លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៤

ចូររៀនពីទំនាយក្នុងគម្ពីរ

ចូររៀនពីទំនាយក្នុងគម្ពីរ

«​ពួក​អ្នក​ដែល​ចេះ​គិត​ពិចារណា​ប៉ុណ្ណោះ នឹង​យល់​បាន​»។—ដាន. ១២:១០

ចម្រៀង​លេខ​៩៨ បទ​គម្ពីរ​គឺ​មក​ពី​ព្រះ

សេចក្ដី​សង្ខេប a

១. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចូល​ចិត្ត​សិក្សា​ទំនាយ​គម្ពីរ?

 បង​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​បេន​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​សិក្សា​ទំនាយ​គម្ពីរ​ណាស់​»។ តើ​អ្នក​មាន​ទស្សនៈ​ដូច​គាត់​ឬ​ទេ? ឬ​តើ​អ្នក​មាន​អារម្មណ៍​ថា​ទំនាយ​គម្ពីរ​គឺ​ពិបាក​យល់​ពេក? អ្នក​ប្រហែល​ជា​ថែម​ទាំង​មាន​អារម្មណ៍​ថា​ការ​សិក្សា​ទំនាយ​គឺ​គួរ​ឲ្យ​អផ្សុក។ ប៉ុន្តែ ពេល​អ្នក​រៀន​ច្រើន​ជាង​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​បញ្ចូល​ទំនាយ​ក្នុង​បណ្ដាំ​លោក អ្នក​ប្រហែល​ជា​នឹង​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​អ្នក។

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​មិន​គ្រាន់​តែ​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​រៀន​អំពី​ទំនាយ​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អំពី​របៀប​ដែល​យើង​អាច​សិក្សា​ទំនាយ​ទាំង​នោះ​ដែរ។ បន្ទាប់​មក យើង​នឹង​ពិចារណា​ទំនាយ​ពីរ​ក្នុង​សៀវភៅ​ដានីយ៉ែល ដើម្បី​មើល​អំពី​របៀប​ដែល​ការ​យល់​ទំនាយ​ទាំង​នោះ​អាច​ជួយ​យើង​នៅ​ឥឡូវ​នេះ។

មូលហេតុ​ដែល​យើង​គួរ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ

៣. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​យល់​ទំនាយ​ក្នុង​គម្ពីរ?

យើង​ត្រូវ​សុំ​ជំនួយ​ដើម្បី​យល់​ទំនាយ​ក្នុង​គម្ពីរ។ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ សូម​ស្រមៃ​គិត​ថា អ្នក​ទៅ​លេង​កន្លែង​មួយ​ដែល​អ្នក​មិន​ស្គាល់ តែ​មិត្ត​ភក្ដិ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ជា​មួយ​អ្នក​ស្គាល់​តំបន់​នោះ​យ៉ាង​ច្បាស់។ គាត់​ដឹង​ថា​ពួក​អ្នក​នៅ​ទី​ណា ហើយ​ដឹង​ថា​ផ្លូវ​ណា​នាំ​ទៅ​ណា។ អ្នក​ច្បាស់​ជា​សប្បាយ​ចិត្ត​ដែល​មិត្ត​របស់​អ្នក​យល់​ព្រម​មក​ជា​មួយ​អ្នក! ព្រះ​យេហូវ៉ា​ដូច​ជា​មិត្ត​ដ៏​ល្អ​នោះ លោក​ដឹង​អំពី​អនាគត​របស់​យើង​យ៉ាង​ច្បាស់។ ដូច្នេះ ដើម្បី​យល់​ទំនាយ​ក្នុង​គម្ពីរ យើង​ត្រូវ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។—ដាន. ២:២៨; ២ពេ. ១:១៩, ២០

ការ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នៅ​ខាង​មុខ (​សូម​មើល​វគ្គ​៤​)

៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ទំនាយ​កត់​ទុក​ក្នុង​បណ្ដាំ​លោក? (​យេរេមា ២៩:១១​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ដូច​ឪពុក​ម្ដាយ​ល្អ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កូន​របស់​លោក​មាន​អនាគត​ដ៏​សប្បាយ។ (​សូម​អាន យេរេមា ២៩:១១) ប៉ុន្តែ​ខុស​ពី​ឪពុក​ម្ដាយ​ដែល​ជា​មនុស្សជាតិ ព្រះ​យេហូវ៉ា​អាច​ប្រាប់​ទុក​ជា​មុន​អំពី​ថ្ងៃ​អនាគត​យ៉ាង​ត្រឹម​ត្រូវ​ទាំង​ស្រុង។ លោក​បាន​បណ្ដាល​ឲ្យ​បុរស​មួយ​ចំនួន​កត់​ទុក​ទំនាយ​ក្នុង​បណ្ដាំ​លោក ដើម្បី​យើង​អាច​ដឹង​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ។ (​អេ. ៤៦:១០​) ទំនាយ​ក្នុង​គម្ពីរ​គឺ​ជា​អំណោយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ តើ​អ្នក​អាច​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ថា​អ្វី​ដែល​គម្ពីរ​ប្រាប់​ទុក​ជា​មុន​ពិត​ជា​នឹង​កើត​ឡើង​មែន?

៥. តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ម៉ាក់ស៍?

នៅ​សាលា ប្អូន​ៗ​វ័យ​ក្មេង​របស់​យើង​ច្រើន​តែ​នៅ​ជា​មួយ​បុគ្គល​ដែល​មិន​សូវ​ឲ្យ​តម្លៃ ឬ​មិន​ឲ្យ​តម្លៃ​ទាល់​តែ​សោះ​ទៅ​លើ​គម្ពីរ។ ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​បុគ្គល​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ប្អូន​ៗ​របស់​យើង​កើត​ចិត្ត​សង្ស័យ។ សូម​កត់​សម្គាល់​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម៉ាក់ស៍។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​ចាប់​ផ្ដើម​សង្ស័យ​ថា​ឪពុក​ម្ដាយ​ខ្ញុំ​មិន​បង្រៀន​សាសនា​ពិត ហើយ​ថា​គម្ពីរ​មិន​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ទេ​»។ តើ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើ​អ្វី? គាត់​និយាយ​ថា​៖ ​«​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្ងប់ ទោះ​ជា​ខ្ញុំ​ដឹង​ថា​ក្នុង​ចិត្ត ពួក​គាត់​ព្រួយ​បារម្ភ​ក៏​ដោយ​»។ ពួក​គាត់​បាន​ឆ្លើយ​សំណួរ​របស់​បង​ម៉ាក់ស៍​ដោយ​ប្រើ​គម្ពីរ។ បង​ម៉ាក់ស៍​ក៏​បាន​ធ្វើ​អ្វី​មួយ​ដែរ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ដោយ​ខ្លួន​ឯង ហើយ​ពិគ្រោះ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ជា​មួយ​យុវវ័យ​ឯ​ទៀត​»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? បង​ម៉ាក់ស៍​និយាយ​ថា​៖ ​«​បន្ទាប់​ពី​នោះ ខ្ញុំ​បាន​ជឿ​ជាក់​ថា​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។

៦. តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​បើ​អ្នក​សង្ស័យ ហើយ​ហេតុ​អ្វី?

ដូច​បង​ម៉ាក់ស៍ បើ​អ្នក​ចាប់​ផ្ដើម​សង្ស័យ​ថា​គ្មាន​សេចក្ដី​ពិត​ក្នុង​គម្ពីរ អ្នក​មិន​ចាំ​បាច់​ខ្មាស​អៀន​ទេ។ ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​អ្វី​មួយ​ចំពោះ​រឿង​នោះ។ ការ​សង្ស័យ​គឺ​ស្រដៀង​នឹង​ច្រែះ។ បើ​ព្រងើយ​កន្តើយ​នឹង​វា បន្តិច​ម្ដង​ៗ​វា​អាច​បង្ខូច​អ្វី​ដ៏​មាន​តម្លៃ។ ដើម្បី​ជម្រុះ​ចេញ​នូវ​ការ​សង្ស័យ​ដែល​អាច​បង្ខូច​ជំនឿ​របស់​អ្នក អ្នក​ត្រូវ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ជឿ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ថ្ងៃ​អនាគត​ឬ​ទេ?›។ បើ​អ្នក​មិន​ប្រាកដ​ទេ អ្នក​ត្រូវ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ដែល​បាន​ក្លាយ​ជា​ការ​ពិត​រួច​ហើយ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

