លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៧

ព្រះយេហូវ៉ានឹងជួយអ្នកពេលជួបបញ្ហាដែលមិនបានរំពឹងទុក

ព្រះយេហូវ៉ានឹងជួយអ្នកពេលជួបបញ្ហាដែលមិនបានរំពឹងទុក

​«​មនុស្ស​សុចរិត​ជួប​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​ទាំង​អស់​»។—ចសព. ៣៤:១៩

ចម្រៀង​លេខ​៤៤ សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទន់​ទាប

សេចក្ដី​សង្ខេប a

១. តើ​យើង​ជឿ​ជាក់​អំពី​អ្វី?

 យើង​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​ដឹង​ថា​លោក​ស្រឡាញ់​យើង​និង​ចង់​ឲ្យ​យើង​មាន​ជីវិត​ល្អ​បំផុត។ (​រ៉ូម ៨:៣៥​-​៣៩​) យើង​ក៏​ជឿ​ជាក់​ដែរ​ថា គោល​ការណ៍​គម្ពីរ​តែង​តែ​ផ្ដល់​ប្រយោជន៍​ដល់​យើង​ពេល​យើង​ធ្វើ​តាម។ (​អេ. ៤៨:១៧, ១៨​) ប៉ុន្តែ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​បើ​យើង​ជួប​បញ្ហា​ដែល​យើង​មិន​បាន​រំពឹង​ទុក?

២. តើ​យើង​ប្រហែល​ជា​ជួប​បញ្ហា​អ្វី ហើយ​តើ​បញ្ហា​បែប​នោះ​អាច​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ជួប​បញ្ហា​ផ្សេង​ៗ។ ជា​ឧទាហរណ៍ សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត។ យើង​ប្រហែល​ជា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ប្រហែល​ជា​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​មហន្តរាយ​ធម្មជាតិ។ ឬ​យើង​ប្រហែល​ជា​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​ជំនឿ​របស់​យើង។ ពេល​យើង​ជួប​ទុក្ខ​លំបាក​បែប​នេះ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ? តើ​ខ្ញុំ​បាន​ធ្វើ​អី​ខុស? តើ​ព្រះ​យេហូវ៉ា​លែង​ឲ្យ​ពរ​ខ្ញុំ​ឬ?›។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ឬ​ទេ? បើ​ដូច្នេះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​អារម្មណ៍​ស្រដៀង​នឹង​នេះ។—ចសព. ២២:១, ២; ហាប. ១:២, ៣

៣. តើ​យើង​អាច​រៀន​អ្វី​ពី​ចម្រៀង​សរសើរ​ព្រះ ៣៤:១៩?

សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៤:១៩ សូម​កត់​សម្គាល់​ចំណុច​សំខាន់​ពីរ​យ៉ាង​ពី​បទ​ចម្រៀង​សរសើរ​ព្រះ​នេះ​គឺ​៖ (​១​) មនុស្ស​សុចរិត​ជួប​បញ្ហា។ (​២​) ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​យើង​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​របស់​យើង។ តើ​លោក​ជួយ​សង្គ្រោះ​យើង​តាម​របៀប​ណា? របៀប​មួយ​គឺ​លោក​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​សម​ហេតុ​សម​ផល​ចំពោះ​ជីវិត​ក្នុង​ពិភព​លោក​នេះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​សន្យា​ថា​យើង​នឹង​មាន​អំណរ​ក្នុង​ការ​បម្រើ​លោក​ក្ដី លោក​មិន​ធានា​ថា​ជីវិត​យើង​នឹង​គ្មាន​ទុក្ខ​លំបាក​សោះ​នៅ​ឥឡូវ​នេះ​ទេ។ (​អេ. ៦៦:១៤​) លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត​ជា​គ្រា​ដែល​យើង​នឹង​មាន​ជីវិត​ដែល​លោក​ចង់​ឲ្យ​យើង​មាន​ជា​រៀង​រហូត។ (​២កូ. ៤:១៦​-​១៨​) ទម្រាំ​ដល់​ពេល​នោះ លោក​ជួយ​យើង​ឲ្យ​បន្ត​បម្រើ​លោក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។—បទំ. ៣:​២២​-​២៤

