លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៥

តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូ?

តើយើងអាចរៀនអ្វីពីអព្ភូតហេតុរបស់លោកយេស៊ូ?

​«​លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ក្រុង​គ្រប់​ភូមិ ដោយ . . . ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​និង​រោគា​គ្រប់​យ៉ាង​»។—ម៉ាថ. ៩:៣៥

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

សេចក្ដី​សង្ខេប a

១. សូម​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដំបូង​របស់​លោក។

 សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នា​ចុង​ឆ្នាំ​២៩ គ.ស. នៅ​ទី​ចាប់​ផ្ដើម​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។ លោក​យេស៊ូ​និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក ព្រម​ទាំង​ពួក​អ្នក​កាន់​តាម​ខ្លះ​របស់​លោក​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ភូមិ​កាណា​ដែល​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​ណាសារ៉ែត ជា​ស្រុក​កំណើត​របស់​លោក​យេស៊ូ។ ម៉ារៀ​ជា​មិត្ត​ភក្ដិ​របស់​ក្រុម​គ្រួសារ​កូន​កំលោះ​កូន​ក្រមុំ​នោះ ហើយ​តាម​មើល​ទៅ​គាត់​ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ​ចំពោះ​ភ្ញៀវ។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ពិធី​នោះ ស្រា​បាន​អស់។ នោះ​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​នោះ​និង​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង​អៀន​ខ្មាស​ជា​ខ្លាំង។ b ប្រហែល​ជា​ចំនួន​ភ្ញៀវ​ច្រើន​ជាង​ការ​រំពឹង​ទុក។ ភ្លាម​ៗ​នោះ ម៉ារៀ​បាន​ទៅ​ប្រាប់​កូន​ប្រុស​របស់​គាត់ ហើយ​និយាយ​ថា​៖ ​«​ពួក​គេ​អស់​ស្រា​ហើយ​»។ (​យ៉ូន. ២:១​-​៣​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? លោក​បាន​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​មួយ គឺ​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​«​ស្រា​ដែល​មាន​គុណភាព​ល្អ​»។—យ៉ូន. ២:៩, ១០

២​-​៣. (​ក​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​អ្វី​ខ្លះ? (​ខ​)​ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ពិចារណា​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?

លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​ទៀត​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក។ c លោក​បាន​ប្រើ​ឫទ្ធានុភាព​របស់​លោក​ក្នុង​ការ​ធ្វើ​អព្ភូតហេតុ​ដើម្បី​ជួយ​មនុស្ស​រាប់​ម៉ឺន​នាក់។ ជា​ឧទាហរណ៍ គ្រាន់​តែ​គិត​អំពី​អព្ភូតហេតុ​ពីរ​របស់​លោក​គឺ​ការ​ផ្ដល់​អាហារ​ដល់​បុរស​៥.០០០​នាក់ ហើយ​ក្រោយ​មក​ដល់​បុរស​៤.០០០​នាក់ នោះ​ប្រហែល​ជា​សរុប​ទៅ​មាន​មនុស្ស​ចំនួន​ជាង​២៧.០០០​នាក់​បើ​យើង​រាប់​ស្ត្រី​និង​កូន​ក្មេង​ដែល​នៅ​ទី​នោះ​ដែរ។ (​ម៉ាថ. ១៤:១៥​-​២១; ១៥:៣២​-​៣៨​) នៅ​ពេល​ទាំង​ពីរ​នោះ លោក​យេស៊ូ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​ឈឺ​ជា​សះ​ស្បើយ។ (​ម៉ាថ. ១៤:១៤; ១៥:៣០, ៣១​) សូម​ស្រមៃ​គិត​ថា​បណ្ដា​ជន​កោត​ស្ងើច​យ៉ាង​ណា​ចំពោះ​អព្ភូតហេតុ​របស់​លោក​យេស៊ូ គឺ​ការ​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​និង​ការ​ដែល​លោក​ផ្ដល់​អាហារ​ដល់​ពួក​គេ។

យើង​អាច​រៀន​ច្រើន​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​នៅ​សព្វ​ថ្ងៃ​នេះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មេ​រៀន​ដែល​ពង្រឹង​ជំនឿ​របស់​យើង​ពី​អព្ភូតហេតុ​ទាំង​នោះ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ត​រាប​ទាប និង​សេចក្ដី​អាណិត​មេត្តា​ដូច​លោក​យេស៊ូ​ពេល​ដែល​លោក​ធ្វើ​អព្ភូតហេតុ។

មេ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ

៤. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​មេ​រៀន​ដែល​យើង​រៀន​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?

