លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៩

តើតាមរបៀបណាយើងអាចពង្រឹងជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីពិភពលោកថ្មី?

តើតាមរបៀបណាយើងអាចពង្រឹងជំនឿលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីពិភពលោកថ្មី?

​«​ពេល​[​ព្រះ​យេហូវ៉ា​]​មាន​ប្រសាសន៍​អ្វី​មួយ លោក​នឹង​ធ្វើ​ឲ្យ​កើត​ឡើង មែន​ទេ?​»។—ជប. ២៣:១៩

ចម្រៀង​លេខ​១៤២ ចូរ​រក្សា​សេចក្ដី​សង្ឃឹម​ជា​និច្ច

សេចក្ដី​សង្ខេប a

១​-​២. តើ​យើង​ត្រូវ​ធ្វើ​អ្វី​កាល​ដែល​ទន្ទឹង​រង់​ចាំ​ពិភព​លោក​ថ្មី?

 យើង​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​ជំនួស​របៀប​របប​ពិភព​លោក​នេះ​ទៅ​នឹង​ពិភព​លោក​ថ្មី​ដ៏​សុចរិត។ (​២ពេ. ៣:១៣​) ទោះ​ជា​យើង​មិន​ដឹង​ថា​ពេល​ណា​ពិភព​លោក​ថ្មី​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​ក្ដី មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​យើង​នឹង​មិន​រង់​ចាំ​យូរ​ទៀត​ទេ។—ម៉ាថ. ២៤:៣២​-​៣៤, ៣៦; សកម្ម. ១:៧

ទម្រាំ​ដល់​ពេល​នោះ មិន​ថា​យើង​បាន​នៅ​ក្នុង​សេចក្ដី​ពិត​យូរ​យ៉ាង​ណា​ក្ដី យើង​ទាំង​អស់​គ្នា​ត្រូវ​ពង្រឹង​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​នោះ។ ហេតុ​អ្វី? ពីព្រោះ​សូម្បី​តែ​ជំនឿ​រឹង​មាំ​ក៏​អាច​ចុះ​ខ្សោយ​បាន​ដែរ។ តាម​ពិត សាវ័ក​ប៉ូល​បាន​ហៅ​ការ​ខ្វះ​ជំនឿ​ថា​៖ ​«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»។ (​ហេ. ១២:១​) ដើម្បី​ការ​ពារ​ជំនឿ​របស់​យើង​មិន​ឲ្យ​ចុះ​ខ្សោយ យើង​ត្រូវ​ពិចារណា​ជា​ទៀង​ទាត់​អំពី​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ពិភព​លោក​ថ្មី​នឹង​ទៅ​ជា​ការ​ពិត​នៅ​ឆាប់​ៗ​ខាង​មុខ​នេះ។—ហេ. ១១:១

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​បី​យ៉ាង​ដែល​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ពិភព​លោក​ថ្មី​គឺ​៖ (​១​) ដោយ​រំពឹង​គិត​អំពី​ថ្លៃ​លោះ (​២​) ដោយ​គិត​អំពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា និង​(​៣​) ដោយ​ចំណាយ​ពេល​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ដំណឹង​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ហាបាគុក​ពង្រឹង​ជំនឿ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​ដំបូង សូម​យើង​ពិចារណា​អំពី​ស្ថានភាព​ខ្លះ​ដែល​យើង​ប្រហែល​ជា​ជួប​ប្រទះ​នៅ​ឥឡូវ​នេះ ដែល​តម្រូវ​ឲ្យ​មាន​ជំនឿ​រឹង​មាំ​លើ​សេចក្ដី​សន្យា​អំពី​ពិភព​លោក​ថ្មី​ដែល​នឹង​មក​ដល់។

ស្ថានភាព​ដែល​តម្រូវ​ឲ្យមាន​ជំនឿ​រឹង​មាំ

៤. តើ​ការ​សម្រេច​ចិត្ត​អ្វី​ខ្លះ​តម្រូវ​ឲ្យ​មាន​ជំនឿ​រឹង​មាំ?

