លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៣

ចូររៀនពីគំរូរបស់ដានីយ៉ែល

ចូររៀនពីគំរូរបស់ដានីយ៉ែល

«​អ្នក​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់​»។—ដាន. ៩:២៣

ចម្រៀង​លេខ​៧៣ សូម​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន

សេចក្ដី​សង្ខេប a

១. ហេតុ​អ្វី​ជន​ជាតិ​បាប៊ីឡូន​កោត​ស្ងើច​ចំពោះ​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល?

 អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​ជា​បុរស​វ័យ​ក្មេង​ពេល​ដែល​ជន​ជាតិ​បាប៊ីឡូន​បាន​ចាប់​គាត់​ធ្វើ​ជា​ឈ្លើយ​សឹក ហើយ​យក​ទៅ​បាប៊ីឡូន​ដែល​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម។ ប៉ុន្តែ​ទោះ​ជា​គាត់​នៅ​វ័យ​ក្មេង​ក្ដី មន្ត្រី​ជន​ជាតិ​បាប៊ីឡូន​កត់​សម្គាល់​ដានីយ៉ែល។ ពួក​គេ​បាន​មើល​«​សម្បក​ក្រៅ​»​ថា​គាត់​«​មាន​រូប​រាង​ល្អ​ឥត​ខ្ចោះ​»​ ហើយ​ថា​គាត់​មក​ពី​វង្ស​ត្រកូល​ខ្ពស់។ (​១សាំ. ១៦:៧​) ហេតុ​នេះ ពួក​បាប៊ីឡូន​បាន​បង្ហាត់​បង្រៀន​គាត់​ឲ្យ​បម្រើ​នៅ​ក្នុង​វិមាន​ស្ដេច។—ដាន. ១:៣, ៤,

២. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ដានីយ៉ែល? (​អេសេគាល ១៤:១៤​)

ព្រះ​យេហូវ៉ា​ស្រឡាញ់​ដានីយ៉ែល​ដែល​ជា​បុរស​វ័យ​ក្មេង​មិន​មែន​ដោយ​សារ​សម្បក​ក្រៅ​របស់​គាត់ ឬ​ឋានៈ​របស់​គាត់​ក្នុង​សង្គម​ទេ ប៉ុន្តែ​ដោយ​សារ​គាត់​សម្រេច​ចិត្ត​មាន​ភក្ដី​ភាព​ចំពោះ​លោក។ តាម​ពិត ដានីយ៉ែល​ប្រហែល​ជា​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​ប៉ុណ្ណោះ ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​លើក​ឈ្មោះ​គាត់​ជា​មួយ​ណូអេ​និង​យ៉ូប ដែល​ជា​បុរស​ចំណាយ​ពេល​ច្រើន​ទសវត្សរ៍​ក្នុង​ការ​សាង​ឈ្មោះ​ល្អ​ចំពោះ​ព្រះ។ (​ដក. ៥:៣២; ៦:៩, ១០; យ៉ូប ៤២:១៦, ១៧; សូម​អាន អេសេគាល ១៤:១៤) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​បន្ដ​ស្រឡាញ់​ដានីយ៉ែល​ពេញ​មួយ​ជីវិត​ដ៏​យូរ​អង្វែង​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គាត់។—ដាន. ១០:១១, ១៩

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គុណ​សម្បត្តិ​ពីរ​របស់​ដានីយ៉ែល​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ ដំបូង យើង​នឹង​រៀប​រាប់​អំពី​គុណ​សម្បត្តិ​ទាំង​នេះ​ម្ដង​មួយ​ៗ ហើយ​ពិចារណា​អំពី​ពេល​ដែល​គាត់​បាន​បង្ហាញ​គុណ​សម្បត្តិ​នោះ។ បន្ទាប់​មក យើង​នឹង​ឃើញ​អ្វី​ដែល​បាន​ជួយ​ដានីយ៉ែល​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ទាំង​នេះ។ ចុង​ក្រោយ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​គាត់។ ទោះ​ជា​អត្ថបទ​នេះ​បាន​ត្រូវ​សរសេរ​សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង​ក្ដី យើង​ទាំង​អស់​គ្នា​អាច​រៀន​ពី​គំរូ​របស់​ដានីយ៉ែល។

