លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤៧

ចម្រៀង​លេខ​១០៣ ពួក​គង្វាល​គឺ​អំណោយ​ជា​មនុស្ស

បង​ប្អូន​ប្រុស តើ​អ្នក​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ចាស់​ទុំ​ឬ​ទេ?

បង​ប្អូន​ប្រុស តើ​អ្នក​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ចាស់​ទុំ​ឬ​ទេ?

«​ប្រសិន​បើ​បុរស​ណា​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ នោះ​គាត់​ចង់​បាន​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​»។១ធី. ៣:១

ចំណុច​ផ្ដោត

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គុណ​សម្បត្តិ​ខ្លះ​ដែល​បង​ប្អូន​ប្រុស​ត្រូវ​មាន​ដើម្បី​បម្រើ​ជា​អ្នក​ចាស់​ទុំ។

១​-​២. តើ​«​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​»​របស់​ពួក​អ្នក​ចាស់​ទុំ​រួម​បញ្ចូល​អ្វី​ខ្លះ?

 បើ​អ្នក​បាន​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​អស់​មួយ​រយៈ​ហើយ នោះ​អ្នក​ទំនង​ជា​មាន​គុណ​សម្បត្តិ​ជា​ច្រើន​ដែល​ចាំ​បាច់​ដើម្បី​ទទួល​ភារកិច្ច​ជា​អ្នក​ចាស់​ទុំ។ តើ​អ្នក​ចង់​បាន​«​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​»​នេះ​ឬ​ទេ?—១ធី. ៣:១

តើ​ភារកិច្ច​របស់​អ្នក​ចាស់​ទុំ​រួម​បញ្ចូល​អ្វី​ខ្លះ? ពួក​គាត់​នាំ​មុខ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ បង្រៀន និង​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល។ ពួក​គាត់​ក៏​ពង្រឹង​ជំនឿ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​តាម​រយៈ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់​ដែរ។ ហេតុ​នេះ គម្ពីរ​ហៅ​ពួក​គាត់​ថា​«​អំណោយ​ជា​មនុស្ស​»។—អេភ. ៤:៨

៣. តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បម្រើ​ជា​អ្នក​ចាស់​ទុំ? (​ធីម៉ូថេ​ទី​១ ៣:១​-​៧; ទីតុស ១:៥​-​៩​)

តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បម្រើ​ជា​អ្នក​ចាស់​ទុំ? ជា​ធម្មតា ដើម្បី​ទទួល​បាន​ការ​ងារ អ្នក​ត្រូវ​មាន​ជំនាញ​តាម​ល័ក្ខខ័ណ្ឌ​ដែល​គេ​តម្រូវ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ចង់​បម្រើ​ជា​អ្នក​ចាស់​ទុំ អ្នក​មិន​គ្រាន់​តែ​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​ត្រូវ​មាន​គុណ​សម្បត្តិ​ដូច​ដែល​គម្ពីរ​តម្រូវ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ដែរ។ គុណ​សម្បត្តិ​ទាំង​នោះ​មាន​នៅ​ធីម៉ូថេ​ទី​១ ៣:១​-​៧ និង​ទីតុស ១:៥​-​៩។ (​សូម​អាន​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ក្នុង​រឿង​បី​យ៉ាង​៖ ទី​១ ការ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ទាំង​ក្នុង​ទាំង​ក្រៅ​ក្រុម​ជំនុំ ទី​២ ការ​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ល្អ និង​ទី​៣ ការ​ស្ម័គ្រ​ចិត្ត​បម្រើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។

ការ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ

៤. តើ​ការ​«​គ្មាន​កន្លែង​បន្ទោស​»​មាន​ន័យ​យ៉ាង​ណា?

ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ធ្វើ​ជា​អ្នក​ចាស់​ទុំ អ្នក​ត្រូវ​«​គ្មាន​កន្លែង​បន្ទោស​»​ ពោល​គឺ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ក្រុម​ជំនុំ។ នេះ​មាន​ន័យ​ថា អ្នក​មាន​ការ​ប្រព្រឹត្ត​ល្អ និង​គ្មាន​ហេតុ​ឲ្យ​អ្នក​ណា​មក​ចោទ​ប្រកាន់។ បន្ថែម​ទៅ​ទៀត អ្នក​គួរ​«​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ពី​សំណាក់​អ្នក​មិន​ជឿ​»។ ពិត​មែន​ថា​អ្នក​មិន​ជឿ​ប្រហែល​ជា​រិះ​គន់ ឬ​មិន​ពេញ​ចិត្ត​ជំនឿ​របស់​អ្នក ប៉ុន្តែ​អ្នក​មិន​គួរ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​គេ​សង្ស័យ​ភាព​ស្មោះ​ត្រង់ ឬ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឡើយ។ (​ដាន. ៦:៤, ៥​) ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ទាំង​ក្នុង​ទាំង​ក្រៅ​ក្រុម​ជំនុំ​ឬ​ទេ?›។

៥. បើ​អ្នក​«​ស្រឡាញ់​គុណធម៌​»​ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ?

បើ​អ្នក​«​ស្រឡាញ់​គុណធម៌​»​ អ្នក​នឹង​ខំ​រក​ចំណុច​ល្អ​របស់​អ្នក​ឯ​ទៀត ហើយ​សរសើរ​ពួក​គេ។ អ្នក​ក៏​ព្យាយាម​ធ្វើ​ល្អ​ដល់​អ្នក​ឯ​ទៀត​ដែរ ទោះ​ជា​គេ​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ក៏​ដោយ។ (​១ថែ. ២:៨​) ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ការ​គុណ​សម្បត្តិ​នេះ? ដោយ​សារ​ពួក​គាត់​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ឃ្វាល​ក្រុម​ជំនុំ​និង​បំពេញ​ភារកិច្ច​ផ្សេង​ៗ។ (​១ពេ. ៥:១​-​៣​) ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គាត់​នឹង​ទទួល​អំណរ​ដែល​មក​ពី​ការ​បម្រើ​អ្នក​ឯ​ទៀត។—សកម្ម. ២០:៣៥

៦. តើ​អ្នក​ដែល​«​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»​ជា​មនុស្ស​បែប​ណា? (​ហេប្រឺ ១៣:២, ១៦; សូម​មើល​រូប​ភាព​ផង​ដែរ​)

«​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»​ មាន​ន័យ​ថា​អ្នក​ធ្វើ​ល្អ​ដល់​មនុស្ស​ឯ​ទៀត មិន​គ្រាន់​តែ​ដល់​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​អ្នក​ប៉ុណ្ណោះ​ទេ។ (​១ពេ. ៤:៩​) ឯកសារ​យោង​មួយ​បាន​រៀប​រាប់​អំពី​មនុស្ស​ដែល​មាន​ចិត្ត​រាក់​ទាក់​ថា​៖ ​«​ទ្វារ​ផ្ទះ​គាត់​បើក​ចំហ​រ ហើយ​ចិត្ត​គាត់​បើក​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​មនុស្ស​ដែល​គាត់​មិន​ស្គាល់​»។ ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​គេ​ស្គាល់​ខ្ញុំ​ថា​ជា​មនុស្ស​បង្ហាញ​ចិត្ត​សប្បុរស​ដល់​ភ្ញៀវ​ដែល​មក​លេង​ក្រុម​ជំនុំ​ឬ​ទេ?›។ (​សូម​អាន ហេប្រឺ ១៣:២, ១៦) អ្នក​ដែល​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ ជា​អ្នក​ដែល​បង្ហាញ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ រួម​បញ្ចូល​បង​ប្អូន​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ និង​បង​ប្អូន​ដែល​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ដូច​ជា អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល និង​អ្នក​ថ្លែង​ដែល​មក​ពី​ក្រុម​ជំនុំ​ផ្សេង​ជា​ដើម។—ដក. ១៨:២​-​៨; សុភ. ៣:២៧; លូក. ១៤:១៣, ១៤; សកម្ម. ១៦:១៥; រ៉ូម ១២:១៣

ប្ដី​ប្រពន្ធ​គ្រិស្ត​សាសនិក​មួយ​គូ​បង្ហាញ​ចិត្ត​រាក់​ទាក់ ដោយ​ទទួល​ស្វាគមន៍​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ប្រពន្ធ​ឲ្យ​មក​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ ​(​សូម​មើល​វគ្គ​៦​)


៧. តើ​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​យ៉ាង​ណា​ថា​គាត់​‹មិន​មែន​ជា​អ្នក​ស្រឡាញ់​ប្រាក់›?

