លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​សិក្សា​ផ្ទាល់​ខ្លួន​ជា​ទៀង​ទាត់?

តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​សិក្សា​ផ្ទាល់​ខ្លួន​ជា​ទៀង​ទាត់?

តើ​អ្នក​ពិបាក​សិក្សា​ផ្ទាល់​ខ្លួន​រាល់​សប្ដាហ៍​ឬ​ទេ? ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​ធុញ​ទ្រាន់​ក្នុង​ការ​សិក្សា​ឬ​ទេ? ពេល​ខ្លះ យើង​ទាំង​អស់​គ្នា​គឺ​ដូច្នេះ។ ប៉ុន្តែ សូម​គិត​អំពី​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ធ្វើ​ជា​ទៀង​ទាត់ ដូច​ជា​ងូត​ទឹក​ជា​ដើម។ តាម​ធម្មតា អ្នក​ត្រូវ​ចំណាយ​ពេល​និង​កម្លាំង​ដើម្បី​ងូត​ទឹក តែ​ក្រោយ​ពី​ងូត​រួច អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ។ ស្រដៀង​គ្នា​ដែរ ការ​សិក្សា​គម្ពីរ​ប្រៀប​ដូច​ជា​ការ​«​សម្អាត​ជា​មួយ​នឹង​ទឹក​ដែល​ជា​បណ្ដាំ​របស់​ព្រះ​»​ នាំ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​និង​ទទួល​កម្លាំង​ចិត្ត។ (​អេភ. ៥:២៦​) ដូច្នេះ សូម​ពិចារណា​យោបល់​ខ្លះ​៖

  • រៀប​កាល​វិភាគ។ ការ​សិក្សា​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ចំណោម​«​អ្វី​ដែល​សំខាន់​ជាង​»​ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ។ (​ភី. ១:១០​) ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​កាល​វិភាគ អ្នក​អាច​ដាក់​វា​នៅ​កន្លែង​ណា​ដែល​ងាយ​មើល​ឃើញ ដូច​ជា​លើ​ក្ដារ​ខៀន ឬ​ភ្ជាប់​លើ​ទ្វារ​ទូរ​ទឹក​កក។ មួយ​ទៀត អ្នក​អាច​ដាក់​ម៉ោង​រោទ៍​រំលឹក​ថា​តិច​ទៀត​ដល់​ម៉ោង​សិក្សា។

  • ចេះ​ប្រែ​ប្រួល​តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។ អ្នក​ខ្លះ​អាច​ផ្ចង់​អារម្មណ៍​សិក្សា​បាន​យូរ តែ​អ្នក​ខ្លះ​មិន​បាន​យូរ​ទេ ចុះ​អ្នក​វិញ? អ្នក​ច្បាស់​ជា​ដឹង​ថា​ខ្លួន​គឺ​មួយ​ណា។ ដូច្នេះ អ្នក​អាច​បត់​បែន​តាម​នោះ។ បើ​អ្នក​មិន​មាន​អារម្មណ៍​សិក្សា​តាម​កាល​វិភាគ​របស់​ខ្លួន​ទេ អ្នក​អាច​ព្យាយាម​សិក្សា​ត្រឹម​តែ​១០​នាទី​ក៏​បាន។ ពិត​មែន​ថា​អ្នក​សិក្សា​ក្នុង​រយៈ​ពេល​ខ្លី តែ​យ៉ាង​ហោច​ណាស់​ល្អ​ជាង​មិន​បាន​សិក្សា​សោះ។ ម្យ៉ាង​ទៀត អ្នក​ប្រហែល​ជា​ឃើញ​ថា​ក្រោយ​សិក្សា​អស់​១០​នាទី អ្នក​ចាប់​ផ្ដើម​ជក់​ចិត្ត​រហូត​ដល់​ចង់​សិក្សា​ត​ទៀត។—ភី. ២:១៣

  • ជ្រើស​រើស​ប្រធានបទ​ទុក​ជា​មុន។ បើ​ដល់​ម៉ោង​សិក្សា ហើយ​ទើប​រក​នឹក​ថា​រៀន​អ្វី អ្នក​ប្រហែល​ជា​មិន​បាន​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»​ទេ។ (​អេភ. ៥:១៦​) ដូច្នេះ អ្នក​គួរ​ធ្វើ​បញ្ជី​មួយ​អំពី​ប្រធានបទ​ដែល​អ្នក​ចង់​សិក្សា។ មួយ​វិញ​ទៀត ពេល​អ្នក​មាន​ចម្ងល់​ណា​មួយ អ្នក​ក៏​អាច​សរសេរ​ទុក​ក្នុង​បញ្ជី​ដែរ។ ក្រោយ​សិក្សា​ចប់ អ្នក​ប្រហែល​ជា​អាច​បន្ថែម​ព័ត៌មាន​ផ្សេង​ទៀត​ដែល​អ្នក​ចង់​សិក្សា​ចូល​ទៅ​ក្នុង​បញ្ជី​នោះ។

  • ចេះ​បត់​បែន។ អ្វី​សំខាន់​បំផុត​គឺ​សិក្សា​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ជាប់​លាប់​រាល់​សប្ដាហ៍។ បើ​ថ្ងៃ​នោះ​អ្នក​រវល់​ឬ​មាន​បញ្ហា​បន្ទាន់​ណា​មួយ សូម​ដូរ​ថ្ងៃ​និង​ម៉ោង​សិក្សា រយៈ​ពេល​សិក្សា ឬ​ប្រធានបទ​សិក្សា។

បើ​អ្នក​សិក្សា​ផ្ទាល់​ខ្លួន​ជា​ទៀង​ទាត់ អ្នក​នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន ដូច​ជា​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា មាន​ការ​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ និង​ទទួល​កម្លាំង​ចិត្ត។—យ៉ូស. ១:៨