លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤៦

ចម្រៀង​លេខ​៤៩ ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ត្រេក​អរ

បង​ប្អូន​ប្រុស តើ​អ្នក​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ទេ?

បង​ប្អូន​ប្រុស តើ​អ្នក​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ទេ?

«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។សកម្ម. ២០:៣៥

ចំណុច​ផ្ដោត

ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​ប្រុស​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ ឲ្យ​ព្យាយាម​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

១. តើ​សាវ័ក​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ?

 ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ច​ការ​សំខាន់​នៅ​ក្នុង​ក្រុម​ជំនុំ។ ម្ល៉ោះ​ហើយ សាវ័ក​ប៉ូល​បាន​ឲ្យ​តម្លៃ​ចំពោះ​បុរស​ស្មោះ​ត្រង់​ទាំង​នេះ។ ជា​ឧទាហរណ៍ ពេល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព គាត់​ផ្ដាំ​សួរ​សុខ​ទុក្ខ​ជា​ពិសេស​ដល់​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។—ភី. ១:១

២. ពេល​បង​លូអ៊ីស​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា?

បង​ប្អូន​ជា​ច្រើន​នាក់​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​សារ​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ មិន​ថា​ពួក​គាត់​ក្មេង​ឬ​ចាស់​ទេ។ ជា​ឧទាហរណ៍ ប្អូន​ប្រុស​ឈ្មោះ​ដេវ៉ាន បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​នៅ​អាយុ​១៨​ឆ្នាំ។ រីឯ​បង​ប្រុស​លូអ៊ីស គាត់​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​នៅ​អាយុ​ជាង​៥០​ឆ្នាំ។ តើ​បង​លូអ៊ីស​មាន​អារម្មណ៍​យ៉ាង​ណា? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ជា​ពិសេស​ពេល​ខ្ញុំ​ឃើញ​បង​ប្អូន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ នោះ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គាត់​វិញ!​»។ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជា​ច្រើន​នាក់​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ។

៣. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

បើ​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ តែ​មិន​ទាន់​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទេ តើ​អ្នក​ចង់​មាន​គោល​ដៅ​ដូច​នោះ​ឬ​ទេ? តើ​អ្វី​អាច​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​ដូច្នោះ? តើ​អ្នក​ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។ ប៉ុន្តែ​ជា​ដំបូង សូម​យើង​ពិនិត្យ​មើល​ថា តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​អ្វី​ខ្លះ?

តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ?

៤. តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ពេល​បង​ប្អូន​ប្រុស​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ នោះ​គាត់​នឹង​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក្រោម​ការ​ដឹក​នាំ​របស់​ឫទ្ធានុភាព​បរិសុទ្ធ។ ដូច្នេះ តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ? ពួក​គាត់​ជួយ​អ្នក​ចាស់​ទុំ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ​ដូច​ជា ជួយ​រៀប​ចំ​ផែន​ទី ជួយ​រៀប​ចំ​សៀវភៅ​សម្រាប់​អ្នក​ផ្សព្វ​ផ្សាយ ជួយសម្អាត ជួយ​ថែ​ទាំ​សាល​ប្រជុំ ធ្វើ​ជា​ឆ្មាំ ធ្វើ​ខាង​ប្រព័ន្ធ​សំឡេង និង​ចាក់វីដេអូ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ជា​ដើម។ យើង​ទទួល​ប្រយោជន៍​ខ្លាំង​ណាស់​ពី​កិច្ច​ការ​ដ៏​ច្រើន​របស់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ត្រូវ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គាត់​ក៏​ត្រូវ​ស្រឡាញ់​បង​ប្អូន​យ៉ាង​ខ្លាំង​ដែរ។ (​ម៉ាថ. ២២:៣៧​-​៣៩​) តើ​បង​ប្អូន​ប្រុស​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ?

ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​តាម​គំរូ​លោក​យេស៊ូ ដោយ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​អ្នក​ឯ​ទៀត ​(​សូម​មើល​វគ្គ​៤​)​


៥. ដើម្បី​បាន​មុខ​ងារ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ តើ​បង​ប្អូន​ប្រុស​ត្រូវ​ធ្វើ​អ្វី?