រាល់​ថ្ងៃ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​តម្រូវ​ឲ្យ​មាន​ជំនឿ​រឹង​មាំ។ ជា​ឧទាហរណ៍ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​គួរ​សេព​គប់​អ្នក​ណា ជ្រើស​រើស​ការ​កម្សាន្ត​បែប​ណា ទទួល​ការ​អប់រំ​យ៉ាង​ណា គួរ​រៀប​ការ​ជា​មួយ​អ្នក​ណា យក​កូន​ឬ​មិន​យក និង​ជ្រើស​រើស​ការ​ងារ​បែប​ណា។ ជា​ការ​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​យើង​នូវ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ‹តើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ជឿ​ជាក់​ថា​របៀប​របប​ពិភព​លោក​នេះ​គឺ​បណ្ដោះ​អាសន្ន ហើយ​មិន​យូរ​ទៀត​នឹង​ជំនួស​ដោយ​ពិភព​លោក​ថ្មី​របស់​ព្រះ​ឬ​ទេ? ឬ​ក៏​តើ​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​តាម​មនុស្ស​ដែល​គិត​ថា​សប្បាយ​ឲ្យ​ហើយ​ទាន់​នៅ​រស់ ព្រោះ​បើ​ស្លាប់​អ្វី​ៗ​ក៏​ចប់​ដែរ?›។ (​ម៉ាថ. ៦:១៩, ២០; លូក. ១២:១៦​-​២១​) យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត បើ​យើង​ពង្រឹង​ជំនឿ​របស់​យើង​ថា​ពិភព​លោក​ថ្មី​គឺ​ជិត​ណាស់​ហើយ។

៥​-​៦. ហេតុ​អ្វី​យើង​ត្រូវ​ការ​ជំនឿ​រឹង​មាំ​ពេល​មាន​ទុក្ខ​លំបាក? សូម​លើក​ឧទាហរណ៍។

យើង​ក៏​ជួប​ទុក្ខ​លំបាក​ផ្សេង​ៗ​ដែល​តម្រូវ​ឲ្យ​មាន​ជំនឿ​រឹង​មាំ។ យើង​ប្រហែល​ជា​ជួប​ការ​បៀតបៀន ជំងឺ​ធ្ងន់​ធ្ងរ ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត។ ដំបូង​យើង​ប្រហែល​ជា​គិត​ថា ‹ខ្ញុំ​អាច​ទ្រាំ​នឹង​បញ្ហា​នេះ​បាន›។ ប៉ុន្តែ បញ្ហា​ដូច​នេះ​ច្រើន​តែ​អូស​បន្លាយ​អស់​រយៈ​ពេល​យូរ។ ដូច្នេះ យើង​នឹង​ត្រូវ​មាន​ជំនឿ​រឹង​មាំ​ដើម្បី​ស៊ូ​ទ្រាំ​និង​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ។—រ៉ូម ១២:១២; ១ពេ. ១:៦, ៧

ពេល​មាន​ទុក្ខ​លំបាក យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពិភព​លោក​ថ្មី​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​មក​ឆាប់​ៗ​ទេ។ តើ​នេះ​មាន​ន័យ​ថា​យើង​មាន​ជំនឿ​ខ្សោយ​ឬ? មិន​តែង​តែ​ដូច្នេះ​ទេ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ក្នុង​អំឡុង​ពេល​រដូវ​ប្រាំង​ដែល​ក្ដៅ​ខ្លាំង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​រដូវ​វស្សា​នៅ​យូរ​ទៀត។ ប៉ុន្តែ យើង​ដឹង​ថា​វា​នឹង​មក។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពិភព​លោក​ថ្មី​នឹង​មិន​មក​ឆាប់​ៗ​ទេ។ ប៉ុន្តែ បើ​ជំនឿ​របស់​យើង​រឹង​មាំ យើង​ដឹង​ថា​ពិភព​លោក​ថ្មី​នឹង​មក​មិន​ខាន ព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ហើយ។ (​ចសព. ៩៤:៣, ១៤, ១៥; ហេ. ៦:១៧​-​១៩​) ដោយ​មាន​ទំនុក​ចិត្ត​បែប​នេះ យើង​អាច​បន្ដ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

៧. តើ​យើង​ត្រូវ​ជៀស​វាង​ពី​ការ​គិត​បែប​ណា?

