អត្ថបទសិក្សា ១៦
ចម្រៀងលេខ៦៤ ការចូលរួមប្រមូលផលដោយអំណរ
របៀបកាន់តែមានអំណរក្នុងកិច្ចបម្រើផ្សាយ
«ចូរបម្រើព្រះយេហូវ៉ាដោយអំណរ»។—ចសព. ១០០:២
ចំណុចផ្ដោត
អត្ថបទនេះពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីកាន់តែមានអំណរក្នុងកិច្ចបម្រើផ្សាយ។
១. តើអ្នកខ្លះមានអារម្មណ៍យ៉ាងណាចំពោះការផ្សព្វផ្សាយដល់អ្នកឯទៀត? (សូមមើលរូបភាពផងដែរ)
ក្នុងនាមជារាស្ត្ររបស់ព្រះយេហូវ៉ា យើងផ្សព្វផ្សាយដល់អ្នកឯទៀត ដោយសារយើងស្រឡាញ់បិតារបស់យើងដែលនៅស្ថានសួគ៌ ហើយចង់ជួយអ្នកជិតខាងឲ្យស្គាល់លោក។ អ្នកផ្សាយជាច្រើននាក់ពិតជាចូលចិត្តកិច្ចការផ្សព្វផ្សាយ។ ប៉ុន្តែ អ្នកឯទៀតពិបាកមានអំណរក្នុងកិច្ចការនេះ។ ហេតុអ្វី? បុគ្គលខ្លះប្រហែលជាមនុស្សអៀនខ្លាំងនិងខ្វះទំនុកចិត្ត។ អ្នកខ្លះមានអារម្មណ៍មិនស្រួលទៅផ្ទះគេដោយមិនបានត្រូវអញ្ជើញ។ អ្នកខ្លះប្រហែលជាមិនចង់ឲ្យគេបដិសេធគាត់។ រីឯអ្នកខ្លះទៀតបានត្រូវចិញ្ចឹមអប់រំឲ្យជៀសវាងពីការធ្វើអ្វីដែលអាចបណ្ដាលឲ្យមានជម្លោះជាមួយអ្នកឯទៀត។ ទោះជាបងប្អូនទាំងនេះស្រឡាញ់ព្រះយេហូវ៉ាយ៉ាងខ្លាំងក្ដី ពួកគេពិបាកទៅជួបមនុស្សដែលមិនធ្លាប់ស្គាល់ដើម្បីប្រាប់ដំណឹងល្អ។ ប៉ុន្តែ ពួកគេទទួលស្គាល់ថាកិច្ចការនេះគឺសំខាន់ខ្លាំងណាស់ ហើយពួកគេមានចំណែកក្នុងកិច្ចការនេះជាទៀងទាត់។ ព្រះយេហូវ៉ាច្បាស់ជាពេញចិត្តពួកគេជាខ្លាំង!
២. ហេតុអ្វីអ្នកមិនគួរធ្លាក់ទឹកចិត្តបើជួនកាលអ្នកមិនមានអំណរក្នុងកិច្ចបម្រើផ្សាយ?
២ ជួនកាល តើអ្នកពិបាកមានអំណរដោយសារអារម្មណ៍បែបនេះក្នុងកិច្ចបម្រើផ្សាយឬទេ? បើដូច្នេះ សូមកុំធ្លាក់ទឹកចិត្តឡើយ។ ការខ្វះទំនុកចិត្តប្រហែលជាបង្ហាញថាអ្នកមានចិត្តរាបទាបនិងមិនចង់ឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងមកលើខ្លួន ហើយមិនចង់មានរឿងជាមួយអ្នកណា។ ម្យ៉ាងទៀត គ្មានអ្នកណាចង់ឲ្យអ្នកឯទៀតបដិសេធឬធ្វើឲ្យគេខឹង ជាពិសេសពេលគាត់ព្យាយាមធ្វើល្អដល់អ្នកឯទៀត។ បិតារបស់អ្នកនៅស្ថានសួគ៌ដឹងច្បាស់អំពីការពិបាកដែលអ្នកជួប ហើយចង់ផ្ដល់ជំនួយដែលអ្នកត្រូវការ។ (អេ. ៤១:១៣) ក្នុងអត្ថបទនេះ យើងនឹងពិចារណាយោបល់ប្រាំអំពីរបៀបយកឈ្នះអារម្មណ៍បែបនេះ និងរបៀបបណ្ដុះឲ្យមានអំណរក្នុងកិច្ចបម្រើផ្សាយ។
ចូរឲ្យបណ្ដាំព្រះពង្រឹងកម្លាំងអ្នក
៣. តើអ្វីបានជួយអ្នកប្រកាសទំនាយយេរេមាឲ្យផ្សព្វផ្សាយដល់អ្នកឯទៀត?
