លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ២៦

ចម្រៀង​លេខ​៨ ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​របស់​យើង

ចូរ​យក​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ថ្ម​ដា​របស់​អ្នក

ចូរ​យក​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ថ្ម​ដា​របស់​អ្នក

«​ព្រះ​របស់​យើង​រឹង​មាំ​ដូច​ថ្ម​ដា គ្មាន​ព្រះ​ណា​ដូច​លោក​ទេ​»។១សាំ. ២:២

ចំណុច​ផ្ដោត

សូម​រៀន​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហៅ​ថា​ជា​ថ្ម​ដា និង​របៀប​ដែល​យើង​អាច​មាន​គុណ​សម្បត្តិ​ដូច​លោក​ដែល​ប្រៀប​ដូច​ជា​ថ្ម​ដា។

១. ដូច​បាន​កត់​ទុក​នៅ​ចម្រៀង​សរសើរ​ព្រះ ១៨:៤៦ តើ​ដាវីឌ​បាន​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​អ្វី?

 ជួន​កាល​យើង​ស្រាប់​តែ​ជួប​បញ្ហា​ដែល​ប៉ះ​ពាល់​ជីវិត​យើង ឬ​ផ្លាស់​ប្ដូរ​ជីវិត​យើង​ទាំង​ស្រុង។ ប៉ុន្តែ យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​យើង​អាច​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង! នៅ​អត្ថបទ​មុន យើង​បាន​ទទួល​ការ​រំលឹក​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ថា​លោក​តែង​តែ​ប្រុង​ប្រៀប​ជួយ​យើង។ ពេល​យើង​ទទួល​ការ​គាំទ្រ​ពី​លោក នោះ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ!​»។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៨:៤៦) ប៉ុន្តែ ក្រោយ​ពី​ដាវីឌ​និយាយ​ពាក្យ​ទាំង​នេះ គាត់​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា​ជា​«​ថ្ម​ដា​របស់​ខ្ញុំ​»។ ហេតុ​អ្វី​គាត់​ប្រដូច​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ទៅ​នឹង​វត្ថុ​ដែល​គ្មាន​ជីវិត​ដូច​ជា​ថ្ម?

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហៅ​ថា​ជា​ថ្ម​ដា និង​អ្វី​ដែល​ការ​រៀប​រាប់​នោះ​បង្រៀន​យើង​អំពី​លោក។ យើង​ក៏​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ជា​ថ្ម​ដា​របស់​យើង​ដែរ។ ចុង​ក្រោយ យើង​នឹង​ពិចារណា​របៀប​ដែល​យើង​អាច​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ដូច​ជា​ថ្ម​ដា។

មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា

៣. តើ​គម្ពីរ​ច្រើន​តែ​ប្រើ​ពាក្យ​«​ថ្ម​ដា​»​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​)

គម្ពីរ​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​«​ថ្ម​ដា​»​ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​គុណ​សម្បត្តិ​មួយ​ចំនួន​របស់​លោក។ ពាក្យ​«​ថ្ម​ដា​»​ច្រើន​តែ​លើក​ឡើង​ក្នុង​ឃ្លា​ដែល​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​គ្មាន​អ្នក​ណា​ប្រៀប​ស្មើ។ បទ​គម្ពីរ​ដំបូង​ដែល​សំដៅ​ព្រះ​យេហូវ៉ា​ថា​«​ជា​ថ្ម​ដា​»​គឺ​នៅ​ការ​បំភ្លឺ​ច្បាប់ ៣២:៤។ នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ហាណា គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​របស់​យើង​រឹង​មាំ​ដូច​ថ្ម​ដា គ្មាន​ព្រះ​ណា​ដូច​លោក​ទេ​»។ (​១សាំ. ២:២​) ហាបាគុក​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ថ្ម​ដា​របស់​ខ្ញុំ​»។ (​ហាប. ១:១២​) អ្នក​តែង​បទ​ចម្រៀង​សរសើរ​ព្រះ ៧៣​បាន​ហៅ​ព្រះ​ថា​៖ ​«​ថ្ម​ដា​ដែល​ការ​ពារ​ចិត្ត​ខ្ញុំ​»។ (​ចសព. ៧៣:២៦​) ម្យ៉ាង​ទៀត សូម្បី​តែ​ព្រះ​យេហូវ៉ា​ក៏​រៀប​រាប់​អំពី​ខ្លួន​លោក​ថា​ជា​ថ្ម​ដា។ (​អេ. ៤៤:៨​) សូម​យើង​ពិចារណា​អំពី​គុណ​សម្បត្តិ​បី​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​ថ្ម​ដា ហើយ​រៀន​អំពី​របៀប​ដែល​យើង​អាច​យក​លោក​ធ្វើ​ជា​«​ថ្ម​ដា​របស់​យើង​»។បច. ៣២:៣១