យើង​ក៏​ត្រូវ​ការ​ជំនឿ​រឹង​មាំ​ដើម្បី​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ មនុស្ស​ជា​ច្រើន​ដែល​យើង​ផ្សព្វ​ផ្សាយ​ឲ្យ មាន​អារម្មណ៍​ថា​«​ដំណឹង​ល្អ​»​អំពី​ពិភព​លោក​ថ្មី​របស់​ព្រះ​ដែល​នៅ​ឆាប់​ៗ​ខាង​មុខ​គឺ​ល្អ​ពេក​ហួស​ពី​ការ​ពិត។ (​ម៉ាថ. ២៤:១៤; អេគ. ៣៣:​៣២​) យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​កើត​ចិត្ត​សង្ស័យ​ដូច​ពួក​គេ​ទៅ​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ឡើយ។ ដើម្បី​ការ​ពារ​មិន​ឲ្យ​នេះ​កើត​ឡើង យើង​ត្រូវ​បន្ដ​ពង្រឹង​ជំនឿ​របស់​យើង។ សូម​យើង​ពិចារណា​អំពី​របៀប​បី​យ៉ាង​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

ចូរ​រំពឹង​គិត​អំពី​ថ្លៃ​លោះ

៨​-​៩. តើ​ការ​រំពឹង​គិត​អំពី​ថ្លៃ​លោះ​អាច​ពង្រឹង​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

របៀប​ទី​១​ដែល​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​គឺ​ដោយ​រំពឹង​គិត​អំពី​ថ្លៃ​លោះ។ ថ្លៃ​លោះ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ក្លាយ​ជា​ការ​ពិត។ ពេល​យើង​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​មូលហេតុ​ដែល​ព្រះ​ផ្ដល់​ថ្លៃ​លោះ និង​ការ​លះ​បង់​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា យើង​ពង្រឹង​ជំនឿ​របស់​យើង​ថា​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​ពិភព​លោក​ដែល​ល្អ​ប្រសើរ​ជាង នឹង​សម្រេច​ជា​មិន​ខាន។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ?

ស្ដី​អំពី​ថ្លៃ​លោះ តើ​ព្រះ​យេហូវ៉ា​បាន​លះ​បង់​អ្វី? លោក​បាន​ចាត់​បុត្រ​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់​របស់​លោក​ដែល​ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ​បំផុត​ពី​ស្ថាន​សួគ៌ ដើម្បី​កើត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ពេល​នៅ​ផែនដី លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​គ្រប់​សព្វ។ បន្ទាប់​មក លោក​បាន​រង​ទុក្ខ​និង​ស្លាប់​ទាំង​ឈឺ​ចាប់។ ព្រះ​យេហូវ៉ា​បាន​បង់​តម្លៃ​ដ៏​ខ្ពស់! ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​មិន​អនុញ្ញាត​ឲ្យ​បុត្រ​របស់​លោក​រង​ទុក្ខ​និង​ស្លាប់ គ្រាន់​តែ​ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត​ល្អ​ប្រសើរ​ជាង​សម្រាប់​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ទេ។ (​យ៉ូន. ៣:១៦; ១ពេ. ១:១៨, ១៩​) ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុត្រ​ដ៏​មាន​តម្លៃ​របស់​លោក​ដើម្បី​ជួយ​យើង លោក​នឹងធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​អាច​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី។

ចូរ​រំពឹង​គិត​អំពីឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា

១០. យោង​ទៅ​តាម​អេភេសូរ ៣:២០ តើ​ព្រះ​យេហូវ៉ា​អាច​ធ្វើ​អ្វី?

