អត្ថបទសិក្សា ២៨
ចូរបន្ដទទួលប្រយោជន៍ពីការកោតខ្លាចព្រះ
«មនុស្សដែលដើរក្នុងផ្លូវទៀងត្រង់គោរពកោតខ្លាចព្រះយេហូវ៉ា»។—សុភ. ១៤:២
ចម្រៀងលេខ១២២ ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
សេចក្ដីសង្ខេប a
១-២. ដូចឡុត តើគ្រិស្តសាសនិកនៅសព្វថ្ងៃនេះជួបការពិបាកអ្វី?
ពេលយើងឃើញសីលធម៌ធូរលុងរបស់មនុស្សនៅសព្វថ្ងៃនេះ យើងមានអារម្មណ៍ដូចឡុត។ គាត់ដឹងថាបិតារបស់យើងនៅស្ថានសួគ៌ស្អប់ការអាក្រក់ ដូច្នេះគាត់«បានកើតទុក្ខយ៉ាងខ្លាំងដោយសារពួកអ្នកបំពានលើច្បាប់ ដែលបណ្ដែតបណ្ដោយខ្លួនទៅតាមការប្រព្រឹត្តដោយឥតកោតក្រែង»។ (២ពេ. ២:៧, ៨) ការកោតខ្លាចព្រះ និងសេចក្ដីស្រឡាញ់ចំពោះលោក បានជំរុញចិត្តឡុតឲ្យបដិសេធខ្នាតតម្រាសីលធម៌ថោកទាបរបស់មនុស្សនៅជុំវិញគាត់។ នៅជុំវិញយើង ក៏មានមនុស្សដែលមិនសូវឲ្យតម្លៃឬមិនឲ្យតម្លៃទាល់តែសោះចំពោះខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា។ ទោះជាយ៉ាងនេះក្ដី យើងអាចរក្សាសីលធម៌ស្អាតស្អំ បើយើងរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងបណ្ដុះឲ្យមានការកោតខ្លាចចំពោះលោក។—សុភ. ១៤:២
២ ព្រះយេហូវ៉ាជួយយើងឲ្យធ្វើដូច្នេះតាមរយៈការលើកទឹកចិត្តដែលមាននៅក្នុងសៀវភៅសុភាសិត។ គ្រិស្តសាសនិកទាំងអស់ ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ ពិតជាអាចទទួលប្រយោជន៍ពីការពិចារណាយោបល់ដ៏ឈ្លាសវៃពីសៀវភៅនេះ។
ការកោតខ្លាចព្រះការពារយើង
៣. យោងទៅតាមសុភាសិត ១៧:៣ តើមានមូលហេតុអ្វីដែលយើងត្រូវការពារចិត្តរបស់យើង? (សូមមើលរូបភាពផងដែរ)
៣ មូលហេតុដ៏សំខាន់មួយដើម្បីការពារចិត្តរបស់យើងគឺថាព្រះយេហូវ៉ាពិនិត្យមើលចិត្តយើង។ នេះមានន័យថាលោកឃើញច្រើនជាងអ្វីដែលអ្នកឯទៀតអាចឃើញ ហើយដឹងថាយើងពិតជាបុគ្គលបែបណា។ (សូមអាន សុភាសិត ១៧:៣) លោកនឹងស្រឡាញ់យើង បើយើងធ្វើឲ្យគំនិតរបស់យើងពេញទៅដោយប្រាជ្ញារបស់លោកដែលផ្ដល់ជីវិត។ (យ៉ូន. ៤:១៤) យ៉ាងនេះនៅក្នុងគំនិតយើង នឹងគ្មានកន្លែងដាក់ការបំពុល ដែលមកពីសាថាននិងពិភពលោករបស់វាខាងសីលធម៌និងខាងការគោរពប្រណិប័តន៍ទេ។ (១យ៉ូន. ៥:១៨, ១៩) កាលដែលយើងចូលកាន់តែជិតព្រះយេហូវ៉ា សេចក្ដីស្រឡាញ់និងការគោរពរបស់យើងចំពោះលោកនឹងកើនឡើង។ ដោយសារយើងមិនចង់ធ្វើឲ្យបិតារបស់យើងឈឺចិត្ត យើងនឹងថែមទាំងស្អប់គំនិតអំពីការប្រព្រឹត្តអំពើខុសឆ្គងទៀតផង។ ពេលមានការល្បួងឲ្យធ្វើខុស យើងនឹងសួរខ្លួនថា ‹តើឲ្យខ្ញុំបញ្ឈឺចិត្តបុគ្គលដែលបានបង្ហាញសេចក្ដីស្រឡាញ់ជាខ្លាំងដល់ខ្ញុំម្ដេចនឹងបានទៅ?›។—១យ៉ូន. ៤:៩, ១០
៤. តើការកោតខ្លាចព្រះយេហូវ៉ាបានការពារបងស្រីម្នាក់មិនឲ្យចុះចាញ់នឹងការល្បួងយ៉ាងដូចម្ដេច?