៣ តាំងពីសម័យបុរាណ ដំណឹងពីព្រះបានពង្រឹងកម្លាំងពួកអ្នកបម្រើរបស់លោកពេលពួកគេត្រូវបំពេញភារកិច្ចពិបាក។ ជាឧទាហរណ៍ សូមគិតអំពីអ្នកប្រកាសទំនាយយេរេមា។ គាត់ស្ទាក់ស្ទើរពេលព្រះយេហូវ៉ាបានឲ្យគាត់ភារកិច្ចផ្សព្វផ្សាយ។ យេរេមាបាននិយាយថា៖ «ខ្ញុំមិនប្រសប់និយាយទេ ព្រោះខ្ញុំនៅក្មេងណាស់»។ (យេ. ១:៦) តើគាត់បានយកឈ្នះការខ្វះទំនុកចិត្តយ៉ាងដូចម្ដេច? គាត់បានទទួលកម្លាំងពីបណ្ដាំព្រះ។ គាត់និយាយថា៖ «គឺប្រៀបដូចជាភ្លើងឆេះដល់ឆ្អឹង។ ខ្ញុំខំទ្រាំទប់ តែទប់មិនបាន»។ (យេ. ២០:៨, ៩) ទោះជាយេរេមាត្រូវផ្សព្វផ្សាយនៅតំបន់ដែលពិបាកក្ដី ដំណឹងដែលគាត់បានត្រូវចាត់ឲ្យប្រកាសផ្សាយបានផ្ដល់កម្លាំងដែលគាត់ត្រូវការដើម្បីធ្វើកិច្ចការនោះ។
៤. តើអ្វីកើតឡើងពេលយើងអាននិងរំពឹងគិតអំពីបណ្ដាំព្រះ? (កូឡុស ១:៩, ១០)
៤ គ្រិស្តសាសនិកទទួលកម្លាំងពីដំណឹងក្នុងបណ្ដាំព្រះ។ ពេលសាវ័កបូលសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងកូឡុស គាត់បាននិយាយថា ការទទួលចំណេះត្រឹមត្រូវនឹងជំរុញចិត្តបងប្អូនរបស់គាត់ឲ្យ«ប្រព្រឹត្តសមជាអ្នកបម្រើរបស់ព្រះយេហូវ៉ា» កាលដែលពួកគេ«បន្តបង្កើតផលក្នុងគ្រប់ការល្អទាំងអស់»។ (សូមអាន កូឡុស ១:៩, ១០) កិច្ចការល្អនេះរួមមានកិច្ចការផ្សព្វផ្សាយដំណឹងល្អ។ ដូច្នេះពេលយើងអាននិងរំពឹងគិតអំពីបណ្ដាំព្រះ ជំនឿរបស់យើងទៅលើព្រះយេហូវ៉ារឹងមាំឡើង ហើយយើងកាន់តែយល់ថាការផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រគឺសំខាន់ណាស់។
៥. តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ច្រើនបំផុតពីការអាននិងសិក្សាគម្ពីរ?