គម្ពីរ​ប្រាប់​អំពី​តម្រូវ​ការ​ផ្សេង​ៗ​ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ (​១ធី. ៣:៨​-​១០, ១២, ១៣​) ដូច្នេះ បើ​អ្នក​ចង់​បាន​មុខ​ងារ​នេះ សូម​ពិចារណា​អំពី​តម្រូវ​ការ​ទាំង​នោះ បន្ទាប់​មក​សូម​ខំ​ប្រឹង​ធ្វើ​តាម។ ប៉ុន្តែ ជា​ដំបូង​សូម​គិត​អំពី​មូលហេតុ​ដែល​អ្នក​ចង់​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

ហេតុ​អ្វី​អ្នក​ចង់​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ?

៦. តើ​អ្វី​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចង់​បម្រើ​បង​ប្អូន? (​ម៉ាថាយ ២០:២៨; សូម​មើល​រូប​ភាពផង​ដែរ​)

លោក​យេស៊ូ​ជា​គំរូ​ល្អ​បំផុត ពីព្រោះ​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​សារ​លោក​ស្រឡាញ់​បិតា​និង​មនុស្ស។ សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​លោក​ឲ្យ​ខំ​ព្យាយាម​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ សូម្បី​តែ​កិច្ចការ​ដែល​អ្នក​ឯ​ទៀត​មិន​សូវ​ឲ្យ​តម្លៃ។ (​សូម​អាន ម៉ាថាយ ២០:២៨; យ៉ូន. ១៣:៥, ១៤, ១៥​) ស្រដៀង​គ្នា​ដែរ បើ​អ្នក​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដោយ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់ នោះ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។—១កូ. ១៦:១៤; ១ពេ. ៥:៥

លោក​យេស៊ូ​បាន​ទុក​គំរូ​ដោយ​បង្រៀន​ពួក​សាវ័ក​ឲ្យ​បម្រើ​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​រាប​ទាប ជា​ជាង​ស្វែង​រក​ឋានៈ​ឬ​មុខ​មាត់ (​សូម​មើល​វគ្គ​៦​)​


៧. ហេតុ​អ្វី​បង​ប្អូន​ប្រុស​ធ្វើ​កិច្ច​ការ​ណា​មួយ​មិន​មែន​ដោយ​សារ​ចង់​បាន​មុខ​មាត់?

មនុស្ស​ក្នុង​ពិភព​លោក​ធ្វើ​កិច្ច​ការ​ណា​មួយ​ច្រើន​តែ​ដើម្បី​ឲ្យ​គេ​កោត​សរសើរ​ខ្លួន តែ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​មែន​ដូច្នេះ​ទេ។ ដូច​លោក​យេស៊ូ​ដែរ ពួក​គេ​ធ្វើ​កិច្ច​ការ​ណា​មួយ​ដោយ​សារ​សេចក្ដី​ស្រឡាញ់ មិន​មែន​ដោយ​សារ​ចង់​បាន​មុខ​មាត់ តួ​នាទី ឬ​អំណាច​ដើម្បី​គ្រប់​គ្រង​លើ​បង​ប្អូន​ឯ​ទៀត​ឡើយ។ ឧបមា​ថា បើ​បុគ្គល​ដែល​មាន​មហិច្ឆតា​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ នោះ​គាត់​ទំនង​ជា​ចង់​ធ្វើ​តែ​កិច្ចការ​ដែល​លេច​ធ្លោ ឬ​កិច្ចការ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ខ្លួន ជា​ជាង​ដល់​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ គាត់​ប្រហែល​ជា​មិន​ចង់​ធ្វើ​កិច្ចការ​ដែល​មិន​សូវ​លេច​មុខ​លេច​មាត់​ទេ ហើយ​ចាត់​ទុក​ថា​កិច្ច​ការ​នោះ​មិន​សម​នឹង​គាត់។ (​យ៉ូន. ១០:១២​) ព្រះ​យេហូវ៉ា​នឹង​មិន​ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹង​ប្រែង​របស់​បុគ្គល​បែប​នោះ​ឡើយ។—១កូ. ១០:២៤, ៣៣; ១៣:៤, ៥

៨. តើ​លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​អ្វី​ដល់​សាវ័ក​របស់​លោក?

