លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៦

«ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ»!

«ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ»!

​«​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​[​ម៉ាថា​]​ថា​៖ ‹ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ›​»។—យ៉ូន. ១១:២៣

ចម្រៀង​លេខ​១៥១ លោក​នឹង​ហៅ

សេចក្ដី​សង្ខេប a

១. តើ​ក្មេង​ប្រុស​ម្នាក់​បង្ហាញ​យ៉ាង​ណា​ថា​គាត់​មាន​សេចក្ដី​សង្ឃឹម​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

 ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ម៉ាធីយូ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ម្យ៉ាង​ដែល​តម្រូវ​ឲ្យ​គាត់​ទទួល​ការ​វះ​កាត់​អស់​ជា​ច្រើន​ដង។ ពេល​គាត់​មាន​អាយុ​៧​ឆ្នាំ គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​មើល​កម្ម​វិធី​JW​ទូរទស្សន៍​ប្រចាំ​ខែ។ ជិត​ចុង​បញ្ចប់​នៃ​កម្ម​វិធី​នោះ ពួក​គេ​បាន​មើល​ចម្រៀង​វីដេអូ​មួយ​អំពី​ការ​ស្វាគមន៍​បុគ្គល​ជា​ទី​ស្រឡាញ់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ b ក្រោយ​ពី​មើល​កម្ម​វិធី​នោះ​ចប់ ប្អូន​ម៉ាធីយូ​បាន​ចូល​ទៅ​ជិត​ឪពុក​ម្ដាយ​គាត់ ចាប់​កាន់​ដៃ​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ប៉ា​ម៉ាក់​ឃើញ​ទេ? ទោះ​ជា​កូន​ស្លាប់ កូន​នឹង​រស់​ឡើង​វិញ។ ប៉ា​ម៉ាក់​អាច​រង់​ចាំ​កូន ព្រោះ​នេះ​នឹង​កើត​ឡើង​មែន!​»។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ថា​ឪពុក​ម្ដាយ​នោះ​ច្បាស់​ជា​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា ពេល​ឃើញ​កូន​ប្រុស​របស់​ពួក​គេ​មាន​ជំនឿ​រឹង​មាំ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

២​-​៣. ហេតុ​អ្វី​គឺ​ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

គឺ​ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ (​យ៉ូន. ៥:២៨, ២៩​) ហេតុ​អ្វី? ពីព្រោះ​យើង​មិន​ដឹង​ថា​ពេល​ណា​យើង​នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ស្រាប់​តែ​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ក្នុង​សេចក្ដី​ស្លាប់​ទេ។ (​អទ. ៩:១១; យ៉ា. ៤:១៣, ១៤​) សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​បែប​នេះ។ (​១ថែ. ៤:១៣​) បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្គាល់​យើង​ច្បាស់​និង​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ (​លូក. ១២:៧​) សូម​គិត​ថា​ព្រះ​យេហូវ៉ា​ត្រូវ​ស្គាល់​យើង​ច្បាស់​យ៉ាង​ណា​ដើម្បី​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដោយ​មាន​បុគ្គលិក​លក្ខណៈ​និង​ការ​ចង​ចាំ​ដូច​ដើម។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​លោក​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​រស់​ជា​រៀង​រហូត។ ទោះ​ជា​យើង​ស្លាប់​ក្ដី លោក​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ។

ក្នុង​អត្ថបទ​នេះ ដំបូង​យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អាច​ជឿ​លើ​សេចក្ដី​សន្យា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​មាន​ពាក្យ​ពី​បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ គឺ​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ (​យ៉ូន. ១១:​២៣​) ចុង​ក្រោយ យើង​នឹង​រៀន​អំពី​របៀប​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​កាន់​តែ​ពិត​ប្រាកដ​ចំពោះ​យើង។

មូលហេតុ​ដែល​យើង​អាច​ជឿ​លើ​សេចក្ដី​សន្យាអំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