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទាំង​នៅ​សម័យ​គម្ពីរ ទាំង​នៅ​សម័យ​យើង។ ដូច​ដែល​យើង​នឹង​ឃើញ យើង​ប្រហែល​ជា​ជួប​បញ្ហា​ដែល​មិន​បាន​រំពឹង​ទុក្ខ។ ប៉ុន្តែ ពេល​យើង​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា លោក​នឹង​ជួយ​យើង​ជា​និច្ច។ (​ចសព. ៥៥:២២​) កាល​ដែល​យើង​ពិចារណា​អំពី​គំរូ​ទាំង​នេះ សូម​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​នេះ? តើ​គំរូ​ទាំង​នេះ​ពង្រឹង​ទំនុក​ចិត្ត​របស់​ខ្ញុំ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​ខ្ញុំ​អាច​ទាញ​យក​មេ​រៀន​អ្វី​ខ្លះ​មក​អនុវត្ត​ក្នុង​ជីវិត​ខ្ញុំ?›។

នៅ​សម័យ​គម្ពីរ

អស់​រយៈ​ពេល​២០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យ៉ាកុប​កាល​ដែល​គាត់​ប្រឹង​ធ្វើ​ការ​យ៉ាង​ខ្មឺត​ឲ្យ​អ៊ំ​ប្រុស​របស់​គាត់​ឈ្មោះ​ឡាបាន់​ដែល​កេង​ប្រវ័ញ្ច​គាត់​(​សូម​មើល​វគ្គ​៥​)

៥. តើ​យ៉ាកុប​ជួប​បញ្ហា​អ្វី​ខ្លះ​ដោយ​សារ​តែ​ឡាបាន់? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​គម្ពីរ​ជួប​ទុក្ខ​លំបាក​ដែល​ពួក​គេ​មិន​បាន​រំពឹង​ទុក។ សូម​គិត​អំពី​យ៉ាកុប។ ឪពុក​របស់​គាត់​បាន​បង្គាប់​គាត់​ឲ្យ​ទៅ​យក​កូន​ស្រី​របស់​ឡាបាន់​ធ្វើ​ជា​ប្រពន្ធ។ ឡាបាន់​ជា​សាច់​ញាតិ​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ឪពុក​យ៉ាកុប​បាន​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​គាត់​ជា​បរិបូរ។ (​ដក. ២៨:១​-​៤​) យ៉ាកុប​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ គឺគាត់​បាន​ចាក​ចេញ​ពី​ស្រុក​កាណាន ហើយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ឡាបាន់​ដែល​មាន​កូន​ស្រី​ពីរ​នាក់​ឈ្មោះ​លេអា​និង​រ៉ាជែល។ យ៉ាកុប​បាន​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល​ជា​កូន​ស្រី​ប្អូន​របស់​ឡាបាន់ ហើយ​សុខ​ចិត្ត​ធ្វើ​ការ​៧​ឆ្នាំ​ឲ្យ​ឪពុក​នាង​ដើម្បី​បាន​រៀប​ការ​ជា​មួយ​នាង។ (​ដក. ២៩:១៨​) ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​បាន​កើត​ឡើង​ទេ។ ឡាបាន់​បាន​បោក​បញ្ឆោត​យ៉ាកុប​ឲ្យ​រៀប​ការ​ជា​មួយ​កូន​ស្រី​ច្បង​របស់​គាត់​គឺ​លេអា។ ឡាបាន់​អនុញ្ញាត​ឲ្យ​យ៉ាកុប​រៀប​ការ​ជា​មួយ​រ៉ាជែល​មួយ​សប្ដាហ៍​ក្រោយ​មក​បាន ឲ្យ​តែ​យ៉ាកុប​ព្រម​ធ្វើ​ការ​ឲ្យ​គាត់​៧​ឆ្នាំ​ថែម​ទៀត។ (​ដក. ២៩:២៥​-​២៧​) ឡាបាន់​ក៏​បាន​កេង​ប្រវ័ញ្ច​ញើស​ឈាម​របស់​យ៉ាកុប​ដែរ។ សរុប​សេចក្ដី ឡាបាន់​បាន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ចំពោះ​យ៉ាកុប​អស់​២០​ឆ្នាំ!—ដក. ៣១:​៤១, ៤២

៦. តើ​យ៉ាកុប​បាន​ស៊ូ​ទ្រាំ​នឹង​បញ្ហា​អ្វី​ទៀត?

