក្សា​ការ​ប្រព្រឹត្ត​ស្អាត​ស្អំ។—២ពេ. ៣:១១, ១២

​«​ចូរ​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​»​

១៥. តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ចាញ់​បោក​ព័ត៌មាន​មិន​ពិត​និង​ការ​ឃោសនា​របស់​ពួក​វិញ្ញាណ​កំណាច? (​ថែស្សាឡូនិច​ទី១ ៥:២១​)

១៥ នៅ​ឆាប់​ៗ​ខាង​មុខ​នេះ ពួក​អ្នក​ប្រឆាំង​ព្រះ​នឹង​ប្រកាស​តាម​របៀប​ណា​មួយ​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ!​»។ (​១ថែ. ៥:៣​) ការ​ឃោសនា​ដែល​មក​ពី​ពួក​វិញ្ញាណ​កំណាច​នឹង​មាន​ពេញ​ពាស​ផែន​ដី ដោយ​បំភាន់​មនុស្ស​ភាគ​ច្រើន។ (​បប. ១៦:១៣, ១៤​) ចុះ​យ៉ាង​ណា​យើង​វិញ? យើង​នឹង​មិន​ចាញ់​បោក​ទេ បើ​យើង​«​ពិចារណា​[​ឬ​«​ពិសោធ​មើល​»​]​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​»។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:២១) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ពិចារណា . . . ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​»​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​របៀប​ដែល​មនុស្ស​ពិសោធ​មើល​លោហៈ​ដូច​ជា​មាស​ឬ​ប្រាក់ ដើម្បី​ប្រាកដ​ថា​វា​សុទ្ធ​ឬ​មិន​សុទ្ធ។ ដូច្នេះ យើង​ត្រូវ​ពិសោធ​មើល​អ្វី​ដែល​យើង​ឮ​ឬ​អ្វី​ដែល​យើង​អាន ដើម្បី​ដឹង​ថា​នោះ​គឺ​ពិត​ឬ​យ៉ាង​ណា។ នេះ​គឺ​សំខាន់​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច ហើយ​នឹង​រឹត​តែ​សំខាន់​ចំពោះ​យើង​កាល​ដែល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​មក​ដល់។ ជា​ជាង​ជឿ​គ្រប់​ពាក្យ​ទាំង​អស់​ដែល​យើង​អាន​ឬ​ដែល​យើង​ឮ យើង​ប្រើ​សមត្ថភាព​រិះ​គិត​របស់​យើង​ដើម្បី​ប្រៀប​ធៀប​អ្វី​ទាំង​នោះ ទៅ​នឹង​អ្វី​ដែល​គម្ពីរ​និង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ប្រាប់។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​មិន​ចាញ់​បោក​ការ​ឃោសនា​ឬ​កល​ល្បិច​ណា​របស់​ពួក​វិញ្ញាណ​កំណាច​ទេ។—សុភ. ១៤:១៥; ១ធី. ៤:១

១៦. តើ​យើង​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​អ្វី ហើយ​តើ​យើង​តាំង​ចិត្ត​ធ្វើ​អ្វី?

១៦ យើង​ដឹង​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ក្រុម​នឹង​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ប៉ុន្តែ យើង​ម្នាក់​ៗ​មិន​ដឹង​ថា​ថ្ងៃ​ស្អែក​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ (​យ៉ា. ៤:១៤​) តែ​មិន​ថា​យើង​ឆ្លង​កាត់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ឬ​ស្លាប់​មុន​ពេល​នោះ​ក្ដី យើង​នឹង​ទទួល​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​បើ​យើង​រក្សា​ភាព​ស្មោះ​ត្រង់។ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​នៅ​ជា​មួយ​នឹង​គ្រិស្ត​នៅ​ស្ថាន​សួគ៌។ ចៀម​ឯ​ទៀត​នឹង​រស់​នៅ​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​របស់​យើង ហើយ​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា!

ចម្រៀង​លេខ​១៥០ ចូរ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​ពី​ព្រះ

a ក្នុង​ថែស្សាឡូនិច​ទី​១ ជំពូក​ទី​៥ យើង​ឃើញ​ឧទាហរណ៍​និង​ការ​ប្រៀប​ប្រដូច​ជា​បន្ដ​បន្ទាប់​ដែល​បង្រៀន​យើង​អំពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នៅ​ខាង​មុខ។ តើ​«​ថ្ងៃ​»​នោះ​ជា​អ្វី ហើយ​តើ​ថ្ងៃ​នោះ​នឹង​មក​ដល់​តាម​របៀប​ណា? តើ​អ្នក​ណា​នឹង​រួច​ជីវិត ហើយ​តើ​អ្នក​ណា​នឹង​មិន​រួច​ជីវិត​នៅ​ថ្ងៃ​នោះ? តើ​យើង​អាច​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះ​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ពិចារណា​អំពី​ពាក្យ​របស់​សាវ័ក​ប៉ូល ហើយ​ឆ្លើយ​សំណួរ​ទាំង​នោះ។

b សូម​មើល​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា ​«​ពួក​គេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​»។