៥ ដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីបណ្ដាំព្រះ យើងមិនគួរប្រញាប់ប្រញាល់ក្នុងការអាន សិក្សា និងរំពឹងគិតទេ។ សូមធ្វើអ្វីទាំងនេះតាមសម្រួលដោយមិនតក់ក្រហល់។ បើអ្នកអានបទគម្ពីរណាមួយដែលអ្នកពិបាកយល់ សូមកុំរំលងវាឡើយ។ ផ្ទុយទៅវិញ សូមប្រើជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា ឬសៀវភៅឯទៀតរបស់យើងដើម្បីរកឃើញការពន្យល់អំពីខគម្ពីរនោះ។ បើអ្នកសិក្សាមួយៗ អ្នកនឹងពង្រឹងការជឿជាក់របស់អ្នកថាបណ្ដាំព្រះជាសេចក្ដីពិត។ (១ថែ. ៥:២១) កាលដែលអ្នកកាន់តែជឿជាក់ អ្នកនឹងកាន់តែមានអំណរក្នុងការប្រាប់អ្នកឯទៀតអំពីអ្វីដែលអ្នកបានរៀន។
ចូររៀបចំឲ្យបានល្អសម្រាប់កិច្ចបម្រើផ្សាយ
៦. ហេតុអ្វីយើងគួររៀបចំឲ្យបានល្អសម្រាប់កិច្ចបម្រើផ្សាយ?
៦ បើអ្នករៀបចំល្អសម្រាប់កិច្ចផ្សព្វផ្សាយ អ្នកនឹងទំនងជាមានអារម្មណ៍ស្រួលជាងពេលនិយាយជាមួយអ្នកឯទៀត។ លោកយេស៊ូបានជួយពួកអ្នកកាន់តាមលោកឲ្យរៀបចំមុនលោកចាត់ពួកគេឲ្យទៅផ្សព្វផ្សាយ។ (លូក. ១០:១-១១) ដោយសារពួកអ្នកកាន់តាមលោកយេស៊ូបានធ្វើតាមអ្វីដែលលោកបង្រៀនពួកគេ ពួកគេមានអំណរយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេអាចសម្រេចបាន។—លូក. ១០:១៧
៧. តើយើងអាចរៀបចំសម្រាប់កិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
៧ តើយើងអាចរៀបចំសម្រាប់កិច្ចផ្សព្វផ្សាយយ៉ាងដូចម្ដេច? យើងត្រូវគិតអំពីអ្វីដែលយើងចង់និយាយ រួចនិយាយចេញមកតាមរបៀបធម្មជាតិនិងចេញពីចិត្តយើង។ ម្យ៉ាងទៀត គឺជាការល្អឲ្យយើងគិតទុកជាមុនអំពីប្រតិកម្មពីរឬបីដែលច្រើនតែមានក្នុងតំបន់ផ្សាយ ហើយគិតអំពីរបៀបដែលយើងនឹងតបឆ្លើយចំពោះប្រតិកម្មនីមួយៗនោះ។ យ៉ាងនេះ ពេលយើងនិយាយជាមួយអ្នកឯទៀត យើងអាចព្យាយាមមិនភ័យ ញញឹមដាក់គេ និងរួសរាយរាក់ទាក់។
៨. តើតាមរបៀបណាគ្រិស្តសាសនិកគឺដូចភាជនៈដីក្នុងឧទាហរណ៍របស់សាវ័កប៉ូល?
