អត្ថបទសិក្សា ១៨
ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកនៅកិច្ចប្រជុំ
«ចូរយើងគិតអំពីគ្នាទៅវិញទៅមក . . . ដោយលើកទឹកចិត្តគ្នាទៅវិញទៅមក»។—ហេ. ១០:២៤, ២៥
ចម្រៀងលេខ៨៨ សូមឲ្យខ្ញុំស្គាល់ផ្លូវរបស់លោក
សេចក្ដីសង្ខេប a
១. ហេតុអ្វីយើងឆ្លើយនៅកិច្ចប្រជុំ?
ហេតុអ្វីយើងចូលរួមកិច្ចប្រជុំក្រុមជំនុំ? មូលហេតុសំខាន់ចម្បងគឺដើម្បីសរសើរព្រះយេហូវ៉ា។ (ចសព. ២៦:១២; ១១១:១) យើងក៏ចូលរួមកិច្ចប្រជុំដើម្បីយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងអំឡុងគ្រាលំបាកនេះផងដែរ។ (១ថែ. ៥:១១) ពេលយើងលើកដៃឆ្លើយ យើងកំពុងធ្វើអ្វីទាំងពីរនេះ។
២. តើយើងអាចឆ្លើយក្នុងកិច្ចប្រជុំនៅពេលណាខ្លះ?
២ រាល់សប្ដាហ៍ យើងមានឱកាសឆ្លើយនៅកិច្ចប្រជុំ។ ជាឧទាហរណ៍ នៅកិច្ចប្រជុំនាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ យើងអាចរួមចំណែកក្នុងអំឡុងការសិក្សាទស្សនាវដ្ដីប៉មយាម។ នៅកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក យើងអាចឆ្លើយក្នុងអំឡុងផ្នែកចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ ការសិក្សាគម្ពីរជាក្រុមជំនុំ និងផ្នែកពិគ្រោះផ្សេងទៀត។
៣. តើយើងប្រហែលជាមានការពិបាកអ្វី ហើយតើហេប្រឺ ១០:២៤, ២៥អាចជួយយើងយ៉ាងដូចម្ដេច?
៣ យើងទាំងអស់គ្នាចង់សរសើរព្រះយេហូវ៉ានិងលើកទឹកចិត្តអ្នកគោរពប្រណិប័តន៍គ្នីគ្នា។ ប៉ុន្តែ យើងប្រហែលជាមានការពិបាកក្នុងការឆ្លើយដូចជា យើងប្រហែលជាភ័យមិនសូវហ៊ានឆ្លើយ ឬក៏យើងប្រហែលជាចង់ឆ្លើយជាខ្លាំង ប៉ុន្តែពេលយើងលើកដៃ ជួនកាលបងប្អូនប្រុសៗមិនហៅយើង។ តើអ្វីអាចជួយយើង? អ្វីដែលប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺអាចជួយយើងឲ្យដឹងចម្លើយចំពោះសំណួរនេះ។ ពេលពិគ្រោះអំពីសារៈសំខាន់នៃការជួបជុំគ្នា គាត់បាននិយាយថាយើងគួរផ្ដោតអារម្មណ៍ទៅលើការ«លើកទឹក ចិត្តគ្នាទៅវិញទៅមក»។ (សូមអាន ហេប្រឺ ១០:២៤, ២៥) យើងនឹងមិនសូវភ័យលើកដៃ បើយើងទទួលស្គាល់ថាអ្នកឯទៀតអាចទទួលការលើកទឹកចិត្តតាមរយៈចម្លើយដែលបង្ហាញអំពីជំនឿរបស់យើង សូម្បីតែនោះសាមញ្ញក្ដី។ ម្យ៉ាងទៀត បើយើងមិនបានត្រូវគេហៅជាញឹកញាប់ទេ យើងក៏អាចសប្បាយដែលអ្នកឯទៀតក្នុងក្រុមជំនុំមានឱកាសឆ្លើយដែរ។—១ពេ. ៣:៨
៤. តើយើងនឹងពិចារណាចំណុចបីយ៉ាងអ្វីក្នុងអត្ថបទនេះ?