រាស្ត្រ​របស់​ព្រះ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​ប្រៀប​ដូច​ជា​ថ្ម​ដា​ដ៏​រឹង​មាំ (​សូម​មើល​វគ្គ​៣​)​


៤. តើ​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​ក្នុង​ន័យ​យ៉ាង​ណា? (​ចម្រៀង​សរសើរ​ព្រះ ៩៤:២២​)

ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក។ ដូច​ថ្ម​ដ៏​ធំ​មួយ​អាច​ជា​កន្លែង​លាក់​ខ្លួន​ពី​ខ្យល់​ព្យុះ ព្រះ​យេហូវ៉ា​ការ​ពារ​យើង​ក្នុង​អំឡុង​ពេល​ដែល​យើង​មាន​ការ​ពិបាក​ក្នុង​ជីវិត។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៤:២២) លោក​ជួយ​យើង​ឲ្យ​ការ​ពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក ហើយ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​គ្មាន​ទុក្ខ​វេទនា​ណា​ដែល​យើង​ជួប​នៅ​ឥឡូវ​នេះ អាច​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​ជា​រៀង​រហូត​ទេ។ លោក​ក៏​បាន​សន្យា​ថា នៅ​ថ្ងៃ​អនាគត​លោក​នឹង​បំបាត់​ចោល​អ្វី​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​យើង​ខ្វល់​ខ្វាយ​ឬ​រង​ទុក្ខ។—អេគ. ៣៤:២៥, ២៦

៥. តើ​ព្រះ​យេហូវ៉ា​អាច​ទៅ​ជា​ទី​ពឹង​ជ្រក​ដែល​ប្រៀប​ដូច​ជា​ថ្ម​ដា​របស់​យើង​តាម​របៀប​ណា?

របៀប​មួយ​ដែល​យើង​អាច​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​ដូច​ជា​ថ្ម​ដា​របស់​យើង​គឺ ដោយ​អធិដ្ឋាន​ទៅ​លោក។ ពេល​យើង​អធិដ្ឋាន ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​ដែល​ការ​ពារ​ចិត្ត​និង​គំនិត​របស់​យើង។ (​ភី. ៤:៦, ៧​) សូម​គិត​ពិចារណា​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​អរថម ដែល​បាន​ជាប់​គុក​ដោយ​សារ​ជំនឿ​របស់​គាត់។ កាល​ដែល​នៅ​ក្នុង​គុក អ្នក​ស៊ើប​អង្កេត​ម្នាក់​បាន​សួរ​ចម្លើយ​គាត់​ជា​ច្រើន​ដង ធ្វើ​បាប​គាត់ ហើយ​ព្យាយាម​បំភ័យ​គាត់។ បង​អរថម​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​តាន​តឹង​ចិត្ត​ពេល​ណា​ដែល​អ្នក​ស៊ើប​អង្កេត​នោះ​មក​សួរ​ចម្លើយ​ខ្ញុំ។ . . . .ខ្ញុំ​តែង​តែ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ខ្ញុំ​បាន​សុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​និង​សុំ​ប្រាជ្ញា។ វិធី​សាស្ត្រ​របស់​អ្នក​ស៊ើប​អង្កេត​នោះ​គ្មាន​ប្រសិទ្ធិ​ភាព​មក​លើ​ខ្ញុំ​ទេ។ . . . ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា គឺ​ហាក់​ដូច​ជា​ខ្ញុំ​កំពុង​ឈរ​នៅ​ពី​ក្រោយ​ជញ្ជាំង​ថ្ម​មួយ​»។