៤. ដើម្បី​ជឿ​លើ​ពាក្យ​សន្យា តើ​យើង​ត្រូវ​ជឿ​ជាក់​អំពី​អ្វី? សូម​លើក​ឧទាហរណ៍។

ដើម្បី​ជឿ​លើ​សេចក្ដី​សន្យា​មួយ យើង​ត្រូវ​ជឿ​ជាក់​ថា​បុគ្គល​ដែល​ជា​អ្នក​សន្យា​មាន​បំណង​ប្រាថ្នា ព្រម​ទាំង​ឫទ្ធានុភាព​ឬ​សមត្ថភាព​ដើម្បី​សម្រេច​សេចក្ដី​សន្យា​នោះ។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​ផ្ទះ​របស់​អ្នក​បាន​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​ពី​ខ្យល់​ព្យុះ។ មិត្ត​ភក្ដិ​ម្នាក់​បាន​មក​ឯ​អ្នក ហើយ​សន្យា​ថា ‹ខ្ញុំ​នឹង​ជួយ​សង់​ផ្ទះ​ឯង​ឡើង​វិញ›។ គាត់​មាន​ចិត្ត​ស្មោះ ហើយ​អ្នក​ជឿ​ជាក់​ថា​គាត់​មាន​បំណង​ប្រាថ្នា​ចង់​ជួយ​អ្នក។ បើ​គាត់​ជា​ជាង​សំណង់​ដ៏​ជំនាញ ហើយ​មាន​ឧបករណ៍​ផ្សេង​ៗ អ្នក​ដឹង​ថា​គាត់​ក៏​មាន​សមត្ថភាព​ជួយ​អ្នក​បាន​ដែរ។ ដូច្នេះ អ្នក​ជឿ​លើ​សេចក្ដី​សន្យា​របស់​គាត់។ ចុះ​យ៉ាង​ណា​ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? តើ​លោក​ពិត​ជា​មាន​បំណង​ប្រាថ្នា​និង​ឫទ្ធានុភាព​ដើម្បី​សម្រេច​សេចក្ដី​សន្យា​នោះ​ឬ​ទេ?

៥​-​៦. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​មាន​បំណង​ប្រាថ្នា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ?

តើ​ព្រះ​យេហូវ៉ា​មាន​បំណង​ប្រាថ្នា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? លោក​ច្បាស់​ជា​មាន! លោក​បាន​បណ្ដាល​ឲ្យ​អ្នក​សរសេរ​គម្ពីរ​មួយ​ចំនួន​កត់​ទុក​នូវ​ពាក្យ​សន្យា​របស់​លោក​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ (​អេ. ២៦:១៩; ហូ. ១៣:១៤; បប. ២០:១១​-​១៣​) ម្យ៉ាង​ទៀត ពេល​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ណា​មួយ លោក​តែង​តែ​ធ្វើ​តាម។ (​យ៉ូស. ២៣:១៤​) តាម​ពិត ព្រះ​យេហូវ៉ា​ចង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ?

សូម​គិត​អំពី​អ្វី​ដែល​យ៉ូប​បាន​និយាយ។ គាត់​ជឿ​ជាក់​ថា​បើ​គាត់​ស្លាប់ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គាត់​រស់​ម្ដង​ទៀត។ (​យ៉ូប ១៤:១៤, ១៥​) ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​លោក​ទាំង​អស់​ដែល​បាន​ស្លាប់។ លោក​ចង់​ប្រោស​ពួក​គេឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​ចិត្ត​សប្បាយ​រីករាយ​និង​សុខភាព​ល្អ។ ចុះ​យ៉ាង​ណា​មនុស្ស​រាប់​ពាន់​លាន​នាក់​ទៀត​ដែល​បាន​ស្លាប់​ដោយ​គ្មាន​ឱកាស​រៀន​អំពី​ព្រះ​យេហូវ៉ា? ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​ចង់​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​ដែរ។ (​សកម្ម. ២៤:១៥​) លោក​ចង់​ឲ្យ​ពួក​គេ​មាន​ឱកាស​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក​និង​រស់​ជា​រៀង​រហូត​នៅ​ផែនដី។ (​យ៉ូន. ៣:១៦​) យើង​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​មាន​បំណង​ប្រាថ្នា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

៧​-​៨. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ?

