លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង​ទាំង​គ្រា​មាន​សង្គ្រាម​ទាំង​គ្រា​សុខ​សាន្ត

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង​ទាំង​គ្រា​មាន​សង្គ្រាម​ទាំង​គ្រា​សុខ​សាន្ត

ផល​៖ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៨៥ យើង​រំភើប​ចិត្ត​ណាស់! ព្រោះ​យើង​កំពុង​ជិះ​យន្ត​ហោះ​ទៅ​បំពេញ​ភារកិច្ច​ទី​១​របស់​យើង​ជា​សាសនទូត​នៅ​ប្រទេស​លីបេរីយ៉ា ទ្វីប​អាហ្វ្រិក​ខាង​លិច។ ដំបូង ជើង​ហោះ​ហើរ​របស់​យើង​ត្រូវ​ឈប់​នៅ​ប្រទេស​សេណេហ្គាល់។ អាន​ដែល​ជា​ប្រពន្ធ​ខ្ញុំ​និយាយ​ថា​៖ ​«​មួយ​ម៉ោង​ទៀត យើង​នឹង​ទៅ​ដល់​ប្រទេស​លីបេរីយ៉ា​ហើយ!​»។ ស្រាប់​តែ​មាន​សេចក្ដី​ជូន​ដំណឹង​ថា​៖ ​«​អ្នក​ដំណើរ​ទាំង​អស់​ដែល​ទៅ​ប្រទេស​លីបេរីយ៉ា​ត្រូវ​ចុះ​ពី​លើ​យន្ត​ហោះ ព្រោះ​នៅ​ប្រទេស​លីបេរីយ៉ា​កំពុង​ធ្វើ​រដ្ឋ​ប្រហារ ដូច្នេះ​យើង​មិន​អាច​ចុះ​ចត​បាន​ទេ​»។ ហេតុ​នេះ អស់​រយៈ​ពេល​១០​ថ្ងៃ យើង​បាន​ស្នាក់​នៅ​ជា​មួយ​សាសនទូត​ផ្សេង​ទៀត​នៅ​ប្រទេស​សេណេហ្គាល់។ យើង​បាន​ស្ដាប់​ព័ត៌មាន​អំពី​ប្រទេស​លីបេរីយ៉ា ថា​មាន​ឡាន​ដឹក​សាក​សព​ទាំង​គរ​ៗ និង​មាន​បម្រាម​គោចរ​យ៉ាង​តឹង​រ៉ឹង។ បើ​អ្នក​ណា​បំពាន អ្នក​នោះ​នឹង​ត្រូវ​បាញ់​សម្លាប់​ចោល​តែ​ម្ដង។

អាន​៖ យើង​មិន​មែន​ជា​មនុស្ស​ចូល​ចិត្ត​ផ្សង​គ្រោះ​ថ្នាក់​ទេ។ តាំង​ពី​ក្មេង​មក ខ្ញុំ​ឆាប់​តក់​ស្លុត សូម្បី​តែ​ពេល​ឆ្លង​ថ្នល់ ក៏​ខ្ញុំ​ភ័យ​ដែរ! យ៉ាង​ណា​ក៏​ដោយ យើង​តាំង​ចិត្ត​ទៅ​បំពេញ​ភារកិច្ច​របស់​យើង។

ផល​៖ ខ្ញុំ​និង​អាន​ធំ​ឡើង​ក្នុង​តំបន់​តែ​មួយ គឺ​នៅ​ភាគ​ខាង​លិច​ប្រទេស​អង់គ្លេស។ ឪពុក​ម្ដាយ​ខ្ញុំ​និង​ម្ដាយ​របស់​អាន​តែង​តែ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ដូច្នេះ ក្រោយ​ចប់​វិទ្យាល័យ​ភ្លាម យើង​ក៏​ចាប់​ផ្ដើម​ត្រួស​ត្រាយ​តែ​ម្ដង។ ពួក​គាត់​គាំទ្រ​យើង​យ៉ាង​ពេញ​ទំហឹង​ឲ្យ​ចាប់​យក​អាជីព​ជា​អ្នក​បម្រើ​ពេញ​ពេល។ ពេល​អាយុ​១៩​ឆ្នាំ ខ្ញុំ​មាន​ឯកសិទ្ធិ​បម្រើ​នៅ​បេតអែល។ ក្រោយ​រៀប​ការ​នៅ​ឆ្នាំ​១៩៨២ អាន​ក៏​បម្រើ​នៅ​បេតអែល​ជា​មួយ​ខ្ញុំ​ដែរ។

ការ​បញ្ចប់​វគ្គ​សិក្សា​សាលា​គីលាត នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​១៩៨៥

អាន​៖ យើង​ស្រឡាញ់​បេតអែល តែ​យើង​ក៏​ចង់​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​ដែរ។ នៅ​បេតអែល យើង​រួម​ការ​ងារ​ជា​មួយ​បង​ប្អូន​ដែល​ធ្លាប់​បម្រើ​ជា​សាសនទូត ហើយ​គំរូ​និង​បទ​ពិសោធន៍​របស់​ពួក​គាត់​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ធ្វើ​ជា​សាសនទូត​ដូច​ពួក​គាត់។ ជា​រៀង​រាល់​យប់ យើង​អធិដ្ឋាន​យ៉ាង​ចំ​ៗ​ពី​រឿង​នេះ​អស់​បី​ឆ្នាំ។ លុះ​មក​ដល់​ឆ្នាំ​១៩៨៥ យើង​រំភើប​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​យើង​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​សាលា​គីលាត​ជំនាន់​ទី​៧៩។ ក្រោយ​ចប់​សាលា យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​លីបេរីយ៉ា ទ្វីប​អាហ្វ្រិក​ខាង​លិច។

