អត្ថបទសិក្សា ២៤
ចម្រៀងលេខ២៤ ចូរឡើងទៅភ្នំរបស់ព្រះយេហូវ៉ា
ចូរធ្វើជាភ្ញៀវរបស់ព្រះយេហូវ៉ាជារៀងរហូត!
«ឱព្រះយេហូវ៉ា តើអ្នកណាអាចជាភ្ញៀវក្នុងត្រសាលរបស់លោក?»។—ចសព. ១៥:១
ចំណុចផ្ដោត
ស្វែងយល់អំពីអ្វីដែលយើងត្រូវធ្វើដើម្បីរក្សាខ្លួនជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា ហើយមើលឡើងវិញអំពីរបៀបដែលលោកតម្រូវឲ្យយើងប្រព្រឹត្តចំពោះមិត្តរបស់លោក។
១. ហេតុអ្វីយើងអាចទទួលប្រយោជន៍ពីការពិចារណាចម្រៀងសរសើរព្រះ ១៥:១-៥?
នៅក្នុងអត្ថបទមុន យើងបានរៀនថាអ្នកបម្រើដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា អាចទៅជាភ្ញៀវក្នុងត្រសាលក្នុងន័យធៀបរបស់លោក ដោយបណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធដោយផ្ទាល់ជាមួយលោក។ ប៉ុន្តែ តើយើងអាចធ្វើអ្វីដើម្បីទៅជាភ្ញៀវរបស់លោក? ចម្រៀងសរសើរព្រះ ១៥រៀបរាប់អំពីរឿងនេះ។ (សូមអាន ចម្រៀងសរសើរព្រះ ១៥:១-៥) ចម្រៀងសរសើរព្រះនេះ ផ្ដល់មេរៀនដ៏មានប្រយោជន៍ដែលអាចជួយយើងឲ្យចូលកាន់តែជិតព្រះ។
២. តើអ្វីប្រហែលជាបានជំរុញចិត្តដាវីឌឲ្យលើកឡើងអំពីត្រសាលរបស់ព្រះយេហូវ៉ា?
២ ចម្រៀងសរសើរព្រះ ១៥ផ្ដើមដោយពាក្យថា៖ «ឱព្រះយេហូវ៉ា តើអ្នកណាអាចជាភ្ញៀវក្នុងត្រសាលរបស់លោក? តើអ្នកណាអាចអាស្រ័យនៅភ្នំបរិសុទ្ធរបស់លោក?»។ (ចសព. ១៥:១) ពេលដែលលើកឡើងអំពី«ត្រសាល»របស់ព្រះយេហូវ៉ា ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះ ប្រហែលជាបានគិតអំពីត្រសាលដែលនៅក្រុងគីបៀនអស់មួយរយៈពេល។ ដាវីឌក៏បានលើកឡើងអំពី«ភ្នំបរិសុទ្ធ»របស់ព្រះ ដែលប្រហែលជាសំដៅទៅលើភ្នំស៊ីយ៉ូននាក្រុងយេរូសាឡិម។ ក្រុងយេរូសាឡិមមានចម្ងាយជិត១០គីឡូម៉ែត្រខាងត្បូងពីក្រុងគីបៀន។ នៅក្រុងយេរូសាឡិមដាវីឌបានដំឡើងត្រសាលមួយ ហើយបានដាក់ហឹបនៃកិច្ចព្រមព្រៀងក្នុងនោះរហូតដល់វិហារបានត្រូវសង់រួច។—២សាំ. ៦:១៧
៣. ហេតុអ្វីយើងគួរចាប់អារម្មណ៍ចម្រៀងសរសើរព្រះ ១៥? (សូមមើលរូបភាពផងដែរ)
៣ ពិតមែនថាជនជាតិអ៊ីស្រាអែលភាគច្រើន មិនបានត្រូវអនុញ្ញាតឲ្យបម្រើនៅឯត្រសាល ហើយមានតែតិចតួចប៉ុណ្ណោះដែលអាចចូលទៅក្នុងត្រសាលដែលជាកន្លែងទុកហឹបនៃកិច្ចព្រមព្រៀង។ ប៉ុន្តែ អ្នកបម្រើដ៏ស្មោះត្រង់ទាំងអស់របស់ព្រះយេហូវ៉ាអាចទៅជាភ្ញៀវក្នុងត្រសាលក្នុងន័យធៀបរបស់លោក ដោយទៅជាមិត្តរបស់លោក ហើយបន្តធ្វើជាមិត្តរបស់លោក។ នេះជាអ្វីដែលយើងទាំងអស់ គ្នាចង់ធ្វើ។ ចម្រៀងសរសើរព្រះ ១៥ រៀបរាប់អំពីគុណសម្បត្តិខ្លះៗដែលយើងត្រូវបណ្ដុះឲ្យមាន ហើយត្រូវបង្ហាញដើម្បីបន្តធ្វើជាមិត្តរបស់ព្រះយេហូវ៉ា។