១០ របៀប​ទី​២​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​គឺ​ដោយ​គិត​អំពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា។ លោក​មាន​ឫទ្ធានុភាព​ដើម្បី​សម្រេច​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ ពិត​មែន មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​អារម្មណ៍​ថា យើង​មិន​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ក្នុង​ពិភព​លោក​ថ្មី​ទេ។ ប៉ុន្តែ​ជា​រឿយ​ៗ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ដែល​មនុស្ស​មិន​អាច​សម្រេច​បាន។ នេះ​គឺ​ដោយ​សារ​លោក​គឺ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ (​យ៉ូប ៤២:២; ម៉ាក. ១០:២៧​) ដូច្នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ពេល​លោក​សន្យា​អ្វី​ដ៏​អស្ចារ្យ​សម្រាប់​យើង!—សូម​អាន អេភេសូរ ៣:២០

១១. សូម​លើក​ឧទាហរណ៍​អំពី​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​មួយ​របស់​ព្រះ។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ សេចក្ដី​សន្យា​ខ្លះ​ដ៏​អស្ចារ្យ​បាន​ត្រូវ​សម្រេច​»​)

១១ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​រាស្ត្រ​របស់​លោក​នៅ​អតីតកាល​ដែល​មើល​ទៅ​មិន​អាច​កើត​ឡើង។ លោក​បាន​ប្រាប់​អាប្រាហាំ​និង​សារ៉ា​ថា​ពួក​គាត់​នឹង​មាន​កូន​ប្រុស​ម្នាក់ នៅ​ពេល​ដែល​ពួក​គាត់​មាន​វ័យ​ចាស់។ (​ដក. ១៧:​១៥​-​១៧​) លោក​ក៏​បាន​ប្រាប់​អាប្រាហាំ​ថា កូន​ចៅ​របស់​គាត់​នឹង​ទទួល​ទឹក​ដី​កាណាន។ ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​កូន​ចៅ​របស់​អាប្រាហាំ​គឺ​ជន​ជាតិ​អ៊ីស្រាអែល បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប ច្បាស់​ជា​មើល​ទៅ​ហាក់​ដូច​ជា​សេចក្ដី​សន្យា​នោះ​នឹង​មិន​ក្លាយ​ជា​ការ​ពិត​ទេ។ ប៉ុន្តែ​សេចក្ដី​សន្យា​នោះ​បាន​សម្រេច​មែន។ នៅ​ពេល​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថា​អេលីសាបិត​ដែល​ជា​ស្ត្រី​វ័យ​ចាស់​នឹង​មាន​កូន​ម្នាក់។ លោក​ក៏​បាន​ប្រាប់​ម៉ារៀ​ដែល​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ថា​នាង​នឹង​បង្កើត​បុត្រ​របស់​លោក។ នេះ​សម្រេច​សេចក្ដី​សន្យា​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អស់​រាប់​ពាន់​ឆ្នាំ​មុន​ក្នុង​សួន​អេដែន។—ដក. ៣:១៥

១២. តើ​យ៉ូស្វេ ២៣:១៤ និង​អេសាយ ៥៥:១០, ១១​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​យ៉ាង​ណា​អំពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា?

១២ ពេល​យើង​គិត​អំពី​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា និង​របៀប​ដែល​លោក​បាន​សម្រេច​សេចក្ដី​សន្យា​ទាំង​នោះ យើង​យល់​ថា​លោក​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។ យ៉ាង​នេះ ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​អំពី​ពិភព​លោក​ថ្មី​នឹង​កាន់​តែ​រឹង​មាំ​ឡើង។ (​សូម​អាន យ៉ូស្វេ ២៣:១៤; អេសាយ ៥៥:១០, ១១) នេះ​ជួយ​យើង​ឲ្យត្រៀម​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​ជាង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​ថា សេចក្ដី​សន្យា​អំពី​ពិភព​លោក​ថ្មី​មិន​មែន​ជា​ការ​យល់សប្ដិ​ឬ​ការ​ស្រមើ​ស្រមៃ​នោះ​ទេ។ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ប្រាប់​អំពី​មេឃ​ថ្មី​និង​ផែនដី​ថ្មី​ថា​៖ ​«​ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់​»។—បប. ២១:១,

ចូរ​ចំណាយ​ពេល​ក្នុង​សកម្មភាពខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ

កិច្ច​ប្រជុំ​ក្រុម​ជំនុំ

តើ​សកម្មភាព​នេះអាច​ពង្រឹង​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៣​)