របៀប​សិក្សា​ទំនាយ​ក្នុង​គម្ពីរ

ដើម្បី​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ដូច​ដានីយ៉ែល យើង​ត្រូវ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ដោយ​ចិត្ត​រាប​ទាប ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ (​សូម​មើល​វគ្គ​៧​)

៧. តើ​ដានីយ៉ែល​បាន​ទុក​គំរូ​អ្វី​ស្ដី​អំពី​របៀប​សិក្សា​ទំនាយ? (​ដានីយ៉ែល ១២:១០​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ដានីយ៉ែល​បាន​ទុក​គំរូ​ល្អ​ស្ដី​អំពី​របៀប​សិក្សា​ទំនាយ។ គាត់​បាន​សិក្សា​ទំនាយ​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ គឺ​ដើម្បី​ស្គាល់​សេចក្ដី​ពិត។ ដានីយ៉ែល​ក៏​មាន​ចិត្ត​រាប​ទាប ដោយ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ការ​យល់​ដឹង​ដល់​ពួក​អ្នក​ដែល​ស្គាល់​លោក និង​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ស្អាត​ស្អំ​របស់​លោក។ (​ដាន. ២:២៧, ២៨; សូម​អាន ដានីយ៉ែល ១២:១០) ដានីយ៉ែល​បាន​បង្ហាញ​ថា​គាត់​មាន​ចិត្ត​រាប​ទាប​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។ (​ដាន. ២:១៨​) ដានីយ៉ែល​ក៏​បាន​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ គាត់​បាន​ស្រាវ​ជ្រាវ​ផ្នែក​ផ្សេង​ៗ​នៃ​គម្ពីរ​ដែល​មាន​នៅ​សម័យ​គាត់។ (​យេ. ២៥:១១, ១២; ដាន. ៩:២​) តើ​អ្នក​អាច​យក​តម្រាប់​ដានីយ៉ែល​យ៉ាង​ដូច​ម្ដេច?

៨. ហេតុ​អ្វី​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ថា​ទំនាយ​ក្នុង​គម្ពីរ​បាន​សម្រេច ប៉ុន្តែ​តើ​យើង​គួរ​ធ្វើ​អ្វី?

ចូរ​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​អ្នក។ តើ​អ្នក​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ដោយ​សារ​អ្នក​ពិត​ជា​ចង់​ស្គាល់​សេចក្ដី​ពិត​ឬ​ទេ? បើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក។ (​យ៉ូន. ៤:២៣, ២៤; ១៤:១៦, ១៧​) តើ​មាន​មូលហេតុ​អ្វី​ទៀត​ដែល​បុគ្គល​ណា​ម្នាក់​សិក្សា​ទំនាយ​ក្នុង​គម្ពីរ? អ្នក​ខ្លះ​ប្រហែល​ជា​ធ្វើ​ដូច្នេះ ដោយ​សារ​ពួក​គេ​ព្យាយាម​ស្វែង​រក​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​គម្ពីរ​មិន​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ពួក​គេ​គិត​ថា​បើ​គម្ពីរ​មិន​មក​ពី​ព្រះ ពួក​គេ​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ប៉ុន្តែ យើង​ត្រូវ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ បន្ថែម​ទៅ​ទៀត មាន​គុណ​សម្បត្តិ​មួយ​ដែល​សំខាន់​ចាំ​បាច់ បើ​យើង​ចង់​យល់​ទំនាយ​ក្នុង​គម្ពីរ។