ចូរដើរដោយទៀងត្រង់និងតែងតែធ្វើអ្វីដែលត្រឹមត្រូវ
៤. ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើលើសពីការទទួលការជ្រមុជទឹក? (អេសាយ ៤៨:១)
៤ នៅចម្រៀងសរសើរព្រះ ១៥:២ បុគ្គលដែលជាមិត្តរបស់ព្រះបានត្រូវរៀបរាប់ថាជា«អ្នកដែលដើរដោយទៀងត្រង់។ គាត់តែងតែធ្វើអ្វីដែលត្រឹមត្រូវ»។ ពាក្យ«ដើរ»និង«តែងតែធ្វើ»បង្ហាញអំពីសកម្មភាពដែលបន្តធ្វើជានិច្ច ហើយកាន់តែប្រសើរឡើងៗ។ ប៉ុន្តែ តើយើងពិតជាអាច«ដើរដោយទៀងត្រង់»ឬទេ? ពិតជាអាច។ ទោះជាគ្មានមនុស្សណាម្នាក់ល្អឥតខ្ចោះក្ដី ព្រះយេហូវ៉ានឹងចាត់ទុកយើងថាជាបុគ្គលដែល«ដើរដោយទៀងត្រង់» បើយើងខំអស់ពីសមត្ថភាពដើម្បីស្ដាប់បង្គាប់លោក។ ការប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក គ្រាន់តែជាទីចាប់ផ្ដើមនៃការដើរជាមួយព្រះ។ សូមកត់សម្គាល់ថានៅសម័យគម្ពីរ ទោះជាបុគ្គលម្នាក់ជាជនជាតិអ៊ីស្រាអែលក្ដី នោះមិនមែនមានន័យថាគាត់ទៅជាភ្ញៀវរបស់ព្រះដោយស្វ័យប្រវត្តិទេ។ អ្នកខ្លះបានហៅរកលោក តែមិនមែន«ដោយស្មោះ និងដោយសុចរិតទេ»។ (សូមអាន អេសាយ ៤៨:១) ជនជាតិអ៊ីស្រាអែលដែលមានចិត្តស្មោះ ត្រូវរៀនអំពីតម្រូវការរបស់ព្រះយេហូវ៉ា ហើយធ្វើតាមតម្រូវការទាំងនោះ។ ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា យើងត្រូវធ្វើលើសពីការទទួលការជ្រមុជទឹកនិងហៅថាជាសាក្សីព្រះយេហូវ៉ា។ យើងតែងតែត្រូវ«ធ្វើអ្វីដែលត្រឹមត្រូវ»។ តើយើងអាចធ្វើដូច្នោះយ៉ាងដូចម្ដេច?
៥. តើការស្ដាប់បង្គាប់ព្រះយេហូវ៉ាក្នុងគ្រប់ការទាំងអស់រួមបញ្ចូលអ្វីខ្លះ?
៥ ចំពោះព្រះយេហូវ៉ា ការ«ដើរដោយទៀងត្រង់»និង«តែងតែធ្វើអ្វីដែលត្រឹមត្រូវ»មានអត្ថន័យលើសពីការគ្រាន់តែចូលរួមកិច្ចប្រជុំជាទៀងទាត់នៅសាលប្រជុំ។ (១សាំ. ១៥:២២) យើងត្រូវខំអស់ពីសមត្ថភាពដើម្បីស្ដាប់បង្គាប់ព្រះក្នុងគ្រប់ការទាំងអស់ ទោះជាពេលយើងនៅម្នាក់ឯងក៏ដោយ។ (សុភ. ៣:៦; អទ. ១២:១៣, ១៤) គឺជាការសំខាន់ដែលយើងព្យាយាមស្ដាប់បង្គាប់ព្រះយេហូវ៉ា សូម្បីតែក្នុងរឿងដែលមើលទៅតូចតាច។ ការធ្វើដូច្នេះបង្ហាញថាយើងពិតជាស្រឡាញ់លោក ហើយនេះនឹងធ្វើឲ្យលោកស្រឡាញ់យើងកាន់តែខ្លាំង។—យ៉ូន. ១៤:២៣; ១យ៉ូន. ៥:៣
៦. យោងទៅតាមហេប្រឺ ៦:១០-១២ តើអ្វីគឺសំខាន់ជាងអ្វីដែលយើងបានធ្វើនៅអតីតកាល?
