អត្ថបទសិក្សា ២៥
អ្នកចាស់ទុំទាំងឡាយ ចូររៀនពីគំរូរបស់គេឌាន
«គ្មានពេលគ្រប់គ្រាន់ឲ្យខ្ញុំរៀបរាប់អំពីគេឌាន»។—ហេ. ១១:៣២
ចម្រៀងលេខ១២៤ ចូរមានភក្ដីភាពជានិច្ច
សេចក្ដីសង្ខេប a
១. យោងទៅតាមពេត្រុសទី១ ៥:២ តើពួកអ្នកចាស់ទុំមានឯកសិទ្ធិអ្វី?
ពួកអ្នកចាស់ទុំជាគ្រិស្តសាសនិកត្រូវមើលថែចៀមដ៏មានតម្លៃរបស់ព្រះយេហូវ៉ា។ បុរសដ៏ស្មោះត្រង់ទាំងនេះឲ្យតម្លៃចំពោះឯកសិទ្ធិរបស់ពួកគេក្នុងការបម្រើបងប្អូន ហើយពួកគេខំប្រឹងធ្វើជា‹គង្វាលដែលឃ្វាលហ្វូងចៀមដោយយកចិត្តទុកដាក់›។ (យេ. ២៣:៤; សូមអាន ពេត្រុសទី១ ៥:២) យើងសប្បាយចិត្តណាស់ដែលមានបុរសបែបនេះក្នុងក្រុមជំនុំរបស់យើង។
២. តើពួកអ្នកចាស់ទុំប្រហែលជាជួបការពិបាកអ្វីខ្លះ?
២ ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ពួកអ្នកចាស់ទុំជួបការពិបាកជាច្រើន។ ជាឧទាហរណ៍ ពួកគេត្រូវខំប្រឹងដើម្បីថែរក្សាក្រុមជំនុំ។ បងថូនីដែលជាអ្នកចាស់ទុំនៅសហរដ្ឋអាម៉េរិក បានរៀនឲ្យមានចិត្តសុភាពច្រើនជាងស្ដីអំពីភារកិច្ចទាំងប៉ុន្មានដែលគាត់ព្រមទទួល។ គាត់ពន្យល់ថា៖ «ពេលជំងឺកូវីដ-១៩ចាប់ផ្ដើមផ្ទុះឡើង ខ្ញុំបានព្យាយាមធ្វើកិច្ចការច្រើនជាងដើម្បីរៀបចំកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយ។ ប៉ុន្តែមិនថាខ្ញុំបានធ្វើច្រើនយ៉ាងណាក្ដី តែងតែមានអ្វីធ្វើថែមរហូត។ ទីបំផុត ខ្ញុំជាប់រវល់ខ្លាំងដល់ម្ល៉េះបានជាខ្ញុំមិនលៃទុកពេលគ្រប់គ្រាន់ដើម្បីអានគម្ពីរ សិក្សា និងអធិដ្ឋាន»។ បងអ៊ីលាដែលជាអ្នកចាស់ទុំនៅប្រទេសកូសូវ៉ូជួបការពិបាកផ្សេងពីនេះ។ ពេលគាត់នៅតំបន់ដែលមានសង្គ្រាម គាត់ពិបាកធ្វើតាមការណែនាំពីអង្គការ។ គាត់និយាយថា៖ «ចិត្តក្លាហានរបស់ខ្ញុំបានត្រូវសាកល្បងពេលការិយាល័យសាខាស្នើសុំខ្ញុំឲ្យទទួលភារកិច្ចមួយដើម្បីជួយបងប្អូនក្នុងតំបន់ដែលមានគ្រោះថ្នាក់។ ខ្ញុំខ្លាច ហើយមើលទៅការណែនាំនោះមិនសមហេតុសមផល»។ បងធីមដែលជាសាសនទូតនៅទ្វីបអាស៊ី ពិបាកធ្វើអ្វីទាំងអស់ដែលគាត់ត្រូវធ្វើរាល់ថ្ងៃ។ គាត់និយាយថា៖ «ជួនកាលខ្ញុំអស់កម្លាំងពេករហូតដល់ពិបាកមើលថែបងប្អូន»។ តើអ្វីអាចជួយពួកអ្នកចាស់ទុំដែលជួបការពិបាកស្រដៀងនឹងការពិបាកទាំងនេះ?
៣. តើគ្រប់គ្នាអាចទទួលប្រយោជន៍យ៉ាងណាពីការពិចារណាអំពីគំរូរបស់គេឌាន?