១៣. តើ​កិច្ច​ប្រជុំ​អាច​ពង្រឹង​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៣ របៀប​ទី​៣​ដែល​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​គឺ​ដោយ​ចំណាយ​ពេល​ក្នុង​សកម្មភាព​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ បង​ស្រី​អាណា bដែល​នៅ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ផ្នែក​ផ្សេង​ៗ​អស់​ជា​ច្រើន​ឆ្នាំ​និយាយ​ថា​៖ ​«​កិច្ច​ប្រជុំ​ជួយ​ខ្ញុំ​ឲ្យ​រក្សា​ជំនឿ​រឹង​មាំ។ ទោះ​ជា​អ្នក​ថ្លែង​មិន​សូវ​ពូកែ​បង្រៀន​ឬ​មិន​លើក​ចំណុច​ថ្មី​ក្ដី ខ្ញុំ​ច្រើន​តែ​ឮ​អ្វី​ដែល​ជួយ​ខ្ញុំ​ឲ្យ​យល់​គម្ពីរ​ច្បាស់​ជាង ហើយ​នោះ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​»។ ជំនឿ​របស់​យើង​ក៏​អាច​រឹង​មាំ​ជាង​ដែរ ពេល​យើង​ស្ដាប់​ចម្លើយ​របស់​បង​ប្អូន​នៅ​កិច្ច​ប្រជុំ។—រ៉ូម ១:១១, ១២; ១០:១៧

កិច្ច​បម្រើ​ផ្សាយ

តើ​សកម្មភាព​នេះអាច​ពង្រឹង​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៤​)

១៤. តើ​កិច្ច​បម្រើ​ផ្សាយ​ពង្រឹង​ជំនឿ​របស់​យើង​តាម​របៀប​ណា?

១៤ យើង​ក៏​ពង្រឹង​ជំនឿ​របស់​យើង​ពេល​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​ហេ. ១០:២៣​) បង​ស្រី​បាបារ៉ា​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជាង​៧០​ឆ្នាំ​និយាយ​ថា​៖ ​«​ខ្ញុំ​តែង​តែ​ឃើញ​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ។ កាល​ដែល​ខ្ញុំ​កាន់​តែ​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​កាន់​តែ​មាន​ជំនឿ​រឹង​មាំ​ឡើង​»។

ការ​សិក្សា​ផ្ទាល់​ខ្លួន

តើ​សកម្មភាព​នេះអាច​ពង្រឹង​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៥​)

១៥. តើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ពង្រឹង​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ មាន​អ្វី​មួយ​ទៀត​ដែល​ពង្រឹង​ជំនឿ​របស់​យើង​គឺ​៖ ការ​សិក្សា​ផ្ទាល់​ខ្លួន។ បង​ស្រី​ស៊ូសាន​និយាយ​ថា ពេល​គាត់​រៀបចំ​កាល​វិភាគ​សិក្សា នោះ​ជួយ​គាត់។ គាត់​ថា​៖ ​«​នៅ​ថ្ងៃ​អាទិត្យ ខ្ញុំ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​សិក្សា​នៅ​សប្តាហ៍​បន្ទាប់។ នៅ​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ ខ្ញុំ​រៀបចំ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ ថ្ងៃ​ផ្សេង​ទៀត ខ្ញុំ​សិក្សា​ផ្ទាល់​ខ្លួន​»។ ដោយ​សារ​បង​ស៊ូសាន​តែង​តែ​ធ្វើ​តាម​កាល​វិភាគ​សិក្សា​របស់​គាត់ គាត់​បន្ដ​ពង្រឹង​ជំនឿ​របស់​គាត់។ បង​ស្រី​អៃរីន​ដែល​បាន​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​អស់​ជា​ច្រើន​ទសវត្សរ៍​បាន​ឃើញ​ថា ការ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ពង្រឹង​ជំនឿ​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​កោត​ស្ងើច​ចំពោះ​របៀប​ដែល​ទំនាយ​របស់​ព្រះ​យេហូវ៉ា​សម្រេច​យ៉ាង​ល្អិត​ល្អន់​»។ c