ចូរ​មាន​ចិត្ត​ក្លាហាន​ដូច​ដានីយ៉ែល

៤. តើ​ដានីយ៉ែល​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

មនុស្ស​ដែល​មាន​ចិត្ត​ក្លាហាន​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច ប៉ុន្តែ​ពួក​គេ​មិន​ឲ្យ​នោះ​រា​រាំង​ពួក​គេ​ពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើយ។ ដានីយ៉ែល​ជា​បុរស​វ័យ​ក្មេង​ដ៏​ក្លាហាន​ម្នាក់។ សូម​ពិចារណា​អំពី​ករណី​ពីរ​ដែល​គាត់​បាន​បង្ហាញ​ចិត្ត​ក្លាហាន។ លើក​ទី១​ទំនង​ជា​បាន​កើត​ឡើង​ប្រហែល​ជា​ពីរ​ឆ្នាំ​ក្រោយ​ពី​ជន​ជាតិ​បាប៊ីឡូន​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម។ ស្ដេច​នេប៊ូក្នេសា​នៃ​ស្រុក​បាប៊ីឡូន​បាន​យល់សប្ដិ​ឃើញ​រូប​ធំ​សម្បើម​មួយ​ដែល​នាំ​ឲ្យ​គាត់​ខ្វល់​ចិត្ត។ គាត់​បាន​គំរាម​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​របស់​គាត់​រួម​ទាំង​ដានីយ៉ែល​ផង​ដែរ បើ​ពួក​គេ​មិន​អាច​ប្រាប់​គាត់​អំពី​អ្វី​ដែល​គាត់​បាន​យល់សប្ដិ​ឃើញ និង​បក​ស្រាយ​សុបិន​របស់​គាត់​បាន​ទេ។ (​ដាន. ២:៣​-​៥​) ដានីយ៉ែល​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ។ បើ​ពុំ​នោះ​ទេ មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ស្លាប់។ គាត់​«​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​សុំ​ពេល​ដើម្បី​បក​ស្រាយ​សុបិន​ជូន​ស្ដេច​»។ (​ដាន. ២:១៦​) នេះ​ត្រូវ​ការ​ចិត្ត​ក្លាហាន​និង​ជំនឿ។ គម្ពីរ​មិន​ចែង​ថា​ដានីយ៉ែល​ធ្លាប់​បក​ស្រាយ​សុបិន​ពី​មុន​ទេ។ គាត់​បាន​សុំ​មិត្ត​ភក្ដិ​របស់​គាត់​ដែល​មាន​ឈ្មោះ​បាប៊ីឡូន​ថា​សាដ្រាក់ មេសាក់ និង​អាបេឌនេកោ​ឲ្យ​«​អធិដ្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​សួគ៌​ឲ្យ​លោក​បង្ហាញ​ក្ដី​មេត្តា​និង​ប្រាប់​អំពី​អាថ៌​កំបាំង​នៃ​សុបិន​នោះ​»។ (​ដាន. ២:១៨​) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ។ ដោយ​មាន​ជំនួយ​ពី​ព្រះ ដានីយ៉ែល​បាន​បក​ស្រាយ​សុបិន​របស់​នេប៊ូក្នេសា។ ដានីយ៉ែល​និង​មិត្ត​ភក្ដិ​របស់​គាត់​បាន​រួច​ជីវិត។

៥. តើ​ដានីយ៉ែល​ត្រូវ​ការ​ចិត្ត​ក្លាហាន​នៅ​ពេល​ណា​ទៀត?

មួយ​រយៈ​ពេល​ក្រោយ​ពី​ដានីយ៉ែល​បាន​បក​ស្រាយ​សុបិន​អំពី​រូប​ធំ​សម្បើម ចិត្ត​ក្លាហាន​របស់​គាត់​បាន​ត្រូវ​សាក​ល្បង​ម្ដង​ទៀត។ នេប៊ូក្នេសា​បាន​យល់សប្ដិ​ឃើញ​អ្វី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់​ចិត្ត។ ក្នុង​សុបិន​នោះ គាត់​ឃើញ​ដើម​ឈើ​ដ៏​ធំ​សម្បើម​មួយ។ ដានីយ៉ែល​បាន​ពន្យល់​យ៉ាង​ក្លាហាន​ដល់​ស្ដេច​អំពី​អត្ថន័យ​នៃ​សុបិន​នោះ រួម​ទាំង​ប្រកាស​ថា​ស្ដេច​នឹង​បាត់​បង់​សតិ ហើយ​នឹង​លែង​ធ្វើ​ជា​ស្ដេច​អស់​មួយ​រយៈ​ពេល។ (​ដាន. ៤:២៥​) ស្ដេច​នោះ​អាច​គិត​ថា​ដានីយ៉ែល​កំពុង​បះ​បោរ​ប្រឆាំង​នឹង​គាត់ ហើយ​អាច​បញ្ជា​គេ​ឲ្យ​សម្លាប់​ដានីយ៉ែល។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដានីយ៉ែល​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​បក​ស្រាយ​សុបិន​នោះ។

៦. តើ​អ្វី​ប្រហែល​ជា​បាន​ជួយ​ដានីយ៉ែល​ឲ្យ​មាន​ចិត្ត​ក្លាហាន?