អព្ភូតហេតុ​របស់​លោក​យេស៊ូ​បង្រៀន​យើង​នូវ​មេ​រៀន​ដែល​ពង្រឹង​ជំនឿ​របស់​យើង មិន​គ្រាន់​តែ​អំពី​លោក​ប៉ុណ្ណោះ​ទេ តែ​ក៏​អំពី​បិតា​របស់​លោក​ដែរ។ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ប្រភព​ពិត​នៃ​អព្ភូតហេតុ​ទាំង​នោះ។ សកម្មភាព ១០:៣៨ ប្រាប់​យើង​ថា​៖ ​«​ព្រះ​បាន​រើស​តាំង​លោក​[​យេស៊ូ​]​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​និង​ឫទ្ធិ​អំណាច។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ដោយ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​មេ​កំណាច​បៀតបៀន​បាន​ជា​សះ​ស្បើយ ពីព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​លោក​»។ សូម​ចាំ​ដែរ​ថា ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ធ្វើ​និង​បាន​មាន​ប្រសាសន៍ រួម​ទាំង​អព្ភូតហេតុ​របស់​លោក លោក​បាន​បង្ហាញ​អារម្មណ៍​និង​មាន​របៀប​គិត​គូរ​ដូច​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ (​យ៉ូន. ១៤:៩​) សូម​ពិចារណា​អំពី​មេ​រៀន​បី​ដែល​យើង​អាច​រៀន​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ។

៥. តើ​អ្វី​បាន​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ធ្វើ​អព្ភូតហេតុ? (​ម៉ាថាយ ២០:​៣០​-​៣៤​)

ទី​១ លោក​យេស៊ូ​និង​បិតា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ កាល​ដែល​នៅ​ផែនដី លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក​ចំពោះ​មនុស្ស ដោយ​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជួយ​ពួក​អ្នក​ដែល​រង​ទុក្ខ។ នៅ​ពេល​មួយ បុរស​ងងឹត​ភ្នែក​ពីរ​នាក់​បាន​ស្រែក​ឡើង​សុំ​ជំនួយ​ពី​លោក។ (​សូម​អាន ម៉ាថាយ ២០:៣០​-​៣៤) សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​«​មាន​ចិត្ត​ក្ដួល​អាណិត​»​ ហើយ​បន្ទាប់​មក​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ កិរិយាសព្ទ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​នៅ​ទី​នេះ​ថា​«​មាន​ចិត្ត​ក្ដួល​អាណិត​»​បញ្ជាក់​ថា​លោក​យេស៊ូ​ឈឺ​ចិត្ត​ជា​ពន់​ពេក​ពេល​ឃើញ​បុរស​នេះ​រង​ទុក្ខ។ សេចក្ដី​អាណិត​មេត្តា​បែប​នេះ​ដែល​ជា​របៀប​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស ក៏​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​ផ្ដល់​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ហើយ​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ឃ្លង់​ជា​សះ​ស្បើយ។ (​ម៉ាថ. ១៥:៣២; ម៉ាក. ១:៤១​) យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​«​សេចក្ដី​អាណិត​មេត្តា​»​និង​បុត្រ​របស់​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ឈឺ​ចាប់​ពេល​ដែល​យើង​រង​ទុក្ខ។ (​លូក. ១:៧៨; ១ពេ. ៥:៧​) លោក​ទាំង​ពីរ​ពិត​ជា​ចង់​បំបាត់​ចោល​បញ្ហា​ទាំង​អស់​ដែល​មាន​ឥទ្ធិពល​លើ​មនុស្សជាតិ។

៦. តើ​ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ធ្វើ​អ្វី?