៤ ក្នុងអត្ថបទនេះ ដំបូងយើងនឹងពិចារណាអំពីរបៀបដែលយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងក្រុមជំនុំតូចដែលមានគ្នាតិចដើម្បីឆ្លើយ។ បន្ទាប់មក យើងនឹងពិចារណាអំពីរបៀបលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងក្រុមជំនុំធំដែលសម្បូរអ្នកលើកដៃឆ្លើយ។ ចុងក្រោយ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចលើកទឹកចិត្តអ្នកឯទៀតតាមរយៈចម្លើយរបស់យើង។
ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងក្រុមជំនុំតូច
៥. តើយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច បើមិនសូវមានអ្នកចូលរួម?
៥ ក្នុងក្រុមជំនុំតូចឬក្រុម មិនសូវមានអ្នកឆ្លើយច្រើនសម្រាប់ឲ្យអ្នកដឹកនាំជ្រើសរើសទេ។ ជួនកាល គាត់ប្រហែលជាត្រូវរង់ចាំបន្តិចរហូតដល់មានអ្នកណាម្នាក់ស្ម័គ្រចិត្តឆ្លើយ។ កិច្ចប្រជុំប្រហែលជាគួរឲ្យអផ្សុក ហើយនោះមិនមែនលើកទឹកចិត្តយើងឡើយ។ តើអ្នកអាចធ្វើអ្វី? សូមសុខចិត្តលើកដៃជាញឹកញាប់។ ដោយធ្វើដូច្នេះ អ្នកប្រហែលជានឹងជំរុញចិត្តអ្នកឯទៀតឲ្យរួមចំណែកច្រើនជាង។
៦-៧. តើយើងអាចកាត់បន្ថយអារម្មណ៍ភ័យចំពោះការឆ្លើយយ៉ាងដូចម្ដេច?
៦ ចុះយ៉ាងណាបើគ្រាន់តែគិតអំពីការឆ្លើយធ្វើឲ្យអ្នកមានអារម្មណ៍ភ័យហើយ? មនុស្សជាច្រើនមានអារម្មណ៍ដូចនេះ។ ប៉ុន្តែដើម្បីឲ្យបងប្អូនរួមជំនឿទទួលការលើកទឹកចិត្តច្រើនជាង សូមព្យាយាមស្វែងរកវិធីកាត់បន្ថយការភ័យរបស់អ្នក។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
៧ អ្នកប្រហែលជាឃើញថាគឺមានប្រយោជន៍ បើអ្នកពិនិត្យមើលឡើងវិញអំពីយោបល់ខ្លះដែលបានត្រូវបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីប៉មយាមលេខមុនៗ។ b ជាឧទាហរណ៍ សូមរៀបចំឲ្យបានល្អ។ (សុភ. ២១:៥) កាលដែលអ្នកស្គាល់ព័ត៌មានក្នុងអត្ថបទណាមួយកាន់តែច្រើន អ្នកនឹងកាន់តែមានអារម្មណ៍ស្រួលស្ម័គ្រចិត្តឆ្លើយ។ ម្យ៉ាងទៀត សូមឆ្លើយខ្លី។ (សុភ. ១៥:២៣; ១៧:២៧) ចម្លើយខ្លីនឹងជួយអ្នកមិនសូវភ័យ។ ចម្លើយខ្លីដែលមានត្រឹមតែមួយឬពីរប្រយោគប្រហែលជាធ្វើឲ្យបងប្អូនស្រួលយល់ជាងចម្លើយវែងដែលមានគំនិតច្រើន។ ដោយឆ្លើយខ្លីចេញពីចិត្ត អ្នកនឹងបង្ហាញថាអ្នកបានរៀបចំល្អ ហើយថាអ្នកបានយល់ច្បាស់អំពីព័ត៌មាននោះ។
៨. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការខំប្រឹងអស់ពីសមត្ថភាពរបស់យើង?
៨ ចុះបើអ្នកបានសាកល្បងធ្វើតាមយោបល់ខ្លះទាំងនេះរួចហើយ តែអ្នកនៅតែមានអារម្មណ៍ភ័យនឹងឆ្លើយលើសពីមួយដងឬពីរដង? សូមជឿជាក់ថាព្រះយេហូវ៉ានឹងឲ្យតម្លៃចំពោះការខំប្រឹងអស់ពីសមត្ថភាពរបស់អ្នក។ (លូក. ២១:១-៤) ការខំអស់ពីសមត្ថភាពមិនមែនមានន័យថាការបង្ខំខ្លួនរហូតដល់ទ្រាំលែងបាននោះទេ។ (ភី. ៤:៥) សូមសម្រេចចិត្តអំពីអ្វីដែលអ្នកអាចធ្វើបាន កំណត់គោលដៅធ្វើនោះ និងអធិដ្ឋានឲ្យមានចិត្តស្ងប់។ ជាដំបូង អ្នកអាចមានគោលដៅឆ្លើយមួយដងយ៉ាងខ្លី។
ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងក្រុមជំនុំធំ
៩. ហេតុអ្វីប្រហែលជាពិបាកឆ្លើយនៅក្នុងក្រុមជំនុំធំ?
៩ បើក្រុមជំនុំរបស់អ្នកមានអ្នកផ្សាយច្រើន អ្នកប្រហែលមានការពិបាកផ្សេង។ ប្រហែលជាមានបងប្អូនលើកដៃ ច្រើន រហូតដល់អ្នកដឹកនាំមើលរំលងអ្នកជារឿយៗ។ ជាឧទាហរណ៍ បងស្រីដាញែល cតែងតែចូលចិត្តឆ្លើយនៅកិច្ចប្រជុំ។ គាត់ចាត់ទុកការឆ្លើយជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់គាត់ របៀបលើកទឹកចិត្តអ្នកឯទៀត និងរបៀបពង្រឹងជំនឿរបស់គាត់លើអ្វីដែលគម្ពីរបង្រៀន។ ប៉ុន្តែពេលគាត់បានរើទៅក្រុមជំនុំធំជាង គាត់មិនសូវបានត្រូវហៅឲ្យឆ្លើយទេ ហើយជួនកាលមិនទាំងបានឆ្លើយសូម្បីតែម្ដងក្នុងអំឡុងកិច្ចប្រជុំទាំងមូល។ គាត់និយាយថា៖ «ខ្ញុំមិនស្រណុកក្នុងចិត្តទេ ហើយមានអារម្មណ៍ហាក់ដូចជាខ្ញុំបាត់បង់ឯកសិទ្ធិមួយអ៊ីចឹង។ ពេលនោះកើតឡើងម្ដងហើយម្ដងទៀត ខ្ញុំចាប់ផ្ដើមឆ្ងល់ថាតើនោះជាចេតនាឬមិនមែន»។
១០. តើយើងអាចបង្កើនឱកាសឆ្លើយយ៉ាងដូចម្ដេច?
១០ តើអ្នកធ្លាប់មានអារម្មណ៍ដូចបងដាញែលឬទេ? បើដូច្នេះ អ្នកប្រហែលជាចង់ឈប់ព្យាយាមឆ្លើយ ហើយគ្រាន់តែអង្គុយស្ដាប់កិច្ចប្រជុំ។ ប៉ុន្តែ សូមកុំឈប់ព្យាយាមឡើយ។ តើអ្នកអាចធ្វើអ្វី? អ្នកប្រហែលជាឃើញថាគឺមានប្រយោជន៍ បើអ្នករៀបចំចម្លើយច្រើនសម្រាប់រាល់កិច្ចប្រជុំ។ យ៉ាងនេះ បើអ្នកមិនបានត្រូវជ្រើសរើសឲ្យឆ្លើយនៅដើមដំបូងក្នុងការសិក្សាទេ អ្នកនឹងនៅតែមានឱកាសឆ្លើយនៅពេលក្រោយមកទៀតក្នុងអំឡុងកិច្ចប្រជុំនោះ។ ពេលរៀបចំទស្សនាវដ្ដីប៉មយាមសម្រាប់សិក្សា សូមគិតអំពីរបៀបដែលវគ្គនីមួយៗជាប់ទាក់ទងនឹងបទគម្ពីរជាមូលដ្ឋាននៃអត្ថបទនោះ។ បើអ្នកធ្វើដូច្នេះ អ្នកនឹងទំនងជារកឃើញចម្លើយល្អដើម្បីទុកឆ្លើយក្នុងអំឡុងការសិក្សានោះ។ បន្ថែមទៅទៀត អ្នកអាចរៀបចំចម្លើយនៅវគ្គដែលពិគ្រោះសេចក្ដីបង្រៀនជ្រាលជ្រៅជាងពីគម្ពីរដែលពិបាកពន្យល់ជាង។ (១កូ. ២:១០) ហេតុអ្វី? ពីព្រោះប្រហែលជាមិនសូវមានអ្នកលើកដៃឆ្លើយវគ្គបែបនោះទេ។ ចុះបើអ្នកបានធ្វើតាមយោបល់ទាំងនេះហើយ តែក្រោយពីកិច្ចប្រជុំច្រើនដង អ្នកឃើញថាអ្នកនៅតែមិនមានឱកាសឆ្លើយ? អ្នកអាចនិយាយជាមួយអ្នកដឹកនាំមុនកិច្ចប្រជុំ ហើយប្រាប់គាត់អំពីសំណួរណាដែលអ្នកចង់ឆ្លើយ។
១១. តើភីលីព ២:៤លើកទឹកចិត្តយើងឲ្យធ្វើអ្វី?
