លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២៣

ចម្រៀង​លេខ​២៨ ការ​ចង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

ការ​អញ្ជើញ​ដ៏​ខ្ពង់​ខ្ពស់​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ជា​ភ្ញៀវ​របស់​លោក

ការ​អញ្ជើញ​ដ៏​ខ្ពង់​ខ្ពស់​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ជា​ភ្ញៀវ​របស់​លោក

«​ត្រសាល​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ​»។អេគ. ៣៧:២៧

ចំណុច​ផ្ដោត

ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​ក្នុង​ន័យ​ធៀប​របស់​ព្រះ​យេហូវ៉ា និង​របៀប​ដែល​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ក្នុង​នាម​ជា​អ្នក​ទទួល​ភ្ញៀវ។

១​-​២. តើ​ព្រះ​យេហូវ៉ា​អញ្ជើញ​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​របស់​លោក​ឲ្យ​ធ្វើ​អ្វី?

 ចំពោះ​អ្នក តើ​អ្នក​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​អ្វី? អ្នក​ប្រហែល​ជា​ឆ្លើយ​ថា ‹ព្រះ​យេហូវ៉ា​ជា​បិតា ជា​ព្រះ និង​ជា​មិត្ត​របស់​ខ្ញុំ›។ អ្នក​ប្រហែល​ជា​អាច​គិត​អំពី​របៀប​ផ្សេង​ទៀត​ដើម្បី​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ តើ​អ្នក​ក៏​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​អ្នក​ទទួល​ភ្ញៀវ​ឬ​ទេ?

ស្ដេច​ដាវីឌ​បាន​ប្រដូច​មិត្តភាព​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​របស់​លោក ទៅ​នឹង​ទំនាក់​ទំនង​រវាង​អ្នក​ទទួល​ភ្ញៀវ​និង​ភ្ញៀវ​របស់​គាត់។ ដាវីឌ​បាន​សួរ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា តើ​អ្នក​ណា​អាច​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក? តើ​អ្នក​ណា​អាច​អាស្រ័យ​នៅ​ភ្នំ​បរិសុទ្ធ​របស់​លោក?​»។ (​ចសព. ១៥:១​) តាម​រយៈ​ពាក្យ​នេះ​ដែល​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ យើង​រៀន​ថា​យើង​អាច​ក្លាយ​ជា​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​ជា​មិត្ត​របស់​លោក។ នេះ​ជា​ការ​អញ្ជើញ​ដ៏​ខ្ពង់​ខ្ពស់​ពី​ព្រះ​យេហូវ៉ា​មែន!

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​ជា​ភ្ញៀវ​របស់​លោក

៣. តើ​អ្នក​ណា​ជា​ភ្ញៀវ​ដំបូង​របស់​ព្រះ​យេហូវ៉ា ហើយ​តើ​ព្រះ​យេហូវ៉ា​និង​ភ្ញៀវ​របស់​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​គ្នា?

មុន​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​បង្កើត​អ្វី​ៗ​ទាំង​អស់ គឺ​លោក​នៅ​តែ​ឯង។ ប៉ុន្តែ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្កើត​បុត្រ​ច្បង​របស់​លោក។ ព្រះ​យេហូវ៉ា​ហាក់​ដូច​ជា​អញ្ជើញ​ភ្ញៀវ​ដំបូង​នេះ​ឲ្យ​ចូល​ក្នុង​ត្រសាល​លោក ហើយ​លោក​សប្បាយ​ចិត្ត​ធ្វើ​ដូច្នេះ។ គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​«​រីករាយ​ក្រៃ​លែង​»​ចំពោះ​បុត្រ​លោក។ ភ្ញៀវ​ដំបូង​នោះ​ក៏​«​ត្រេក​អរ​ខ្លាំង​ណាស់​»​នៅ​«​គ្រប់​ពេល​វេលា​ដែល​[​លោក​]​បាន​នៅ​ជា​មួយ​នឹង​[​ព្រះ​យេហូវ៉ា​]​»។—សុភ. ៨:៣០

៤. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ពង្រីក​ត្រសាល​របស់​លោក​បន្តិច​ម្ដង​ៗ​?

ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្កើត​បុគ្គល​វិញ្ញាណ​ឯ​ទៀត ហើយ​ពួក​គេ​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ភ្ញៀវ​របស់​លោក​ដែរ។ គម្ពីរ​បាន​ហៅ​ទេវតា​របស់​លោក​ថា​ជា​«​កូន​ព្រះ​»​ ហើយ​បង្ហាញ​ថា​ពួក​គេ​ត្រេក​អរ​នៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​យ៉ូប ៣៨:៧; ដាន. ៧:១០​) អស់​ជា​ច្រើន​ឆ្នាំ ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​មាន​តែ​ពួក​អ្នក​ដែល​រស់​នៅ​ជា​មួយ​លោក​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយ​មក​លោក​បាន​បង្កើត​មនុស្ស ហើយ​ពួក​គេ​ក៏​អាច​ទៅ​ជា​ភ្ញៀវ​របស់​លោក​ដែរ។ ពួក​អ្នក​ដែល​នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទាំង​នោះ​មាន​ដូច​ជា​អេណុក ណូអេ អាប្រាហាំ និង​យ៉ូប។ បុគ្គល​ទាំង​នោះ​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រាប់​ជា​មិត្ត​របស់​ព្រះ ឬ​ជា​បុគ្គល​ដែល​ដើរ​«​ជា​មួយ​នឹង​ព្រះ​ពិត​»។—ដក. ៥:២៤; ៦:៩; យ៉ូប ២៩:៤; អេ. ៤១:៨

៥. តើ​យើង​អាច​រៀន​អ្វី​ពី​ទំនាយ​នៅ​អេសេគាល ៣៧:២៦, ២៧?

អស់​រាប់​រយ​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​បន្ដ​អញ្ជើញ​មិត្ត​របស់​លោក​ឲ្យ​ធ្វើ​ជា​ភ្ញៀវ​លោក។ (​សូម​អាន អេសេគាល ៣៧:២៦, ២៧) ជា​ឧទាហរណ៍ តាម​រយៈ​ទំនាយ​របស់​អេសេគាល យើង​រៀន​ថា​ព្រះ​ចង់​ឲ្យ​អ្នក​បម្រើ​ដ៏​ស្មោះ​ភក្ដី​របស់​លោក​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក។ លោក​សន្យា​ថា​លោក​នឹង​ធ្វើ​«​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​នឹង​ពួក​គេ​»។ ទំនាយ​នោះ​សំដៅ​ទៅ​លើ​គ្រា​ដែល​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​និង​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី នឹង​រួប​រួម​គ្នា​នៅ​ក្នុង​ត្រសាល​របស់​លោក​ជា​«​ហ្វូង​តែ​មួយ​»។ (​យ៉ូន. ១០:១៦​) នេះ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ!

ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​មិន​ថា​យើង​នៅ​ទី​ណា

៦. តើ​បុគ្គល​ណា​ម្នាក់​ក្លាយ​ទៅ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ហើយ​តើ​ត្រសាល​របស់​លោក​នៅ​ឯ​ណា?