តើ​ព្រះ​យេហូវ៉ា​ក៏​មាន​ឫទ្ធានុភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? ប្រាកដ​ជា​មាន! លោក​ជា​ព្រះ​ដែល​«​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ (​បប. ១:៨​) ដូច្នេះ លោក​មាន​ឫទ្ធានុភាព​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​សត្រូវ​ណា​ក៏​ដោយ សូម្បី​តែ​សេចក្ដី​ស្លាប់ ក៏​មិន​អាច​ឈ្នះ​លោក​ឡើយ។ (​១កូ. ១៥:២៦​) ការ​ដឹង​អំពី​ចំណុច​នេះ​ផ្ដល់​កម្លាំង​ចិត្ត​និង​សម្រាល​ទុក្ខ​យើង។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​អេមម៉ា អ័រណត។ គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​ជួប​ការ​ល្បង​ល​ជំនឿ​ដ៏​ខ្លាំង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ ដើម្បី​សម្រាល​ទុក្ខ​កូន​ស្រី​របស់​គាត់​ចំពោះ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​នៅ​ជំរំ​ឃុំ​ឃាំង​របស់​ពួក​ណាត្ស៊ី បង​អេមម៉ា​បាន​និយាយ​ថា​៖ ​«​បើ​សេចក្ដី​ស្លាប់​មាន​ជា​រៀង​រហូត នោះ​វា​ខ្លាំង​ជាង​ព្រះ​ទៅ​ទៀត មែន​ទេ?​»។ ច្បាស់​ជា​គ្មាន​អ្វី​ខ្លាំង​ជាង​ព្រះ​យេហូវ៉ា​ឡើយ! ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ដែល​បាន​បង្កើត​ជីវិត​មាន​សមត្ថភាព​ប្រោស​ពួក​អ្នក​ដែល​បាន​ស្លាប់​ឲ្យ​មាន​ជីវិត​ឡើង​វិញ។

មូលហេតុ​មួយ​ទៀត​ដែល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​គឺ លោក​មាន​ការ​ចង​ចាំ​ឥត​កំណត់។ លោក​ហៅ​ផ្កាយ​នីមួយ​ៗ​តាម​ឈ្មោះ។ (​អេ. ៤០:​២៦​) លោក​ក៏​ចង​ចាំ​ពួក​អ្នក​ដែល​បាន​ស្លាប់​ដែរ។ (​យ៉ូប ១៤:១៣; លូក. ២០:៣៧, ៣៨​) លោក​ស្រួល​ចង​ចាំ​ព័ត៌មាន​ទាំង​អស់​អំពី​ពួក​អ្នក​ដែល​លោក​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ​រួម​មាន​រូប​រាង អត្តចរិត បទ​ពិសោធន៍ និង​ការ​នឹក​ចាំ​របស់​ពួក​គេ។

៩. ហេតុ​អ្វី​អ្នក​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

យើង​ច្បាស់​ជា​អាច​ជឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ នេះ​ដោយ​សារ​យើង​ដឹង​ថា​លោក​មាន​ទាំង​បំណង​ប្រាថ្នា ទាំង​ឫទ្ធានុភាព​ដើម្បី​សម្រេច​សេចក្ដី​សន្យា​នោះ។ សូម​គិត​អំពី​មូលហេតុ​ផ្សេង​ទៀត​ឲ្យ​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​៖ ព្រះ​យេហូវ៉ា​ធ្លាប់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ នៅ​សម័យ​គម្ពីរ លោក​បាន​ឲ្យ​ឫទ្ធានុភាព​ទៅ​បុរស​ស្មោះ​ត្រង់​មួយ​ចំនួន​រួម​មាន​លោក​យេស៊ូ​គ្រិស្ត ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ សូម​យើង​ពិចារណា​កំណត់​ហេតុ​មួយ​អំពី​ការ​ដែល​លោក​យេស៊ូ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​យ៉ូហាន ជំពូក​ទី​១១

លោក​យេស៊ូ​បាន​បាត់​បង់​មិត្ត​ជា​ទី​ស្រឡាញ់

១០. តើ​មាន​អ្វី​កើត​ឡើង​នៅ​ភូមិ​បេថានី​កាល​ដែល​លោក​យេស៊ូ​កំពុង​ផ្សព្វ​ផ្សាយ​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ៉ូដាន់ ហើយ​តើ​លោក​ធ្វើ​អ្វី? (​យ៉ូហាន ១១:​១​-​៣​)