តើ​អ្វី​ប្រហែល​ជា​បាន​ជួយ​ដានីយ៉ែល​ឲ្យ​មាន​ចិត្ត​ក្លាហាន​ពេញ​មួយ​ជីវិត​របស់​គាត់? កាល​ដែល​ដានីយ៉ែល​នៅ​ក្មេង គាត់​ប្រាកដ​ជា​បាន​រៀន​ពី​គំរូ​របស់​ឪពុក​ម្ដាយ​គាត់។ ពួក​គេ​ច្បាស់​ជា​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​ឪពុក​ម្ដាយ​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល គឺ​ពួក​គេ​បាន​បង្រៀន​ច្បាប់​ព្រះ​ដល់​កូន​របស់​ពួក​គេ។ (​បច. ៦:៦​-​៩​) ដានីយ៉ែល​មិន​គ្រាន់​តែ​ស្គាល់​ច្បាប់​បឋម​ៗ​ដូច​ជា​បញ្ញត្ដិ​១០​ប្រការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​ស្គាល់​ព័ត៌មាន​ល្អិត​ល្អន់​អំពី​អ្វី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាច​និង​មិន​អាច​បរិភោគ។ b (​ចល. ១១:៤​-​៨; ដាន. ១:៨, ១១​-​១៣​) ដានីយ៉ែល​ក៏​បាន​រៀន​អំពី​ប្រវត្តិសាស្ត្រ​របស់​រាស្ត្រ​ព្រះ ហើយ​បាន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​គេ​ពេល​ដែល​ពួក​គេ​មិន​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ (​ដាន. ៩:១០, ១១​) បទ​ពិសោធន៍​ក្នុង​ជីវិត​របស់​ដានីយ៉ែល​បាន​ធ្វើ​ឲ្យ​គាត់​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​និង​ទេវតា​ដ៏​ខ្លាំង​ក្លា​របស់​លោក​គាំទ្រ​គាត់។—ដាន. ២:១៩​-​២៤; ១០:១២, ១៨, ១៩

ដានីយ៉ែល​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដោយ​សិក្សា​និង​អធិដ្ឋាន ព្រម​ទាំង​ដោយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​៧​)

៧. តើ​អ្វី​ទៀត​បាន​ជួយ​ដានីយ៉ែល​ឲ្យ​មាន​ចិត្ត​ក្លាហាន? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ដានីយ៉ែល​បាន​សិក្សា​សំណេរ​របស់​អ្នក​ប្រកាស​ទំនាយ​ព្រះ រួម​មាន​ទំនាយ​របស់​យេរេមា។ តាម​រយៈ​ការ​សិក្សា​នោះ ដានីយ៉ែល​បាន​ស្វែង​យល់​ក្រោយ​មក​ថា​ការ​ដែល​ជន​ជាតិ​យូដា​ជាប់​ជា​ឈ្លើយ​អស់​រយៈ​ពេល​យូរ​នៅ​បាប៊ីឡូន ជិត​ដល់​ទី​បញ្ចប់។ (​ដាន. ៩:២​) ការ​ឃើញ​ទំនាយ​ក្នុង​គម្ពីរ​ក្លាយ​ជា​ការ​ពិត ច្បាស់​ជា​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ដានីយ៉ែល​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ពួក​អ្នក​ដែល​ទុក​ចិត្ត​យ៉ាង​មុត​មាំ​លើ​ព្រះ​អាច​មាន​ចិត្ត​ក្លាហាន​ជា​ខ្លាំង។ (​សូម​ពិនិត្យ​បន្ថែម រ៉ូម ៨:៣១, ៣២, ៣៧​-​៣៩​) សំខាន់​បំផុត ដានីយ៉ែល​បាន​អធិដ្ឋាន​ទៅ​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌​ជា​រឿយ​ៗ។ (​ដាន. ៦:១០​) គាត់​បាន​សារភាព​កំហុស​របស់​គាត់​ទៅ​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​អារម្មណ៍​របស់​គាត់​ទៅ​លោក។ ដានីយ៉ែល​ក៏​បាន​សុំ​ជំនួយ​ដែរ។ (​ដាន. ៩:៤, ៥, ១៩​) គាត់​ជា​មនុស្ស​ដូច​យើង​ដែរ ដូច្នេះ​គាត់​មិន​មែន​កើត​មក​ស្រាប់​តែ​មាន​ចិត្ត​ក្លាហាន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​នោះ​តាម​រយៈ​ការ​សិក្សា​និង​ការ​អធិដ្ឋាន ព្រម​ទាំង​ដោយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។

៨. តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​តាម​របៀប​ណា?