ជួន​កាល​សូម្បី​តែ​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ ក៏​ចង់​បាន​ឯកសិទ្ធិ​ដោយ​បំណង​ចិត្ត​មិន​ត្រឹម​ត្រូវ​ដែរ។ ជា​ឧទាហរណ៍ យ៉ាកុប​និង​យ៉ូហាន​ដែល​ជា​សាវ័ក​របស់​លោក បាន​សុំ​លោក​ឲ្យ​ផ្ដល់​តួ​នាទី​ពិសេស​ក្នុង​រាជាណាចក្រ​ដល់​ពួក​គាត់។ ពេល​ឮ​ដូច្នេះ លោក​យេស៊ូ​មិន​បាន​សរសើរ​ពួក​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ឆ្លៀត​យក​ឱកាស​នោះ​ដើម្បី​ឲ្យ​ឱវាទ​ដល់​សាវ័ក​ទាំង​១២​នាក់​ថា​៖ ​«​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​បម្រើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​បម្រើ​អ្នក​ឯ​ទៀត​វិញ​»។ (​ម៉ាក. ១០:៣៥​-​៣៧, ៤៣, ៤៤​) ដូច្នេះ បុគ្គល​ដែល​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ ពោល​គឺ​ចង់​បម្រើ​បង​ប្អូន​ឯ​ទៀត គាត់​នឹង​ខំ​ព្យាយាម​ជួយ​ក្រុម​ជំនុំ​តាម​របៀប​ជា​ច្រើន។—១ថែ. ២:៨

តើ​អ្វី​អាច​ជំរុញ​ចិត្ត​អ្នក​ឲ្យ​កាន់​តែ​ចង់​បម្រើ​បង​ប្អូន?

៩. តើ​អ្វី​អាច​ជំរុញ​ចិត្ត​អ្នក​ឲ្យ​កាន់​តែ​ចង់​បម្រើ​បង​ប្អូន?

យើង​ដឹង​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចង់​បម្រើ​បង​ប្អូន​ឯ​ទៀត។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​មិន​សូវ​ចង់​ទទួល​ភារកិច្ច​ថែម​ទៀត​ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ? តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​មាន​សន្ទុះ​ចិត្ត​ខ្លាំង​ជាង​មុន? សូម​គិត​អំពី​អំណរ​ដែល​មក​ពី​ការ​បម្រើ​បង​ប្អូន។ តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​រឿង​នេះ? លោក​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្ម. ២០:៣៥​) លោក​មិន​គ្រាន់​និយាយ​តែ​មាត់​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ធ្វើ​ដូច្នេះ​ដែរ។ លោក​មាន​អំណរ​ជា​ខ្លាំង​ដែល​មក​ពី​ការ​បម្រើ​អ្នក​ឯ​ទៀត។ អ្នក​ក៏​អាច​ទទួល​អំណរ​ដូច​លោក​ដែរ!

១០. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​លោក​សប្បាយ​ចិត្ត​ជួយ​អ្នក​ឯ​ទៀត? (​ម៉ាកុស ៦:៣១​-​៣៤​)