យើង​ទទួល​កម្លាំង​ចិត្ត​ពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន

ផល​៖ យើង​បាន​ជិះ​យន្ត​ហោះ​ជើង​ដំបូង​ពេល​គេ​បើក​ឲ្យ​ទៅ​ប្រទេស​លីបេរីយ៉ា។ ពេល​ទៅ​ដល់​ទី​នោះ យើង​ឃើញ​មនុស្ស​រស់​នៅ​ដោយ​ការ​ភ័យ​ខ្លាច ហើយ​នៅ​តែ​មាន​បម្រាម​គោចរ។ គ្រាន់​តែ​ឮ​សំឡេង​ឡាន​សារ៉ែន ក៏​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​ឆោ​ឡោ​រត់​ចែក​ជើង​គ្នា​ដែរ។ ដូច្នេះ​រាល់​យប់ យើង​ពីរ​នាក់​អាន​ចម្រៀង​សរសើរ​ព្រះ​ជា​មួយ​គ្នា​ដើម្បី​កុំ​ឲ្យ​យើង​ភ័យ​ខ្លាច​ដូច​ពួក​គេ។ ទោះ​ជា​ស្ថានភាព​ប្រទេស​នោះ​ពិបាក​ខ្លាំង​ក៏​ដោយ យើង​ស្រឡាញ់​ភារកិច្ច​របស់​យើង​ណាស់។ អាន​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​រាល់​ថ្ងៃ ឯ​ខ្ញុំ​វិញ​ធ្វើ​ការ​នៅ​បេតអែល​ជា​មួយ​បង​ប្រុស​ឈ្មោះ​ចន ឆេរូក។ a ខ្ញុំ​រៀន​ច្រើន​ពី​គាត់ ដោយ​សារ​គាត់​រស់​នៅ​ប្រទេស​លីបេរីយ៉ា​យូរ​ហើយ ដូច្នេះ​គាត់​ស្គាល់​ច្បាស់​អំពី​ស្ថានភាព​និង​ការ​ពិបាក​របស់​បង​ប្អូន។

អាន​៖ ភ្លាម​ៗ យើង​ជាប់​ចិត្ត​នឹង​ភារកិច្ច​របស់​យើង ដោយ​សារ​បង​ប្អូន​នៅ​ទី​នោះ​កក់​ក្ដៅ រាក់​ទាក់ និង​ស្មោះ​ត្រង់។ យើង​ស្រឡាញ់​ពួក​គេ ហើយ​ពួក​គេ​ជា​ក្រុម​គ្រួសារ​ថ្មី​របស់​យើង។ ពួក​គេ​តែង​តែ​ឲ្យ​យោបល់​ល្អ និង​លើក​ទឹក​ចិត្ត​យើង។ រីឯ​កិច្ច​បម្រើ​ផ្សាយ​វិញ​គឺ​អស្ចារ្យ​ណាស់! ដឹង​ទេ ម្ចាស់​ផ្ទះ​មិន​សប្បាយ​ចិត្ត​ឡើយ​បើ​យើង​ប្រញាប់​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ! គ្រប់​កន្លែង​មនុស្ស​ចូល​ចិត្ត​និយាយ​អំពី​គម្ពីរ នេះ​ស្រួល​ឲ្យ​យើង​ចូល​រួម​សន្ទនា​ជា​មួយ​ពួក​គេ។ បញ្ហា​ធំ​មួយ​របស់​យើង​គឺ​យើង​មាន​សិស្ស​គម្ពីរ​ច្រើន​ពេក រហូត​ដល់​គ្មាន​ពេល​គ្រប់​គ្រាន់​បង្រៀន​ពួក​គេ។ តែ​វា​ជា​បញ្ហា​ល្អ​ទេ!

យើង​ទទួល​កម្លាំង​ចិត្ត​ទោះ​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច

បេតអែល​នៅ​ប្រទេស​លីបេរីយ៉ា​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​រត់​គេច​ខ្លួន ឆ្នាំ​១៩៩០

ផល​៖ ក្រោយ​ស្ងប់​សង្គ្រាម​អស់​បួន​ឆ្នាំ ក្នុង​ឆ្នាំ​១៩៨៩​សង្គ្រាម​ស៊ីវិល​ក៏​បាន​ផ្ទុះ​ឡើង។ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​១៩៩០ ពួក​ដែល​ធ្វើ​រដ្ឋ​ប្រហារ​បាន​កាន់​កាប់​តំបន់​ជុំ​វិញ​បេតអែល។ អស់​បី​ខែ យើង​ដាច់​ទំនាក់​ទំនង​ទាំង​អស់ សូម្បី​តែ​ក្រុម​គ្រួសារ​និង​មន្ទីរ​ចាត់​ការ​ពិភព​លោក ក៏​យើង​មិន​អាច​ទាក់​ទង​បាន​ដែរ។ នៅ​ពេល​នោះ ប្រទេស​ខ្វះ​ស្បៀង​អាហារ មាន​អំពើ​ហិង្សា និង​ការ​ចាប់​រំលោភ ហើយ​បញ្ហា​ទាំង​នោះ​អូស​បន្លាយ​អស់​រយៈ​ពេល​១៤​ឆ្នាំ។