ទី​២ ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ។ ពេល​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ លោក​បាន​បង្ហាញ​ថា​លោក​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង។ ជា​ឧទាហរណ៍ លោក​មាន​ឫទ្ធានុភាព​ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​ដែល​យើង​បាន​ទទួល ដែល​ជា​ដើម​ហេតុ​នៃ​បញ្ហា​របស់​យើង ហើយ​ពី​លទ្ធផល​នៃ​ភាព​ខុស​ឆ្គង​នោះ​ដែល​រួម​មាន​ជំងឺ​និង​សេចក្ដី​ស្លាប់។ (​ម៉ាថ. ៩:១​-​៦; រ៉ូម ៥:១២, ១៨, ១៩​) អព្ភូតហេតុ​របស់​លោក​បង្ហាញ​ថា​លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​«​គ្រប់​ប្រភេទ​»​ ហើយ​ថែម​ទាំង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (​ម៉ាថ. ៤:២៣; យ៉ូន. ១១:៤៣, ៤៤​) លោក​ក៏​មាន​ឫទ្ធានុភាព​ដើម្បី​គ្រប់​គ្រង​ខ្យល់​ព្យុះ​ដ៏​ខ្លាំង ហើយ​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​ឥទ្ធិពល​នៃ​ពួក​វិញ្ញាណ​អាក្រក់។ (​ម៉ាក. ៤:៣៧​-​៣៩; លូក. ៨:២​) ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​បែប​នេះ​ដល់​បុត្រ​របស់​លោក គឺ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់!

៧​-​៨. (​ក​) តើ​អព្ភូតហេតុ​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​អ្វី? (​ខ​) តើ​អ្នក​ទន្ទឹង​រង់​ចាំ​អព្ភូតហេតុ​អ្វី​ក្នុង​ពិភព​លោក​ថ្មី?

ទី​៣ យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​ពរ​នៅ​ថ្ងៃ​អនាគត​ក្រោម​រាជាណាចក្រ​ព្រះ​នឹង​ក្លាយ​ជា​ការ​ពិត។ អព្ភូតហេតុ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​កាល​ដែល​នៅ​ផែនដី បង្រៀន​យើង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ទូទាំង​ផែនដី​ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ។ សូម​គិត​អំពី​អ្វី​ដែល​យើង​នឹង​ទទួល​មិន​យូរ​ទៀត​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត។ យើង​នឹង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ ដោយ​សារ​លោក​នឹង​បំបាត់​ចោល​ជំងឺ​និង​ពិការភាព​ទាំង​អស់​ដែល​បាន​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ។ (​អេ. ៣៣:២៤; ៣៥:៥, ៦; បប. ២១:៣, ៤​) យើង​នឹង​មិន​ដាច់​ពោះ​ដោយ​សារ​ឃ្លាន ឬ​រង​ទុក្ខ​ដោយ​សារ​មហន្តរាយ​ធម្មជាតិ​ទេ។ (​អេ. ២៥:៦; ម៉ាក. ៤:៤១​) យើង​នឹង​មាន​អំណរ​ជា​ខ្លាំង​ពី​ការ​ស្វាគមន៍​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​នឹង​ចេញ​ពី​«​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក​»។ (​យ៉ូន. ៥:២៨, ២៩​) តើ​អព្ភូតហេតុ​អ្វី​ក្នុង​ពិភព​លោក​ថ្មី​ដែល​នឹង​មក​ដល់​ដែល​អ្នក​ទន្ទឹង​រង់​ចាំ​ជា​ពិសេស?

ពេល​ធ្វើ​អព្ភូតហេតុ លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​និង​សេចក្ដី​អាណិត​មេត្តា​ជា​ខ្លាំង។ យើង​គួរ​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ដែរ។ សូម​យើង​ពិចារណា​ឧទាហរណ៍​ពីរ។ យើង​នឹង​ចាប់​ផ្ដើម​ដោយ​មើល​កំណត់​ហេតុ​អំពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​ភូមិ​កាណា។

មេ​រៀន​អំពីចិត្ត​រាប​ទាប

៩. ហេតុ​អ្វី​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​នៅ​ពិធី​រៀប​អាពាហ៍ពិពាហ៍​នា​ភូមិ​កាណា? (​យ៉ូហាន ២:៦​-​១០​)