នៅ​សម័យ​គម្ពីរ ត្រសាល​របស់​បុគ្គល​ម្នាក់​គឺ​ជា​កន្លែង​ដែល​អាច​សម្រាក​និង​ការ​ពារ​ខ្លួន​ពី​អាកាសធាតុ។ ភ្ញៀវ​នៅ​ក្នុង​ត្រសាល​នោះ​អាច​រំពឹង​ថា​គាត់​នឹង​ទទួល​ការ​មើល​ថែ​យ៉ាង​ល្អ។ ពេល​យើង​ប្រគល់​ជីវិត​របស់​យើង​ជូន​ព្រះ​យេហូវ៉ា យើង​ក្លាយ​ជា​ភ្ញៀវ​របស់​ព្រះ​នៅ​ក្នុង​ត្រសាល​ក្នុង​ន័យ​ធៀប​របស់​លោក។ (​ចសព. ៦១:៤​) យើង​សប្បាយ​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ជា​បរិបូរ ហើយ​មាន​មិត្តភាព​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ជា​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​ដែរ។ ត្រសាល​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប មិន​មែន​មាន​តែ​នៅ​ទី​តាំង​ណា​មួយ​ទេ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា​មួយ ហើយ​ចូល​រួម​មហា​សន្និបាត​ពិសេស។ នៅ​ទី​នោះ អ្នក​បាន​ជួប​បុគ្គល​ឯ​ទៀត ដែល​សប្បាយ​ចិត្ត​នៅ​ក្នុង​ត្រសាល​របស់​ព្រះ។ ត្រសាល​របស់​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​មាន​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក។—បប. ២១:៣

៧. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​បុគ្គល​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់​នៅ​តែ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ចុះ​យ៉ាង​ណា​បុគ្គល​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់? តើ​សម​ហេតុ​ផល​ឬ​ទេ​ឲ្យ​យើង​សន្និដ្ឋាន​ថា​ពួក​គេ​នៅ​តែ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា? គឺ​សម​ហេតុ​សម​ផល​មែន! ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ដោយ​សារ​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​យេហូវ៉ា បុគ្គល​ទាំង​នេះ​កំពុង​រស់​នៅ។ លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ‹ការ​ពិត​ក្នុង​កំណត់​ហេតុ​អំពី​គុម្ព​បន្លា ម៉ូសេ​ក៏​បាន​បញ្ជាក់​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ ពេល​គាត់​ហៅ​ព្រះ​យេហូវ៉ា​ថា​«​ព្រះ​របស់​អាប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប​»។ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ ព្រោះ​លោក​ចាត់​ទុក​ថា​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ›។—លូក. ២០:៣៧, ៣៨

សូម្បី​តែ​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់​ហើយ ក៏​នៅ​តែ​អាច​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ ​(​សូម​មើល​វគ្គ​៧​)​


យើង​ទទួល​ប្រយោជន៍ តែ​ក៏​ទទួល​ភារកិច្ច

៨. តើ​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​នៅ​ក្នុង​ត្រសាល​របស់​លោក?

ដូច​ត្រសាល​ជា​កន្លែង​ដែល​មនុស្ស​អាច​សម្រាក​និង​ជា​ទី​ជ្រក​ពី​អាកាសធាតុ ត្រសាល​របស់​ព្រះ​យេហូវ៉ា​ការ​ពារ​ភ្ញៀវ​របស់​លោក​ពី​អ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​លោក ហើយ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​សម្រាប់​ថ្ងៃ​អនាគត។ ពេល​យើង​បន្ដ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា សាថាន​មិន​អាច​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​រង​ទុក្ខ​រហូត​ទេ។ (​ចសព. ៣១:២៣; ១យ៉ូន. ៣:៨​) នៅ​ក្នុង​ពិភព​លោក​ថ្មី ព្រះ​យេហូវ៉ា​នឹង​បន្ដ​ការ​ពារ​មិត្ត​ដ៏​ស្មោះ​ត្រង់​របស់​លោក មិន​គ្រាន់​តែ​ពី​អ្វី​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​លោក​ប៉ុណ្ណោះ​ទេ តែ​ក៏​ការ​ពារ​ពួក​គេ​ពី​សេចក្ដី​ស្លាប់​ដែរ។—បប. ២១:៤

៩. តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ភ្ញៀវ​របស់​លោក​ប្រព្រឹត្ត​យ៉ាង​ណា?