អាន​៖ សមាជិក​កុលសម្ព័ន្ធ​ខ្លះ​វាយ​សម្លាប់​សមាជិក​កុលសម្ព័ន្ធ​ឯ​ទៀត។ គ្រប់​កន្លែង​នៅ​តាម​ផ្លូវ ពួក​ទាហាន​ស្លៀក​ពាក់​ប្លែក​ៗ​ប្រដាប់​ដោយ​អាវុធ ហើយ​ចូល​ប្លន់​ផ្ទះ​ប្រជាជន​ស្រេច​តែ​ចិត្ត។ ពួក​គេ​ខ្លះ​សម្លាប់​មនុស្ស​ដូច​សម្លាប់​សត្វ​ធាតុ។ ពួក​ធ្វើ​រដ្ឋ​ប្រហារ​ទាំង​នោះ​បាន​ដាក់​បា​រ៉ា​ស​រាំង​ផ្លូវ​ប្រជាជន ហើយ​ពេល​មាន​អ្នក​ណា​ឆ្លង​កាត់​បា​រ៉ា​ស​នោះ ពួក​គេ​សម្លាប់​ចោល​តែ​ម្ដង។ ដូច្នេះ មនុស្ស​ជា​ច្រើន​បាន​ត្រូវ​សម្លាប់ ហើយ​សាក​សព​ទាំង​នោះ​បាន​ត្រូវ​គរ​ចោល សូម្បី​តែ​នៅ​ក្បែរ​អគារ​បេតអែល ក៏​មាន​សាក​សព​ដែរ។

បង​ប្អូន​រួម​ជំនឿ​ខ្លះ រួម​ទាំង​សាសនទូត​ជា​ទី​ស្រឡាញ់​ពីរ​នាក់ ក៏​បាន​ត្រូវ​គេ​សម្លាប់​ដែរ។ ពួក​ធ្វើ​រដ្ឋ​ប្រហារ​ឲ្យ​តែ​ឃើញ​មនុស្ស​ពី​កុលសម្ព័ន្ធ​ណា​ដែល​ពួក​គេ​ស្អប់ នោះ​ពួក​គេ​នឹង​សម្លាប់​ចោល​ជា​មិន​ខាន។ ដូច្នេះ បង​ប្អូន​យើង​បាន​ប្រថុយ​ជីវិត​នាំ​បង​ប្អូន​ពី​កុលសម្ព័ន្ធ​ទាំង​នោះ​ទៅ​លាក់​ខ្លួន។ សាសនទូត​និង​បង​ប្អូន​បេតអែល​ក៏​ធ្វើ​ដូច​គ្នា​ដែរ។ ជា​ឧទាហរណ៍ បង​ប្អូន​សាក្សី​ខ្លះ​បាន​រត់​មក​ជ្រក​កោន​នៅ​បេតអែល។ បង​ប្អូន​មួយ​ចំនួន​គេង​នៅ​ជាន់​ខាង​ក្រោម ឯ​បង​ប្អូន​មួយ​ចំនួន​ទៀត​គេង​នៅ​បន្ទប់​ខាង​លើ​ជាន់​ជា​មួយ​យើង។ ក្នុង​បន្ទប់​យើង មាន​ក្រុម​គ្រួសារ​មួយ​ដែល​មាន​គ្នា​៧​នាក់។

ផល​៖ រាល់​ថ្ងៃ ពួក​បះ​បោរ​ចេះ​តែ​មក​ឆែក​មើល​បេតអែល​ថា​ពួក​យើង​មាន​លាក់​មនុស្ស​ឬ​អត់។ យើង​មាន​បង​ប្អូន​បួន​នាក់​ចាំ​ឃ្លាំ​មើល ពីរ​នាក់​មើល​ពី​បង្អួច ហើយ​ពីរ​នាក់​ទៀត​ទុក​ចាំ​និយាយ​ជា​មួយ​ពួក​បះ​បោរ​នៅ​ឯ​មាត់​ទ្វារ។ ពួក​គាត់​ដាក់​ម៉ូ​គ្នា​ថា បើ​ពីរ​នាក់​ដែល​នៅ​ចាំ​មាត់​ទ្វារ​ក្ដោប​ដៃ​ដាក់​ខាង​មុខ មាន​ន័យ​ថា​អត់​អី​ទេ។ ប៉ុន្តែ បើ​ពួក​គាត់​ទាំង​ពីរ​នាក់​នោះ​ក្រពាត់​ដៃ​ទៅ​ខាង​ក្រោយ នោះ​មាន​ន័យ​ថា​ពួក​បះ​បោរ​ចង់​សម្រុក​ចូល​ឆែក​ឆេរ។ ដូច្នេះ បង​ប្អូន​ដែល​ឃ្លាំ​មើល​ពី​បង្អួច​នឹង​រត់​ទៅ​នាំ​បង​ប្អូន​ឯ​ទៀត​លាក់​ខ្លួន។

អាន​៖ ថ្ងៃ​មួយ ពួក​បះ​បោរ​មួយ​ក្រុម​ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាន​សម្រុក​ចូល​បេតអែល​ទាំង​កំរោល។ ភ្លាម​នោះ ខ្ញុំ​ក៏​បាន​នាំ​បង​ប្អូន​ស្រី​ម្នាក់​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក រួច​ចាក់​សោ​រ ហើយ​ខ្ញុំ​ឲ្យ​គាត់​ពួន​ក្នុង​កន្លែង​បង្កប់​ដ៏​តូច​មួយ​ដែល​នៅ​ខាង​ក្រោយ​ទូ។ ពួក​បះ​បោរ​ទាំង​នោះ​បាន​មក​ដល់​ជាន់​ខាង​លើ ហើយ​គោះ​ទ្វារ​បន្ទប់​ក្ឌាំង​ៗ។ ពេល​នោះ ផល​ព្យាយាម​បង្វែរ​ដាន​ដោយ​និយាយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ប្រពន្ធ​ខ្ញុំ​កំពុង​ប្រើ​បន្ទប់​ទឹក​»។ ខ្ញុំ​គិត​ថា​ពួក​បះ​បោរ​ឮ​សំឡេង​ខ្ញុំ​រើ​ទូ​ឲ្យ​ប្អូន​ស្រី​នោះ​លាក់​ខ្លួន ជា​មូលហេតុ​ដែល​ពួក​គេ​ឡើង​មក​ជាន់​ខាង​លើ។ ពេល​ឮ​សំឡេង​គោះ​ទ្វារ ខ្ញុំ​ភ័យ​ណាស់​រហូត​ដល់​ញ័រ​ដៃ​ញ័រ​ជើង ក៏​ប្រញាប់​ដាក់​អីវ៉ែអីវ៉ាន់​ចូល​ក្នុង​ទូ​វិញ។ រួច​ខ្ញុំ​ក៏​អធិដ្ឋាន​ក្នុង​ចិត្ត​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ ហើយ​សម្រួល​អារម្មណ៍​មុន​នឹង​បើក​ទ្វារ។ ពេល​បើក​ទ្វារ​ទៅ ខ្ញុំ​ក៏​និយាយ​រាក់​ទាក់​ពួក​គេ​ធម្មតា។ ពួក​គេ​ម្នាក់​បាន​រុញ​ខ្ញុំ​ចេញ ហើយ​ដើរ​ទៅ​កាយ​អីវ៉ាន់​ទាំង​អស់​ចេញ​ពី​ក្នុង​ទូ តែ​មិន​ឃើញ​អ្វី​សោះ។ ដូច្នេះ ពួក​គេ​ក៏​ទៅ​ឆែក​បន្ទប់​ឯ​ទៀត និង​បន្ទប់​ដែល​ជាប់​ដំបូល។ ប៉ុន្តែ ពួក​គេ​នៅ​តែ​រក​មិន​ឃើញ​អ្នក​ណា​ម្នាក់​ឡើយ។

សេចក្ដី​ពិត​បន្ត​ភ្លឺ​ឡើង

ផល​៖ អស់​ជា​ច្រើន​ខែ ពួក​យើង​អស់​ស្បៀង​អាហារ តែ​យើង​មិន​ដែល​ខ្វះ​អាហារ​ដែល​ជា​សេចក្ដី​បង្រៀន​ពី​ព្រះ​ទេ។ ជា​រៀង​រាល់​ថ្ងៃ យើង​តែង​តែ​ទទួល​អាហារ​ពី​ព្រះ​ជា​និច្ច​តាម​រយៈ​ការ​គោរព​ប្រណិប័តន៍​ពេល​ព្រឹក​នៅ​បេតអែល។ យើង​ពិត​ជា​មាន​អំណរ​គុណ​ខ្លាំង​ណាស់ ពីព្រោះ​នោះ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង​ស៊ូ​ទ្រាំ។

ពេល​អស់​ទឹក​អស់​អាហារ យើង​ត្រូវ​បង្ខំ​ខ្លួន​ចេញ​ទៅ​រក​ស្បៀង​នៅ​ខាង​ក្រៅ តែ​នោះ​មាន​ន័យ​ថា​យើង​មិន​អាច​ការ​ពារ​បង​ប្អូន​ដែល​លាក់​ខ្លួន​ក្នុង​អគារ​បេតអែល​បាន​ទេ។ ច្រើន​ដង ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​នៅ​ចំ​ពេល​ត្រឹម​ត្រូវ​និង​តាម​របៀប​ដ៏​អស្ចារ្យ។ ព្រះ​យេហូវ៉ា​រមែង​មើល​ថែ​យើង ហើយ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្ងប់។

ទោះ​ជា​ស្ថានភាព​ប្រទេស​នោះ​កាន់​តែ​ងងឹត តែ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង។ ពិត​មែន​ថា​បង​ប្អូន​ជា​ច្រើន​ត្រូវ​រត់​គេច​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត តែ​ពួក​គាត់​នៅ​តែ​រក្សា​ជំនឿ​មាំ​មួន​និង​មាន​ចិត្ត​ស្ងប់​ជា​និច្ច។ បង​ប្អូន​ខ្លះ​និយាយ​ថា​ការ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​ពិបាក​ទាំង​នេះ​ប្រៀប​ដូច​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ពួក​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​វ័យ​ក្មេង​មាន​ចិត្ត​ក្លាហាន​ណាស់ ដោយ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​បង​ប្អូន។ ពេល​បង​ប្អូន​រត់​ភៀស​ខ្លួន​ដល់​កន្លែង​ណា ពួក​គាត់​ជួយ​គ្នា ហើយ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​នោះ។ ពួក​គាត់​ប្រមូល​ស្លឹក​ឈើ​យក​មក​ប្រក់​ធ្វើ​ដំបូល​សម្រាប់​កិច្ច​ប្រជុំ។ ទោះ​ជា​ស្ថានភាព​របស់​បង​ប្អូន​យើង​ប្រៀប​ដូច​ជា​លិច​ទូក​កណ្ដាល​ទន្លេ​ក្ដី ពួក​គាត់​នៅ​តែ​មាន​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​ប្រៀប​ដូច​ជា​ទូក​សង្គ្រោះ នេះ​ផ្ដល់​កម្លាំង​និង​សេចក្ដី​សង្ឃឹម​ដល់​យើង។ ពេល​យើង​ទៅ​ចែក​អាហារ​និង​សម្ភារៈ​ដល់​បង​ប្អូន​នៅ​ទី​នោះ ពួក​គាត់​ច្រើន​តែ​សុំ​កាតាប​សម្រាប់​ផ្សព្វ​ផ្សាយ​ជា​ជាង​សុំ​សម្លៀក​បំពាក់។ ឃើញ​ដូច្នេះ យើង​រំជួល​ចិត្ត​ណាស់! មនុស្ស​ជា​ច្រើន​ដែល​ជួប​រឿង​ខ្លោច​ផ្សា​ក្នុង​សង្គ្រាម ចង់​ស្ដាប់​ដំណឹង​ល្អ។ មនុស្ស​ទាំង​នោះ​កោត​ស្ងើច​ជា​ខ្លាំង​ពេល​ឃើញ​សាក្សី​ជួយ​យក​អាសា​គ្នា​និង​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់។ ពួក​សាក្សី​ប្រៀប​ដូច​ជា​ពន្លឺ​នៅ​ក្នុង​ភាព​ងងឹត។ (​ម៉ាថ. ៥:១៤​-​១៦​) សូម្បី​តែ​អ្នក​ខ្លះ​ដែល​នៅ​ក្នុង​ក្រុម​ធ្វើ​រដ្ឋ​ប្រហារ ក៏​ព្រម​ទទួល​យក​សេចក្ដី​ពិត​ដែរ ដោយ​សារ​ចិត្ត​ខ្នះខ្នែង​របស់​បង​ប្អូន​យើង។