សូម​អាន យ៉ូហាន ២:៦​-​១០ ពេល​ស្រា​អស់​នៅ​ពិធី​រៀប​អាពាហ៍ពិពាហ៍ តើ​លោក​យេស៊ូ​ត្រូវ​ធ្វើ​អ្វី​ឬ​ទេ? មិន​មែន​ទេ។ គ្មាន​ទំនាយ​ណា​ដែល​ប្រាប់​ទុក​ជា​មុន​ថា​មេស្ស៊ី​នឹង​ធ្វើ​អព្ភូតហេតុ​ឲ្យ​មាន​ស្រា​ឡើយ។ ប៉ុន្តែ​សូម​ស្រមៃ​គិត​ថា បើ​អស់​ភេសជ្ជៈ​នៅ​ពិធី​មង្គល​ការ​របស់​អ្នក តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? លោក​យេស៊ូ​ទំនង​ជា​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ក្រុម​គ្រួសារ​នោះ ជា​ពិសេស​កូន​កំលោះ​និង​កូន​ក្រមុំ ហើយ​លោក​មិន​ចង់​ឲ្យ​ពួក​គេ​ខ្មាស​គេ​ទេ។ ដូច្នេះ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ លោក​បាន​ធ្វើ​អព្ភូតហេតុ។ លោក​បាន​ធ្វើ​ឲ្យ​ទឹក​ប្រហែល​ជា​៣៩០​លីត្រ​ទៅ​ជា​ស្រា​ដែល​មាន​គុណភាព​ល្អ​ណាស់។ ប្រហែល​ជា​លោក​បាន​ផ្ដល់​ស្រា​ច្រើន​បែប​នេះ​ដើម្បី​ឲ្យ​មាន​សល់​ខ្លះ​សម្រាប់​ប្រើ​នៅ​ថ្ងៃ​ក្រោយ ឬ​គេ​ថែម​ទាំង​អាច​លក់​វា​ដើម្បី​ជួយ​ប្ដី​ប្រពន្ធ​ថ្មី​នោះ​មាន​ប្រាក់​ថែម​ទៀត។ គូ​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង​នោះ​ច្បាស់​ជា​មាន​អំណរ​គុណ​ក្រៃ​លែង។

ចូរ​យក​តម្រាប់​លោក​យេស៊ូ​ដោយ​មិន​អួត​អំពី​អ្វី​ដែល​អ្នក​ធ្វើ (​សូម​មើល​វគ្គ​១០​-​១១​) e

១០. តើ​ព័ត៌មាន​ខ្លះ​ដែល​មាន​ន័យ​ខ្លឹម​សារ​ក្នុង​កំណត់​ហេតុ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​យ៉ូហាន ជំពូក​២​គឺ​ជា​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ សូម​ពិចារណា​អំពី​ព័ត៌មាន​ខ្លះ​ដែល​មាន​ក្នុង​កំណត់​ហេតុ​នៅ​យ៉ូហាន ជំពូក​២។ តើ​អ្នក​បាន​កត់​សម្គាល់​ថា​លោក​យេស៊ូ​មិន​មែន​ជា​អ្នក​ដែល​បាន​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ឬ​ទេ? ជា​ជាង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍​មក​លើ​លោក លោក​បាន​ប្រាប់​ពួក​អ្នក​បម្រើ​ឲ្យ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នោះ។ (​ខ​៦, ៧​) ម្យ៉ាង​ទៀត ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា លោក​មិន​បាន​យក​ស្រា​ខ្លះ​ទៅ​ឲ្យ​អ្នក​ចាត់​ចែង​ពិធី​ដោយ​ផ្ទាល់​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រាប់​ពួក​អ្នក​បម្រើ​ឲ្យ​ធ្វើ​ដូច្នេះ។ (​ខ​៨​) លោក​យេស៊ូ​ក៏​ច្បាស់​ជា​មិន​យក​ស្រា​មួយ​កែវ​កាន់​នៅ​មុខ​ភ្ញៀវ ហើយ​អួត​ថា ‹សូម​ភ្លក់​ស្រា​ដែល​ខ្ញុំ​ទើប​តែ​បាន​ធ្វើ​នេះ!›។

១១. តើ​យើង​អាច​រៀន​អ្វី​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?