យ៉ាកុប​បាន​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្សេង​ទៀត។ គាត់​មាន​ក្រុម​គ្រួសារ​ធំ ប៉ុន្តែ​កូន​ប្រុស​ៗ​របស់​គាត់​មិន​តែង​តែ​ចុះ​សម្រុង​គ្នា​ទេ។ ពួក​គេ​ថែម​ទាំង​បាន​លក់​យ៉ូសែប​ដែល​ជា​ប្អូន​ប្រុស​របស់​ពួក​គេ​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ទៀត​ផង។ កូន​ប្រុស​ពីរ​នាក់​របស់​យ៉ាកុប​គឺ​ស៊ីម្មាន​និង​លេវី​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​អាប់​ឱន​កិត្តិយស និង​ធ្វើ​ឲ្យ​គេ​តិះ​ដៀល​នាម​របស់​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត រ៉ាជែល​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​យ៉ាកុប​បាន​ស្លាប់​កាល​ដែល​នាង​កំពុង​សម្រាល​កូន​ទី​២។ មួយ​វិញ​ទៀត ដោយ​សារ​មាន​ការ​អត់​ឃ្លាន​យ៉ាង​ធ្ងន់​ធ្ងរ យ៉ាកុប​ត្រូវ​រើ​ទៅ​ស្រុក​អេហ្ស៊ីប​ទាំង​វ័យ​ចាស់។—ដក. ៣៤:៣០; ៣៥:១៦​-​១៩; ៣៧:​២៨; ៤៥:៩​-​១១, ២៨

៧. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាកុប​យ៉ាង​ណា​ថា​លោក​ពេញ​ចិត្ត​គាត់?

ទោះ​ជា​យ៉ាកុប​ជួប​បញ្ហា​ទាំង​អស់​នេះ​ក្ដី គាត់​មិន​ដែល​បាត់​បង់​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​លោក​ទេ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាកុប​ថា​លោក​ពេញ​ចិត្ត​គាត់។ ជា​ឧទាហរណ៍ ទោះ​ជា​ឡាបាន់​បាន​បោក​បញ្ឆោត​យ៉ាកុប​ក្ដី ព្រះ​យេហូវ៉ា​បាន​ឲ្យ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដល់​យ៉ាកុប។ ម្យ៉ាង​ទៀត សូម​គិត​ថា​យ៉ាកុប​ច្បាស់​ជា​មាន​ចិត្ត​កតញ្ញូ​ខ្លាំង​យ៉ាង​ណា​ចំពោះ​ព្រះ​យេហូវ៉ា ពេល​គាត់​បាន​ជួប​ជុំ​យ៉ូសែប​ម្ដង​ទៀត​ជា​កូន​ប្រុស​ដែល​គាត់​គិត​ថា​បាន​ស្លាប់​បាត់​ជា​យូរ​មក​ហើយ។ ចំណង​មិត្តភាព​ជិត​ស្និទ្ធ​របស់​យ៉ាកុប​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​គាត់។ (​ដក. ៣០:៤៣; ៣២:៩, ១០; ៤៦:២៨​-​៣០​) ពេល​យើង​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា យើង​ក៏​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​មិន​បាន​រំពឹង​ទុក​ដែរ។

៨. តើ​ស្ដេច​ដាវីឌ​ចង់​ធ្វើ​អ្វី?

ស្ដេច​ដាវីឌ​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ដែល​គាត់​ចង់​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ ជា​ឧទាហរណ៍ ដាវីឌ​ពិត​ជា​ចង់​សង់​វិហារ​ជូន​ព្រះ​របស់​គាត់។ គាត់​បាន​ប្រាប់​អំពី​បំណង​ចិត្ត​របស់​គាត់​ទៅ​អ្នក​ប្រកាស​ទំនាយ​ណាថាន់។ ណាថាន់​បាន​តប​ឆ្លើយ​ថា​៖ ​«​សូម​អ្នក​ធ្វើ​តាម​បំណង​ចិត្ត​របស់​អ្នក​ចុះ ព្រោះ​ព្រះ​ពិត​នៅ​ជា​មួយ​នឹង​អ្នក​ហើយ​»។ (​១ប្រ. ១៧:១, ២​) ពាក្យ​ទាំង​នោះ​ច្បាស់​ជា​លើក​ទឹក​ចិត្ត​ដាវីឌ​យ៉ាង​ខ្លាំង។ ប្រហែល​ជា​គាត់​បាន​ចាប់​ផ្ដើម​រៀប​ផែន​ការ​ធ្វើ​គម្រោង​ដ៏​ធំ​នេះ​ភ្លាម​ៗ។

៩. តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​ដែល​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត?