៣ ពួកអ្នកចាស់ទុំអាចរៀនពីគំរូរបស់គេឌានដែលជាអ្នកសម្រេចក្ដី។ (ហេ. ៦:១២; ១១:៣២) គាត់ជាអ្នកការពារនិងជាគង្វាលរបស់រាស្ត្រព្រះ។ (អសក. ២:១៦; ១ប្រ. ១៧:៦) ដូចគេឌាន ពួកអ្នកចាស់ទុំបានត្រូវតែងតាំងឲ្យមើលថែរាស្ត្រព្រះក្នុងអំឡុងគ្រាដ៏លំបាកណាស់។ (សកម្ម. ២០:២៨; ២ធី. ៣:១) យើងអាចរៀនពីគេឌានអំពីចិត្តសុភាព ចិត្តរាបទាប និងការស្ដាប់បង្គាប់។ ការស៊ូទ្រាំរបស់គាត់បានត្រូវសាកល្បងកាលដែលគាត់បានបំពេញភារកិច្ចរបស់គាត់។ មិនថាយើងបម្រើជាអ្នកចាស់ទុំឬមិនមែនក្ដី យើងអាចរៀនឲ្យចេះបង្ហាញអំណរគុណច្រើនជាងចំពោះអ្នកចាស់ទុំរបស់យើង។ យើងអាចគាំទ្របងប្អូនប្រុសទាំងនេះដែលធ្វើការនឿយហត់ដើម្បីមើលថែយើងក្នុងក្រុមជំនុំ។—ហេ. ១៣:១៧
ពេលចិត្តសុភាពនិងចិត្តរាបទាបរបស់អ្នកបានត្រូវសាកល្បង
៤. តើគេឌានបានបង្ហាញចិត្តសុភាពនិងចិត្តរាបទាបយ៉ាងដូចម្ដេច?
៤ គេឌានជាបុរសដែលមានចិត្តសុភាពនិងចិត្តរាបទាប។ b ពេលទេវតារបស់ព្រះយេហូវ៉ាបានប្រាប់គេឌានថាគាត់បានត្រូវជ្រើសរើសឲ្យសង្គ្រោះជនជាតិអ៊ីស្រាអែលពីជនជាតិម៉ាឌានដ៏ខ្លាំងក្លា បុរសដែលមានចិត្តរាបទាបនេះបានតបថា៖ «ពូជពង្សខ្ញុំតូចទាបជាងគេក្នុងកុលសម្ព័ន្ធម៉ាណាសេ ហើយក្នុងក្រុមគ្រួសាររបស់ឪពុកខ្ញុំ ខ្ញុំមិនមែនជាមនុស្សសំខាន់អ្វីទេ»។ (អសក. ៦:១៥) គេឌានមានអារម្មណ៍ថាគាត់មិនមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចនេះទេ ប៉ុន្តែព្រះយេហូវ៉ាដឹងថាគាត់អាចធ្វើបាន។ ដោយមានជំនួយពីព្រះយេហូវ៉ា គេឌានបានបំពេញភារកិច្ចរបស់គាត់ដោយជោគជ័យ។
៥. តើអ្នកចាស់ទុំប្រហែលជាពិបាកមានចិត្តរាបទាបនិងចិត្តសុភាពនៅពេលណាខ្លះ?
៥ ពួកអ្នកចាស់ទុំខំអស់ពីសមត្ថភាពដើម្បីបង្ហាញចិត្តសុភាពនិងចិត្តរាបទាបក្នុងគ្រប់ការទាំងអស់។ (មីកា ៦:៨; សកម្ម. ២០:១៨, ១៩) ពួកគេមិនអួតអំពីសមត្ថភាពរបស់ពួកគេឬអ្វីដែលពួកគេបានសម្រេចទេ ហើយពួកគេក៏មិនគិតថាពួកគេគ្មានតម្លៃដោយសារពួកគេបានធ្វើខុសខ្លះឡើយ។ ប៉ុន្តែ ជួនកាលគឺពិបាកឲ្យអ្នកចាស់ទុំណាម្នាក់មានចិត្តរាបទាបនិងចិត្តសុភាព។ ជាឧទាហរណ៍ គាត់ប្រហែលជាទទួលភារកិច្ចច្រើន ហើយក្រោយមកឃើញថាគាត់ពិបាកបំពេញភារកិច្ចទាំងអស់នោះ។ ឬគាត់ប្រហែលជាទទួលការរិះគន់ចំពោះរបៀបដែលគាត់បានបំពេញភារកិច្ចមួយ ឬទទួលការសរសើរចំពោះរបៀបដែលគាត់បានបំពេញភារកិច្ចមួយទៀត។ តើពួកអ្នកចាស់ទុំអាចទាញមេរៀនអ្វីពីគេឌានដែលនឹងជួយពួកគេក្នុងស្ថានភាពបែបនេះ?