៩. តើ​ត្រូវ​មាន​គុណ​សម្បត្តិ​អ្វី​ដើម្បី​យល់​ទំនាយ​ក្នុង​គម្ពីរ? សូម​ពន្យល់។

ចូរ​មាន​ចិត្ត​រាប​ទាប។ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ជួយ​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប។ (​យ៉ា. ៤:៦​) ដូច្នេះ យើង​ត្រូវ​អធិដ្ឋាន​សុំ​លោក​ឲ្យ​ជួយ​យើង​យល់​ទំនាយ​ក្នុង​គម្ពីរ។ យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា យើង​ត្រូវ​ការ​ជំនួយ​ពី​ខ្សែ​រយៈ​ដែល​លោក​កំពុង​ប្រើ​ដើម្បី​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​នៅ​ពេល​ត្រឹម​ត្រូវ។ (​លូក. ១២:៤២​) ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​នៃ​សណ្ដាប់​ធ្នាប់ ដូច្នេះ​គឺ​សម​ហេតុ​សម​ផល​ដែល​លោក​ប្រើ​ខ្សែ​រយៈ​តែ​មួយ​ដើម្បី​ជួយ​យើង​ឲ្យ​យល់​សេចក្ដី​ពិត​ក្នុង​បណ្ដាំ​លោក។—១កូ. ១៤:៣៣; អេភ. ៤:៤​-​៦

១០. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​អេសធើរ?

១០ ចូរ​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់។ សូម​ជ្រើស​រើស​ទំនាយ​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍ ហើយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​ទំនាយ​នោះ​មុន​គេ។ នេះ​ជា​អ្វី​ដែល​បង​ស្រី​ម្នាក់​ឈ្មោះ​អេសធើរ​បាន​ធ្វើ។ គាត់​បាន​ចាប់​អារម្មណ៍​នឹង​ទំនាយ​ដែល​ប្រាប់​ទុក​ជា​មុន​អំពី​ការ​មក​ដល់​នៃ​មេស្ស៊ី។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​អំពី​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ទំនាយ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​មុន​សម័យ​របស់​លោក​យេស៊ូ​»។ អ្វី​ដែល​គាត់​បាន​រៀន​ពី​ការ​អាន​អំពី​រមូរ​នៅ​សមុទ្រ​ស្លាប់​បាន​ធ្វើ​ឲ្យ​គាត់​ជឿ​ជាក់។ គាត់​បាន​និយាយ​ថា​៖ ​«​រមូរ​ទាំង​នោះ​ខ្លះ​គឺ​បាន​ត្រូវ​សរសេរ​មុន​សម័យ​របស់​គ្រិស្ត ដូច្នេះ​ទំនាយ​ក្នុង​នោះ​ច្បាស់​ជា​មក​ពី​ព្រះ​»។ បង​អេសធើរ​សារភាព​ថា​៖ ​«​ខ្ញុំ​ត្រូវ​អាន​ព័ត៌មាន​នោះ​ច្រើន​ដង​ដើម្បី​យល់​»។ ប៉ុន្តែ គាត់​សប្បាយ​ចិត្ត​ដែល​គាត់​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ។ ក្រោយ​ពី​សិក្សា​ស្រាវ​ជ្រាវ​ទំនាយ​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​អាច​ឃើញ​យ៉ាង​ច្បាស់​ដោយ​ខ្លួន​ឯង​ថា គម្ពីរ​គឺ​ត្រឹម​ត្រូវ​»។

១១. ហេតុ​អ្វី​គឺ​ជា​ការ​ល្អ​ឲ្យ​យើង​ប្រាកដ​ថា​គម្ពីរ​គឺ​ត្រឹម​ត្រូវ?

១១ ពេល​យើង​ឃើញ​របៀប​ដែល​ទំនាយ​ខ្លះ​ក្នុង​បណ្ដាំ​ព្រះ​បាន​សម្រេច​រួច​ហើយ យើង​នឹង​ទុក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ការ​ណែនាំ​ណា​ក៏​ដោយ​ដែល​យើង​ទទួល​ពី​លោក។ បន្ថែម​ទៅ​ទៀត ទំនាយ​ក្នុង​គម្ពីរ​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត មិន​ថា​យើង​ជួប​ទុក្ខ​លំបាក​ណា​ក៏​ដោយ​នៅ​ឥឡូវ​នេះ។ សូម​យើង​ពិចារណា​យ៉ាង​ខ្លី​អំពី​ទំនាយ​ពីរ​ដែល​ដានីយ៉ែល​បាន​កត់​ទុក​ដែល​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ។ ការ​យល់​ទំនាយ​ទាំង​នោះ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។

ហេតុ​អ្វី​អ្នក​ត្រូវ​ដឹង​អំពី​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ធាតុ​ដែក​លាយ​ដី​ឥដ្ឋ?