៦. ហេតុ​អ្វី​យើង​អាច​ពឹង​ពាក់​ព្រះ​យេហូវ៉ា​ជា​និច្ច? (​អេសាយ ២៦:៣, ៤​)

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​អាច​ពឹង​ពាក់​បាន។ ដោយ​សារ​លោក​ជា​«​ថ្ម​ដា​ដ៏​ស្ថិត​ស្ថេរ​»​ ព្រះ​យេហូវ៉ា​តែង​តែ​នៅ​ក្បែរ​យើង​ដើម្បី​ផ្ដល់​ជំនួយ គឺ​លោក​ប្រៀប​ដូច​ជា​ថ្ម​ដា​នៅ​រឹង​មាំ​មួយ​កន្លែង​មិន​រង្គោះ​រង្គើ។ យើង​អាច​ទុក​ចិត្ត​លោក​បាន។ (​សូម​អាន អេសាយ ២៦:៣, ៤) លោក​មាន​ជីវិត​រស់​នៅ​ជា​និច្ច ដូច្នេះ​លោក​តែង​តែ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ហើយ​ផ្ដល់​ការ​គាំទ្រ​ដែល​យើង​ត្រូវ​ការ។ យើង​ក៏​អាច​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​មាន​ភក្ដី​ភាព​ចំពោះ​ពួក​អ្នក​បម្រើ​លោក។ (​២សាំ. ២២:២៦​) លោក​នឹង​មិន​ភ្លេច​អ្វី​ដែល​យើង​ធ្វើ ហើយ​លោក​នឹង​តែង​តែ​ឲ្យ​រង្វាន់​យើង។—ហេ. ៦:១០; ១១:៦

៧. តើ​អ្វី​នឹង​កើត​ឡើង​ពេល​យើង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

យើង​យក​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​របស់​យើង​ពេល​យើង​ពឹង​ផ្អែក​លោក​ទាំង​ស្រុង។ យើង​ទុក​ចិត្ត​ថា​ដោយ​ស្ដាប់​បង្គាប់​លោក សូម្បី​តែ​នៅ​ក្នុង​គ្រា​ពិបាក​ក្ដី យើង​នឹង​ទទួល​ប្រយោជន៍។ (​អេ. ៤៨:១៧, ១៨​) រាល់​ដង​ដែល​យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង យើង​កាន់​តែ​ទុក​ចិត្ត​លោក។ យ៉ាង​នេះ យើង​ជឿ​ជាក់​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ មិន​ថា​ទុក្ខ​លំបាក​នោះ​ពិបាក​យ៉ាង​ណា​ក្ដី។ ពេល​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គ្មាន​អ្នក​ណា​យើង​អាច​សុំ​ជំនួយ​បាន នោះ​យើង​ទទួល​ស្គាល់​ថា​យើង​អាច​ពឹង​ពាក់​ព្រះ​យេហូវ៉ា​បាន​ជា​និច្ច។ បង​ប្រុស​ប្លាដេមើ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​បំផុត​ជា​មួយ​ព្រះ​យេហូវ៉ា​ពេល​ដែល​ខ្ញុំ​បាន​ត្រូវ​គេ​ឃុំ​ខ្លួន។ ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​ដោយ​សារ​ខ្ញុំ​នៅ​ម្នាក់​ឯង ហើយ​លោក​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នោះ​»។

យើង​យក​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​របស់​យើង​ពេល​យើង​ពឹង​ផ្អែក​លើ​លោក​ទាំង​ស្រុង (​សូម​មើល​វគ្គ​៧​)


៨. (​ក​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​នឹងនរ? (​ខ​)​ តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​យក​ព្រះ​ជា​ថ្ម​ដា​របស់​យើង? (​ចម្រៀង​សរសើរ​ព្រះ ៦២:៦, ៧​)