យើង​ទទួល​កម្លាំង​ចិត្ត​ទោះ​ជា​ត្រូវ​ចាក​ចេញ​ពី​បង​ប្អូន

ផល​៖ ជួន​កាល យើង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​លីបេរីយ៉ា។ បី​ដង​យើង​ចេញ​ទៅ​រយៈ​ពេល​ខ្លី ហើយ​ពីរ​ដង​ទៀត​យើង​ចេញ​ទៅ​អស់​មួយ​ឆ្នាំ​ពេញ។ បង​ស្រី​ម្នាក់​ជា​សាសនទូត​និយាយ​ថា​៖ ​«​នៅ​សាលា​គីលាត យើង​បាន​រៀន​ថា​ពេល​យើង​ទទួល​ភារកិច្ច​ទៅ​កន្លែង​ណា យើង​ត្រូវ​ស្រឡាញ់​បង​ប្អូន​នៅ​ទី​នោះ​ឲ្យ​អស់​ពី​ចិត្ត ហើយ​យើង​បាន​ធ្វើ​ដូច្នេះ​មែន។ ហេតុ​នេះ ពេល​យើង​ចាក​ចេញ​ពី​បង​ប្អូន​ក្នុង​ស្ថានភាព​បែប​នោះ គឺ​ប្រៀប​ដូច​ជា​គេ​ហែក​បេះ​ដូង​យើង​»។ ពាក្យ​សម្ដី​របស់​គាត់​ពិត​ជា​ត្រូវ​នឹង​អារម្មណ៍​របស់​យើង​ណាស់។ ប៉ុន្តែ យើង​សប្បាយ​ចិត្ត​ដែល​យើង​នៅ​តែ​អាច​គាំទ្រ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​បង​ប្អូន​យើង​នៅ​ប្រទេស​លីបេរីយ៉ា ទោះ​ជា​យើង​មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ផ្ទាល់​ក៏​ដោយ។

យើង​សប្បាយ​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​លីបេរីយ៉ា​វិញ ឆ្នាំ​១៩៩៧

អាន​៖ នៅ​ខែ​ឧសភា ឆ្នាំ​១៩៩៦ យើង​បួន​នាក់​បាន​ជិះ​ឡាន​ចេញ​ពី​បេតអែល​ដើម្បី​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង គឺ​មាន​ចម្ងាយ​១៦​គីឡូ​ម៉ែត្រ​ពី​បេតអែល។ ក្នុង​ឡាន​នោះ​មាន​ឯកសារ​សំខាន់​អំពី​កិច្ច​បម្រើ​នៅ​ប្រទេស​លីបេរីយ៉ា។ ស្រាប់​តែ​ភ្លាម​នោះ​មាន​ការ​វាយ​ប្រហារ​កើត​ឡើង។ ជន​បះ​បោរ​មួយ​ក្រុម​បាន​បាញ់​កាំភ្លើង​ឡើង​ទៅ​លើ​ដើម្បី​ឃាត់​ឡាន​យើង។ ពួក​គេ​បាន​ទាញ​យើង​បី​នាក់​ចេញ​ពី​ឡាន ហើយ​បើក​ឡាន​ចេញ​ទៅ​ទាំង​មាន​ផល​នៅ​ក្នុង​នោះ។ ឃើញ​ដូច្នេះ យើង​ស្រឡាំងកាំង​ជា​ខ្លាំង។ រំពេច​នោះ យើង​ឃើញ​ផល​ដើរ​ត្រឡប់​មក​វិញ​ទាំង​មាន​ឈាម​ហូរ​ជោក​ក្បាល។ ប៉ុន្តែ យើង​ឆ្ងល់​ថា​ម៉េច​បាន​ជា​គាត់​អាច​ដើរ​មក​វិញ​បាន ព្រោះ​ដំបូង​យើង​គិត​ថា​ពួក​គេ​មុខ​ជា​បាញ់​សម្លាប់​គាត់​ហើយ។ តាម​ពិត​ពួក​គេ​គ្រាន់​តែ​វាយ​គាត់ ហើយ​រុញ​គាត់​ចេញ​ពី​ឡាន។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​គាត់​មិន​មាន​របួស​ធ្ងន់​ធ្ងរ។