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន? ឪពុក​ម្ដាយ​របស់​យើង​ប្រហែល​ជា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន។ ប៉ុន្តែ​ពួក​គេ​មិន​អាច​ផ្ទេរ​គុណ​សម្បត្តិ​នេះ​មក​ឲ្យ​យើង ហាក់​ដូច​ជា​មត៌ក​ក្រុម​គ្រួសារ​ឡើយ។ ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ក្លាហាន​គឺ​ដូច​ជា​ការ​រៀន​ជំនាញ​ថ្មី។ របៀប​មួយ​ដែល​យើង​អាច​ចេះ​ជំនាញ​នោះ​គឺ​ដោយ​មើល​ការ​ប្រព្រឹត្ត​របស់​អ្នក​បង្រៀន​យ៉ាង​ដិត​ដល់ ហើយ​ក្រោយ​មក​ធ្វើ​តាម​គំរូ​របស់​គាត់។ ស្រដៀង​គ្នា​ដែរ យើង​រៀន​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដោយ​មើល​យ៉ាង​ដិត​ដល់​អំពី​របៀប​ដែល​អ្នក​ឯ​ទៀត​បង្ហាញ​គុណ​សម្បត្តិ​នេះ ហើយ​ក្រោយ​មក​ធ្វើ​តាម​គំរូ​របស់​ពួក​គេ។ ដូច្នេះ តើ​យើង​បាន​រៀន​អ្វី​ពី​ដានីយ៉ែល? ដូច​គាត់ យើង​ត្រូវ​ស្គាល់​បណ្ដាំ​ព្រះ​ឲ្យ​បាន​ច្បាស់។ យើង​ត្រូវ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ដោយ​និយាយ​ទៅ​លោក​យ៉ាង​អស់​ពី​ចិត្ត​និង​ជា​រឿយ​ៗ។ ម្យ៉ាង​ទៀត យើង​ត្រូវ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ដោយ​ជឿ​ជាក់​ថា​យើង​មាន​ការ​គាំទ្រ​ពី​លោក។ យ៉ាង​នេះ ពេល​ជំនឿ​របស់​យើង​បាន​ត្រូវ​សាក​ល្បង យើង​នឹង​មាន​ចិត្ត​ក្លាហាន។

៩. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​មាន​ចិត្ត​ក្លាហាន?

យើង​ទទួល​ប្រយោជន៍​តាម​របៀប​ផ្សេង​ៗ​ពី​ការ​មាន​ចិត្ត​ក្លាហាន។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​បេន។ គាត់​បាន​ចូល​រៀន​នៅ​សាលា​មួយ​នា​ប្រទេស​អាល្លឺម៉ង់ ហើយ​គ្រប់​គ្នា​ដែល​នៅ​ទី​នោះ​បាន​ជឿ​លើ​ការ​វិវត្តន៍ និង​មាន​អារម្មណ៍​ថា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​បង្កើត​គឺ​ជា​រឿង​ប្រឌិត។ នៅ​ថ្ងៃ​មួយ បង​បេន​មាន​ឱកាស​ឡើង​ឈរ​នៅ​មុខ​សិស្ស​រួម​ថ្នាក់ ហើយ​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់​ជឿ​ថា​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត។ គាត់​មាន​ចិត្ត​ក្លាហាន ហើយ​ប្រាប់​គ្រប់​គ្នា​អំពី​អ្វី​ដែល​គាត់​ជឿ។ តើ​មាន​លទ្ធផល​អ្វី? បង​បេន​និយាយ​ថា​៖ ​«​គ្រូ​ខ្ញុំ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​គាត់​បាន​ចម្លង​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ប្រើ​ដើម្បី​គាំទ្រ​ការ​វែក​ញែក​របស់​ខ្ញុំ រួច​មក​គាត់​ចែក​ដល់​សិស្ស​ទាំង​អស់​ក្នុង​ថ្នាក់​រៀន​ម្នាក់​មួយ​ៗ​»។ តើ​សិស្ស​រួម​ថ្នាក់​របស់​បង​បេន​មាន​ប្រតិកម្ម​យ៉ាង​ណា? បង​បេន​និយាយ​ថា​៖ ​«​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្ដាប់​អ្វី​ដែល​ខ្ញុំ​និយាយ ហើយ​ពួក​គេ​ថា​ពួក​គេ​កោត​ស្ងើច​ចំពោះ​ខ្ញុំ​»។ ដូច​បទ​ពិសោធន៍​របស់​បង​បេន​បង្ហាញ មនុស្ស​ដែល​មាន​ចិត្ត​ក្លាហាន​ច្រើន​តែ​ទទួល​ការ​គោរព​ពី​អ្នក​ឯ​ទៀត។ ពួក​គេ​ក៏​អាច​ជួយ​អ្នក​ខ្លះ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ដែរ។ ច្បាស់​ណាស់ យើង​មាន​មូលហេតុ​ល្អ​ឲ្យ​បណ្ដុះ​ចិត្ត​ក្លាហាន។

ចូរ​មាន​ភក្ដី​ភាព​ដូច​ដានីយ៉ែល

១០. តើ​ភក្ដី​ភាព​គឺ​ជា​អ្វី?

១០ ក្នុង​គម្ពីរ​ពាក្យ​ភាសា​ហេប្រឺ​សម្រាប់​«​ភក្ដី​ភាព​»​ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​ បង្កប់​អត្ថន័យ​អំពី​ភាព​កក់​ក្ដៅ​និង​សេចក្ដី​ស្រឡាញ់ ហើយ​នោះ​ច្រើន​តែ​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​អ្នក​បម្រើ​លោក។ ពាក្យ​នេះ​ក៏​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​បម្រើ​ព្រះ​បង្ហាញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​២សាំ. ៩:៦, ៧​) ភក្ដី​ភាព​របស់​យើង​អាច​ខ្លាំង​ឡើង​ៗ​កាល​ដែល​ពេល​វេលា​កន្លង​ទៅ។ សូម​ពិចារណា​អំពី​របៀប​ដែល​ដានីយ៉ែល​មាន​ភក្ដី​ភាព​កាន់​តែ​ខ្លាំង​ឡើង។