៤ បងស្រីម្នាក់ឈ្មោះម៉ាថា bពីប្រទេសក្រូអាស៊ីដែលបានត្រូវល្បួងឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌បានសរសេរថា៖ «ខ្ញុំពិបាកគិតឲ្យបានច្បាស់លាស់ ហើយតយុទ្ធសេចក្ដីប៉ងប្រាថ្នាឲ្យធ្វើអ្វីដែលខុស។ ប៉ុន្តែ ការកោតខ្លាចព្រះយេហូវ៉ាបានការពារខ្ញុំ»។ តើការកោតខ្លាចព្រះបានជួយគាត់យ៉ាងដូចម្ដេច? បងម៉ាថានិយាយថា គាត់បានរំពឹងគិតអំពីលទ្ធផលដែលមកពីការសម្រេចចិត្តមិនល្អ។ យើងក៏អាចធ្វើដូច្នេះដែរ។ លទ្ធផលអាក្រក់បំផុតគឺថាយើងនឹងធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្ត ហើយបាត់បង់ឱកាសគោរពប្រណិប័តន៍លោកជារៀងរហូត។—ដក. ៦:៥, ៦
៥. តើអ្នកអាចរៀនអ្វីពីបទពិសោធន៍របស់បងលីអូ?
៥ ពេលយើងកោតខ្លាចព្រះយេហូវ៉ា យើងប្រុងប្រយ័ត្នមិនធ្វើជាមិត្តភក្ដិជាមួយនឹងពួកអ្នកដែលធ្វើអ្វីដ៏អាក្រក់។ បងប្រុសលីអូដែលរស់នៅប្រទេសកុងហ្គោបានរៀនមេរៀននេះ។ បួនឆ្នាំក្រោយពីគាត់បានទទួលការជ្រមុជទឹក គាត់បានចាប់ផ្ដើមមានមិត្តភក្ដិមិនល្អ។ គាត់បានគិតថាគឺមិនខុសទេ ឲ្យតែគាត់ខ្លួនឯងមិនធ្វើអ្វីអាក្រក់។ ប៉ុន្តែមិនយូរក្រោយមក មិត្តភក្ដិអាក្រក់របស់គាត់បាននាំឲ្យគាត់ផឹកស្រាហួសប្រមាណ និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ក្រោយមក គាត់បានចាប់ផ្ដើមគិតអំពីអ្វីដែលឪពុកម្ដាយរបស់គាត់ជាគ្រិស្តសាសនិកបាន បង្រៀនគាត់ និងអំពីភាពសប្បាយដែលគាត់ធ្លាប់មាន។ តើមានលទ្ធផលអ្វី? គាត់បានចាប់ផ្ដើមធ្វើអ្វីដ៏ត្រឹមត្រូវម្ដងទៀត។ ដោយមានជំនួយពីពួកអ្នកចាស់ទុំ គាត់បានត្រឡប់មកព្រះយេហូវ៉ាវិញ។ ឥឡូវគាត់បម្រើយ៉ាងសប្បាយរីករាយជាអ្នកចាស់ទុំ និងជាអ្នកត្រួសត្រាយពិសេស។
៦. តើយើងនឹងពិចារណាអំពីស្ត្រីពីរនាក់ណាខ្លះក្នុងន័យធៀប?