៨ សាវ័កប៉ូលបានលើកឧទាហរណ៍អំពីតួនាទីរបស់យើងក្នុងកិច្ចការផ្សព្វផ្សាយ ពេលគាត់និយាយថា៖ «យើងមានទ្រព្យវិសេសនេះក្នុងភាជនៈដី»។ (២កូ. ៤:៧) តើទ្រព្យវិសេសនេះជាអ្វី? នេះគឺជាកិច្ចការផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រដែលជាកិច្ចការសង្គ្រោះជីវិត។ (២កូ. ៤:១) តើភាជនៈដីនេះជាអ្វី? នេះជាតំណាងអ្នកបម្រើព្រះដែលនាំដំណឹងល្អដល់អ្នកឯទៀត។ នៅសម័យប៉ូល ឈ្មួញបានប្រើភាជនៈដីដើម្បីដាក់ទំនិញដែលមានតម្លៃដូចជា អាហារ ស្រា និងលុយ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាប្រគល់ឲ្យយើងនូវដំណឹងល្អដែលមានតម្លៃ។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចមានកម្លាំងដែលយើងត្រូវការដើម្បីស្មោះត្រង់ក្នុងការនាំដំណឹងរបស់យើង។
ចូរអធិដ្ឋានឲ្យមានចិត្តក្លាហាន
៩. តើយើងអាចយកឈ្នះការភ័យខ្លាចមនុស្សឬការខ្លាចគេបដិសេធយើងយ៉ាងដូចម្ដេច? (សូមមើលរូបភាពផងដែរ)
៩ ជួនកាល យើងប្រហែលជាខ្លាចមនុស្សឬខ្លាចគេបដិសេធយើង។ តើយើងអាចយកឈ្នះបញ្ហានេះយ៉ាងដូចម្ដេច? សូមគិតអំពីសេចក្ដីអធិដ្ឋានរបស់ពួកសាវ័កពេលពួកគេបានត្រូវបង្គាប់មិនឲ្យផ្សព្វផ្សាយ។ ជាជាងភ័យខ្លាចរហូតដល់ឈប់ផ្សព្វផ្សាយ ពួកគេបានសុំព្រះយេហូវ៉ាជួយពួកគេ«ឲ្យបន្តប្រកាសបណ្ដាំរបស់លោកដោយចិត្តក្លាហាន»។ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគេភ្លាមៗ។ (សកម្ម. ៤:១៨, ២៩, ៣១) បើការខ្លាចមនុស្សធ្វើឲ្យយើងមិនសូវហ៊ានផ្សព្វផ្សាយ យើងក៏គួរអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ សូមសុំព្រះយេហូវ៉ាឲ្យជួយអ្នកមាន សេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះមនុស្សដើម្បីអ្នកមិនខ្លាចប្រាប់ពួកគេអំពីដំណឹងល្អ។
១០. តើព្រះយេហូវ៉ាជួយយើងយ៉ាងដូចម្ដេចឲ្យបំពេញតួនាទីរបស់យើងជាសាក្សីរបស់លោក? (អេសាយ ៤៣:១០-១២)
១០ ព្រះយេហូវ៉ាបានតែងតាំងយើងឲ្យធ្វើជាសាក្សីរបស់លោក ហើយលោកសន្យាថានឹងជួយយើងឲ្យមានចិត្តក្លាហាន។ (សូមអាន អេសាយ ៤៣:១០-១២) សូមគិតអំពីរបៀបបួនយ៉ាងដែលលោកធ្វើដូច្នេះ។ ទី១ លោកយេស៊ូនៅជាមួយយើងពេលដែលយើងផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថ. ២៨:១៨-២០) ទី២ ព្រះយេហូវ៉ាបានតែងតាំងពួកទេវតាឲ្យជួយយើង។ (បប. ១៤:៦) ទី៣ ព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់យើង ដើម្បីជួយយើងឲ្យនឹកឃើញអ្វីៗដែលយើងបានរៀន។ (យ៉ូន. ១៤:២៥, ២៦) ទី៤ ព្រះយេហូវ៉ាបានឲ្យបងប្អូនរួមជំនឿដើម្បីទៅជាមួយយើង។ ដោយមានជំនួយពីព្រះយេហូវ៉ានិងការគាំទ្រពីបងប្អូនរួមជំនឿជាទីស្រឡាញ់របស់យើង យើងមានអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីបន្តផ្សព្វផ្សាយដោយចិត្តក្លាហាន។