១០ សូម​អាន យ៉ូហាន ១១:១​-​៣ សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ភូមិ​បេថានី​នា​ចុង​ឆ្នាំ​៣២ គ.ស.។ លោក​យេស៊ូ​មាន​មិត្ត​សម្លាញ់​នៅ​ភូមិ​នោះ​គឺ ឡាសា​និង​បង​ស្រី​ពីរ​នាក់​របស់​គាត់​ម៉ារៀ​និង​ម៉ាថា។ (​លូក. ១០:៣៨​-​៤២​) ប៉ុន្តែ ឡាសា​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​បង​ស្រី​ៗ​របស់​គាត់​ព្រួយ​បារម្ភ​អំពី​គាត់។ ដូច្នេះ ពួក​គាត់​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​យេស៊ូ។ នៅ​ពេល​នោះ លោក​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ ដែល​ត្រូវ​ដើរ​ប្រហែល​ជា​ពីរ​ថ្ងៃ​ពី​ភូមិ​បេថានី។ (​យ៉ូន. ១០:៤០​) គួរ​ឲ្យ​ស្ដាយ ឡាសា​បាន​ស្លាប់​ប្រហែល​ជា​នៅ​ពេល​អ្នក​នាំ​ដំណឹង​នោះ​បាន​ជួប​លោក​យេស៊ូ។ ទោះ​ជា​លោក​ដឹង​ថា​ឡាសា​បាន​ស្លាប់​ក្ដី លោក​នៅ​តែ​បន្ត​នៅ​ទី​នោះ​អស់​ពីរ​ថ្ងៃ​ទៀត ហើយ​ក្រោយ​មក លោក​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថានី។ ដូច្នេះ នៅ​ពេល​ដែល​លោក​យេស៊ូ​ទៅ​ដល់ ឡាសា​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ។ លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​មួយ​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មិត្ត​សម្លាញ់​របស់​លោក ហើយ​លើក​តម្កើង​ព្រះ។—យ៉ូន. ១១:៤, ៦, ១១, ១៧

១១. តើ​កំណត់​ហេតុ​នេះ​បង្រៀន​យើង​អ្វី​អំពី​មិត្តភាព?

១១ កំណត់​ហេតុ​នេះ​បង្រៀន​យើង​មេ​រៀន​មួយ​អំពី​មិត្តភាព។ សូម​គិត​អំពី​នេះ​៖ ពេល​ម៉ារៀ​និង​ម៉ាថា​បាន​នាំ​ដំណឹង​ទៅ​ប្រាប់​លោក​យេស៊ូ ពួក​គាត់​មិន​បាន​សុំ​លោក​ឲ្យ​មក​ភូមិ​បេថានី​ទេ។ ពួក​គាត់​គ្រាន់​តែ​និយាយ​ថា​មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក​កំពុង​ឈឺ។ (​យ៉ូន. ១១:៣​) ពេល​ឡាសា​ស្លាប់ លោក​យេស៊ូ​អាច​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​ពី​ចម្ងាយ​ក៏​បាន ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​ទៅ​ភូមិ​បេថានី​ដើម្បី​នៅ​ជា​មួយ​មិត្ត​របស់​លោក​គឺ​ម៉ារៀ​និង​ម៉ាថា។ តើ​អ្នក​មាន​មិត្ត​ដែល​នឹង​មក​ជួយ​អ្នក​ដោយ​មិន​ចាំ​បាច់​សុំ​ឬ​ទេ? យ៉ាង​នេះ អ្នក​ដឹង​ថា​អ្នក​អាច​ពឹង​ពាក់​គាត់​ឲ្យ​ជួយ​«​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។ (​សុភ. ១៧:១៧​) ដូច​លោក​យេស៊ូ សូម​យើង​ធ្វើ​ជា​មិត្ត​បែប​នេះ​របស់​អ្នក​ឯ​ទៀត! ឥឡូវ​សូម​យើង​គិត​អំពី​កំណត់​ហេតុ​នេះ​ម្ដង​ទៀត ហើយ​មើល​ថា​មាន​អ្វី​កើត​ឡើង​នៅ​បន្ទាប់​មក។

១២. តើ​លោក​យេស៊ូ​សន្យា​អ្វី​ដល់​ម៉ាថា ហើយ​ហេតុ​អ្វី​នេះ​មិន​មែន​ជា​សេចក្ដី​សន្យា​ខ្យល់? (​យ៉ូហាន ១១:២៣​-​២៦​)