១០ សូម​ស្រមៃ​គិត​ថា លោក​យេស៊ូ​សប្បាយ​ខ្លាំង​យ៉ាង​ណា​ពេល​បម្រើ​អ្នក​ឯ​ទៀត។ (​សូម​អាន ម៉ាកុស ៦:៣១​-​៣៤) ជា​ឧទាហរណ៍ នៅ​ពេល​មួយ​លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​អស់​កម្លាំង​ជា​ខ្លាំង បាន​ជា​ពួក​គាត់​ទៅ​រក​កន្លែង​ឆ្ងាយ​ពី​គេ​ដើម្បី​សម្រាក។ ប៉ុន្តែ ពេល​ទៅ​ដល់​ទី​នោះ ពួក​គាត់​ឃើញ​បណ្ដា​ជន​មួយ​ក្រុម​ធំ​កំពុង​រង់​ចាំ​ដើម្បី​ទទួល​ការ​បង្រៀន​ពី​លោក​យេស៊ូ។ ពេល​នោះ​លោក​អាច​បដិសេធ​បង្រៀន​ពួក​គេ ដោយ​សារ​លោក​និង​ពួក​សាវ័ក​«​គ្មាន​ពេល​ទំនេរ​សោះ សូម្បី​តែ​រក​ពេល​បរិភោគ​ក៏​មិន​បាន​ផង​»។ ឬ​ក៏​លោក​គ្រាន់​តែ​បង្រៀន​ពួក​គេ​មួយ​ចំណុច​ឬ​ពីរ​ចំណុច​ក៏​បាន​ដែរ។ ប៉ុន្តែ ដោយ​សារ​លោក​ស្រឡាញ់​ពួក​គេ លោក​«​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំពី​អ្វី​ៗ​ជា​ច្រើន​»​ ហើយ​លោក​បន្ត​បង្រៀន​ពួក​គេ​រហូត​ដល់​«​ថ្ងៃ​កាន់​តែ​ជ្រេ​ទៅ​»។ (​ម៉ាក. ៦:៣៥​) លោក​ធ្វើ​ដូច្នេះ មិន​មែន​ដោយ​សារ​លោក​ត្រូវ​តែ​ធ្វើ​ទេ ប៉ុន្តែ​ដោយ​សារ​លោក​«​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ​»។ លោក​ចង់​បង្រៀន​ពួក​គេ ព្រោះ​លោក​ស្រឡាញ់​ពួក​គេ។ ពេល​លោក​ធ្វើ​អ្វី​ដើម្បី​ជា​ប្រយោជន៍​អ្នក​ឯ​ទៀត លោក​មាន​អំណរ​ក្រៃ​លែង។

១១. លោក​យេស៊ូ​មិន​គ្រាន់​តែ​បង្រៀន​ប៉ុណ្ណោះ​ទេ តើ​លោក​បាន​ធ្វើ​អ្វី​ទៀត? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ លោក​យេស៊ូ​មិន​គ្រាន់​តែ​បង្រៀន​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​របស់​ពួក​គេ​ដែរ។ ដោយ​អព្ភូតហេតុ លោក​បាន​ធ្វើ​ឲ្យ​មាន​អាហារ រួច​ឲ្យ​ពួក​អ្នក​កាន់​តាម​ជា​អ្នក​ចែក។ (​ម៉ាក. ៦:៤១​) ពេល​លោក​ធ្វើ​ដូច្នេះ លោក​កំពុង​បង្រៀន​ពួក​អ្នក​កាន់​តាម​អំពី​របៀប​បម្រើ​អ្នក​ឯ​ទៀត។ លោក​ក៏​បង្ហាញ​ដែរ​ថា​កិច្ច​ការ​នោះ​គឺ​សំខាន់។ នៅ​សព្វ​ថ្ងៃ​នេះ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ច្រើន​តែ​ធ្វើ​កិច្ចការ​ដែល​បម្រើ​អ្នក​ឯ​ទៀត។ សូម​ស្រមៃ​គិត​ថា ពួក​សាវ័ក​សប្បាយ​ចិត្ត​ខ្លាំង​ប៉ុន​ណា​ដែល​បាន​រួម​ចំណែក​ជា​មួយ​លោក​យេស៊ូ​ក្នុង​ការ​ចែក​អាហារ​ដល់​បណ្ដា​ជន រហូត​ដល់​«​គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត​»។ (​ម៉ាក. ៦:៤២​) នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា លោក​យេស៊ូ​គិត​ប្រយោជន៍​អ្នក​ឯ​ទៀត​ច្រើន​ជាង​ខ្លួន​លោក។ តាម​ពិត លោក​បាន​បម្រើ​អ្នក​ឯ​ទៀត​ពេញ​មួយ​ជីវិត​របស់​លោក។ (​ម៉ាថ. ៤:២៣; ៨:១៦​) ពេល​ដែល​លោក​បង្រៀន​និង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត នោះ​លោក​មាន​អំណរ​និង​ស្កប់​ចិត្ត​ជា​ខ្លាំង។ អ្នក​ក៏​នឹង​មាន​អំណរ​ជា​ខ្លាំង​ដែរ បើ​អ្នក​ព្យាយាម​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ឲ្យ​បាន​មុខ​ងារ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