១១ សូមអាន ភីលីព ២:៤។ ក្រោមការដឹកនាំរបស់ព្រះ សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកឲ្យយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ តើយើងអាចអនុវត្តយោបល់នេះក្នុងអំឡុងកិច្ចប្រជុំយ៉ាងដូចម្ដេច? គឺដោយចាំថាអ្នកឯទៀតក៏ចង់មានចំណែកដូចយើងដែរ។
១២. តើអ្វីជារបៀបល្អមួយដើម្បីលើកទឹកចិត្តអ្នកឯទៀតនៅកិច្ចប្រជុំ? (សូមមើលរូបភាពផងដែរ)
១២ សូមគិតដូចតទៅនេះ។ ពេលអ្នកសន្ទនាជាមួយមិត្តភក្តិរបស់អ្នក តើអ្នកនឹងនិយាយច្រើនរហូតដល់មិនទុកឱកាសឲ្យពួកគេនិយាយឬទេ? ច្បាស់ជាមិនមែនទេ! អ្នកចង់ឲ្យពួកគេមានចំណែកក្នុងការសន្ទនានោះដែរ។ ស្រដៀងគ្នាដែរ នៅកិច្ចប្រជុំយើងចង់ឲ្យមនុស្សច្រើនបំផុតរួមចំណែកឆ្លើយ។ តាមពិត របៀបល្អបំផុតមួយដើម្បីលើកទឹកចិត្តបងប្អូន គឺដោយផ្ដល់ឱកាសឲ្យពួកគេបង្ហាញជំនឿរបស់ពួកគេ។ (១កូ. ១០:២៤) សូមយើងពិចារណាអំពីរបៀបដែលយើងអាចធ្វើដូច្នេះ។
១៣. តើតាមរបៀបណាយើងអាចឲ្យបងប្អូនច្រើនជាងរួមចំណែកក្នុងការឆ្លើយ?
១៣ របៀបមួយគឺយើងអាចឆ្លើយខ្លី យ៉ាងនេះយើងអាចទុកពេលឲ្យបងប្អូនច្រើនទៀតឆ្លើយដែរ។ ពួកអ្នកចាស់ទុំនិងអ្នកផ្សាយឯទៀតដែលមានបទពិសោធន៍អាចទុកគំរូ។ ទោះជាពេលអ្នកឆ្លើយខ្លីក្ដី សូមជៀសវាងពីការលើកឡើងចំណុចច្រើនពេក។ បើអ្នកឆ្លើយព័ត៌មានទាំងអស់ក្នុងវគ្គ នោះអ្នកឯទៀតនឹងអស់អ្វីឆ្លើយ។ ជាឧទាហរណ៍ ក្នុងវគ្គនេះមានយោបល់ពីរបានត្រូវផ្ដល់ឲ្យគឺឆ្លើយខ្លី និងជៀសវាងពីការលើកឡើងចំណុចច្រើនពេក។ បើអ្នកជាបុគ្គលដំបូងដែលឆ្លើយនៅវគ្គនេះ សូមព្យាយាមឆ្លើយតែមួយចំណុច។
១៤. តើអ្វីអាចជួយយើងឲ្យសម្រេចចិត្តថាយើងនឹងលើកដៃច្រើនប៉ុណ្ណា? (សូមមើលរូបភាពផងដែរ)
១៤ សូមប្រើសមត្ថភាពចេះពិចារណាពេលសម្រេចចិត្តថាអ្នកនឹងឆ្លើយច្រើនប៉ុណ្ណា។ បើយើងលើកដៃញឹកពេក យើងអាចធ្វើឲ្យអ្នកដឹកនាំមានអារម្មណ៍ថាត្រូវតែហៅយើងម្ដងហើយម្ដងទៀត ទោះជាអ្នកឯទៀតមិនទាន់មានឱកាសឆ្លើយក្ដី។ នេះអាចធ្វើឲ្យអ្នកឯទៀតលែងចង់លើកដៃទៀត។—អទ. ៣:៧
១៥. (ក) តើយើងគួរមានប្រតិកម្មយ៉ាងណាបើយើងមិនបានត្រូវហៅ? (ខ) តើអ្នកដឹកនាំអាចបង្ហាញការយកចិត្តទុកដាក់ចំពោះគ្រប់គ្នាយ៉ាងដូចម្ដេច? (សូមមើលប្រអប់ដែលមានចំណងជើងថា « បើអ្នកជាអ្នកដឹកនាំ»)
