លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៤៤

ចម្រៀង​លេខ​៣៣ ចូរ​ផ្ទេរ​បន្ទុក​ទៅ​លើ​ព្រះ​យេហូវ៉ា

ពេល​រង​អំពើ​អយុត្តិធម៌ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?

ពេល​រង​អំពើ​អយុត្តិធម៌ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?

«​កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ចូរ​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​វិញ​»។រ៉ូម ១២:២១

ចំណុច​ផ្ដោត

ពេល​រង​អំពើ​អយុត្តិធម៌ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​រឿង​កាន់​តែ​ធំ?

១​-​២. តើ​យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​រង​អំពើ​អយុត្តិធម៌​អ្វី​ខ្លះ?

 ស្ដី​អំពី​រឿង​អយុត្តិធម៌ សូម​គិត​អំពី​ឧទាហរណ៍​មួយ​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​អំពី​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​បាន​អង្វរ​សុំ​ចៅ​ក្រម​ឲ្យ​រក​យុត្តិធម៌​ឲ្យ​គាត់។ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ងាយ​យល់​ឧទាហរណ៍​នោះ ព្រោះ​មនុស្ស​ភាគ​ច្រើន​នៅ​សម័យ​នោះ​រង​ការ​ធ្វើ​បាប​ជា​ខ្លាំង។ (​លូក. ១៨:១​-​៥​) សព្វ​ថ្ងៃ​នេះ យើង​ក៏​ងាយ​យល់​អារម្មណ៍​របស់​ស្ត្រី​នោះ​ដែរ ដោយ​សារ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​ជួប​រឿង​អយុត្តិធម៌ មិន​ថា​តិច​ឬ​ច្រើន។

ជា​ការ​ធម្មតា​ទៅ​ហើយ​ដែល​សព្វ​ថ្ងៃ​មាន​ការ​រើស​អើង ភាព​មិន​ស្មើ​គ្នា និង​ការ​គាប​សង្កត់ ដូច្នេះ​មិន​ចម្លែក​ទេ​ដែល​ពេល​ខ្លះ​យើង​រង​អំពើ​ទាំង​នោះ។ (​អទ. ៥:៨​) ចុះ​យ៉ាង​ណា​បើ​បង​ប្អូន​រួម​ជំនឿ​ប្រព្រឹត្ត​មិន​ល្អ​ឬ​យល់​ខុស​ចំពោះ​យើង? ពេល​នោះ សូម​ចាំ​ថា​ពួក​គាត់​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដូច​យើង​ដែរ។ ម្យ៉ាង​ទៀត ពួក​គាត់​មិន​មែន​ជា​អ្នក​ប្រឆាំង​សេចក្ដី​ពិត​ទេ។ ក្នុង​អត្ថបទ​នេះ យើង​អាច​រៀន​ច្រើន​អំពី​ប្រតិកម្ម​របស់​លោក​យេស៊ូ​ពេល​រង​អំពើ​អយុត្តិធម៌​ពី​មនុស្ស​ដែល​ប្រឆាំង​សេចក្ដី​ពិត។ សូម​គិត​បើ​យើង​អាច​ទ្រាំ​នឹង​អ្នក​ប្រឆាំង​សេចក្ដី​ពិត​បាន ចុះ​ទម្រាំ​តែ​បង​ប្អូន​រួម​ជំនឿ យើង​កាន់​តែ​ត្រូវ​ចេះ​អត់​ធ្មត់​ចំពោះ​ពួក​គាត់​ជាង​នោះ​ទៅ​ទៀត មែន​ទេ? បើ​គិត​ពី​ព្រះ​យេហូវ៉ា​វិញ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​រង​ភាព​អយុត្តិធម៌ មិន​ថា​ពី​បង​ប្អូន​រួម​ជំនឿ​ឬ​ពី​អ្នក​ខាង​ក្រៅ​ក្រុម​ជំនុំ? តើ​លោក​ខ្វល់​ពី​យើង​ឬ​ទេ?

៣. ពេល​យើង​រង​ភាព​អយុត្តិធម៌ តើ​ព្រះ​យេហូវ៉ា​ខ្វល់​ចិត្ត​ឬ​ទេ ហើយ​ហេតុ​អ្វី?