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដានីយ៉ែល​ចំពោះ​ចិត្ត​ស្មោះ​ភក្ដី​របស់​គាត់​ដោយ​ចាត់​ទេវតា​មួយ​រូប និង​ដោយ​បំបិទ​មាត់​សត្វ​តោ (​សូម​មើល​វគ្គ​១១​)

១១. តើ​ភក្ដី​ភាព​របស់​ដានីយ៉ែល​បាន​ត្រូវ​សាក​ល្បង​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​គាត់​មាន​វ័យ​ចាស់? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១១ ភក្ដី​ភាព​របស់​ដានីយ៉ែល​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​សាក​ល្បង​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ជីវិត​របស់​គាត់។ ប៉ុន្តែ ការ​សាក​ល្បង​ដ៏​ធំ​បំផុត​មួយ​បាន​កើត​ឡើង​ពេល​ដែល​គាត់​មាន​អាយុ​៩០​ឆ្នាំ​ជាង។ នៅ​ពេល​នោះ បាប៊ីឡូន​បាន​ត្រូវ​ពួក​មេឌី​និង​ពើស៊ី​ដណ្ដើម​យក​រួច​ហើយ ហើយ​បាន​គ្រប់​គ្រង​ដោយ​ស្ដេច​ដារីយុស។ ពួក​មន្ត្រី​ដែល​បាន​បម្រើ​ស្ដេច​ដារីយុស​ស្អប់​ដានីយ៉ែល ហើយ​មិន​គោរព​ព្រះ​របស់​គាត់​ទេ។ ដូច្នេះ ពួក​គេ​បាន​រៀប​គម្រោង​ការ​សម្លាប់​ដានីយ៉ែល។ ពួក​គេ​បាន​ឲ្យ​ស្ដេច​ចុះ​ហត្ថលេខា​បង្កើត​ច្បាប់​មួយ​ដែល​នឹង​សាក​ល្បង​ដានីយ៉ែល​ថា គាត់​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​របស់​គាត់​ឬ​ចំពោះ​ស្ដេច។ ដើម្បី​បង្ហាញ​ថា​គាត់​មាន​ភក្ដី​ភាព​ចំពោះ​ស្ដេច​និង​ប្រព្រឹត្ត​ដូច​គេ​ដូច​ឯង មាន​អ្វី​មួយ​ដែល​ដានីយ៉ែល​ត្រូវ​ធ្វើ​គឺ​ឈប់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សម្រាប់​៣០​ថ្ងៃ។ ប៉ុន្តែ ដានីយ៉ែល​មិន​ព្រម​បោះ​បង់​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ជា​លទ្ធផល គាត់​បាន​ត្រូវ​គេ​បោះ​ទៅ​ក្នុង​រូង​តោ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ឲ្យ​រង្វាន់​ចំពោះ​ភក្ដី​ភាព​របស់​ដានីយ៉ែល ដោយ​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​មាត់​តោ។ (​ដាន. ៦:១២​-​១៥, ២០​-​២២​) តើ​យើង​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ដូច​ដានីយ៉ែល​បាន​ធ្វើ​យ៉ាង​ដូច​ម្ដេច?

១២. តើ​ដានីយ៉ែល​បាន​បណ្ដុះ​ឲ្យ​មាន​ភក្ដី​ភាព​ដែល​កាត់​ផ្ដាច់​ពុំ​បាន​ចំពោះ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

១២ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ភក្ដី​ភាព​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង។ ភក្ដី​ភាព​របស់​ដានីយ៉ែល​ចំពោះ​ព្រះ​មិន​អាច​កាត់​ផ្ដាច់​បាន​ទេ ដោយ​សារ​គាត់​ស្រឡាញ់​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌​ខ្លាំង​ណាស់។ ដានីយ៉ែល​ច្បាស់​ជា​បាន​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នេះ​ដោយ​គិត​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា និង​ដោយ​គិត​ពិចារណា​អំពី​របៀប​ដែល​លោក​បាន​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នោះ។ (​ដាន. ៩:៤​) ដានីយ៉ែល​ក៏​បាន​រំពឹង​គិត​អំពី​អ្វី​ល្អ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​គាត់​និង​រាស្ត្រ​របស់​លោក ហើយ​គាត់​ក៏​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ទាំង​នោះ​ដែរ។—ដាន. ២:២០​-​២៣; ៩:១៥, ១៦

ដូច​ដានីយ៉ែល អ្នក​អាច​បណ្ដុះ​ឲ្យ​មាន​ភក្ដី​ភាព​ដែល​កាត់​ផ្ដាច់​ពុំ​បាន​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ស្រឡាញ់​លោក​យ៉ាង​ខ្លាំង (​សូម​មើល​វគ្គ​១៣​)

១៣. (​ក​) តើ​ភក្ដី​ភាព​របស់​បង​ប្អូន​វ័យ​ក្មេង​របស់​យើង​បាន​ត្រូវ​សាក​ល្បង​តាម​របៀប​ណា​ខ្លះ? សូម​លើក​ឧទាហរណ៍​មួយ។ (​សូម​មើល​រូប​ភាព​ផង​ដែរ​) (​ខ​) ដូច​បាន​ត្រូវ​បង្ហាញ​ក្នុង​វីដេអូ តើ​អ្នក​អាច​តប​ឆ្លើយ​យ៉ាង​ណា​ពេល​អ្នក​ឯ​ទៀត​សួរ​ថា​តើ​សាក្សី​ព្រះ​យេហូវ៉ា​គាំទ្រ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ?