ចូរបត់បែននិងមានទស្សនៈត្រឹមត្រូវ
១១. តើអ្នកអាចរកឃើញមនុស្សច្រើនជាងយ៉ាងដូចម្ដេចពេលផ្សព្វផ្សាយ? (សូមមើលរូបភាពផងដែរ)
១១ តើអ្នកធ្លាក់ទឹកចិត្តពេលអ្នកមិនសូវជួបមនុស្សនៅផ្ទះឬទេ? សូមសួរខ្លួនថា ‹តើមនុស្សនៅតំបន់ផ្សាយរបស់ខ្ញុំភាគច្រើនទៅណាថ្មើរនេះ?›។ (សកម្ម. ១៦:១៣) ‹តើពួកគេនៅកន្លែងធ្វើការឬចេញទៅផ្សារ?›។ បើដូច្នេះ តើអ្នកអាចជួបមនុស្សកាន់តែច្រើនដោយផ្សព្វផ្សាយតាមផ្លូវឬទេ? បងប្រុសម្នាក់ឈ្មោះចូស៊ូអានិយាយថា៖ «ខ្ញុំរកឱកាសផ្សព្វផ្សាយពេលឆ្លងកាត់ផ្សារទំនើបនិងចំណតឡានសាធារណៈ»។ គាត់និងប្រពន្ធរបស់គាត់ប៊្រីចិតក៏បានជួបមនុស្សកាន់តែច្រើននៅផ្ទះពេលដែលផ្សព្វផ្សាយនៅព្រលប់ ព្រមទាំងនៅរសៀលថ្ងៃអាទិត្យ។—អេភ. ៥:១៥, ១៦
១២. តើយើងអាចដឹងយ៉ាងដូចម្ដេចអំពីជំនឿឬការព្រួយបារម្ភរបស់មនុស្ស?
១២ បើមនុស្សមិនសូវបង្ហាញចំណាប់អារម្មណ៍នៅដើមដំបូង សូមព្យាយាមស្វែងយល់អំពីជំនឿឬការព្រួយបារម្ភរបស់ពួកគេ។ សូមគិតអំពីគំរូរបស់បងចូស៊ូអានិងបងប៊្រីចិត។ ពួកគាត់ចាប់ផ្ដើមការសន្ទនាដោយប្រើសំណួរដែលមាននៅមុខខិត្តប័ណ្ណរបស់យើង។ ជាឧទាហរណ៍ ពេលប្រើខិត្តប័ណ្ណតើលោកអ្នកស្គាល់គម្ពីរបរិសុទ្ធទេ? ពួកគាត់និយាយថា៖ «មនុស្សខ្លះចាត់ទុកគម្ពីរជាសៀវភៅមួយពីព្រះ រីឯអ្នកឯទៀតមិនសូវគិតបែបនេះទេ។ ចុះយ៉ាងណាបងវិញ?»។ នេះច្រើនតែនាំឲ្យមានការសន្ទនា។
១៣. ហេតុអ្វីយើងអាចចាត់ទុកកិច្ចបម្រើផ្សាយរបស់យើងថាទទួលជោគជ័យទោះជាមនុស្សមិនស្ដាប់ក្ដី? (សុភាសិត ២៧:១១)
១៣ ភាពជោគជ័យរបស់យើងក្នុងកិច្ចបម្រើផ្សាយមិនអាស្រ័យទៅលើលទ្ធផលដែលយើងទទួលទេ។ ហេតុអ្វី? ពីព្រោះយើងបានធ្វើអ្វីដែលព្រះយេហូវ៉ានិងបុត្ររបស់លោកចង់ឲ្យយើងធ្វើ ពោលគឺយើងបានធ្វើជាសាក្សីបញ្ជាក់។ (សកម្ម. ១០:៤២) ទោះជាពេលដែលយើងមិនជួបអ្នកណាឬពេលដែលគេបដិសេធដំណឹងដែលយើងផ្សព្វផ្សាយក្ដី យើងអាចមានអំណរដោយសារយើងដឹងថា យើងកំពុងធ្វើឲ្យបិតារបស់យើងនៅស្ថានសួគ៌ពេញចិត្ត។—សូមអាន សុភាសិត ២៧:១១
១៤. ហេតុអ្វីយើងអាចអរសប្បាយពេលអ្នកផ្សាយផ្សេងទៀតរកឃើញអ្នកចាប់អារម្មណ៍ក្នុងតំបន់ផ្សាយ?