នៅ​ជិត​នោះ យើង​ឃើញ​ឡាន​យោធា​មួយ​គ្រឿង​ដែល​មាន​មនុស្ស​ជិះ​ពេញ ហើយ​ពួក​គេ​សុទ្ធ​តែ​មាន​ទឹក​មុខ​ភ័យ​ខ្លាច។ ពេល​ឡាន​នោះ​ប្រុង​នឹង​ចេញ យើង​ក៏​សម្រេច​ចិត្ត​ឡើង​ឡាន​នោះ​ដែរ តែ​ដោយ​សារ​គ្មាន​កន្លែង​អង្គុយ យើង​ត្រូវ​ឈរ​តោង​ឡាន​នោះ។ អ្នក​បើក​បរ​បើក​លឿន​ដូច​ហោះ យើង​ស្ទើរ​តែ​ធ្លាក់​ពី​លើ​ឡាន។ យើង​ស្រែក​សុំ​ឲ្យ​គាត់​ឈប់ តែ​គាត់​មិន​ហ៊ាន​ឈប់​ទេ។ ដូច្នេះ យើង​ត្រូវ​ស្រវេ​ស្រវា​តោង​នេះ​តោង​នោះ​រហូត​ដល់​កន្លែង​ដែល​ឡាន​ឈប់។ ពេល​ចុះ​ពី​ឡាន យើង​ហត់​ខ្លាំង​ណាស់ ឯ​ខ្លួន​ប្រាណ​យើង​ញ័រ​សព្វ​កន្លែង។

ផល​៖ ខ្លួន​ប្រាណ​យើង​ប្រឡាក់​សុទ្ធ​តែ​ដី សូម្បី​តែ​ខោ​អាវ​ក៏​រហែក​ដែរ។ ពេល​នោះ​យើង​មើល​មុខ​គ្នា ហើយ​ឆ្ងល់​ថា​យើង​អាច​រួច​ជីវិត​មក​បាន​យ៉ាង​ម៉េច។ ក្រោយ​មក យើង​ក៏​ស្នាក់​នៅ​កណ្ដាល​វាល​ក្បែរ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​មាន​ស្នាម​បាញ់​ដោយ​គ្រាប់​កាំភ្លើង​ស្ទើរ​តែ​សុសសាច់។ លុះ​ស្អែក​ឡើង យើង​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​នោះ​ទៅ​កាន់​ប្រទេស​សៀរ៉ាឡេអូន។ យើង​ត្រេក​អរ​ពន់​ពេក​ដែល​យើង​នៅ​រស់ តែ​យើង​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដល់​សុខ​ទុក្ខ​របស់​បង​ប្អូន​នៅ​ប្រទេស​លីបេរីយ៉ា។

ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង​ឲ្យ​ស៊ូ​ទ្រាំ​ការ​ពិបាក​ផ្សេង​ទៀត

អាន​៖ យើង​មក​ដល់​បេតអែល​នៅ​ក្រុង​ហ្វ្រីថោន​ប្រទេស​សៀរ៉ាឡេអូន​ដោយ​សុវត្ថិភាព។ បង​ប្អូន​នៅ​ទី​នោះ​មើល​ថែ​យើង​យ៉ាង​ល្អ។ ប៉ុន្តែ ខ្ញុំ​ចាប់​ផ្ដើម​មាន​ជំងឺ​ម្យ៉ាង (​flashbacks​) គឺ​ខ្ញុំ​ចេះ​តែ​នឹក​ឃើញ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នៅ​អតីតកាល សូម្បី​តែ​ពេល​ថ្ងៃ​ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វី​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​ហាក់​ដូច​ជា​មិន​មែន​ជា​ការ​ពិត ប្រៀប​ដូច​ជា​ខ្ញុំ​កំពុង​យល់សប្ដិ ហើយ​ភ័យ​ខ្លាច​ជាប់​ជា​និច្ច​ថា​គ្រោះ​ថ្នាក់​ហាក់​ដូច​ជា​នៅ​ជិត​ខ្លួន។ រីឯ​ពេល​យប់​វិញ ខ្ញុំ​ស្រាប់​តែ​គេង​ភ្ញាក់​ៗ បែក​ញើស ញ័រ​ខ្លួន ហើយ​មាន​អារម្មណ៍​ថា​រឿង​អាក្រក់​ជិត​កើត​ឡើង​ចំពោះ​ខ្ញុំ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ដក​ដង្ហើម​ខ្លាំង​ណាស់។ រាល់​ដង​ដែល​ខ្ញុំ​មាន​ប្រតិកម្ម​បែប​នោះ ផល​ឱប​ខ្ញុំ ហើយ​អធិដ្ឋាន​ជា​មួយ​គ្នា។ យើង​ច្រៀង​ចម្រៀង​រាជាណាចក្រ រហូត​ដល់​ខ្ញុំ​បាត់​ញ័រ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​អាច​បន្ត​ធ្វើ​ជា​សាសនទូត​ទៀត​ទេ ព្រោះ​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​សតិ​របស់​ខ្លួន​បាន​ឡើយ។