ព្រះ​យេហូវ៉ា​ពិត​ជា​ខ្វល់​ចិត្ត​ណាស់​ពេល​យើង​រង​អំពើ​អយុត្តិធម៌ ព្រោះ​គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្តិធម៌​»។ (​ចសព. ៣៧:២៨​) លោក​យេស៊ូ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​យេហូវ៉ា​នឹង​«​រក​យុត្តិធម៌​ឲ្យ​[​យើង​]​យ៉ាង​ឆាប់​»​នៅ​ពេល​ត្រឹម​ត្រូវ។ (​លូក. ១៨:៧, ៨​) មិន​យូរ​ទៀត ព្រះ​នឹង​បំបាត់​ចោល​អំពើ​អយុត្តិធម៌​គ្រប់​យ៉ាង ព្រម​ទាំង​ការ​ឈឺ​ចាប់​ទាំង​អស់​ដែល​មក​ពី​អំពើ​នោះ។—ចសព. ៧២:១, ២

៤. នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​វិធី​អ្វី​ខ្លះ​ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ភាព​អយុត្តិធម៌?

ដូច្នេះ យើង​ត្រូវ​រង់​ចាំ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ។ ក្នុង​អំឡុង​ពេល​នោះ ព្រះ​យេហូវ៉ា​មិន​ទុក​យើង​ចោល​ទេ លោក​បង្រៀន​យើង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ពេល​រង​ការ​ធ្វើ​បាប និង​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​កុំ​ឲ្យ​រឿង​នោះ​កាន់​តែ​ធំ។ លោក​បាន​ផ្ដល់​ជំនួយ​តាម​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។ (​២ពេ. ៣:១៣​) វិធី​មួយ ព្រះ​យេហូវ៉ា​បាន​ឲ្យ​គេ​កត់​ទុក​ក្នុង​គម្ពីរ​អំពី​ប្រតិកម្ម​របស់​លោក​យេស៊ូ​ពេល​ត្រូវ​គេ​ធ្វើ​បាប។ វិធី​មួយ​ទៀត ព្រះ​យេហូវ៉ា​ឲ្យ​គោល​ការណ៍​គម្ពីរ​ដែល​យើង​អាច​ធ្វើ​តាម​ពេល​រង​ភាព​អយុត្តិធម៌។

ចូរ​ប្រយ័ត្ន​ប្រតិកម្ម​របស់​អ្នក​ចំពោះ​ភាព​អយុត្តិធម៌

៥. ពេល​យើង​ឈឺ​ចិត្ត​ដោយសារ​ភាព​អយុត្តិធម៌ ហេតុ​អ្វី​យើង​ត្រូវ​ប្រយ័ត្ន​មិន​ឲ្យ​អារម្មណ៍​ដឹក​មុខ?

យើង​ប្រហែល​ជា​កើត​ទុក្ខ​និង​ឈឺ​ចិត្ត​ខ្លាំង ដោយសារ​ភាព​អយុត្តិធម៌។ (​អទ. ៧:៧​) សូម្បី​តែ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ដូច​ជា​យ៉ូប​និង​ហាបាគុក ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ។ (​យ៉ូប ៦:២, ៣; ហាប. ១:១​-​៣​) ប៉ុន្តែ​ពេល​នោះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​អារម្មណ៍​ដឹក​មុខ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ យើង​ប្រហែល​ជា​អាច​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា។

៦. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ការ​ប្រព្រឹត្ត​របស់​អាប់សាឡំ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ជា​ពិសេស ពេល​រឿង​អយុត្តិធម៌​កើត​ឡើង​ចំពោះ​យើង​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង យើង​មុខ​ជា​ចង់​សង​សឹក​ឬ​ដាក់​ទោស​ជំនួស​ច្បាប់។ ប៉ុន្តែ បើ​យើង​ធ្វើ​ដូច្នេះ នោះ​អាច​នាំ​ឲ្យ​រឿង​កាន់​តែ​រីក​ធំ។ សូម​គិត​អំពី​អាប់សាឡំ​ដែល​ជា​កូន​ប្រុស​របស់​ស្ដេច​ដាវីឌ។ ពេល​គាត់​ដឹង​ថា​ថេម៉ា​ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​គាត់​ត្រូវ​អាំណូន​ដែល​ជា​បង​ប្អូន​ម្ដាយ​ទីទៃ​រំលោភ គាត់​ក្ដៅ​ចិត្ត​ក្រៃ​លែង។ តាម​ច្បាប់​ម៉ូសេ អាំណូន​សម​នឹង​ស្លាប់​ពី​បទ​រំលោភ​ប្អូន​របស់​ខ្លួន​មែន! (​ចល. ២០:១៧​) ប៉ុន្តែ ជា​ជាង​ទុក​ឲ្យ​ច្បាប់​ចាត់​វិធានការ អាប់សាឡំ​បាន​ទៅ​សម្លាប់​អាំណូន​ដោយ​ខ្លួន​ឯង។ យើង​អាច​យល់​អារម្មណ៍​របស់​អាប់សាឡំ តែ​យ៉ាង​ណា​ក៏​ដោយ​គាត់​គ្មាន​សិទ្ធិ​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​ខ្លួន​ឯង​ឡើយ។—២សាំ. ១៣:២០​-​២៣, ២៨, ២៩