៦. តើពួកអ្នកចាស់ទុំអាចរៀនអ្វីអំពីចិត្តសុភាពពីគេឌាន? (សូមមើលរូបភាពផងដែរ)
៦ ចូរសុំជំនួយ។ បុគ្គលម្នាក់ដែលមានចិត្តសុភាពដឹងអំពីកម្រិតសមត្ថភាពរបស់ខ្លួន។ គេឌានបានបង្ហាញថាគាត់មានចិត្តសុភាពដោយសុំជំនួយពីអ្នកឯទៀត។ (អសក. ៦:២៧, ៣៥; ៧:២៤) ពួកអ្នកចាស់ទុំដ៏ឈ្លាសវៃក៏ធ្វើដូច្នេះដែរ។ បងថូនីដែលបានត្រូវរៀបរាប់នៅខាងលើពន្យល់ថា៖ «ដោយសាររបៀបដែលខ្ញុំបានត្រូវចិញ្ចឹមអប់រំកាលពីក្មេង ខ្ញុំព្រមទទួលការងារលើសពីសមត្ថភាពខ្លួនឯង។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តពិគ្រោះអំពីចិត្តសុភាពក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ហើយសួរប្រពន្ធខ្ញុំថាតើគាត់បានសង្កេតឃើញអ្វីខ្លះអំពីខ្ញុំដែលទាក់ទងនឹងចំណុចនេះ។ ខ្ញុំក៏បានមើលវីដេអូឡើងវិញដែលមានចំណងជើងថា ចូរបង្រៀន ចូរទុកចិត្ត និងចូរឲ្យអំណាចអ្នកឯទៀតដូចលោកយេស៊ូបានធ្វើ ក្នុងគេហទំព័រjw.org»។ បងថូនីបានចាប់ផ្ដើមសុំអ្នកឯទៀតឲ្យជួយធ្វើកិច្ចការរបស់គាត់។ តើមានលទ្ធផលអ្វី? បងថូនីនិយាយថា៖ «កិច្ចការក្រុមជំនុំកំពុងរលូនទៅមុខ ហើយខ្ញុំមានពេលច្រើនជាងដើម្បីពង្រឹងចំណងមិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ា»។
៧. បើទទួលការរិះគន់ តើពួកអ្នកចាស់ទុំអាចយកតម្រាប់គេឌានយ៉ាងដូចម្ដេច? (យ៉ាកុប ៣:១៣)
៧ ចូរតបឆ្លើយដោយស្លូតបូត បើទទួលការរិះគន់។ ការពិបាកមួយទៀតដែលអ្នកចាស់ទុំជួប គឺពេលពួកគេទទួលការរិះគន់។ ម្ដងទៀត គំរូរបស់គេឌានអាចជួយ។ គាត់ដឹងថាគាត់ជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះគាត់បានរក្សាចិត្តស្ងប់ពេលពួកអេប្រាអ៊ីមបានមករិះគន់គាត់។ (អសក. ៨:១-៣) គេឌានមិនបានតបឆ្លើយដោយកំហឹងទេ។ គាត់បានបង្ហាញថាគាត់មានចិត្តរាបទាបដោយស្ដាប់ការត្អូញត្អែររបស់ពួកគេ ហើយដោយនិយាយយ៉ាងសប្បុរសទៅពួកគេ។ នេះបានធ្វើឲ្យពួកគេត្រជាក់ចិត្តវិញ។ ពួកអ្នកចាស់ទុំដែលមានប្រាជ្ញាយកតម្រាប់គេឌាន ដោយស្ដាប់យ៉ាងយកចិត្តទុកដាក់ និងតបឆ្លើយដោយចិត្តស្លូតបូត បើទទួលការរិះគន់។ (សូមអាន យ៉ាកុប ៣:១៣) យ៉ាងនេះ ពួកគេជួយធ្វើឲ្យមានសន្តិភាពក្នុងក្រុមជំនុំ។
៨. តើពួកអ្នកចាស់ទុំគួរធ្វើយ៉ាងណាបើពួកគេទទួលការសរសើរ? សូមលើកឧទាហរណ៍។