១៥ ពេលអ្នកផ្សាយជាច្រើននាក់លើកដៃក្នុងអំឡុងពេលសិក្សា យើងប្រហែលជាមិនអាចឆ្លើយច្រើនដូចដែលយើង ចង់នោះទេ។ ជួនកាល អ្នកដឹកនាំប្រហែលជាមិនអាចហៅយើងទាល់តែសោះ។ នេះអាចនាំឲ្យខកចិត្ត។ ប៉ុន្តែសូមព្យាយាមកុំទើសចិត្តពេលមិនបានត្រូវហៅឡើយ។—អទ. ៧:៩
១៦. តើយើងអាចលើកទឹកចិត្តអ្នកដែលឆ្លើយយ៉ាងដូចម្ដេច?
១៦ បើអ្នកមិនអាចឆ្លើយច្រើនដូចដែលអ្នកចង់ សូមស្ដាប់យ៉ាងយកចិត្តទុកដាក់កាលដែលអ្នកឯទៀតឆ្លើយ។ រួចមកក្រោយចប់កិច្ចប្រជុំ សូមសរសើរពួកគេសម្រាប់ចម្លើយរបស់ពួកគេ។ បងប្អូនប្រហែលជាឃើញថាការសរសើររបស់អ្នកគឺលើកទឹកចិត្តដូចចម្លើយរបស់អ្នកដែរ។ (សុភ. ១០:២១) ការសរសើរគឺជារបៀបមួយទៀតដែលយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក។
របៀបផ្សេងទៀតដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក
១៧. (ក) តើតាមរបៀបណាឪពុកម្ដាយអាចជួយកូនរបស់ពួកគេឲ្យរៀបចំចម្លើយដែលសមរម្យ? (ខ) ដូចបានត្រូវបង្ហាញក្នុងវីដេអូ តើមានជំហានបួនយ៉ាងអ្វីដើម្បីរៀបចំចម្លើយ? (សូមមើលកំណត់សម្គាល់ផងដែរ)
១៧ តើយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមកនៅកិច្ចប្រជុំតាមរបៀបណាទៀត? បើអ្នកជាឪពុកឬម្ដាយ សូមជួយកូនតូចៗរបស់អ្នកឲ្យរៀបចំចម្លើយដែលសមនឹងអាយុរបស់ពួកគេ។ (ម៉ាថ. ២១:១៦) ជួនកាល រឿងធ្ងន់ធ្ងរដូចជាបញ្ហាជីវិតគូប្ដីប្រពន្ធឬរឿងសីលធម៌បានត្រូវពិចារណាក្នុងអំឡុងពេលសិក្សា ប៉ុន្តែទំនងជានឹងមានវគ្គមួយឬពីរដែលកូនក្មេងអាចឆ្លើយ។ ម្យ៉ាងទៀត សូមជួយកូនរបស់អ្នកឲ្យយល់អំពីមូលហេតុដែលពួកគេទំនងជានឹងមិនបាន ត្រូវហៅរាល់ដងពេលដែលពួកគេលើកដៃ។ ការពន្យល់អំពីមូលហេតុនេះអាចការពារមិនឲ្យពួកគេខកចិត្ត ពេលដែលអ្នកឯទៀតបានត្រូវជ្រើសរើស ជាជាងពួកគេ។—១ធី. ៦:១៨ d
១៨. តើតាមរបៀបណាយើងអាចជៀសវាងពីការធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍មកលើខ្លួនពេលឆ្លើយ? (សុភាសិត ២៧:២)
១៨ យើងទាំងអស់គ្នាអាចរៀបចំចម្លើយដែលលើកកិត្តិយសព្រះយេហូវ៉ានិងលើកទឹកចិត្តបងប្អូនរួមជំនឿ។ (សុភ. ២៥:១១) យូរៗម្ដង យើងប្រហែលជាឆ្លើយយ៉ាងខ្លីអំពីបទពិសោធន៍ផ្ទាល់ខ្លួន តែយើងគួរជៀសវាងពីការនិយាយច្រើនពេកអំពីខ្លួនឯង។ (សូមអាន សុភាសិត ២៧:២; ២កូ. ១០:១៨) ផ្ទុយទៅវិញ យើងព្យាយាមបន្តផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ា បណ្ដាំរបស់លោក និងរាស្ត្ររបស់លោកទាំងអស់។ (បប. ៤:១១) បើសំណួរសម្រាប់វគ្គណាមួយសួរអំពីយើងផ្ទាល់ គឺសមឲ្យយើងធ្វើដូច្នេះ។ ឧទាហរណ៍អំពីចំណុចនេះគឺមាននៅវគ្គបន្ទាប់ក្នុងអត្ថបទនេះ។