១៣ ដូច​ដានីយ៉ែល នៅ​ជុំ​វិញ​ប្អូន​ៗ​វ័យ​ក្មេង​របស់​យើង​មាន​មនុស្ស​ដែល​មិន​គោរព​ព្រះ​យេហូវ៉ា និង​ខ្នាត​តម្រា​របស់​លោក។ មនុស្ស​បែប​នេះ​ប្រហែល​ជា​មិន​ចូល​ចិត្ត​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ទេ។ អ្នក​ខ្លះ​ថែម​ទាំង​ព្យាយាម​បង្ខំ​ប្អូន​ៗ​វ័យ​ក្មេង​របស់​យើង​ឲ្យ​លែង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បង​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ក្រេអឹម​ដែល​រស់​នៅ​ប្រទេស​អូស្ត្រាលី។ គាត់​ជួប​ស្ថានភាព​ពិបាក​មួយ​ពេល​គាត់​រៀន​នៅ​វិទ្យាល័យ។ គ្រូ​បង្រៀន​បាន​សួរ​សិស្ស​ក្នុង​ថ្នាក់​ថា តើ​ពួក​គេ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា បើ​មិត្ត​ភក្ដិ​ម្នាក់​ប្រាប់​ពួក​គេ​ថា​គាត់​ស្រឡាញ់​ភេទ​ដូច​គ្នា។ គ្រូ​បង្រៀន​នោះ​បាន​និយាយ​ថា​អស់​អ្នក​ដែល​នឹង​គាំទ្រ​មិត្ត​ភក្ដិ​ដែល​មាន​របៀប​រស់​នៅ​បែប​នេះ ត្រូវ​ឈរ​នៅ​ម្ខាង​ក្នុង​ថ្នាក់ ហើយ​ពួក​អ្នក​ដែល​នឹង​មិន​គាំទ្រ ត្រូវ​ឈរ​នៅ​ម្ខាង​ទៀត។ បង​ក្រេអឹម​និយាយ​ថា​៖ ​«​សិស្ស​ទាំង​អស់​នៅ​ក្នុង​ថ្នាក់​បាន​ឈរ​នៅ​ខាង​ដែល​បាន​គាំទ្រ​របៀប​រស់​នៅ​បែប​នោះ លើក​លែង​តែ​ខ្ញុំ​និង​សាក្សី​ម្នាក់​ទៀត​»។ អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​មក ពិត​ជា​បាន​សាក​ល្បង​ភក្ដី​ភាព​របស់​បង​ក្រេអឹម​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​ក្នុង​ពេល​ដែល​នៅ​សល់​ក្នុង​មុខ​វិជ្ជា​មួយ​ម៉ោង​នោះ សិស្ស​ឯ​ទៀត ព្រម​ទាំង​គ្រូ​បង្រៀន​បាន​ឡកឡឺយ​និង​ប្រមាថ​មើល​ងាយ​យើង។ ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​និយាយ​ការ​ពារ​ជំនឿ​របស់​ខ្ញុំ​ដោយ​វែក​ញែក​លើក​ហេតុ​ផល​តាម​របៀប​ដ៏​ស្លូត​បូត ប៉ុន្តែ​ពួក​គេ​មិន​ស្ដាប់​ខ្ញុំ​ទាល់​តែ​សោះ​»។ តើ​ការ​សាក​ល្បង​ភក្ដី​ភាព​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ក្រេអឹម? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​គេ​ប្រមាថ​មើល​ងាយ​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​សារ​ខ្ញុំ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាន​និយាយ​ការ​ពារ​ជំនឿ​របស់​ខ្ញុំ​»។ c

១៤. តើ​តាម​របៀប​ណា​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ភក្ដី​ភាព​ដែល​កាត់​ផ្ដាច់​ពុំ​បាន​ចំពោះ​ព្រះ​យេហូវ៉ា?