៨ ចូរឲ្យការសរសើរទាំងអស់ទៅព្រះយេហូវ៉ា។ ពេលគេឌានទទួលការសរសើរចំពោះជ័យជម្នះលើពួកម៉ាឌាន គាត់បានផ្ដោតអារម្មណ៍លើព្រះយេហូវ៉ា។ (អសក. ៨:២២, ២៣) តើបុរសដែលព្រះបានតែងតាំងអាចយកតម្រាប់គេឌានយ៉ាងដូចម្ដេច? ពួកគេអាចឲ្យការសរសើរទៅព្រះយេហូវ៉ាចំពោះអ្វីដែលពួកគេសម្រេច។ (១កូ. ៤:៦, ៧) ជាឧទាហរណ៍ បើអ្នកចាស់ទុំណាម្នាក់ទទួលការសរសើរចំពោះសមត្ថភាពបង្រៀនរបស់គាត់ គាត់អាចនិយាយថាប្រភពនៃការបង្រៀននោះគឺមកពីបណ្ដាំរបស់ព្រះ ឬការបង្ហាត់បង្រៀនដែលយើងទទួលពីអង្គការរបស់លោក។ ពួកអ្នកចាស់ទុំអាចគិតថាតើពួកគេកំពុងបង្រៀនតាមរបៀបដែលលើកកិត្តិយសព្រះយេហូវ៉ា ឬតើពួកគេចង់ឲ្យមនុស្សកោតស្ងើចខ្លួនឯង។ សូមគិតអំពីបទពិសោធន៍របស់អ្នកចាស់ទុំម្នាក់ឈ្មោះធីម៉ូថេ។ ពេលបងធីម៉ូថេទើបតែបានត្រូវតែងតាំងជាអ្នកចាស់ទុំ គាត់ចូលចិត្តថ្លែងសុន្ទរកថាសាធារណៈ។ គាត់និយាយថា៖ «ខ្ញុំនិយាយពាក្យផ្ដើមនិងឧទាហរណ៍ដែលវែងនិងល្អិតល្អន់។ ដូច្នេះហើយ នោះច្រើនតែទាញចំណាប់អារម្មណ៍អ្នកឯទៀតឲ្យសរសើរ។ ប៉ុន្តែ គួរឲ្យស្ដាយណាស់ អ្នកស្ដាប់បែរជាផ្ដោតអារម្មណ៍មកលើខ្ញុំទៅវិញ មិនមែនទៅលើគម្ពីរឬព្រះយេហូវ៉ាទេ»។ យូរៗទៅ បងធីម៉ូថេបានឃើញថាគាត់ត្រូវកែប្រែរបៀបដែលគាត់បង្រៀនដើម្បីឲ្យអ្នកឯទៀតមិនផ្ដោតអារម្មណ៍ខ្លាំងពេកមកលើគាត់។ (សុភ. ២៧:២១) តើមានលទ្ធផលអ្វី? គាត់ពន្យល់ថា៖ «ឥឡូវបងប្អូនប្រាប់ខ្ញុំថាសុន្ទរកថាខ្ញុំបានជួយពួកគេឲ្យយកឈ្នះបញ្ហា ស៊ូទ្រាំនឹងទុក្ខលំបាក ឬចូលកាន់តែជិតព្រះយេហូវ៉ា។ ពាក្យសរសើរនេះធ្វើឲ្យខ្ញុំមានអំណរជាងពាក្យសរសើរដែលខ្ញុំធ្លាប់ទទួលជាច្រើនឆ្នាំមុន»។
ពេលការស្ដាប់បង្គាប់ឬចិត្តក្លាហានរបស់អ្នកបានត្រូវសាកល្បង
៩. តើការស្ដាប់បង្គាប់និងចិត្តក្លាហានរបស់គេឌានបានត្រូវសាកល្បងតាមរបៀបណា? (សូមមើលរូបភាពនៅក្រប)
៩ ក្រោយពីគេឌានបានត្រូវតែងតាំងជាអ្នកសម្រេចក្ដី ការស្ដាប់បង្គាប់និងចិត្តក្លាហានរបស់គាត់បានត្រូវសាកល្បង។ គាត់បានទទួលភារកិច្ចដែលមានគ្រោះថ្នាក់ គឺគាត់ត្រូវបំផ្លាញទីបូជាព្រះបាលដែលជារបស់ឪពុកគាត់។ (អសក. ៦:២៥, ២៦) បន្ទាប់មកក្រោយពីប្រមូលកងទ័ព ព្រះយេហូវ៉ាបានប្រាប់គេឌានពីរដងថា គាត់គួរកាត់បន្ថយកងទ័ពរបស់គាត់។ (អសក. ៧:២-៧) ក្រោយមកទៀត គាត់បានត្រូវប្រាប់ឲ្យវាយប្រហារជំរំសត្រូវនៅកណ្ដាលអធ្រាត្រ។—អសក. ៧:៩-១១
១០. តើការស្ដាប់បង្គាប់របស់អ្នកចាស់ទុំប្រហែលជាបានត្រូវសាកល្បងយ៉ាងដូចម្ដេច?