ប៉ុន្តែ មិន​យូរ​ក្រោយ​មក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​នោះ​បាន​ត្រឡប់​មក​វិញ ដោយ​នាំ​ដំណឹង​ខក​ចិត្ត​មួយ​ប្រាប់​ដាវីឌ។ ​«​នៅ​យប់​នោះ​»​ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណាថាន់​ថា​ដាវីឌ​នឹង​មិន​មែន​ជា​អ្នក​សង់​វិហារ​ទេ ផ្ទុយ​ទៅ​វិញ​កូន​ប្រុស​ម្នាក់​របស់​គាត់​នឹង​ជា​អ្នក​សង់។ (​១ប្រ. ១៧:៣, ៤, ១១, ១២​) តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​គាត់​ទទួល​ដំណឹង​នេះ? គាត់​បាន​ផ្លាស់​ប្ដូរ​គោល​ដៅ​របស់​គាត់។ គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​ទ្រព្យ​សម្បត្តិ​សម្រាប់ធ្វើ​គម្រោង​នោះ ដែល​កូន​របស់​គាត់​សាឡូម៉ូន​នឹង​ត្រូវ​ការ។—១ប្រ. ២៩:១​-​៥

១០. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដាវីឌ​យ៉ាង​ដូច​ម្ដេច?

១០ ភ្លាម​ៗ​ក្រោយ​ពី​ប្រាប់​ដាវីឌ​ថា​គាត់​នឹង​មិន​មែន​ជា​អ្នក​សង់​វិហារ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​គាត់។ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ដាវីឌ​ថា​កូន​ចៅ​ម្នាក់​របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។ (​២សាំ. ៧:១៦​) សូម​ស្រមៃ​គិត​ថា​ក្នុង​ពិភព​លោក​ថ្មី ដាវីឌ​នឹង​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា​ដែល​ដឹង​ថា គាត់​នៅ​ក្រោម​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ​ជា​ស្ដេច​ដែល​មក​ពី​សែស្រឡាយ​គាត់! កំណត់​ហេតុ​នេះ​ជួយ​យើង​ឲ្យ​យល់​ថា ទោះ​ជា​យើង​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​ចង់​ធ្វើ​សម្រាប់​ព្រះ​យេហូវ៉ា​ក្ដី លោក​ប្រហែល​ជា​ឲ្យ​យើង​នូវ​ពរ​ផ្សេង​ទៀត​ដែល​យើង​នឹក​ស្មាន​មិន​ដល់។

១១. តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ទទួល​ពរ​យ៉ាង​ណា ទោះ​ជា​រាជាណាចក្រ​ព្រះ​មិន​បាន​មក​ដល់​នៅ​ពេល​ដែល​ពួក​គេ​បាន​រំពឹង​ទុក​ក្ដី? (​សកម្មភាព ៦:៧​)

១១ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ជួប​ទុក្ខ​លំបាក​ខ្លះ​ដែល​មិន​បាន​រំពឹង​ទុក។ ជា​ឧទាហរណ៍ ពួក​គេ​ចង់​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់ ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា​នោះ​នឹង​មក​នៅ​ពេល​ណា​ទេ។ (​សកម្ម. ១:៦, ៧​) ដូច្នេះ តើ​ពួក​គេ​បាន​ធ្វើ​អ្វី? គឺ​ពួក​គេ​បាន​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ កាល​ដែល​ដំណឹង​ល្អ​បន្ត​ចម្រើន​ឡើង ពួក​គេ​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ។—សូម​អាន សកម្មភាព ៦:៧

១២. តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ធ្វើ​អ្វី​ពេល​មាន​ការ​អត់​ឃ្លាន?

១២ នៅ​ពេល​មួយ មាន​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង​«​នៅ​ទូទាំង​ផែនដី​»។ (​សកម្ម. ១១:២៨​) ការ​អត់​ឃ្លាន​នោះ​ក៏​មាន​ឥទ្ធិពល​លើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែរ។ សូម​ស្រមៃ​គិត​ថា​តើ​ពួក​គេ​រង​ទុក្ខ​យ៉ាង​ណា​ដោយ​សារ​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង​នោះ។ ប្រមុខ​គ្រួសារ​ច្បាស់​ជា​ព្រួយ​បារម្ភ​ថា​ពួក​គេ​នឹង​ផ្គត់​ផ្គង់​អ្នក​ផ្ទះ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច។ ចុះ​យ៉ាង​ណា​ប្អូន​ៗ​វ័យ​ក្មេង​ដែល​មាន​គម្រោង​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ? តើ​ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា​ពួក​គេ​គួរ​ពន្យារ​ពេល​ធ្វើ​ដូច្នេះ​ឬ​ទេ? ទោះ​ជា​គ្រិស្ត​សាសនិក​ទាំង​នោះ​មាន​កាលៈទេសៈ​យ៉ាង​ណា​ក្ដី ពួក​គេ​បាន​សម្រប​ខ្លួន។ ពួក​គេ​បាន​បន្ត​ផ្សព្វ​ផ្សាយ​តាម​វិធី​ណា​ក៏​ដោយ​ដែល​ពួក​គេ​អាច​ធ្វើ​បាន ហើយ​ពួក​គេ​សប្បាយ​ចែក​រំលែក​អ្វី​ដែល​ពួក​គេ​មាន​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នៅ​តំបន់​យូឌា។—សកម្ម. ១១:២៩, ៣០

១៣. តើ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ទទួល​ពរ​អ្វី​ខ្លះ​ក្នុង​អំឡុង​ការ​អត់​ឃ្លាន?