១៤ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ភក្ដី​ភាព​ដែល​កាត់​ផ្ដាច់​ពុំ​បាន​ចំពោះ​ព្រះ​យេហូវ៉ា បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​លោក​ដូច​ដានីយ៉ែល។ យើង​បណ្ដុះ​សេចក្ដី​ស្រឡាញ់​នេះ​ដោយ​រៀន​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​អាច​សិក្សា​អំពី​អ្វី​ដែល​លោក​បាន​បង្កើត។ (​រ៉ូម ១:២០​) បើ​អ្នក​ចង់​បង្កើន​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា អ្នក​អាច​អាន​អត្ថបទ​ខ្លី​ៗ ឬ​ទស្សនា​វីដេអូ​ក្នុង​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​មាន​អ្នក​គ្រោង​បង្កើត​ឬ​ទេ?​»។ អ្នក​ក៏​អាច​អាន​សៀវភៅ​ស្ដើង​ដែល​មាន​ចំណង​ជើង​ថា​តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ? និង​ដើម​កំណើត​នៃ​ជីវិត សំណួរ​ទាំង​ប្រាំ​ដែល​យើង​គួរ​ឆ្ងល់ សូម​កត់​សម្គាល់​អំពី​ពាក្យ​សម្ដី​របស់​បង​ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​អេសធើរ​ពី​ប្រទេស​ដាណឺម៉ាក​អំពី​សៀវភៅ​ស្ដើង​ទាំង​នោះ។ គាត់​និយាយ​ថា​៖ ​«​របៀប​វែក​ញែក​លើក​ហេតុ​ផល​គឺ​អស្ចារ្យ។ សៀវភៅ​ស្ដើង​ទាំង​នោះ​មិន​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ត្រូវ​ជឿ​ទេ វា​គ្រាន់​តែ​បង្ហាញ​ការ​ពិត​និង​ទុក​ឲ្យ​យើង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​»។ បង​បេន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ព័ត៌មាន​ទាំង​នោះ​ពិត​ជា​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ខ្លាំង​ណាស់។ វា​បញ្ជាក់​ដល់​ខ្ញុំ​ថា​ព្រះ​បាន​បង្កើត​ជីវិត​ទាំង​ឡាយ​»។ ក្រោយ​ពី​សិក្សា​ព័ត៌មាន​ទាំង​នោះ អ្នក​ទំនង​ជា​នឹង​យល់​ស្រប​នឹង​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សិរី​រុង​រឿង កិត្តិយស និង​ឫទ្ធានុភាព ពីព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​»។—បប. ៤:១១ d

១៥. តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា​ទៀត?

១៥ របៀប​មួយ​ទៀត​ដើម្បី​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ដោយ​សិក្សា​អំពី​ជីវិត​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ។ បង​ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​សាមីរ៉ា​ដែល​រស់​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ធ្វើ​នេះ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​តាម​រយៈ​លោក​យេស៊ូ​»។ ពេល​បង​សាមីរ៉ា​នៅ​តូច គាត់​ពិបាក​យល់​ថា​ព្រះ​យេហូវ៉ា​អាច​មាន​អារម្មណ៍។ ប៉ុន្តែ គាត់​អាច​យល់​អារម្មណ៍​របស់​លោក​យេស៊ូ។ គាត់​បន្ថែម​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​លោក​យេស៊ូ​ដោយ​សារ​លោក​រួស​រាយ​រាក់​ទាក់ និង​ស្រឡាញ់​កូន​ក្មេង​»។ កាល​ដែល​គាត់​កាន់​តែ​រៀន​អំពី​លោក​យេស៊ូ គាត់​កាន់​តែ​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? គាត់​និយាយ​ថា​៖ ​«​បន្តិច​ម្ដង​ៗ​ខ្ញុំ​យល់​ថា​លោក​យេស៊ូ​យក​តម្រាប់​បិតា​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ លោក​ទាំង​ពីរ​គឺ​ស្រដៀង​គ្នា​ខ្លាំង​ណាស់។ ខ្ញុំ​ទទួល​ស្គាល់​ថា​នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី គឺ​ដើម្បី​បើក​ឱកាស​ឲ្យ​មនុស្សជាតិ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​»។ (​យ៉ូន. ១៤:៩​) បើ​អ្នក​ចង់​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា សូម​លៃ​ទុក​ពេល​រៀន​ឲ្យ​បាន​ច្រើន​បំផុត​អំពី​លោក​យេស៊ូ។ បើ​អ្នក​ធ្វើ​ដូច្នេះ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​និង​ភក្ដី​ភាព​របស់​អ្នក​ចំពោះ​លោក​នឹង​កើន​ឡើង។

១៦. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​មាន​ភក្ដី​ភាព? (​ចម្រៀង​សរសើរ​ព្រះ ១៨:២៥; មីកា ៦:៨​)

១៦ ពួក​អ្នក​ដែល​មាន​ភក្ដី​ភាព​ច្រើន​តែ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ដែល​ស្ថិត​ស្ថេរ។ (​រូថ ១:១៤​-​១៧​) បន្ថែម​ទៅ​ទៀត មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​មាន​មូលហេតុ​ល្អ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ពួក​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៨:២៥; មីកា ៦:៨) សូម​គិត​អំពី​នេះ​៖ ទោះ​ជា​យើង​តូច​តាច​បើ​ប្រៀប​ធៀប​នឹង​អ្នក​បង្កើត​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ក្ដី លោក​សន្យា​ថា​លោក​នឹង​តែង​តែ​ស្រឡាញ់​យើង។ ម្យ៉ាង​ទៀត ពេល​លោក​ធ្វើ​ដូច្នេះ គ្មាន​ទុក្ខ​លំបាក អ្នក​ប្រឆាំង ឬ​ថែម​ទាំង​សេចក្ដី​ស្លាប់​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​លោក​បាន​ឡើយ។ (​ដាន. ១២:១៣; លូក. ២០:៣៧, ៣៨; រ៉ូម ៨:៣៨, ៣៩​) គឺ​សំខាន់​ណាស់​ដែល​យើង​យក​តម្រាប់​ដានីយ៉ែល​និង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា!