ពិត​ជា​កិត្តិយស​ណាស់​ក្នុង​ការ​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ដែល​អាច​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​ជា​មួយ​លោក។ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​បើ​យើង​ចង់​បន្ដ​ធ្វើ​ជា​ភ្ញៀវ​របស់​លោក? បើ​អ្នក​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ផ្ទះ​អ្នក​ណា​ម្នាក់ អ្នក​នឹង​ចង់​ផ្គាប់​ចិត្ត​គាត់។ ជា​ឧទាហរណ៍ គាត់​ប្រហែល​ជា​តម្រូវ​ឲ្យ​អ្នក​ដោះ​ស្បែក​ជើង​មុន​ចូល​ផ្ទះ ហើយ​អ្នក​នឹង​សុខ​ចិត្ត​ធ្វើ​ដូច្នេះ។ ស្រដៀង​គ្នា​ដែរ យើង​ច្បាស់​ជា​ចង់​ដឹង​ថា​តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​ពួក​អ្នក​ដែល​ចង់​បន្ដ​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​អាច​ធ្វើ​បាន​«​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ទាំង​ស្រុង​»។ (​កូឡ. ១:១០​) ម្យ៉ាង​ទៀត ទោះ​ជា​យើង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​មិត្ត​សម្លាញ់​របស់​យើង​ក្ដី យើង​ទទួល​ស្គាល់​ថា​លោក​ក៏​ជា​ព្រះ​និង​ជា​បិតា​របស់​យើង​ដែល​សម​នឹង​ទទួល​ការ​គោរព​ពី​យើង។ (​ចសព. ២៥:១៤​) យើង​គួរ​ចង​ចាំ​ចំណុច​នេះ ហើយ​ត្រូវ​គោរព​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ​ជា​និច្ច។ ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​នេះ​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ណា​ដែល​ធ្វើ​ឲ្យ​លោក​ទាស់​ចិត្ត។ យើង​ប្រាកដ​ជា​ចង់​‹ដើរ​ជា​មួយ​ព្រះ​ដោយ​ចិត្ត​សុភាព›។—មីកា ៦:៨

ព្រះ​យេហូវ៉ា​មិន​រើស​មុខ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ

១០​-​១១. តើ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ​បង្ហាញ​យ៉ាង​ណា​ថា​លោក​មិន​រើស​មុខ?

១០ ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ភ្ញៀវ​របស់​លោក​ដោយ​មិន​រើស​មុខ។ (​រ៉ូម ២:១១​) យើង​អាច​រៀន​ចំណុច​នេះ​ពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ។

១១ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​រាស្ត្រ​របស់​លោក​ពី​ភាព​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប លោក​បាន​តែង​តាំង​ពួក​សង្ឃ​ឲ្យ​បម្រើ​នៅ​ត្រសាល។ លោក​បាន​ផ្ដល់​ភារកិច្ច​ឲ្យ​ពួក​លេវី​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត​នៅ​ឯ​ត្រសាល។ តើ​ពួក​អ្នក​ដែល​បម្រើ​នៅ​ត្រសាល ឬ​ពួក​អ្នក​ដែល​បោះ​ជំរំ​នៅ​ជិត​ត្រសាល​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​អ្នក​ឯ​ទៀត​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ? មិន​មែន​ទេ! ព្រះ​យេហូវ៉ា​មិន​រើស​មុខ​ឡើយ។