៦ ព្រះយេហូវ៉ាឲ្យតម្លៃយ៉ាងខ្លាំងចំពោះអ្វីដែលយើងបានធ្វើសម្រាប់លោកនៅអតីតកាល។ ប៉ុន្តែ ការប្រព្រឹត្តល្អពីមុនរបស់យើងមិនតែងតែមានន័យថាយើងនឹងបន្តធ្វើជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ាទេ។ នេះសឲ្យឃើញនៅហេប្រឺ ៦:១០-១២។ (សូមអាន) ព្រះយេហូវ៉ាមិនភ្លេចអ្វីល្អដែលយើងបានធ្វើនៅអតីតកាលទេ តែលោកចង់ឲ្យយើងបន្តគោរពប្រណិប័តន៍លោកដោយស្មោះអស់ពីចិត្ត«រហូតដល់ទីបញ្ចប់»។ លោកនឹងឲ្យរង្វាន់យើង គឺថាលោកនឹងធ្វើជាមិត្តរបស់យើងជារៀងរហូត «បើយើងមិនរសាយចិត្ត»។—កាឡ. ៦:៩
ចូរនិយាយពាក្យពិតនៅក្នុងចិត្ត
៧. តើការនិយាយពាក្យពិតនៅក្នុងចិត្តរួមបញ្ចូលអ្វីខ្លះ?
៧ បុគ្គលដែលចង់ធ្វើជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ាត្រូវតែ‹និយាយពាក្យពិតនៅក្នុងចិត្តគាត់›។ (ចសព. ១៥:២) នេះមានន័យលើសពីការមិនកុហក។ ព្រះយេហូវ៉ាចង់ឲ្យយើងស្មោះត្រង់ទាំងពាក្យសម្ដីទាំងការប្រព្រឹត្តទាំងអស់។ (ហេ. ១៣:១៨) នេះគឺជាអ្វីដែលសំខាន់ «ព្រោះព្រះយេហូវ៉ាស្អប់ខ្ពើមជនដែលមានល្បិចកល តែលោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់»។—សុភ. ៣:៣២
៨. តើយើងត្រូវជៀសវាងពីការប្រព្រឹត្តអ្វី?
៨ ពួកអ្នកដែល‹នៅក្នុងចិត្តតែងតែនិយាយពាក្យពិត› មិនធ្វើពុតជាស្ដាប់បង្គាប់ព្រះពេលអ្នកឯទៀតនៅក្បែរពួកគេ ហើយក្រោយមកធ្វើអាក្រក់ពេលនៅម្នាក់ឯងទេ។ (អេ. ២៩:១៣) ពួកគេជៀសវាងប្រព្រឹត្តដោយល្បិចកល។ បុគ្គលដែលមានល្បិចកលប្រហែលជាចាប់ផ្ដើមសង្ស័យថាច្បាប់របស់ព្រះយេហូវ៉ាមិនតែងតែល្អបំផុតទេ។ (យ៉ា. ១:៥-៨) គាត់ប្រហែលជាមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាក្នុងរឿងដែលគាត់គិតថាមិនសូវសំខាន់។ ក្រោយមក ពេលដែលគាត់ឃើញថាមិនមានរឿងអាក្រក់កើតឡើងទោះជាគាត់មិនស្ដាប់បង្គាប់ព្រះក្ដី នោះគាត់ប្រហែលជាចាប់ផ្ដើមធ្វើអាក្រក់ជាងនោះទៅទៀត។ គាត់គិតថាគាត់កំពុងបម្រើព្រះយេហូវ៉ា តែលោកនឹងមិនទទួលការគោរពប្រណិប័តន៍របស់គាត់ទេ។ (អទ. ៨:១១) យើងចង់ប្រព្រឹត្តដោយទៀងត្រង់ក្នុងគ្រប់ការទាំងអស់។
៩. តើអ្វីកើតឡើងពេលលោកយេស៊ូជួបណាថាណែលជាលើកដំបូង ហើយតើយើងទាញមេរៀនអ្វី? (សូមមើលរូបភាពផងដែរ)