ព្រះ​យេហូវ៉ា​នឹងនរ។ ស្រដៀង​នឹង​ថ្ម​ដា​យ៉ាង​ធំ ព្រះ​យេហូវ៉ា​មាំ​មួន​និង​មិន​រង្គោះ​រង្គើ។ គុណ​សម្បត្តិ​និង​គោល​បំណង​របស់​លោក​មិន​ប្រែ​ប្រួល​ឡើយ។ (​ម៉ាឡ. ៣:៦​) ពេល​មាន​ការ​បះ​បោរ​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​មិន​បាន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ​ទេ។ ដូច​សាវ័ក​ប៉ូល​បាន​សរសេរ ព្រះ​យេហូវ៉ា​«​មិន​អាច​បដិសេធ​ខ្លួន​លោក​បាន​ឡើយ​»។ (​២ធី. ២:១៣​) នេះ​មាន​ន័យ​ថា មិន​ថា​មាន​អ្វី​កើត​ឡើង ឬ​អ្នក​ឯ​ទៀត​ធ្វើ​អ្វី​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​មិន​ផ្លាស់​ប្ដូរ​បុគ្គលិក​លក្ខណៈ គោល​បំណង ឬ​ខ្នាត​តម្រា​របស់​លោក​ទេ។ ដោយ​សារ​ព្រះ​យេហូវ៉ា​មិន​ផ្លាស់​ប្ដូរ យើង​ដឹង​ថា​លោក​នឹង​ជួយ​យើង​ក្នុង​គ្រា​លំបាក ហើយ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​សម្រាប់​ថ្ងៃ​អនាគត។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៦២:៦, ៧

៩. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ថាត់យ៉ាណា?

យើង​យក​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​របស់​យើង​ដោយ​ផ្ដោត​លើ​គុណ​សម្បត្តិ​របស់​លោក និង​ដោយ​ចាំ​ជា​និច្ច​អំពី​គោល​បំណង​របស់​លោក។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​យើង​រក្សា​ចិត្ត​ឲ្យ​នឹងនរ​ពេល​ដែល​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ (​ចសព. ១៦:៨​) នេះ​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​ម្នាក់​ឈ្មោះ​ថាត់យ៉ាណា។ គាត់​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​នៅ​ផ្ទះ​ដោយ​សារ​ជំនឿ​របស់​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នៅ​តែ​ឯង។ ដំបូង​គឺ​ពិបាក​ណាស់ ហើយ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ជា​ញឹក​ញយ​»។ ប៉ុន្តែ ពេល​ដែល​គាត់​យល់​ឃើញ​ថា​ទុក្ខ​លំបាក​របស់​គាត់​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក គាត់​អាច​ស៊ូ​ទ្រាំ​បាន និង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ គាត់​និយាយ​ថា​៖ ​«​ការ​ដឹង​អំពី​មូលហេតុ​ដែល​នោះ​កើត​ឡើង​ជួយ​ឲ្យ​ខ្ញុំ​ចាំ​ថា​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​នោះ​ដើម្បី​ព្រះ​យេហូវ៉ា ហើយ​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈប់​គិត​អំពី​ខ្លួន​ឯង​»។

១០. តើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ជា​ថ្ម​ដា​របស់​យើង​នៅ​ឥឡូវ​នេះ​យ៉ាង​ដូច​ម្ដេច?

១០ នៅ​បន្តិច​ទៀត យើង​នឹង​ជួប​ការ​ពិបាក​យ៉ាង​ខ្លាំង ហើយ​យើង​នឹង​ត្រូវ​ពឹង​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ ឥឡូវ​ជា​ពេល​ដែល​យើង​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត​ថា លោក​នឹង​ផ្ដល់​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? សូម​អាន​កំណត់​ហេតុ​គម្ពីរ​និង​បទ​ពិសោធន៍​របស់​បង​ប្អូន​សាក្សី​នៅ​សព្វ​ថ្ងៃ​នេះ។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​បង្ហាញ​គុណ​សម្បត្តិ​ដែល​ប្រៀប​ដូច​ជា​ថ្ម​ដា​ដើម្បី​គាំទ្រ​អ្នក​បម្រើ​របស់​លោក។ សូម​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​កំណត់​ហេតុ​ទាំង​នេះ។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​យក​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​របស់​អ្នក។