ពេល​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ហើយ​ចង់​បម្រើ​អ្នក​ឯ​ទៀត នោះ​អ្នកនឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ ​(​សូម​មើល​វគ្គ​១១​)​ a


១២. ហេតុ​អ្វី​អ្នក​មិន​គួរ​គិត​ថា​អ្នក​គ្មាន​សមត្ថភាព​ជួយ​ក្រុម​ជំនុំ?

១២ បើ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​ណា​មួយ​ទេ កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ ហេតុ​អ្វី? ដោយ​សារ​អ្នក​មុខ​ជា​មាន​គុណ​សម្បត្តិ​ដែល​អាច​ជួយ​ក្រុម​ជំនុំ​បាន។ ដូច្នេះ សូម​អធិដ្ឋាន ហើយ​គិត​ពិចារណា​អំពី​ពាក្យ​សម្ដី​របស់​ប៉ូល​នៅ​កូរិនថូស​ទី​១ ១២:១២​-​៣០។ ពាក្យ​របស់​ប៉ូល​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ក៏​ដូច​ជា​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ​យេហូវ៉ា​ដែរ គឺ​មាន​តម្លៃ​និង​តួ​នាទី​សំខាន់​នៅ​ក្នុង​ក្រុម​ជំនុំ។ បើ​អ្នក​មិន​ទាន់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​នៅ​ឥឡូវ​នេះ​ទេ សូម​បន្ត​ព្យាយាម​ទៀត។ សូម​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​និង​ជួយ​បង​ប្អូន​រួម​ជំនឿ។ សូម​ជឿ​ជាក់​ថា​អ្នក​ចាស់​ទុំ​នឹង​ឲ្យ​ភារកិច្ច​ដែល​សម​ស្រប​តាម​សមត្ថភាព​របស់​អ្នក។—រ៉ូម ១២:៤​-​៨

១៣. គុណ​សម្បត្តិ​ភាគ​ច្រើន​ដែល​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​គួរ​មាន តើ​អ្នក​ណា​ក៏​គួរ​មាន​ដែរ?

១៣ សូម​គិត​អំពី​ចំណុច​នេះ គុណ​សម្បត្តិ​ភាគ​ច្រើន​ដែល​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​គួរ​មាន ក៏​ជា​គុណ​សម្បត្តិ​ដែល​គ្រិស្ត​សាសនិក​ទាំង​អស់​គួរ​មាន​ដែរ។ ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​ទាំង​អស់​គួរ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា សប្បាយ​ក្នុង​ការ​ឲ្យ​អ្នក​ឯ​ទៀត និង​មាន​របៀប​រស់​នៅ​ដែល​លោក​ពេញ​ចិត្ត។ តាម​មើល​ទៅ​អ្នក​ទំនង​ជា​មាន​គុណ​សម្បត្តិ​ទាំង​នោះ​រួច​ហើយ។ ប៉ុន្តែ ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ តើ​អ្នក​ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ថែម​ទៀត?

តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ?