៦ សូមយើងពិចារណាសៀវភៅសុភាសិត ជំពូកទី៩ អំពីស្ត្រីពីរនាក់។ ម្នាក់ជាតំណាងប្រាជ្ញា និងម្នាក់ទៀតជាតំណាងភាពល្ងង់ខ្លៅ។ (សូមពិនិត្យបន្ថែម រ៉ូម ៥:១៤; កាឡាទី ៤:២៤) កាលដែលយើងពិចារណាជំពូកនេះ សូមចាំថាពិភពលោកសាថានចេះតែគិតអំពីរឿងប្រាសចាកសីលធម៌ខាងផ្លូវភេទ និងការមើលរូបអាសអាភាស។ (អេភ. ៤:១៩) ដូច្នេះគឺជាការសំខាន់ចាំបាច់ឲ្យយើងបន្ដបណ្ដុះការកោតខ្លាចចំពោះព្រះ និងវៀរចាកពីអ្វីដែលអាក្រក់។ (សុភ. ១៦:៦) យ៉ាងនេះយើងទាំងអស់គ្នា មិនថាប្រុសឬស្រី អាចទទួលប្រយោជន៍ពីជំពូកនេះ។ ជំពូកនេះរៀបរាប់ថា ស្ត្រីម្នាក់ៗបានអញ្ជើញអ្នកដែលខ្វះបទពិសោធន៍ ពោលគឺពួកអ្នកដែល«ឥតចេះគិតពិចារណា» ដោយហាក់ដូចជានិយាយថា ‹មកផ្ទះខ្ញុំបរិភោគសិន›។ (សុភ. ៩:១, ៥, ៦, ១៣, ១៦, ១៧) ប៉ុន្តែ លទ្ធផលចំពោះបុគ្គលដែលទទួលការអញ្ជើញទាំងនេះគឺខុសគ្នាស្រឡះ។
ចូរបដិសេធការអញ្ជើញពីស្ត្រីល្ងីល្ងើ
៧. យោងទៅតាមសុភាសិត ៩:១៣-១៨ តើអ្វីកើតឡើងចំពោះពួកអ្នកដែលព្រមទទួលការអញ្ជើញពីស្ត្រីល្ងីល្ងើ? (សូមមើលរូបភាពផងដែរ)
៧ សូមគិតអំពីការអញ្ជើញពី«ស្ត្រីល្ងីល្ងើ»។ (សូមអាន សុភាសិត ៩:១៣-១៨) ដោយឥតអៀនខ្មាស នាងស្រែកហៅពួកអ្នកដែលឥតចេះគិតពិចារណាថា៖ «ចូលមកទីនេះ» និងបរិភោគអាហារជាមួយនាង។ តើមានលទ្ធផលអ្វី? «ផ្ទះរបស់នាងពេញទៅដោយមនុស្សស្លាប់»។ អ្នកប្រហែលជានឹកចាំអំពីពាក្យន័យធៀបដែលស្រដៀងគ្នាក្នុងជំពូកមុនៗនៃសៀវភៅសុភាសិត។ យើងបានទទួលការព្រមានអំពី«ស្ត្រីមិនល្អ» និង«ស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌»។ យើងបានត្រូវប្រាប់ថា៖ «ការទៅផ្ទះរបស់នាងដូចជាការទៅរកសេចក្ដីស្លាប់»។ (សុភ. ២:១១-១៩) សុភាសិត ៥:៣-១០ មានការព្រមានអំពី«ស្រីមិនល្អ»ម្នាក់ទៀត ដែល«ជើងរបស់នាងចុះទៅរកសេចក្ដីស្លាប់»។
៨. តើយើងត្រូវធ្វើការសម្រេចចិត្តអ្វី?
៨ ពួកអ្នកដែលឮការអញ្ជើញពី«ស្ត្រីល្ងីល្ងើ»ត្រូវធ្វើការសម្រេចចិត្តមួយថា តើពួកគេនឹងព្រមទទួលយកឬបដិសេធការអញ្ជើញនោះ? យើងប្រហែលជាត្រូវប្រឈមមុខនឹងការសម្រេចចិត្តមួយដូចនេះដែរ។ តើយើងនឹងធ្វើអ្វី បើអ្នកណាម្នាក់ព្យាយាមបង្ខំយើងឲ្យធ្វើអ្វីដែលប្រាសចាកសីលធម៌ ឬបើយើងស្រាប់តែឃើញរូបអាសអាភាស?
៩-១០. តើមានមូលហេតុអ្វីខ្លះដែលយើងគួរជៀសវាងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ?