‹មិន​មែន​ជា​អ្នក​ស្រឡាញ់​ប្រាក់› មាន​ន័យ​ថា​អ្នក​មិន​ផ្ដោត​ទៅ​លើ​វត្ថុ​ទ្រព្យ។ មិន​ថា​អ្នក​ជា​អ្នក​មាន​ឬ​ក្រី​ក្រ​ទេ អ្នក​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត។ (​ម៉ាថ. ៦:៣៣​) ហេតុ​នេះ អ្នក​នឹង​ប្រើ​ពេល​វេលា កម្លាំង និង​ធន​ធាន​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ផ្គត់​ផ្គង់​ក្រុម​គ្រួសារ និង​បម្រើ​ក្រុម​ជំនុំ។ (​ម៉ាថ. ៦:២៤; ១យ៉ូន. ២:១៥​-​១៧​) ម្ល៉ោះ​ហើយ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​លុយ​សំខាន់​យ៉ាង​ណា​ចំពោះ​ខ្ញុំ? តើ​ខ្ញុំ​ស្កប់​ចិត្ត​នឹង​អ្វី​ដ៏​ចាំ​បាច់​ដែល​ខ្ញុំ​មាន​ឬ​ទេ? តើ​ខ្ញុំ​គិត​តែ​ពី​ប្រឹង​ធ្វើ​ការ​រក​លុយ​ឬ​ទេ?›។—១ធី. ៦:៦, ១៧​-​១៩

៨. តើ​អ្វី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​«​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព​»​និង​«​ចេះ​ទប់​ចិត្ត​»​?

«​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព​»​ និង​«​ចេះ​ទប់​ចិត្ត​»​ មាន​ន័យ​ថា​អ្នក​ប្រព្រឹត្ត​សម​ហេតុ​សម​ផល​ក្នុង​រឿង​ទាំង​អស់។ ជា​ឧទាហរណ៍ អ្នក​មិន​ផឹក​ឬ​បរិភោគ​ហួស​ប្រមាណ មិន​សម្អិត​សម្អាង​ខ្លួន​ជ្រុល​ពេក ឬ​វក់​តែ​នឹង​ការ​កម្សាន្ត។ បន្ថែម​ទៅ​ទៀត អ្នក​មិន​រស់​នៅ​តាម​បែប​ផែន​ជីវិត​របស់​ពិភព​លោក​នេះ​ទេ។ (​លូក. ២១:៣៤; យ៉ា. ៤:៤​) អ្នក​ក៏​បង្ហាញ​ថា​ខ្លួន​ចេះ​ទប់​ចិត្ត​ដោយ​រក្សា​ចិត្ត​ស្ងប់ សូម្បី​តែ​ពេល​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ដោយ​មិន​សប្បុរស​ចំពោះ​អ្នក។ ម្យ៉ាង​ទៀត អ្នក​«​មិន​មែន​ជា​អ្នក​ប្រមឹក​ស្រា​»​ ហើយ​ក៏​មិន​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​ផឹក​ស្រា​ច្រើន​ដែរ។ ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព​និង​ចេះ​ទប់​ចិត្ត​ឬ​ទេ?›។

៩. តើ​ការ​«​ដឹង​ខុស​ត្រូវ​»​និង​«​មាន​សណ្ដាប់​ធ្នាប់​»​រួម​បញ្ចូល​អ្វី​ខ្លះ?