១០ ពួកអ្នកចាស់ទុំគួរ«រង់ចាំធ្វើតាមបង្គាប់»។ (យ៉ា. ៣:១៧) អ្នកចាស់ទុំណាម្នាក់ដែលចេះស្ដាប់បង្គាប់ ឆាប់ចុះចូលក្រោមការណែនាំពីអង្គការព្រះយេហូវ៉ានិងអ្វីដែលគម្ពីរចែង។ យ៉ាងនេះ គាត់ទុកគំរូល្អឲ្យអ្នកឯទៀត។ ប៉ុន្តែ ការស្ដាប់បង្គាប់របស់គាត់ប្រហែលជាបានត្រូវសាកល្បង។ ជាឧទាហរណ៍ ប្រហែលជាគាត់ទទួលការណែនាំជាច្រើនឬការណែនាំដែលផ្លាស់ប្ដូរយ៉ាងលឿន ហើយនោះធ្វើឲ្យគាត់ពិបាកអនុវត្តតាម។ ក្នុងករណីខ្លះ គាត់ប្រហែលជាមិនប្រាកដថាការណែនាំណាមួយពិតជាសមហេតុសមផលឬឈ្លាសវៃឬយ៉ាងណាទេ។ ឬគាត់ប្រហែលជាបានត្រូវសុំឲ្យបំពេញភារកិច្ចមួយដែលអាចនាំឲ្យគាត់ត្រូវគេចាប់ខ្លួន។ តើពួកអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់គេឌានស្ដីអំពីការស្ដាប់បង្គាប់ក្នុងស្ថានភាពបែបនេះយ៉ាងដូចម្ដេច?
១១. តើអ្វីអាចជួយពួកអ្នកចាស់ទុំឲ្យស្ដាប់បង្គាប់?
១១ ចូរស្ដាប់ការណែនាំយ៉ាងយកចិត្តទុកដាក់ ហើយធ្វើតាមការណែនាំនោះ។ ព្រះបានប្រាប់គេឌានអំពីរបៀបបំផ្លាញទីបូជារបស់ឪពុកគាត់ អំពីកន្លែងដែលត្រូវសង់ទីបូជាថ្មីឲ្យព្រះយេហូវ៉ា និងអំពីសត្វណាដែលត្រូវជូនជាគ្រឿងបូជា។ គេឌានមិនបានសង្ស័យអំពីការណែនាំនោះទេ។ គាត់បានធ្វើអ្វីដែលព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យធ្វើ។ នៅសព្វថ្ងៃនេះ ពួកអ្នកចាស់ទុំទទួលការណែនាំពីអង្គការរបស់ព្រះយេហូវ៉ាតាមរយៈសំបុត្រ សេចក្ដីជូនដំណឹង និងការណែនាំផ្សេងទៀតដែលជួយយើងឲ្យមានសុវត្ថិភាព និងនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ យើងស្រឡាញ់ពួកអ្នកចាស់ទុំ ដោយសារពួកគេធ្វើតាមការណែនាំពីអង្គការព្រះយ៉ាងស្មោះត្រង់។ ក្រុមជំនុំទាំងមូលទទួលប្រយោជន៍។—ចសព. ១១៩:១១២
១២. តើពួកអ្នកចាស់ទុំអាចធ្វើតាមហេប្រឺ ១៣:១៧យ៉ាងដូចម្ដេច បើអង្គការព្រះយេហូវ៉ាប្រាប់ពួកគេឲ្យផ្លាស់ប្ដូររបៀបធ្វើអ្វីមួយ?