១៤. តើ​«​មនុស្ស​នឹង​ធឹង​»​ជា​មនុស្ស​បែប​ណា? (​ធីម៉ូថេ​ទី​១ ៣:៨​-​១០, ១២​)

១៤ សូម​យើង​គិត​អំពី​គុណ​សម្បត្តិ​មួយ​ចំនួន​ដែល​បាន​រៀប​រាប់​នៅ​ធីម៉ូថេ​ទី​១ ៣:៨​-​១០, ១២។ (​សូម​អាន​) ជា​ឧទាហរណ៍ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ត្រូវ​ជា​«​មនុស្ស​នឹង​ធឹង​»។ ពាក្យ​នេះ​ក៏​អាច​ត្រូវ​បក​ប្រែ​ថា​«​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​»​ ឬ​«​មនុស្ស​ដែល​មាន​ភាព​ថ្លៃ​ថ្នូរ​»។ នេះ​មិន​មាន​ន័យ​ថា​អ្នក​មិន​ចេះ​សើច​សប្បាយ​ឬ​និយាយ​លេង​នោះ​ទេ។ (​អទ. ៣:១,​) ក៏​ប៉ុន្តែ នេះ​មាន​ន័យ​ថា​អ្នក​ព្យាយាម​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ដូច្នេះ បើ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​អាច​ពឹង​ពាក់​បាន នោះ​បង​ប្អូន​ក្រុម​ជំនុំ​នឹង​មាន​ទំនុក​ចិត្ត​លើ​អ្នក។

១៥. តើ​ការ​«​មិន​និយាយ​សម្ដី​ពីរ​»​និង​«​មិន​លោភ​លន់​ដោយ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​»​មាន​ន័យ​យ៉ាង​ណា?

១៥«​មិន​និយាយ​សម្ដី​ពីរ​»​ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ ទៀង​ត្រង់ និង​គួរ​ឲ្យ​ទុក​ចិត្ត។ អ្នក​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន ហើយ​មិន​និយាយ​បោក​បញ្ឆោត​អ្នក​ឯ​ទៀត។ (​សុភ. ៣:៣២​) ​«​មិន​លោភ​លន់​ដោយ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​»​ មាន​ន័យ​ថា​អ្នក​ទៀង​ត្រង់​ក្នុង​រឿង​លុយ​កាក់ មិន​ថា​ក្នុង​របរ​រក​ស៊ី​ឬ​ការ​ងារ​ទេ។ អ្នក​នឹង​មិន​កេង​ប្រយោជន៍​ឬ​ខ្សែ​លើ​បង​ប្អូន​រួម​ជំនឿ​ឡើយ។

១៦. (​ក​) តើ​ការ​«​មិន​ពិសា​ស្រា​ច្រើន​»​មាន​ន័យ​យ៉ាង​ណា? (​ខ​)​ តើ​ការ​«​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»​មាន​ន័យ​យ៉ាង​ណា?

១៦«​មិន​ពិសា​ស្រា​ច្រើន​»​ មាន​ន័យ​ថា​អ្នក​ប្រយ័ត្ន​មិន​ផឹក​ស្រា​ហួស​ប្រមាណ ឬ​មាន​កេរ្តិ៍​ឈ្មោះ​ថា​ជា​មនុស្ស​លើក​ដាច់​ៗ។ ចំណែក​ឯ​ការ​«​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»​ មាន​ន័យ​ថា​អ្នក​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ អ្នក​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​លោក ហើយ​នេះ​នាំ​ឲ្យ​អ្នក​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត ទោះ​ជា​អ្នក​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។

១៧. តើ​ការ​«​ល្បង​មើល​អ្នក​ទាំង​នោះ​ឲ្យ​ដឹង​ថា​ពួក​គាត់​សម​នឹង​ទទួល​ឯកសិទ្ធិ​នេះ​ឬ​ក៏​មិន​សម​»​មាន​ន័យ​អ្វី? (​ធីម៉ូថេ​ទី​១ ៣:១០; សូម​មើល​រូប​ភាព​ផង​ដែរ​)