«​ដឹង​ខុស​ត្រូវ​»​ មាន​ន័យ​ថា​អ្នក​ចេះ​ប្រើ​គោល​ការណ៍​គម្ពីរ​តាម​ស្ថានភាព​នីមួយ​ៗ។ ដូច្នេះ ពេល​អ្នក​គិត​យ៉ាង​ដិត​ដល់​អំពី​របៀប​អនុវត្ត​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ស្ថានភាព​ណា​មួយ នោះ​អ្នក​នឹង​យល់​ច្បាស់​ជាង​អំពី​ស្ថានភាព​នោះ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ឈ្លាស​វៃ។ ប៉ុន្តែ​សូម​ចាំ​ថា បើ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ទេ អ្នក​មិន​ត្រូវ​ឆាប់​សន្និដ្ឋាន​ឡើយ។ (​សុភ. ១៨:១៣​) ពេល​អ្នក​ធ្វើ​ដូច្នេះ នោះ​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ស្រប​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ ​«​មាន​សណ្ដាប់​ធ្នាប់​»​ មាន​ន័យ​ថា​អ្នក​ចេះ​ចាត់​ចែង​និង​គោរព​ពេល​វេលា។ ដូច្នេះ គេ​នឹង​ស្គាល់​ថា​អ្នក​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​តែង​តែ​ធ្វើ​តាម​ការ​ណែនាំ។ បើ​អ្នក​មាន​គុណ​សម្បត្តិ​ទាំង​អស់​នេះ នោះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។ ឥឡូវ សូម​យើង​ពិចារណា​អំពី​គុណ​សម្បត្តិ​ដែល​អ្នក​ចាស់​ទុំ​ត្រូវ​មាន​ដើម្បី​ទៅ​ជា​ប្រមុខ​គ្រួសារ​ល្អ។

ការ​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ល្អ

១០. តើ​បុរស​ដែល​«​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​»​ធ្វើ​អ្វី​ខ្លះ?

១០ បើ​អ្នក​ជា​ប្ដី ហើយ​ចង់​ធ្វើ​ជា​អ្នក​ចាស់​ទុំ នោះ​ក្រុម​គ្រួសារ​របស់​អ្នក​ក៏​ត្រូវ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ដែរ។ ហេតុ​នេះ​ហើយ អ្នក​ត្រូវ​«​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ​»។ នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ស្រឡាញ់​និង​ថែ​រក្សា​ក្រុម​គ្រួសារ ព្រម​ទាំង​ធ្វើ​ការ​សម្រេច​ចិត្ត​ធំ​ៗ​ក្នុង​ក្រុម​គ្រួសារ។ បន្ថែម​ទៅ​ទៀត អ្នក​ក៏​ត្រូវ​នាំ​មុខ​ក្រុម​គ្រួសារ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ផង​ដែរ។ ហេតុ​អ្វី​នេះ​សំខាន់? សាវ័ក​ប៉ូល​បាន​លើក​ហេតុ​ផល​ថា​៖ ​«​បើ​បុរស​ណា​ម្នាក់​មិន​ចេះ​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន តើ​គាត់​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​ដូច​ម្ដេច​បាន?​»។—១ធី. ៣:៥

១១​-​១២. តើ​ការ​ប្រព្រឹត្ត​របស់​ក្រុម​គ្រួសារ​អាច​ប៉ះ​ពាល់​ដល់​ឯកសិទ្ធិ​របស់​ឪពុក​ឬ​ទេ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ បើ​អ្នក​ជា​ឪពុក ហើយ​មាន​កូន​នៅ​ក្រោម​បន្ទុក នោះ​កូន​របស់​អ្នក​ត្រូវ​«​ស្ដាប់​បង្គាប់ ទាំង​មាន​ការ​ប្រព្រឹត្ត​ល្អ​»។ អ្នក​ត្រូវ​ប្រៀន​ប្រដៅ​កូន​ដោយ​សេចក្ដី​ស្រឡាញ់។ ជា​រឿង​ធម្មតា​ទេ​ដែល​កូន​ៗ​រពឹស ហើយ​ចូល​ចិត្ត​លេង​នេះ​លេង​នោះ។ ប៉ុន្តែ បើ​អ្នក​ប្រដៅ​កូន​បាន​ល្អ ពួក​គេ​នឹង​ចេះ​ស្ដាប់​បង្គាប់ ចេះ​បង្ហាញ​ការ​គោរព និង​មាន​សុជីវធម៌។ ម្យ៉ាង​ទៀត អ្នក​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​កូន​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា ឲ្យ​រស់​នៅ​ស្រប​តាម​គោល​ការណ៍​គម្ពីរ និង​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