១២ សូម​អាន យ៉ូហាន ១១:២៣​-​២៦ ម៉ាថា​ឮ​ថា​លោក​យេស៊ូ​នៅ​ជិត​ភូមិ​បេថានី។ នាង​ក៏​ប្រញាប់​ទៅ​ជួប​លោក ហើយ​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ​»។ (​យ៉ូន. ១១:២១​) ពិត​មែន លោក​យេស៊ូ​អាច​ធ្វើ​ឲ្យ​ឡាសា​ជា​សះ​ស្បើយ​បាន។ ប៉ុន្តែ លោក​ចង់​ធ្វើ​អ្វី​មួយ​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត។ លោក​សន្យា​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ លោក​ក៏​បាន​ផ្ដល់​មូលហេតុ​ថែម​ទៀត​ដើម្បី​ឲ្យ​ម៉ាថា​ជឿ​លើ​សេចក្ដី​សន្យា​នេះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ការ​រស់​ឡើង​វិញ​និង​ការ​មាន​ជីវិត​គឺ​ដោយ​សារ​ខ្ញុំ​»។ មែន​ហើយ ព្រះ​បាន​ផ្ដល់​ឫទ្ធានុភាព​ឲ្យ​លោក​យេស៊ូ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ មុន​នោះ លោក​បាន​ប្រោស​ក្មេង​ស្រី​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​មិន​យូរ​ក្រោយ​ពី​នាង​ស្លាប់។ លោក​ក៏​បាន​ប្រោស​បុរស​វ័យ​ក្មេង​ម្នាក់​ឲ្យ​រស់​ឡើង​វិញ ទំនង​ជា​នៅ​ថ្ងៃ​ដែល​គាត់​ស្លាប់។ (​លូក. ៧:១១​-​១៥; ៨:៤៩​-​៥៥​) ប៉ុន្តែ តើ​លោក​អាច​ប្រោស​មនុស្ស​ដែល​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ឲ្យ​រស់​ឡើង​វិញ ទោះ​ជា​រូប​កាយ​របស់​គាត់​ចាប់​ផ្ដើម​ខូច​រលួយ​ឬ​ទេ?

​«​ឡាសា! ចូរ​ចេញ​មក!​»​

លោក​យេស៊ូ​មាន​សេចក្ដី​អាណិត​មេត្តា​ជា​ខ្លាំង​ចំពោះ​មិត្ត​ដែល​កើត​ទុក្ខ (​សូម​មើល​វគ្គ​១៣​-​១៤​)

១៣. ដូច​បាន​ត្រូវ​កត់​ទុក​នៅ​យ៉ូហាន ១១:៣២​-​៣៥ តើ​លោក​យេស៊ូ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​លោក​ឃើញ​ម៉ារៀ​និង​អ្នក​ឯ​ទៀត​យំ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៣ សូម​អាន យ៉ូហាន ១១:៣២​-​៣៥ សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​បន្ទាប់​មក។ ម៉ារៀ​ដែល​ជា​បង​ស្រី​ម្នាក់​ទៀត​របស់​ឡាសា​ទៅ​ជួប​លោក​យេស៊ូ។ នាង​និយាយ​តាម​បង​ស្រី​របស់​នាង​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​លោក​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​ច្បាស់​ជា​មិន​ស្លាប់​ទេ​»។ នាង​និង​អ្នក​ឯ​ទៀត​ដែល​នៅ​ជា​មួយ​នាង​បាន​កើត​ទុក្ខ​ជា​ពន់​ពេក។ ពេល​ឃើញ​និង​ឮ​ពួក​គេ​យំ លោក​យេស៊ូ​ពិបាក​ចិត្ត​ជា​ខ្លាំង។ លោក​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក​ខ្លាំង​ណាស់​រហូត​ដល់​ស្រក់​ទឹក​ភ្នែក។ លោក​យល់​អំពី​ការ​ឈឺ​ចាប់​ពេល​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់។ លោក​ច្បាស់​ជា​ចង់​បំបាត់​ចោល​ដើម​ហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ស្រក់​ទឹក​ភ្នែក។

១៤. តើ​ប្រតិកម្ម​របស់​លោក​យេស៊ូ​ពេល​ឃើញ​ម៉ារៀ​ស្រក់​ទឹក​ភ្នែក​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា?