អាប់សាឡំ​បាន​ឲ្យ​កំហឹង​ដឹក​មុខ​គាត់ ពេល​ដឹង​ថា​ថេម៉ា​ប្អូន​ស្រី​របស់​ខ្លួន​ត្រូវ​គេ​រំលោភ ​(​សូម​មើល​វគ្គ​៦​)​


៧. តើ​ដំបូង​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ឃើញ​អំពើ​អយុត្តិធម៌?

ជា​រឿង​ធម្មតា​ទេ ពេល​យើង​ឃើញ​អ្នក​ធ្វើ​ខុស​រួច​ពី​ទោស យើង​ប្រហែល​ជា​ឆ្ងល់​ថា​តើ​យើង​ខំ​ប្រឹង​ធ្វើ​រឿង​ត្រឹម​ត្រូវ​មាន​ប្រយោជន៍​អ្វី។ សូម​គិត​អំពី​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ម្នាក់។ ពេល​គាត់​ឃើញ​មនុស្ស​ល្អ​ត្រូវ​គេ​ធ្វើ​បាប តែ​មនុស្ស​អាក្រក់​បែរ​ជា​រស់​នៅ​យ៉ាង​សុខ​សប្បាយ គាត់​ក៏​និយាយ​ថា​៖ ​«​មនុស្ស​ទុច្ចរិត​គឺ​បែប​នេះ​ហើយ ពួក​គេ​តែង​តែ​មាន​ជីវិត​ស្រណុក​សុខ​ស្រួល​»។ (​ចសព. ៧៣:១២​) ភាព​អយុត្តិធម៌​នេះ​ធ្វើ​ឲ្យ​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​នោះ​ស្រងាក​ចិត្ត​ជា​ខ្លាំង ហើយ​ស្ទើរ​តែ​លែង​ជឿ​ជាក់​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​មាន​ប្រយោជន៍។ គាត់​និយាយ​ទៀត​ថា​៖ ​«​ពេល​ខ្ញុំ​ព្យាយាម​យល់​អំពី​រឿង​ទាំង​នេះ បែរ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៅ​វិញ​»។ (​ចសព. ៧៣:១៤, ១៦​) គាត់​បាន​សារភាព​ថា​៖ ​«​ជើង​របស់​ខ្ញុំ​ហៀប​នឹង​ចេញ​ពី​ផ្លូវ​ត្រឹម​ត្រូវ ជំហាន​របស់​ខ្ញុំ​ជិត​នឹង​រអិល​ទៅ​»។—ចសព. ៧៣:២

៨. តើ​ភាព​អយុត្តិធម៌​ដែល​បង​អាល់បឺតូ​ជួប​ប្រទះ ជះ​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ជីវិត​របស់​គាត់?

សូម​គិត​អំពី​បង​ប្រុស​ម្នាក់​ឈ្មោះ​អាល់បឺតូ។ a គាត់​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​លួច​លុយ​របស់​ក្រុម​ជំនុំ។ នេះ​ធ្វើ​ឲ្យ​គាត់​បាត់​បង់​ឯកសិទ្ធិ ហើយ​បង​ប្អូន​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​ដែល​ដឹង​រឿង​នេះ លែង​គោរព​គាត់​ទៀត។ គាត់​បាន​រំលឹក​រឿង​នោះ​ថា​៖ ​«​ខ្ញុំ​ក្ដៅ​ក្រហាយ ហើយ​ខក​ចិត្ត​ណាស់​»។ ពេល​នោះ គាត់​បាន​បណ្ដោយ​ឲ្យ​អារម្មណ៍​ឈឺ​ចាប់​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា រហូត​ដល់​គាត់​អសកម្ម​អស់​ប្រាំ​ឆ្នាំ។ បទ​ពិសោធន៍​នេះ​បង្ហាញ​អំពី​អ្វី​ដែល​អាច​កើត​ឡើង បើ​យើង​ធ្វើ​តាម​ចិត្ត​ក្ដៅ​របស់​ខ្លួន។