១២ ចូរសុខចិត្តកែប្រែ។ សូមចាំថាព្រះយេហូវ៉ាបានប្រាប់គេឌានឲ្យកាត់បន្ថយកងទ័ពរបស់គាត់ជាង៩៩ភាគរយ។ (អសក. ៧:៨) គាត់ប្រហែលជាបានគិតថា ‹តើការផ្លាស់ប្ដូរនេះពិតជាចាំបាច់ឬ? តើនេះនឹងទៅរួចឬទេ?›។ ទោះជាយ៉ាងនេះក៏ដោយ គេឌានបានស្ដាប់បង្គាប់។ ពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះយកតម្រាប់គេឌាន ដោយស្ដាប់បង្គាប់ពេលអង្គការព្រះប្រាប់ពួកគេឲ្យធ្វើអ្វីមួយតាមរបៀបផ្សេង។ (សូមអាន ហេប្រឺ ១៣:១៧) ជាឧទាហរណ៍ នៅឆ្នាំ២០១៤គណៈអភិបាលបានផ្លាស់ប្ដូររបៀបបង់ថ្លៃសម្រាប់សាងសង់សាលប្រជុំនិងសាលសន្និបាត។ (២កូ. ៨:១២-១៤) ពីមុន ក្រុមជំនុំខ្ចីលុយអង្គការដើម្បីធ្វើការសាងសង់ ហើយក្រោយមកក្រុមជំនុំសងវិញ។ ប៉ុន្តែឥឡូវ អង្គការប្រើវិភាគទានដែលមកពីក្រុមជំនុំទាំងអស់នៅទូទាំងពិភពលោកដើម្បីសង់សាលប្រជុំនិងសាលសន្និបាតនៅកន្លែងណាដែលត្រូវការ ទោះជាវិភាគទានពីក្រុមជំនុំនៅតំបន់នោះមានតែបន្តិចបន្តួចក្ដី។ ពេលបងប្រុសហូសេបានឮអំពីការផ្លាស់ប្ដូរនោះ គាត់សង្ស័យថាមិនអាចទៅរួចទេ។ គាត់គិតថា ‹សូម្បីតែសាលប្រជុំមួយក៏មិនត្រូវសង់ បានផង។ នេះមិនមែនជារឿងធម្មតានៅតំបន់នេះទេ›។ តើអ្វីបានជួយបងហូសេឲ្យគាំទ្រការណែនាំនោះ? គាត់និយាយថា៖ «ពាក្យនៅសុភាសិត ៣:៥, ៦រំលឹកខ្ញុំឲ្យទុកចិត្តព្រះយេហូវ៉ា ហើយលទ្ធផលដែលចេញមកគឺអស្ចារ្យណាស់! យើងមិនគ្រាន់តែសង់សាលប្រជុំបានច្រើនជាងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនឲ្យចេះផ្ដល់ជំនួយតាមរបៀបផ្សេងៗដើម្បីឲ្យមានភាពស្មើគ្នា»។
១៣. (ក) តើគេឌានបានជឿជាក់អំពីអ្វី? (ខ) តើពួកអ្នកចាស់ទុំអាចយកតម្រាប់គេឌានតាមរបៀបណា? (សូមមើលរូបភាពផងដែរ)
១៣ ចូរធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដោយចិត្តក្លាហាន។ គេឌានបានស្ដាប់បង្គាប់ព្រះយេហូវ៉ា ទោះជាពេលគាត់ភ័យខ្លាច ហើយទទួលភារកិច្ចដែលអាចនាំឲ្យមានគ្រោះថ្នាក់ក្ដី។ (អសក. ៩:១៧) ក្រោយពីព្រះយេហូវ៉ាបានពង្រឹងកម្លាំងចិត្តគេឌាន គាត់ជឿជាក់ទាំងស្រុងថាលោកនឹងគាំទ្រគាត់កាលដែលគាត់ការពាររាស្ត្រលោក។ ពួកអ្នកចាស់ទុំដែលរស់នៅតំបន់ដែលកិច្ចការរបស់យើងបានត្រូវដាក់បម្រាមកំពុងយកតម្រាប់គេឌាន។ តើពួកគេធ្វើដូច្នេះយ៉ាងដូចម្ដេច? ពួកគេនាំមុខដោយចិត្តក្លាហានក្នុងកិច្ចប្រជុំនិងក្នុងកិច្ចបម្រើផ្សាយ ទោះជាពួកគេអាចត្រូវគេចាប់ខ្លួន ត្រូវគេសួរចម្លើយ បាត់បង់ការងារ ឬរងអំពើហិង្សាក្ដី។ c ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ពួកអ្នកចាស់ទុំនឹងត្រូវការចិត្តក្លាហានដើម្បីធ្វើតាមការណែនាំដែលពួកគេនឹងទទួល ទោះជានោះអាចនាំឲ្យពួកគេមានគ្រោះថ្នាក់ក្ដី។ ការណែនាំប្រហែលជាជាប់ទាក់ទងនឹងរបៀបផ្សព្វផ្សាយដំណឹងវិនិច្ឆ័យចំៗដែលប្រៀបដូចជាដុំទឹកកក ហើយអំពីការរួចជីវិតពីការវាយប្រហាររបស់កូកនៃស្រុកម៉ាកូក។—អេគ. ៣៨:១៨; បប. ១៦:២១
ពេលសមត្ថភាពស៊ូទ្រាំរបស់អ្នកបានត្រូវសាកល្បង
១៤. តើសមត្ថភាពស៊ូទ្រាំរបស់គេឌានបានត្រូវសាកល្បងយ៉ាងដូចម្ដេច?
