សំណួរពីអ្នកអាន
ហេតុអ្វីផ្នែកដំបូងនៃចម្រៀងសរសើរព្រះ ១២:៧ដែលបានត្រូវបកប្រែថា៖ «លោកនឹងថែរក្សាពួកគេ» សំដៅលើ«មនុស្សរងទុក្ខ»(ខ៥) មិនមែនសំដៅលើ«ប្រសាសន៍របស់ព្រះយេហូវ៉ា»(ខ៦)?
ខមុននិងខក្រោយបង្ហាញថាខនេះសំដៅលើមនុស្ស។
នៅចម្រៀងសរសើរព្រះ ១២:១-៤ ចែងថា៖ «មនុស្សស្មោះត្រង់បានវិនាសសាបសូន្យ»។ សូមពិចារណានៅឥឡូវនេះអំពីចម្រៀងសរសើរព្រះ ១២:៥-៧ ដែលជាខគម្ពីរជាប់ទាក់ទងនឹងសំណួរខាងលើ។
«ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ដោយសារមនុស្សរងទុក្ខត្រូវគេសង្កត់សង្កិន
និងដោយសារជនក្រីក្រដកដង្ហើមធំ
នោះខ្ញុំនឹងក្រោកឡើងចាត់វិធានការ
ហើយសង្គ្រោះពួកគេពីអស់អ្នកដែលប្រមាថមើលងាយពួកគេ›។
ប្រសាសន៍របស់ព្រះយេហូវ៉ាគឺបរិសុទ្ធ
ប្រៀបដូចជាប្រាក់ដុតក្នុងឡ ដែលបន្សុទ្ធដល់ទៅ៧ដង។
ឱព្រះយេហូវ៉ា លោកនឹងថែរក្សាពួកគេ
លោកនឹងការពារពួកគេម្នាក់ៗពីមនុស្សជំនាន់នេះរហូតតទៅ»។
ខ៥ចែងអំពីអ្វីដែលព្រះនឹងធ្វើសម្រាប់«មនុស្សរងទុក្ខ»។ លោកនឹងសង្គ្រោះពួកគេ។
ខ៦បន្ថែមថា៖ «ប្រសាសន៍របស់ព្រះយេហូវ៉ាគឺបរិសុទ្ធ» ‹ដូចប្រាក់ដែលបន្សុទ្ធ›។ គ្រិស្តសាសនិកដ៏ស្មោះភក្ដី ពិតជាមានទស្សនៈបែបនេះ។—ចសព. ១៨:៣០; ១១៩:១៤០
ឥឡូវសូមពិចារណាខបន្ទាប់ គឺចម្រៀងសរសើរព្រះ ១២:៧៖«ឱព្រះយេហូវ៉ា លោកនឹងថែរក្សាពួកគេ លោកនឹងការពារពួកគេម្នាក់ៗពីមនុស្សជំនាន់នេះរហូតតទៅ»។ ហេតុអ្វីយើងដឹងថាពាក្យនេះជាភាសាហេប្រឺ គួរបកប្រែដើម្បីសំដៅលើ«មនុស្សរងទុក្ខ» មិនមែន«ប្រសាសន៍របស់ព្រះយេហូវ៉ា»?
ដោយសារខ៦ចែងអំពី«ប្រសាសន៍របស់ព្រះយេហូវ៉ា» អ្នកខ្លះប្រហែលជាសន្និដ្ឋានថាខ៧សំដៅលើប្រសាសន៍របស់ព្រះ។ ម្យ៉ាងទៀត យើងដឹងថាព្រះបានការពារគម្ពីរ ទោះជាអ្នកប្រឆាំងបានព្យាយាមដាក់បម្រាមនិងបំផ្លាញគម្ពីរក្ដី។—អេ. ៤០:៨; ១ពេ. ១:២៥
ប៉ុន្តែ អ្វីដែលបានត្រូវចែងនៅក្នុងខ៥ក៏ជាការពិតដែរ។ ព្រះយេហូវ៉ាបានជួយនិងសង្គ្រោះ«មនុស្សរងទុក្ខ» និងពួកអ្នកដែល«ត្រូវគេសង្កត់សង្កិន» ហើយលោកក៏នឹងបន្តធ្វើដូច្នេះចំពោះពួកគេដែរ។—យ៉ូប ៣៦:១៥; ចសព. ៦:៤; ៣១:១, ២; ៥៤:៧; ១៤៥:២០
ដូច្នេះ ហេតុអ្វីយើងអាចសន្និដ្ឋានថា«ពួកគេ»ក្នុងខ៧សំដៅលើមនុស្ស?
នេះបានត្រូវបង្ហើបក្នុងខមុននិងខក្រោយនៃបទនោះ។
ចម្រៀងសរសើរព្រះ ១២:១លើកឡើងអំពី«មនុស្សដែលមានភក្ដីភាព»ដែលប្រហែលជាបានត្រូវគេកុហក។ បន្ទាប់មក យើងឃើញថាព្រះយេហូវ៉ានឹងប្រឆាំងពួកអ្នកដែលនិយាយអ្វីដ៏អាក្រក់។ បទចម្រៀងនេះពង្រឹងទំនុកចិត្តយើងថាយើងអាចទុកចិត្តព្រះឲ្យជួយរាស្ត្រលោក ដោយសារប្រសាសន៍របស់លោកគឺបរិសុទ្ធ។
ដូច្នេះខ៧ចែងថាព្រះយេហូវ៉ានឹងថែរក្សានិងការពារពួកអ្នកដែលបានរងទុក្ខដោយសារមនុស្សអាក្រក់។
របៀបដែលខនេះបានត្រូវបកប្រែក្នុងគម្ពីររបស់យើងជាភាសាខ្មែរ គឺស្រដៀងនឹងឯកសារចម្លងរបស់ពួកម៉ាសូរ៉េតជាភាសាហេប្រឺ។ ម្យ៉ាងទៀត សេចក្ដីបកប្រែសេបធួជីនជាភាសាក្រិច ប្រើពាក្យ«យើង»ពីរដងក្នុងខ៧ ហើយនេះបង្ហាញថានេះត្រូវតែសំដៅលើមនុស្សស្មោះត្រង់ដែលរងទុក្ខនិងត្រូវគេសង្កត់សង្កិន។ ចុងខ៧ចែងថា មនុស្សស្មោះត្រង់«ម្នាក់ៗ»នឹងទទួលការការពារឲ្យរួចពី«មនុស្សជំនាន់នេះ» គឺពីមនុស្សដែល«លើកស្ទួយអំពើអាក្រក់ជួជាតិ»។ (ចសព. ១២:៧, ៨) នៅក្នុងសេចក្ដីបកប្រែមួយជាភាសាអេរ៉ាម ខ៧ចែងថា៖ «លោកម្ចាស់អើយ លោកនឹងការពារមនុស្សសុចរិត លោកនឹងថែរក្សាពួកគេពីជំនាន់ដ៏អាក្រក់នេះរហូតតទៅ។ មានមនុស្សអាក្រក់នៅគ្រប់ទិសទី ហាក់ដូចជាឈ្លើងដែលបឺតជញ្ជក់ឈាមពីមនុស្ស»។ នេះជាទីសំអាងថែមទៀតថាចម្រៀងសរសើរព្រះ ១២:៧មិនសំដៅលើប្រសាសន៍របស់ព្រះទេ។
ហេតុនេះ ខនេះផ្ដល់សេចក្ដីសង្ឃឹមសម្រាប់«មនុស្សស្មោះត្រង់» ថាព្រះនឹងក្រោកឡើងចាត់វិធានការ។