ខ្ញុំ​មិន​ដែល​ភ្លេច​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​បន្ទាប់​ទេ។ នៅ​សប្តាហ៍​នោះ​ឯង យើង​បាន​ទទួល​ទស្សនាវដ្ដី​ពីរ​ក្បាល។ មួយ​ជា​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ចេញ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​១៩៩៦ ក្នុង​នោះ​មាន​អត្ថបទ​មួយ​ចំណង​ជើង​ថា​«​វិធី​យក​ឈ្នះ​ការ​ភ័យ​តក់​ស្លុត​»។ ពេល​អាន​អត្ថបទ​នោះ ទើប​ខ្ញុំ​យល់​មូលហេតុ​ដែល​ខ្ញុំ​មាន​អាការ​បែប​នេះ។ មួយ​ទៀត​ជា​ទស្សនាវដ្ដី​ប៉ម​យាម ចេញ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៩៦ ហើយ​ក្នុង​ទស្សនាវដ្ដី​នោះ​មាន​អត្ថបទ​មួយ​ចំណង​ជើង​ថា​«​តើ​ពួក​គេ​ទទួល​កម្លាំង​មក​ពី​ណា?​»។ អត្ថបទ​នោះ​មាន​រូប​ភាព​មេ​អំបៅ​បាក់​ស្លាប​ម្ខាង ហើយ​អត្ថបទ​នោះ​ពន្យល់​ថា ទោះ​ជា​មេ​អំបៅ​បាក់​ស្លាប​ម្ខាង​ក្ដី វា​នៅ​តែ​អាច​ពាំ​ចំណី​ហើយ​ហោះ​ហើរ​បាន។ ស្រដៀង​គ្នា​ដែរ ទោះ​ជា​យើង​រង​ការ​ឈឺ​ចាប់​ដែល​មក​ពី​អតីតកាល​មិន​ល្អ​ក្ដី យើង​នៅ​តែ​អាច​ជួយ​អ្នក​ឯ​ទៀត​បាន​ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា។ តាម​រយៈ​អត្ថបទ​ទាំង​នេះ ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​នៅ​ចំ​ពេល​ដែល​ខ្ញុំ​ត្រូវ​ការ។ (​ម៉ាថ. ២៤:៤៥​) ខ្ញុំ​សិក្សា​អត្ថបទ​មួយ​ចំនួន​ទៀត​ដែល​រៀប​រាប់​អំពី​រឿង​នោះ ហើយ​ចង​ក្រង​ជា​សៀវភៅ​មួយ​ក្បាល។ អត្ថបទ​ទាំង​នោះ​ជួយ​ខ្ញុំ​ច្រើន​ណាស់។ យូរ​ៗ​ទៅ អារម្មណ៍​ឈឺ​ចាប់​និង​ភ័យ​ខ្លាច​ដែល​ខ្ញុំ​មាន​ពី​អនុស្សាវរីយ៍​មិន​ល្អ​ក៏​រលាយ​បាត់។

ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​យើង​សម្រាប់​ភារកិច្ច​ថ្មី

ផល​៖ រាល់​ដង​ដែល​យើង​ត្រឡប់​ទៅ​ប្រទេស​លីបេរីយ៉ា​វិញ យើង​សប្បាយ​ចិត្ត​ណាស់។ គិត​ត្រឹម​ចុង​ឆ្នាំ​២០០៤ យើង​បម្រើ​នៅ​ប្រទេស​នោះ​អស់​ជិត​២០​ឆ្នាំ។ ប្រទេស​នោះ​លែង​មាន​សង្គ្រាម​ទៀត។ ពេល​នោះ​ការិយាល័យ​សាខា​មាន​គម្រោង​សាង​សង់​ផ្សេង​ៗ តែ​ភ្លាម​ៗ​យើង​ក៏​ត្រូវ​ផ្លាស់​ឲ្យ​ទៅ​បំពេញ​ភារកិច្ច​ថ្មី។

នេះ​ជា​ការ​ពិបាក​ដ៏​ធំ​មួយ​សម្រាប់​យើង ពីព្រោះ​យើង​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយ​បង​ប្អូន​នៅ​ប្រទេស​លីបេរីយ៉ា ដូច្នេះ​ឲ្យ​យើង​ធ្វើ​ចិត្ត​ម្ដេច​បាន? ប៉ុន្តែ យើង​បាន​ឃើញ​រួច​ហើយ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យើង កាល​ដែល​យើង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​ដើម្បី​ទៅ​សាលា​គីលាត។ ពេល​គិត​ឡើង​វិញ​អំពី​រឿង​នោះ យើង​ក៏​ព្រម​ទទួល​យក​ភារកិច្ច​ថ្មី គឺ​ទៅ​បម្រើ​នៅ​ប្រទេស​ហ្គាណា​ដែល​នៅ​ជិត​គ្នា​នឹង​ប្រទេស​លីបេរីយ៉ា។

អាន​៖ នៅ​ពេល​ពួក​ខ្ញុំ​ចាក​ចេញ​ពី​ប្រទេស​លីបេរីយ៉ា ពួក​ខ្ញុំ​យំ​ហើយ​យំ​ទៀត។ ពេល​នោះ បង​ហ្វ្រេង​ដែល​ជា​បង​ប្រុស​វ័យ​ចាស់​និង​ប្រកប​ដោយ​ប្រាជ្ញា បាន​និយាយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ភ្ញាក់​ផ្អើល។ គាត់​និយាយ​ថា​៖ ​«​ប្អូន​ទាំង​ពីរ​ត្រូវ​បំភ្លេច​ពួក​យើង!​»។ រួច​គាត់​ពោល​ត​ទៅ​ទៀត​ថា​៖ ​«​ពួក​យើង​ដឹង​ថា​ប្អូន​ទាំង​ពីរ​នឹង​មិន​ភ្លេច​ពួក​យើង​ទេ តែ​ប្អូន​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​ក្នុង​ភារកិច្ច​ថ្មី​របស់​ប្អូន ព្រោះ​នេះ​ជា​ភារកិច្ច​មក​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ សូម​មើល​ថែ​បង​ប្អូន​នៅ​ទី​នោះ​ឲ្យ​បាន​ល្អ​»។ ពាក្យ​សម្ដី​របស់​គាត់​លើក​ទឹក​ចិត្ត​ពួក​ខ្ញុំ​ឲ្យ​ត្រៀម​ខ្លួន​មាន​មិត្ត​ភក្តិ​ថ្មី ព្រោះ​នៅ​ហ្គាណា​មាន​បង​ប្អូន​តិច​ណាស់​ដែល​ស្គាល់​ពួក​ខ្ញុំ ហើយ​អ្វី​ៗ​នៅ​ទី​នោះ​សុទ្ធ​តែ​ថ្មី​សម្រាប់​យើង។