៩ មានមូលហេតុល្អដែលយើងគួរជៀសវាងពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ «ស្ត្រីល្ងីល្ងើ»និយាយថា៖ «ទឹកដែលលួចពីគេ មានរសជាតិផ្អែមឆ្ងាញ់»។ តើអ្វីជា «ទឹកដែលលួចពីគេ»? គម្ពីរបានប្រដូចការរួមដំណេករវាងប្ដីនិងប្រពន្ធទៅនឹងទឹកដ៏ស្រស់ស្រាយ។ (សុភ. ៥:១៥-១៨) បុរសស្ត្រីដែលរៀបការស្របច្បាប់អាចអរសប្បាយក្នុងការរួមដំណេកជាមួយគ្នា។ ប៉ុន្តែ នេះគឺខុសគ្នាស្រឡះពី«ទឹកដែលលួចពីគេ»។ នេះប្រហែលជាសំដៅទៅលើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែលជាអំពើដែលបានត្រូវហាមឃាត់។ ទង្វើបែបនេះច្រើនតែកើតឡើងក្នុងទីសម្ងាត់ ដូចជាចោរលួចក្នុងទីកំបាំង។ «ទឹកដែលលួចពីគេ»ប្រហែលជាមើលទៅមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសបើអ្នកប្រព្រឹត្តបែបនោះគិតថាគ្មានអ្នកណាដឹងអ្វីដែលពួកគេធ្វើ។ នេះជាការបញ្ឆោតដ៏សោកសៅមែន! ពីព្រោះព្រះយេហូវ៉ាឃើញអ្វីៗទាំងអស់។ គ្មានអ្វីណាល្វីងជូរចត់ជាងការបាត់បង់ការពេញចិត្តពីលោកទេ ដូច្នេះនេះមិន«ផ្អែម»ឡើយ។ (១កូ. ៦:៩, ១០) ក្រៅពីនេះ ក៏មានទៀតដែរ។
១០ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទអាចនាំមកនូវភាពអាម៉ាស់ អារម្មណ៍ថាខ្លួនគ្មានតម្លៃ មានផ្ទៃពោះដែលមិនចង់បាន និងធ្វើឲ្យក្រុមគ្រួសារបែកបាក់។ យើងឃើញច្បាស់ថាគឺជាការឈ្លាសវៃឲ្យបដិសេធការអញ្ជើញរបស់ស្ត្រីល្ងីល្ងើ។ ក្រៅពីបាត់បង់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ា មនុស្សជាច្រើនដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ឆ្លងជំងឺផ្សេងៗដែលអាចនាំឲ្យពួកគេស្លាប់។ (សុភ. ៧:២៣, ២៦) ជំពូកទី៩ ខ១៨បញ្ចប់ដោយពាក្យថា៖ «ភ្ញៀវរបស់នាងនៅក្នុងទីបញ្ចុះសព»។ ដូច្នេះ ហេតុអ្វីមនុស្សជាច្រើនចាញ់បោកការអញ្ជើញរបស់នាងដែលនាំឲ្យអន្តរាយ?—សុភ. ៩:១៣-១៨
១១. ហេតុអ្វីការមើលរូបអាសអាភាសមានគ្រោះថ្នាក់ខ្លាំង?
១១ អន្ទាក់មួយដែលសម្បូរគឺរូបអាសអាភាស។ អ្នកខ្លះគិតថាការមើលរូបអាសអាភាសគឺគ្មានគ្រោះថ្នាក់ទេ។ ប៉ុន្តែ រូបអាសអាភាសគឺមានគ្រោះថ្នាក់ បន្ទាបបន្ថោក និងធ្វើឲ្យញៀន។ រូបអាសអាភាសនៅជាប់ក្នុងគំនិត ហើយពិបាកលុបចេញណាស់។ ម្យ៉ាងទៀត រូបបែបនេះមិនរម្ងាប់សេចក្ដីប៉ងប្រាថ្នាខុសឆ្គងទេ តែវាធ្វើឲ្យសេចក្ដីប៉ងប្រាថ្នានោះដុះដាលកាន់តែខ្លាំងឡើង។ (កូឡ. ៣:៥; យ៉ា. ១:១៤, ១៥) មែនហើយ មនុស្សជាច្រើនដែលមើលរូបអាសអាភាសប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទនៅពេលក្រោយមក។
១២. តើយើងបង្ហាញយ៉ាងណាថាយើងព្យាយាមជៀសវាងពីរូបភាពដែលធ្វើឲ្យយើងមានគំនិតប្រាសចាកសីលធម៌?