១៣ តើ​គ្រិស្ត​សាសនិក​នៅ​សម័យ​នោះ​បាន​ទទួល​ពរ​អ្វី​ខ្លះ​ក្នុង​អំឡុង​ការ​អត់​ឃ្លាន? ពួក​អ្នក​ដែល​ទទួល​ជំនួយ​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ជួយ​ពួក​គេ។ (​ម៉ាថ. ៦:៣១​-​៣៣​) ពួក​គេ​ច្បាស់​ជា​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ជួយ​ពួក​គេ។ ម្យ៉ាង​ទៀត ពួក​អ្នក​ដែល​ជូន​វិភាគទាន ឬ​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​តាម​របៀប​ផ្សេង​ទៀត​មាន​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ។ (​សកម្ម. ២០:​៣៥​) ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពួក​គេ​ទាំង​អស់​គ្នា កាល​ដែល​ពួក​គេបាន​សម្រប​ខ្លួន​នឹង​ស្ថានភាព​ដែល​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

១៤. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​បាណាបាស​និង​សាវ័ក​ប៉ូល ហើយ​តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? (​សកម្មភាព ១៤:២១, ២២​)

១៤ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ច្រើន​តែ​ត្រូវ​គេ​បៀតបៀន ជួន​កាល​នោះ​កើត​ឡើង​នៅ​ពេល​ដែល​ពួក​គេ​នឹក​ស្មាន​មិន​ដល់។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បាណាបាស​និង​សាវ័ក​ប៉ូល កាល​ដែល​ពួក​គាត់​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​លីស្ត្រា។ ដំបូង បណ្ដា​ជន​បាន​ស្វាគមន៍​និង​ស្ដាប់​ពួក​គាត់។ ប៉ុន្តែ​ក្រោយ​មក ពួក​អ្នក​ប្រឆាំង​បាន​«​អុជ​អាល​បណ្ដា​ជន​»​ រួច​បណ្ដា​ជន​ខ្លះ​ទាំង​នោះ​បាន​គប់​ប៉ូល​នឹង​ដុំ​ថ្ម ហើយ​ទុក​គាត់​ឲ្យ​ស្លាប់។ (​សកម្ម. ១៤:១៩​) ប៉ុន្តែ បាណាបាស​និង​ប៉ូល​បាន​បន្ត​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង។ តើ​មាន​លទ្ធផល​អ្វី? ពួក​គាត់​បាន​«​បង្រៀន​មនុស្ស​ច្រើន​គួរ​សម​»​ ហើយ​ពាក្យ​សម្ដី​និង​គំរូ​របស់​ពួក​គាត់​បាន​ពង្រឹង​កម្លាំង​បង​ប្អូន​រួម​ជំនឿ។ (​សូម​អាន សកម្មភាព ១៤:២១, ២២) មនុស្ស​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍ ដោយ​សារ​បាណាបាស​និង​ប៉ូល​មិន​ឈប់​ផ្សព្វ​ផ្សាយ ទោះ​ជា​ពួក​គាត់​ត្រូវ​គេ​បៀតបៀន​ក្ដី។ ដរាប​ណា​យើង​មិន​ឈប់​ព្យាម​ក្នុង​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​សុំ​យើង​ឲ្យ​ធ្វើ ដរាប​នោះ​យើង​នឹង​ទទួល​ពរ។

នៅ​សម័យ​យើង

១៥. តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​បង​ម៉ាក់មីល្លិន?