ចូរ​យក​តម្រាប់​លោក​យេស៊ូ​ពេល​រង​ភាព​អយុត្តិធម៌

៩. តើ​លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​ភាព​អយុត្តិធម៌​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

លោក​យេស៊ូ​ទុក​គំរូ​ល្អ​បំផុត​ស្ដី​អំពី​របៀប​ស៊ូ​ទ្រាំ​នឹង​ភាព​អយុត្តិធម៌។ សូម​គិត​អំពី​ភាព​អយុត្តិធម៌​ដែល​លោក​យេស៊ូ​បាន​ជួប​ពី​សំណាក់​ក្រុម​គ្រួសារ​និង​មនុស្ស​ឯ​ទៀត។ ជា​ឧទាហរណ៍ សាច់​ញាតិ​របស់​លោក​ដែល​មិន​មែន​ជា​អ្នក​ជឿ​ចោទ​ប្រកាន់​ថា​លោក​វង្វេង​ស្មារតី។ រីឯ​ពួក​មេ​ដឹក​នាំ​សាសនា​ចោទ​ប្រកាន់​ថា​លោក​រួម​ដៃ​ជា​មួយ​ពួក​វិញ្ញាណ​កំណាច។ ចំណែក​ទាហាន​រ៉ូម​ខ្លះ​បាន​ប្រមាថ​មើល​ងាយ​លោក វាយ​ធ្វើ​បាប​លោក ហើយ​រហូត​ដល់​សម្លាប់​លោក​ទៀត​ផង។ (​ម៉ាក. ៣:២១, ២២; ១៤:៥៥; ១៥:១៦​-​២០, ៣៥​-​៣៧​) ប៉ុន្តែ​ជា​ជាង​តប​ត លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌​ទាំង​នោះ។ តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​លោក?

លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​ឥត​ខ្ចោះ​ស្ដី​អំពី​របៀប​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌ ​(​សូម​មើល​វគ្គ​៩​-​១០​)​


១០. តើ​លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នឹង​ភាព​អយុត្តិធម៌​ដោយ​របៀប​ណា? (​ពេត្រុស​ទី​១ ២:២១​-​២៣​)

១០ សូម​អាន ពេត្រុស​ទី​១ ២:២១​-​២៣ b ពេល​យើង​ជួប​ប្រទះ​នឹង​ភាព​អយុត្តិធម៌ យើង​អាច​ធ្វើ​តាម​គំរូ​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ។ លោក​ដឹង​ថា​ពេល​ណា​គួរ​នៅ​ស្ងៀម ហើយ​ពេល​ណា​គួរ​និយាយ។ (​ម៉ាថ. ២៦:៦២​-​៦៤​) លោក​មិន​តែង​តែ​តប​ត​រាល់​ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​លោក​ឡើយ។ (​ម៉ាថ. ១១:១៩​) សូម្បី​តែ​ពេល​លោក​និយាយ ក៏​លោក​មិន​ប្រមាថ​ឬ​គំរាម​កំហែង​ពួក​អ្នក​ដែល​បៀតបៀន​លោក​ដែរ។ លោក​យេស៊ូ​ចេះ​ទប់​ចិត្ត ព្រោះ​លោក​«​តែង​តែ​ផ្ញើ​ខ្លួន​ទៅ​លើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្តិធម៌​»។ លោក​យេស៊ូ​ដឹង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ឃើញ​លោក​កំពុង​រង​ភាព​អយុត្តិធម៌​ខ្លាំង​ប៉ុន​ណា។ ដូច្នេះ លោក​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​ភាព​អយុត្តិធម៌​ទាំង​អស់​នៅ​ពេល​ត្រឹម​ត្រូវ។