ចូរ​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា

១១. ហេតុ​អ្វី​យើង​ចង់​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ គោល​ដៅ​សម្រាប់​ប្អូន​ប្រុស​វ័យ​ក្មេង​»​)

១១ យើង​បាន​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​ប្រៀប​ដូច​ជា​ថ្ម​ដា។ ឥឡូវ សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ដូច​លោក។ បើ​យើង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា យើង​អាច​ពង្រឹង​កម្លាំង​បង​ប្អូន​របស់​យើង។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ដាក់​ឈ្មោះ​ស៊ីម៉ូន​ថា កេផាស​(​ដែល​ភាសា​ក្រិច​ហៅ​ថា​«​ពេត្រុស​»​) ដែល​មាន​ន័យ​ថា​«​ថ្ម​»។ (​យ៉ូន. ១:៤២​) នេះ​បង្ហាញ​ថា​ពេត្រុស​នឹង​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ហើយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​រៀប​រាប់​ថា​«​ជា​ម្លប់​នៃ​ថ្ម​ដា​យ៉ាង​ធំ​»​ នេះ​មាន​ន័យ​ថា​ពួក​គេ​ការ​ពារ​ពួក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ។ (​អេ. ៣២:២​) ប៉ុន្តែ យើង​ទាំង​អស់​គ្នា​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក បើ​យើង​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា។—អេភ. ៥:១

១២. សូម​រៀប​រាប់​អំពី​របៀប​ផ្សេង​ៗ​ដែល​យើង​អាច​ធ្វើ​ជា​ទី​ពឹង​ជ្រក​សម្រាប់​អ្នក​ឯ​ទៀត។

១២ ចូរ​ធ្វើ​ជា​ទី​ពឹង​ជ្រក។ ពេល​ខ្លះ​យើង​អាច​ស្នើ​ផ្ដល់​កន្លែង​ជ្រក​កោន​សម្រាប់​បង​ប្អូន​ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ ភាព​ចលាចល ឬ​សង្គ្រាម។ កាល​ដែល​ស្ថានភាព​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​កាន់​តែ​អាក្រក់​ទៅ​ៗ យើង​ទំនង​ជា​នឹង​មាន​ឱកាស​ច្រើន​ជាង​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ (​២ធី. ៣:១​) យើង​ក៏​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​ត្រូវ​ការ។ វិធី​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​ទទួល​ស្វាគមន៍​បង​ប្អូន​យ៉ាង​រាក់​ទាក់​ពេល​ដែល​ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ឲ្យ​មាន​បរិយាកាស​កក់​ក្ដៅ​ក្នុង​ក្រុម​ជំនុំ។ យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​គ្មាន​មេត្តា គ្មាន​ភាព​កក់​ក្ដៅ ហើយ​ដែល​ធ្វើ​ឲ្យ​តាន​តឹង​ចិត្ត។ ដូច្នេះ ពេល​បង​ប្អូន​របស់​យើង​ចូល​រួម​កិច្ច​ប្រជុំ យើង​ចង់​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​បាន​ទទួល​សេចក្ដី​ស្រឡាញ់ កម្លាំង​ចិត្ត​ឡើង​វិញ និង​មាន​សុវត្ថិភាព។

១៣. តើ​តាម​របៀប​ណា​អ្នក​ចាស់​ទុំ​អាច​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​ក្នុង​គ្រា​លំបាក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ ពួក​អ្នក​ចាស់​ទុំ​អាច​ទៅ​ជា​ទី​ពឹង​ជ្រក​សម្រាប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ។ ពេល​មាន​គ្រោះ​មហន្តរាយ ឬ​មាន​សេចក្ដី​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់ អ្នក​ចាស់​ទុំ​ចាត់​វិធានការ​ជួយ​បង​ប្អូន​ភ្លាម​ៗ។ ពួក​គេ​ក៏​ផ្ដល់​ការ​ណែនាំ​និង​ការ​លើក​ទឹក​ចិត្ត​ពី​គម្ពីរ​ដែរ។ បង​ប្អូន​នឹង​ស្រួល​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ បើ​គាត់​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​បុគ្គល​ដែល​មាន​ចិត្ត​ស្លូត​បូត យល់​អារម្មណ៍ និង​សុខ​ចិត្ត​ស្ដាប់។ គុណ​សម្បត្តិ​ទាំង​នេះ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​អារម្មណ៍​ថា​ពួក​គេ​ទទួល​សេចក្ដី​ស្រឡាញ់។ យ៉ាង​នេះ ពេល​អ្នក​ចាស់​ទុំ​ផ្ដល់​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ នោះ​ពួក​គេ​ស្រួល​ទទួល​យក​ជាង។—១ថែ. ២:៧, ៨, ១១