៩ យើងអាចរៀនអំពីសារៈសំខាន់នៃការមានចិត្តស្មោះពីលោកយេស៊ូ ពេលដែលលោកជួបណាថាណែលជាលើកដំបូង។ ពេលភីលីពនាំណាថាណែល ដែលជាមិត្តរបស់គាត់មកជួបលោកយេស៊ូ មានអ្វីមួយដែលគួរឲ្យកត់សម្គាល់បានកើតឡើង។ ទោះជាលោកយេស៊ូមិនធ្លាប់ជួបណាថាណែលក៏ដោយ លោកបានមានប្រសាសន៍ថា៖ «មើលហ្ន៎! ជនជាតិអ៊ីស្រាអែលដ៏ពិតម្នាក់ ដែលគ្មានកិច្ចកលអ្វីសោះ»។ (យ៉ូន. ១:៤៧) លោកយេស៊ូច្បាស់ជាចាត់ទុកពួកអ្នកកាន់តាមឯទៀតថាជាមនុស្សទៀងត្រង់។ ប៉ុន្តែ លោកឃើញថាណាថាណែលជាមនុស្សដែលពិតជាមានចិត្តស្មោះ។ ទោះជាណាថាណែលជាមនុស្សមិនល្អឥតខ្ចោះដូចយើងក្ដី គាត់មិនលាក់ពុតទេ តែគាត់ស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ លោកយេស៊ូស្ញប់ស្ញែងនិងសរសើរគាត់អំពីចំណុចនេះ។ យើងទាំងអស់គ្នាច្បាស់ជាចង់ឲ្យលោកយេស៊ូមានអារម្មណ៍ដូចនេះចំពោះយើងដែរ!
១០. ហេតុអ្វីយើងគួរប្រុងប្រយ័ត្នចំពោះអ្វីដែលយើងនិយាយ? (យ៉ាកុប ១:២៦)
១០ តម្រូវការភាគច្រើនដែលរៀបរាប់នៅចម្រៀងសរសើរព្រះ ១៥ ជាប់ទាក់ទងនឹងរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកឯទៀត។ ចម្រៀងសរសើរព្រះ ១៥:៣ចែងថា ភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ា«មិននិយាយបង្កាច់បង្ខូចអ្នកឯទៀត គាត់មិនធ្វើអាក្រក់ចំពោះអ្នកជិតខាង ហើយគាត់មិនបង្ខូចកេរ្តិ៍ឈ្មោះរបស់មិត្តភក្ដិឡើយ»។ បើយើងបង្កាច់បង្ខូចអ្នកឯទៀត នោះអាចធ្វើឲ្យពួកគេឈឺចិត្តជាខ្លាំង ហើយក៏នាំឲ្យយើងលែងអាចធ្វើជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ាទៀត។—សូមអាន យ៉ាកុប ១:២៦
១១. តើការបង្កាច់បង្ខូចជាអ្វី ហើយតើអ្វីកើតឡើងចំពោះបុគ្គលដែលនិយាយបង្កាច់បង្ខូចអ្នកឯទៀត ហើយមិនប្រែចិត្ត?
១១ អ្នកសរសេរចម្រៀងសរសើរព្រះបាននិយាយចំៗអំពីការបង្កាច់បង្ខូច។ តើការបង្កាច់បង្ខូចជាអ្វី? តាមធម្មតា នេះគឺជាការនិយាយមិនពិតដែលអាចនាំឲ្យអ្នកណាម្នាក់ខូចកេរ្តិ៍ឈ្មោះ។ បើនរណាម្នាក់និយាយបង្កាច់បង្ខូចអ្នកឯទៀត ហើយមិនប្រែចិត្ត នោះគាត់លែងអាចធ្វើជាសាក្សីព្រះយេហូវ៉ាទៀត។—យេ. ១៧:១០
១២-១៣. តើស្ថានភាពណាខ្លះអាចនាំឲ្យយើងបង្ខូចកេរ្តិ៍ឈ្មោះរបស់មិត្តភក្តិដោយអចេតនា? (សូមមើលរូបភាពផងដែរ)
១២ ចម្រៀងសរសើរព្រះ ១៥:៣ក៏រំលឹកយើងថា ភ្ញៀវរបស់ ព្រះយេហូវ៉ាមិនធ្វើអាក្រក់ចំពោះអ្នកជិតខាង ហើយមិនបង្ខូចកេរ្តិ៍ឈ្មោះរបស់មិត្តភក្ដិឡើយ។ តើនេះប្រហែលជារួមបញ្ចូលអ្វី?