១១. តើ​ក្នុង​រឿង​ណា​ខ្លះ​ដែល​យើង​គួរ​នៅ​ស្ងៀម ហើយ​ក្នុង​រឿង​ណា​ខ្លះ​ដែល​យើង​គួរ​និយាយ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ដោយ​ប្រយ័ត្ន​ពាក្យ​សម្ដី​របស់​យើង។ ភាព​អយុត្តិធម៌​ខ្លះ​គឺ​តូច​តាច ដូច្នេះ​យើង​អាច​មើល​រំលង​ឬ​នៅ​ស្ងៀម​ដើម្បី​កុំ​ឲ្យ​រឿង​កាន់​តែ​ធំ។ (​អទ. ៣:៧; យ៉ា. ១:១៩, ២០​) ប៉ុន្តែ ពេល​ខ្លះ​យើង​ប្រហែល​ត្រូវ​និយាយ​ការ​ពារ​នរណា​ម្នាក់​ដែល​រង​ភាព​អយុត្តិធម៌ ឬ​និយាយ​ការ​ពារ​សេ​ច​ក្ដី​ពិត។ (​សកម្ម. ៦:១, ២​) ដូច្នេះ ពេល​នោះ​យើង​ត្រូវ​ព្យាយាម​និយាយ​ដោយ​អារម្មណ៍​ស្ងប់ និង​ដោយ​ការ​គោរព។—១ពេ. ៣:១៥ c

ពេល​យើង​ជួប​អំពើ​អយុត្តិធម៌ យើង​ធ្វើ​តាម​គំរូ​លោក​យេស៊ូ​ដោយ​គិត​យ៉ាង​ដិត​ដល់​អំពី​ពេល​ណា​និង​របៀប​ណា​ដែល​យើង​គួរ​និយាយ ​(​សូម​មើល​វគ្គ​១១​-​១២​)​


១២. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ផ្ញើ​ខ្លួន​លើ​«​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្តិធម៌​»​?

១២ របៀប​មួយ​ទៀត​ដែល​យើង​យក​តម្រាប់​លោក​យេស៊ូ គឺ​ដោយ​ផ្ញើ​ខ្លួន​ទៅ​លើ​«​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្តិធម៌​»។ ពេល​អ្នក​ឯ​ទៀត​យល់​ខុស​ឬ​ប្រព្រឹត្ត​ដោយ​លម្អៀង​មក​លើ​យើង យើង​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ជ្រាប​ការ​ពិត​អំពី​រឿង​នោះ ហើយ​លោក​នឹង​ដោះ​ស្រាយ​រឿង​អយុត្តិធម៌​ទាំង​អស់​នៅ​ពេល​ត្រឹម​ត្រូវ។ ការ​ដឹង​ដូច្នេះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​រង​ភាព​អយុត្តិធម៌។ ហេតុ​នេះ​បើ​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​រង់​ចាំ​លោក នោះ​យើង​នឹង​មិន​ខឹង​ងំ​ឬ​ស្អប់​អ្នក​ឯ​ទៀត​ទេ។ ការ​ចង​កំហឹង​អាច​បណ្ដាល​ឲ្យ​យើង​ធ្វើ​ខុស បាត់​បង់​អំណរ ព្រម​ទាំង​បំផ្លាញ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទៀត​ផង។—ចសព. ៣៧:៨

១៣. បើ​អ្នក​ពិបាក​ស៊ូ​ទ្រាំ​នឹង​ភាព​អយុត្តិធម៌ តើ​អ្នក​អាច​ជឿ​ជាក់​អំពី​អ្វី?