១២ តើយើងដែលជាគ្រិស្តសាសនិកគួរធ្វើអ្វី បើរូបភាពអាសអាភាសលេចមកលើគ្រឿងអេឡិចត្រូនិករបស់យើង? យើងគួរឈប់មើលរូបនោះភ្លាមៗ។ គឺនឹងស្រួលជាងឲ្យយើងធ្វើដូច្នេះ បើយើងចាំថាអ្វីដែលមានតម្លៃបំផុតគឺចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ តាមការពិត សូម្បីតែរូបភាពដែលមិនអាសអាភាស ក៏អាចធ្វើឲ្យយើងមានបំណងប្រាថ្នាឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។ ហេតុអ្វីយើងគួរជៀសវាងពីរូបបែបនោះ? ពីព្រោះយើងមិនទាំងចង់គិតអំពីការធ្វើអ្វីដែលអាចនាំឲ្យផិតក្បត់ក្នុងចិត្តទេ។ (ម៉ាថ. ៥:២៨, ២៩) អ្នកចាស់ទុំម្នាក់ឈ្មោះដាវីឌនៅប្រទេសថៃនិយាយថា៖ «ខ្ញុំសួរខ្លួនឯងថា ‹ទោះជារូបភាពនេះប្រហែលជាមិនអាសអាភាសក្ដី តើព្រះយេហូវ៉ានឹងពេញចិត្តបើខ្ញុំបន្ដមើលរូបនោះឬទេ?›។ ការវែកញែកបែបនេះជួយខ្ញុំឲ្យប្រព្រឹត្តដោយឈ្លាសវៃ»។
១៣. តើអ្វីជួយយើងឲ្យប្រព្រឹត្តដោយឈ្លាសវៃ?
១៣ ការខ្លាចធ្វើឲ្យព្រះយេហូវ៉ាខកចិត្តនឹងជួយយើងឲ្យប្រព្រឹត្តដោយឈ្លាសវៃ។ ការកោតខ្លាចព្រះ«ជាទីចាប់ផ្ដើម»ឬជាគ្រឹះ«នៃប្រាជ្ញា»។ (សុភ. ៩:១០) យើងឃើញចំណុចនេះក្នុងពាក្យផ្ដើមនៃសុភាសិត ជំពូកទី៩។ នៅទីនោះជាភាសាដើម «ប្រាជ្ញាពិត»បានត្រូវប្រដូចទៅនឹងស្ត្រីម្នាក់។
ចូរទទួលយកការអញ្ជើញពី«ប្រាជ្ញាពិត»
១៤. តើមានការអញ្ជើញមួយទៀតអ្វីនៅសុភាសិត ៩:១-៦?
១៤ សូមអាន សុភាសិត ៩:១-៦។ នៅទីនេះ យើងអានអំពីការអញ្ជើញពីប្រភពនៃប្រាជ្ញាពិត គឺព្រះយេហូវ៉ាដែលជាអ្នកបង្កើតរបស់យើង។ (សុភ. ២:៦; រ៉ូម ១៦:២៧) ក្នុងនោះក៏មានឧទាហរណ៍អំពីផ្ទះធំដែលមានសសរ៧។ នេះបង្ហាញថាព្រះយេហូវ៉ាមានចិត្តទូលាយ ហើយស្វាគមន៍អស់អ្នកដែលចង់រៀនពីលោកដើម្បីបានប្រាជ្ញា។
១៥. តើព្រះអញ្ជើញយើងឲ្យធ្វើអ្វី?