១៣ យើងប្រហែលជាបង្ខូចកេរ្តិ៍ឈ្មោះរបស់បុគ្គលណាម្នាក់ដោយអចេតនា បើយើងប្រាប់ព័ត៌មានមិនល្អអំពីពួកគេ។ ជាឧទាហរណ៍ (១) បងស្រីម្នាក់ឈប់បម្រើជាអ្នកត្រួសត្រាយ (២) ប្ដីប្រពន្ធមួយគូលែងបម្រើនៅបេតអែល ឬ(៣) បងប្រុសម្នាក់លែងបម្រើជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើទៀត។ តើគឺជាការសមរម្យទេបើយើងសន្និដ្ឋានអំពីមូលហេតុដែលមានការផ្លាស់ប្ដូរទាំងនោះ ហើយប្រាប់អ្នកឯទៀតអំពីទស្សនៈរបស់ខ្លួន? ប្រហែលជាមានមូលហេតុផ្សេងៗដែលយើងមិនដឹងចំពោះការផ្លាស់ប្ដូរទាំងនោះ។ ដូច្នេះក្នុងនាមជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ា យើង‹មិនធ្វើអាក្រក់ចំពោះអ្នកជិតខាង ហើយមិនបង្ខូចកេរ្តិ៍ឈ្មោះរបស់មិត្តភក្ដិឡើយ›។
ចូរលើកកិត្តិយសពួកអ្នកដែលកោតខ្លាចព្រះយេហូវ៉ា
១៤. តើការ«មិនសេពគប់មនុស្សដែលគួរឲ្យស្អប់ខ្ពើម»មានន័យយ៉ាងណា?
១៤ ចម្រៀងសរសើរព្រះ ១៥:៤ចែងថា មិត្តរបស់ព្រះយេហូវ៉ា«មិនសេពគប់មនុស្សដែលគួរឲ្យស្អប់ខ្ពើមទេ»។ តើយើងអាចដឹងយ៉ាងណាថាបុគ្គលណាជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម? ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងគ្មានសមត្ថភាពសម្រេចចិត្តថាបុគ្គលណាម្នាក់គួរឲ្យស្អប់ខ្ពើមទេ។ ហេតុអ្វី? ពីព្រោះយើងប្រហែលជាចូលចិត្តមនុស្សដែលត្រូវគ្នាជាមួយយើង តែមិនចូលចិត្តអ្នកខ្លះដោយសារពួកគេធ្វើឲ្យយើងទើសចិត្ត។ ប៉ុន្តែ នេះមិនមានន័យថាបុគ្គលនោះជាមនុស្សដែលគួរឲ្យស្អប់ខ្ពើមទេ។ ដូច្នេះ យើងគួរបដិសេធតែពួកអ្នកដែលព្រះយេហូវ៉ានិយាយថា«គួរឲ្យស្អប់ខ្ពើម»។ (១កូ. ៥:១១) នេះរួមបញ្ចូលពួកអ្នកដែលប្រព្រឹត្តអាក្រក់ដោយមិនប្រែចិត្ត បង្អាប់បង្អោនជំនឿរបស់យើង ឬព្យាយាមបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។—សុភ. ១៣:២០
១៥. តើអ្វីជារបៀបមួយដើម្បី«លើកកិត្តិយសអ្នកដែលកោតខ្លាចព្រះយេហូវ៉ា»?