ពួក​អ្នក​ចាស់​ទុំ​សម្រាល​ទុក្ខ​បង​ប្អូន​ក្នុង​អំឡុង​គ្រា​លំបាក (​សូម​មើល​វគ្គ​១៣​) a


១៤. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន?

១៤ ចូរ​ធ្វើ​ជា​មនុស្ស​ដែល​ពឹង​ពាក់​បាន។ យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​រាប់​យើង​ថា​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន ជា​ពិសេស​នៅ​គ្រា​លំបាក។ (​សុភ. ១៧:១៧​) តើ​យើង​អាច​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន​តាម​របៀប​ណា? ជា​រៀង​រាល់​ថ្ងៃ យើង​អាច​ខំ​ព្យាយាម​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​ដោយ​រក្សា​ពាក្យ​សន្យា​របស់​យើង ហើយ​ដោយ​ព្យាយាម​ទៀង​ពេល​ជា​ដើម។ (​ម៉ាថ. ៥:៣៧​) យើង​ក៏​អាច​ជួយ​បង​ប្អូន​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ​ដែរ។ បន្ថែម​ទៅ​ទៀត យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បំពេញ​ភារកិច្ច​តាម​ការ​ណែនាំ​ដែល​យើង​បាន​ទទួល។

១៥. ពេល​អ្នក​ចាស់​ទុំ​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន តើ​ក្រុម​ជំនុំ​ទទួល​ប្រយោជន៍​យ៉ាង​ណា?

១៥ អ្នក​ចាស់​ទុំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​ជំនុំ។ តើ​តាម​របៀប​ណា? អ្នក​ផ្សាយ​មាន​អារម្មណ៍​ធូរ​ចិត្ត​ពេល​ពួក​គេ​ដឹង​ថា ពួក​គេ​ស្រួល​ទាក់​ទង​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​និង​ពួក​អ្នក​ចាស់​ទុំ​ឯ​ទៀត។ អ្នក​ផ្សាយ​មាន​អារម្មណ៍​ថា​ទទួល​សេចក្ដី​ស្រឡាញ់ ពេល​ពួក​គេ​ដឹង​ថា​អ្នក​ចាស់​ទុំ​សុខ​ចិត្ត​ជួយ​ពួក​គេ។ ពេល​អ្នក​ចាស់​ទុំ​ប្រើ​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដើម្បី​ឲ្យ​យោបល់​ជា​ជាង​ប្រាប់​គំនិត​របស់​ខ្លួន នោះ​អ្នក​ផ្សាយ​នឹង​កាន់​តែ​ទុក​ចិត្ត។ បង​ប្អូន​ក៏​ទុក​ចិត្ត​អ្នក​ចាស់​ទុំ​ដែល​មិន​និយាយ​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ និង​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន។

១៦. តើ​យើង​ផ្ទាល់​និង​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​យើង​ធ្វើ​ជា​មនុស្ស​នឹងនរ?