១៥ ព្រះយេហូវ៉ាមានចិត្តទូលាយ និងជាអ្នកផ្ដល់ឲ្យយ៉ាងបរិបូរ។ គុណសម្បត្តិទាំងនេះសឲ្យឃើញក្នុង«ប្រាជ្ញាពិត»ដែលបានត្រូវតំណាងដោយស្ត្រីម្នាក់នៅក្នុងសុភាសិត ជំពូកទី៩។ c កំណត់ហេតុនោះប្រាប់អំពីស្ត្រីក្នុងន័យធៀបនោះថា នាងបានត្រៀមសាច់រួចជាស្រេច លាយស្រាទំពាំងបាយជូរទុក ព្រមទាំងបានរៀបចំតុនៅក្នុងផ្ទះរបស់នាង។ (សុភ. ៩:២) លើសពីនេះទៅទៀត យោងទៅតាមខ៤និងខ៥ «ប្រាជ្ញានិយាយទៅអ្នកដែលឥតចេះគិតពិចារណាថា៖ ‹ចូរមកបរិភោគនំប៉័ង›»។ ហេតុអ្វីយើងគួរមកផ្ទះរបស់ប្រាជ្ញាពិត និងបរិភោគអាហារដែលនាងស្នើផ្ដល់? ពីព្រោះព្រះយេហូវ៉ាចង់ឲ្យកូនរបស់លោកមានប្រាជ្ញានិងសុវត្ថិភាព។ លោកមិនចង់ឲ្យយើងភ្លក់បទពិសោធន៍ជូរចត់និងស្ដាយក្រោយសិន ទើបទាញមេរៀននោះទេ។ នេះជាមូលហេតុដែលលោក«ប្រមូលប្រាជ្ញាទុកសម្រាប់មនុស្សទៀងត្រង់»។ (សុភ. ២:៧) ពេលយើងកោតខ្លាចព្រះយេហូវ៉ា យើងនឹងចង់ធ្វើឲ្យលោកពេញចិត្ត។ យើងនឹងឮដំបូន្មានដែលប្រកបដោយប្រាជ្ញាពីលោក ហើយយើងនឹងសប្បាយធ្វើតាមដំបូន្មាននោះ។—យ៉ា. ១:២៥
១៦. តើតាមរបៀបណាការកោតខ្លាចព្រះបានជួយបងអាឡេនឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយតើនោះមានលទ្ធផលអ្វី?
១៦ សូមគិតអំពីរបៀបដែលការកោតខ្លាចព្រះបានជួយបងប្រុសអាឡេនឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ គាត់ជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំ និងជាគ្រូបង្រៀននៅសាលា។ គាត់និយាយថា៖ «អ្នករួមការងារជាច្រើនរបស់ខ្ញុំបានចាត់ទុកភាពយន្តបែបអាសអាភាសថាជាការអប់រំខាងផ្លូវភេទ»។ ប៉ុន្តែ បងអាឡេនមិនចាញ់បោកទេ។ គាត់និយាយថា៖ «ដោយសារខ្ញុំកោតខ្លាចព្រះ ខ្ញុំបានបដិសេធយ៉ាងមុតមាំមិនព្រមមើលរឿងនោះទេ។ ខ្ញុំក៏បានពន្យល់មូលហេតុដល់អ្នករួមការងាររបស់ខ្ញុំដែរ»។ បងអាឡេនបានធ្វើតាមយោបល់ពី«ប្រាជ្ញាពិត»ដែលឲ្យ«ដើរទៅមុខតាមផ្លូវនៃការយល់ដឹង»។ (សុភ. ៩:៦) គ្រូបង្រៀនខ្លះបានកោតស្ងើចជាខ្លាំង រហូតដល់ពួកគេចាប់ផ្ដើមសិក្សាគម្ពីរនិងចូលរួមកិច្ចប្រជុំនៅសព្វថ្ងៃនេះ។
១៧-១៨. តើពួកអ្នកដែលព្រមទទួលការអញ្ជើញពី«ប្រាជ្ញាពិត»ទទួលពរអ្វីខ្លះ ហើយតើពួកគេអាចទន្ទឹងរង់ចាំអ្វី? (សូមមើលរូបភាពផងដែរ)
១៧ ព្រះយេហូវ៉ាប្រើស្ត្រីពីរនាក់ក្នុងន័យធៀបនេះដើម្បីបង្ហាញយើងអំពីរបៀបមានអនាគតដ៏សប្បាយ។ ពួកអ្នកដែលព្រមទទួលការអញ្ជើញពី«ស្ត្រីល្ងីល្ងើ» ព្យាយាមស្វែងរកការសប្បាយពីអំពើប្រាសចាកសីលធម៌។ តាមការពិត ពួកគេកំពុងរស់នៅសម្រាប់បច្ចុប្បន្នដោយមិនអើពើថ្ងៃអនាគតទេ។ ជាលទ្ធផល ពួកគេនឹង«នៅក្នុងទីបញ្ចុះសព»។—សុភ. ៩:១៣, ១៧, ១៨