១២. តើ​ប្រអប់​ជើង​ដែល​ធ្វើ​ពី​«​ធាតុ​ដែក​លាយ​ដី​ឥដ្ឋ​»​ជា​តំណាង​អ្វី? (​ដានីយ៉ែល ២:៤១​-​៤៣​)

១២ សូម​អាន ដានីយ៉ែល ២:៤១​-​៤៣ ក្នុង​សុបិន​ដែល​ដានីយ៉ែល​បាន​បក​ស្រាយ​ឲ្យ​ស្ដេច​នេប៊ូក្នេសា ប្រអប់​ជើង​នៃ​រូប​ដែល​ស្ដេច​នោះ​បាន​ឃើញ​គឺ​ធ្វើ​ពី​«​ធាតុ​ដែក​លាយ​ដី​ឥដ្ឋ​»។ ដោយ​ប្រៀប​ធៀប​ទំនាយ​នេះ​ទៅ​នឹង​ទំនាយ​ផ្សេង​ទៀត​ក្នុង​សៀវភៅ​ដានីយ៉ែល​និង​សៀវភៅ​ការ​បើក​បង្ហាញ យើង​អាច​សន្និដ្ឋាន​ថា​ប្រអប់​ជើង​នោះ​ជា​តំណាង​អង់គ្លេស​និង​អាម៉េរិក​ដែល​រួម​ដៃ​គ្នា ពោល​គឺ​មហា​អំណាច​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ ស្ដី​អំពី​មហា​អំណាច​នេះ ដានីយ៉ែល​និយាយ​ថា​៖ ​«​រាជាណាចក្រ​នោះ​មាន​ផ្នែក​ខ្លាំង ហើយ​មាន​ផ្នែក​ខ្សោយ​»។ ហេតុ​អ្វី​មាន​ផ្នែក​ខ្សោយ? ដោយ​សារ​មនុស្ស​សាមញ្ញ​ធម្មតា​ដែល​បាន​ត្រូវ​តំណាង​ដោយ​ដី​ឥដ្ឋ ធ្វើ​ឲ្យ​មហា​អំណាច​នេះ​ពិបាក​បញ្ចេញ​កម្លាំង​ដែល​ប្រៀប​ដូច​ជា​ដែក។ b

១៣. តើ​យើង​រៀន​សេចក្ដី​ពិត​ដ៏​សំខាន់​អ្វី​ពី​ទំនាយ​នេះ?

១៣ យើង​រៀន​សេចក្ដី​ពិត​ដ៏​សំខាន់​ពី​រូប​ធំ​សម្បើម​ដែល​ដានីយ៉ែល​បាន​រៀប​រាប់ ជា​ពិសេស​យើង​អាច​រៀន​ច្រើន​ពី​ប្រអប់​ជើង​នៃ​រូប​នោះ។ ទី​១ មហា​អំណាច​អង់គ្លេស​អាម៉េរិក​បាន​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​វា​តាម​របៀប​មួយ​ចំនួន។ ជា​ឧទាហរណ៍ មហា​អំណាច​នោះ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​និង​សង្គ្រាម​លោក​លើក​ទី​២។ ប៉ុន្តែ មហា​អំណាច​នោះ​បាន​ចុះ​ខ្សោយ ហើយ​នឹង​បន្ត​ចុះ​ខ្សោយ​ដោយ​សារ​ប្រជា​ពលរដ្ឋ​នៃ​មហា​អំណាច​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ទី​២ មហា​អំណាច​អង់គ្លេស​អាម៉េរិក​នឹង​ជា​មហាអំណាច​ចុង​ក្រោយ​ដែល​គ្រប់​គ្រង​មុន​រាជាណាចក្រ​ព្រះ​បំផ្លាញ​រាជាណាចក្រ​ទាំង​អស់​របស់​មនុស្ស។ ទោះ​ជា​ប្រជា​ជាតិ​ឯ​ទៀត​ប្រហែល​ជា​ជួន​កាល​ប្រឆាំង​នឹង​មហា​អំណាច​អង់គ្លេស​អាម៉េរិក​ក្ដី ប្រជា​ជាតិ​ទាំង​នោះ​នឹង​មិន​ជំនួស​មហា​អំណាច​នេះ​បាន​ឡើយ។ យើង​ដឹង​ដូច្នេះ ដោយ​សារ​«​ដុំ​ថ្ម​»​ដែល​ជា​តំណាង​រាជាណាចក្រ​ព្រះ​នឹង​កម្ទេច​ប្រអប់​ជើង ដែល​ជា​ផ្នែក​នៃ​រូប​ធំ​សម្បើម​ដែល​ជា​តំណាង​អង់គ្លេស​អាម៉េរិក។—ដាន. ២:៣៤, ៣៥, ៤៤, ៤៥

១៤. តើ​ការ​យល់​ទំនាយ​អំពី​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ធាតុ​ដែក​លាយ​នឹង​ដី​ឥដ្ឋ​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ?