១៥ មុន​ឆ្នាំ​១៩១៤ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​រំពឹង​ថា​អ្វី​មួយ​ចំនួន​នឹង​កើត​ឡើង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បង​ប្រុស​ម្នាក់​ឈ្មោះ​អាឡិចសេនដឺ ម៉ាក់មីល្លិន។ ដូច​បង​ប្អូន​ជា​ច្រើន​នៅ​សម័យ​នោះ បង​ម៉ាក់មីល្លិន​បាន​គិត​ថា​មិន​យូរ​ទៀត​គាត់​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌។ ក្នុង​សុន្ទរកថា​ដែល​គាត់​បាន​ថ្លែង​នៅ​ខែ​កញ្ញា ឆ្នាំ​១៩១៤ គាត់​បាន​និយាយ​ថា​៖ ​«​នេះ​ទំនង​ជា​សុន្ទរកថា​សាធារណៈ​ចុង​ក្រោយ​របស់​ខ្ញុំ​»។ តាម​ពិត នោះ​មិន​មែន​ទេ។ បង​ម៉ាក់មីល្លិន​បាន​សរសេរ​ក្រោយ​មក​ថា​៖ ​«​ប្រហែល​ជា​យើង​ខ្លះ​ឆាប់​គិត​ពេក​ថា​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ភ្លាម​ៗ​»។ គាត់​បន្ថែម​ថា​៖ ​«​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​របស់​លោក​ម្ចាស់​»។ បង​ម៉ាក់មីល្លិន​បាន​បន្ត​ធ្វើ​ដូច្នេះ​មែន។ គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ គាត់​មាន​ឯកសិទ្ធិ​លើក​ទឹក​ចិត្ត​បង​ប្អូន​ប្រុស​ជា​ច្រើន​នាក់​ដែល​ជាប់​គុក ដោយ​សារ​ពួក​គេ​កាន់​ជំហរ​អព្យាក្រឹត។ ម្យ៉ាង​ទៀត គាត់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​ទៀង​ទាត់ ទោះ​ជា​នៅ​ពេល​ដែល​គាត់​ចាស់​ក្ដី។ តើ​បង​ម៉ាក់មីល្លិន​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ប្រើ​ពេល​វេលា​របស់​គាត់​ឲ្យ​កើត​ប្រយោជន៍ កាល​ដែល​គាត់​ទន្ទឹង​រង់​ចាំ​រង្វាន់​របស់​គាត់? មិន​យូរ​មុន​គាត់​ស្លាប់​នៅ​ឆ្នាំ​១៩៦៦ គាត់​បាន​សរសេរ​ថា​៖ ​«​ជំនឿរបស់​ខ្ញុំ​មិន​ដែល​ចុះ​ខ្សោយ​ទេ​»។ នេះ​គឺ​ជា​ចិត្ត​គំនិត​ល្អ​ប្រសើរដែល​យើង​ទាំង​អស់​គ្នា​គួរ​មាន ជា​ពិសេស​បើ​យើង​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​យូរ​ជាង​យើង​រំពឹង​ទុក។—ហេ. ១៣:៧

១៦. តើ​បង​ហឺបឺត ជិននីង​និង​ប្រពន្ធ​របស់​គាត់​ជួប​ការ​ពិបាក​ដែល​មិន​បាន​រំពឹង​ទុក​អ្វី? (​យ៉ាកុប ៤:១៤​)

១៦ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ជួប​បញ្ហា​សុខភាព​ដែល​ពួក​គេ​មិន​បាន​រំពឹង​ទុក។ ជា​ឧទាហរណ៍ ក្នុង​ជីវប្រវត្តិ​របស់​បង​ប្រុស​ហឺបឺត ជិននីង គាត់​រៀប​រាប់​ថា​គាត់​និង​ប្រពន្ធ​របស់​គាត់​សប្បាយ​ធ្វើ​ជា​សាសនទូត​នៅ​ប្រទេស​ហ្គាណា។ ប៉ុន្តែ ក្រោយ​មក​គាត់​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ។ បង​ជិននីង​បាន​ដក​ស្រង់​ពាក្យ​នៅ​យ៉ាកុប ៤:១៤ ហើយ​ពន្យល់​ថា​ស្ថានភាព​ថ្មី​របស់​គាត់​គឺ​ជា​«​‹ថ្ងៃ​ស្អែក› ដែល​យើង​មិន​បាន​រំពឹង​ទុក​ថា​យើង​នឹង​ជួប​ទេ​»។ (​សូម​អាន​) គាត់​សរសេរ​ថា​៖ ​«​យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត ដូច្នេះ​យើង​បាន​ចាក​ចេញ​ពី​ប្រទេស​ហ្គាណា​និង​ពី​មិត្ត​ជិត​ស្និទ្ធ​ជា​ច្រើន​នាក់​របស់​យើង ហើយ​យើង​បាន​ត្រឡប់​ទៅ​ប្រទេស​កាណាដា​វិញ​[​ដើម្បី​ព្យាបាល​ជំងឺ​]​»។ ព្រះ​យេហូវ៉ា​បាន​ជួយ​បង​ជិននីង​និង​ប្រពន្ធ​របស់​គាត់​ឲ្យ​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​ពួក​គេ​ជួប​ការ​ពិបាក​នោះ​ក្ដី។

១៧. តើ​បង​ប្អូន​រួម​ជំនឿ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​គំរូ​របស់​បង​ជិននីង?