១៧«​ល្បង​មើល​អ្នក​ទាំង​នោះ​ឲ្យ​ដឹង​ថា​ពួក​គាត់​សម​នឹង​ទទួល​ឯកសិទ្ធិ​នេះ​ឬ​ក៏​មិន​សម​»​ មាន​ន័យ​ថា​អ្នក​បាន​បង្ហាញ​រួច​ហើយ​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន។ ដូច្នេះ ពេល​អ្នក​ចាស់​ទុំ​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក សូម​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​គាត់​និង​របស់​អង្គការ​យ៉ាង​ដិត​ដល់។ សូម​ព្យាយាម​យល់​ឲ្យ​ច្បាស់​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី​ក្នុង​ភារកិច្ច​នោះ ហើយ​ពេល​ណា​ត្រូវ​បញ្ចប់​វា។ ពេល​អ្នក​ព្យាយាម​បំពេញ​ភារកិច្ច​នីមួយ​ៗ​ដោយ​ចិត្ត​ខ្នះខ្នែង នោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នឹង​កត់​សម្គាល់​ឃើញ​ការ​រីក​ចម្រើន​និង​ទំនួល​ខុស​ត្រូវ​របស់​អ្នក។ អ្នក​ចាស់​ទុំ​ទាំង​ឡាយ សូម​កុំ​ភ្លេច​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​នោះ​ឡើយ។ (​សូម​អាន ធីម៉ូថេ​ទី​១ ៣:១០) តើ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​មាន​បង​ប្អូន​វ័យ​ជំទង់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​ទេ? តើ​ពួក​គាត់​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ឬ​ទេ? តើ​គាត់​លើក​ដៃ​ឆ្លើយ និង​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់​ឬ​ទេ? បើ​មែន សូម​ឲ្យ​ភារកិច្ច​ស្រប​តាម​អាយុ​និង​ស្ថានភាព​របស់​ពួក​គាត់។ តាម​វិធី​នេះ បង​ប្អូន​ប្រុស​វ័យ​ក្មេង​អាច​ត្រូវ​‹ល្បង​មើល​ឲ្យ​ដឹង​ថា​សម​នឹង​ទទួល​ឯកសិទ្ធិ​នេះ​ឬ​ក៏​មិន​សម›។ យ៉ាង​នេះ ទោះ​ជា​ពួក​គាត់​មិន​ទាន់​ឈាន​ដល់​អាយុ​២០​ឆ្នាំ​ក្ដី ពួក​គាត់​ទំនង​ជា​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

ពេល​អ្នក​ចាស់​ទុំ​ប្រគល់​ភារកិច្ច​ឲ្យ​បង​ប្អូន​ប្រុស​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ នោះ​គាត់​អាច​ល្បង​មើល​ថា​ពួក​គាត់​‹សម​នឹង​ទទួល​ឯកសិទ្ធិ​ឬ​ក៏​មិន​សម›​ ​(​សូម​មើល​វគ្គ​១៧​)​


១៨. តើ​ការ​«​គ្មាន​កន្លែង​ចាប់​កំហុស​»​មាន​ន័យ​យ៉ាង​ណា?

១៨«​គ្មាន​កន្លែង​ចាប់​កំហុស​»​ មាន​ន័យ​ថា​គ្មាន​អ្នក​ណា​ម្នាក់​មាន​ហេតុ​អាច​ចោទ​ប្រកាន់​ថា អ្នក​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​នោះ​ទេ។ ប៉ុន្តែ ជួន​កាល​គ្រិស្ត​សាសនិក​ប្រហែល​ជា​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត។ សូម្បី​តែ​លោក​យេស៊ូ ក៏​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ទុក​ជា​មុន​ថា ពួក​អ្នក​កាន់​តាម​លោក​នឹង​ជួប​រឿង​បែប​នេះ។ (​យ៉ូន. ១៥:២០​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បើ​អ្នក​រក្សា​ភាព​ស្អាត​ស្អំ​ដូច​លោក​យេស៊ូ នោះ​អ្នក​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ក្រុម​ជំនុំ។—ម៉ាថ. ១១:១៩

១៩. តើ​ការ​«​មាន​ប្រពន្ធ​តែ​មួយ​»​មាន​ន័យ​យ៉ាង​ណា?

