លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

ហេតុ​អ្វី​យ៉ូសែប​និង​ម៉ារៀ​បាន​បន្ដ​នៅ​ក្រុង​បេថ្លេហិម​ជា​ជាង​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត​វិញ​ក្រោយ​ពី​កំណើត​លោក​យេស៊ូ?

គម្ពីរ​មិន​ចែង​ទេ។ តែ​ក្នុង​គម្ពីរ​មាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ប្រហែល​ជា​ជះ​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់។

ទេវតា​មួយ​រូប​បាន​ប្រាប់​ម៉ារៀ​ថា​នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​កូន។ ពេល​ទេវតា​នាំ​ដំណឹង​នោះ​មក ម៉ារៀ​និង​យ៉ូសែប​រស់​នៅ​ក្រុង​ណាសារ៉ែត​នា​ស្រុក​កាលីឡេ ដែល​ជា​ស្រុក​កំណើត​របស់​យ៉ូសែប។ (​លូក. ១:២៦​-​៣១; ២:៤​) ក្រោយ​មក ពេល​ពួក​គាត់​បាន​មក​ពី​ស្រុក​អេហ្ស៊ីប​វិញ ពួក​គាត់​បាន​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត។ លោក​យេស៊ូ​បាន​ធំ​ឡើង​នៅ​ទី​នោះ ហើយ​បាន​ត្រូវ​គេ​ហៅ​ថា​អ្នក​ក្រុង​ណាសារ៉ែត។ (​ម៉ាថ. ២:១៩​-​២៣​) ហេតុ​នេះ ពេល​យើង​គិត​អំពី​លោក​យេស៊ូ យ៉ូសែប និង​ម៉ារៀ យើង​នឹក​ឃើញ​អំពី​ក្រុង​ណាសារ៉ែត។

ម៉ារៀ​មាន​ញាតិ​សន្ដាន​ម្នាក់​ឈ្មោះ​អេលីសាបិត​ដែល​រស់​នៅ​ស្រុក​យូដា។ អេលីសាបិត​ជា​ប្រពន្ធ​របស់​សង្ឃ​ម្នាក់​ឈ្មោះ​សាការី ហើយ​បាន​ទៅ​ជា​ម្ដាយ​របស់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ (​លូក. ១:៥, ៩, ១៣, ៣៦​) ម៉ារៀ​បាន​ទៅ​លេង​អេលីសាបិត​បី​ខែ​នៅ​ស្រុក​យូដា ហើយ​ក្រោយ​មក​បាន​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត​វិញ។ (​លូក. ១:៣៩, ៤០, ៥៦​) ហេតុ​នេះ​ម៉ារៀ​ស្គាល់​ទឹក​ដី​យូដា​ខ្លះ​ៗ។

ក្រោយ​មក យ៉ូសែប​បាន​ធ្វើ​តាម​បង្គាប់​ឲ្យ​«​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​»។ ដូច្នេះ យ៉ូសែប​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ណាសារ៉ែត​ទៅ​ក្រុង​បេថ្លេហិម​ដែល​ជា​«​ស្រុក​កំណើត​របស់​ដាវីឌ​»​ ហើយ​ជា​ក្រុង​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ថា​ជា​កន្លែង​ដែល​មេស្ស៊ី​នឹង​កើត​មក។ (​លូក. ២:៣, ៤; ១សាំ. ១៧:១៥; ២០:៦; មីកា ៥:២​) បន្ទាប់​ពី​ម៉ារៀ​បាន​សម្រាល​ទារក​យេស៊ូ​នៅ​ទី​នោះ យ៉ូសែប​មិន​តម្រូវ​ឲ្យ​នាង​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ទៅ​ក្រុង​ណាសារ៉ែត​វិញ​ជា​មួយ​នឹង​ទារក​ទេ។ ពួក​គាត់​បាន​បន្ដ​នៅ​ក្រុង​បេថ្លេហិម ដែល​ប្រហែល​ជា​មាន​ចម្ងាយ​៩​គីឡូ​ម៉ែត្រ​ពី​ក្រុង​យេរូសាឡិម។ យ៉ាង​នេះ ពួក​គាត់​ស្រួល​យក​កូន​ទៅ​វិហារ​និង​ជូន​គ្រឿង​បូជា​ដែល​ច្បាប់​តម្រូវ។—ចល. ១២:២, ៦​-​៨; លូក. ២:២២​-​២៤