១៧ ការ​រៀប​រាប់​ដ៏​ស្មោះ​ត្រង់​របស់​បង​ជិននីង​បាន​ជួយ​អ្នក​ឯ​ទៀត​ច្រើន​ណាស់។ បង​ស្រី​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​រំជួល​ចិត្ត​ខ្លាំង​ដូច​ពេល​ខ្ញុំ​អាន​បទ​ពិសោធន៍​នេះទេ។ . . . ពេល​ខ្ញុំ​អាន​អំពី​របៀប​ដែល​បង​ជិននីង​ត្រូវ​លះ​ចោល​ភារកិច្ច​មួយ​ដើម្បី​ព្យាបាល​ជំងឺ​របស់​គាត់ នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ស្ថានភាព​របស់​ខ្ញុំ​»។ ស្រដៀង​គ្នា​ដែរ បង​ប្រុស​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ត្រូវ​ឈប់​បម្រើ​ជា​អ្នក​ចាស់​ទុំ​ក្រោយ​ពី​ធ្វើ​អស់​១០​ឆ្នាំ ដោយ​សារ​ខ្ញុំ​មាន​បញ្ហា​ផ្លូវ​ចិត្ត។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជា​មនុស្ស​បរាជ័យ​ណាស់​រហូត​ដល់​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត ហើយ​ច្រើន​តែ​ពិបាក​អាន​អត្ថបទ​អំពី​ជីវប្រវត្តិ។ . . . ប៉ុន្តែ​ការ​ស៊ូ​ទ្រាំ​របស់​បង​ជិននីង​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​»។ នេះ​រំលឹក​យើង​ថា​ការ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​យើង​មិន​បាន​រំពឹង​ទុក​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ មិន​ថា​មាន​អ្វី​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ខុស​ពី​អ្វី​ដែល​យើង​សង្ឃឹម​ក្ដី យើង​នៅ​តែ​អាច​ធ្វើ​ជា​គំរូ​អំពី​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ។—១ពេ. ៥:៩

ពេល​យើង​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា បញ្ហា​ដែល​មិន​បាន​រំពឹង​ទុកអាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​លោក (​សូម​មើល​វគ្គ​១៨​)

១៨. ដូច​បង្ហាញ​ក្នុង​រូប​ភាព តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ប្រទេស​នីហ្សេរីយ៉ា?

១៨ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ទទួល​ឥទ្ធិពល​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩។ ជា​ឧទាហរណ៍ បង​ស្រី​មេម៉ាយ​ម្នាក់​នៅ​ប្រទេស​នីហ្សេរីយ៉ា​នៅ​សល់​អាហារ​និង​លុយ​តែ​បន្តិច​បន្តួច។ នៅ​ព្រឹក​មួយ កូន​ស្រី​របស់​គាត់​បាន​សួរ​គាត់​ថា​តើ​ពួក​គេ​នឹង​បាន​អ្វី​បរិភោគ​ទៀត​ក្រោយ​ពី​ដាំ​បាយ​មួយ​កំប៉ុង​ចុង​ក្រោយ​នោះ។ បង​ស្រី​យើង​បាន​ប្រាប់​កូន​របស់​គាត់​ថា ក្រោយ​អាហារ​មួយ​ពេល​នេះ ពួក​គេ​មិន​មាន​លុយ​ឬ​អាហារ​ទៀត​ទេ ប៉ុន្តែ​ពួក​គេ​គួរ​យក​តម្រាប់​ស្ត្រី​មេម៉ាយ​ពី​ក្រុង​សេរ៉ាផាត គឺ​រៀបចំ​អាហារ​ចុង​ក្រោយ​របស់​ពួក​គេ ហើយ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ (​១បស. ១៧:៨​-​១៦​) ពួក​គេ​មិន​ទាំង​ចាប់​ផ្ដើម​គិត​អំពី​អ្វី​ដែល​ពួក​គេ​នឹងបរិភោគសម្រាប់​បាយ​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​នោះ​ផង ស្រាប់​តែ​ពួក​គេ​បាន​ទទួល​អាហារ​មួយ​ថង់​ពី​បង​ប្អូន​រួម​ជំនឿ។ ក្នុង​ថង់​នោះ​មាន​អាហារ​គ្រប់​គ្រាន់​សម្រាប់​ពីរ​សប្ដាហ៍​ជាង។ បង​ស្រី​នោះ​និយាយ​ថា​គាត់​មិន​នឹក​ស្មាន​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នូវ​អ្វី​ដែល​គាត់​បាន​ប្រាប់​កូន​ស្រី​របស់​គាត់​នោះ​ទេ។ ពិត​មែន ពេល​យើង​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា បញ្ហា​ដែល​មិន​បាន​រំពឹង​ទុក​ដែល​យើង​ជួប​ក្នុង​ជីវិត​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​លោក។—១ពេ. ៥:៦, ៧

១៩. តើ​បង​អាឡិកសី យឺសូវ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន​អ្វី?