១២. តើ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ បង្ហាញ​យ៉ាង​ណា​ថា​លោក​មិន​រើស​មុខ? (​ដំណើរ​ចាក​ចេញ ៤០:៣៨​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​រូប​នៅ​ក្នុង​ជំរំ មាន​ឱកាស​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា​មិន​ថា​ពួក​គេ​មាន​ភារកិច្ច​ពិសេស​ឬ​មិន​មាន ឬ​ថា​រស់​នៅ​ឆ្ងាយ​ឬ​ជិត​ពី​ត្រសាល​ក្ដី។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រជា​ជាតិ​ទាំង​មូល​អាច​ឃើញ​អព្ភូតហេតុ​ដែល​ជា​បង្គោល​ពពក​និង​បង្គោល​ភ្លើង​នៅ​ពី​លើ​ត្រសាល។ (​សូម​អាន ដំណើរ​ចាក​ចេញ ៤០:៣៨) ពេល​ពពក​ចាប់​ផ្ដើម​ប្ដូរ​ទិស​ដៅ​ថ្មី នោះ​សូម្បី​តែ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ​ជាង​គេ​ពី​ត្រសាល​ក៏​អាច​មើល​ឃើញ ហើយ​រៀប​ចំ​អីវ៉ាន់ រើ​ត្រសាល​របស់​ខ្លួន និង​ចេញ​ទៅ​ទាន់​បណ្ដា​ជន​ឯ​ទៀត។ (​ជប. ៩:១៥​-​២៣​) ពួក​គេ​ទាំង​អស់​អាច​ឮ​សំឡេង​ខ្លាំង​ៗ​របស់​ត្រែ​ប្រាក់​ពីរ​ដែល​ផ្ដល់​សញ្ញា​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​ចេញ​ដំណើរ។ (​ជប. ១០:២​) ដូច្នេះ ការ​រស់​នៅ​ជិត​ត្រសាល​មិន​បង្ហាញ​ថា បុគ្គល​ណា​ម្នាក់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ជាង​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ត្រសាល​ទេ។ ផ្ទុយ​ទៅ​វិញ ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​រូប​អាច​ធ្វើ​ជា​ភ្ញៀវ​របស់​លោក ហើយ​អាច​ប្រាកដ​ថា​នឹង​ទទួល​ការ​ណែនាំ​និង​ការ​ការ​ពារ​ពី​លោក។ ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​នៅ​លើ​ផែន​ដី យើង​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ស្រឡាញ់ ការ​មើល​ថែ និង​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា។

ការ​ដែល​ត្រសាល​នៅ​កណ្ដាល​ជំរំ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មិន​រើស​មុខ ​(​សូម​មើល​វគ្គ​១២​)​


ព្រះ​យេហូវ៉ា​មិន​រើស​មុខ​នៅ​សព្វ​ថ្ងៃ​នេះ

១៣. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​មិន​រើស​មុខ​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា?

១៣ អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ រស់​នៅ​ជិត​មន្ទីរ​ចាត់​ការ​ពិភព​លោក ឬ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា។ អ្នក​ខ្លះ​ទៀត​បម្រើ​នៅ​អគារ​ទាំង​នោះ​តែ​ម្ដង។ ដោយ​ហេតុ​នេះ បុគ្គល​ទាំង​នេះ​អាច​រួម​ចំណែក​ក្នុង​កិច្ច​ការ​ជា​ច្រើន​ដែល​ធ្វើ​ឡើង​នៅ​ទី​តាំង​ទាំង​នោះ ហើយ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​ពួក​អ្នក​ដែល​នាំ​មុខ។ អ្នក​ខ្លះ​បម្រើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ឬ​បំពេញ​កិច្ច​បម្រើ​ពេញ​ពេល​ពិសេស​ផ្សេង​ទៀត។ បើ​អ្នក​នៅ​ក្នុង​ចំណោម​បង​ប្អូន​ភាគ​ច្រើន​ដែល​មិន​ស្ថិត​ក្នុង​ស្ថានភាព​ទាំង​នេះ​នៅ​សព្វ​ថ្ងៃ អ្នក​អាច​ជឿ​ជាក់​ថា​អ្នក​នៅ​តែ​ជា​ភ្ញៀវ​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​លោក​ស្រឡាញ់​អ្នក។ លោក​ស្គាល់​អ្នក​យ៉ាង​ច្បាស់ ហើយ​លោក​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ។ (​១ពេ. ៥:៧​) ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​អ្នក​បម្រើ​ម្នាក់​ៗ​របស់​លោក ហើយ​លោក​ណែនាំ​និង​ការ​ពារ​ពួក​គេ។

១៤. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​មិន​រើស​មុខ​តាម​របៀប​ណា​ទៀត?