១២«​មាន​កូន​ដែល​មិន​បះ​បោរ​ប្រឆាំង និង​ជា​អ្នក​ជឿ​ដែល​គ្មាន​អ្នក​ណា​ចោទ​ប្រកាន់​ថា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ​»។ ជា​ឧទាហរណ៍ បើ​ឪពុក​មាន​កូន​ដែល​ជា​អ្នក​ជឿ​នៅ​ក្រោម​បន្ទុក​របស់​គាត់ ហើយ​កូន​នោះ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​នោះ​នឹង​ប៉ះ​ពាល់​ដល់​ឯកសិទ្ធិ​របស់​ឪពុក​ឬ​ទេ? ពិត​ណាស់ បើ​ឪពុក​មិន​ប្រៀន​ប្រដៅ​ឬ​ទូន្មាន​កូន​ទេ នោះ​គាត់​ទំនង​ជា​គ្មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឡើយ (​សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៩៧ ទំ.២៩ វ.៦​-​៧​)។

ឪពុក​បង្ហាត់​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​សម្រាប់​ព្រះ​យេហូវ៉ា​និង​ក្រុម​ជំនុំ ​(​សូម​មើល​វគ្គ​១១​)​


ការ​បម្រើ​ក្រុម​ជំនុំ

១៣. តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា អ្នក​ជា​«​មនុស្ស​សម​ហេតុ​សម​ផល​»​និង​«​មិន​ប្រកាន់​គំនិត​ខ្លួន​»​?

១៣ បង​ប្អូន​ប្រុស​ដែល​មាន​គុណ​សម្បត្តិ​ផ្សេង​ៗ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍ បើ​គាត់​ជា​«​មនុស្ស​សម​ហេតុ​សម​ផល​»​ នោះ​គាត់​នឹង​លើក​ស្ទួយ​សាមគ្គីភាព​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ។ គាត់​ក៏​ស្ដាប់​អ្នក​ឯ​ទៀត និង​ព្យាយាម​យល់​ទស្សនៈ​របស់​ពួក​គេ។ សូម​ស្រមៃ​គិត​ថា​អ្នក​ជា​អ្នក​ចាស់​ទុំ ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​អ្នក​ចាស់​ទុំ ពួក​គាត់​ភាគ​ច្រើន​បាន​យល់​ស្រប​គ្នា​ក្នុង​ការ​សម្រេច​ចិត្ត​មួយ ហើយ​ការ​សម្រេច​ចិត្ត​នោះ​មិន​ខុស​គោល​ការណ៍​គម្ពីរ​ទេ តែ​អ្នក​យល់​ឃើញ​ថា​មាន​វិធី​ផ្សេង​ដែល​ល្អ​ជាង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តើ​ពេល​នោះ​អ្នក​សុខ​ចិត្ត​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ឬ​ទេ? ​«​មិន​ប្រកាន់​គំនិត​ខ្លួន​»​ មាន​ន័យ​ថា​អ្នក​មិន​ទាម​ទារ​ឲ្យ​គេ​ធ្វើ​តាម​ទស្សនៈ​របស់​ខ្លួន។ ដូច្នេះ ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​ស្ដាប់​មតិ​របស់​អ្នក​ឯ​ទៀត។ (​ដក. ១៣:៨, ៩; សុភ. ១៥:២២​) ម្យ៉ាង​ទៀត ​«​មិន​មែន​ជា​អ្នក​ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក​»​ ឬ​«​មិន​ឆាប់​ខឹង​»​ មាន​ន័យ​ថា​អ្នក​មិន​ទ្រ​គោះ​បោះ​បោក ឬ​ឈ្លោះ​ប្រកែក​ជា​មួយ​អ្នក​ឯ​ទៀត។ ផ្ទុយ​ទៅ​វិញ អ្នក​សប្បុរស​និង​មិន​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត។ ចំណែក​ឯ​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព មាន​ន័យ​ថា​អ្នក​ផ្ដើម​ចាត់​វិធានការ​ដើម្បី​ផ្សះ​ផ្សា​ជា​មួយ​អ្នក​ឯ​ទៀត សូម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​តាន​តឹង។ (​យ៉ា. ៣:១៧, ១៨​) សម្ដី​សប្បុរស​របស់​អ្នក​អាច​បន្ទន់​ចិត្ត​អ្នក​ឯ​ទៀត រួម​ទាំង​ពួក​អ្នក​ប្រឆាំង​ដែរ។—អសក. ៨:១​-​៣; សុភ. ២០:៣; ២៥:១៥; ម៉ាថ. ៥:២៣, ២៤

១៤. តើ​«​មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី​»​និង​មាន​«​ភក្ដី​ភាព​»​មាន​ន័យ​យ៉ាង​ណា?