១៤ ប្រតិកម្ម​របស់​លោក​យេស៊ូ​ចំពោះ​ការ​ស្រក់​ទឹក​ភ្នែក​របស់​ម៉ារៀ​បង្រៀន​យើង​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ចិត្ត​អាណិត​អាសូរ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ដូច​ដែល​យើង​បាន​រៀន​នៅ​អត្ថបទ​មុន លោក​យេស៊ូ​មាន​គំនិត​និង​អារម្មណ៍​ដូច​បិតា​របស់​លោក​បេះ​បិទ។ (​យ៉ូន. ១២:៤៥​) ដូច្នេះ ពេល​យើង​អាន​ថាលោក​យេស៊ូ​មាន​ចិត្ត​អាណិត​មេត្តា​ជា​ខ្លាំង​ចំពោះ​មិត្ត​របស់​លោក​ដែល​កើត​ទុក្ខ រហូត​ដល់​លោក​ស្រក់​ទឹក​ភ្នែក យើង​អាច​យល់​ថា​ព្រះ​យេហូវ៉ា​ក៏​មាន​ចិត្ត​អាណិត​មេត្តា​ជា​ខ្លាំង​ពេល​យើង​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​ទុក្ខ​សោក​ដែរ។ (​ចសព. ៥៦:៨​) នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​ចង់​ចូល​ទៅ​ជិត​ព្រះ​របស់​យើង​ដែល​មាន​សេចក្ដី​មេត្តា​ករុណា មែន​ទេ?

លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​មាន​ឫទ្ធានុភាព​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ (​សូម​មើល​វគ្គ​១៥​-​១៦​)

១៥. ដូច​រៀប​រាប់​នៅ​យ៉ូហាន ១១:៤១​-​៤៤ តើ​មាន​អ្វី​កើត​ឡើង​នៅ​ទី​បញ្ចុះ​សព​របស់​ឡាសា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ សូម​អាន យ៉ូហាន ១១:៤១​-​៤៤ លោក​យេស៊ូ​មក​ដល់​ទី​បញ្ចុះ​សព​របស់​ឡាសា ហើយ​សុំ​គេ​ឲ្យ​យក​ថ្ម​ចេញ​ពី​ទី​បញ្ចុះ​សព​នោះ។ ម៉ាថា​បដិសេធ​ដោយ​និយាយ​ថា សព​នោះ​ច្បាស់​ជា​ធុំ​ក្លិន។ លោក​យេស៊ូ​តប​ថា​៖ ​«​តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិន​បើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​ទេ​ឬ?​»។ (​យ៉ូន. ១១:៣៩, ៤០​) បន្ទាប់​មក លោក​យេស៊ូ​បាន​ងើយ​ទៅ​លើ ហើយ​អធិដ្ឋាន​ជា​សាធារណៈ។ លោក​ចង់​ឲ្យ​កិត្តិយស​ទាំង​អស់​ទៅ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​កើត​ឡើង​បន្ទាប់​មក។ លុះ​ក្រោយ​មក លោក​យេស៊ូ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ឡាសា! ចូរ​ចេញ​មក!​»។ រួច​មក​ឡាសា​ក៏​ដើរ​ចេញ​ពី​ទី​បញ្ចុះ​សព។ លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដែល​អ្នក​ខ្លះ​គិត​ថា​មិន​អាច​ទៅ​រួច។

១៦. តើ​តាម​របៀប​ណា​កំណត់​ហេតុ​នៅ​យ៉ូហាន ជំពូក​ទី​១១​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៦ កំណត់​ហេតុ​នៅ​យ៉ូហាន ជំពូក​ទី​១១​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ តើ​តាម​របៀប​ណា? សូម​នឹក​ចាំ​អំពី​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ទៅ​កាន់​ម៉ាថា ដែល​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ (​យ៉ូន. ១១:២៣​) ដូច​បិតា​របស់​លោក លោក​យេស៊ូ​មាន​បំណង​ប្រាថ្នា​និង​ឫទ្ធានុភាព​ដើម្បី​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ។ ទឹក​ភ្នែក​របស់​លោក​យេស៊ូ​បង្ហាញ​ថា លោក​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​បំបាត់​ចោល​ទុក្ខ​សោក​របស់​មនុស្ស​ដែល​មក​ពី​សេចក្ដី​ស្លាប់។ កាល​ដែល​ឡាសា​ដើរ​ចេញ​ពី​ទី​បញ្ចុះ​សព លោក​យេស៊ូ​បាន​បង្ហាញ​ម្ដង​ទៀត​ថា លោក​មាន​ឫទ្ធានុភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ សូម​គិត​ផង​ដែរ​អំពី​ការ​រំលឹក​របស់​លោក​យេស៊ូ​ទៅ​កាន់​ម៉ាថា ដែល​ថា​៖ ​«​តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិន​បើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​ទេ​ឬ?​»។ (​យ៉ូន. ១១:៤០​) យើង​មាន​មូលហេតុ​សម​ត្រឹម​ត្រូវ​ឲ្យ​ជឿ​ថា​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ក្លាយ​ជា​ការ​ពិត។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​សេចក្ដី​សង្ឃឹម​នេះ​កាន់​តែ​ពិត​ប្រាកដ​ចំពោះ​យើង?