១៣ ពិត​ណាស់ យើង​មិន​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទេ។ ជួន​កាល យើង​ប្រហែល​ជា​និយាយ​ឬ​ប្រព្រឹត្ត​អ្វី​ដែល​នាំ​ឲ្យ​យើង​ស្ដាយ​ក្រោយ។ (​យ៉ា. ៣:២​) បន្ថែម​ទៅ​ទៀត ភាព​អយុត្តិធម៌​ខ្លះ​ប្រហែល​ជា​បន្សល់​ឲ្យ​យើង​នូវ​ស្លាក​ស្នាម​របួស​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ បើ​រឿង​នោះ​បាន​កើត​ឡើង​ចំពោះ​អ្នក សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​អ្នក​បាន​ឆ្លង​កាត់ ហើយ​លោក​យល់​អារម្មណ៍​របស់​អ្នក។ លោក​យេស៊ូ​ក៏​យល់​អារម្មណ៍​របស់​អ្នក​ដែរ ព្រោះ​លោក​ធ្លាប់​រង​ទុក្ខ​យ៉ាង​អយុត្តិធម៌។ (​ហេ. ៤:១៥, ១៦​) ក្រៅ​ពី​គំរូ​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ ព្រះ​យេហូវ៉ា​ក៏​ផ្ដល់​ឱវាទ​ពី​បណ្ដាំ​របស់​លោក​ដែល​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​ត្រូវ​គេ​ធ្វើ​បាប។ សូម​ពិចារណា​ខ​គម្ពីរ​ពីរ​ក្នុង​សៀវភៅ​រ៉ូម។

​«​ចូរ​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​»​

១៤. តើ​ការ​«​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​»​មាន​ន័យ​យ៉ាង​ណា? (​រ៉ូម ១២:១៩​)

១៤ សូម​អាន រ៉ូម ១២:១៩ សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​ទុក​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​ក្រោធ​របស់​លោក​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? នេះ​មាន​ន័យ​ថា​យើង​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ចំពោះ​ភាព​អយុត្តិធម៌​តាម​ពេល​វេលា​និង​វិធី​របស់​លោក។ បង​ប្រុស​ម្នាក់​ឈ្មោះ​ចន បាន​រង​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង គាត់​និយាយ​ថា​៖ ​«​ពេល​នោះ ខ្ញុំ​ចង់​សង​សឹក​តាម​កំហឹង​របស់​ខ្ញុំ។ ប៉ុន្តែ​រ៉ូម ១២:១៩ បាន​ជួយ​ខ្ញុំ​ឲ្យ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់​»។

១៥. តើ​ការ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​មាន​ប្រយោជន៍​អ្វី?

១៥ ពេល​យើង​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ យើង​មិន​សូវ​ខក​ចិត្ត​ឬ​តាន​តឹង​ចិត្ត​ខ្លាំង​ពេក​ទេ។ ព្រះ​យេហូវ៉ា​ចង់​ជួយ​យើង លោក​ហាក់​បី​ដូច​ជា​មាន​ប្រសាសន៍​មក​កាន់​យើង​ថា​៖ ‹ទុក​រឿង​អយុត្តិធម៌​នេះ​ឲ្យ​ខ្ញុំ ចាំ​ខ្ញុំ​ដោះ​ស្រាយ​ឲ្យ›។ បើ​យើង​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​«​ខ្ញុំ​នឹង​សង​គេ​វិញ​»​ នោះ​យើង​នឹង​លែង​ខ្វល់​អំពី​រឿង​នោះ​ទៀត ហើយ​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ចាត់​វិធានការ​តាម​វិធី​ដ៏​ល្អ​បំផុត។ នេះ​ជា​អ្វី​ដែល​បាន​ជួយ​បង​ចន ហើយ​គាត់​បាន​និយាយ​ត​ទៀត​ថា​៖ ​«​ខ្ញុំ​សុខ​ចិត្ត​រង់​ចាំ​ព្រះ​យេហូវ៉ា ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា​លោក​នឹង​ដោះ​ស្រាយ​រឿង​នោះ​បាន​ល្អ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់​»។

​«​ចូរ​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​»​

១៦​-​១៧. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​«​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​»​ ហើយ​ហេតុ​អ្វី​នេះ​មាន​ប្រយោជន៍? (​រ៉ូម ១២:២១​)

១៦ សូម​អាន រ៉ូម ១២:២១ បន្ថែម​ទៀត ប៉ូល​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ឲ្យ​«​បន្ត​ឈ្នះ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​»។ ស្ដី​អំពី​ចំណុច​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ​ថា​៖ ​«​ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក ហើយ​អធិដ្ឋាន​ឲ្យ​អ្នក​ដែល​បៀតបៀន​អ្នក​»។ (​ម៉ាថ. ៥:៤៤​) លោក​មិន​គ្រាន់​តែ​និយាយ តែ​លោក​ក៏​បាន​ធ្វើ​តាម​ដែរ។ យើង​ទំនង​ជា​គិត​អំពី​ពេល​លោក​យេស៊ូ​រង​ការ​ឈឺ​ចាប់ ដោយ​ត្រូវ​ពួក​ទាហាន​រ៉ូម​ដំ​ដែក​គោល​លោក​ភ្ជាប់​នឹង​បង្គោល។ លោក​ឈឺ​ចាប់​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​យើង​មិន​អាច​យល់​អំពី​ទំហំ​នៃ​ការ​ឈឺ​ចាប់​របស់​លោក​ឡើយ។