១៦ ចូរ​ធ្វើ​ជា​មនុស្ស​នឹងនរ។ យើង​អាច​ជះ​ឥទ្ធិពល​ល្អ​ទៅ​លើ​អ្នក​ឯ​ទៀត​បើ​យើង​តាំង​ជំហរ​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​មូលដ្ឋាន​យ៉ាង​រឹង​មាំ​លើ​គោល​ការណ៍​គម្ពីរ។ កាល​ដែល​យើង​កាន់​តែ​មាន​ជំនឿ​និង​ចំណេះ​ត្រឹម​ត្រូវ យើង​នឹង​កាន់​តែ​មាំ​មួន​ក្នុង​សេចក្ដី​ពិត។ យើង​នឹង​កត់​សម្គាល់​សេចក្ដី​បង្រៀន​និង​គំនិត​មិន​ពិត​ដែល​មិន​ស្រប​តាម​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​នឹង​មិន​ទទួល​ឥទ្ធិពល​ពី​អ្វី​ទាំង​នោះ​ទេ។ (​អេភ. ៤:១៤; យ៉ា. ១:៦​-​៨​) ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា ព្រម​ទាំង​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក ជួយ​យើង​រក្សា​ចិត្ត​ស្ងប់​ពេល​យើង​ឮ​ព័ត៌មាន​មិន​ល្អ។ (​ចសព. ១១២:៧, ៨​) យើង​ក៏​អាច​ជួយ​ពួក​អ្នក​ដែល​ប្រហែល​ជា​កំពុង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក។—១ថែ. ៣:២, ៣

១៧. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​បង​ប្អូន​យ៉ាង​ណា​ឲ្យ​រក្សា​ចិត្ត​ស្ងប់​និង​មាន​ជំនឿ​រឹង​មាំ?

១៧ អ្នក​ចាស់​ទុំ​គួរ​តែ​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព ដឹង​ខុស​ត្រូវ មាន​សណ្ដាប់​ធ្នាប់ និង​ជា​មនុស្ស​សម​ហេតុ​ផល។ បុរស​ទាំង​នេះ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ចិត្ត​ស្ងប់ និង​ជំនឿ​រឹង​មាំ​លើ​ព្រះ​យេហូវ៉ា ហើយ​ពង្រឹង​ក្រុម​ជំនុំ​ដោយ​«​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​»។ (​ទីត. ១:៩; ១ធី. ៣:១​-​៣​) តាម​រយៈ​គំរូ​របស់​ពួក​គេ និង​ដោយ​ការ​ឃ្វាល​ក្រុម​ជំនុំ អ្នក​ចាស់​ទុំ​ជួយ​បង​ប្អូន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ ផ្សព្វ​ផ្សាយ និង​សិក្សា​ផ្ទាល់​ខ្លួន​ជា​ទៀង​ទាត់។ ពេល​បង​ប្អូន​មាន​បញ្ហា​ដែល​នាំ​ឲ្យ​ខ្វល់​ចិត្ត អ្នក​ចាស់​ទុំ​រំលឹក​ពួក​គេ​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​និង​ផ្ដោត​អារម្មណ៍​លើ​សេចក្ដី​សន្យា​របស់​លោក។

១៨. ហេតុ​អ្វី​យើង​ចង់​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ហើយ​ចូល​កាន់​តែ​ជិត​លោក? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​»​)

១៨ ក្រោយ​ពី​ពិចារណា​អំពី​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា យើង​អាច​និយាយ​ដូច​ស្ដេច​ដាវីឌ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​របស់​ខ្ញុំ​ទទួល​បាន​ការ​សរសើរ​តម្កើង​»។ (​ចសព. ១៤៤:១​) យើង​តែង​តែ​អាច​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ ពេញ​មួយ​ជីវិត​របស់​យើង សូម្បី​តែ​ពេល​យើង​ចាស់​ទៅ​ក៏​យើង​ទុក​ចិត្ត​ថា​លោក​នឹង​បន្ត​ជួយ​យើង​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​លោក។ យ៉ាង​នេះ យើង​អាច​និយាយ​ថា​៖ ​«​លោក​ជា​ថ្ម​ដា​ដ៏​រឹង​មាំ​របស់​ខ្ញុំ​»។ចសព. ៩២:១៤, ១៥

ចម្រៀង​លេខ​១៥០ ចូរ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​ពី​ព្រះ

a ការ​ពណ៌នា​អំពី​រូប​ភាព​៖ ពេល​នៅ​សាល​ប្រជុំ បង​ស្រី​ម្នាក់​ទៅ​ជួប​អ្នក​ចាស់​ពីរ​នាក់។