១៩ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន​ដែល​ពួក​គេ​ប្រហែល​ជា​មិន​បាន​នឹក​ស្មាន។ សូម​គិត​អំពី​បង​ប្រុស​អាឡិកសី យឺសូវ​ដែល​រស់​នៅ​ប្រទេស​រុស្ស៊ី។ ពេល​ដែល​បង​យឺសូវ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៩៤ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​តំបន់​នោះ​មាន​សេរី​ភាព​មួយ​កម្រិត។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ថានភាព​នៅ​ប្រទេស​រុស្ស៊ី​បាន​ផ្លាស់​ប្ដូរ។ នៅ​ឆ្នាំ​២០២០ ផ្ទះ​របស់​បង​យឺសូវ​បាន​ត្រូវ​គេ​សម្រុក​ចូល​និង​ឆែក​ឆេរ ហើយ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​របស់​គាត់​បាន​ត្រូវ​គេ​រឹប​អូស។ ប៉ុន្មាន​ខែ​ក្រោយ​មក រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​គាត់។ អាក្រក់​ជាង​នេះ​ទៅ​ទៀត ការ​ចោទ​ប្រកាន់​នោះ​មាន​មូលដ្ឋាន​លើ​វីដេអូ​ដែល​បាន​ត្រូវ​ថត​ដោយ​បុគ្គល​ម្នាក់​ដែល​ធ្វើ​ពុត​ជា​ចាប់​អារម្មណ៍​រៀន​គម្ពីរ​អស់​ជាង​មួយ​ឆ្នាំ។ នោះ​គឺ​អាក្រក់​មែន!

២០. តើ​បង​យឺសូវ​បាន​ពង្រឹង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

២០ តើ​ការ​បៀតបៀន​ដែល​បង​យឺសូវ​បាន​ជួប​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ឬ​ទេ? គឺ​មាន។ ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​កាន់​តែ​រឹង​មាំ​ឡើង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​អធិដ្ឋាន​ជា​មួយ​គ្នា​ញឹក​ញាប់​ជាង។ ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​នឹង​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នេះ​បាន​ទេ បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​»។ គាត់​បន្ថែម​ថា​៖ ​«​ការ​សិក្សា​ផ្ទាល់​ខ្លួន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត។ ខ្ញុំ​រំពឹង​គិត​អំពី​គំរូ​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​នៅ​អតីតកាល។ មាន​កំណត់​ហេតុ​ជា​ច្រើន​ក្នុង​គម្ពីរ​ដែល​បញ្ជាក់​ថា​ការ​រក្សា​ចិត្ត​ស្ងប់​និង​ការ​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ណាស់​»។

២១. តើ​យើង​បាន​រៀន​អ្វី​ក្នុង​អត្ថបទ​នេះ?

២១ តើ​យើង​បាន​រៀន​អ្វី​ក្នុង​អត្ថបទ​នេះ? ជីវិត​ក្នុង​របៀប​របប​ពិភព​នេះ​គឺ​មិន​ទៀង​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ព្រះ​យេហូវ៉ា​តែង​តែ​ជួយ​អ្នក​បម្រើ​របស់​លោក​ពេល​ពួក​គេ​ពឹង​ផ្អែក​លើ​លោក។ បទ​គម្ពីរ​ដែល​ជា​មូលដ្ឋាន​នៃ​អត្ថបទ​នេះ​ចែង​ថា​៖ ​«​មនុស្ស​សុចរិត​ជួប​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​ទាំង​អស់​»។ (​ចសព. ៣៤:១៩​) សូម​ឲ្យ​យើង​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​យើង មិន​មែន​ទៅ​លើ​ទុក្ខ​លំបាក​របស់​យើង​ឡើយ។ យ៉ាង​នេះ ដូច​សាវ័ក​ប៉ូល យើង​អាច​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភី. ៤:១៣

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

a ទោះ​ជា​ជួន​កាល​យើង​ជួប​បញ្ហា​ដែល​យើង​មិន​បាន​រំពឹង​ទុក​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​គាំទ្រ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក។ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​បម្រើ​លោក​នៅ​អតីតកាល​យ៉ាង​ដូច​ម្ដេច? តើ​លោក​កំពុង​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា? ការ​ពិចារណា​គំរូ​ពី​សម័យ​គម្ពីរ​និង​សម័យ​យើង​នឹង​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា បើ​យើង​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ជួយ​យើង​ដែរ។