១៧ ទោះ​ជា​លោក​យេស៊ូ​រង​ភាព​អយុត្តិធម៌​ច្រើន​យ៉ាង​ណា​ក្ដី លោក​មិន​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ដាក់​ទោស​ពួក​ទាហាន​ដែល​ធ្វើ​បាប​លោក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឡើយ​»។ (​លូក. ២៣:៣៤​) ស្រដៀង​គ្នា​ដែរ ពេល​យើង​អធិដ្ឋាន​ឲ្យ​អ្នក​ដែល​ធ្វើ​បាប​យើង នេះ​ជួយ​យើង​ឲ្យ​បន្ធូរ​កំហឹង​និង​មិន​សូវ​ឈឺ​ចិត្ត​ខ្លាំង​ពេក ព្រម​ទាំង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ល្អ​ជាង​ចំពោះ​គាត់។

១៨. តើ​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​បង​អាល់បឺតូ​និង​បង​ចន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ភាព​អយុត្តិធម៌​យ៉ាង​ដូច​ម្ដេច?

១៨ សេចក្ដី​អធិដ្ឋាន​បាន​ជួយ​បង​អាល់បឺតូ​និង​បង​ចន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ភាព​អយុត្តិធម៌​ដែល​ពួក​គាត់​បាន​ជួប។ បង​អាល់បឺតូ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ដែល​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដោយ​អយុត្តិធម៌។ ខ្ញុំ​ក៏​បាន​សុំ​ព្រះ​យេហូវ៉ា​ជា​ច្រើន​ដង​ឲ្យ​ជួយ​ខ្ញុំ​ឈប់​គិត​អំពី​រឿង​អយុត្តិធម៌​នោះ​ទៀត​»។ គួរ​ឲ្យ​សប្បាយ​រីករាយ​មែន បង​អាល់បឺតូ​បាន​ត្រឡប់​មក​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ម្ដង​ទៀត។ ចំណែក​បង​ចន​វិញ គាត់​និយាយ​ថា​៖ ​«​អស់​ជា​ច្រើន​ដង ខ្ញុំ​បាន​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត ហើយ​សុំ​លោក​ជួយ​ខ្ញុំ​ឲ្យ​អភ័យ​ទោស​គាត់។ យូរ​ៗ​ទៅ លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈប់​ខឹង និង​ឈប់​វិនិច្ឆ័យ​គាត់​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​អធិដ្ឋាន​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ផង​ដែរ​»។

១៩. ទម្រាំ​តែ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់​ទី​បញ្ចប់ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (​ពេត្រុស​ទី​១ ៣:៨, ៩​)

១៩ ទម្រាំ​តែ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់​ទី​បញ្ចប់ យើង​មិន​ដឹង​ថា​យើង​នឹង​ជួប​ប្រទះ​ភាព​អយុត្តិធម៌​អ្វី​ខ្លះ​ទេ។ ប៉ុន្តែ មិន​ថា​យើង​ជួប​រឿង​អយុត្តិធម៌​បែប​ណា​ក៏​ដោយ យើង​ត្រូវ​បន្ត​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ និង​បន្ត​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ជា​និច្ច។ បើ​យើង​ធ្វើ​ដូច្នោះ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យើង។—សូម​អាន ពេត្រុស​ទី​១ ៣:៨, ៩

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

b នៅ​ពេត្រុស​ទី​១ ជំពូក​ទី​២​និង​៣ ពេត្រុស​បាន​លើក​ឡើង​អំពី​ស្ថានភាព​របស់​គ្រិស្ត​សាសនិក​មួយ​ចំនួន​ដែល​ប្រឈម​មុខ​នឹង​ភាព​អយុត្តិធម៌​ពី​សំណាក់​ម្ចាស់​ដ៏​កាច​សាហាវ​ឬ​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ។—១ពេ. ២:១៨​-​២០; ៣:១​-​៦, ៨, ៩