១៤ បង​ប្អូន​ដែល​មាន​គុណ​សម្បត្តិ​បម្រើ​ជា​អ្នក​ចាស់​ទុំ​«​មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី​»។ ប៉ុន្តែ​ក៏​មិន​ចាំ​បាច់​ទាល់​តែ​ជា​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​យូរ​ឆ្នាំ​ដែរ។ យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​ការ​ពេល​ដើម្បី​មាន​ភាព​ចាស់​ទុំ។ មុន​ទទួល​ការ​តែង​តាំង អ្នក​ត្រូវ​មាន​ចិត្ត​រាប​ទាប​ដូច​លោក​យេស៊ូ ហើយ​រង់​ចាំ​ព្រះ​យេហូវ៉ា​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក។ (​ម៉ាថ. ២០:២៣; ភី. ២:៥​-​៨​) ការ​មាន​«​ភក្ដី​ភាព​»​ មាន​ន័យ​ថា​អ្នក​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក និង​ធ្វើ​តាម​គ្រប់​ការ​ណែនាំ​ដែល​មក​ពី​អង្គការ​របស់​លោក។—១ធី. ៤:១៥

១៥. ដើម្បី​ទៅ​ជា​អ្នក​ចាស់​ទុំ តើ​ចាំ​បាច់​ត្រូវ​ពូកែ​ថ្លែង​សុន្ទរកថា​ឬ​ទេ? សូម​ពន្យល់។

១៥ គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា អ្នក​ចាស់​ទុំ​ត្រូវ​«​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​»។ ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ពូកែ​ថ្លែង​សុន្ទរកថា​ឬ​ទេ? អត់​ទេ! មិន​មែន​អ្នក​ចាស់​ទុំ​គ្រប់​រូប​សុទ្ធ​តែ​ពូកែ​ថ្លែង​សុន្ទរកថា​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ពេល​ពួក​គាត់​ផ្សព្វ​ផ្សាយ​និង​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ក្នុង​នាម​ជា​គង្វាល ពួក​គាត់​គួរ​ចេះ​ប្រើ​គម្ពីរ​ឲ្យ​បាន​ល្អ​ដើម្បី​បង្រៀន​និង​លើក​ទឹក​ចិត្ត​បង​ប្អូន។ (​១ធី. ៣:២; សូម​ពិនិត្យ​បន្ថែម កូរិនថូស​ទី​១ ១២:២៨, ២៩; អេភេសូរ ៤:១១​) ទោះ​ជា​អ្នក​មិន​ពូកែ​ថ្លែង​សុន្ទរកថា​ក៏​ដោយ អ្នក​ត្រូវ​ព្យាយាម​ដុស​ខាត់​សមត្ថភាព​បង្រៀន​របស់​អ្នក។ តើ​តាម​របៀប​ណា?

១៦. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦«​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​»​ មាន​ន័យ​ថា​អ្វី​ដែល​អ្នក​បង្រៀន​និង​យោបល់​ដែល​អ្នក​ឲ្យ ត្រូវ​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន អ្នក​ត្រូវ​សិក្សា​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង​យ៉ាង​ដិត​ដល់។ (​សុភ. ១៥:២៨; ១៦:២៣​) ពេល​អ្នក​សិក្សា សូម​យក​ចិត្ត​ទុក​ដាក់​មើល​ថា​សៀវភៅ​របស់​យើង​ពន្យល់​យ៉ាង​ណា​អំពី​ខ​គម្ពីរ​នីមួយ​ៗ ដើម្បី​អ្នក​អាច​អនុវត្ត​តាម​យ៉ាង​ត្រឹម​ត្រូវ។ ពេល​អ្នក​បង្រៀន អ្នក​ត្រូវ​ព្យាយាម​ជួយ​អ្នក​ស្ដាប់​ឲ្យ​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​ពួក​គេ​បាន​រៀន។ ម្យ៉ាង​ទៀត បើ​អ្នក​ចង់​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន អ្នក​គួរ​សុំ​យោបល់​ពី​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍ ហើយ​ធ្វើ​តាម​យោបល់​ទាំង​នោះ។ (​១ធី. ៥:១៧​) មាន​គុណ​សម្បត្តិ​ផ្សេង​ទៀត​ដែល​អ្នក​ចាស់​ទុំ​គួរ​មាន គឺ​«​អាច​លើក​ទឹក​ចិត្ត​»​បង​ប្អូន។ ប៉ុន្តែ ពេល​ខ្លះ​ពួក​គាត់​ក៏​ត្រូវ​ជូន​យោបល់ ឬ​«​កែ​តម្រង់​»​ពួក​គេ​ដែរ តែ​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ដូច្នេះ​ដោយ​សប្បុរស។ បើ​អ្នក​និយាយ​ដោយ​ស្លូត​បូត និង​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បង្រៀន​ដោយ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន​ដែល​មាន​ភាព​ប៉ិន​ប្រសប់ ហើយ​នេះ​ក៏​បញ្ជាក់​ដែរ​ថា អ្នក​កំពុង​ធ្វើ​តាម​គំរូ​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ។—ម៉ាថ. ១១:២៨​-​៣០; ២ធី. ២:២៤

ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន ដោយ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ជា​មួយ​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍ និង​ដោយ​ហាត់​សុន្ទរកថា​នៅ​មុខ​កញ្ចក់ ​(​សូម​មើល​វគ្គ​១៦​)


ចូរ​បន្ត​ព្យាយាម​ឲ្យ​បាន​មុខ​ងារ

១៧. (​ក​) ដើម្បី​បាន​មុខ​ងារ​ជា​អ្នក​ចាស់​ទុំ តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (​ខ​)​ ពេល​អ្នក​ចាស់​ទុំ​ពិចារណា​ថា​បង​ប្អូន​ណា​ម្នាក់​សម​នឹង​ទទួល​ការ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ តើ​ពួក​គាត់​គួរ​ចាំ​អំពី​អ្វី? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចូរ​សម​ហេតុ​សម​ផល​ពេល​ពិចារណា​អំពី​បង​ប្អូន​ប្រុស​»​)

១៧ ក្រោយ​ពិនិត្យ​មើល​តម្រូវ​ការ​ផ្សេង​ៗ​ដើម្បី​ទៅ​ជា​អ្នក​ចាស់​ទុំ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទេ។ ប៉ុន្តែ សូម​កុំ​បារម្ភ ព្រោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​មិន​តម្រូវ​ឲ្យ​អ្នក​មាន​គុណ​សម្បត្តិ​ទាំង​នោះ​ល្អ​ឥត​ខ្ចោះ​ឡើយ។ (​១ពេ. ២:២១​) ម្យ៉ាង​ទៀត ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ទាំង​នោះ។ (​ភី. ២:១៣​) តើ​មាន​គុណ​សម្បត្តិ​ណា​មួយ​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​ល្អ​ជាង​ឬ​ទេ? បើ​មាន សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា រួច​សិក្សា​ស្រាវ​ជ្រាវ​អំពី​គុណ​សម្បត្តិ​នោះ ហើយ​សុំ​យោបល់​ពី​អ្នក​ចាស់​ទុំ​អំពី​របៀប​ដែល​អ្នក​អាច​រីក​ចម្រើន។

១៨. តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ទាំង​អស់​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​អ្វី?

១៨ សូម​យើង​ទាំង​អស់​គ្នា រួម​ទាំង​អ្នក​ចាស់​ទុំ​បន្ត​បណ្ដុះ​គុណ​សម្បត្តិ ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​អត្ថបទ​នេះ។ (​ភី. ៣:១៦​) តើ​អ្នក​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ឬ​ទេ? បើ​មែន សូម​ព្យាយាម​រីក​ចម្រើន​ថែម​ទៀត​ដើម្បី​ទៅ​ជា​អ្នក​ចាស់​ទុំ។ សូម​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​បង្ហាត់​បង្រៀន​អ្នក ឲ្យ​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បម្រើ​លោក​និង​ក្រុម​ជំនុំ។ (​អេ. ៦៤:៨​) សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ជា​បរិបូរ​ដល់​អ្នក កាល​ដែល​អ្នក​ខំ​ព្យាយាម​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ចាស់​ទុំ។

ចម្រៀង​លេខ​១០១ ចូរ​បម្រើ​ដោយ​សាមគ្គីភាព