១៨ គឺខុសគ្នាឆ្ងាយណាស់ចំពោះពួកអ្នកដែលព្រមទទួលការអញ្ជើញពី«ប្រាជ្ញាពិត»! ពួកគេសប្បាយដោយសារពួកគេមានអ្វីទាំងអស់ដែលពួកគេត្រូវការដើម្បីបន្ដនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ (អេ. ៦៥:១៣) តាមរយៈអ្នកប្រកាសទំនាយអេសាយ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ចូរយកចិត្តទុកដាក់ស្ដាប់ខ្ញុំ ហើយបរិភោគអាហារដ៏ល្អប្រសើរទៅ នោះអ្នក នឹងមានអំណរជាខ្លាំងដោយសារបានអាហារដែលមានជីវជាតិ»។ (អេ. ៥៥:១, ២) យើងកំពុងរៀនស្រឡាញ់អ្វីដែលព្រះយេហូវ៉ាស្រឡាញ់ និងស្អប់អ្វីដែលលោកស្អប់។ (ចសព. ៩៧:១០) ម្យ៉ាងទៀត យើងសប្បាយចិត្តដោយសារយើងអាចអញ្ជើញអ្នកឯទៀតឲ្យរៀនពី«ប្រាជ្ញាពិត»។ គឺហាក់ដូចជាយើង«ប្រកាសពីទីខ្ពស់នៅក្នុងក្រុងថា៖ ‹អ្នកណាដែលខ្វះបទពិសោធន៍ ចូរឲ្យអ្នកនោះចូលមកទីនេះ›»។ យើងនិងពួកអ្នកដែលទទួលការអញ្ជើញនេះ មិនគ្រាន់តែទទួលប្រយោជន៍ឥឡូវនេះប៉ុណ្ណោះទេ តែប្រយោជន៍នោះនឹងនៅស្ថិតស្ថេរ ហើយនឹងឲ្យយើងមាន«ជីវិតរស់នៅ»ជារៀងរហូត កាលដែលយើង«ដើរទៅមុខតាមផ្លូវនៃការយល់ដឹង»។—សុភ. ៩:៣, ៤, ៦
១៩. ដូចអ្នកទូន្មាន ១២:១៣, ១៤ចែង តើយើងគួរតាំងចិត្តធ្វើអ្វី? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា « ការកោតខ្លាចព្រះផ្ដល់ប្រយោជន៍ដល់យើង»)
១៩ សូមអាន អ្នកទូន្មាន ១២:១៣, ១៤។ សូមឲ្យការកោតខ្លាចព្រះបន្ដការពារចិត្តរបស់យើង និងជួយយើងឲ្យរក្សាសីលធម៌ស្អាតស្អំ ព្រមទាំងនៅជិតស្និទ្ធនឹងលោកក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏ទុច្ចរិតនេះ។ ការកោតខ្លាចព្រះនោះ នឹងជំរុញចិត្តយើងឲ្យបន្ដអញ្ជើញមនុស្សឲ្យបានច្រើនបំផុតស្វែងរក«ប្រាជ្ញាពិត» ហើយទទួលប្រយោជន៍ដែលមកពីប្រាជ្ញានោះ។
ចម្រៀងលេខ១២៧ ខ្ញុំគួរជាមនុស្សដែលព្រះពេញចិត្ត
a គ្រិស្តសាសនិកត្រូវរៀនឲ្យចេះកោតខ្លាចព្រះ។ ការកោតខ្លាចព្រះអាចការពារចិត្តរបស់យើង ហើយការពារយើងពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងការមើលរូបអាសអាភាស។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាសុភាសិត ជំពូកទី៩ ដែលបង្ហាញអំពីភាពខុសគ្នារវាងប្រាជ្ញានិងភាពល្ងង់ខ្លៅ ដោយរៀបរាប់អំពីស្ត្រីពីរនាក់ក្នុងន័យធៀប។ យើងអាចទទួលប្រយោជន៍យូរអង្វែងពីជំពូកនេះ។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
c នៅទីនេះ ពាក្យភាសាហេប្រឺសម្រាប់«ប្រាជ្ញា»គឺជាពាក្យដែលបានត្រូវប្រើចំពោះស្ត្រី។