១៤ តើ​អ្នក​ជឿ​ជាក់​ថា​ទំនាយ​របស់​ដានីយ៉ែល​អំពី​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ធាតុ​ដែក​លាយ​នឹង​ដី​ឥដ្ឋ​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? បើ​ដូច្នេះ នេះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​រស់​នៅ​របស់​អ្នក។ អ្នក​នឹង​មិន​ព្យាយាម​រក​លុយ​ឲ្យ​បាន​ច្រើន​ឬ​វត្ថុ​ទ្រព្យ​ច្រើន​ទេ ដោយ​សារ​អ្នក​ដឹង​ថា​មិន​យូរ​ទៀត​ពិភព​លោក​ដ៏​អាក្រក់​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​លូក. ១២:១៦​-​២១; ១យ៉ូន. ២:១៥​-​១៧​) ការ​យល់​អំពី​ទំនាយ​នេះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​កិច្ច​ការ​បង្រៀន​គឺ​សំខាន់​យ៉ាង​ណា។ (​ម៉ាថ. ៦:៣៣; ២៨:១៨​-​២០​) ក្រោយ​ពី​សិក្សា​ទំនាយ​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ជឿ​ជាក់​ថា មិន​យូរ​ទៀត​រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស​ឬ​ទេ?›។

តើ​«​ស្ដេច​ខាង​ជើង​»​និង​«​ស្ដេច​ខាង​ត្បូង​»​ជាប់​ទាក់​ទង​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច?

១៥. នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​«​ស្ដេច​ខាង​ជើង​»​និង​«​ស្ដេច​ខាង​ត្បូង​»​? (​ដានីយ៉ែល ១១:៤០​)

១៥ សូម​អាន ដានីយ៉ែល ១១:៤០ ដានីយ៉ែល ជំពូក​១១​ចែង​អំពី​ស្ដេច​ពីរ​រូប​ឬ​រដ្ឋាភិបាល​ពីរ​ដែល​ប្រកួត​ប្រជែង​គ្នា។ ដោយ​ប្រៀប​ធៀប​ទំនាយ​នេះ​ទៅ​នឹង​ទំនាយ​ឯ​ទៀត​ក្នុង​គម្ពីរ យើង​អាច​ដឹង​ថា​នៅ​សព្វ​ថ្ងៃ​នេះ​«​ស្ដេច​ខាង​ជើង​»​ជា​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ឯ​ទៀត​ដែល​សហការ​ជា​មួយ ហើយ​«​ស្ដេច​ខាង​ត្បូង​»​ជា​មហាអំណាច​អង់គ្លេស​អាម៉េរិក។ c

យើង​អាច​ពង្រឹង​ជំនឿ​របស់​យើង ហើយ​ជៀស​វាង​ពី​ការ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​បើ​យើង​ទទួល​ស្គាល់​ថា​ការ​ប្រឆាំង​ពី​«​ស្ដេច​ខាង​ជើង​»​និង​«​ស្ដេច​ខាង​ត្បូង​»​សម្រេច​ទំនាយ​ក្នុង​គម្ពីរ (​សូម​មើល​វគ្គ​១៦​-​១៨​)

១៦. តើ​«​ស្ដេច​ខាង​ជើង​»​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​រាស្ត្រ​ព្រះ?