១៥ បន្ទាប់មក ចម្រៀងសរសើរព្រះ ១៥:៤ចែងថា យើងត្រូវ«លើកកិត្តិយសអ្នកដែលកោតខ្លាចព្រះយេហូវ៉ា»។ ដូច្នេះ យើងស្វែងរកវិធីដើម្បីបង្ហាញសេចក្ដីសប្បុរសនិងការគោរពចំពោះមិត្តរបស់ព្រះយេហូវ៉ា។ (រ៉ូម ១២:១០) តើតាមរបៀបណា? របៀបមួយដែលផ្អែកលើចម្រៀងសរសើរព្រះ ១៥:៤គឺថា ភ្ញៀវដែលនៅក្នុងត្រសាលរបស់ព្រះយេហូវ៉ា«តែងតែធ្វើតាមពាក្យសន្យា ទោះជាត្រូវបង់ប្រយោជន៍ក៏ដោយ»។ ការមិនធ្វើតាមសេចក្ដីសន្យា នឹងធ្វើឲ្យអ្នកឯទៀតឈឺចិត្ត។ (ម៉ាថ. ៥:៣៧) ជាឧទាហរណ៍ ព្រះយេហូវ៉ាតម្រូវឲ្យភ្ញៀវរបស់លោករស់នៅស្របតាមពាក្យសច្ចាដែលពួកគេបានពោលពេលរៀបអាពាហ៍ពិពាហ៍។ លោកក៏ពេញចិត្តដែរ ពេលដែលឪពុកម្ដាយព្យាយាមរក្សាពាក្យសន្យានឹងកូនរបស់ពួកគេ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងអ្នកជិតខាង នឹងជំរុញចិត្តយើងឲ្យខំអស់ពីសមត្ថភាពដើម្បីធ្វើតាមពាក្យសន្យារបស់យើង។
១៦. តើអ្វីជារបៀបមួយទៀតដើម្បីលើកកិត្តិយសមិត្តរបស់ព្រះយេហូវ៉ា?
១៦ របៀបមួយទៀតដើម្បីលើកកិត្តិយសមិត្តរបស់ព្រះយេហូវ៉ា គឺដោយបង្ហាញចិត្តទូលាយនិងទទួលពួកគេដោយរាក់ទាក់។ (រ៉ូម ១២:១៣) ពេលយើងលេងកម្សាន្តជាមួយបងប្អូន នោះជួយយើងឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយពួកគេនិងជាមួយព្រះយេហូវ៉ា។ បន្ថែមទៅទៀត ពេលយើងទទួលអ្នកឯទៀតដោយរាក់ទាក់ យើងកំពុងយកតម្រាប់តាមព្រះយេហូវ៉ា។
ចូរបន្តជៀសវាងពីការស្រឡាញ់ប្រាក់
១៧. ហេតុអ្វីចម្រៀងសរសើរព្រះ ១៥និយាយអំពីលុយ?
១៧ ចម្រៀងសរសើរព្រះរៀបរាប់ថាភ្ញៀវរបស់ព្រះយេហូវ៉ា«ឲ្យគេខ្ចីប្រាក់ដោយមិនយកការ ហើយគាត់មិនទទួលសំណូកទាស់នឹងមនុស្សស្លូតត្រង់ទេ»។ (ចសព. ១៥:៥) ហេតុអ្វីចម្រៀងសរសើរព្រះដ៏ខ្លីនេះរៀបរាប់អំពីលុយ? ដោយសារការមានទស្សនៈមិនត្រឹមត្រូវចំពោះលុយ អាចនាំឲ្យអ្នកឯទៀតរងទុក្ខ ហើយបង្ខូចចំណងមិត្តភាពរបស់យើងជាមួយ ព្រះ។ (១ធី. ៦:១០) នៅសម័យគម្ពីរ បុគ្គលខ្លះបានប្រព្រឹត្តយ៉ាងអយុត្តិធម៌ទៅលើបងប្អូនក្រីក្រ ដោយតម្រូវឲ្យពួកគេបង់ការប្រាក់។ ម្យ៉ាងទៀត ចៅក្រមខ្លះបានទទួលសំណូក ហើយវិនិច្ឆ័យក្ដីជនស្លូតត្រង់ដោយអយុត្តិធម៌។ អ្វីទាំងនេះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។—អេគ. ២២:១២
១៨. តើយើងអាចសួរខ្លួននូវសំណួរអ្វីខ្លះដើម្បីជួយយើងឲ្យយល់អំពីទស្សនៈរបស់ខ្លួនចំពោះលុយ? (ហេប្រឺ ១៣:៥)