ចូរ​បន្ដ​រៀន​ពី​ដានីយ៉ែល

១៧​-​១៨. តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​ដានីយ៉ែល?

១៧ ក្នុង​អត្ថបទ​នេះ យើង​បាន​ពិចារណា​អំពី​គុណ​សម្បត្តិ​តែ​ពីរ​ប៉ុណ្ណោះ​របស់​ដានីយ៉ែល។ ប៉ុន្តែ មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​យើង​អាច​រៀន​ពី​គាត់។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដានីយ៉ែល​មាន​សុបិន និង​ការ​ឃើញ​ក្នុង​គំនិត​ជា​បន្ត​បន្ទាប់ ហើយ​លោក​បាន​ឲ្យ​គាត់​មាន​សមត្ថភាព​បក​ស្រាយ​ទំនាយ។ ទំនាយ​ជា​ច្រើន​ទាំង​នោះ​បាន​សម្រេច​រួច​ហើយ។ ទំនាយ​ឯ​ទៀត​ផ្ដល់​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ព្រឹត្តិការណ៍​នៅ​ខាង​មុខ​ដែល​នឹង​មាន​ឥទ្ធិពល​លើ​បុគ្គល​គ្រប់​រូប​នៅ​លើ​ផែន​ដី។

១៨ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​ទំនាយ​ពីរ​ដែល​ដានីយ៉ែល​បាន​កត់​ទុក។ ការ​យល់​អំពី​ទំនាយ​ទាំង​នេះ​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ទាំង​ចាស់​ទាំង​ក្មេង ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​នៅ​ឥឡូវ​នេះ។ ទំនាយ​ទាំង​នេះ​ក៏​អាច​ពង្រឹង​ចិត្ត​ក្លាហាន​និង​ភក្ដី​ភាព​របស់​យើង​ដើម្បី​ឲ្យ​យើង​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ការ​សាក​ល្បង​នៅ​ឆាប់​ៗ​ខាង​មុខ។

ចម្រៀង​លេខ​១១៩ យើង​ត្រូវ​តែ​មាន​ជំនឿ

a ពួក​អ្នក​បម្រើ​វ័យ​ក្មេង​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ ច្រើន​តែ​ជួប​ស្ថានភាព​ដែល​តម្រូវ​ឲ្យ​ពួក​គេ​បង្ហាញ​ចិត្ត​ក្លាហាន​និង​ភក្ដី​ភាព​ចំពោះ​លោក។ សិស្ស​រួម​ថ្នាក់​របស់​ពួក​គេ​ប្រហែល​ជា​សើច​ចំអក​ពួក​គេ​ចំពោះ​ការ​ជឿ​លើ​ការ​បង្កើត ឬ​មនុស្ស​ស្រករ​ពួក​គេ​ប្រហែល​ជា​រិះ​គន់​ពួក​គេ​ចំពោះ​ការ​បម្រើ​ព្រះ និង​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ ប៉ុន្តែ ដូច​អត្ថបទ​នេះ​នឹង​បង្ហាញ ពួក​អ្នក​ដែល​យក​តម្រាប់​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល ហើយ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន​និង​ភក្ដី​ភាព​គឺ​មាន​ប្រាជ្ញា​ពិត។

b ប្រហែល​ជា​មាន​មូលហេតុ​បី​ដែល​ដានីយ៉ែល​ចាត់​ទុក​ម្ហូប​បាប៊ីឡូន​ថា​មិន​ស្អាត​បរិសុទ្ធ​៖ (​១​) សាច់​ប្រហែល​ជា​មក​ពី​សត្វ​ដែល​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​បរិភោគ។ (​បច. ១៤:៧, ៨​) (​២​) ប្រហែល​ជា​គេ​មិន​បាន​សម្រក់​ឈាម​ចេញ​ពី​សាច់។ (​ចល. ១៧:១០​-​១២​) (​៣​) ការ​បរិភោគ​អាហារ​នោះ​អាច​ចាត់​ទុក​ជា​ផ្នែក​នៃ​ការ​គោរព​បូជា​ព្រះ​មិន​ពិត។—សូម​ពិនិត្យ​បន្ថែម ច្បាប់​លេវី ៧:១៥ និង​កូរិនថូស​ទី១ ១០:១៨, ២១, ២២

c សូម​មើល​វីដេអូ​«​សេចក្ដី​សុចរិត​ពិត​នឹង​នាំ​មក​នូវ​សន្តិភាព»​ ក្នុង​គេហទំព័រ​jw.org/km។

d ដើម្បី​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា អ្នក​ក៏​អាច​សិក្សា​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដែល​មាន​ការ​ពិគ្រោះ​យ៉ាង​ល្អិត​ល្អន់​អំពី​គុណ​សម្បត្តិ​និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។