១១ តើ​យើង​អាច​រៀន​អ្វី​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​អំពី​ការ​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា? គឺ​យើង​រៀន​អំពី​ចិត្ត​រាប​ទាប។ លោក​យេស៊ូ​មិន​អួត​ខ្លួន​អំពី​ការ​ធ្វើ​អព្ភូតហេតុ​នោះ​ទេ។ តាម​ពិត លោក​មិន​ដែល​អួត​អំពី​អ្វី​ណា​ដែល​លោក​បាន​ធ្វើ​ឡើយ។ ផ្ទុយ​ទៅ​វិញ ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ចិត្ត​រាប​ទាប លោក​បាន​ឲ្យ​ការ​សរសើរ​តម្កើង​និង​កិត្តិយស​ទាំង​អស់​ទៅ​បិតា​របស់​លោក។ (​យ៉ូន. ៥:​១៩, ៣០; ៨:២៨​) បើ​យើង​យក​តម្រាប់​លោក​យេស៊ូ​ដោយ​រក្សា​ចិត្ត​រាប​ទាប យើង​នឹង​មិន​អួត​អំពី​អ្វី​ណា​ដែល​យើង​ធ្វើ​ឡើយ។ មិន​ថា​យើង​ធ្វើ​អ្វី​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ដោយ សូម​យើង​កុំ​អួត​ខ្លួន តែ​អួត​អំពី​ព្រះ​ដ៏​អស្ចារ្យ​ដែល​យើង​មាន​ឯកសិទ្ធិ​បម្រើ។ (​យេ. ៩:២៣, ២៤​) សូម​យើង​ឲ្យ​កិត្តិយស​ទៅ​លោក​ដែល​លោក​សម​នឹង​ទទួល។ យើង​មិន​អាច​សម្រេច​អ្វី​ណា​ក៏​ដោយ​បាន​ទេ បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។—១កូ. ១:២៦​-​៣១

១២. តើ​យើង​អាច​មាន​ចិត្ត​រាប​ទាប​ដូច​លោក​យេស៊ូ​តាម​របៀប​ណា​ទៀត? សូម​លើក​ឧទាហរណ៍។

១២ សូម​គិត​អំពី​របៀប​ផ្សេង​ទៀត​ដែល​យើង​អាច​មាន​ចិត្ត​រាប​ទាប​ដូច​លោក​យេស៊ូ។ សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​នេះ​៖ អ្នក​ចាស់​ទុំ​ម្នាក់​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​ជួយ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​វ័យ​ក្មេង​ម្នាក់​ឲ្យ​រៀបចំ​សុន្ទរកថា​សាធារណៈ​ជា​លើក​ដំបូង។ ជា​លទ្ធផល បង​ប្រុស​វ័យ​ក្មេង​នោះ​បាន​ថ្លែង​សុន្ទរកថា​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត ដែល​នាំ​ឲ្យ​ក្រុម​ជំនុំ​សប្បាយ​ស្ដាប់។ ក្រោយ​ពី​កិច្ច​ប្រជុំ បុគ្គល​ម្នាក់​មក​ជួប​អ្នក​ចាស់​ទុំ​នោះ ហើយ​និយាយ​ថា​៖ ‹ប្អូន​ប្រុស​នោះ​បាន​ថ្លែង​សុន្ទរកថា​ល្អ​ណាស់ មែន​ទេ?›។ តើ​អ្នក​ចាស់​ទុំ​នោះ​នឹង​និយាយ​ថា​៖ ‹បាទ​មែន តែ​ដោយ​សារ​ខ្ញុំ​ចំណាយ​ពេល​ច្រើន​ជួយ​គាត់ ទើប​គាត់​ថ្លែង​បាន​ល្អ​អ៊ីចឹង›​ឬ​ទេ? ឬ​តើ​គាត់​គួរ​និយាយ​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ‹បាទ គាត់​ធ្វើ​បាន​ល្អ​មែន។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​គាត់​ណាស់›? ពេល​យើង​មាន​ចិត្ត​រាប​ទាប យើង​មិន​ចាំ​បាច់​ឲ្យ​គេ​សរសើរ​យើង​ចំពោះ​អ្វី​ល្អ​ដែល​យើង​ធ្វើ​សម្រាប់​អ្នក​ឯ​ទៀត​ឡើយ។ យើង​ស្កប់​ចិត្ត​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឃើញ​និង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​យើង​ធ្វើ។ (​សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ៦:២​-​៤; ហេប្រឺ ១៣:១៦​) យើង​ពិត​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​ដែល​យើង​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​ចិត្ត​រាប​ទាប។—១ពេ. ៥:៦

មេ​រៀន​អំពីចិត្ត​អាណិត​មេត្តា

១៣. តើ​លោក​យេស៊ូ​បាន​ឃើញ​អ្វី​នៅ​ជិត​ក្រុង​ណេអ៊ីន ហើយ​តើ​លោក​បាន​ធ្វើ​អ្វី? (​លូកា ៧:១១​-​១៥​)