១៩. (ក) ពេលយើងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកចូលរួមទាំងអស់ តើនឹងមានលទ្ធផលអ្វី? (រ៉ូម ១:១១, ១២) (ខ) តើអ្នកចូលចិត្តអ្វីអំពីការឆ្លើយនៅកិច្ចប្រជុំ?
១៩ ទោះជាយើងមិនមានច្បាប់តឹងរ៉ឹងអំពីរបៀបឆ្លើយក្ដី យើងទាំងអស់គ្នាអាចព្យាយាមលើកទឹកចិត្តគ្នាទៅវិញទៅមក។ នេះប្រហែលជាមានន័យថាយើងឆ្លើយច្រើនជាង។ ឬប្រហែលជាមានន័យថាយើងស្កប់ចិត្តនឹងឱកាសដែលយើងមានដើម្បីឆ្លើយ និងយើងសប្បាយដែលអ្នកឯទៀតក៏មានឱកាសឆ្លើយដែរ។ ដោយផ្ដោតអារម្មណ៍ទៅលើការយកចិត្តទុកដាក់ចំពោះអ្នកឯទៀតក្នុងកិច្ចប្រជុំក្រុមជំនុំ យើងទាំងអស់គ្នាអាច«លើកទឹកចិត្តគ្នាទៅវិញទៅមក»។—សូមអាន រ៉ូម ១:១១, ១២
ចម្រៀងលេខ៩៣ សូមឲ្យពរដល់កិច្ចប្រជុំរបស់យើង
a យើងលើកទឹកចិត្តគ្នាទៅវិញទៅមកពេលយើងឆ្លើយនៅកិច្ចប្រជុំ។ ប៉ុន្តែ អ្នកខ្លះភ័យពេលគិតអំពីការឆ្លើយ។ អ្នកខ្លះទៀតចូលចិត្តឆ្លើយ តែចង់ឲ្យអ្នកដឹកនាំហៅពួកគេច្រើនជាង។ ក្នុងស្ថានភាពទាំងពីរនេះ តើយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកតាមរបៀបណា ដើម្បីយើងទាំងអស់គ្នាទទួលការលើកទឹកចិត្ត? តើយើងអាចធ្វើឲ្យចម្លើយរបស់យើងជំរុញចិត្តបងប្អូនឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរយ៉ាងដូចម្ដេច? អត្ថបទនេះនឹងពន្យល់អំពីចំណុចទាំងនេះ។
b ដើម្បីបានយោបល់ថែមទៀត សូមមើលសាឡើងវិញនូវទស្សនាវដ្ដីប៉មយាម ខែមករា ឆ្នាំ២០១៩ ទំ.៨-១៣ និងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ទំ.២៨-៣១។
c ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
d សូមទស្សនាវីដេអូដែលមានចំណងជើងថា ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា ចូររៀបចំចម្លើយសម្រាប់កិច្ចប្រជុំ នៅគេហទំព័រjw.org/km។
f ការពណ៌នាអំពីរូបភាព: នៅក្រុមជំនុំធំ បងប្រុសម្នាក់ដែលបានឆ្លើយរួចហើយផ្ដល់ឱកាសឲ្យអ្នកឯទៀតឆ្លើយដែរ។