១៨ ជាការល្អឲ្យយើងពិនិត្យមើលចិត្តគំនិតរបស់ខ្លួនចំពោះលុយ។ សូមសួរខ្លួនថា ‹តើខ្ញុំច្រើនតែគិតអំពីលុយនិងអំពីអ្វីដែលខ្ញុំអាចទិញឬ? បើខ្ញុំខ្ចីលុយគេ តើខ្ញុំក្រសងគេវិញដោយសន្និដ្ឋានថាអ្នកដែលឲ្យខ្ញុំខ្ចីមិនត្រូវការលុយនោះឬទេ? តើការមានលុយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនជាមនុស្សសំខាន់ ហើយមិនសូវចង់បង្ហាញចិត្តទូលាយឬ? តើខ្ញុំគិតថាបើបងប្អូនមានលុយច្រើន នោះមកពីពួកគេស្រឡាញ់លុយជាងស្រឡាញ់ព្រះយេហូវ៉ាឬទេ? តើខ្ញុំចង់រាប់អានតែអ្នកមាន ហើយមិនសូវយកចិត្តទុកដាក់អ្នកក្រឬ?›។ ជាការសំខាន់ឲ្យយើងសួរខ្លួននូវសំណួរទាំងនេះ ដោយសារយើងបានទទួលការអញ្ជើញដ៏អស្ចារ្យពីព្រះយេហូវ៉ាឲ្យធ្វើជាភ្ញៀវរបស់លោក។ យើងអាចរក្សាឯកសិទ្ធិនេះ ដោយបន្តមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់ប្រាក់។ បើយើងធ្វើដូច្នេះ ព្រះយេហូវ៉ានឹងមិនបោះបង់ចោលយើងឡើយ!—សូមអាន ហេប្រឺ ១៣:៥
ព្រះយេហូវ៉ាស្រឡាញ់មិត្តសម្លាញ់របស់លោក
១៩. ហេតុអ្វីព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វីទាំងអស់ដែលបានរៀបរាប់នៅចម្រៀងសរសើរព្រះ ១៥?
១៩ ចម្រៀងសរសើរព្រះ ១៥បញ្ចប់ដោយសេចក្ដីសន្យាថា៖ «អ្នកណាដែលធ្វើអ្វីទាំងនេះនឹងមិនរង្គោះរង្គើឡើយ»។ (ចសព. ១៥:៥) ក្នុងខនេះ អ្នកសរសេរចម្រៀងសរសើរព្រះ ពន្យល់អំពីមូលហេតុដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វីទាំងអស់ដែលបានត្រូវរៀបរាប់ក្នុងបទចម្រៀងនេះ។ ព្រះយេហូវ៉ាចង់ឲ្យយើងមានសុភមង្គល។ ហេតុនេះ ពេលយើងធ្វើអ្វីដែលព្រះសុំយើងឲ្យធ្វើ យើងមានជីវិតល្អប្រសើរជាង ហើយលោកនឹងការពារយើង។—អេ. ៤៨:១៧
២០. តើភ្ញៀវរបស់ព្រះយេហូវ៉ាអាចទន្ទឹងរង់ចាំអ្វី?
២០ ភ្ញៀវរបស់ព្រះយេហូវ៉ាអាចទន្ទឹងរង់ចាំអនាគតដ៏អស្ចារ្យ។ ពួកអ្នកដែលបានត្រូវរើសតាំងដ៏ស្មោះត្រង់នឹងចូលក្នុង«ទីអាស្រ័យជាច្រើន» ដែលលោកយេស៊ូបានរៀបចំសម្រាប់ពួកគេនៅស្ថានសួគ៌។ (យ៉ូន. ១៤:២) ចំណែកឯពួកអ្នកដែលមានសេចក្ដីសង្ឃឹមនៅផែនដី ទន្ទឹងរង់ចាំអ្វីដែលបានសន្យានៅការបើកបង្ហាញ ២១:៣។ យើងទាំងអស់គ្នាច្បាស់ជាមានអារម្មណ៍ថា គឺជាឯកសិទ្ធិដ៏ខ្ពង់ខ្ពស់ណាស់ដែលយើងបានទទួលការអញ្ជើញដ៏កក់ក្ដៅពីព្រះយេហូវ៉ាឲ្យធ្វើជាមិត្តរបស់លោក ពោលគឺជាភ្ញៀវក្នុងត្រសាលរបស់លោកជារៀងរហូត!
ចម្រៀងលេខ៣៩ សាងឈ្មោះល្អចំពោះព្រះ