១៤ គេឌានត្រូវធ្វើការនឿយហត់ដើម្បីបម្រើជាអ្នកសម្រេចក្ដី។ ពេលពួកម៉ាឌានបានរត់គេចខ្លួនក្នុងអំឡុងពេលចម្បាំងនៅពេលយប់ គេឌានបានដេញតាមពួកគេពីជ្រលងភ្នំយេសរៀលរហូតដល់ទន្លេយ៉ូដាន់ ដែលទំនងជាមានគុម្ពោតព្រៃអមសងខាង។ (អសក. ៧:២២) តើគេឌានបានឈប់នៅទន្លេយ៉ូដាន់ឬទេ? មិនមែនទេ! ទោះជាអស់កម្លាំងក្ដី គាត់និងពួកបុរសរបស់គាត់៣០០នាក់បានឆ្លងទន្លេនោះ ហើយបន្ដដេញតាមរហូតដល់ ចាប់ពួកម៉ាឌានបាន។ ទីបំផុត គេឌាននិងពួកបុរសរបស់គាត់បានវាយឈ្នះពួកគេ។—អសក. ៨:៤-១២
១៥. ហេតុអ្វីជួនកាលពិបាកឲ្យអ្នកចាស់ទុំស៊ូទ្រាំ?
១៥ ជួនកាល អ្នកចាស់ទុំណាម្នាក់ប្រហែលជាអស់កម្លាំងដោយសារគាត់មើលថែរក្សាក្រុមជំនុំ និងក្រុមគ្រួសាររបស់គាត់។ ក្នុងកាលៈទេសៈបែបនេះ តើអ្នកចាស់ទុំអាចយកតម្រាប់គេឌានយ៉ាងដូចម្ដេច?
១៦-១៧. តើអ្វីបានជួយគេឌានឲ្យស៊ូទ្រាំ ហើយតើពួកអ្នកចាស់ទុំអាចជឿជាក់អំពីអ្វី? (អេសាយ ៤០:២៨-៣១) (សូមមើលរូបភាពផងដែរ)
១៦ ចូរទុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យអ្នក។ គេឌានបានទុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យគាត់ ហើយគាត់មិនបានខកចិត្តទេ។ (អសក. ៦:១៤, ៣៤) មានពេលដែលគេឌាននិងពួកបុរសរបស់គាត់រត់ដេញតាមស្ដេចម៉ាឌានពីររូបដែលប្រហែលជាជិះអូដ្ឋ។ (អសក. ៨:១២, ២១) ប៉ុន្តែ ដោយមានជំនួយពីព្រះ ជនជាតិអ៊ីស្រាអែលចាប់ពួកគេបាន ហើយច្បាំងឈ្នះ។ ពួកអ្នកចាស់ទុំក៏អាចពឹងផ្អែកលើព្រះយេហូវ៉ាជាបុគ្គលដែល«មិនដែលអស់កម្លាំងឬល្វើយទេ»។ លោកនឹងផ្ដល់កម្លាំងឲ្យពួកគេពេលដែលពួកគេត្រូវការ។—សូមអាន អេសាយ ៤០:២៨-៣១
១៧ សូមគិតអំពីបទពិសោធន៍របស់បងប្រុសម៉ាធីយូដែលជាសមាជិកគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ។ តើអ្វីជួយគាត់ឲ្យស៊ូទ្រាំ? បងម៉ាធីយូនិយាយថា៖ «ខ្ញុំធ្លាប់ទទួលកម្លាំងពីព្រះយេហូវ៉ាដូចបានត្រូវរៀបរាប់នៅភីលីព ៤:១៣។ ច្រើនដងពេលខ្ញុំអស់កម្លាំង ហើយមានអារម្មណ៍ថាខ្ញុំមិនអាចធ្វើអ្វីទៀត ខ្ញុំបានអធិដ្ឋានអង្វរសុំព្រះយ៉ាងអស់ពីចិត្តឲ្យផ្ដល់កម្លាំងកាយកម្លាំងចិត្តដែលខ្ញុំត្រូវការដើម្បីគាំទ្របងប្អូនរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំទទួលកម្លាំងពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ាដើម្បីជួយខ្ញុំឲ្យស៊ូទ្រាំ»។ ដូចគេឌាន ពួកអ្នកចាស់ទុំរបស់យើងខំប្រឹងយ៉ាងនឿយហត់ដើម្បីថែរក្សារាស្ត្រព្រះយេហូវ៉ា ទោះជានោះមិនតែងតែស្រួលក្ដី។ ពិតមែន ពួកគេគួរមានចិត្តសុភាព ហើយទទួលស្គាល់ថាពួកគេមិនតែងតែអាចធ្វើអ្វីទាំងអស់ដែលពួកគេចង់ធ្វើនោះឡើយ។ ប៉ុន្តែ ពួកគេអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងស្ដាប់ពាក្យសុំជំនួយរបស់ពួកគេ ហើយនឹងផ្ដល់កម្លាំងឲ្យពួកគេស៊ូទ្រាំ។—ចសព. ១១៦:១; ភី. ២:១៣
១៨. តើពួកអ្នកចាស់ទុំអាចយកតម្រាប់គេឌានយ៉ាងដូចម្ដេច?
១៨ ពួកអ្នកចាស់ទុំអាចរៀនច្រើនពីគំរូរបស់គេឌាន។ ពួកគេត្រូវមានចិត្តសុភាពនិងចិត្តរាបទាបចំពោះភារកិច្ចទាំងប៉ុន្មានដែលពួកគេព្រមទទួលយក ហើយពួកគេក៏ត្រូវមានគុណសម្បត្តិទាំងនេះពេលអ្នកឯទៀតរិះគន់ឬសរសើរពួកគេ។ ពួកគេត្រូវស្ដាប់បង្គាប់និងមានចិត្តក្លាហាន ជាពិសេសកាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកនេះកាន់តែជិតមកដល់។ ម្យ៉ាងទៀត ពួកគេត្រូវមានទំនុកចិត្តថាមិនថាពួកគេជួបឧបសគ្គណាក្ដី ព្រះអាចពង្រឹងកម្លាំងពួកគេ។ យើងពិតជាឲ្យតម្លៃចំពោះគង្វាលដែលខំប្រឹងយ៉ាងខ្លាំងបែបនេះ ហើយក៏«រក្សាការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ»ដែរ។—ភី. ២:២៩
ចម្រៀងលេខ១២០ ចូរមានចិត្តស្លូតបូតដូចគ្រិស្ត
a គេឌានបានត្រូវតែងតាំងដោយព្រះយេហូវ៉ាឲ្យនាំមុខនិងការពាររាស្ត្ររបស់លោកក្នុងអំឡុងគ្រាដ៏ពិបាកណាស់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិអ៊ីស្រាអែល។ គេឌានបានបំពេញភារកិច្ចនោះយ៉ាងស្មោះត្រង់អស់រយៈពេលប្រហែលជា៤០ឆ្នាំ។ ប៉ុន្តែ គាត់បានជួបការពិបាកជាច្រើន។ យើងនឹងពិចារណាអំពីរបៀបដែលគំរូរបស់គាត់អាចជួយពួកអ្នកចាស់ទុំនៅសព្វថ្ងៃនេះពេលពួកគេជួបបញ្ហា។
b ចិត្តសុភាពនិងចិត្តរាបទាបគឺស្រដៀងគ្នាណាស់។ យើងបង្ហាញថាយើងមានចិត្តសុភាពដោយមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯងនិងកម្រិតសមត្ថភាពរបស់ខ្លួន។ យើងបង្ហាញថាយើងមានចិត្តរាបទាបដោយគោរពអ្នកឯទៀតនិងចាត់ទុកពួកគេថាសំខាន់ជាងយើង។ (ភី. ២:៣) តាមធម្មតា បុគ្គលដែលមានចិត្តសុភាពក៏មានចិត្តរាបទាបដែរ។
c សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលមានបម្រាម»ក្នុងទស្សនាវដ្ដីប៉មយាម ខែកក្កដា ឆ្នាំ២០១៩ ទំ.១០-១១ វ.១០-១៣។