១៤ របៀប​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​មិន​រើស​មុខ គឺ​ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្ស​ទាំង​អស់​នៅ​ទូ​ទាំង​ពិភព​លោក​អាច​អាន​គម្ពីរ​បាន។ បទ​គម្ពីរ​បរិសុទ្ធ​បាន​ត្រូវ​សរសេរ​លើក​ដំបូង​ជា​បី​ភាសា​គឺ​៖ ភាសា​ហេប្រឺ ភាសា​អេរ៉ាម និង​ភាសា​ក្រិច។ តើ​ពួក​អ្នក​ដែល​អាច​អាន​បទ​គម្ពីរ​ជា​ភាសា​ដើម​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជាង​ពួក​អ្នក​ដែល​មិន​ចេះ​ភាសា​ទាំង​នោះ​ឬ? មិន​មែន​ទេ។—ម៉ាថ. ១១:២៥

១៥. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មិន​រើស​មុខ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​មិន​អាស្រ័យ​ទៅ​លើ​ការ​អប់រំ ឬ​ការ​ចេះ​ភាសា​ទេ។ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ទូ​ទាំង​ពិភព​លោក​អាច​ទទួល​ប្រាជ្ញា​ពី​លោក មិន​គ្រាន់​តែ​អ្នក​ដែល​មាន​ការ​អប់រំ​ខ្ពស់​ប៉ុណ្ណោះ​ទេ។ គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​បាន​ត្រូវ​បក​ប្រែ​រាប់​ពាន់​ភាសា ដូច្នេះ​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ ហើយ​រៀន​អំពី​របៀប​ដែល​ពួក​គេ​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។—២ធី. ៣:១៦, ១៧

តើ​ការ​ដែល​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ច្រើន​ភាសា​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​មិន​រើស​មុខ? ​(​សូម​មើល​វគ្គ​១៥​)​


ចូរ​បន្ដ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​«​ពេញ​ចិត្ត​»​

១៦. យោង​ទៅ​តាម​សកម្មភាព ១០:៣៤, ៣៥ តើ​តាម​របៀប​ណា​យើង​អាច​បន្ដ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

១៦ គឺ​ជា​ឯកសិទ្ធិ​ណាស់​ដែល​ព្រះ​យេហូវ៉ា​ទទួល​ស្វាគមន៍​យើង​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក។ លោក​ជា​បុគ្គល​ដែល​សប្បុរស​ជាង​គេ និង​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​គេ ហើយ​ជា​អ្នក​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ជាង​គេ។ បន្ថែម​ទៅ​ទៀត លោក​មិន​រើស​មុខ​ឡើយ។ លោក​ស្វាគមន៍​យើង ទោះ​ជា​យើង​រស់​នៅ​ទី​ណា មាន​ប្រវត្តិ ការ​អប់រំ ពូជ​សាសន៍ កុលសម្ព័ន្ធ អាយុ ឬ​ភេទ​ណា​ក៏​ដោយ។ ក៏​ប៉ុន្តែ មាន​តែ​ពួក​អ្នក​ដែល​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​ប៉ុណ្ណោះ​អាច​ធ្វើ​ជា​ភ្ញៀវ​របស់​លោក។—សូម​អាន សកម្មភាព ១០:៣៤, ៣៥

១៧. តើ​យើង​នឹង​រក​ព័ត៌មាន​បន្ថែម​អំពី​ការ​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា?

១៧ ដូច​បាន​ត្រូវ​កត់​ទុក​នៅ​ចម្រៀង​សរសើរ​ព្រះ ១៥:១ ដាវីឌ​បាន​លើក​សំណួរ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា តើ​អ្នក​ណា​អាច​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក? តើ​អ្នក​ណា​អាច​អាស្រ័យ​នៅ​ភ្នំ​បរិសុទ្ធ​របស់​លោក?​»។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​ឆ្លើយ​សំណួរ​ទាំង​នេះ​ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អ្វី​មួយ​ចំនួន​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

ចម្រៀង​លេខ​៣២ ចូរ​មក​ខាង​ព្រះ​យេហូវ៉ា!