ពី​មុន ទេវតា​របស់​ព្រះ​បាន​ប្រាប់​ម៉ារៀ​ថា​កូន​ប្រុស​របស់​គាត់​នឹង​ទទួល​«​បល្ល័ង្ក​របស់​ដាវីឌ​»​ ហើយ​«​នឹង​គ្រប់​គ្រង​ជា​ស្ដេច​»។ ប្រហែល​ជា​យ៉ូសែប​និង​ម៉ារៀ​បាន​គិត​ថា​គឺ​គួរ​ឲ្យ​កត់​សម្គាល់​ដែល​លោក​យេស៊ូ​បាន​កើត​នៅ​ស្រុក​កំណើត​របស់​ដាវីឌ។ (​លូក. ១:៣២, ៣៣; ២:១១, ១៧​) ពួក​គាត់​ប្រហែល​ជា​បាន​គិត​ថា​គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​បន្ត​នៅ​ទី​នោះ ហើយ​ចាំ​រហូត​ដល់​ដឹង​អំពី​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​ពួក​គាត់​ធ្វើ​បន្ទាប់​មក។

យើង​មិន​ដឹង​ថា​ពួក​គាត់​នៅ​ក្រុង​បេថ្លេហិម​យូរ​ប៉ុណ្ណា​ទេ ពេល​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​បាន​មក។ ប៉ុន្តែ​នៅ​ពេល​នោះ ក្រុម​គ្រួសារ​នោះ​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​មួយ ហើយ​ពួក​គាត់​មាន​«​កូន​តូច​»​ មិន​មែន​ទារក​ឡើយ។ (​ម៉ាថ. ២:១១​) តាម​មើល​ទៅ ជា​ជាង​ត្រឡប់​ទៅ​ក្រុង​ណាសារ៉ែត​វិញ ពួក​គាត់​បាន​បន្ត​នៅ​ក្រុង​បេថ្លេហិម​យូរ​ល្មម​រហូត​ដល់​ទៅ​ជា​កន្លែង​ដែល​ពួក​គាត់​រស់​នៅ។

ហេរ៉ូឌ​បាន​បង្គាប់​គេ​ឲ្យ​សម្លាប់​«​ក្មេង​ប្រុស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​ពីរ​ឆ្នាំ​ចុះ​»​នៅ​ក្រុង​បេថ្លេហិម។ (​ម៉ាថ. ២:១៦​) ដោយ​សារ​យ៉ូសែប​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះ​អំពី​រឿង​នោះ គាត់​និង​ម៉ារៀ​បាន​នាំ​លោក​យេស៊ូ​គេច​ទៅ​ស្រុក​អេហ្ស៊ីប ហើយ​បាន​នៅ​ទី​នោះ​រហូត​ដល់​ហេរ៉ូឌ​ស្លាប់។ ក្រោយ​មក យ៉ូសែប​បាន​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​ក្រុង​ណាសារ៉ែត។ ហេតុ​អ្វី​ពួក​គាត់​មិន​បាន​ត្រឡប់​ទៅ​ក្រុង​បេថ្លេហិម​វិញ? ពីព្រោះ​នៅ​ពេល​នោះ អាខេឡាស​ដែល​ជា​កូន​ប្រុស​របស់​ហេរ៉ូឌ កំពុង​គ្រប់​គ្រង​នៅ​តំបន់​យូឌា ហើយ​គាត់​ជា​មនុស្ស​កាច។ ម្យ៉ាង​ទៀត ទេវតា​មួយ​រូប​បាន​ព្រមាន​យ៉ូសែប​ម្ដង​ទៀត​មិន​ឲ្យ​ទៅ​ទី​នោះ។ នៅ​ក្រុង​ណាសារ៉ែត យ៉ូសែប​អាច​ចិញ្ចឹម​អប់រំ​លោក​យេស៊ូ​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​ដោយ​សុវត្ថិភាព។—ម៉ាថ. ២:១៩​-​២២; ១៣:៥៥; លូក. ២:៣៩, ៥២

តាម​មើល​ទៅ យ៉ូសែប​បាន​ស្លាប់​មុន​លោក​យេស៊ូ​បើក​ឱកាស​ឲ្យ​មនុស្ស​ឡើង​ទៅ​ស្ថាន​សួគ៌។ ដូច្នេះ យ៉ូសែប​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។ មនុស្ស​ជា​ច្រើន​នឹង​អាច​ជួប​គាត់ ហើយ​រៀន​ថែម​ទៀត​ពី​គាត់​អំពី​មូលហេតុ​ដែល​គាត់​និង​ម៉ារៀ​បាន​បន្ត​នៅ​ក្រុង​បេថ្លេហិម​ក្រោយ​ពី​លោក​យេស៊ូ​កើត។