ផល​៖ ពេល​យើង​មក​ដល់​ប្រទេស​ហ្គាណា​មិន​បាន​យូរ​ប៉ុន្មាន យើង​ក៏​ស្រឡាញ់​បង​ប្អូន​នៅ​ទី​នោះ ពួក​គាត់​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​ថ្មី​របស់​យើង។ នៅ​ទី​នោះ​មាន​សាក្សី​ព្រះ​យេហូវ៉ា​ច្រើន​នាក់! ពួក​គាត់​មាន​ភក្ដី​ភាព និង​មាន​ជំនឿ​រឹង​មាំ ដូច្នេះ​យើង​បាន​រៀន​ច្រើន​ពី​គំរូ​របស់​ពួក​គាត់។ យើង​បម្រើ​នៅ​ប្រទេស​ហ្គាណា​អស់​១៣​ឆ្នាំ រួច​យើង​បាន​ទទួល​ភារកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត។ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ការិយាល័យ​សាខា​អាហ្វ្រិក​ខាង​កើត​ក្នុង​ប្រទេស​កេនយ៉ា។ ពិត​មែន​ថា​យើង​នឹក​រលឹក​ដល់​បង​ប្អូន​នៅ​ប្រទេស​ហ្គាណា តែ​យើង​ក៏​ឆាប់​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​នៅ​ប្រទេស​កេនយ៉ា​ដែរ។ ដូច​នៅ​ប្រទេស​លីបេរីយ៉ា​និង​ហ្គាណា យើង​កំពុង​បម្រើ​នៅ​ក្នុង​តំបន់​ដ៏​ធំ​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ជា​ខ្លាំង។

ជា​មួយ​មិត្ត​ភក្តិ​ថ្មី​នៅ​ប្រទេស​កេនយ៉ា ឆ្នាំ​២០២៣

នឹក​គិត​ដល់​អ្វី​ដែល​យើង​បាន​ធ្វើ

អាន​៖ អស់​រាប់​សិប​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​ឆ្លង​កាត់​គ្រោះ​ថ្នាក់​និង​ការ​ពិបាក​ជា​ច្រើន ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​ភ័យ​តក់​ស្លុត រន្ធត់​ញ័រ​ប្រាណ។ យើង​មិន​តម្រូវ​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​អព្ភូតហេតុ​ការ​ពារ​យើង​ទេ។ អ្វី​ទាំង​នេះ​បាន​ប៉ះ​ពាល់​ដល់​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​យើង។ រាល់​ដង​ដែល​ខ្ញុំ​ឮ​សំឡេង​បាញ់​កាំភ្លើង ខ្ញុំ​មាន​អារម្មណ៍​រមួល​ភ័យ​បុក​ពោះ ហើយ​ដៃ​ខ្ញុំ​ទាំង​ពីរ​ស្ពឹក​អស់​ហើយ។ ប៉ុន្តែ ខ្ញុំ​បាន​រៀន​ឲ្យ​ពឹង​ផ្អែក​លើ​ជំនួយ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ដើម្បី​ពង្រឹង​កម្លាំង​យើង រួម​បញ្ចូល​ទាំង​ការ​គាំទ្រ​ពី​បង​ប្អូន​រួម​ជំនឿ​ដែរ។ ម្យ៉ាង​ទៀត ខ្ញុំ​ឃើញ​ថា ពេល​យើង​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា នោះ​លោក​អាច​ជួយ​យើង​ឲ្យ​បន្ត​បំពេញ​ភារកិច្ច​របស់​យើង។

ផល​៖ ជួន​កាល មាន​គេ​សួរ​យើង​ថា​៖ ​«​តើ​អ្នក​ស្រឡាញ់​កន្លែង​ដែល​អ្នក​បម្រើ​ឬ​ទេ?​»។ ពិត​មែន​ថា​យើង​ស្រឡាញ់​កន្លែង​ដែល​យើង​បម្រើ តែ​អ្វី​ដែល​យើង​ស្រឡាញ់​ជាង​នោះ​ទៅ​ទៀត​គឺ​បង​ប្អូន​រួម​ជំនឿ។ ទោះ​ជា​យើង​មាន​មជ្ឈដ្ឋាន​ខុស​គ្នា​ក៏​ដោយ យើង​មាន​ចិត្ត​គំនិត​តែ​មួយ។ បើ​គិត​ពី​ប្រទេស​វិញ ស្រស់​ស្អាត តែ​ក្រោយ​មក​ក៏​អាច​ប្រែ​ទៅ​ជា​កន្លែង​ដែល​មាន​គ្រោះ​ថ្នាក់​ដែរ។ ដំបូង​យើង​គិត​ថា យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​លើក​ទឹក​ចិត្ត​បង​ប្អូន តែ​តាម​ពិត​បង​ប្អូន​ជា​អ្នក​លើក​ទឹក​ចិត្ត​យើង​វិញ។

មិន​ថា​យើង​រើ​ទៅ​បម្រើ​នៅ​កន្លែង​ណា​ទេ យើង​មាន​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​ក្រុម​គ្រួសារ​របស់​យើង​នៅ​គ្រប់​កន្លែង នេះ​ពិត​ជា​អព្ភូតហេតុ​ពី​ព្រះ​យេហូវ៉ា​មែន! ដរាប​ណា​យើង​បន្ត​រួម​ចំណែក​ក្នុង​ក្រុម​ជំនុំ​ដែល​យើង​ទៅ​បម្រើ ដរាប​នោះ​ពួក​គាត់​ទៅ​ជា​ក្រុម​គ្រួសារ​និង​ផ្ទះ​របស់​យើង។ យើង​ជឿ​ជាក់​ថា បើ​យើង​បន្ត​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​តាម​ដែល​យើង​ត្រូវ​ការ។—ភី. ៤:១៣

a សូម​មើល​ជីវប្រវត្តិ​របស់​បង​ចន ឆេរូក ក្នុង​អត្ថបទ​ចំណង​ជើង​ថា​«​ខ្ញុំ​ដឹង​គុណ​ព្រះ​និង​គ្រិស្ត​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩៧៣ ជា​ភាសា​អង់គ្លេស។