១៩«​មាន​ប្រពន្ធ​តែ​មួយ​»​ មាន​ន័យ​ថា​បើ​អ្នក​រៀប​ការ​ហើយ អ្នក​ត្រូវ​កាន់​តាម​ខ្នាត​តម្រា​អាពាហ៍ពិពាហ៍​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​តាំង​ពី​ដំបូង ពោល​គឺ​រវាង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់។ (​ម៉ាថ. ១៩:៣​-​៩​) បុរស​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ឡើយ។ (​ហេ. ១៣:៤​) បន្ថែម​ទៅ​ទៀត អ្នក​ក៏​មិន​ត្រូវ​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ន័យ​ស្នេហា​ទៅ​លើ​ស្ត្រី​ឯ​ទៀត​ដែរ គឺ​អ្នក​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ប្រពន្ធ​របស់​អ្នក។—យ៉ូប ៣១:១

២០. តើ​មេ​គ្រួសារ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន​«​យ៉ាង​ល្អ​ប្រសើរ​»​?

២០«​ដឹក​នាំ​កូន​និង​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​»​ មាន​ន័យ​ថា​បើ​អ្នក​ជា​មេ​គ្រួសារ អ្នក​ត្រូវ​បំពេញ​ភារកិច្ច​របស់​អ្នក​ឲ្យ​បាន​ល្អ​បំផុត។ ជា​ឧទាហរណ៍ អ្នក​ត្រូវ​ដឹក​នាំ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឲ្យ​បាន​ទៀង​ទាត់ និង​ឧស្សាហ៍​ផ្សព្វ​ផ្សាយ​ជា​មួយ​ប្រពន្ធ​កូន​តាម​ដែល​អាច​ធ្វើ​បាន។ ម្យ៉ាង​ទៀត អ្នក​ត្រូវ​ជួយ​កូន​ឲ្យ​មាន​ចំណង​មិត្តភាព​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​យេហូវ៉ា។ (​អេភ. ៦:៤​) សរុប​ទៅ បើ​បុរស​ណា​ម្នាក់​អាច​មើល​ថែ​ក្រុម​គ្រួសារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ បុរស​នោះ​ក៏​អាច​មើល​ថែ​ក្រុម​ជំនុំ​បាន​យ៉ាង​ល្អ​ដែរ។—សូម​ពិនិត្យ​បន្ថែម ធីម៉ូថេ​ទី​១ ៣:៥

២១. បើ​អ្នក​មិន​ទាន់​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទេ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ?

២១ បង​ប្អូន​ប្រុស​ទាំង​ឡាយ បើ​អ្នក​មិន​ទាន់​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទេ សូម​អាន​អត្ថបទ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​អធិដ្ឋាន​អំពី​រឿង​នេះ។ សូម​អ្នក​សិក្សា​គុណ​សម្បត្តិ​ផ្សេង​ៗ​ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ហើយ​ព្យាយាម​បណ្ដុះ​គុណ​សម្បត្តិ​ទាំង​នោះ។ បន្ទាប់​មក សូម​គិត​អំពី​ទំហំ​នៃ​ក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ។ ក្រោយ​មក សូម​គិត​អំពី​មូលហេតុ​ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​កាន់​តែ​ចង់​បម្រើ​បង​ប្អូន។ (​១ពេ. ៤:៨, ១០​) បើ​អ្នក​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ នោះ​អ្នក​នឹង​មាន​អំណរ​កាន់​តែ​ខ្លាំង​ពី​ការ​បម្រើ​អ្នក​ឯ​ទៀត។ សូម​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ជា​បរិបូរ​ដល់​អ្នក កាល​ដែល​អ្នក​ខំ​ព្យាយាម​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ!—ភី. ២:១៣

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្តា​ដូច​គ្រិស្ត

a ការ​ពណ៌នា​អំពី​រូប​ភាព​៖ នៅ​ខាង​ឆ្វេង លោក​យេស៊ូ​បម្រើ​ពួក​អ្នក​កាន់​តាម​ដោយ​ចិត្ត​រាប​ទាប។ នៅ​ខាង​ស្ដាំ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​កំពុង​ជួយ​បង​ប្រុស​វ័យ​ចាស់​ម្នាក់​ក្នុង​ក្រុម​ជំនុំ។