១៦ រាស្ត្រ​របស់​ព្រះ​ដែល​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​«​ស្ដេច​ខាង​ជើង​»​បាន​ត្រូវ​ស្ដេច​នោះ​បៀតបៀន។ សាក្សី​ខ្លះ​បាន​ត្រូវ​វាយ​ដំ ហើយ​ចាប់​ដាក់​គុក​ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ ជា​ជាង​ធ្វើ​ឲ្យ​បង​ប្អូន​យើង​ភ័យ​ខ្លាច ការ​ប្រព្រឹត្ត​របស់​«​ស្ដេច​ខាង​ជើង​»​ពង្រឹង​ជំនឿ​របស់​ពួក​គេ​វិញ។ ហេតុ​អ្វី? ដោយ​សារ​បង​ប្អូន​យើង​ដឹង​ថា​ការ​បៀតបៀន​ទៅ​លើ​រាស្ត្រ​ព្រះ​សម្រេច​ទំនាយ​ក្នុង​សៀវភៅ​ដានីយ៉ែល។ d (​ដាន. ១១:៤១​) ការ​ដែល​យើង​ដឹង​អំពី​នេះ​អាច​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សង្ឃឹម​មាំ​មួន​និង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។

១៧. តើ​រាស្ត្រ​ព្រះ​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ក្រោម​អំណាច​«​ស្ដេច​ខាង​ត្បូង​»​?

១៧ នៅ​អតីតកាល ​«​ស្ដេច​ខាង​ត្បូង​»​ក៏​បាន​វាយ​ប្រហារ​ចំ​ៗ​លើ​រាស្ត្រ​ព្រះ​យេហូវ៉ា​ដែរ។ ជា​ឧទាហរណ៍ នេះ​បាន​កើត​ឡើង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១​និង​ទី​២ ពេល​បង​ប្អូន​ជា​ច្រើន​នាក់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក​ដោយ​សារ​ពួក​គេ​មិន​ព្រម​ធ្វើ​សង្គ្រាម ហើយ​កូន​សាក្សី​ខ្លះ​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ដោយ​សារ​ពួក​គេ​មិន​ព្រម​គោរព​ទង់​ជាតិ។ ប៉ុន្តែ ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​នោះ បាន​ជួប​ការ​សាក​ល្បង​ផ្សេង​ទៀត​ដែល​មិន​ចំ​ៗ​ទៅ​លើ​ភក្ដី​ភាព​របស់​ពួក​គេ​ចំពោះ​រាជាណាចក្រ​ព្រះ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គ្រិស្ត​សាសនិក​ណា​ម្នាក់​ប្រហែល​ជា​មាន​ចិត្ត​ចង់​គាំទ្រ​គណបក្ស​នយោបាយ​មួយ ឬ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ណា​ម្នាក់​ជាង​មួយ​ទៀត។ គាត់​ប្រហែល​ជា​មិន​ទៅ​បោះ​ឆ្នោត​ទេ ប៉ុន្តែ​ក្នុង​ចិត្ត គាត់​គាំទ្រ​ខាង​ណា​មួយ។ គឺ​សំខាន់​ណាស់​ដែល​យើង​រក្សា​អព្យាក្រឹតភាព​ចំពោះ​រឿង​នយោបាយ មិន​គ្រាន់​តែ​ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ក្នុង​ចិត្ត​និង​អ្វី​ដែល​យើង​គិត​ផង​ដែរ។—យ៉ូន. ១៥:១៨, ១៩; ១៨:៣៦

១៨. តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ជម្លោះ​រវាង​«​ស្ដេច​ខាង​ជើង​»​និង​«​ស្ដេច​ខាង​ត្បូង​»​? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៨ ពួក​អ្នក​ដែល​មិន​មាន​ជំនឿ​ទៅ​លើ​ទំនាយ​ក្នុង​គម្ពីរ​ប្រហែល​ជា​ព្រួយ​បារម្ភ​ជា​ខ្លាំង ពេល​ពួក​គេ​ឃើញ​«​ស្ដេច​ខាង​ត្បូង​»​«​រុញ​ច្រាន​»​ជា​មួយ​នឹង​«​ស្ដេច​ខាង​ជើង​»។ (​ដាន. ១១:៤០​) ស្ដេច​ទាំង​ពីរ​នេះ​មាន​អាវុធ​ខ្លាំង​ល្មម​ដើម្បី​បំផ្លាញ​ជីវិត​ទាំង​ឡាយ​នៅ​លើ​ផែន​ដី។ ប៉ុន្តែ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ។ (​អេ. ៤៥:១៨​) ដូច្នេះ ជា​ជាង​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ ជម្លោះ​រវាង​«​ស្ដេច​ខាង​ជើង​»​និង​«​ស្ដេច​ខាង​ត្បូង​»​ពង្រឹង​ជំនឿ​របស់​យើង ហើយ​បង្ហាញ​ថា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​គឺ​ជិត​ដល់​ហើយ។

ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទំនាយ

១៩. តើ​យើង​គួរ​ទទួល​ស្គាល់​អ្វី​អំពី​ទំនាយ​គម្ពីរ?

១៩ យើង​មិន​ដឹង​របៀប​ដែល​ទំនាយ​ខ្លះ​ក្នុង​គម្ពីរ​នឹង​ត្រូវ​សម្រេច​ទេ។ សូម្បី​តែ​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល ក៏​មិន​យល់​អត្ថន័យ​នៃ​អ្វី​ទាំង​អស់​ដែល​គាត់​បាន​សរសេរ។ (​ដាន. ១២:៨, ៩​) ប៉ុន្តែ ការ​ដែល​យើង​មិន​ដឹង​ច្បាស់​អំពី​របៀប​ដែល​ទំនាយ​ណា​មួយ​នឹង​ត្រូវ​សម្រេច មិន​មាន​ន័យ​ថា​ទំនាយ​នោះ​នឹង​មិន​កើត​ឡើង​ឡើយ។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​យល់​អ្វី​ដែល​យើង​ត្រូវ​ដឹង​នៅ​ពេល​ត្រឹម​ត្រូវ​ដូច​ដែល​លោក​បាន​ធ្វើ​នៅ​អតីតកាល។—អេម. ៣:៧

២០. មិន​យូរ​ទៀត តើ​យើង​នឹង​ឃើញ​ការ​សម្រេច​ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី ហើយ​តើ​យើង​គួរ​បន្ត​ធ្វើ​អ្វី?

២០ ប្រជា​ជាតិ​នានា​នឹង​ប្រកាស​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ​»។ (​១ថែ. ៥:៣​) បន្ទាប់​មក រដ្ឋាភិបាល​ក្នុង​ពិភព​លោក​នេះ​នឹង​វាយ​ប្រហារ​សាសនា​មិន​ពិត ហើយ​បំផ្លាញ​ចោល។ (​បប. ១៧:១៦, ១៧​) រួច​មក ពួក​គេ​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ។ (​អេគ. ៣៨:១៨, ១៩​) ព្រឹត្តិការណ៍​ទាំង​នេះ​នឹង​នាំ​ទៅ​ដល់​សង្គ្រាម​អាម៉ាគេដូន​ដែល​ជា​សង្គ្រាម​ចុង​ក្រោយ។ (​បប. ១៦:១៤, ១៦​) យើង​អាច​ប្រាកដ​ថា​ព្រឹត្តការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​មិន​យូរ​ទៀត។ រហូត​ដល់​ពេល​នោះ សូម​យើង​បន្ត​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទំនាយ​ក្នុង​គម្ពីរ​និង​ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។

ចម្រៀង​លេខ​៩៥ ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

a មិន​ថា​ស្ថានភាព​ក្នុង​ពិភព​លោក​ទៅ​ជា​អាក្រក់​យ៉ាង​ណា​ក្ដី យើង​អាច​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​មាន​អនាគត​ដ៏​សប្បាយ។ យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ដូច​នេះ​ដោយ​សិក្សា​ទំនាយ​គម្ពីរ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ។ យើង​ក៏​នឹង​ពិចារណា​យ៉ាង​ខ្លី​អំពី​ទំនាយ​ពីរ​ដែល​ដានីយ៉ែល​បាន​កត់​ទុក ហើយ​ឃើញ​របៀប​ដែល​យើង​ផ្ទាល់​អាច​ទទួល​ប្រយោជន៍​ពេល​យើង​យល់​ទំនាយ​ទាំង​នោះ។

b សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​អ្វី​ដែល​‹ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ›​»​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១២ វ.៧​-​៩

c សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​‹ស្ដេច​ខាង​ជើង›?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​ឧសភា ឆ្នាំ​២០២០ វ.៣​-​៤

d សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​‹ស្ដេច​ខាង​ជើង›?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​ឧសភា ឆ្នាំ​២០២០ វ.៧​-​៩