នោះ​«​នឹង​មក​ជា​ពិត​»​

១៦. ហេតុ​អ្វី​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ដែល​ពង្រឹង​ទំនុក​ចិត្ត​ហាបាគុក​ជាប់​ទាក់​ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ? (​ហេប្រឺ ១០:៣៦, ៣៧​)

១៦ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​បាន​រង់​ចាំ​អស់​រយៈ​ពេល​យូរ​ឲ្យ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់។ មនុស្ស​ខ្លះ​គិត​ថា​ការ​មក​ដល់​នៃ​ទី​បញ្ចប់​គឺ​នៅ​យូរ​ពេក។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ដឹង​អំពី​អារម្មណ៍​របស់​អ្នក​បម្រើ​លោក។ តាម​ពិត លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ប្រកាស​ទំនាយ​ហាបាគុក​ថា​៖ ​«​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​គំនិត​នោះ មិន​ទាន់​ដល់​គ្រា​កំណត់​នៅ​ឡើយ ហើយ​អ្វី​ដែល​អ្នក​ឃើញ​នោះ​នឹង​កើត​ឡើង​យ៉ាង​ឆាប់ គឺ​មិន​កុហក​ឡើយ។ ទោះ​ជា​មើល​ទៅ​ដូច​ជា​ពន្យារ​ពេល​ក្ដី ចូរ​បន្ត​រង់​ចាំ​ដោយ​ចិត្ត​រំភើប​ចុះ! ព្រោះ​នឹង​មក​ជា​ពិត ឥត​យឺត​ឡើយ!​»។ (​ហាប. ២:៣​) តើ​ព្រះ​បាន​ផ្ដល់​ទំនុក​ចិត្ត​បែប​នេះ​សម្រាប់​តែ​ហាបាគុក​ឬ? ឬ​តើ​ប្រសាសន៍​របស់​លោក​ជាប់​ទាក់​ទង​នឹង​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ? ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​សំដៅ​ពាក្យ​ទាំង​នោះ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​ទន្ទឹង​រង់​ចាំ​ពិភព​លោក​ថ្មី។ (​សូម​អាន ហេប្រឺ ១០:​៣៦, ៣៧) ពិត​មែន យើង​អាច​ប្រាកដ​ថា​ទោះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា​លោក​នឹង​សង្គ្រោះ​យើង មើល​ទៅ​បង្អែ​បង្អង់​ក្ដី នោះ​«​នឹង​មក​ជា​ពិត ឥត​យឺត​ឡើយ!​»។

១៧. តើ​បង​ស្រី​ម្នាក់​បាន​ធ្វើ​តាម​យោបល់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ទៅ​ហាបាគុក​យ៉ាង​ដូច​ម្ដេច?

១៧ អ្នក​បម្រើ​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​យោបល់​របស់​លោក​ដែល​ឲ្យ​«​បន្ត​រង់​ចាំ​ដោយ​ចិត្ត​រំភើប​»​ ទោះ​ជា​ពួក​គេ​បាន​រង់​ចាំ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី។ ជា​ឧទាហរណ៍ បង​ស្រី​ឡូអ៊ីស​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩៣៩។ គាត់​និយាយ​ថា​៖ ​«​នៅ​ពេល​នោះ ខ្ញុំ​បាន​គិត​ថា​អាម៉ាគេដូន​នឹង​មក​ដល់​មុន​ខ្ញុំ​រៀន​ចប់​វិទ្យាល័យ ប៉ុន្តែ​នេះ​មិន​បាន​កើត​ឡើង​ទេ។ អស់​ជា​ច្រើន​ឆ្នាំ ពេល​ខ្ញុំ​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​មនុស្ស​ដែល​បាន​រង់​ចាំ​ព្រះ​យេហូវ៉ា​ឲ្យ​សម្រេច​សេចក្ដី​សន្យា​របស់​លោក នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​រង់​ចាំ​ដែរ។ ខ្ញុំ​អាន​អំពី​ណូអេ អាប្រាហាំ យ៉ូសែប និង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​យូរ​មុន​ទទួល​រង្វាន់​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។ ការ​បន្ដ​រង់​ចាំ​ដោយ​ចិត្ត​រំភើប​បាន​ជួយ​ខ្ញុំ​និង​អ្នក​ឯ​ទៀត​ឲ្យ​ជឿ​ជាក់​ថា​ពិភព​លោក​ថ្មី​គឺ​ជិត​ណាស់​ហើយ​»។ បង​ប្អូន​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​យូរ​មក​ហើយ​ក៏​យល់​ស្រប​ដែរ!