១៤ យើងក៏អាចអរសប្បាយពេលអ្នកផ្សាយផ្សេងទៀតរកឃើញបុគ្គលដែលចាប់អារម្មណ៍ក្នុងតំបន់ផ្សាយ។ ទស្សនាវដ្ដីប៉មយាមបានប្រដូចកិច្ចការរបស់យើងទៅនឹងការរកកូនក្មេងដែលវង្វេងបាត់។ មនុស្សជាច្រើនជួយស្វែងរកក្មេងនោះពីកន្លែងមួយទៅកន្លែងមួយ។ ពេលក្មេងនោះបានត្រូវរកឃើញ គ្រប់គ្នាអរសប្បាយ មិនគ្រាន់តែបុគ្គលម្នាក់ដែលរកឃើញគាត់ប៉ុណ្ណោះ។ ស្រដៀងគ្នាដែរ កិច្ចការបង្រៀនអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូគឺជាការសហការជាក្រុម។ យើងត្រូវការបុគ្គលគ្រប់រូបនៅក្នុងក្រុមជំនុំដើម្បីជួយផ្សព្វផ្សាយដល់មនុស្សទាំងអស់នៅក្នុងតំបន់ផ្សាយ ហើយទាំងអស់គ្នាអរសប្បាយពេលអ្នកថ្មីចាប់ផ្ដើមចូលរួមកិច្ចប្រជុំ។
ចូរផ្ដោតអារម្មណ៍លើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានិងអ្នកជិតខាង
១៥. តើការធ្វើតាមម៉ាថាយ ២២:៣៧-៣៩អាចជួយយើងយ៉ាងណាឲ្យបង្កើនចិត្តខ្នះខ្នែងរបស់យើងចំពោះកិច្ចបម្រើផ្សាយ? (សូមមើលរូបភាពផងដែរ)
១៥ យើងអាចបង្កើនចិត្តខ្នះខ្នែងរបស់យើងចំពោះកិច្ចផ្សព្វផ្សាយ ដោយផ្ដោតអារម្មណ៍ទៅលើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងអ្នកជិតខាង។ (សូមអាន ម៉ាថាយ ២២:៣៧-៣៩) សូមស្រមៃគិតថាព្រះយេហូវ៉ាសប្បាយចិត្តយ៉ាងណាពេលលោកឃើញយើងធ្វើកិច្ចការនេះ ហើយថាមនុស្សនឹងសប្បាយយ៉ាងណាពេលពួកគេចាប់ផ្ដើមរៀនគម្ពីរ។ សូមចាំដែរថាពួកអ្នកដែលស្ដាប់ដំណឹងដែលយើងផ្សាយ ហើយសម្រេចចិត្តបម្រើព្រះយេហូវ៉ាអាចរស់ជារៀងរហូត។—យ៉ូន. ៦:៤០; ១ធី. ៤:១៦
១៦. តើយើងអាចទទួលអំណរពីកិច្ចការផ្សព្វផ្សាយរបស់យើងយ៉ាងដូចម្ដេចពេលយើងមិនអាចចេញពីផ្ទះ? សូមលើកឧទាហរណ៍។
១៦ តើអ្នកមិនអាចចេញពីផ្ទះដោយសារមូលហេតុណា មួយឬទេ? បើដូច្នេះ សូមផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកអាចធ្វើបានដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងអ្នកជិតខាង។ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ បងប្រុសសាំយូអែលនិងប្រពន្ធរបស់គាត់បងដានីអាមិនអាចចេញពីផ្ទះរបស់ពួកគាត់បានទេ។ ក្នុងអំឡុងគ្រាពិបាកនោះ ពួកគាត់បានផ្សព្វផ្សាយជាទៀងទាត់តាមទូរស័ព្ទ សរសេរសំបុត្រ និងដឹកនាំការសិក្សាគម្ពីរតាមកម្មវិធីហ៊្សូម។ បងសាំយូអែលបានផ្សព្វផ្សាយដល់ពួកអ្នកដែលគាត់ជួបនៅពេទ្យដែលគាត់ទៅដើម្បីទទួលការព្យាបាលជំងឺមហារីក។ គាត់និយាយថា៖ «ពេលយើងឆ្លងកាត់គ្រាលំបាក យើងប្រហែលជាហត់ចិត្តហត់កាយ និងពិបាករក្សាជំនឿ។ យើងត្រូវខំរក្សាអំណរក្នុងការបម្រើព្រះយេហូវ៉ា»។ ក្នុងអំឡុងពេលនោះ បងដានីអាត្រូវសម្រាកនៅលើគ្រែអស់បីខែ ដោយសារគាត់បានដួល។ ក្រោយមក គាត់ត្រូវអង្គុយជាប់លើកៅអីរុញអស់៦ខែ។ គាត់និយាយថា៖ «ខ្ញុំបានព្យាយាមធ្វើអ្វីផ្សេងៗអស់ពីសមត្ថភាពក្នុងកាលៈទេសៈរបស់ខ្ញុំ។ ខ្ញុំអាចផ្សព្វផ្សាយដល់គិលានុបដ្ឋាយិកាដែលមកជួបខ្ញុំ ហើយខ្ញុំបាននិយាយទៅកាន់ពួកអ្នកដែលដឹកជញ្ជូនអីវ៉ាន់មកផ្ទះខ្ញុំ។ ខ្ញុំក៏មានការសន្ទនាល្អតាមទូរស័ព្ទជាមួយស្ត្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនលក់ឧបករណ៍ពេទ្យ»។ ស្ថានភាពរបស់បងសាំយូអែលនិងបងដានីអាបានដាក់កម្រិតលើសកម្មភាពរបស់ពួកគាត់ ប៉ុន្តែពួកគាត់បានធ្វើអ្វីដែលពួកគាត់អាចធ្វើបាន ហើយមានអំណរក្នុងការធ្វើដូច្នេះ។
១៧. តើអ្នកអាចទទួលប្រយោជន៍ច្រើនបំផុតពីយោបល់ក្នុងអត្ថបទនេះយ៉ាងដូចម្ដេច?
១៧ យោបល់ក្នុងអត្ថបទនេះមានប្រសិទ្ធភាពច្រើនបំផុតពេលអនុវត្តជាមួយគ្នា។ យោបល់នីមួយៗប្រៀបដូចជាគ្រឿងផ្សំមួយក្នុងរូបមន្ត។ ពេលគ្រឿងផ្សំទាំងអស់នៅក្នុងរូបមន្តបានត្រូវដាក់បញ្ចូលគ្នា នោះធ្វើឲ្យអាហារមានរសជាតិឆ្ងាញ់។ ស្រដៀងគ្នាដែរ ដោយធ្វើតាមយោបល់ទាំងអស់ យើងនឹងកាន់តែអាចយកឈ្នះអារម្មណ៍អវិជ្ជមាន និងមានអំណរច្រើនជាងក្នុងកិច្ចបម្រើផ្សាយ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
-
តើការលៃទុកពេលដើម្បីរៀបចំឲ្យបានល្អនឹងជួយអ្នកឲ្យមានអំណរច្រើនជាងក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
-
តើតាមរបៀបណាការអធិដ្ឋានឲ្យមានចិត្តក្លាហាននឹងជួយអ្នកឲ្យមានអំណរច្រើនជាងក្នុងកិច្ចបម្រើផ្សាយ?
-
តើការផ្ដោតអារម្មណ៍ទៅលើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានិងអ្នកជិតខាងនឹងជួយអ្នកយ៉ាងណាឲ្យមានអំណរច្រើនជាងក្នុងកិច្ចបម្រើផ្សាយ?
ចម្រៀងលេខ៨០ «ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ»