អត្ថបទសិក្សា ៣៥
ចូរបន្តអត់ធ្មត់
«ចូរបំពាក់ខ្លួនដោយ . . . ចិត្តអត់ធ្មត់»។—កូឡ. ៣:១២
ចម្រៀងលេខ១១៤ ‹ចូរមានចិត្តអត់ធ្មត់›
សេចក្ដីសង្ខេប a
១. ហេតុអ្វីអ្នកឲ្យតម្លៃបុគ្គលដែលមានចិត្តអត់ធ្មត់?
យើងទាំងអស់គ្នាចូលចិត្តពេលអ្នកឯទៀតមានចិត្តអត់ធ្មត់។ ហេតុអ្វី? យើងឲ្យតម្លៃពួកអ្នកដែលចេះរង់ចាំអ្វីមួយដោយមិនមួម៉ៅ។ យើងសប្បាយចិត្តដែលអ្នកឯទៀតអត់ធ្មត់នឹងយើងពេលយើងធ្វើខុស។ យើងក៏សប្បាយចិត្តដែលអ្នកបង្រៀនគម្ពីររបស់យើងមានចិត្តអត់ធ្មត់នឹងយើងកាលដែលយើងខំប្រឹងព្យាយាមរៀន ព្រមទទួល ឬធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ។ សំខាន់បំផុត យើងមានចិត្តកតញ្ញូខ្លាំងណាស់ដែលព្រះយេហូវ៉ាអត់ធ្មត់នឹងយើង។—រ៉ូម ២:៤
២. តើយើងប្រហែលជាពិបាកមានចិត្តអត់ធ្មត់ក្នុងស្ថានភាពបែបណាខ្លះ?
២ ទោះជាយើងឲ្យតម្លៃចំពោះចិត្តអត់ធ្មត់របស់អ្នកឯទៀតក្ដី យើងខ្លួនឯងប្រហែលជាមិនតែងតែស្រួលមានចិត្តអត់ធ្មត់ទេ។ ជាឧទាហរណ៍ យើងប្រហែលជាពិបាករក្សាចិត្តស្ងប់ពេលស្ទះចរាចរណ៍ ជាពិសេសបើយើងកំពុងប្រញាប់ដោយសារយឺត។ យើងប្រហែលជាផ្ទុះកំហឹងពេលអ្នកឯទៀតធ្វើឲ្យយើងទើសចិត្ត។ ម្យ៉ាងទៀត ជួនកាលយើងប្រហែលជាពិបាកបន្តរង់ចាំសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីពិភពលោកថ្មី។ តើអ្នកចង់មានចិត្តអត់ធ្មត់កាន់តែច្រើនឬទេ? ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចបង្ហាញចិត្តអត់ធ្មត់និងមូលហេតុដែលនេះគឺសំខាន់ណាស់។ យើងក៏នឹងពិចារណាអំពីអ្វីដែលអាចជួយយើងឲ្យមានចិត្តអត់ធ្មត់ច្រើនជាង។
តើយើងអាចបង្ហាញចិត្តអត់ធ្មត់តាមរបៀបណា?
៣. តើបុគ្គលដែលមានចិត្តអត់ធ្មត់ប្រព្រឹត្តយ៉ាងណាពេលអ្នកឯទៀតធ្វើអ្វីដែលអាចនាំឲ្យគាត់ខឹង?
៣ សូមពិចារណារបៀបបួនយ៉ាងដែលយើងអាចបង្ហាញចិត្តអត់ធ្មត់។ ទី១ បុគ្គលដែលមានចិត្តអត់ធ្មត់យឺតនឹងខឹង។ គាត់ព្យាយាមរក្សាចិត្តស្ងប់និងទប់ចិត្តមិនប្រព្រឹត្តអាក្រក់ ពេលគេធ្វើអ្វីដែលអាចនាំឲ្យគាត់ខឹងឬពេលតានតឹងចិត្ត។ ក្នុងគម្ពីរ ឃ្លា«យឺតនឹងខឹង»មានដំបូងគេ នៅពេលដែលរៀបរាប់អំពីព្រះយេហូវ៉ាថា លោកជា«ព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ។ លោកយឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីពិតជាបរិបូរ»។—ដច. ៣៤:៦
៤. តើបុគ្គលដែលមានចិត្តអត់ធ្មត់មានប្រតិកម្មយ៉ាងណាពេលគាត់ត្រូវរង់ចាំ?
៤ ទី២ បុគ្គលដែលមានចិត្តអត់ធ្មត់អាចរង់ចាំដោយចិត្តស្ងប់។ បើអ្វីមួយមកយឺតជាងការនឹកស្មាន បុគ្គលបែបនេះព្យាយាមមិនរសាប់រសល់ឬមួម៉ៅទេ។ (អទ. ៧:៨) មានស្ថានភាពជាច្រើនដែលយើងត្រូវរង់ចាំដោយចិត្តស្ងប់។ ជាឧទាហរណ៍ យើងត្រូវស្ដាប់ដោយចិត្តអត់ធ្មត់ មិននិយាយកាត់ពេលដែលបុគ្គលណាម្នាក់កំពុងនិយាយ។ (យ៉ូប ៣៦:២) យើងក៏ប្រហែលជាត្រូវមានចិត្តអត់ធ្មត់ពេលជួយសិស្សឲ្យយល់សេចក្ដីបង្រៀនក្នុងគម្ពីរ ឬឲ្យយកឈ្នះទម្លាប់អាក្រក់។
៥. តើមានរបៀបអ្វីទៀតដើម្បីបង្ហាញចិត្តអត់ធ្មត់?
៥ ទី៣ បុគ្គលដែលមានចិត្តអត់ធ្មត់មិនប្រញាប់ប្រញាល់។ ពិតមែន ស្ថានភាពខ្លះតម្រូវឲ្យចាត់វិធានការភ្លាមៗ។ ប៉ុន្តែពេលបុគ្គលដែលមានចិត្តអត់ធ្មត់ត្រូវបំពេញភារកិច្ចសំខាន់ គាត់មិនប្រញាប់ប្រញាល់ចាប់ផ្ដើមធ្វើភារកិច្ចនោះ ឬមិនធ្វើឲ្យតែរួចពីដៃដើម្បីបង្ហើយភារកិច្ចនោះឡើយ។ ផ្ទុយទៅវិញ គាត់លៃទុកពេលសមល្មមដើម្បីរៀបគម្រោងអំពីអ្វីដែលគាត់នឹងធ្វើ។ យ៉ាងនេះ គាត់ទុកពេលច្រើនល្មមដើម្បីបំពេញកិច្ចការនោះបានល្អ។
៦. តើបុគ្គលដែលមានចិត្តអត់ធ្មត់មានប្រតិកម្មយ៉ាងណាពេលមានការលំបាក?
៦ ទី៤ បុគ្គលដែលមានចិត្តអត់ធ្មត់ព្យាយាមស៊ូទ្រាំនឹងទុក្ខលំបាកដោយមិនត្អូញត្អែរ។ ក្នុងន័យនេះ ចិត្តអត់ធ្មត់គឺជាប់ទាក់ទងយ៉ាងខ្លាំងនឹងការស៊ូទ្រាំ។ ពិតមែន គឺមិនខុសទេឲ្យយើងនិយាយអំពីទុក្ខលំបាកដល់មិត្តភក្ដិជិតស្និទ្ធ ហើយប្រាប់អំពីអារម្មណ៍របស់យើងចំពោះទុក្ខលំបាកនោះ។ ក៏ប៉ុន្តែ បុគ្គលដែលមានចិត្តអត់ធ្មត់នឹងគិតអំពីអ្វីល្អៗក្នុងជីវិតរបស់គាត់ ហើយនឹងខំអស់ពីសមត្ថភាពដើម្បីបន្តបម្រើព្រះយេហូវ៉ាដោយអំណរ។ (កូឡ. ១:១១) ក្នុងនាមជាគ្រិស្តសាសនិក យើងត្រូវបង្ហាញចិត្តអត់ធ្មត់តាមរបៀបទាំងអស់នោះ។ ហេតុអ្វី? សូមយើងពិចារណាអំពីមូលហេតុមួយចំនួន។
មូលហេតុដែលចិត្តអត់ធ្មត់គឺសំខាន់ណាស់
៧. យោងទៅតាមយ៉ាកុប ៥:៧, ៨ ហេតុអ្វីចិត្តអត់ធ្មត់គឺសំខាន់ម្ល៉េះ? (សូមមើលរូបភាពផងដែរ)
៧ ចិត្តអត់ធ្មត់គឺសំខាន់ចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះ។ ដូចអ្នកបម្រើដ៏ស្មោះត្រង់នៅអតីតកាល យើងត្រូវរង់ចាំដោយចិត្តអត់ធ្មត់ឲ្យព្រះសម្រេចសេចក្ដីសន្យារបស់លោក។ (ហេ. ៦:១១, ១២) គម្ពីរប្រដូចស្ថានភាពរបស់យើងទៅនឹងស្ថានភាពរបស់កសិករ។ (សូមអាន យ៉ាកុប ៥:៧, ៨) កសិករខំប្រឹងដាំដុះនិងស្រោចដំណាំរបស់គាត់ ប៉ុន្តែគាត់មិនដឹងច្បាស់ថាពេលណាដំណាំនោះនឹងដុះឡើងទេ។ ដូច្នេះ កសិកររង់ចាំយ៉ាងអត់ធ្មត់ ដោយទុកចិត្តថាគាត់នឹងទទួលផល។ ស្រដៀងគ្នាដែរ យើងបន្តជាប់រវល់ក្នុងសកម្មភាពខាងការគោរពប្រណិប័តន៍ព្រះ ទោះជាយើង«មិនដឹងថាលោកម្ចាស់របស់[យើង]នឹងមកវិញនៅថ្ងៃណា»ក៏ដោយ។ (ម៉ាថ. ២៤:៤២) យើងរង់ចាំដោយចិត្តអត់ធ្មត់ ហើយមានទំនុកចិត្តថានៅពេលត្រឹមត្រូវ ព្រះយេហូវ៉ានឹងសម្រេចសេចក្ដីសន្យាទាំងអស់របស់លោក។ បើយើងមិនមានចិត្តអត់ធ្មត់ទេ យើងប្រហែលជានឹងធុញទ្រាន់នឹងការរង់ចាំ ហើយចាប់ផ្ដើមរសាត់ចេញពីសេចក្ដីពិត។ យើងក៏ប្រហែលជានឹងចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងគិតថានឹងធ្វើឲ្យយើងសប្បាយនៅឥឡូវនេះ។ ប៉ុន្តែបើយើងមានចិត្តអត់ធ្មត់ យើងអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់ ហើយទទួលសេចក្ដីសង្គ្រោះ។—មីកា ៧:៧; ម៉ាថ. ២៤:១៣
៨. តើចិត្តអត់ធ្មត់ជួយយើងយ៉ាងណាក្នុងការប្រព្រឹត្តចំពោះអ្នកឯទៀត? (កូឡុស ៣:១២, ១៣)
៨ ចិត្តអត់ធ្មត់ជួយយើងក្នុងការប្រព្រឹត្តចំពោះអ្នកឯទៀត។ ចិត្តអត់ធ្មត់ជួយយើងឲ្យស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលអ្នកឯទៀតនិយាយ។ (យ៉ា. ១:១៩) ចិត្តអត់ធ្មត់ក៏ជួយបង្កើតឲ្យមានសន្តិភាព ហើយការពារយើងពីការមានប្រតិកម្មរហ័សពេកនិងនិយាយអ្វីដែលមិនសប្បុរសពេលយើងតានតឹងចិត្ត។ ម្យ៉ាងទៀត បើយើងមានចិត្តអត់ធ្មត់ យើងនឹងយឺតនឹងខឹងពេលនរណាម្នាក់ធ្វើឲ្យយើងឈឺចិត្ត។ ជាជាងសងសឹក យើងនឹងបន្ត«ទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។—សូមអាន កូឡុស ៣:១២, ១៣
៩. តើចិត្តអត់ធ្មត់ជួយយើងយ៉ាងណាពេលយើងត្រូវធ្វើការសម្រេចចិត្ត? (សុភាសិត ២១:៥)
៩ ចិត្តអត់ធ្មត់ក៏អាចជួយយើងឲ្យធ្វើការសម្រេចចិត្តល្អប្រសើរជាង។ ជាជាងតក់ក្រហល់ឬធ្វើអ្វីដោយមិនបានគិត យើងនឹងលៃទុកពេលដើម្បីស្រាវជ្រាវនិងវិភាគមើលជម្រើសដែលយើងមាន។ (សូមអាន សុភាសិត ២១:៥) ជាឧទាហរណ៍ បើយើងកំពុងស្វែងរកការងារ យើងប្រហែលជាចង់ទទួលយកការងារដំបូងដែលយើងបានរកឃើញ ទោះជាការងារនោះនឹងប៉ះពាល់ដល់ការគោរពប្រណិប័តន៍របស់យើងចំពោះព្រះយេហូវ៉ាក្ដី។ ប៉ុន្តែ បើយើងមានចិត្តអត់ធ្មត់ យើងនឹងលៃទុកពេលពិចារណាកត្តាផ្សេងៗដូចជា ទីតាំង ម៉ោង និងផលប៉ះពាល់ដែលការងារនោះអាចមានទៅលើក្រុមគ្រួសារយើងនិងចំណងមិត្តភាពរបស់យើងជាមួយព្រះ។ ដោយមានចិត្តអត់ធ្មត់ យើងអាចជៀសវាងពីការធ្វើការសម្រេចចិត្តមិនល្អ។
របៀបមានចិត្តអត់ធ្មត់ថែមទៀត
១០. តើគ្រិស្តសាសនិកអាចបណ្ដុះនិងរក្សាចិត្តអត់ធ្មត់យ៉ាងដូចម្ដេច?
១០ ចូរអធិដ្ឋានឲ្យមានចិត្តអត់ធ្មត់ថែមទៀត។ ចិត្តអត់ធ្មត់គឺជាគុណសម្បត្តិមួយនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ (កាឡ. ៥:២២, ២៣) ដូច្នេះ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ាសុំឫទ្ធានុភាពបរិសុទ្ធនិងសុំលោកឲ្យជួយយើងមានផលដែលបង្កើតដោយឫទ្ធានុភាពនោះ។ បើយើងប្រឈមមុខនឹងស្ថានភាពណាមួយដែលសាកល្បងចិត្តអត់ធ្មត់របស់យើង យើងនឹង«សុំឥតឈប់»ឲ្យមានឫទ្ធានុភាពបរិសុទ្ធដើម្បីជួយយើងមានចិត្តអត់ធ្មត់។ (លូក. ១១:៩, ១៣) យើងក៏អាចសុំព្រះយេហូវ៉ាជួយយើងឲ្យមានទស្សនៈដូចលោកចំពោះរឿងផ្សេងៗ។ ក្រោយពីអធិដ្ឋាន យើងត្រូវខំអស់ពីសមត្ថភាពដើម្បីបង្ហាញចិត្តអត់ធ្មត់ជារៀងរាល់ថ្ងៃ។ កាលដែលយើងកាន់តែអធិដ្ឋានឲ្យមានចិត្តអត់ធ្មត់ ហើយព្យាយាមមានចិត្តអត់ធ្មត់ គុណសម្បត្តិនោះនឹងកាន់តែចាក់ឫសជ្រៅក្នុង ចិត្តរបស់យើង ព្រមទាំងទៅជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់យើង។
១១-១២. តើព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់តាមរបៀបណា?
១១ ចូររំពឹងគិតអំពីគំរូក្នុងគម្ពីរ។ គម្ពីរមានគំរូជាច្រើនអំពីមនុស្សដែលមានចិត្តអត់ធ្មត់។ ដោយរំពឹងគិតអំពីគំរូទាំងនោះ យើងអាចរៀនរបៀបបង្ហាញចិត្តអត់ធ្មត់។ មុនយើងពិចារណាគំរូខ្លះទាំងនោះ សូមយើងគិតអំពីគំរូដ៏ល្អប្រសើរបំផុតអំពីចិត្តអត់ធ្មត់ ពោលគឺព្រះយេហូវ៉ា។
១២ ក្នុងសួនអេដែន សាថានបានបង្កាច់បង្ខូចនាមរបស់ព្រះយេហូវ៉ា ហើយព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកជាអ្នកគ្រប់គ្រងដ៏យុត្តិធម៌ដែលប្រកបដោយសេចក្ដីស្រឡាញ់។ ជាជាងបំផ្លាញអ្នកបង្កាច់បង្ខូចភ្លាមៗ ព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់និងចេះទប់ចិត្ត។ លោកដឹងថានឹងត្រូវការពេលដើម្បីបង្ហាញថាការគ្រប់គ្រងរបស់លោកគឺល្អបំផុត។ កាលដែលរង់ចាំ លោកបានស៊ូទ្រាំនឹងការតិះដៀលចំពោះនាមរបស់លោក។ បន្ថែមទៅទៀត ព្រះយេហូវ៉ារង់ចាំដោយចិត្តអត់ធ្មត់ដើម្បីឲ្យមនុស្សកាន់តែច្រើនអាចមានឱកាសទទួលជីវិតដែលគ្មានទីបញ្ចប់។ (២ពេ. ៣:៩, ១៥) ជាលទ្ធផល មនុស្សរាប់លាននាក់ស្គាល់លោក។ បើយើងផ្ដោតអារម្មណ៍ទៅលើប្រយោជន៍ពីចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ា យើងទំនងជានឹងស្រួលរង់ចាំជាងនូវគ្រាដែលលោកនាំទីបញ្ចប់មកដល់។
១៣. តើលោកយេស៊ូមានចិត្តអត់ធ្មត់ដូចបិតារបស់លោកយ៉ាងល្អឥតខ្ចោះតាមរបៀបណា? (សូមមើលរូបភាពផងដែរ)
១៣ លោកយេស៊ូមានចិត្តអត់ធ្មត់ដូចបិតារបស់លោកយ៉ាងល្អឥតខ្ចោះ ហើយលោកបានបង្ហាញគុណសម្បត្តិនេះកាលដែលនៅផែនដី។ គឺច្បាស់ជាមិនតែងតែស្រួលឲ្យលោកបង្ហាញចិត្តអត់ធ្មត់ទេ ជាពិសេសចំពោះមនុស្សលាក់ពុតគឺ ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី។ (យ៉ូន. ៨:២៥-២៧) ប៉ុន្តែ ដូចបិតារបស់លោក លោកយេស៊ូយឺតនឹងខឹង។ លោកមិនសងសឹកពេលលោកត្រូវគេជេរប្រមាថឬពេលគេធ្វើអ្វីដែលអាចនាំឲ្យលោកខឹង។ (១ពេ. ២:២៣) លោកយេស៊ូបានស៊ូទ្រាំនឹងទុក្ខលំបាកយ៉ាងអត់ធ្មត់ដោយមិនត្អូញត្អែរ។ យើងអាច ឃើញមូលហេតុដែលគម្ពីរប្រាប់យើងថា៖ «ចូរពិចារណាឲ្យបានដិតដល់អំពីលោកដែលបានស៊ូទ្រាំនឹងសម្ដីប្រឆាំងពីពួកអ្នកប្រព្រឹត្តអំពើខុសឆ្គង»។ (ហេ. ១២:២, ៣) ដោយមានជំនួយពីព្រះយេហូវ៉ា យើងក៏អាចស៊ូទ្រាំយ៉ាងអត់ធ្មត់នឹងទុក្ខលំបាកណាក៏ដោយដែលយើងជួប។
១៤. តើយើងអាចរៀនអ្វីពីចិត្តអត់ធ្មត់របស់អាប្រាហាំ? (ហេប្រឺ ៦:១៥) (សូមមើលរូបភាពផងដែរ)
១៤ ចុះបើក្ដីរំពឹងរបស់យើងអំពីទីបញ្ចប់មិនទាន់ក្លាយជាការពិត? ប្រហែលជាយើងបានរំពឹងថាទីបញ្ចប់គួរតែមកជាយូរមុន ហើយយើងប្រហែលជាខ្លាចថាយើងនឹងស្លាប់មុននោះមកដល់។ តើអ្វីអាចជួយយើងឲ្យបន្តរង់ចាំដោយចិត្តអត់ធ្មត់? សូមគិតអំពីគំរូរបស់អាប្រាហាំ។ ពេលគាត់មានអាយុ៧៥ឆ្នាំ ហើយគ្មានកូន ព្រះយេហូវ៉ាបានសន្យានឹងគាត់ថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នកក្លាយទៅជាជាតិសាសន៍មួយដ៏ធំខ្លាំងក្លា»។ (ដក. ១២:១-៤) តើអាប្រាហាំបានឃើញសេចក្ដីសន្យានោះក្លាយជាការពិតឬទេ? មិនទាំងស្រុងទេ។ ក្រោយពីបានឆ្លងទន្លេអឺប្រាតនិងរង់ចាំអស់២៥ឆ្នាំ អាប្រាហាំបានឃើញអ៊ីសាកកូនប្រុសរបស់គាត់កើតមកជាអព្ភូតហេតុ ហើយក្រោយ៦០ឆ្នាំទៀត គាត់បានឃើញចៅប្រុសរបស់គាត់អេសាវនិងយ៉ាកុបបានកើតមក។ (សូមអាន ហេប្រឺ ៦:១៥) ប៉ុន្តែ អាប្រាហាំមិនដែលឃើញកូនចៅរបស់គាត់ទៅជាប្រជាជាតិមួយដ៏ធំខ្លាំងក្លា ហើយទទួលស្រុកដែលព្រះបានសន្យាជាមត៌កទេ។ ទោះជាយ៉ាងនេះក្ដី បុរសដ៏ស្មោះត្រង់នេះមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយអ្នកបង្កើតរបស់គាត់។ (យ៉ា. ២:២៣) ពេលអាប្រាហាំបានត្រូវប្រោសឲ្យរស់ឡើងវិញ គាត់នឹងរំភើបចិត្តជាខ្លាំងដោយដឹងថាជំនឿនិងចិត្តអត់ធ្មត់របស់គាត់នាំឲ្យប្រជាជាតិទាំងអស់ទទួលពរ។ (ដក. ២២:១៨) តើមានមេរៀនអ្វី? យើងប្រហែលជាមិនឃើញសេចក្ដីសន្យាទាំងអស់របស់ព្រះយេហូវ៉ាក្លាយជាការពិតភ្លាមៗទេ។ ប៉ុន្តែ បើយើងមានចិត្តអត់ធ្មត់ដូចអាប្រាហាំ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យរង្វាន់ដល់យើង នៅឥឡូវនេះ និងច្រើនថែមទៀតនៅក្នុងពិភពលោកថ្មីដែលលោកបានសន្យា។—ម៉ាក. ១០:២៩, ៣០
១៥. តើយើងអាចពិចារណាអ្វីខ្លះក្នុងអំឡុងពេលដែលយើងសិក្សាផ្ទាល់ខ្លួន?
១៥ គម្ពីរមានគំរូជាច្រើនទៀតអំពីមនុស្សដែលមានចិត្តអត់ធ្មត់។ (យ៉ា. ៥:១០) គឺជាការល្អឲ្យអ្នកសិក្សាអំពីគំរូទាំងនោះ។ b ជាឧទាហរណ៍ ទោះជាដាវីឌបានត្រូវតែងតាំងពេលវ័យក្មេងឲ្យធ្វើជាអនាគតស្ដេចអ៊ីស្រាអែលក្ដី គាត់ត្រូវរង់ចាំច្រើនឆ្នាំមុនគាត់ឡើងគ្រងរាជ្យ។ ស៊ីម្មាននិងអាណាបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់កាលដែលពួកគាត់រង់ចាំមេស្ស៊ីដែលបានត្រូវសន្យា។ (លូក. ២:២៥, ៣៦-៣៨) ពេលអ្នកសិក្សាកំណត់ហេតុបែបនេះ សូមរកចម្លើយចំពោះសំណួរដូចតទៅ៖ តើអ្វីប្រហែលជាបានជួយបុគ្គលនេះឲ្យបង្ហាញចិត្តអត់ធ្មត់? តើគាត់ទទួលប្រយោជន៍យ៉ាងណាពីការមានចិត្តអត់ធ្មត់? តើខ្ញុំអាចយកតម្រាប់គាត់យ៉ាងដូចម្ដេច? អ្នកក៏ប្រហែលជាទទួលប្រយោជន៍ពីការរៀនអំពីពួកអ្នកដែលមិនបង្ហាញចិត្តអត់ធ្មត់។ (១សាំ. ១៣:៨-១៤) អ្នកអាចគិតពិចារណាថា ‹តើអ្វីបានធ្វើឲ្យពួកគេមិនមានចិត្តអត់ធ្មត់? តើពួកគេបានជួបផលវិបាកអ្វី?›។
១៦. តើការមានចិត្តអត់ធ្មត់នាំឲ្យមានប្រយោជន៍អ្វីខ្លះ?
១៦ សូមគិតអំពីប្រយោជន៍ដែលមកពីការមានចិត្តអត់ធ្មត់។ ពេលយើងមានចិត្តអត់ធ្មត់ យើងសប្បាយចិត្តជាងនិងមានចិត្តស្ងប់ជាង។ ដូច្នេះ ចិត្តអត់ធ្មត់អាចជួយយើងឲ្យមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អប្រសើរជាង។ ពេលយើងមានចិត្តអត់ធ្មត់នឹងអ្នកឯទៀត យើងមានទំនាក់ទំនងល្អជាង។ យ៉ាងនេះ ក្រុមជំនុំកាន់តែមានសាមគ្គីភាព។ បើមាននរណាម្នាក់ធ្វើអ្វីដែលអាចនាំឲ្យយើងខឹង ការយឺតនឹងខឹងអាចរារាំងយើងមិនធ្វើឲ្យស្ថានភាពនោះកាន់តែអាក្រក់។ (ចសព. ៣៧:៨, កំ.ស.; សុភ. ១៤:២៩) សំខាន់បំផុត ពេលយើងមានចិត្តអត់ធ្មត់ យើងយកតម្រាប់បិតារបស់យើងដែលនៅស្ថានសួគ៌ ហើយចូលកាន់តែជិតលោកថែមទៀត។
១៧. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៧ ចិត្តអត់ធ្មត់ពិតជាគុណសម្បត្តិដ៏ថ្លៃថ្លាដែលផ្ដល់ប្រយោជន៍ដល់យើងទាំងអស់គ្នា! យើងមិនតែងតែស្រួលមានចិត្តអត់ធ្មត់ទេ តែដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចបន្តមានគុណសម្បត្តិនេះថែមទៀត។ ម្យ៉ាងទៀត កាលដែលយើងរង់ចាំពិភពលោកថ្មីដោយចិត្តអត់ធ្មត់ យើងអាចមានទំនុកចិត្តថា«ភ្នែករបស់ព្រះយេហូវ៉ាតាមមើលអស់អ្នកដែលកោតខ្លាចលោក គឺអស់អ្នកដែលរង់ចាំទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក»។ (ចសព. ៣៣:១៨) សូមយើងទាំងអស់គ្នាបន្ដតាំងចិត្តបំពាក់ខ្លួនដោយចិត្តអត់ធ្មត់។
ចម្រៀងលេខ៤១ សូមលោកស្ដាប់ខ្ញុំអធិដ្ឋាន
a ក្នុងពិភពលោករបស់សាថាន មនុស្សភាគច្រើនមិនមានចិត្តអត់ធ្មត់ទេ។ ប៉ុន្តែ គម្ពីរប្រាប់យើងឲ្យបំពាក់ខ្លួនដោយចិត្តអត់ធ្មត់។ អត្ថបទនេះនឹងបង្ហាញយើងអំពីមូលហេតុដែលគុណសម្បត្តិនេះគឺសំខាន់ណាស់ និងរបៀបដែលយើងអាចមានចិត្តអត់ធ្មត់កាន់តែខ្លាំងឡើង។
b ដើម្បីរកកំណត់ហេតុគម្ពីរអំពីចិត្តអត់ធ្មត់ អ្នកអាចមើលសៀវភៅជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា ក្រោមចំណងជើង«អារម្មណ៍ គុណសម្បត្តិ និងការប្រព្រឹត្ត» រួចមកចំណងជើងតូច«អត់ធ្មត់»។