១៨. តើ​តាម​របៀប​ណា​ការ​សង្កេត​មើល​ការ​បង្កើត​អាច​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ពិភព​លោក​ថ្មី​ដែល​នឹង​មក​ដល់?

១៨ ពិត​មែន​ថា​ពិភព​លោក​ថ្មី​មិន​ទាន់​មក​ដល់​ទេ ប៉ុន្តែ​សូម​គិត​អំពី​អ្វី​មួយ​ចំនួន​ដែល​មាន​រួច​ហើយ​ដូច​ជា​ដួង​តារា ដើម​ឈើ សត្វ និង​មនុស្សជាតិ។ គ្មាន​អ្នក​ណា​នឹង​សង្ស័យ​ថា​អ្វី​ទាំង​អស់​នេះ​មិន​ពិត​នោះ​ទេ ទោះ​ជា​មាន​ពេល​វេលា​ដែល​អ្វី​ទាំង​នេះ​មិន​ទាន់​មាន​ក៏​ដោយ។ សព្វ​ថ្ងៃ​នេះ មាន​អ្វី​ទាំង​នេះ​ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បង្កើត​វា។ (​ដក. ១:១, ២៦, ២៧​) ព្រះ​របស់​យើង​ក៏​បាន​សន្យា​ថា​លោក​នឹង​បង្កើត​ពិភព​លោក​ថ្មី ហើយ​លោក​នឹង​សម្រេច​សេចក្ដី​សន្យា​នោះ។ ក្នុង​ពិភព​លោក​ថ្មី មនុស្ស​នឹង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។ យើង​អាច​ប្រាកដ​ថា​ពិភព​លោក​ថ្មី​នឹង​មក​នៅ​ពេល​កំណត់​របស់​ព្រះ។—អេ. ៦៥:១៧; បប. ២១:៣, ៤

១៩. តើ​អ្នក​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

១៩ ទម្រាំ​ដល់​ពេល​នោះ សូម​ប្រើ​គ្រប់​ឱកាស​ដែល​អ្នក​មាន ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក។ សូម​មាន​ចិត្ត​កតញ្ញូ​ជា​និច្ច​ចំពោះ​ថ្លៃ​លោះ។ សូម​គិត​អំពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា។ សូម​ចំណាយ​ពេល​ក្នុង​សកម្មភាព​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​នៅ​ក្នុង​ចំណោម​«​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ជា​មត៌ក ដោយ​សារ​ពួក​គេ​មាន​ជំនឿ​និង​ចិត្ត​អត់​ធ្មត់​»។—ហេ. ៦:១១, ១២; រ៉ូម ៥:៥

ចម្រៀង​លេខ​១៣៩ សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី

a មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ជឿ​លើ​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​ពិភព​លោក​ថ្មី​ទេ។ ពួក​គេ​គិត​ថា​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ ជា​រឿង​និទាន ឬ​ជា​អ្វី​ដែល​ល្អ​ពេក​មិន​អាច​ក្លាយ​ជា​ការ​ពិត​បាន​ឡើយ។ ប៉ុន្តែ យើង​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សម្រេច។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​នៅ​តែ​ត្រូវ​ខំ​រក្សា​ជំនឿ​របស់​យើង​ឲ្យ​រឹង​មាំ។ តើ​តាម​របៀប​ណា? ក្នុង​អត្ថបទ​នេះ​នឹង​មាន​ការ​ពន្យល់។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

c មាន​អត្ថបទ​ជា​ច្រើន​អំពី​ទំនាយ​ក្នុង​គម្ពីរ​នៅ​ក្នុង​សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា ក្រោម​ផ្នែក​«​ទំនាយ​»។ ជា​ឧទាហរណ៍ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​‹ពេល​កំណត់​និង​រដូវ​កាល›​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១២។