១៣ សូម​អាន លូកា ៧:១១​-​១៥ សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​នេះ​ដែល​បាន​កើត​ឡើង​ប្រហែល​ជា​ពីរ​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​លោក។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណេអ៊ីន​នា​ស្រុក​កាលីឡេ ដែល​មិន​ឆ្ងាយ​ពី​ក្រុង​ស៊ូណែម ជា​កន្លែង​ដែល​អ្នក​ប្រកាស​ទំនាយ​អេលីសេ​បាន​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​ប្រហែល​ជា​៩០០​ឆ្នាំ​មុន​នោះ។ (​២បស. ៤:៣២​-​៣៧​) កាល​ដែល​លោក​យេស៊ូ​ចូល​ទៅ​ជិត​ដល់​ខ្លោង​ទ្វារ លោក​ឃើញ​គេ​ហែ​សព​ចេញ​ពី​ក្រុង​នោះ។ ទិដ្ឋភាព​នោះ​គឺ​គួរ​ឲ្យ​អាណិត​ខ្លោច​ចិត្ត ដោយ​សារ​ស្ត្រី​មេម៉ាយ​ម្នាក់​បាន​បាត់​បង់​កូន​តែ​មួយ​គត់​របស់​គាត់។ ប៉ុន្តែ ម្ដាយ​ដែល​កើត​ទុក្ខ​នោះ​មិន​នៅ​ម្នាក់​ឯង​ទេ មាន​មនុស្ស​មួយ​ក្រុម​ធំ​ពី​ក្រុង​នោះ​នៅ​ជា​មួយ​គាត់​ដែរ។ លោក​យេស៊ូ​បាន​បញ្ឈប់​ការ​ដង្ហែ​សព ហើយ​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​សម្រាប់​ម្ដាយ​ដែល​កើត​ទុក្ខ​នោះ គឺ​លោក​ប្រោស​កូន​ប្រុស​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ។ នេះ​គឺ​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដំបូង​ក្នុង​ចំណោម​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បី​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ដំណឹង​ល្អ។

ចូរ​យក​តម្រាប់​លោក​យេស៊ូ​ដោយ​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​ពួក​អ្នក​ដែល​កើត​ទុក្ខ (​សូម​មើល​វគ្គ​១៤​-​១៦​)

១៤. តើ​ព័ត៌មាន​ខ្លះ​ដ៏​មាន​ន័យ​ខ្លឹម​សារ​ក្នុង​កំណត់​ហេតុ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​លូកា ជំពូក​៧​គឺ​ជា​អ្វី? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ សូម​ពិចារណា​អំពី​ព័ត៌មាន​ខ្លះ​ដ៏​មាន​ន័យ​ក្នុង​កំណត់​ហេតុ​នៅ​លូកា ជំពូក​៧។ តើ​អ្នក​បាន​កត់​សម្គាល់​ថា​លោក​យេស៊ូ​«​ក្រឡេក​ទៅ​ឃើញ​»​ម្ដាយ​ដែល​កើត​ទុក្ខ​នោះ​សិន រួច​មក​«​លោក​មាន​ចិត្ត​ក្ដួល​អាណិត​»​ឬ​ទេ? (​ខ​១៣​) ប្រហែល​ជា​លោក​យេស៊ូបាន​ឃើញ​នាង​យំ​កាល​ដែល​នាង​ដើរ​នៅ​ក្បែរ​សព​របស់​កូន​ប្រុស​នាង ហើយ​លោក​អាណិត​នាង។ លោក​យេស៊ូ​មិន​គ្រាន់​តែ​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​ម្ដាយ​នោះ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​នាង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ទៅ​នាង ទំនង​ជា​ដោយ​សំឡេង​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ថា​៖ ​«​ឈប់​យំ​ទៅ​»។ បន្ទាប់​មក លោក​បាន​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នាង។ លោក​បាន​ប្រោស​កូន​ប្រុស​នោះ​ឲ្យ​មាន​ជីវិត​ឡើង​វិញ ហើយ​«​ប្រគល់​គាត់​ឲ្យ​ម្ដាយ​គាត់​វិញ​»។—ខ​១៤, ១៥

១៥. តើ​យើង​អាច​រៀន​អ្វី​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ?