តើ​យើង​អាច​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹមអំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញកាន់​តែ​ពិត​ប្រាកដ​ចំពោះ​យើង​យ៉ាង​ដូច​ម្ដេច?

១៧. តើ​យើង​គួរ​ចាំ​អ្វី​ពេល​យើង​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៧ សូម​អាន​និង​រំពឹង​គិត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​អតីតកាល។ ក្នុង​គម្ពីរ​មាន​កំណត់​ហេតុ​៨​អំពី​មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី។ c សូម​សិក្សា​កំណត់​ហេតុ​ទាំង​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ សូម​ចាំ​ថា​ពួក​អ្នក​ទាំង​នោះ​ជា​បុគ្គល​ពិត គឺ​បុរស ស្ត្រី និង​កូន​ក្មេង។ សូម​រក​មើល​មេ​រៀន​ដែល​អ្នក​អាច​រៀន។ សូម​គិត​អំពី​របៀប​ដែល​គំរូ​នីមួយ​ៗ​បង្ហាញ​អំពី​បំណង​ប្រាថ្នា​និង​ឫទ្ធានុភាព​របស់​ព្រះ​ក្នុង​ការ​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ។ សំខាន់​បំផុត សូម​គិត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដ៏​សំខាន់​ជាង​គេ គឺ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។ សូម​ចាំ​ថា​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​បាន​ត្រូវ​បញ្ជាក់​ដោយ​សាក្សី​ផ្ទាល់​ភ្នែក​រាប់​រយ​នាក់ ហើយ​ផ្ដល់​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ជំនឿ​របស់​យើង​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។—១កូ. ១៥:​៣​-​៦, ២០​-​២២

១៨. តើ​អ្នក​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ចម្រៀង​អំពី​សេចក្ដី​សង្ឃឹម​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​)

១៨ សូម​ប្រើ​ឲ្យ​បាន​ច្រើន​បំផុត​នូវ​«​ចម្រៀង​គោរព​ប្រណិប័តន៍​»​អំពី​សេចក្ដី​សង្ឃឹម​នៃ​ការ​ប្រោស​ឲ្យ​រស់​ឡើងវិញ។ d (​អេភ. ៥:១៩​) ចម្រៀង​ទាំង​នេះ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​កាន់​តែ​ពិត​ចំពោះ​យើង ហើយ​ពង្រឹង​ជំនឿ​យើង​ទៅ​លើ​សេចក្ដី​សង្ឃឹម​ដ៏​មាន​តម្លៃ​នេះ។ សូម​ស្ដាប់ ហាត់ និង​ពិចារណា​អត្ថន័យ​នៃ​ពាក្យ​ចម្រៀង​ទាំង​នេះ​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ សូម​ឲ្យ​ពាក្យ​ទាំង​នេះ​ដក់​ជាប់​ក្នុង​គំនិត​និង​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​អ្នក។ យ៉ាង​នេះ បើ​អ្នក​ជួប​ទុក្ខ​លំបាក​ដែល​គំរាម​កំហែង​ដល់​ជីវិត​អ្នក ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្លាប់ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​នឹក​ចាំ​ចម្រៀង​ទាំង​នេះ​ដើម្បី​អ្នក​អាច​ទទួល​កម្លាំង​ចិត្ត​និង​ការ​សម្រាល​ទុក្ខ។

១៩. តើ​យើង​អាច​ស្រមៃ​ឃើញ​អ្វី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​អ្នក​នឹង​សួរ​ពួក​គាត់​អ្វី​ខ្លះ?​»​)