១៥ តើ​យើង​អាច​រៀន​អ្វី​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​អំពី​ការ​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ឲ្យ​រស់​ឡើង​វិញ? យើង​រៀន​មេ​រៀន​អំពី​ការ​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​ពួក​អ្នក​ដែល​កើត​ទុក្ខ។ ពិត​មែន​ថា​យើង​មិន​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដូច​លោក​យេស៊ូ​បាន​ធ្វើ​ទេ។ ប៉ុន្តែ​ដូច​លោក​យេស៊ូ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ពួក​អ្នក​ដែល​កើត​ទុក្ខ ដោយ​សង្កេត​មើល​ស្ថានភាព​របស់​ពួក​គេ។ យើង​អាច​ចាត់​វិធានការ​ទុក​ជា​មុន​ដើម្បី​បង្ហាញ​ចិត្ត​អាណិត​មេត្តា តាម​រយៈ​ការ​និយាយ​និង​ការ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ពួក​គេ ហើយ​សម្រាល​ទុក្ខ​ពួក​គេ។ d (​សុភ. ១៧:១៧; ២កូ. ១:៣, ៤; ១ពេ. ៣:៨​) សូម្បី​តែ​ពាក្យ​សាមញ្ញ​និង​ការ​ប្រព្រឹត្ត​បន្តិច​បន្តួច ក៏​អាច​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​ពួក​គេ​ខ្លាំង​ណាស់។

១៦. ដូច​បាន​ត្រូវ​សម្ដែង​ក្នុង​រូប​ភាព តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ម្ដាយ​ដែល​បាត់​បង់​កូន​គាត់​នៅ​ថ្មី​ៗ​នោះ​ក្នុង​សេចក្ដី​ស្លាប់?

១៦ សូម​គិត​អំពី​បទ​ពិសោធន៍​មួយ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ពេល​កំពុង​ច្រៀង​ចម្រៀង​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ បង​ស្រី​ម្នាក់​បាន​សង្កេត​ឃើញ​ម្ដាយ​ម្នាក់​ដែល​នៅ​ជិត​គាត់​យំ។ បទ​ចម្រៀង​នោះ​រៀប​រាប់​អំពី​សេចក្ដី​សង្ឃឹម​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ម្ដាយ​នោះ​បាន​បាត់​បង់​កូន​ស្រី​វ័យ​ក្មេង​របស់​គាត់​ក្នុង​សេចក្ដី​ស្លាប់​នា​ពេល​ថ្មី​ៗ​នោះ។ ដោយ​ដឹង​ដូច្នេះ ភ្លាម​ៗ​បង​ស្រី​នោះ​បាន​ទៅ​ឈរ​នៅ​ក្បែរ​ម្ដាយ​ដែល​កំពុង​យំ កៀក​ស្មា​គាត់ ហើយ​បាន​បន្ត​ច្រៀង​ចម្រៀង​នោះ​ជា​មួយ​គាត់។ ក្រោយ​មក ម្ដាយ​នោះ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​ចំពោះ​បង​ប្អូន​»។ គាត់​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ដែល​គាត់​បាន​ទៅ​កិច្ច​ប្រជុំ។ គាត់​និយាយ​ថា​៖ ​«​សាល​ប្រជុំ​គឺ​ជា​កន្លែង​ដែល​យើង​ទទួល​ជំនួយ​»។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​និង​ឲ្យ​តម្លៃ សូម្បី​តែ​ចំពោះ​អ្វី​សាមញ្ញ​ដែល​យើង​ធ្វើ​ដើម្បី​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​ពួក​អ្នក​ដែល​«​បាក់​ទឹក​ចិត្ត​»​ ដោយ​សារ​ពួក​គេ​បាន​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់។—ចសព. ៣៤:១៨

ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​នឹង​ពង្រឹង​ជំនឿ

១៧. តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

១៧ យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង ពេល​យើង​សិក្សា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ។ កំណត់​ហេតុ​ទាំង​នោះ​បង្រៀន​យើង​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្រឡាញ់​យើង​ជា​ខ្លាំង ថា​លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ ហើយ​ថា​យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត ដែល​មិន​យូរ​ទៀត​នឹង​ក្លាយ​ជា​ការ​ពិត​ពេល​រាជាណាចក្រ​ព្រះ​គ្រប់​គ្រង​លើ​ផែនដី។ កាល​ដែល​យើង​ពិនិត្យ​មើល​កំណត់​ហេតុ​ទាំង​នោះ យើង​អាច​រំពឹង​គិត​អំពី​របៀប​ដែល​យើង​អាច​មាន​គុណ​សម្បត្តិ​ដូច​លោក​យេស៊ូ។ ប្រហែល​ជា​អ្នក​អាច​រៀបចំ​សិក្សា​ផ្ទាល់​ខ្លួន​ឬ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដែល​ផ្ដោត​ទៅ​លើ​អព្ភូតហេតុ​ផ្សេង​ទៀត​របស់​លោក​យេស៊ូ។ សូម​រក​មើល​មេ​រៀន​ដែល​អ្នក​អាច​ទាញ​យក​ពី​កំណត់​ហេតុ​នោះ ហើយ​បន្ទាប់​មក​សូម​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​អ្នក​រៀន។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​អាច​មាន​ការ​សន្ទនា​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ជា​ច្រើន។—រ៉ូម ១:១១, ១២

១៨. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ នៅ​ជិត​ទី​បញ្ចប់​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ លោក​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ជា​លើក​ទី​៣​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ ប៉ុន្តែ​លើក​នេះ​គឺ​ខុស​គ្នា ដោយ​សារ​លោក​បាន​ប្រោស​បុគ្គល​ដែល​ជា​មិត្ត​ជា​ទី​ស្រឡាញ់​ម្នាក់​របស់​លោក ហើយ​លោក​បាន​ធ្វើ​ដូច្នេះ​ក្រោម​ស្ថានភាព​ដ៏​ចម្លែក។ តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​អំពី​អព្ភូតហេតុ​នេះ? ម្យ៉ាង​ទៀត តើ​យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

ចម្រៀង​លេខ​២០ លោក​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់

a លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​ទៅ​ជា​ស្ងប់ អ្នក​ដែល​ឈឺ​ជា​សះ​ស្បើយ និង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់​ឲ្យ​អាន​អំពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ! កំណត់​ហេតុ​ទាំង​នោះ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ មិន​មែន​ជា​ការ​កម្សាន្ត​ទេ តែ​ដើម្បី​បង្រៀន​យើង។ កាល​ដែល​យើង​ពិចារណា​ឡើង​វិញ​អំពី​កំណត់​ហេតុ​ទាំង​នោះ យើង​រៀន​មេ​រៀន​ដែល​ពង្រឹង​ជំនឿ​របស់​យើង​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ព្រម​ទាំង​គុណ​សម្បត្តិ​ដែល​យើង​គួរ​បណ្ដុះ​ឲ្យ​មាន។

b បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​ពន្យល់​ថា​៖ ​«​នៅ​ស្រុក​ផ្សេង​ៗ​ដែល​រៀប​រាប់​ក្នុង​គម្ពីរ មនុស្ស​បាន​គិត​ថា​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​គឺ​ជា​ភារកិច្ច​របស់​ពួក​គេ ហើយ​អ្នក​ទទួល​ភ្ញៀវ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ភ្ញៀវ​របស់​ពួក​គេ​មាន​អ្វី​លើស​ពី​សេចក្ដី​ត្រូវ​ការ។ អ្នក​ទទួល​ភ្ញៀវ​ល្អ ជា​ពិសេស​នៅ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​ឲ្យ​ភ្ញៀវ​របស់​ពួក​គេ​នូវ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​ជា​បរិបូរ​»។

c សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​អំពី​អព្ភូតហេតុ​ដ៏​ជាក់​លាក់​របស់​លោក​យេស៊ូ​ជាង​៣០។ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​ទៀត ប៉ុន្តែ​ជួន​កាល​កំណត់​ហេតុ​គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​អព្ភូតហេតុ​នីមួយ​ៗ​ទាំង​នោះ​ទេ។ មាន​ពេល​មួយ​ដែល​‹អ្នក​នៅ​ក្រុង​មួយ​ទាំង​អស់›​បាន​មក​ឯ​លោក ហើយ​«​លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ជា​សះ​ស្បើយ​»។—ម៉ាក. ១:៣២​-​៣៤

d មាន​យោបល់​អំពី​អ្វី​ដែល​អ្នក​អាច​និយាយ​ឬ​ធ្វើ​ដើម្បី​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​កើត​ទុក្ខ​នៅ​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​វិធី​សម្រាល​ទុក្ខ​អ្នក​ដែល​មាន​ទុក្ខ​សោក​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​លេខ​៣ ឆ្នាំ​២០១៦ ទំព័រ​៦​-​៧។

e ការ​ពណ៌នា​អំពី​រូប​ភាព: កាល​ដែល​លោក​យេស៊ូ​នៅ​ខាង​ក្រោយ កូន​កំលោះ​និង​កូន​ក្រមុំ​ព្រម​ទាំង​ភ្ញៀវ​របស់​ពួក​គេ​អរ​សប្បាយ​ពិសា​ស្រា​ដែល​មាន​គុណភាព​ល្អ។