១៩ សូម​ប្រើ​សមត្ថភាព​ស្រមៃ​ឃើញ​របស់​អ្នក។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​សមត្ថភាព​ស្រមៃ​ឃើញ​ខ្លួន​នៅ​ក្នុង​ពិភព​លោក​ថ្មី។ បង​ស្រី​ម្នាក់​ពន្យល់​ថា​៖ ​«​ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី​ហាក់​ដូច​ជា​ខ្ញុំ​អាច​ហិត​ក្លិន​ផ្កា​កុលាប​ដែល​រីក​ស្គុស​ស្គាយ​ក្នុង​សួន​ឧទ្យាន​»។ សូម​ស្រមៃ​ឃើញ​ថា​អ្នក​ជួប​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ពី​សម័យ​គម្ពីរ។ តើ​អ្នក​ទន្ទឹង​រង់​ចាំ​ជួប​អ្នក​ណា? តើ​អ្នក​នឹង​សួរ​គាត់​អ្វី​ខ្លះ? សូម​ស្រមៃ​ឃើញ​ផង​ដែរ​ថា​អ្នក​ជួប​ជុំ​ជា​មួយ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ស្លាប់។ សូម​គិត​អំពី​អ្វី​ដំបូង​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​ពួក​គេ ការ​ដែល​អ្នក​ឱប​ពួក​គេ​យ៉ាង​ណែន​ដោយ​មាន​អារម្មណ៍​កក់​ក្ដៅ និង​ភាព​អរ​សប្បាយ​ដែល​អ្នក​នឹង​មាន​ដោយ​សារ​អ្នក​ជួប​ពួក​គេ​ម្ដង​ទៀត។

២០. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ណាស់​ចំពោះ​សេចក្ដី​សន្យា​របស់​លោក​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ យើង​អាច​ប្រាកដ​ថា​សេចក្ដី​សន្យា​នេះ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​បំណង​ប្រាថ្នា​និង​ឫទ្ធានុភាព​ដើម្បី​សម្រេច​សេចក្ដី​សន្យា​នេះ។ សូម​ឲ្យ​យើង​តាំង​ចិត្ត​បន្ដ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សង្ឃឹម​ដ៏​មាន​តម្លៃ​នេះ។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​ដែល​ហាក់​ដូច​ជា​សន្យា​នឹង​យើង​ម្នាក់​ៗ​ថា ‹បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​នឹង​រស់​ឡើង​វិញ!›។

ចម្រៀង​លេខ​១៤៧ ពាក្យ​សន្យា​អំពី​ជីវិត​គ្មាន​ទី​បញ្ចប់

a បើ​បុគ្គល​ដែល​អ្នក​ស្រឡាញ់​បាន​ស្លាប់ អ្នក​ច្បាស់​ជា​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​ពី​សេចក្ដី​សន្យា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ តើ​អ្នក​នឹង​ពន្យល់​អ្នក​ឯ​ទៀត​យ៉ាង​ណា​អំពី​មូលហេតុ​ដែល​អ្នក​ជឿ​លើ​សេចក្ដី​សន្យា​នេះ? ម្យ៉ាង​ទៀត តើ​អ្នក​អាច​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​កាន់​តែ​ពិត​ប្រាកដ​ចំពោះ​អ្នក​យ៉ាង​ដូច​ម្ដេច? គោល​បំណង​នៃ​អត្ថបទ​នេះ​គឺ​ដើម្បី​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​ពង្រឹង​ជំនឿ​របស់​យើង​លើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

b ចម្រៀង​វីដេអូ​នោះ​មាន​ចំណង​ជើង​ថា​ជិត​ណាស់​ហើយ ហើយ​បាន​ត្រូវ​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ក្នុង​JW​ទូរទស្សន៍ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

d សូម​មើល​ចម្រៀង​ក្នុង​សៀវភៅ​ចូរ​«​ច្រៀង​ដោយ​អំណរ​»​ជូន​ព្រះ​យេហូវ៉ា ដូច​ត​ទៅ​នេះ​៖ ​«​សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី​»​(​ចម្រៀង​លេខ​១៣៩​) ​«​ចូរ​ផ្ដោត​អារម្មណ៍​លើ​រង្វាន់!​»​(​ចម្រៀង​លេខ​១៤៤​) និង​«​លោក​នឹង​ហៅ​»​(​ចម្រៀង​លេខ​១៥១​)។ សូម​មើល​ផង​ដែរ​នូវ​ចម្រៀង​វីដេអូ​ក្នុង​គេហទំព័រ​jw.org/km​ដូច​ជា​៖ ​«​ជិត​ណាស់​ហើយ​»​ ​«​នៅ​ផែនដី​ថ្មី​ខាង​មុខ​»​ និង​«​នឹក​ស្រមៃ​»។